ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/03/28 08:04:15 pm        142
ភ្នំពេញ ៖ ព្រឹកថៃ្ងសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនឹងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញដាក់កម្រផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាពនៅថៃ្ងសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចតេជោ ហ៊ុន សែន៖ សង្ខារមិនទៀង តែការស្លាប់គឺទៀង

2025/03/28 07:52:56 pm        331
ភ្នំពេញ ៖  បងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ។ មរ ណភាពនេះបានធ្វើឱ្យក្រុមគ្រួសារសម្ដេចតេជោទទួលរងនូវទុក្ខសោកយ៉ាងខ្លាំង។ សម្ដេចតេជោបានរំលេចនូវសារមួយតាមបណ្ដាញសង្គមថា សង្ខារមិនទៀង តែការស្លាប់គឺទៀង។​បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្ទាល់របស់សម្ដេចនៅអំឡុងម៉ោង ៣ ជាងទៀបភ្លឺនៃព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានទ ទួលអនិច្ចកម្មនៅអំឡុងម៉ោង២ និង ២៧ នាទីនៃព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។ ភ្លាមៗក្រោយដំណឹងដ៏អកុសលនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវត្តមាននៅក្បែរសពបងប្រុសសម្ដេច, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សមាជិកក្រុមគ្រួ សារ និងឥស្សរជន រួមទាំងថ្នាក់ដឹកនាំជាច្រើនទៀត ក៏មានវត្តមាននៅទីនោះដែរ។សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចបានបន្តថា បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាព ដើម្បីព្យាបាលបងទី១។ ពេលបងទី២ ទទួលមរណភាព ពេលនោះយើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ ទេ ព្រោះគាត់កំ ពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យ។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូតគាត់ ដឹងដោយខ្លួនឯង ដែលគាត់យំផង, និយាយផងថា ប្អូនអញស្លាប់ទាំងមូលមិនឱ្យអញដឹង។សម្ដេចតេជោបានបន្តថា កាលពី ១២ ឆ្នាំមុន គឺនៅឆ្នាំ២០១៣ ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាព ព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ ទទួលមរណភាព, ភរិយារបស់ខ្ញុំ ដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១ បានដែរ។បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិ ទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើថីផែនទីដែលពេលនោះគេហៅថា មន្ត្រីសុរិយោដី។សារចុងបញ្ចប់របស់សម្ដេចតេជោ សម្ដេចបានរម្លឹកថា កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គស្ដេចមានការ សោកស្ដាយយ៉ាងខ្លាំងក្រោយព្រះអង្គទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិ សិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព ដោយរោគា ពាធ។ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានព្រះលិខិតថា ខ្ញុំសូមសម្ដែងនូវការសោកស្តាយ និងសូមចូលរួ មរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឹជាការបាត់បង់ឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់ឯកឧត្តមបានលះបង់គ្រប់បែបយ៉ាង និងបានចូលរួមយ៉ាងសកម្មបំផុតលើវិស័យមនុស្សធម៌ និងវិស័យផ្សេងៗទៀតជាច្រើនក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានបន្តថា ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាអ្នកស្នេហាជាតិដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ, សម្ដេចព្រះមហាក្សត្រី ក៏បានសោក ស្ដាយបំផុតចំពោះដំណឹងនៃមរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។សម្ដេចព្រះមហាក្សត្រី បានព្រះលិខិតថា ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំអំពីឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃប្រុសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាមួយសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ឯកឧ ត្តម អ្នកឧកញ៉ា ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបម្រើប្រទេសជាតិជាយូរមកហើយ។ មរណភាពនៃឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះម ហាក្សត្រ។សម្ដេចព្រះមហាក្សត្រី បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាអ្នកស្នេហាជាតិដ៏ល្អប្រសើរមួយរូប អញ្ជើញទៅកាន់សុគតិភពកុំបីខាន។នៅថ្ងៃនេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ បានផ្ញើសារលិខិតចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។សារលិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានសរសេរថា តាងនាមសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំមានសេចក្ដីតក់ស្លុតក្រៀមក្រំដ៏ក្រៃលែង ដោ យទទួលបានដំណឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្មនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។ ការបាត់បង់រូបឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ មិនត្រឹមជាការបាត់បង់បងប្រុ សបង្កើត លោកឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់សម្តេច និងក្រុមគ្រួសារឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវឥស្សរ ជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ បរិច្ចាគកម្លាំងកាយ ចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ ជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ និងការកសាងប្រទេសជាតិមាតុភូមិឱ្យមានការរីកចម្រើនរុងរឿងដូចបច្ចុប្បន្ន។ក្នុងឱកាសដ៏ក្រៀមក្រំនេះតាងនាមសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយសម្ដេច និងក្រុមគ្រួសារទាំងមូល និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃនេះបានផ្ញើនូវសារលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្រោយទទួលដំណឹង ដ៏ក្រៀមក្រំស្ដីពីមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។ក្នុងសារលិខិតនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានសរសេរថា នាងខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ចិត្តក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុ តថា ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។ស្ថិតក្នុងបរិយាកាសដ៏សែនវិយោគសោកសៅ ប្រកបដោយអនិច្ចលក្ខណធម៌ សោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេកប្រមាណ នាងខ្ញុំសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀ មក្រំនេះ ដោយសោកសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេ ត្រីវិសិដ្ឋគឺជាការបាត់បង់បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាជីតាទួតជាទីគោរពស្រលា ញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមកឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ជាកុលបុត្រកម្ពុជាដ៏ឆ្នើមដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយមនសិការជាតិ និ ងគតិបណ្ឌិតឈ្លាសវៃជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន និងសម្បូរសប្បាយជានិច្ចនិរន្តរ៍។ ជាងនេះទៅទៀត ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនដោយចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុតចូលរួមកសាងសមិទ្ធផលនានាជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសបានជួ យទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានការរីកចម្រើនជាភិយ្យោភាព។ក្នុងវេលាខ្សឹកខ្សួលក្តុកក្តួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ នាងខ្ញុំសូមបួងសួង និងអា រាធនាដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធ ម៌ ព្រះសង្ឃ សូមព្រះអង្គប្រោះព្រំប្រទាន សព្ទសាធុការពរជ័យសិរីរុងរោចន៍ដល់ដួងវិញ្ញាណក្ខន្ធឯកឧ ត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រៅពីបង្ហាញនូវទុក្ខសោកដ៏ក្រៀមក្រំរកទីបំផុតគ្មាន សម្ដេចមហាបវរនាយករដ្ឋមន្ត្រី បានបួងសួងជូនចំពោះដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ក៏បានចេញសារលិខិតចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសម្ដេ ចតេជោផងដែរ។សារលិខិតនោះបានសរសេរថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយឯកឧត្តមអ្នកឧក ញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សា សនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ វីរភាព ឧត្តមគតិ សេចក្តីក្លាហាន គុណបំណាច់ និងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវបានប្រវត្តិសាស្ត្រកម្ពុជាកត់ត្រាទុកជារៀងរហូតតរៀងទៅ។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីខានឡើយ។នៅថ្ងៃនេះដែរ ថ្នាក់ដឹកនាំ និងឥស្សរជន រួមទាំងមិត្តបរទេសនានាក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀ មក្រំនេះជាមួយក្រុមគ្រួសារសម្ដេចតេជោ ព្រមទាំងបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធចំពោះសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផងដែរ។នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសចំនួន ៣ ជូនឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។ គ្រឿងឥស្សរិយយសទាំង ៣ នោះមាន៖ ទី១៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, ទី២៖ សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ និងទី៣៖ សម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវតិ្ថ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍។ឯកឧត្តម ហ៊ុន សាន ​ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕​ដោយ៖ គង់ ឌិន​ 

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសដល់ការរស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

2025/03/28 07:05:57 pm        106
ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង សេដ្ឋកិច្ច សង្គម និងវប្បធម៌ រវាងជនបទនិងទីក្រុង ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដោយបានកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ មានជីវភាពរស់នៅកាន់ តែប្រសើរ។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុង ការចុះត្រួតពិនិត្យ បញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិ អន្លង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះថា នយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចាប់ផ្តើមអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ មករីកចម្រើន នៅគ្រប់វិស័យ ដែលសមិទ្ធផលទាំងនោះ បាននិងកំពុងបន្តដឹកនាំដោយស្វាហាប់ និងភាពប្រាកដប្រជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។ឯកឧត្តម បន្តថា ជាក់ស្តែងស្ពានបេតុងនៅក្នុងភូមិ-ឃុំខាងលើ ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែល សមិទ្ធផលនេះមិនមែនជាជំនួយពីខាងណានោះឡើយ ដោយរាជរដ្ឋាភិបាលចំណាយថវិកាជាតិផ្ទាល់ ជំរុញអភិវឌ្ឍន៍ស្ពាននេះឡើង សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រៅពីនេះមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលអភិវឌ្ឍន៍នៅតាមភូមិ-ឃុំ-ស្រុក ផ្សេងៗនៅទូទាំងប្រទេស ដែលការអភិវឌ្ឍន៍ជនបទនេះ បានចូលរួមចំណែកលើកកម្ពស់ប្រជាពលរដ្ឋមានផ្លូវ និងស្ពានសម្រាប់ធ្វើដំណើរ ការរកស៊ីទទួលទាន និងការធ្វើអាជីវកម្មផ្សេងៗ។ នេះជាការកែលម្អដល់លក្ខខណ្ឌនៃការរស់នៅររបស់សហគមន៍ជនបទ មានជីវភាពរស់ នៅកាន់តែប្រសើរ ជាក់ស្តែងការស្ថាបនាស្ពានខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនា បានឈានដល់បញ្ចប់សុពលភាព ប្រកបដោយគុណភាព ព្រោះស្ពាន ផ្លូវ ឬលូ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតនៅតាមជនបទ សុទ្ធតែមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់។ចំពោះនៅក្នុងជំនួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំស្ពាន និងសិល្បការ្យផ្សេងៗនៅក្នុងមូលដ្ឋាន រក្សាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ សម្រាប់ ការប្រើប្រាស់យូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត”

2025/03/28 07:00:24 pm        108
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុចូលលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការវិវត្តនិងវឌ្ឍនភាពស្រាវជ្រាវនៃបញ្ញាសិប្បនិម្មិតនៅកម្ពុជា, បង្ហាញគម្រោងបញ្ញាសិប្បនិម្មិតមួយចំនួនដែលកំពុងអនុវត្តនៅក្នុង ក.ប.ទ. និងធ្វើកិច្ចពិភាក្សាស្តីពីទិន្នន័យនិងសំណុំធនធានបច្ចេកទេសដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា ព្រមទាំងប្រមូលមតិយោបល់នានាពីសិក្ខាកាមដែលបានអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន ដែលមានសរុបប្រមាណ ១៥០នាក់។សិក្ខាសាលានេះ ត្រូវបានថ្លែងសុន្ទរកថាបើកស្វាគមន៍ដោយ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ ក.ប.ទ. បន្តដោយបទបង្ហាញចំនួន ៤ លើប្រធានបទ 1-“សាវតារនិងវឌ្ឍនភាពការស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ២-“ការអភិវឌ្ឍ TranslateKH” ដោយ លោក ឡាយ អជដេត អ្នកជំនាញជាន់ខ្ពស់បញ្ញាសិប្បនិម្មិត ក.ប.ទ., ៣-“ការអភិវឌ្ឍ Khmer Braille Translator” ដោយ លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង ៤-“ទស្សនៈមួយចំនួនពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍ Khmer LLM” លោកបណ្ឌិត អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អមដោយកិច្ចពិភាក្សាលើប្រធានបទ “ទិន្នន័យនិងសំណុំធនធានបច្ចេកទេសដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដែលទទួលបានការសាកសួរជាច្រើនពីសិក្ខាកាម។ ក្នុងនោះដែរ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានផ្តល់កិត្តិយសបិទសិក្ខាសាលាដោយជោគជ័យល្អប្រសើរផងដែរ៕

ពិធីបុណ្យទក្ខិណានុបទានឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន

2025/03/28 06:51:33 pm        235
 ភ្នំពេញ ៖ ក្រោយពីទទួលមរណភាពកាលពីវេលាម៉ោង២និង២៧នាទី ព្រឹកថ្ងៃសុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ខែ មីនា ឆ្នាំ២០២៥ សព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន ត្រូវជាបងប្រុសទី១របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទាន តាមប្រពៃណី នៅផ្ទះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ដោយនៅវេលាព្រឹកថ្ងៃទី២៨នេះ សម្តេច​អគ្គមហាសេនាបតី តេជោហ៊ុនសែន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារនៃសព បានយាងនិងនិមន្ត  សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹម ហេង      សម្តេច​ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវនរ័ត កិត្តិបណ្ឌិតមួងរ៉ា សម្តេចព្រះសង្ឃនាយករងទី២ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទ ថុល សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និងព្រះរាជាគណៈសរុប៩អង្គ សូត្រមន្ត ប័ង្សុកូល ជាកិច្ចឧទ្ទិសកុសល ផលបុណ្យជូន វិញ្ញាណក្ខន្ធ សព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុនសាន ដែលទើបធ្វើមរណាកាលក្នុងពេលថ្មីនេះ។ ពីធីនេះបានដំណើរការប្រព្រឹត្តិទៅ តាមគន្លងប្រពៃណីព្រះពុទ្ធសានា ដោយមានធ្វើ នបទនមស្ការ សមាទានសីល តាមសក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរម គ្រូនៃយើង ដែលព្រះអង្គ បានត្រាស់ដឹងនូវ អនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសបិសាល បន្សល់ ទុកឱ្យពុទ្ធបរិស័ទគ្រប់រូប គោរពប្រណិបត្តិតាំងពីដើមរៀងមករហូតបច្ចុប្បន្ន។ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គ គឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យ សាងនូវ អំពើល្អ ជាកុសល លះបង់ អំពើបាប សាងនូវកុសលទាន សំរាប់អានាគតជាតិ។យ៉ាងមិញ ការគោរពប្រតិបត្តិ និងដឹងគុណ ចំពោះ មាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារក្តីឬមរណកាលទៅហើយក្តី ដូចដែលសម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាប្អូន ជាកូននិងចៅ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិ ក្នុងវេលានេះ វិញ្ញាណក្ខន្ធអ្នកមានគុណ ពិតជានឹងទទួលបាននូវអានិសង្សយ៉ាងពិតប្រាកដ។សូមបញ្ជាក់ថាឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី១ ក្នុងចំណោម បងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់,​ កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។​​​​ ​    ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅ ភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយឪពុកម្តាយ និងក្រុមគ្រួសារ។ ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយមកប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ លោក ព្រមទាំងក្រុមគ្រួសារ បានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ លោក ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោក គឺជាយោធាប្រចាំស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករងនៃភ្នាក់ងារកម្ពុជានាវាចរ(កាំសាប),ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស​​ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុត របស់ ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ,ក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនា​បតីតេជោហ៊ុន សែនជាប្រមុខ។សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះបានធ្វើឱ្យ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។    

ក្រសួងការងារបញ្ជាកថាគិតត្រឹមល្ងាចថ្ងៃនេះ មិនមានពលរដ្ឋខ្មែររងគ្រោះថ្នាក់ដោយសារករណីរញ្ជួយដីនៅថៃនោះទេ

2025/03/28 06:24:58 pm        235
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបថា យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និង ការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ បានសសេរឲ្យដឹងទៀតថាគិតត្រឹមល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ) ដោយឡែកមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះ របស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ។ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃគ្រោះរញ្ជួយដីនេះ ដោយសហការ ជាមួយអាជ្ញាធរថៃ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ទីភ្នាក់ងារជ្រើសរើសឯកជន និង សហគមន៍ខ្មែរនៅប្រទេសថៃទាំងអស់ ដើម្បីត្រៀមលក្ខណៈផ្តល់ការគាំពារឱ្យបានទាន់ពេលវេលាដល់បងប្អូន ពលករខ្មែរ ក្នុងករណីរងផលប៉ះពាល់។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងនិយោជក។ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរដែលរងផលប៉ះពាល់ សូម ទំនាក់ទំនងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឬអនុព័ន្ធការងារអម ដើម្បីសុំជំនួយតាមរយៈទូរសព្ទលេខ៖- លេខ +៦៦ ៩២ ៨០៥០ ៥៦១, +៦៦ ៩៤ ០៩២ ៥៩០៥, +៦៦ ៩៤ ៤១៦ ៥៥១៨- លេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល), +៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)និង+៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)

ចុងឆ្នាំ២០២៥នេះ ពោធិ៍សាត់ ប្តេជ្ញាក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០ភាគរយ

2025/03/28 05:42:38 pm        132
ពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី ស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ។ សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ប្រតិភូក្រសួងអភិឌ្ឍន៍ជនបទ អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក PWG ខេត្តពោធិ៍សាត់ ។ក្នុងឱកាសនោះ លោក លឹម សុខតូ មានប្រសាសន៍លើកឡើងអំពីភូមិសាស្ត្ររបស់ខេត្តពោធិ៍សាត់ជូនអង្គពិធី ដោយគិតត្រឹមឆ្នាំ២០២៣ GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំស្មើរនឹង ១៥៧៤ដុល្លារសហរដ្ឋអាមេរិក ចំណែកអត្រាភាពក្រីក្របានធ្លាក់មកត្រឹមតែ១២,១៥ភាគរយៈ គិតត្រឹមឆ្នាំ២០២៤ ។ ខេត្តពោធិ៍សាត់មានសក្តានុពលធំៗចម្បងចំនួន៣ដែលកម្លាំងចលករ ឆ្លើយតបទៅនឹងការអភិវ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងខេត្ត -ទី១គឺកសិកម្ម និងជនផលនៅបឹងទន្លេសា -ទី២គឺឧស្សាហកម្មនិងថាមពល និង-ទី៣ គឺសក្តានុពលទេសចរណ៍ ។ លោកអភិបាលរងខេត្តបានបន្តថា ចំពោះវិស័យអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យប្រសើរឡើង ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាតម្រូវការចាំបាច់មួយក្នុងការលើកកម្ពស់សុខមាភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ដែលវិស័យនេះជាអទិភាពគន្លឹះមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានដាក់ចេញ នូវគោលដៅការបន្តជម្រុញការអនុវត្តន៍ផែនការសកម្មភាពផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គ្របដណ្តប់បាន១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។ហើយវាជាការពិតណាស់ ការងារផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ គឺជាកិច្ចការសកលដែលមានលក្ខណៈពហុវិស័យព្រោះ អ្នកណាៗ ក៏ត្រូវការបង្គន់អនាម័យនិងទឹកស្អាត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចនេះការងារនេះគឺទាមទាឲ្យមានការចូលរួមពីគ្រប់ភាគី ។ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ មានប្រសាសន៍លើកឡើងថា ការងារសុខភាពអនាម័យជនបទនេះ មិនមែនទើបតែមានការយកចិត្តទុក្ខដាក់ថ្ងៃនេះទេ គឺមានការយកចិត្តទុកដាក់តាំងពីពេលបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដោយមាននាយកដ្ឋានថែទាំសុខភាព នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ ដែលជានាយកដ្ឋានមានសារៈសំខាន់ ជម្រុញការងារសុខភាពអនាម័យជនបទ ដោយក្រសួងអភិវឌ្ឍន៍ជនបទ មានគោលការណ៍ គាំពារ មុនព្យាបាល។ ហើយកិច្ចប្រជុំក្នុងពេលនេះ គឺពិភាក្សាគ្នា តើប្រជាពលរដ្ឋមានបង្គន់គ្រប់ហើយឬនៅ ហើយភូមិឃុំODF ប៉ុន្មានភាគរយ ហើយនៅខ្វះប៉ុន្មាន ដើម្បីជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជា ខេត្ត ODF ក្នុងឆ្នាំ២០២៥នេះ ។តាមរបាយការណ៍របស់ មន្ទីរអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តពោធិ៍សាត់មានចំនួន៨៨ភាគរយ ក្នុងនោះស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបានODF ១០០ភាគរយ ហើយស្រុកភ្នំក្រវាញសម្រេចបាន៩២ភាគរយ ស្រុកបាកានសម្រេចបាន៩១ភាគរយ ក្រុងពោធិ៍សាត់សម្រេចបាន៩៥ភាគរយ ស្រុកណ្តៀងសម្រេចបាន៨៣ភាគរយ ស្រុកក្រគរសម្រេចបាន៨២ភាគរយ និងស្រុកវាលវែងសម្រេចបាន៦៨ភាគរយ ។ឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីវឌ្ឍន៍ភាពនិងបញ្ហាប្រឈមតាមបណ្តាភូមិឃុំក្រុងស្រុក និងបទបង្ហាញដោយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អំពីយុទ្ធសាស្ត្រដើម្បីសម្រេចបានODF ១០០ភាគរយក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ដូចជារដ្ឋបាលខេត្ត និងអង្គការដៃគូរ បានរួមគ្នាប្តេជ្ញា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិឃុំសង្កាត់ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ ក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ មានមតិបូកសរុប ឯកឧត្តម យឹម ជុង ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងមានភាពជឿរជាក់ លើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានប្តេជ្ញារួមគ្នាជម្រុញឲ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តODF ក្នុងឆ្នាំ២០២៥នេះ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកាន់តែមានសុខមាភាពល្អប្រសើរ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ ៕

អង្គភាពស៊ីម៉ាក់ និង JICA បិទវគ្គសិក្ខាសាលាលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិ បត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS

2025/03/28 05:23:05 pm        173
(ភ្នំពេញ): ស៊ីម៉ាក់និងចាយកាជប៉ុន ជោគជ័យលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិបត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS បន្ទាប់ពីបើកវគ្គសិក្ខាសាលាអស់រយៈ ពេល ១០ថ្ងៃ​ ដែលមានការចូលរួមពីភាគីជប៉ុនជាង ១០រូប​និងអ្នកបច្ចេកទេសជំនាញសុីម៉ាក់ចំនួន ៣៥ រូប ។ សិក្ខាសាលានេះបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតសំខាន់ក្នុងការប្រមូលនូវចំណេះធ្វេីពីអ្នកបច្ចេកទេសជំនាញ​យូរឆ្នាំ បង្កេីតជាឯកសារប្រតិបត្តិ​ដូចនេះអ្នកបន្តវេនអាច ប្រេីប្រាស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសជំនាញ​បន្តទៅមុខទៀត។   ក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី កូម៉ូកៃ អេរី ទី ប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ បានថ្លែងនូវក្តីពេញចិត្តដែលបានសហការជាមួយអង្គភាពCMAC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកស្រីបន្តថា តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងសកម្មភាពការងារផ្សេងៗរបស់CMAC ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពកំចាត់មីន អង្គភាពCMAC មានចំណេះដឹងនិងចំណេះធ្វើអំពីឧបករណ៍ផ្សេងៗជាច្រើន ។ ចំណេះដឹងនិងចំណេះធ្វើទាំងនេះ មិនត្រឹមតែមានប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពកំចាត់មីនផ្ទាល់របស់CMACប៉ុណ្ណោះទេ ហើយក៏អាចចែករំលែកទៅ កាន់ប្រទេសដែលរងផលប៉ះពាល់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០២០មក CMACបានចែករំលែកចំណេះដឹង និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីគ្របគ្រង់ និងមន្ត្រីប្រតិបត្តិកាជាង៥០០នាក់ មកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា អ៊ីរ៉ាក់ អ៊ុយក្រែន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានទទួលផលប្រយោជន៍ពីកិច្ចសហ ប្រតិបត្តិការអន្តរជាតិរបស់CMAC ។ ដូច្នេះJICA រំពឹងថាអង្គភាពCMAC នឹងបន្តផ្តល់ការគាំទ្រទៅដល់ប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាពេលអនាគត។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់សូមថ្លែងអំណរដល់មន្រ្តី JICA ប្រចាំភ្នំពេញ ក៏ជាដូចទីប្រឹក្សាក៏ដូចជាអ្នកឧទ្ទេសនាមដទៃទៀត ដែលបានចូលរួមផ្តល់ចែករំលែកក្នុងសិក្ខាសាលានេះ។ ឯកឧត្តមក៏សូមក៏កោតសរសើរ និងអរគុណមន្រ្តីCMAC ទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីបញ្ជាការ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក៏ដូច ជាបណ្តាកងឯកភាពកំចាត់មីនទាំងអស់ ជាពិសេសឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ដែលបានដឹកនាំសម្របសម្រួលសិក្ខាសាលាក្នុងរយៈពេល១០ថ្ងៃនេះ ដោយការយកចិត្តទុកដាក់និងដំណើរការដោយរលូន។ តាមរយៈរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយអ្នកចូលរួមបានលើកយកនូវវិធីសាស្រ្តថ្មីៗតាមរយៈការបញ្ចេញមតិយោបល់ ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួនដើម្បីរួមគ្នាផ្តល់ធាតុចូលជាបញ្ហាជាចំណុចខ្វះខាត ឬចំណេះធ្វើពាក់ព័ន្ធសម្រាប់យកទៅវិភាគ បែងចែកដោះស្រាយ និងបង្កើតជា «ឯក សារណែនាំប្រតិបត្តិការមួយ» ដែលមានលក្ខណៈសម្បូរបែបនិងល្អប្រសើរជាងមុន។ ហើយសមិទ្ធិផលនៃសិក្ខា សាលានេះ គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថ ភាពរួមដល់មន្រ្តីជំនាញរបស់អង្គភាពCMAC ។ ជា មួយគ្នានេះដែរ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនឹងត្រូវបានអនុវត្តនៅក្នុងប្រតិបត្តិការនៅការដ្ឋានបោសម្អាតមីន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ,ភារម្យ

ក្រសួងការងារ៖ គិតត្រឹមម៉ោង៣៖១៥នាទីរសៀលនេះ នៅការដ្ឋានបាក់​រលំអគារមួយ​កន្លែងនៅ​ថៃ​មាន​ពលករបរទេសប្រមាណ៣០នាក់មិនទាន់អាចដឹងថាមានជនជាតិណាខ្លះទេ

2025/03/28 03:55:41 pm        460
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ​នៅប្រទេស​ថៃ​បាន​ឱ្យ​ដឹ​​ងថា គិតត្រឹមម៉ោង ៣៖១៥នាទីរសៀលនេះ នៅការដ្ឋានបាក់រលំអគារមួយកន្លែង​មានពលករ​បរទេស​ចំនួន​ប្រមាណជា​៣០នាក់​អាច​នៅ​ជាប់​គាំង​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​មាន​ជន​ជាតិ​ណា​ខ្លះ​ទេ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ ក្រសួងការងារបានឱ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មាន​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល​ឱ្យ​មាន​ការ​បាក់​រលំ​អគារ និង​ការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បាន​កំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរក​ព័ត៌មាន​លម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖- លេខ 094 092 5905, 094 416 558- លេខ 083 545 7788 (លោក ឈឹម វិបុល)- លេខ 062 089 8918 (លោក សម្ផស្ស)- លេខ 092 299 0133 (កញ្ញា ចន្ថា)

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

2025/03/28 03:46:22 pm        126
ភ្នំពេញ ៖ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនានេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ពិធីដ៏មហោឡារឹកនេះ មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចាន់ថុល សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សារឿន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉្ញា ឯកឧត្តម លោកជំទាវ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្សផងដែរ។នៅក្នុងអង្គពិធី នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។ ក្នុងកាលៈទេសៈប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ដឹកនាំដោយបនប៉ុល ពត។ នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាកចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការគាំទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលជាកម្លាំងស្នូលនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ នាឆ្នាំដដែល។ បន្ទាប់ពីមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ រួមជាមួយឥស្សរយជនស្នេហាជាតិដទៃផ្សេងទៀត បានដឹកនាំ ស្តារ និងកសាងឡើងវិញ នូវរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ ចាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ១៩៩៨មក សម្តេចតេជោ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានលើកកម្ពស់ ហើយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើងផងដែរ។នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ពេលនេះសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន(២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរពនិងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត។ ពិធីដ៏មហោឡារិកនេះ តាងនាមសម្តេចព្រះសង្ឈ ព្រះថេរានុត្ថេរៈ ព្រមទាំងបងប្អូនជនរួមជាតិដែលកំពុងព្រះវត្តមាន វត្តមាន និងនាយឧត្តមសេនីយ៍ សៅ សុខា ផ្ទាល់សូមគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល ក្រោយពីគ្រូពេទ្យធ្វើការវះកាត់ប្រកបដោយជោគជ័យ សូមសម្តេច ឆាប់ជាសះស្បើយ សុខភាពល្អវិលត្រឡប់ទៅដូចដើមវិញ ដោយបុណ្យកុសល ទានដែលសម្តេច តែងបរិច្ចាគ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាតាមជួយថែរក្សាសុខភាព សម្តេចទាំងទ្វេ ជន្មាយុវែង ជាម្លប់សម្រាប់ជនរួមជាតិ កូនចៅ ព្រមទាំងដើម្បីព្រះពុទ្ធសាសនាកាន់តែរីកចម្រើន តយូរអង្វែងរៀងទៅ។ អត្ថបទ៖ទូច សោភ័ណ ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM