ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សន្តិសុខ និងសន្តិភាព នឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម

2026/03/09 03:52:57 pm        479
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ ដែលបានរៀបចំនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នាព្រឹកថ្ងៃចន្ទ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថាសម្រាប់ប្រធានបទ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះ គឺ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។សម្ភារៈដែលបានប្រគល់ជូនថ្ងៃនេះ រួមមាន ៖ កងវរៈសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និង៣៩៥ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ៤៤៦ និង៤៤៧ ទទួលបាន ៖ ឃីតថ្នាំ ប្រេងឥន្ទនៈ ក្រមា ទឹកឃ្មុំ ដំណាប់ខ្ញី ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រសក់ចាវ សៀង ស្ពៃជ្រក់ ប្រហុក ផ្អកត្រី ផ្អកសាច់ជ្រូក ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ជ្រក់ង៉ាំង៉ូវ ត្រចៀកកណ្តុរ ស្ករត្នោត អំបិល ខ្ទឹមស ប្រេងឆារ ប៊ីចេង មីសួ ស្ពៃក្តោប ត្រាវ ឆៃថាវ ខ្ទឹមបារាំង អំពិលទុំ ពងទាប្រៃ សាច់ជ្រូក និងម្សៅម្រេច ព្រមទាំងថវិកាមួយចំនួន៕

រដ្ឋមន្ត្រីធម្មការ៖ ការលះបង់ និងសេចក្ដីសប្បុរសរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបពលរដ្ឋប្រសិទ្ធនាមសម្ដេចថា «មាតាមនុស្សធម៌»

2026/03/09 03:44:47 pm        368
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមមូលបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលកន្លងទៅគឺ«ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសន្តិភាព» ហើយសម្តេចតែងតែការពារតម្លៃស្ត្រីខ្មែរ និងថ្កោលទោសរាល់ការប្រមាថមើលងាយស្ត្រី ជាពិសេសនៅក្នុងបរិបទនៃការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។ ដោយឡែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏តែងតែលើកកម្ពស់តម្លៃស្ត្រី ដោយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើរើសអើងគ្រប់ទម្រង់ដែលជះឥទ្ធិពលអវិជ្ជមាន ឬធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម តាមរយៈការផ្តល់ការគោរព និងការការពារសិទ្ធិស្ត្រី។ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់សម្តេចមហាបវរធិបតី, រាជរដ្ឋាភិបាលបានកំណត់យក«មនុស្ស»ជាអាទិភាពចម្បងក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ    «ការអភិវឌ្ឍមូលធនមនុស្ស»ដែលគិតគូរទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ បញ្ចកោណមុំទី៤.១ ស្តីពី«ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»បានផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបានទប់ស្កាត់ គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការអនុវត្តសិទ្ធិ ភាពជាអ្នកដឹកនាំ ដើម្បីកាត់បន្ថយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះវ័យជំទង់ ព្រមទាំងលើកកម្ពស់ សុខភាពសាធារណៈ ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភនារី និងកុមារជាដើម។ទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានប្រារព្ធឡើងដើម្បីរំឭកនៅទូទាំងពិភពលោកចំពោះសារៈសំខាន់ និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ចឬនិន្នាការនយោបាយដែល កន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ ជាក់ស្តែងមានដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌។ឯកឧត្ដមរំលេចបន្ថែមថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»៕ ដោយ៖ គង់ ឌិន

មន្រ្តីជំនាញខេត្តកោះកុង ណែនាំ​ម្ចាស់ស្ថានីយប្រេង​ឥន្ទនៈកុំ​ល​ក់ប្រេងសាំងថ្លៃ​​លើសការ​​កំណត់​របស់​ក្រសួង​ពាណិជ្ជ​កម្ម

2026/03/09 03:42:25 pm        510
លោក ជា នី អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែង​បន្លំ​ខេត្ត និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកោះកុង រសៀលទី៩ ខែមីនា ឆ្នាំ ២០២៦ នេះ បាន​ចុះ​ត្រួត​ពិនិត្យ និងណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ កុំលួចតម្លើង​ថ្លៃ​ប្រេង​សាំង​លើស​ពី​គោល​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្មកំណត់។ករណីរកឃើញម្ចាស់ស្ថានីយប្រេងណា ល្មើសនឹងរង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចាប់​ពី​៤​លាន​រៀល​ឡើង​ទៅ។ ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមបណ្តារាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែល​អាច​កើត​ឡើង​ពី​ការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយ​ធានា​បាន​នូវ​និរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម។ក្រសួងក៏អំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្ត​តាម​លក្ខណៈ​ស្តង់​ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និង​ក្រុម​ប្រតិបត្តិ ​ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត និង​យោគ​យល់​ចំពោះ​ស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូល​រួម​សន្សំ​សំចៃ ​ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាង​ការ​សម្រុក​ទិញ​ប្រេង​ឥន្ធនៈ​ស្តុក​ទុក​លើស​ពី​តម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និង​ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួង​ពាណិជ្ជ​កម្ម ​និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី ខេត្ត បាននឹង​កំពុង​បន្ត​ចុះ​តាម​ដាន​-ត្រួតពិនិត្យការលក់ ជាប្រចាំ ដើម្បីធានា​ការ​លក់​ និង​ជំរុញ​ឱ្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​អនុវត្ត​ឱ្យ​បាន​គត់​មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ខុស​ប្រក្រតីជាដើម៕ អត្ថបទ៖ ឈឹម មករា

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ​ជូន​ប្រជា​ពលរដ្ឋ​ឃុំ​ស្វាយ​លួង ​ស្រុកកណ្តៀង

2026/03/09 03:26:26 pm        401
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​បានធ្វើពិធីបើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងឃុំស្វាយលួង ស្រុក​កណ្តៀង។ ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិកំពង់រការ ឃុំស្វាយលួងក្រោមវត្តមាន​ឯកឧត្តម​ ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​បទ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះជួយឃុំស្វាយលួង គណៈកម្មការ គ.ត.វ នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ តំណាង​កងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុកកណ្តៀង និង​តំណាងបងប្អូនប្រជាពលរដ្ឋជាអ្នកអាស្រ័យផល។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវកៅស៊ូDBST ដែល​បើកការដ្ឋានស្ថាបនានៅពេលនេះ មានប្រវែង៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់​ភូមិ​បឹង​ក្រាញ់ ​ភូមិកំពង់រការ ក្រោយស្ថាបនា​រួច​ផ្លូវ​នេះ​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ ទាំងការធ្វើដំណើរ និងដឹកកសិផល។ ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​គឺ​ប្រើ​ប្រាស់​ថវិកា​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្ម​ក្រសួង​ការ​ពារ​ជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ។ឯកឧត្តម ងួន ប៉ោសេង បានសម្តែងការសាទរចំពោះ​សមិទ្ធផល​ថ្មី​ក្នុង​ឃុំ​ស្វាយ​លួង​ដែល​នឹង​លេច​វត្ត​មាន​ក្នុង​ពេលឆាប់ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែលបានស្ថាបនាផ្លូវកៅស៊ូ រឹងមាំ និងធំទូលាយ ជំនួសឱ្យផ្លូវចាស់តូចចង្អៀត ពិបាក​ធ្វើ​ដំណើរ។ ឯកឧត្តមអភិបាលរងខេត្ត សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ មេត្តា​អធ្យាស្រ័យ​ នូវការប៉ះពាល់ដូចជារបង ជណ្តើរ ដំណាំ សំយ៉ាបជាដើម ដើម្បីស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​បាន​ធំ​ទូលាយ ហើយបើគ្មានការចូលរួមរបស់បងប្អូនទេនោះ ពិតណាស់ការសាងសង់ផ្លូវនេះ មិន​ទទួល​បាន​ផ្លែផ្កា សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ទាំងបច្ចុប្បន្ន និងតទៅអនាគត់ឡើយ។ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន ពេជ្រសាលី បានជម្រាបជូននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព​ និងចីរភាព ដែលមានចក្ខុ​វិស័យ​ធ្វើ​អោយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ខាងមុខ។ ហើយដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧​នេះ ក្រសួងអភិវឌ្ឍន៍​ជន​បទ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​ជន​បទ​ ឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាង​តំបន់​ជន​បទ​កម្ពុជា​ប្រកប​ដោយ​វិបុល​ភាព​ បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន៥គឺ៖១. អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់២. លើក​កម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន៣. អភិវឌ្ឍន៍​សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ៤. លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៥. គ្រប់គ្រង​ស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានផ្សេងៗ ដែលបង្ក​ឡើង​ជាយ​ថា​ហេតុ​ក្នុង​អំឡុងពេលនៃដំណើរការសាងសង់ និងសំណូមពរឲ្យអាជ្ញាធរភូមិឃុំស្រុកខេត្ត ក៏ដូច​ជា​ប្រជា​ពលរដ្ឋចូលរួមសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមកង​វិស្វកម្មក្រ​សួង​ការ​ពា​រ​ជាតិ​ ធ្វើយ៉ាងណាឱ្យការងារសាងសង់ផ្លូវនេះដំណើរការទៅដោយរលូន និងជោគជ័យ ៕

សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2026/03/09 03:09:02 pm        287
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។ គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរកងទ័ព​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាពទឹកដី

2026/03/09 03:05:26 pm        167
នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំ​ប្រសាសន៍​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ​រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈ​ចាំ​បាច់​ផ្សេង​ៗ ​ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈនឹងបន្តកែទម្រង់ និងលើក​កម្ពស់​ការ​ចូលរួម​របស់​មន្ត្រី​ជា​ស្ត្រីក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ និងភាពប្រកួតប្រជែងរបស់កម្ពុជា

2026/03/09 02:58:56 pm        183
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ នឹងបន្តអនុវត្តកិច្ចការងារស្នូល និងកិច្ចការកែទម្រង់ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់មន្ត្រីជាស្ត្រី ក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធរដ្ឋបាលសាធារណៈ និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស ការធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល និង ឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន។ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។ឯកឧត្តមបានថ្លែងថា នាឱកាសខួបលើកទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព កិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់របស់ស្ត្រីគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារ និងបានចូលរួមយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលជាច្រើន ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។ឯកឧត្តមបានថ្លែងថា៖«ខ្ញុំក៏សូមសម្តែងនូវការគោរព ក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ជាពិសេសយុទ្ធនារី ដែលបានដាក់ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិ និងប្រជាជន»។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ត្រីជាម្តាយ ជាភរិយា និងជាសមាជិកគ្រួសាររបស់វីរកងកម្លាំងជួរមុខ ដែលបានគាំទ្រយ៉ាងពេញទំហឹង ឱ្យកូន ស្វាមី ឬឪពុក បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិ និងមាតុភូមិ ស្របតាមស្មារតី «ស្ត្រីជាកម្លាំង និងជាចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខ»៕

រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន

2026/03/09 02:50:40 pm        168
ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ចំណងមិត្តភាពកម្ពុជា-កូរ៉េ ដែលមានអាយុកាល ៥៥ ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង ឯកឧត្តម យ៉ូន ហូដុក នៅថ្ងៃនេះដដែល មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖• ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ   កូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។• សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។• កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។• សន្តិសុខឌីជីថល៖ កម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សចំពោះការរីកចម្រើននៃទំនាក់ទំនង ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី​ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ព​ពលី​ក្នុងបុព្វហេតុការពារទឹកដី

2026/03/09 01:57:37 pm        204
កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​អញ្ជើញប្រគល់​ផ្ទះ​ថ្មី​ជូន​ក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងខេត្តកំពង់ឆ្នាំង ដែល​បាន​ពលី​ដើម្បី​បុព្វ​ហេតុ​ការពារ​ទឹកដី។លោក​ជំទាវ​បណ្ឌិត​បាន​សរសេរ​នៅ​លើបណ្ដាញសង្គមថា «ថ្ងៃនេះ នាងខ្ញុំបានមកប្រគល់ផ្ទះថ្មី ដែល​ជា​អំណោយ​របស់សម្តេចធិបតី និងរូបនាងខ្ញុំផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈ​ប្រើ​ប្រាស់ ​និង​គ្រឿង​ឧបភោគបរិភោគជាច្រើន ជូនដល់​ក្រុម​គ្រួសារ​របស់​វីរកងទ័ព​ដែល​បាន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ទឹក​ដី​នៃយើង»។លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​​ដោះ​ស្រាយកត្តាជីវភាពគ្រួសារ ថែមទាំង​រៀបចំ​គម្រោង​សម្រាប់​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​របស់​វីរ​កងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ និង​ការ​ធានា​សុខុមាល​ភាព​គ្រួសារ​ផងដែរ។ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ។ សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

កម្ពុជា-ចក្រភពអង់គ្លេសចុះ MoU ពង្រឹង និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​និងជំនាញ

2026/03/09 01:49:11 pm        266
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការ​ងារ​ជា​មួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាង​ឱ្យ​ភាព​ជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)។នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក វីល្លៀម និងលោក Jonathan Ledger និង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​បាន​ផ្តល់​ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាម​រយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជ​កម្ម និងវិនិយោគ ព្រមទាំងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ចក្រ​ភព​អង់​គ្លេស​ក្នុង​ការ​គាំទ្រ​​កម្ពុជា​ក្នុង​ដំណើរ​ការ​ចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC)។ ទន្ទឹម​នឹងនោះ ឯកឧត្តម ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយ​លោក​បានលើកឡើងថា ការអប់រំ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​លើ​កកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែល​ថែម​ទាំង​ដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល ដែល​នឹង​ជួយ​ឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តម ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីផ្សេងៗ ដោយ​បាន​គូស​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេស​កម្ម​វិធី​បណ្តុះ​បណ្តាល​នេះ។ ជាមួយគ្នានេះ ឯកឧត្ដម ហេង សួរ បានថ្លែងអំណរគុណដ៏ក្រៃលែងចំពោះឯកឧត្ដម ឯក​អគ្គ​រាជ​ទូត ​ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកប​ដោយ​គុណ​ភាព​លំដាប់​ពិភពលោក មកកាន់ប្រទេសកម្ពុជា។ តាមរយៈ MoU នេះ កម្ពុជានឹងអាច​ស្វាគមន៍​អ្នក​ជំនាញ ​កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័ន​លំដាប់​ពិភព​លោក​បន្ថែម​ពីចក្រភពអង់គ្លេសមកកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ច​សហការ​នេះ​នឹង​ជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែល​អាច​ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគី​ទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើ​គោល​ការណ៍​នៃ​ទំនាក់​ទំនង​ទៅ​វិញទៅ​​មក និរន្តរភាព និងផលប្រយោជន៍រួម។ តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំនេះ ភាគី​ទាំង​ពីរ​មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការ​ផ្តល់​អប់រំ​ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុង​ប្រទេស​នីមួយ​ៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែល​នឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើក​កម្ពស់​សុខុ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ។ MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាន​និរន្តរភាព​ផ្នែក​ហិរញ្ញ​វត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​ចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញ​ពី​តម្លៃ​បន្ថែម​នៃ​ការ​វិនិយោគ​លើ​ជំនាញ ​និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បី​បង្កើន​គុណភាព TVET និងជំនាញជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់
04/24/2026 07:04 PM