កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុនទស្សនកិច្ចស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ

2025/03/21 07:38:11 pm        429
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយមិនមានផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោម គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន។ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីដំណើរទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្តីតាកុយ ដែលទទួលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ ក្រុមហ៊ុន អូរវើស៊ី ខេមបូឌាន អិនវេសមេន ខបភើរេសិន (OCIC) ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា សម្រាប់គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅនេះ គឺមិនផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត នេះជាគម្រោងប្រវត្តិសាស្ត្រមួយនៅកម្ពុជា និងពុំដែលធ្លាប់ អនុវត្តនៅក្នុងប្រទេសនោះឡើយ។ ការសម្រេចនៅលទ្ធផលនេះ មិនត្រឹមតែផ្តល់ផលប្រយោធន៍ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឬការ ធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះទេ ប៉ុន្តែគឺបានផ្ដល់នូវលទ្ធផលជាវិជ្ជមានដោយ ប្រយោល ទៅដល់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តានិភ័យដោយចៃដន្យផងដែរ ព្រោះប្រសិនបើរដ្ឋាករទឹកពុំទទួលបាន នូវគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុននោះទេ ច្បាស់ណាស់ការតភ្ជាប់បំពង់នេះ នឹងតម្រូវការ ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលមាន បរិមាណ ២៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ អាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ដំណើរការ ឧស្សាហកម្ម សិប្បកម្ម និងហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។សូមបញ្ជាក់ថា ជុំវិញគម្រោងខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បាន ចុះហត្ថលេខាលើកិច្ចសន្យា «ស្ដីពីការស្ដារឡើងវិញ នូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរាថ្មី មកលើប្រព័ន្ធផលិតកម្មទឹកស្អាត និរោធ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» មានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារដូច ជា៖ សេវាទីប្រឹក្សាបច្ចេកទេស, សាងសង់ស្ថានីយបូមទឹកឆៅមានសមត្ថភាពបូមទឹកសរុប ៤៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគិត បញ្ចូលនៃសមត្ថភាពបច្ចុប្បន្នរបស់ស្ថានីយបូមទឹកឆៅក្ដីតាកុយ (២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ) និងសមត្ថភាពបន្ថែមនាពេល អនាគត សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី៣, ប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន, និងបំពង់ មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០ មីលីម៉ែត្រ ចំនួន២ខ្សែ ដោយមានប្រវែងសរុប ១.៦០០ ម៉ែត្រ (ប្រវែង៨០០ម៉ែត្រក្នុងមួយខ្សែ)៕អត្ថបទ៖ សុន រ៉ាឌី

អ្នកសារព័ត៌មានចំនួន១០០នាក់ ទស្សនកិច្ចព្រលានយន្តអន្តរជាតិតេជោ ដើម្បីបង្កើនការផ្សព្វផ្សាយសក្តានុពលកម្ពុជា

2025/03/21 07:17:20 pm        408
នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានចំនួនប្រមាណ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៦០ បានចុះទស្សនកិច្ចវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលរៀបចំឡើងដោយលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្លិបអ្នកកាសែតកម្ពុជា ខណៈព្រលានថ្មីនេះ គ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្រោយចប់ដំណើរទនស្សកិច្ចនេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនសាធារណជនអំពីគម្រោងការសាងសង់ ថាតើបានវិវឌ្ឍឈានដល់ចំណុចណាហើយ ថាតើមានលក្ខណៈអស្ចារ្យអ្វីខ្លះ និងការចំណាយប្រាក់ក្នុងការសាងសង់ចំនួនប៉ុន្មានជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារអ្នកសារព័ត៌មានគឺជាស្ពានដ៏សំខាន់ នៅក្នុងការផ្តល់យកព័ត៌មានពីកន្លែងមួយ ទៅកន្លែងមួយ ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋ ត្រឡប់មករាជរដ្ឋាភិបាលវិញ ឬក៏ពីក្រុមហ៊ុនទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកក្រុមហ៊ុនវិញ។លោកប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងទៀតថា ការអញ្ជើញចុះដោយផ្ទាល់របស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ នឹងត្រូវផ្សាយចេញចំនួន៥ភាសា មានដូចជា ភាសាខ្មែរ វៀតណាម អង់គ្លេស បារំាង និងចិន។នៅក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាន លោកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រៅពីក្រុមអ្នកសារព័ត៌មាន មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ។ ទន្ទឹមនេះ មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់នឹងខិតខំទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌល​អ្នកដំណើរ​អន្តរជាតិ​ហោះ​ឆ្លង​កាត់​ដ៏​ធំ​លើ​ពិភពលោក

2025/03/21 06:56:32 pm        930
នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់  នាយកក្រុមហ៊ុន​វិនិយោគ​អាកាស​យានដ្ឋាន​កម្ពុជា​CAIC បានទទួល​អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញ​ទស្សនា​ការដ្ឋាន​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមាន​បំណង​​ច​ង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះ​ឆ្លងកា​ត់​ពី​ប្រទេស​មួយទៅប្រទេសមួយ។ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា បច្ចុប្បន្ន​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់​លំដាប់​ថ្នាក់​ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈ​ដែល​ព្រលាន​យ​ន្ត​ហោះ​អន្តរជាតិ​តេជោ​ថ្មី​នៅ​កម្ពុជា​នេះ​គឺ​មាន​លទ្ធភាព​ទទួល​ជើង​យន្ត​ហោះ​ប្រភេទ​A380​ ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។លោកឧកញ៉ា ឆារស៍ វ៉ាន់  បានថ្លែងថា ថ្ងៃខាងមុខ យើង​ក៏​មាន​បំណង​ចង់​ប្រែ​ក្លាយ​អាកាស​យានដ្ឋាន​អន្តរជាតិតេជោថ្មីនេះឲ្យទៅមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិធ្វើដំណើរហោះឆ្លងកាត់ និង​ដឹកនាំទំនិញហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសផ្សេងៗទៀតផងដែរ។លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា ជារួមនៅពេលដែលអាកាស​យាន​ដ្ឋាន​អន្តរជាតិ​សាង​សង់​ក្នុង​ដំណាក់​កាល​ទី១ហើយរួចរាល់ គឺគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា នឹង​ធ្វើការផ្លាស់ប្តូរទាំងអស់គ្នាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ មកចុះ​ចត​នៅ​ព្រលាន​ថ្មី​នេះ​ទាំង​អស់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗថ្មីបីបន្ថែមទៀត ក៏បានបើក​ជើង​ហោះ​ហើរត្រង់ចុះចតនៅព្រលានថ្មីនេះផងដែរ។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាននិងកំពុង​សាង​សង់​នៅលើទំហំដីជិត២៦០០ហិចតា ហើយដំណើរការសាងសង់មានបីដំណាក់កាល ហើយ​ការសាងសង់ព្រលាននៅក្នុងដំណាក់កាលទី១ នេះ គឺបានសាង​សង់​ចំណាយ​អស់​ថវិកា​ប្រមាណ​ជិត​២០០០លានដុល្លាអាមេរិច ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរអន្តរជាតិ ប្រមាណ​១៥លាននាក់ ហើយតាមការគ្រោងទុក អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ស៊ុម សុខជា 

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

2025/03/21 06:42:16 pm        382
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់​ពាណិជ្ជកម្ម​ក្នុង​ប្រទេសកម្ពុជា បានប្រកាសបើក​លក់​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ​ដ៏​ធំ​សម្បើម​កណ្តាល​ទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធី​បញ្ចុះបឋម​សិលា​បើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម ដែលតភ្ជាប់ពីគម្រោងលែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ១០-១៥នាទី ទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដល់ទៅ៣ គឺផ្លូវ ៦០ម៉ែត្រ ផ្លូវ ២៧១ និងផ្លូវ ៣៧១ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តជាមូលដ្ឋានពាណិជ្ជកម្មឈានមុខសំខាន់ៗ កណ្តាលទីក្រុង មានចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា។គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ជាមួយការរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក។ មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើន បន្ថែមជូនមុខងារសុខភាពដ៏ចាំបាច់ ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ។ លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ អោយជាគោលដៅទាក់ទាញ និងលេចធ្លោជាងគេនៅក្នុងតំបន់។បើនិយាយពីជម្រើសម៉ូដផ្ទះថ្មីៗ ប្រណីតៗ ស្រស់ស្អាតគឺមានយ៉ាងច្រើននៅក្នុងគម្រោង។ អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ អ្នកឧកញ៉ា លាង ហួង ក៏បានប្រកាសអំពីការផ្តល់ជូនជាពិសេសក្នុងឱកាសបើកលក់ជាផ្លូវការនេះផងដែរ ចំពោះការបង់ឥតប្រាក់កក់ និងបង់ឥតការប្រាក់រហូតដល់ ៣៦ ខែ ការបញ្ចុះតម្លៃរហូតដល់ ១០% ការបង្វិលកងសំណាងយកប័ណ្ណបញ្ចុះតម្លៃបន្ថែម ប័ណ្ណទិញគ្រឿងអេឡិចត្រូនិច និងរង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនទៀត៕ 

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៥០គ្រួសារ ក្នុងខេត្តក្រចេះ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

2025/03/21 06:23:14 pm        270
កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អមដំណើរដោយ លោកគង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខា លោកជំទាវ ឈឹម សុធារី ហេរញ្ញិកសាខា ឯកឧត្តម គាង អ៊ាង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ចុះចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៥០គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ។ពិធីចែកអំណោយនេះធ្វើឡើងនៅ២ទីតាំង: ទី១នៅបរិវេណវត្តបុស្សមាលី (ហៅវត្តបុសលាវ)ជូនប្រជាពលរដ្ឋ១១៤គ្រួសារ មកពី២ឃុំ គឺឃុំបុសលាវ និងឃុំកោះច្រែង ក្នុងស្រុកចិត្របុរី និងទីតាំងទី២នៅបរិវេណសាលាឃុំ ដារ ចំនួន២៣គ្រួសារ មកពី៣ឃុំ គឺឃុំថ្មអណ្តើក ឃុំដារ និងឃុំកន្ទួត ក្នុងស្រុកចិត្របុរី សរុបរួមចំនួន១៣៧គ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងមហន្តរាយបង្កដោយធម្មជាតិ។ ការចែកអំណោយនេះដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា « អំណោយទាំងអស់ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះ បានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ កាកបាទក្រហមកម្ពុជាតែងតែបានយកចិត្តទុកដាក់និងបានឆ្លើយតបគ្រោះមហន្តរាយនានាមានដូចជា៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិសភ័យ និងសាងសង់ផ្ទះឱ្យចាស់ជរាគ្មានទីពឹងជាដើម។»ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យជាប្រចាំ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសទប់ស្កាត់ជំងឺមិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី។ល។ ជាមួយគ្នានេះឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមនិយាយថាទេចំពោះគ្រឿងញៀន ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាពល្អ។ អំណោយដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាមួយចំនួន៕ អត្ថបទ: សំ ងីម 

សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាល ខេត្តឧត្តរមានជ័យ

2025/03/21 05:49:53 pm        142
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោ​បង់ពាស​វាលពាស​កាល​ ដោយទទួលបានជ័យលាភី (ODF) នៅក្នុងភូមិឃុំសង្កាត់ក្រុងស្រុកចំនួន ៣០៨ ភូមិ ឃុំចំនួន ១៩ សង្កាត់ ៥ក្រុងចំនួន ០១ ស្រុកចំនួន ០៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ទាំងស្រុង។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក​ គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៥ ក្រុមការងារចុះទៀងផ្ទាត់ (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទមេឃុំចៅសង្កាត់ទាំង ២៤ និងតំណាងអង្គការដៃគូរនានា ក្នុងខេត្តឧត្តមានជ័យ ជាច្រើនរូបទៀតផងដែរ។ក្នុងឱកាសនោះដែរលោក គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានសំដែងនូវ​សោមនស្ស​រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទដែល បានអញ្ជើញចូលរួម​នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង​ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់​ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាពេលនេះផងដែរ។លោក​បានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តពិតជាមានមោទនភាព និងសូមសម្ដែង​នូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ​បច្ចេកទេស​វិស័យផ្គត់ផ្គង់ទឹក​និង​អនាម័យជនបទ (PWG) ជាពិសេសលោក ហេង សុខអេង ដែលជាប្រធាន​មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ​ដែលបានខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ចូលរួមសហការឧបត្ថម្ភគាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេច​បានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តឧត្តរមានជ័យ ប្រកបដោយជោគជ័យ។ក្នុងឱកាសនោះដែរឯកឧត្តម​វេជ្ជបណ្ឌិត យឹម ជុង បានមានប្រសាសន៍ថា ចំពោះ​សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តឧត្តរមានជ័យ ពីព្រោះជាការ​វិនិច្ឆ័យ​ពីភាពត្រឹមត្រូវ​ស្របតាម​គោលការណ៍ណែនាំ និង​លក្ខណៈបច្ចេកទេស​សម​ជាខេត្ត មួយ​គួរទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត (ODF) ពិតប្រាកដណាស់ ហើយលទ្ធផលដែលទទួលបានជោគជ័យនាពេលនេះ កើតចេញពីការជឿជាក់លើការដឹកនាំ​នៅគ្រប់​លំដាប់ថ្នាក់​ទាំងថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់​ភូមិគឺមាន​ការឯកភាពផ្ទៃ ក្នុងមានកិច្ច​សហការគ្នា​ល្អមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមោះមុត​ដើម្បី​សេចក្តីថ្លៃថ្នូរ​កិត្តិយស​ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការចំណាយទៅលើថ្លៃព្យាបាលជំងឺ ដែលបណ្ដាលមកពីកង្វះអនាម័យទឹកស្អាតផងដែរ៕ ឃិនសារិទ្ធ

ឯកឧត្តម លី ណារុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យអភិវឌ្ឍន៍ជនបទ ក្នុងខេត្តពោធិ៍សាត់

2025/03/21 04:54:25 pm        456
ពោធី៍សាត់៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរ លោក-លោកស្រីតំណាងអង្គការដៃគូរអភិវឌ្ឍន៍ ចំនួន១១អង្គការ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៤១នាក់ ស្រ្តី ១០នាក់។ក្រោយពីមតិស្វាកមន៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងឯកឧត្តម លឹម សុខតូអភិបាលរងខេត្ត ព្រមទាំងបទបង្ហាញស្តីពី របាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដោយលោក គង់ រតនៈ ប្រធានការិយាល័យផែនការ និងស្ថិតិ និងមតិចូលរួមរបស់អ្នកអង្គប្រជុំរួចមក ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនោះ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានសហការគ្នានាពេលកន្លងមកដែលនាំឲ្យខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យរបស់ខ្លួនគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការបូកសរុប និងផ្ដល់អនុសាសន៍ ជូមអង្គប្រជុំដូចខាងក្រោម៖១-ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។២-បន្តលើកកម្ពស់គុណភាពផ្លូវ ពីផ្លូវដីស ឲ្យក្លាយទៅជាផ្លូវដីល្បាយក្រួសក្រហម ឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងឲ្យក្លាយទៅជាផ្លូវក្រាលបេតុង នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ដើម្បីឲ្យគ្រប់ភូមិទាំងអស់អាចតភ្ជាប់ប្រទាក់ក្រឡាគ្នា នឹងក្លាយទៅជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។៣-បន្តការជម្រុញការងារ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងត្រូវប្រកាសខេត្តពោធិ៍សាត់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។៤-បន្តចុះពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៥-ត្រូវខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអងស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្ដៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។៦-ផ្សព្វផ្សាយជូនប្រជាជន អាជ្ញាធរភូមិ ឃុំ ស្រុក អំពីសមិទ្ធផលនានាដែលមាននៅក្នុងមូលដ្ឋាន និងខិតខំកសាងស្នាដៃបន្ថែមទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។៧-មន្រ្តីរាជការទាំងអស់ត្រូវកោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ និងត្រូវបំពេញតួនាទីជាសេនាធិការឲ្យបានល្អ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃកូអភិវឌ្ឍន៍ទាំងអស់ក្នុងខេត្តពោធិ៍សាត់។៨-ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់ដល់សុខទុក្ខមន្រ្តីរាជការក្រោមឱវាទ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរសាធារណការ កំពុងប្រែក្លាយកំណាត់ផ្លូវជាតិលេខ៥ ពីកៅស៊ូ DBST ទៅជាផ្លូវក្រាលកម្រាលបេតុងកៅស៊ូAC ដើម្បីការធ្វើដំណើរ​របស់​ពលរដ្ឋបានងាយស្រួល

2025/03/21 04:35:49 pm        592
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពុងឆ្នាំង និងក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុង​បន្ត​ប្រែ​ក្លាយ​កំណាត់​ផ្លូវកៅស៊ូDBST ទៅជាផ្លូវបេតុង និងកៅស៊ូAC រួមនិងពង្រីកតួផ្លូវ​អោយ​ធំ​ទូលាយ​ជាង​មុន ងាយស្រួលប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមនិងអ្នកប្រើប្រាស់ផ្លូវ ធ្វើដំណើរ​បាន​ស្រួល​។ នេះបើយោងតាមការបញ្ជាក់របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។លោក ឆាយ លាភា បានបន្តថា គម្រោងការងារថែទាំខួបដោយក្រាល​កម្រាល​បេតុង​កៅស៊ូ​AC​បន្ថែម​ពី​លើ(Overlay) លើកំណាត់ផ្លូវជាតិលេខ៥ដែលជាផ្លូវDBSTពីមុន មានប្រវែង២០០០ម ទទឹង​ផ្លូវ១០ម, គូសគំនូសចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំបង្គោលនាំផ្លូវ ចន្លោះ​ពី​គ.ម​៨៤+០៩៥ ដល់គ.ម៨៦+០៩៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង អនុវត្ត​ការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ដោយឡែកការគូសគំណូសលើកំណាត់ផ្លូវជាតិលេខ៥នោះ ជាគម្រោង​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។ ការកែលម្អផ្លួវនេះ ដើម្បីអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នក​ប្រើប្រាស់ផ្លូវទាំងអស់ មានភាពងាយស្រួលក្នុងការធ្វើដំណើរជាងពេលមុន។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយ​ថែ​រក្សាផ្លូវជាតិលេខ៥នេះផង ដោយកុំផ្ទុកទំនិញលើសទម្ងន់កំណត់ ជាពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ កុំបើកហួស​ល្បឿន​កំណត់ យោគយល់អធ្យាស្រ័យក្នុងពេលបើកបរ។ ការប្រែក្លាយផ្លូវកៅស៊ូDBST ទៅជា​ផ្លូវ​ក្រាល​កម្រាល​បេតុងកៅស៊ូACលើកំណាត់ផ្លូវជាតិលេខ៥នេះ បញ្ជាក់អោយកាន់​ឃើញ​ច្បាស់​នូវកា​រ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅក្នុងខេត្តកំពង់ឆ្នាំងឥតឈប់ ក្រោមម្លប់សុខសន្តិភាព និង​គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនមានការធូរធារ និងកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរផងដែរ ៕ កាំង ហុងវាស្នា 

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន

2025/03/21 04:26:07 pm        336
បន្ទាយមានជ័យ៖ ​ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព ចំពោះមាតា ទារក កុមារ និងយុវជននោះ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ព្រមទាំងយុវជន ក្រោមប្រធានបទ៖ ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវជន ដែលប្រារព្ធធ្វើនៅសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រោមវត្ដមានលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល ទារក កុមារតូចៗចំនួន ៥០គ្រួសារនៅថ្ងៃទី២១មីនាឆ្នាំ២០២៥។លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាបានអានសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ មានខ្លឹមសារថា ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាល​ឯកជន ក្នុងប្រព័ន្ធសុខាភិបាលយើងបានផ្ដល់នូវការទទួលបានសេវាវេជ្ជសាស្ត្រ ដែលមានគុណភាព​កាន់តែប្រសើរ ជាពិសេសក្នុងការថែទាំសុខភាពមាតា ទារក កុមារ និងយុវជននៅកម្ពុជា។ ទោះបីជាយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែត្រូវប្រឹងប្រែង​បន្ថែមទៀត ដើម្បីធ្វើឲ្យសេវាថែទាំសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយ​ទៅកាន់​មនុស្សកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក "ជីវិតមានសុខភាពល្អ កម្ពុជា​និងមានការរីកចម្រើន"។ សង្គមមានសុខភាពល្អ គឺជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព និង​ដើម្បីឲ្យកម្ពុជា​សម្រេចបានទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥ ចាំបាច់​ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឲ្យមានសុខភាពល្អ។ក្នុងនោះដែរលោក បឹង គឹមសឹង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ កូនតូចទាំងអស់ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពឱ្យបាន​តាមការកំណត់របស់​គ្រូពេទ្យ ដើម្បីទទួលបានវ៉ាក់សាំងការពារជម្ងឺផ្សេងៗ ព្រមទាំងស្ម័គ្រចិត្តចូលរួមធ្វើតេសឈាម នឹងត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ។ សូមស្ត្រីទាំងអស់ដែលសម្រាលកូនហើយ សូមទៅពិនិត្យ​សុខភាព​ព្រមទាំងយកកូនទៅជាមួយ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ និងបន្តបំបៅដោះកូន​តែមួយមុខគត់។សូមចូលរួមលុបបំបាត់ជំងឺឆ្លងផ្សេងៗ ពិសេសសូមយកកូនស្រីអាយុចាប់ពី ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា។ សូមទទួលយក​នូវវិធីពន្យារកំណើតដើម្បីមានសុខភាពល្អទាំងម្ដាយនិងកូន។ គួរបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន នាឱកាសនេះផងដែរ សាខាកាកបាទ​ក្រហម​ក៏បានចែកជូនអំណោយមនុស្សធម៌ ដល់ស្ត្រីចូលរួម ៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន មីជាតិ ១កេះ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ ទឹកសណ្ដែក ១យួរ នំប្រៃ ១ថង់ ឃិត ១កញ្ចប់ និងថវិកាបន្ថែមមួយចំនួនផងដែរ៕ ឃិនសារិទ្ធ

នាយឧត្តមសេនីយ៍ ស ថេត បន្ដជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

2025/03/21 04:14:38 pm        482
ប៉ៃលិន៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​ប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ​និងក្រុមគ្រួសារ ពិសេសកងកម្លាំង​នគរបាលការពារ​ព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិ​មាតុភូមិ។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។លោកបានគូសបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើក​ទឹកចិត្តផ្តល់​រង្វាន់ចំពោះមន្រ្តីមានស្នាដៃ ចំពោះមន្រ្តីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណី​ធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្ត​ទុកដាក់ចំពោះមន្រ្តី​មានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបាន​កើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង​ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ​ដោយសារខេត្តប៉ៃលិន មានភូមិសាស្ដ្រជាប់ជាមួយ​បណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះហើយ​ត្រូវពង្រឹង ​និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេស​ជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាប​បទល្មើស​ឲ្យបានទាន់ពេលវេលា។នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិ​ឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាល​ខេត្តប៉ៃលិន ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាព​អសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ពិសេស​ការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញ​ដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM