រដ្ឋមន្រ្ដីសុខាភិបាលប្ដេជ្ញាដឹកនាំវិស័យសុខាភិបាល «ធានាធ្វើយ៉ាងណាឱ្យគ្រប់ប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយភាពធន់ក្នុងដំណើរជីវិត»
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
មេសិទ្ធិមនុស្សកម្ពុជា៖ “សាមគ្គីភាព​ជាកម្លាំង ហើយការរួបរួមគ្នា​របស់យើង​បង្ហាញពីភាពរឹងមាំ​ដែល​អាច​ជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស”
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥

2025/03/18 07:52:37 pm        128
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។​លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦ ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើន ដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២៥ ក៏ដូចជាឆ្នាំបន្ត លោកជំទាវ បានគូសបញ្ជាក់នូវចំណាប់អារម្មណ៍មួយ ចំនួនដូចតទៅ៖1 .ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។2. ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួលសេវារបេង ប្រកបដោយគុណភាព។៣.ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យ ខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម ។4. បន្តពង្រឹងការសហការការងារររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។5. ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។ ការងារទាំងនេះទាមទារឲ្យមាន ការចូលរួមយ៉ាងជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយដៃគូ អភិវឌ្ឍន៍ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំង ស្ថាប័នមិនមែនសុខាភិបាលផ្សេងទៀត សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត ។លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបាន រាយការណ៍ដោយសង្ខេប នូវស្ថានការណ៍ជំងឺរបេង សកល លោក និងនៅកម្ពុជាថា÷ ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបាន ប្រកាសដោយអង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថាប្រទេស កម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សំរាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាង បញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ។បន្ថែមពីសមិទ្ធផលខាងលើ កម្មវិធីជាតិ បានធ្វើការអង្កេតសិក្សាស្រាវស្រាវរកអត្រាប្រេវ៉ាឡង់ជំងឺ របេងថ្នាក់ជាតិលើកទី៣ ឆ្នាំ 2023 - 2024 ដែលការអង្កេតសិក្សានេះគ្របដណ្តប់សរុបចំនួន៨៤ចង្កោម (84 clusters) ហើយលទ្ធផលបឋមបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃជំងឺរបេងបានធ្លាក់ចុះប្រមាណ៥០% ពីឆ្នាំ ២០១១ មកឆ្នាំ២០២៣។ ចំណែកលទ្ធផលចុងក្រោយជាផ្លូវការនឹងគ្រោងបោះពុម្ពផ្សព្វផ្សាយនៅត្រីមាសទី៤ ឆ្នាំ២០២៥។ ការអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣នេះ ត្រូវ បានឧបត្ថម្ភថវិកាដោយ DEFAT (Australia), Global Fund, USAID និងRIT/JATA ហើយមានការគាំទ្រ ផ្នែកបច្ចេកទេសសំខាន់ពីអង្គការ WHO, RIT/JATA, និងIPC។ ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៍ប្រទេសយើង នៅមានករណីជំងឺរបេង ច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីអោយកម្មវីធីជាតិ សំរេច បាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បី កាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ។ដូចនេះកម្មវិធីជាតិត្រូវការធនធានបន្ថែមទៀត ដើម្បីអោយខ្លួនអាចសំរេចបានទិសដៅជាបន្តក្នុង បណ្តាឆ្នាំខាងមុខៗ៕អត្ថបទ រដ្ឋា

សម្តេចធិបតី៖កម្ពុជាថ្ងៃនេះ ៥៥ ឆ្នាំមុនជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រខ្មែរប្រទេសយើងធ្លាក់ក្នុងភ្លើងសង្គ្រាម

2025/03/18 07:03:05 pm        152
ភ្នំពេញ ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព ការឯកភាពជាតិ និងការរួបរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ។​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃព្រឹត្តិការប្រវត្តិសាស្ដ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខលន់ នល់ និងទ្រង់ សិរីមតៈ ដែលជាហេតុធ្វើឲ្យកម្ពុជា ឈានជើងដល់មាត់ព្រោះមរណៈ នៃភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក អំពើហិង្សា និងអសន្ដិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ដ។សម្តេចបវរធិបតី បានថ្លែងថា៖«ថ្ងៃនេះ ៥៥ឆ្នាំមុន គឺចំថ្ងៃ១៨ មីនា ១៩៧០ ដែលព្រឹត្ដិការណ៍សំខាន់មួយ នៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ បានជំរុញប្រទេសយើង ឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលថ្ងៃនោះ គឺជាថ្ងៃចាប់ផ្ដើម នៃភាពមិនច្បាស់លាស់ នៃអនាគតរបស់ប្រទេសជាតិ។ តែថ្ងៃនេះ ៥៥ឆ្នាំក្រោយ គឺយើងអង្គុយនៅទីនេះ នៅក្នុងសុខសន្ដិភាព អង្គុយជជែកគ្នា អំពីរួមគ្នាយ៉ាងម្ដេចទៀត ដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អ ហើយថ្ងៃនេះ គឺជាថ្ងៃនៃការពិភាក្សាគ្នា»។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រៀបធៀបមើលថ្ងៃដូចគ្នា ៥៥ឆ្នាំមុន គឺខុសគ្នាស្រឡះ ដែលយើងកំពុងតែនាំប្រទេសយើង ប្រកបដោយភាពជឿជាក់ ភាពច្បាស់លាស់ នៅក្នុងសុខសន្ដិភាព។ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលធ្វើបានរួមគ្នា រវាងកម្ពុជាជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្ដរជាតិផងដែរ។ជាពិសេស ប្រជាពលរដ្ឋ បានរួមគ្នាកសាងប្រទេស តាមបែបបទនៃវិមជ្ឈការ និងវិសហមជ្ឈការ ដែលធានាឲ្យបាន តាមរយៈការពង្រឹងលិទ្ធប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ នេះជាការគូសបញ្ជាក់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺជាខួបលើកទី៥៥ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយកើតឡើងក្នុងប្រទសកម្ពុជា នោះគឺរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ។ រដ្ឋប្រហារតាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចនៅក្នុងរដ្ឋសភានាពេលនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ រដ្ឋប្រហារ រៀបចំឡើងដោយលោកសេនាប្រមុខ លន់ នល់ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនត្រឹមធ្វើឱ្យសង្គ្រាមស៊ីវិលបានឆាបឆេះប៉ុណ្ណោះទេ ថែមទាំងបានរុញច្រានកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀត។រដ្ឋប្រហារថ្ងៃទី១៨ មីនានោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ, មនុស្សស្លាប់រាប់ម៉ឺនសែននាក់ ដោយសារសង្គ្រាម និងក្រោយមកមានព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕

សម្ដេចធិបតី៖មានសមិទ្ធផលសំខាន់ៗចំនួន៣ នៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍នេះ

2025/03/18 05:51:50 pm        134
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគត់សម្គាល់ឃើញមានសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍កន្លងមកនេះ។​សមិទ្ធផលទាំងបីដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគត់សម្គាល់ឃើញ តាមរយៈនៃការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមកនេះ រួមមាន ទី១ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន, ទី២ ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, ទី១ ការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។សូមជម្រាបថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាល ថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ការកែទម្រង់វិមជ្ឈការធ្វើឱ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗ មានសិទ្ធិអំណាច និងគណនេយ្យភាព

2025/03/18 05:46:01 pm        146
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឱ្យរដ្ឋបាលឃុំសង្កាត់នីមួយៗមានសិទ្ធអំណាច មុខងារ ធនធាន ការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយការលំបាក់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា ក្រោមគំនិតផ្ដួចផ្ដើម និងការសម្រេចចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាល នៅខែកុម្ភៈ ឆ្នាំ ២០២២ ឃុំ សង្កាត់នូវទូទាំងប្រទេស បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងគោលការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចាប់ពីការចាប់ផ្ដើមនូវឆ្នាំ ២០០២ ការកែទម្រង់វិមជ្ឈការនូវរដ្ឋបាលឃុំ សង្កាត់ បានអនុញ្ញាតឱ្យរដ្ឋបាលឃុំ សង្កាត់ ដែលដឹកនាំដោយក្រុមប្រឹក្សា ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ បំពេញតួនាទីជាតំណាងឱ្យសំឡេង និងផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកនេះ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទៅគ្រប់រដ្ឋបាលថ្នាក់ក្រជាតិផ្សេងទៀត តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្ដស្ដីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ ២០០៥ និងការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋាបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៅឆ្នាំ ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖រាជរដ្ឋាភិបាលចាត់ទុកការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាការកែទម្រង់ស្នូល

2025/03/18 05:38:16 pm        197
៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាព ការឯកភាពជាតិ និងការឯកភាពទឹកដីពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើមកែទម្រង់លើគ្រប់វិស័យដើម្បីធានាឱ្យបាននូវសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងគោលដៅអនុវត្តសង្គមសេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ។ សម្ដេចបានបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយយ៉ាងមុះមុតក្នុងការដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រយៈពេលវែង។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា ចំពោះការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាឱ្យមានការពិគ្រោះយោបល់ទូលំទូលាយ និងល្អិតល្អន់អំពីជម្រើសនានាលើគោលនយោបាយនេះនៅឆ្នាំ ១៩៩៩។ ផ្អែកលើការសិក្សានេះ រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់នេះ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ៕អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ត្រូវបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល»

2025/03/18 04:14:54 pm        124
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom), នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព សូមពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប.ស.ស ដោយត្រូវធានាបាននូវគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ចំពោះគ្រប់អ្នកជំងឺ។ បន្ថែមពីនេះ គឺត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានកិច្ចការងារនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញ និងកែលម្អបន្ថែមទៀត ប្រកបដោយសា្មរតីបុរេសកម្ម។ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយរួមមាន៖ ការបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យបានលើកអំពីផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០២៨ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា និងកិច្ចការអភិវឌ្ឍនូវមន្ទីរពេទ្យបង្អែកស្រុក ទាំង២ កម្រិត (CPA1 និង CPA 2) ដើម្បីបង្កើន និងជំរុញប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅនឹងកន្លែង។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារផ្តល់សេវាសុខភាព ជាមួយស្មារតីទទួលខុសត្រូវ ដោយជំរុញការអភិវឌ្ឍន៍លើធនធានមនុស្ស អោយកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍៕អត្ថបទ រដ្ឋា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ចូលជួបសម្តែងការគួរសម

2025/03/18 04:09:25 pm        529
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។ សម្តេចអគ្គមហាពញាចក្រី បានអបអរសាទរចំពោះ ឯកឧត្តម ង្វៀន មិញវូ ដែលត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច ជឿជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។ បន្ថែមពីនេះ សម្តេច បានអបអរសាទរចំពោះជោគជ័យនៃកំណែទម្រង់ថ្មីៗរបស់វៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាម កាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿន ជាបន្តបន្ទាប់។ ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ និងបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស ជាពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបសម្តេចអគ្គមហាពញាចក្រី អំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាម ជាពិសេសគឺការធ្វើកំណែទម្រង់ដ៏ធំធេង របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សថែមទៀត ឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេច ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំកសាងនិងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការទូតថ្មីរបស់ឯកឧត្តម ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត។ ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងជូនពរចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន មិញវូ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនថ្នាក់ដឹកនាំវៀតណាម មានឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស ឯកឧត្តម លឿង កឿង ប្រធានរដ្ឋ ឯកឧត្តម ជាម ម៉ិញជិញ នាយករដ្ឋមន្រ្តី និងឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

ក្រសួងការងារស្នើភាគីពាក់ព័ន្ធយកចិត្តទុកដាក់អំពីបញ្ហាផ្នែកថែទាំសុខភាពដល់ពលករទេសន្តរប្រវេសន៍

2025/03/18 04:06:14 pm        487
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និង​ស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអនុសាសន៍លើកទី១៧ នៃវេទិកាអាស៊ាន ស្តីពី​ទេសន្តរ​ប្រវេសន៍ការងារ ក្រោមមូលបទ “ការងារថែទាំ និងទេសន្តរប្រវេសន៍​ការងារ​ក្នុង​តំបន់​អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះ បាន​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ដោយមានការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំនៃក្រសួងការងារ, តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា, មន្រ្តីជាន់ខ្ពស់​កម្ម​វិធី​ Triangle ប្រចាំអាស៊ាន មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក ទីក្រុងបាងកក ប្រទេសថៃ, ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី រួម​ទាំង​ឯកឧត្តម លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ តំណាង​កម្មករ​និយោជិត និងតំណាងនិយោជក តំណាងអង្គការជាតិនិងអង្គការអន្តរជាតិ ព្រមទាំងដៃគូ​អភិវឌ្ឍ​នានា ​សរុបចំនួន ៥៧នាក់។នៅក្នុងពិធី​សិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានស្នើឱ្យគ្រប់ភាគី និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ និងចូលរួមឱ្យបានសកម្មក្នុងការអនុវត្តការងារទាំងឡាយក្នុងការលើកកម្ពស់ និង​ការ​គោរព​សិទ្ធិ នៃពលករទេសន្តរប្រវេសន៍ខាងផ្នែកថែទាំឱ្យស្របទៅតាមអនុសាសន៍ទាំង ៦ចំណុច របស់​វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ ឱ្យបានល្អប្រសើរ។ សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអនុសាសន៍ចំនួន ៦ ដែលបានដាក់ចេញនៅក្នុងវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ ក្រោម​មូល​បទ "ការងារថែទាំ និងទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន" និងមានមូលបទរងចំនួន ២ គឺ "ការឆ្លើយតបទៅនឹងតម្រូវការថែទាំតាមរយៈទេសន្តរប្រវេសន៍ការងារ" និង "ការ​ពង្រឹង​ការ​ការពារ និងការលើកកម្ពស់សិទ្ធិអ្នកថែទាំដែលជាពលករទេសន្តរប្រវេសន៍" នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សិក្ខា​សាលា​នេះ​ក៏​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍នៅក្នុងការចូលរួមវេទិកាអាស៊ាន លើកទី១៧ ស្តីពីទេសន្តរប្រវេសន៍ការងារ និង​ពិនិត្យលើសកម្មភាពជាក់លាក់ និងស្ថាប័នពាក់ព័ន្ធដែលចូលរួមក្នុងការអនុវត្តអនុសាសន៍ នៃ​វេទិកា​អាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៧ នេះផងដែរ៕

កម្ពុជាដាក់ដំណើរការជាផ្លូវការប្រព័ន្ធតម្កល់លិខិតជូនដំណឹង SETFO ដើម្បីបង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការតាមដានព័ត៌មានវិស័យមីក្រូហិរញ្ញវត្ថុ

2025/03/18 03:56:41 pm        574
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសឲ្យដឹងថា ប្រព័ន្ធតម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ត្រូវ​បានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានកែសម្រួល និង​រៀប​ចំ​និម្មាប​ន​កម្មថ្មីឡើងវិញ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​តម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែលមានកិច្ចធានា ២.០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SETFO គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម​សម្រាប់​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោ​​យ​ផ្អែក​លើ​ច្បាប់​​ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ប្រព័ន្ធនេះ គឺជាមធ្យោបាយ​ដ៏ងាយ​ស្រួល​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជនទូទៅក្នុងការតម្កល់ ស្វែងរកកំណត់ត្រា និង​​ព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត និង​កាត់​បន្ថយ​ហានិភ័យ និងព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់​ទ្រព្យ​ធានា​ជា​ចលនវត្ថុ។ លើសពីនេះ ប្រព័ន្ធ SETFO 2.0 នេះ នឹងផ្តល់ភាពងាយស្រួលដល់ធុរជន សហ​គ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ ផលិតករ ក្នុងការទទួលបាននូវឥណទាន ឆាប់​រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផលរបស់ខ្លួនជាទ្រព្យធានា។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រព័ន្ធថ្មី SETFO 2.0 នេះ ក៏ត្រូវបានបន្ថែមមុខងារថ្មីមួយចំនួនផងដែរ រួមមាន៖ ១) មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ ២) មុខងារចុះឈ្មោះ និង ចូលប្រើប្រាស់ប្រព័ន្ធតាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey ៣) មុខងារបង់ប្រាក់តាមអនឡាញទាំងស្រុង ៤) មុខងារស្នើសុំ និងទាញយករបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញ ៥) មុខងារទាញយករបាយការណ៍ ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង៦)មុខងារពង្រឹងសុក្រឹតភាពលើលិខិតជូន ដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា « បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌»

2025/03/18 03:50:08 pm        105
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)»។ ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) នេះ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic ព្រោះវាអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិតកាន់តែខ្ពស់នៅទូទាំងពិភពលោក។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីយើងម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាតាមរយៈបញ្ញាសិប្បនិម្មិត នឹងកាត់បន្ថយជាអតិបរមា នូវភាពស៊ាំនៃឱសថប្រឆាំងមេរោគ។ ចំពោះការងារសិក្សាស្រាវជ្រាវ ដែលយើងបានយកមកផ្សព្វផ្សាយនាពេលនេះ នឹងបានបង្ហាញឱ្យយើងឃើញថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់គ្រូពេទ្យ ក្នុងការសម្រេចចិត្តធ្វើការព្យាបាលអ្នកជំងឺឱ្យកាន់តែទាន់ពេល និងមានប្រសិទ្ធភាព នៅពេលកំពុងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍។ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖1. ក្រុមការងារមន្ទីរពេទ្យ បន្តដាក់បញ្ចូលទិន្នន័យជាក់ស្តែង ពីអ្នកជំងឺកម្ពុជាបន្ថែម ដើម្បីឲ្យការហ្វឹកហាត់ ម៉ូដែល Machine Learning ទទួលបានទិន្នន័យអំពីគំរូភាពស៊ាំមេរោគ របស់អ្នកជំងឺកាន់តែច្រើន ដែលនឹងធ្វើឱ្យ Application នេះ កាន់តែមានភាពសុក្រិត ក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។2. បំពេញនូវឯកសារព័ត៌មានរបស់អ្នកជំងឺឱ្យបានលម្អិត និងពេញលេញ ព្រមទាំងប្រវត្តិនៃការសម្រាកពេទ្យ ដើម្បីក្លាយជាប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ សំដៅបង្កើនប្រសិទ្ធភាពនៃការការពារ ថែទាំ និងព្យាបាល។3. ពង្រីកការប្រើប្រាស់ Machine Learning នេះ ឱ្យបានទូលំទូលាយ កម្រិតទូទាំងប្រទេស ទាំងវិស័យរដ្ឋ និងឯកជន នៅពេលណាដែល Machine Learning នេះ មានភាពសុក្រិតក្នុងការប៉ាន់ប្រមាណកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគ។4. បន្តយកចិត្តទុកដាក់ពង្រឹងយន្តការដែលមានស្រាប់ និងរៀបចំយន្តការថ្មីៗបន្ថែម ដើម្បីធានាថាកម្រិតភាពស៊ាំនៃឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយជាអតិបរមា។5. ខិតខំបង្កើនការងារស្រាវជ្រាវ នវានុវត្តន៍ផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល ដោយឱបក្រសោបឱ្យបានជាអតិបរមា នូវការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួល និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល។ ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជាអង្គភាពសុខាភិបាលទាំងអស់ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗ ខិតខំបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ដែលជាមូលធនមនុស្សដ៏រឹងមាំ ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ ត្រឹមឆ្នាំ២០៥០។ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីសុខាភិបាលប្ដេជ្ញាដឹកនាំវិស័យសុខាភិបាល «ធានាធ្វើយ៉ាងណាឱ្យគ្រប់ប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយភាពធន់ក្នុងដំណើរជីវិត»
06/24/2026 04:06 PM
លីបង់បានបង្កើតក្រុមប្រឹក្សាធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ីរី
06/24/2026 03:06 PM
រុស្ស៊ីព្រមានអំពីវិធានការតបតវិញ ប្រសិនបើតំបន់បាល់ទិកត្រូវបានអភិវឌ្ឍន៍ដោយ NATO
06/24/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
06/24/2026 03:06 PM
ប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់UN បង្ហើបថា ក្រុមអធិការកិច្ចនឹងទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
06/24/2026 03:06 PM
មេសិទ្ធិមនុស្សកម្ពុជា៖ “សាមគ្គីភាព​ជាកម្លាំង ហើយការរួបរួមគ្នា​របស់យើង​បង្ហាញពីភាពរឹងមាំ​ដែល​អាច​ជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស”
06/24/2026 03:06 PM
លោក Erdogan៖ ទួរគី និងប៉ូឡូញកំពុងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ក្នុងនាមជាសម្ព័ន្ធមិត្ត NATO
06/24/2026 03:06 PM
ទូរទស្សន៍៖ ការចាប់ផ្តើមដកកងទ័ព គឺជាប្រភពនៃការមិនចុះសម្រុងគ្នារវាងអ៊ីស្រាអែល និងលីបង់
06/24/2026 03:06 PM
លោក RUTTE និយាយថា ចាំបាច់ត្រូវបង្កើនផលិតកម្មយោធានៅសងខាងនៃមហាសមុទ្រអាត្លង់ទិក
06/24/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ចំនួន ១១នាក់ទៀត បានអណ្តែតឡើងលើច្រាំង បន្ទាប់ពីទូកលិចនៅឆ្នេរ សមុទ្រលីប៊ី
06/24/2026 03:06 PM