ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងព្រមានអនុវត្តច្បាប់ចំពោះមន្ត្រី ឬសមត្ថកិច្ចណាហ៊ាននៅពីក្រោយ ឬធ្វើជាខ្នងបង្អែកអោយបទល្មើសនេសាទ

2025/03/31 12:56:20 pm        138
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានព្រមានសារជាថ្មីទៀតដល់មន្ត្រី ឬសមត្ថកិច្ចណាក៏ដោយដែលនៅពីក្រោយបទល្មើស ធ្វើជាខ្នងបង្អែកបង្កលក្ខណៈអោយជនល្មើសទាំងនោះ ប្រព្រឹត្តបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នឹងត្រូវចាត់វិធានការច្បាប់ភ្លាមដោយមិនលើកលែងឡើយ ប្រសិនបើឯកឧត្តមដឹងច្បាស់ ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងកិច្ចជួបប្រជុំ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់កម្លាំងកងទ័ព ដែលចុះបង្ក្រាបបទល្មើសនេសាទ តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជារៀងរាល់ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង ។  ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ចាប់ពីថ្ងៃនេះទៅ ប្រសិនបើឯកឧត្តម ទទួលបានព័ត៌មានច្បាស់លាស់ទាក់ទងនឹងមន្ត្រី ឬសមត្ថកិច្ចណា ដែលនៅពីក្រោយបទល្មើស ហើយកំពុងធ្វើជាខ្នងបង្អែកអោយជនល្មើសប្រព្រឹត្តបទល្មើសនេសាទនោះ ឯកឧត្តមនឹងចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនឈ្មោះអ្នកទាំងនោះទៅតុលាការ ដោយមិនលើកលែងអោយឡើយ។ បទល្មើសនេសាទធំៗដូចជា សម្រាស់, របាំងសាច់អួនវែងៗ, របាំងស្បៃមុង, ជន, ឆក់ក្តៅ ឆក់ត្រជាក់, នាម, មងបង្ក្រាប ដែលកំពុងបង្ក្រាបដោយកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងយោធភូមិភាគ៥ កម្លាំងកងទ័ពពិសេស៩១១ កម្លាំងកងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀតនោះ ឃើញថាបង្ក្រាបបានច្រើន តែជនល្មើសមួយចំនួនតូចនៅតែគឃ្លើនមិនខ្លាចច្បាប់ ពេលកម្លាំងកងទ័ពបង្ក្រាបរួច ប៉ុន្មានថ្ងៃក្រោយកើតឡើងវិញ ហើយឯកឧត្តមដឹងព័ត៌មានមួយចំនួនថា មានមន្ត្រីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនតូច បាន និងកំពុងលូកដៃចូលក្នុងកិច្ចការបង្រ្កាបនេះ។  ម្យ៉ាងទៀតអាជ្ញាធរស្រុកឃុំ ត្រូវឆ្លៀតពេលខ្លះជួបជាមួយបងប្អូនប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ត្រូវច្បាប់មាន មង, សំណាញ់ និងសន្ទូច រួមនិងបងប្អូននៅតាមភូមិដ្ឋានជាប់ដងទន្លេមួយចំនួន ដើម្បីពន្យល់ណែនាំអោយពួកគាត់កាន់តែយល់អំពីផលប៉ះពាល់ពេលពួកគាត់នេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ស្តីពីជលផល និងប្រាប់ពីទោសទណ្ឌដែលពួកគាត់ត្រូវទទួលក្រោយពេលប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនោះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, និងកម្លាំងកងទ័ពទាំងអស់ ដែលបានខិតខំថែរក្សាការពារទន្លេសាប បឹងទន្លេសាប និងរក្សាធនធានធម្មជាតិ និងមច្ឆាជាតិទឹកសាប អោយគង់វង្ស សំរាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់បន្តទៅមុខ៕ កាំង ហុងវាស្នា

សម្តេច ឃួន សុដារី៖ រដ្ឋសភា គាំទ្ររាល់ច្បាប់ទាំងឡាយដែលលេីកកម្ពស់ដល់សុខុមាលភាពប្រជាជន

2025/03/31 12:04:23 pm        158
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងថា រដ្ឋសភា កម្ពុជាទាំងមូលមានការគាំទ្រខ្ពស់រាល់ច្បាប់ទាំងឡាយដែលលេីកកម្ពស់ដល់សុខុមាលភាពប្រជាជន។ការថ្លែងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្ដីពី បម្រែបម្រួលប្រជាសាស្រ្ដ និងជំងឺមិនឆ្លង គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាសកម្មនិងយុវជន នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល, នាយកប្រតិបត្តិ នៃ វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ, តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី ព្រមទាំងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ សហជីព និងមន្រ្តីជំនាញ។ នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ឆ្លុះបញ្ចាំងពីចាំបាច់នៃកិច្ចសហប្រតិបត្តិការពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ ដោយសារសុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ទៀតថា មនុស្សគឺជាគ្រឹះសំខាន់បំផុតសម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ ពិសេសក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ចាប់ពីយុគសម័យនៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តរហូតដល់បច្ចុប្បន្ន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបភាពស្វាហាប់ ឈ្លាសវៃ និងពោរពេញដោយថាមវន្ត បានចាត់ទុក “មូលធនមនុស្ស” ជាកត្តាអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្សជាកត្តាអាទិភាពទី ១ ក្នុងចំណោមអាទិភាពចំបង ទាំង ៥ រួមមាន "មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា" សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាព ជឿនលឿន និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងបន្តក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ ជាមួយគ្នា សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា សភាកម្ពុជាសូមគាំទ្រ និងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធ-ផល ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធ ភាព និងសមធម៌ នៃសេវាសុខភាព តាមរយៈការបង្កើនកញ្ចប់ថវិកា ការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល និងបង្កើន    ការបង្ការហានិភ័យហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវសមធម៌ នៃការផ្តល់សេវាសុខភាពមានគុណភាព ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងទីប្រជុំជន និងនៅជនបទ ជាពិសេសការផ្តល់សេវាជូនស្រ្តីនិងក្មេងស្រី។សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងនីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការបន្ថែមក្នុងវិស័យសុខាភិបាល។ក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចរកឃើញនូវវិធីសាស្រ្តនិងយន្តការដ៏មានប្រសិទ្ឋភាព និងជាក់ស្តែង ក្នុងការបង្ការ ការពារ និងទប់ស្កាត់ជំងឺមិនឆ្លង ដើម្បីលើកកម្ពស់សុខភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសនៃតំបន់ និងពិភពលោកទាំងមូល៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»

2025/03/31 11:22:17 am        177
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភា។ ក្រោមជំនួយគាំទ្រពីវិទ្យាស្ថានសភាអាស៊ី (PCAsia) និងវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វេទិកា AFPPD និងអង្គការសុខភាពពិភពលោក។

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នក​ឧកញ៉ា​ឧត្តម​មេ​ត្រី​វិសិដ្ឋ ហ៊ុន សាន ថ្ងៃទី៤

2025/03/31 11:04:53 am        151
ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយ​នៃ​ការ​ចូល​មរណ​ភាព​របស់​ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួ​ង​សាធារណ​ការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន។ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសព បាន​យាង​និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេច ព្រះមហា​សង្ឃ​រាជ​គណៈធម្ម​យុត្តិកនិកាយ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​, សម្តេច ព្រះមង្គលទេពាចារ្យ វង់ អានេតា សម្តេចព្រះសង្ឃនាយករង គណៈ​ធម្ម​យុត្តិ​ក​និកាយ និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិសរុប ៩ ព្រះអង្គ សូត្រមន្ត ចំរើ​ន​ព្រះបរិត្ត ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបាន​ធ្វើ​មរណ​កាល​ទៅកាន់បរលោកអស់រយៈពេល ៤កន្លងទៅនេះ។ ក្នុងពិធីសាសនានេះ មានការធ្វើបទនមស្ការសមាទានសីល តាមសក្ខាបទ ដើម្បី​រំលឹក​នឹក​ដល់​គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែល​ព្រះ​អង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏​វិសេស​វិសាលបន្សល់ទុក ឱ្យពុទ្ធបរិស័ទគ្រប់រូបគោរពប្រណិបត្តិតាំងពីដើមរៀង មក​រហូត​បច្ចុប្បន្ន។ ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់​មនុស្ស​លោក​គ្រប់​រូបឱ្យសាងនូវអំពើល្អជាកុសលលះបង់ អំពើបាប សាងនូវ​កុសល​ទាន សម្រាប់អានាគតជាតិ។ យ៉ាងណាមិញការគោរពប្រតិបត្តិនិងដឹងគុណចំពោះមាតាបិតា ទាំងរូបលោក​នៅ​មាន​អាយុ​សង្ខារ ឬមរណកាលទៅហើយក្តីដូចដែលឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុង​ប្រតិបត្តិ​ជាពិសេស​ការ​ឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូ​កត្ត​វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នង សងគុណ ចំពោះ​មាតា​បិតា និងបុព្វការីជន ដែលបាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ឯ​នាយ​ខាង​មុខ​យ៉ាង​ពិត​ប្រាកដ​។បន្ទាប់ពីការធ្វើកិច្ចតាមលំដាប់លំដោយ នៃទំនៀមទម្លាប់បានចប់សព្វគ្រប់ ឯកឧត្តម លោក​ជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារនៃសពបានថ្វាយប្រគេនទេយ្យវត្ថុ គ្រឿង​អត្ថ​បរិ​ក្ខា​ចំពោះ​សម្តេច​ព្រះសង្ឃ និង​ព្រះរា​ជា​គ​ណៈគ្រ​ប់​ព្រះអ​ង្គ​ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏​ខ្ពង់ខ្ពស់បំផុត។               កុសលផលបុណ្យដែលកើតឡើង ក្នុងថ្ងៃនេះ សម្តេចព្រះមហាសង្ឃរាជ គណៈ​ធម្ម​យុត្តិ និងសម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិ គ្រប់អង្គ សូម​ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន​ដែល​បាន​ធ្វើមរណកាលអស់រយៈពេល ៤ ថ្ងៃកន្លងទៅនេះ និង​វិញ្ញាណក្ខន្ធ​ភរិយា​នៃ​សព​គឺ​លោកជំទាវច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល ១២​ឆ្នាំ​កន្លង​ទៅ​ហើយនោះសូមឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ បានទៅកាន់ឋាន​បរម​សុខ ជានិច្ចនិរន្តតរៀងទៅ៕

ក្រសួងព័ត៌មាន បន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ខណៈកំពុងកើតមានគួរឲ្យព្រួយបារម្ភ

2025/03/31 10:47:52 am        395
ភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តជួយទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប បញ្ហានេះកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ហើយព័ត៌មានក្លែងក្លាយមួយចំនួន មានចរិកបង្កភាពវឹកវរ និងអស្ថិរភាពក្នុងសង្គមផងដែរ ។ ក្នុងពិធីបិទសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងព័ត៌មានបង្កើត និងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលយុទ្ធនាការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ ។ ឯកឧត្តមបន្តថា យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយនូវព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម ហើយសូមគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់ សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ បានលើកឡើងថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទក៏ក្ដៅគគុកមួយផងដែរ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដើម្បីចូលរួមជាមួយក្រសួងព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងកើតឡើងជាហូរហែរ ។លោកបណ្ឌិតបន្តថា ជាមួយនឹងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនេះ សមាគម ក៏បានជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន ថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមរយៈផេកផ្លូវការរបស់សមាគម និងអង្គភាពសារព័ត៌មាន ជាសមាជិក ចំនួនជាង ២០ម៉ឺនព័តមាន ។ សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts

2025/03/31 10:41:32 am        156
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុន Santana Agro Proucts។នៅចំពោះមុខអង្គពិធី ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា បើបូករួមជាមួយនឹងកិច្ចសន្យាដែលទើបបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនMIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុងដៃទំហំជាង១លានដុល្លារ រួចជាស្រេចទៅហើយ។ ឯកឧត្តមលើកឡើងទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះនោះទេ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រូវបានប្រមូលសម្ងួត ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។ សូមបញ្ជាក់ថាតាមការប៉ាន់ស្មាន កិច្ចសន្យាលើកនេះមានទំហំគិតជាសាច់ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន៕

ថ្នាក់ដឹកនាំក្រសួងការងារ ចុះពិនិត្យត្រៀមទទួលស្វាគមន៍ សម្របសម្រួលជូនបងប្អូនពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

2025/03/31 10:32:29 am        183
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថា យោងតាមស្មារតីព្រមព្រៀងរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។  ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាដែលជួយដល់ប្រទេសមីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

2025/03/31 09:32:55 am        241
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលស្ថានភាពសង្គម បានចាត់ទុកជំនួយរបស់កម្ពុជា​ដែលជួយដល់ប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញស្មារតីសាមគ្គីភាព និងគាំទ្រយ៉ាងពេញទំហឹង​ក្នុងនាមជាបងប្អូនសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅក្នុងស្ថានភាព​ដ៏​លំបាកក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ជំនួយរបស់កម្ពុជាទៅដល់ប្រជាជាតិម៉ាយ៉ាន់ម៉ា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះស្ថានភាពនេះ គឺមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយជាចាំបាច់ពីសហគមអន្តរជាតិ ជាពិសេសបងប្អូនសមាជិកអាស៊ានដូចគ្នាផងដែរ»។លោកបន្តថា៖«បើទោះបីជាជំនួយរបស់កម្ពុជាមិនច្រើនក្ដី ប៉ុន្ដែវាបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ សាមគ្គីភាព និងជារូបភាពគាំទ្រគ្នាទៅវិញទៅវិញក្នុងគ្រាមានអាសន្ន។ លើសពីនេះ សមាជិកអាស៊ានផ្សេងទៀតដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងជំនួយពីសហគមអន្តរជាតិដូចជា ឥណ្ឌា រុស្ស៊ី ចិន និងប្រទេសផ្សេងៗទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើមនុស្សធម៌ និងសង្រ្គោះប្រជាជនមីយ៉ាន់ម៉ា»។អ្នកវិភាគបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ និងកិច្ចការជាច្រើនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីចូលរួមក្នុងសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ាន។បន្ទាប់ពីមានគ្រោះមហន្តរាយនេះ ប្រទេសសមាជិកអាស៊ាន បានបង្ហាញការចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះពលរដ្ឋដែលបានបាត់បង់ជីវិត។ លោក ម៉េងដាវីត បានចាត់ទុកថា នេះគឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ហើយជាសារដ៏មានឥទ្ធិពលដែលប្រាប់ថា ប្រទេសមីយ៉ាន់ម៉ា និងថៃ មិនមែនប្រឈមមុខនឹងវិបត្តិនេះតែម្នាក់ឯងទេ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំគិតថា ជំនួយរបស់កម្ពុជានាពេលនេះ គឺសំខាន់បំផុត ហើយជាតម្រូវការចាំបាច់របស់ប្រជាជនមីយ៉ាន់ម៉ា តែចំពោះរដ្ឋាភិបាលថៃវិញ គឺគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ សម្រាប់មីយ៉ាន់ម៉ា គឺមានការលំបាកខ្លាំង ទើបកម្ពុជា មើលឃើញពីសេចក្ដីត្រូវការបន្ទាន់នេះ»។លោកបន្តថា កម្ពុជាតែងតែប្រកាន់ខ្ជាប់ក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេសមីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងអំឡុងពេលដែលកម្ពុជាជាប្រធានអាស៊ាន ក៏បានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាដែរ។លោកបានកត់សម្គាល់ឃើញថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ក៏បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និងថៃរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះមហន្តរាយនេះ។បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ាននៅថ្ងៃទី ៣០ខែមីនាឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ អាម៉េរិកដល់ប្រទេសមីយ៉ាន់ម៉ា។ក្នុងនោះ កម្ពុជាកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្រប។ ក្នុងនាមរាជរដ្ឋាភិបាល បានរីករាយដែលបានឃើញប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ៕

មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានសារធាតុញៀនជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

2025/03/31 08:35:28 am        230
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនសមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនបរទេស០៥នាក់ ដកហូតថ្នាំញៀនជាង១០០គីឡូក្រាម។ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ដោយបានស្រាវជ្រាវតាមជំនាញ បង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ក្នុងរង្វង់ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពគ្រឿងញៀន មកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សម្តេចធិបតី អរគុណដល់ម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព និងគាំទ្រគណបក្សប្រជាជនរហូតមក

2025/03/31 07:15:06 am        158
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយថែមទាំងរួមគ្នាថែរក្សាបានយ៉ាងល្អនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជាផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុង ឱកាសអបអរសាទរ និងជូនពរជ័យ សរិសួស្តី ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា«ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារ ហើយនឹងថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា»។សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេច និងភរិយាសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរម៉ូស្លីមនេះដែរ សម្តេចធិបតីសូមឲ្យព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ និងសូមជូនពរដល់បងប្អូនម៉ូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM