សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា៖ ប្រទេសអភិវឌ្ឍន៍ព្រះពុទ្ធសាសនារុងរឿងគឺជាផ្លែផ្កា នៃសុខសន្តិភាព

2025/04/06 04:04:54 pm        390
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍ ស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ខណៈដែលវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏សម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាវត្តអារាម និងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតជាដើម ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាព ដែលសម្តេចតេជោ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ថ្លែងនៅក្នុងពិធីសម្ពោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់ ស្ថិតនៅភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើថា បន្ទាប់ពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងមានសុខសន្តិភាពពេញ​លេញ​នៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ប្រទេសជាតិមានការអភិវឌ្ឍ​រីកចម្រើនឥតឈប់ឈរ និងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅក្នុងភាព​សុខដុមរមនា​ និងមានសិទ្ធិសេរីភាព គោរពសាសនា ជំនឿ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនឡើងវិញ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការកសាងវត្តអារាម សាលាពុទ្ធិកសិក្សា​គ្រប់កម្រិត និងសមិទ្ធផលនានា ដើម្បីបម្រើដល់ការប្រតិបត្តិ និងគោរពបូជារបស់បងប្អូន​ប្រជាពលរដ្ឋ ជាក់ស្តែងការម្ភោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់​នាពេលនេះ ជាសមិទ្ធផលថ្មីមូយទៀតដែលបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត​ បានគូសបញ្ជាក់ថា ពិតណាស់ គុណ​តម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេច​បាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួម​ចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់​អំពីការគិតគូរ​ជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

កម្លាំងអាវុធហត្ថស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនល្មើសគប់ដុំថ្ម តាមដងផ្លូវជាតិលេខ១ ​ឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រើកាំភ្លើងខុសច្បាប់ និងគ្រឿងញៀន ​បញ្ជូនទៅតុលាការ

2025/04/06 03:36:01 pm        484
កណ្ដាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំង​មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការ​គ្រប់កងឯកភាព​ឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំ​បទពិសោធន៍​របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់។លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កងរាជអាវុធហត្ថផ្ទៃប្រទេស ខេត្តកណ្តាល សៀមរាប ព្រៃវែង បានសហការ ស្រាវជ្រាវបង្ក្រាបចាប់មុខសញ្ញាជនល្មើសគប់ដុំថ្ម (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមដងផ្លូវជាតិលេខ ១ ស្រុកលើកដែក ប្រើកម្មភ្លើងខុសច្បាប់ និងគ្រឿងញៀន ។ជាលទ្ធផលឃាត់ខ្លួនសង្ស័យចំនួន០៥នាក់រួមមាន៖ ១-ឈ្មោះ ក វាស្នា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២លើក (លើកទី០១ ជាប់រយ:ពេល ០២ឆ្នាំ០៦ខែ និងលើកទី២ ជាប់រយ:ពេល ០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន)។២-ឈ្មោះ អ ផាណា ( ហៅ ផរ៉ា ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿងញៀន) មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយ:ពេល ០១ឆ្នាំ ពីបទលួច។៣-ឈ្មោះ ផ វិច្ឆ័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលនិងខេត្តព្រៃវែង ពីបទជួញដូរគ្រឿងញៀន។៤-ឈ្មោះ អ សិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកមូត្រ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល ០១ឆ្នាំ ពីបទជួញដូរ​គ្រឿងញៀន។៥-ឈ្មោះ អ វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក (បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រួច ករណីគ្រឿងញៀន)ទាំងបីនាក់ខាងលើ មានទីលំនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។វត្ថុតាងចាប់យក១-អាវុធខ្លី ០១ដើម ម៉ាកឡុក បង់០១ គ្រាប់ ៣០គ្រាប់ (របស់ កុសល្យ វាស្នា)២-ម៉ូតូចំនួន ០៤គ្រឿង៣-ទូរស័ព្ទដៃចំនួន ០៧គ្រឿង៤-និងសម្ភារមួយចំនួនទៀតសូមបញ្ជាក់ថា ថ្ងៃកើតហេតុនៅវេលាម៉ោង២:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះ ០១នាក់ ឈ្មោះ ផ បណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំហៀងខាងស្ដាំ (ផុងលលាក្បាល) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើ​និងវត្ថុតាង (ជនសង្ស័យឈ្មោះ វិសាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឃុំខ្លួននៅពន្ធនាគារថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន) ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនសង្ស័យ​ចំនួន ០៤នាក់ ទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ៕ 

ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបន្ទាត់ព្រំដែន

2025/04/06 03:03:04 pm        389
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ​ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍ លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែន តេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល នឹងឈានមក ដល់នាពេលខាងមុខនេះ។ថ្លែងក្នុងឱកាសនេះឯកឧត្ដមអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី នឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក រដ្ឋមន្រ្ដី ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ដែលបានលះបង់កម្លាំងកាយ ចិត្ដ ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណ ភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិនិង ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម បានបន្ថែមទៀតថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈ ការចែករំលែក ក្រោមគំនិត​ផ្តួចផ្តើម​ដ៏ឈ្លាសវៃរបស់ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និង​បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ដើម្បីអភិវឌ្ឍន៍ កសាង សង្គមជាតិ ស្របតាមគោលការណ៍​កំណែទំរង់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ ​នីតិកាលទី៧ ដែលបានដាក់ចេញនូវ គោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រ បញ្ជកោណ ដំណាក់កាលទី១ ក្នុងទិសដៅដើម្បីកំណើន​ការងារសមធម៌ ​និងប្រសិទ្ធភាព ដូចនេះក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចងសម្ព័ន្ធមេត្រី​ជាមួយ​អង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព រវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់​តែជិតសិ្នទ្ធដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់កងទ័ពឱ្យកាន់តែប្រសើរ។អំណោយដែលនាំមកជូននាពេលនោះរួមមាន៖ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងជូនថវិកាក្នុងម្នាក់ៗ ចំនួន៥០,០០០រៀល៕ 

ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

2025/04/06 02:30:00 pm        97
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ពិធីនេះបានរៀបចំធ្វើឡើងតាមបែបប្រពៃណីសាសនា ដោយបាន និមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ទាក់ទងការរៀបចំនេះដែរ គឺជាការបង្ហាញឲ្យឃើញនូវការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាព សុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដោយរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ ក៏ជាការជួបជុំគ្នា ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រី រាជការធនាគារជាតិនៃកម្ពុជាផងដែរ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួនរយៈពេលមួយឆ្នាំកន្លងមក។សូមបញ្ជាក់ថា នៅក្នុងពិធីនោះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តចំនួន ១២០ អង្គ បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំង ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ

2025/04/06 01:41:07 pm        213
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីស្នាក់ការ ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ (អ៊ីអន៣) ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ បន្ថែមលើអ្វីដែលធ្លាប់អនុវត្តផ្ដល់សេវាជូនពលរដ្ឋកន្លងមក។ ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។ចំពោះពេលវេលាផ្តល់សេវាពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ០៤៖០០ល្ងាច-ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ទីតាំងផ្តល់សេវា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែន ជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ (អីអន៣) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ១២៣៥៣ (កូដប្រៃសណីយ៍)។លេខទូរស័ព្ទ៖ ០៧៧ ៥១៧ ៧៧៦ (ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ០១១ ៥៨២ ២៧៧ (ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។សូមជម្រាបថា បច្ចុប្បន្ននេះទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ, សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង, ខេត្តកោះកុង, ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។ ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញា និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច

2025/04/06 12:48:35 pm        731
ព្រៃវែង៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារសមាគមអតីតយុទ្ធជនរបស់ខេត្តព្រៃវែង។កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្តព្រៃវែង ស្នងការនគរបាលខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង​ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន​សុខសន្តិភាព ​មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង​បានចុះជួបផ្ទាល់​ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ​ទទួល​បាននូវ​អត្ថប្រយោជន៍ជាច្រើន ​ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង​លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព​ ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូន​មកអគ្គលេខាធិការដ្ឋាន ​ដើម្បីសរុបស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដើម្បីផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕

អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ដែលប្រព្រឹត្តិការណ៍ទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

2025/04/06 12:18:52 pm        145
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវពលរដ្ឋ គាំទ្រ និងទិញផលិតផលខ្មែរប្រើប្រាស់ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

2025/04/06 11:40:12 am        196
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផលខ្មែរ»។បន្ថែមពីនេះនេះ សម្តេចបវរធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មការ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។សម្តេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់ បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។សម្តេចធិបតីមានប្រសាសន៍ថា «ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។ ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត»។គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕

CPP ប្រកាសបញ្ចូលសមាជិកថ្មីជិត២០០នាក់ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

2025/04/06 10:50:34 am        168
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០០នាក់ មកពីតាមបណ្តាភូមិនានា ស្ថិតនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានរៀបចំប្រកាសបញ្ចូលជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម គឹម រស្មី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី តំណាងឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារ។ថ្លែងនៅក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មី ដែលភាគច្រើនសុទ្ធតែជាយុវជន និងយុវនារីនោះ ឯកឧត្តម គឹម រស្មី សូមស្វាគមន៍ចំពោះក្មួយៗដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។ឯកឧត្តមបន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់សង្កាត់ព្រែកថ្មី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់យ៉ាងភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ជាមួយគ្នានោះដែរ ឯកឧត្តម អនុប្រធានក្រុមការងារ ក៏សូមឲ្យបងប្អូនទាំងអស់ដែលទើបប្រកាស​បញ្ចូល​ជាសមាជិកថ្មីនាពេលនេះគប្បីធ្វើចលនាអូសទាញ មិត្តភ័ក្ដិ សាច់ញាតិ​នៅក្នុងគណបក្សដ៏ទៃ​ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយសូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត ដោយកុំក្បត់គណបក្ស ខណៈគណបក្សទទួលបងប្អូននាពេលនេះដោយស្មារតីសាមគ្គី និងមិនមានការរើសអើងនោះឡើយ។ឆ្លៀតយកឱកាសនេះ ឯកឧត្តម គឹម រស្មី ក៏បានគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់​គណបក្ស​ប្រជាជនកម្ពុជា ដែលសម្រេចបានសម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូន​ប្រជាជន​កម្ពុជា នាពេលកន្លងមកផងដែរ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បានការពារយ៉ាង​រឹងមាំ​នូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យមានការរីកចម្រើន សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ជាដើម។ឯកឧត្តមក៏បានឆ្លៀតរំលឹកអំពីប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ប្រាប់ដល់សមាជិកសមាជិកថ្មី ដែលទើបតែប្រកាសបញ្ចូលនាថ្ងៃនេះផងដែរ ដោយឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដើរកម្សាន្ត និងទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង Walk Street

2025/04/06 10:37:09 am        212
នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដើរលេងកម្សាន្ត ទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង និងដើម្បីបង្ហាញផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា បង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គមពិតជាក់ស្តែងនៅកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញក្ដីរីករាយ និងបានថតរូបអនុស្សាវរីយជាច្រើនជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេចរដែលអញ្ជើញទៅលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street)។ លោកជំទាវបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្ថែមថា ឆ្លៀតចុងសប្តាហ៍ដើរកម្សាន្ត និងទស្សនាទិដ្ឋភាពជាក់ស្តែងនូវផ្លូវថ្មើរជើង (Walk Street)។ លោកជំទាវបានបញ្ជាក់ថា ក្នុងឱកាសដើរកម្សាន្តនេះលោកជំទាវក៏បាន ទទួលទានរបស់ដែលលោកជំទាវចូលចិត្ត និងមានអារម្មណ៍នឹកជីវិតកុមារភាពផងដែរ។ លោកជំទាវបានបញ្ជាក់ថា លោកជំទាវពិតជាចង់មកម្តងទៀតជាមួយ idol របស់លោកជំទាវ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។ សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្នមានភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នៅថ្ងៃចុងសប្ដាហ៍ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ផ្លូវថ្មើរជើង (Walk Street) បានកក្លាយជាកន្លែងដើរលេងកម្សាន្តទេសចរណ៍បែបថ្មីមួយទៀតរបស់បងប្អូនខ្មែរ និងបរទេសមកទស្សនានៅរាជធានីភ្នំពេញ ខណៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងសប្បាយភាព និងដាក់តាំងបង្ហាញរបស់របរផលិតផលខ្មែរ ការសម្ដែងសិប្បៈខ្មែរ និងការរាំលេងកម្សាន្ត ការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ, ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ គួរបញ្ជាក់ថា ការបើកដំណើរការផ្លូវថ្មើរជើង (Walk Street) ត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះ ចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM