កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់នគរបាលការពារព្រំដែនទិសភូមិភាគ៣ ត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ

2025/04/05 08:18:56 pm        284
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ត្រូវស្មោះ ត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ រួមទាំងប្រឆាំងឲ្យបានដាច់ខាតចំពោះបុគ្គល ណាដែលមានចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ។នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្ដ្រីមានស្នាដៃ ចំពោះមន្ដ្រីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យបន្តពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។យ៉ាងណាក៏ដោយក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ឯកភាពតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើមនោះ៕ អត្ថបទ៖ បាន ចក់

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៥ ខែមេសា រកឃើញយានយន្តល្មើស ចំនួន ១៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

2025/04/05 08:00:34 pm        221
តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤២គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ២១៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ១៣៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ ថ្ងៃ ពីថ្ងៃទី៣១-៥ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,២៨៣គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ៩៨៧គ្រឿង, ម៉ូតូ ១,២៨០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៣៧៦គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៩០គ្រឿង និងម៉ូតូ ៧៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា

2025/04/05 07:57:29 pm        254
ភ្នំពេញ៖ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ កញ្ញា វ៉ាន់ ណា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យសម្រាប់ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលនេះជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកកញ្ញា សុខ ផារី ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ កញ្ញា សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ កញ្ញា សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែននានា ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕ 

អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយ សិស្ស និស្សិត ធ្វើដំណើរតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ

2025/04/05 06:16:47 pm        256
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយ សិស្ស និស្សិត ដែលបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា(សៅរ៍-អាទិត្យ) ក្នុងខេត្តបាត់ដំបង ដោយធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ ។លោកជំទាវបានមានប្រសាសន៍លើកឡើងថា វិស័យអប់រំ ជាវិស័យអាទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើការយកចិត្តទុកដាក់បន្ថែមលើមូលធនមនុស្ស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវចំណុចគន្លឹះចំនួន៤ ទី១-ការកែលម្អអភិបាលកិច្ចសាលារៀន, ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ, ទី៣-ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤-ការលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»។លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ។នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិស្ស និស្សិតទាំងអស់ ដែលកំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ ៕សូមបញ្ជាក់ថា៖ រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ បានដឹកជញ្ជូនសិស្ស និស្សិត្ត ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា -ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណតរថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន -ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណតរថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕

លោក សម សេរី ប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស

2025/04/05 05:58:16 pm        564
លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរនិងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ។  លោក សម សេរី ក៏បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។នៅលើបណ្តាញសង្គម លោក សម សេរី បានសរសេរថា ៖ “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ! ខ្ញុំបាទសូមប្រកាសរំលាយចោលនូវ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ”។ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោក សម សេរី បានស្នើសុំសណ្តោសប្រណីលើកលែងទោសដល់រូបលោក ដើម្បីបានវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា ហើយលោកក៏សូមប្រកាសរំលាយចោលនូវរណសិរ្ស រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលលោកដឹកនាំចាប់ពីថ្ងៃនេះតទៅ។ក្នុងលិខិតបានបញ្ជាក់ទៀតថា៖ «សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់...!! ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»។

ពលរដ្ឋក្រីក្រ ៧៣៨គ្រួសារ ទទួលសម្ភារសុខភាពអនាម័យពីគម្រោង ACRP របស់ UNDP

2025/04/05 05:46:05 pm        246
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រ ចំនួន ៧៣៨គ្រួសារ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាព រស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។មានប្រសាសន៍ក្នុងពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា៖ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាឆ្អឹងខ្នងនៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលប្រើប្រាស់ជាប្រភពទិន្នន័យគោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅសម្រេចបានអាទិភាពមួយ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់“ ហើយកិច្ចការនេះ គឺជាការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាបន្តបន្ទាប់ក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ ។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖គ្រួសារដែលបានទទួលផលពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនឱ្យរួចផុតពីភាពក្រីក្រ ដោយប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានផ្តាំផ្ញើដល់គ្រួសារដែលបានទទួលផល សូមយកចិត្តទុកដាក់ក្នុងការស្វែងយល់ និង ចាប់យកបច្ចេកទេសនានា ដែលមានបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានរៀបចំគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ទ្រព្យសកម្ម ដែលជាគម្រោងដ៏សំខាន់មួយ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍរបស់កម្ពុជា។សូមបញ្ជាក់ថា៖ ដោយមានការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP បានរៀបចំពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះឡើង ដើម្បីបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ បន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ ក្នុងនោះ ២ ៥០០គ្រួសារ ត្រូវទទួលបានទ្រព្យសកម្ម ដូចជា មាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម និង ៣ ០០០គ្រួសារទៀត ត្រូវទទួលបានសម្ភារៈសុខភាពអនាម័យ និងសម្ភារៈផ្សេងៗទៀត សម្រាប់ខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កា​គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន

2025/04/05 04:37:54 pm        194
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួមដាក់កម្រងផ្កា គោរព​វិញ្ញាណ​ក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីត​ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម​បណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ។ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្ដេចផ្ទាល់ សូមចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ជូនចំពោះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) និង​សមាជិក​គ្រួសារទាំងអស់ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះ​ការបាត់បង់រដ្ឋបុរសដ៏ឆ្នើម ដែលបានលះបង់ពេញមួយជីវិត ដើម្បីឯករាជ្យភាព វឌ្ឍនភាព និង​សេចក្តីសុខរបស់ប្រជាជនឡាវ។ កម្ពុជាបានបាត់បង់មិត្តម្នាក់ ដែលបាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​កសាងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា និង​ឡាវ។សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) បាន​ទៅ​កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មី​មួយក្បាលទៀត នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥!

2025/04/05 04:30:01 pm        323
កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។ ក្រសួងក៏សូមអរគុណផងដែរ ចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

វិទ្យាស្ថានខ្មែរជំនាន់ថ្មី បង្រៀនឱ្យនិស្សិត ចេះលេងល្បែងប្រជាប្រិយ និងចេះសាមគ្គីគ្នា ដោយសារយើងមានសន្ដិភាព

2025/04/05 04:26:37 pm        155
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរួមគ្នារៀបចំសង្ក្រាន្ត ដើម្បីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជា ប្រិយ និងចេះសាមគ្គីគ្នា ដោយសារប្រទេសយើងមានសន្តិភាព។នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណង​នៃ ការរៀបចំ​សង្ក្រាន្ត​នេះឡើង គឺដោយសារប្រទេសជាតិមានសុខសន្ដិភាព​ពេញលេញ ទើប​បាន​ផ្ដល់​ឱកាសឱ្យប្រជាពលរដ្ឋ ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ នៅក្នុងប្រទេសកម្ពុជា រៀបចំសង្ក្រាន្តនេះឡើង ដើម្បី​អភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកតរៀងទៅ ។ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មីរៀបចំសង្ក្រាន្តនេះ ក៏បាន​បង្ហាញ​ពីភាព​រួបរួម​សាមគ្គីគ្នា​ រវាងសាស្ដ្រាចារ្យបុគ្គលិក ​លោកគ្រូអ្នកគ្រូ និស្សិត ព្រមទាំង​សហភាព​សហព័ន្ធយុវជនកម្ពុជា ,ក្លឹប​យុវជនកាកបាទក្រហមកម្ពុជា និង​សមាគមគ្រឹះស្ថានឧត្ដម​សិក្សា​បច្ចេកទេស ​និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន ​គឺដើម្បីឱ្យ​សិស្សានុសិស្ស​បានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ដូចជា លេងល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ចោលឈូង លាក់កន្លែង រួមនឹងល្បែងប្រជាប្រិយផ្សេងៗទៀត ។ ចំណែកនិស្សិត២រូប បានលើកឡើងស្រដៀងគ្នាថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយនេះ គឺដើម្បី​ឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ក្រៅពីនេះ ដើម្បីឱ្យ​សិស្សានុសិស្ស ចេះមានទំនាក់ទំនងសាមគ្គីគ្នាល្អនឹងល្អ ​ពិសេសបានយល់ដឹងពីតម្លៃសន្តិភាព ទើបនិស្សិតទំាងអស់មានភាពសប្បាយរីករាយ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ 

រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសេចក្តីចម្រើន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ

2025/04/05 03:19:05 pm        159
ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ពិធីប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ​មន្រ្តីរាជការក្រោមឱវាទយ៉ាងកុះករផងដែរ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។ពិធីនេះរៀបចំឡើងគឺដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល​មហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បី​បន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ជា​ពិសេសគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ​និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេល​ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាន​នូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ​នៃប្រជាជាតិកម្ពុជាទាំងមូល។ពិធីសូត្រមន្តសូមពរជ័យនេះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា និង ឯកឧត្ដម ស៊ី ប្រាសិទ្ធ ព្រមទាំងមន្ត្រី​បានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលើលោក និងទេវតាឆ្នាំចាស់ ​ផ្លាល់ចូលឆ្នាំថ្មី ដែលនឹងមកប្រោស​ព្រំពរជ័យសិរីមង្គល ​សូមឲ្យមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ ​មន្រ្តីរាជការទាំងអស់​បានទទួល​នូវសុខភាពល្អ សេចក្ដីសុខ សេចក្តីចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ច​ក្នុងឆ្នាំថ្មីនេះ។គួរបញ្ជាក់ថា ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើននាឱកាសបុណ្យចូលឆ្នាំ ​ប្រពៃណីជាតិខ្មែរ គឺជា​ការជួបជុំគ្នា ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ ​នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាល​សាលាខេត្តឧត្ដរមានជ័យ ​និងមន្ទីរអង្គភាពជុំវិញខេត្ត ​ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
06/25/2026 08:06 PM
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
06/25/2026 08:06 PM
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
06/25/2026 07:06 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»
06/25/2026 07:06 PM
ឯកឧត្តម ម៉ម ប៊ុននាង និងលោក គីម ជុងណាម អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកែប
06/25/2026 07:06 PM
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ និងគ្រួរសារអតីតយុទ្ធជននៅខេត្តកំពង់ស្ពឺ
06/25/2026 07:06 PM
ក្រសួងបរិស្ថានរកឃើញវត្តមានសត្វព្រៃមានកម្រ និងកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១០ប្រភេទនៅដែនជម្រកសត្វព្រៃភ្នំសំកុស
06/25/2026 07:06 PM
ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
06/25/2026 07:06 PM
ទូតឡាវបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងការពារបរិស្ថាន
06/25/2026 07:06 PM
កម្ពុជា និងអ៊ីស្រាអែល ជួបពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម
06/25/2026 07:06 PM