ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​ដល់ប្រតិបត្តិករ​ផ្តល់សេវាទូរគមនាគមន៍ទាំងអស់​សហការ​​​ជាមួយ​ក្រសួង រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)

2025/04/01 09:02:25 am        342
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ លើកទឹកចិត្ត​ដល់ប្រតិបត្តិករ​ផ្តល់សេវាទូរគមនាគមន៍ទាំងអស់​សហការ​​​ជាមួយ​ក្រសួង រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ចូលរួម​ទ​ប់​ស្កាត់នូវប​ញ្ហា​ប្រឈម​​នានា ដូចជា​ការ​ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និង​ឧបករណ៍​​បញ្ជូន​ទទួ​ល​ក្លែងក្លាយ (Fake Base Transceiver Station - Fake BTS)។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុម​ហ៊ុន​បង្គោល​អង់តែន និង​ក្រុម​ហ៊ុន​បណ្តាញ​ខ្សែ​កាបអុបទិកនៅកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងពីបញ្ហាប្រឈម​​នានា​ដែល​កំពុង​ជួប​ប្រទះ​នា​​ពេល​បច្ចុប្បន្ន និង​បាន​លើក​ទឹក​​ចិត្ត​​ដល់​ប្រតិបត្តិក​រ​​ផ្តល់​សេវា​ទូរ​គម​នាគមន៍​​ឱ្យ​សហការបន្ថែម​ទៀត​ជា​មួយ​ក្រសួង និង​និយ័ត​ករ​​ទូរ​គមនាគមន៍​កម្ពុជា និង​អាជ្ញាធរ​ពាក់​​ព័ន្ធ​ទាំងអស់ ដើម្បីកំណត់​យន្ត​ការ​ចូល​រួម​ទប់ស្កាត់​នូវ​ប​ញ្ហាទាំងនោះ ដូចជា បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) និងឧបករណ៍​បញ្ជូន​​ទទួ​ល​​ក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្ក​ការ​រំខាន​​ដល់​​​អ្នក​​ប្រើប្រាស់ ឯកជនភាព និង​សុវត្ថិភាពទិន្នន័យ ព្រម​ទាំង​សណ្តាប់​ធ្នាប់សង្គម និង​សន្តិសុខ​ជាតិ​។ ពិធីសំណេះសំណាលនេះ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំក្រសួង មន្រ្តីជំនាញ និង​តំណាង​ក្រុម​ហ៊ុន សរុបប្រមាណ ៩០នាក់ នៅ​ទី​ស្ដីការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះ​ រៀប​ចំឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​ក្រសួង​សម្រេច​បាន​នា​ពេល​កន្លង​មក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាល​និង​កម្ម​វិធី​រដ្ឋាភិបាលឌីជីថល និង​ការ​បន្ត​អភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។បន្ថែមលើនេះ ឯក​ឧត្តម​រដ្ឋមន្រ្តី គូស​បញ្ជាក់​អំពី​កិច្ច​សហការ​ដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយ​ប្រតិបត្តិករផ្តល់​សេវា​ទូរ​សព្ទ​ចល័ត បង្គោលអង់តែន និង ខ្សែកាបអុបទិក ដើម្បី​លើកក​ម្ពស់​គុណ​ភាព​សេវា​ទូរគមនាគមន៍​ទូទាំង​រាជធានី ខេត្ត សំដៅពង្រឹង និង​ពង្រីក​គុណ​ភាព​សេវា​ទូរ​គមនាគមន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុនផ្ត​ល់សេ​វា​ទូរ​គមនា​គមន៍ទាំងអស់ ផ្តល់កិច្ចសហការ​លើ​គម្រោង​រៀបចំ​សណ្តាប់​ធ្នាប់​បណ្តាញ​ខ្សែកា​បអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅ​ពង្រឹង​សោ​ភ័ណ្ឌភាពទីក្រុង៕

ជនបរទេសប្រុសស្រីជាង ១០០នាក់ ត្រូវបាននគរបាលឃាត់ខ្លួន នៅទីតាំងខុនដូរដែលលួចលាក់បើកអនឡាញខុសច្បាប់

2025/04/01 07:38:27 am        430
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិបានបើកប្រតិបត្តិការ ឡោមព័ទ្ធ ទីតាំងអគារខុនដូមួយកន្លែង ឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ដែលមានលួចលាក់បង្កប់អនឡាញខុសច្បាប់ ។ ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៥ នឹង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានអោយដឹងថា កម្លាំងបានបើកការស្រាវជ្រាវ មើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនឹងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន ពាក់ព័ន្ធការមប្រើអនឡាញ បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ ។ បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕អត្ថបទ៖ កុម្ភៈ

ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួបសំណេះសំណាលជាមួយមន្រ្តី២រូប ដែលបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា

2025/03/31 08:05:20 pm        106
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើជូនមន្រ្តីជាន់ខ្ពស់កម្ពុជា ០២រូប ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជូនឱ្យចូលរួមក្នុងបេសកកម្មគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ នាឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បានពាំនាំនូវការផ្តាំផ្ញើ និងជូនពរពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដល់មន្រ្តីទាំង២រូបដែលត្រូវបំពេញបេសកកម្មទៅកាន់ប្រទេសមីយ៉ាន់ម៉ានាយប់ថ្ងៃទី៣១ ខែមីនានេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ឯកឧត្តម បញ្ជាក់ថា ការបំពេញបេសកកម្មនេះពិតជាមានសារៈសំខាន់ ក្នុងនាមកម្ពុជាជាមិត្ត និងជារដ្ឋសមាជិកអាស៊ានត្រូវចូលរួមតាមសំណើរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមឆ្លេីយតប និងចែករំលែកបទពិសោធនដែលកម្ពុជាមាន ក្នុងការចូលរួមបេសកកម្មមនុស្សធម៌ផ្អែកតាមធម្មនុញ្ញអាស៊ាន។ឯកឧត្តម បញ្ជាក់ទៀតថា ក្នុងនាមមន្រ្តីជំនាញរបស់កម្ពុជាត្រូវបំពេញតួនាទី និងភារកិច្ចឱ្យបានម៉ឺងម៉ាត់ សកម្ម និងសហការឱ្យបានល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីឱ្យបេសកកម្មដែលកម្ពុជាចូលរួមទទួលបានទាំងប្រសិទ្ធភាព និងប្រសិទ្ធផលអនុលោមតាមបាវចនា អាស៊ានតែមួយ ការឆ្លើយតបតែមួយ (One ASEAN, One Response) តាមរយៈយន្តការមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការជំនួយមនុស្សធម៌សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៃសហគមន៍អាស៊ាន (AHA Centre)។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានជូនពរដល់មន្រ្តីទាំងពីរឱ្យទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មនេះ ដើម្បីទទួលបាននូវបទពិសោធនបន្ថែម និងការអនុវត្តជាក់ស្តែងក្នុងនាមសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលអាចជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ស និងការងារផ្សេងៗទៀត៕

ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន

2025/03/31 07:49:38 pm        181
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ- កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និង ការរកស៊ីទទួលទានផ្សេងៗ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល ភាពផ្លូវក្រាលបេតុងចំនួន២ គម្រោង ស្ថិតនៅឃុំកោះឧកញ៉ាតី និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង លើការស្ថាបនា ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញ ពេល វេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវា សាធារណៈនានា។ ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានស្ថាបនា និងឈានមកបញ្ចប់សុពលភាព រក្សាបាននូវគុណភាពខ្ពស់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មិនថានៅតាមជនបទ ឬទីក្រុងនោះឡើយ សុទ្ធតែមានសារៈសំខាន់ទាំងអស់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងការលើកកម្ពស់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ចំណែកក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជម្រាបជូនប្រជាពលរដ្ឋថា  ជុំវិញការ អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹក នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេរគឺបានគិតគូរយ៉ាងខ្លាំង លើការអភិវឌ្ឍ និងការគិតគូរដល់ការរស់នៅរបស់ប្រជាជននៅជនបទជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ទាំងអស់គ្នា។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន១៕អត្ថបទ៖ សុន រ៉ាឌី

ពលករខ្មែរម្នាក់រងគ្រោះថ្នាក់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ

2025/03/31 05:55:52 pm        173
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានប្រកាសឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីមរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឲ្យដឹងថា ពិតជាមានក្តីក្តុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខ និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ក្នុងឧទ្ទវហេតុគ្រោះរញ្ជួយដីនេះ។ ក្រសួងការងារ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយផងដែរ។ ក្រសួងការងារ បានលេីកឡេីងបន្តថា ក្រោយគ្រោះរញ្ជួយដីបានកើតឡើងភ្លាម សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងតាមដានស្ថានភាពនៅទីនោះជាប្រចាំ។នារសៀលថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្ដព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។ ទន្ទឹមនេះ ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពី អាជ្ញាធរមានសមត្ថកិច្ចថៃ។អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទូចឱ្យចូលរួមកម្ចាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យបច្ចេកវិទ្យាទំនើប

2025/03/31 05:34:00 pm        160
ភ្នំពេញ ៖ស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើប រដ្ឋមន្រ្តីក្រសួងព័ត៌មានទទូចដល់ដល់អ្នកសារព័ត៌មាន និងសាធារណៈចូលរួមកម្ចាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រព័ន្ធឌីជីថល។ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣១ខែមីនានេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។ ក្នុងន័យឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទូចដល់អ្នកសារព័ត៌មាន និងសាធារណៈជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល។​នៅឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានចំនួនជាង៣ពាន់ព័ត៌មាន ចំនួននេះប្រើប្រៀបនៅឆ្នាំ២០២៣ មានការកើនឡើងប្រមាណ១៤ភាគរយ។នេះបើតាមរបាយការណ៍របស់ក្រសួងព័ត៌មាន។ អត្ថបទ៖ទូច សោភ័ណ

នៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី មានចំនួន ១៧២ គម្រោង

2025/03/31 05:15:01 pm        181
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល៣ខែ ឆ្នាំ២០២៥ នេះ អនុម័តគម្រោងវិនិយោគបានចំនួន ១៧២ គម្រោង ក្នុង នោះក្រុមហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានចំណែក ប្រមាណជិត ៨០ ភាគរយ​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉នជីវ យ៉ន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញការចុះបញ្ជី នៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោតកម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបមាន ចំនួន ៤១៤ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនគម្រោង វិនិយោគមានការកើនឡើងប្រមាណ ៥៤% រីឯទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៤០%, នេះជាលើកទី១ហើយ ដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ រហូតដល់ទៅជាង ៤០០ គម្រោង ក្នុងរយៈពេលត្រឹម ១ឆ្នាំ។ ចំណែកក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ នេះវិញ គម្រោងវិនិយោគសរុបដែលត្រូវបានអនុម័តមានចំនួន ១១២ គម្រោង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក។ ចំពោះចំនួនគម្រោងវិនិយោគក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ គឺស្ទើរតែប្រហាក់ប្រហែលទៅនឹងចំនួនគម្រោងវិនិយោគ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តក្នុងឆ្នាំ ២០២១ ដែលមាន ប្រមាណ ១៦៩ គម្រោង។ ចំណែកចំពោះវឌ្ឍនភាពរយៈពេល ៣ ខែ នេះវិញ CDC អនុម័តបានចំនួន ១៧២ គម្រោង ក្នុងនោះក្រុម ហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ។ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃគម្រោងវិនិយោគនេះ មិនត្រឹមតែបង្ហាញពីនិន្នាការតំបន់ និងសកលដែល កំពុងកើតមានឡើងនោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា និងជាពិសេស ជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ ជាក់ស្តែងសមិទ្ធផលដែលសម្ពោធឱ្យ ប្រើប្រាស់នៅពេលនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបាន ប្រើប្រាស់គឺស្របតាមស្ដង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ លើកទឹកចិត្តសិស្សមានពិការភាពដែលមានចំណេះជំនាញ ដាក់ពាក្យប្រឡងចូលបម្រើការងារ

2025/03/31 05:09:05 pm        149
ភ្នំពេញ ៖  មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តសិស្សមានពិការភាព ដែលបានសិក្សាជំនាញ ឬមានសញ្ញាបត្រជំនាញ គណនេយ្យ ច្បាប់ ឬជំនាញហិរញ្ញវត្ថុជាដើម ប្រសិនមានការជ្រើសរើសនៅតាមក្រសួង-ស្ថាប័ននានា សូមដាក់ពាក្យប្រឡង ដើម្បីទទួល បានកន្លែងការងារដែលមានបរិយាប័ន្ន ខណៈកម្ពុជាមិនរើសអើងអ្នកដែលមានពិការភាពឡើយ។   ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ នៅក្នុង ទិវាស្ដាប់ឮកម្ពុជាលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ (បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀកនិងការស្តាប់ឮ) នៅល្ងាចថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ លើកឡើងទៅកាន់សិស្សានុសិស្ស នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋា ភិបាលបានបន្តជំរុញអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់វិស័យ ឱ្យមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ឆ្លើយតបទៅនិងតម្រូវ ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់អប់រំប្រកកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងទទួលបាន ឱកាសសិក្សាពេញមួយជីវិត។លោកជំទាវបណ្ឌិត បន្តថា ជុំវិញការប្រឡងចូលបម្រើការងារនេះ ទាំងវិស័យរដ្ឋ និងឯកជន កម្ពុជាបានជ្រើសរើសបុគ្គលិក ឬការប្រឡងចូលជាក្របខណ្ឌមន្រ្តីរាជការ ដោយមិនរើសអើងពីជនដែលមានពិការភាពនោះឡើយ បច្ចុប្បន្នកម្ពុជាបានលុបចោល ទាំងស្រុង ចំពោះការជ្រើសរើសថា (មានកាយសម្បទារឹងមាំ) ដូច្នេះចំពោះប្អូនដែលមានពិការភាព ប្រសិនចេះនូវចំណេះ ជំនាញ ឬមានសញ្ញាបត្រផ្នែកគណនេយ្យ ច្បាប់ និងហិរញ្ញវត្ថុជាដើម សូមដាក់ពាក្យប្រឡងឱ្យបានគ្រប់ៗគ្នា។ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ចំណែកសិស្សានុសិស្សដែលកំពុងសិក្សា, នៅពេលបញ្ចប់នៅវិទ្យាល័យ ប្អូនៗអាចជ្រើសរើសការសិក្សាជំនាញ នៅតាមវិទ្យាស្ថាន សាកលវិទ្យាល័យនានា ឬនៅវិទ្យាសិក្សាបច្ចេកទេសធនាគារជាដើម ដែល នៅមិនឆ្ងាយពីវិទ្យាល័យនេះឡើយ ដោយការសិក្សានៅវិទ្យាស្ថាននេះ គឺមានកន្លែងស្នាក់នៅ និងមានការផ្តល់អាហារូបករណ៍ ដែលជា ការលើកទឹកចិត្តដល់ប្អូនៗក្នុងការសិក្សារៀនសូត្រផងដែរ។សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកំពុងបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈ ការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីផ្គត់ផ្គង់ពលករជំនាញ ប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ និងឆ្លើយតបតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ

2025/03/31 05:05:06 pm        128
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ ជាក់ស្តែង នៅថ្ងៃទី៦ ខែមីនា កន្លងទៅនេះ សម្តេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយ លោក ផន ផល្លា ដោយសម្តេចមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបលោកកាលពីអតីតកាល។ ហើយនេះ មិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់លោក។សូមបញ្ជាក់ថា ការផ្តល់អំណោយឧបត្ថម្ភខាងលើនេះ គឺសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត នឹងបន្តផ្តល់ជាប្រចាំខែ គិតចាប់ពីពេលនេះតទៅ៕

ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាពនឹងត្រូវដាក់បញ្ជូលផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា

2025/03/31 04:33:36 pm        351
ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាមានប្រសាសន៍លើកឡើងគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានបន្ថែមថា ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការរៀបចំផែនការក្របខណ្ឌជាតិហិរញ្ញប្បទានជាតិ ធ្វើជាមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ជាពិសេសអំពីចក្ខុវិស័យរួម ជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លើយតបដើម្បការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង ដោយអនុលោមតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានគូសបញ្ជាក់ ពី បេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលឈរលើសសរស្តម្ភចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏បានលើកឡើងពី ការអនុវត្តយុទ្ធសាស្រ្តចក្រា ដោយ ផ្តោតសំខាន់លើ៖ មុំនៃភាពស្អាត ពិសេស ផ្តោតសំខាន់ទៅលើ ភាពស្អាត ក្នុងផ្នត់គំនិត ភាពស្អាតលើដី និង ភាពស្អាតក្នុងទឹក។ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្មួយៗសិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមអនុវត្តភាពស្អាត តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ!» មានអ្នកចូលរួម១១ លាននាក់ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុប ជិត ៦ លាននាក់ និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សំដៅធ្វើការ សម្អាត នៅតាមតំបន់សាធារណៈដែលមិនមានមនុស្សរស់នៅ និងតំបន់ ការពារធម្មជាតិ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថានក៏បានគិតគូរលើភាពបៃតង ដែលបានដាក់ចេញយូទ្ធនាការដាំដើមឈើយ៉ាងតិ១លានដើមរៀងរាល់ឆ្នាំ ដែលក្នុងនោះឆ្នាំ២០២៥ ក្រសួងគ្រោងចែកកូណឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ចំនួន៣លានដើម បន្ថែមទៀត តាមរយៈយុទ្ធនាការបណ្តុះ «ពន្លកបៃតង»។ លើសពិនេះក្រសួង បានដាក់ចេញវិធានការពង្រឹង ការគ្រប់គ្រងព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ជីវភាពសហគមន៍ ជាពិសេសការរៀបចំបង្កើត គម្រោងលំហែបៃតង ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសថ្មី អាចរកចំណូលបានប្រសើរជាងមុន និងបានចូលរួមក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM