ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចស្នើដល់មន្រ្តីក្រោមឱវាទជាបុរសត្រូវខិតខំស្វែងយល់ពីបញ្ហាយេនឌ័រ

2025/03/06 07:48:46 pm        121
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ស្ថិតនៅទីស្តីក្រសួង។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។នៅក្នុងអង្គពិធី ឯកឧត្តម ជា សុមេធី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល» ស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តែងតែបង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត ជាក់ស្តែងក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្រ្តីបានទទួលឋានៈតួនាទីជាប្រធានរដ្ឋសភា ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្រ្តីបានទទួលឋានៈ តួនាទីជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងតួនាទីជាថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន អង្គភាពនានា និងថ្នាក់ក្រោមជាតិ ដែលបានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់ស្រ្តី ក្នុងសកម្មភាពសង្គមតាមតួនាទី និង សមត្ថភាពរៀងៗខ្លួន។ បន្ថែមលើនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសូមសំណូមពរដល់មន្រ្តី និងបុគ្គលិកជាបុរសទាំងអស់ ត្រូវខិតខំស្វែងយល់ពី បញ្ហាយេនឌ័រ និងចូលរួមសហការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងចំពោះស្ត្រី និងបង្កលក្ខណ:ឱ្យស្ត្រី មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពរបស់ក្រសួង និងសង្គមជាតិ។គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំ ទិវាអន្តរជាតិនារី ៨មីនា និងយុទ្ធនាការនានា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។ អត្ថបទ៖ទូច សោភ័ណ ​

សម្តេចកិត្តិសង្គហបណ្ឌិត ជំរុញដល់បងប្អូននារីចេះអភិវឌ្ឍខ្លួន ដើម្បីកសាងអនាគតកាន់តែប្រសើរ

2025/03/06 07:26:57 pm        138
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់បងប្អូននារី ត្រូវបន្តប្រពៃណីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយ សម្រាលការលំបាកគ្នា តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ចេះអភិវឌ្ឍខ្លួន ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែ ប្រសើរ។​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ថ្នាក់កណ្តាល លើកឡើងក្នុងពិធីសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” រៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៥ ខែមីនា ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព។  សម្តេចកិត្តិសង្គហបណ្ឌិត បន្តថា រាជរដ្ឋាភិបាល បានកំពុងបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ និងបន្ត ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពដូចជា៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង ទប់ស្កាត់អំពើហឹង្សាទាក់ទងនឹងយេនឌ័រ, អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ, លើកកម្ពស់ កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅ កម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌, និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋ កិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ច គិតគូរពីសុខមាលភាព ការអភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលឹកដល់ស្ត្រីក្នុងក្រសួងទំាង អស់ខិតខំបង្កើនការយល់ដឹងគ្រប់យ៉ាង ដើម្បីក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមពិតប្រាកដ។ ជាការពិតណាស់ការខិតខំបង្កើន សមត្ថភាពរបស់ស្រ្តី ត្រូវការការគាំទ្រយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនដោយចៀសមិនបាន ហេតុនេះសូម ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ត្រីជាថ្នាក់ដឹកនាំ ជួយបង្កលក្ខណៈធ្វើយ៉ាងណាឱ្យស្ត្រីយើងមានឱកាសអាចអភិវឌ្ឍខ្លួន បាន ដើម្បីឈានទៅរកសមភាព សមធម៌ និងសុខដុមរមនាតរៀងទៅ។ លើសពីនេះត្រូវបន្តប្រពៃណី សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយសម្រាលការលំបាកគ្នា និងជួយគ្នាពេលមានទុក្ខធុរៈចាំបាច់ តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ឧបត្ថម្ភគាំទ្រគ្នា ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូននារីយើង ដែលជាសមាជិកានៃសមាគម៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេស និងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

2025/03/06 06:45:30 pm        112
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា និងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ក្នុងជំនួបសំណេះសំណាលនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើប នេះ គឺដើម្បីឱ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែក បងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕

ឯកឧត្តម នេត សាវឿន ឱ្យពង្រឹងសន្តិសុខក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងកម្ពុជា-ថៃ នាថ្ងៃ ០៨ មីនា

2025/03/06 06:19:05 pm        120
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើក៏ដូចជាណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងគ្រប់ផ្នែកជំនាញ ត្រូវពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកម្ពុជា ថៃ ។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដោយត្រូវការពារចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សណ្ឋាគារស្នាក់នៅ និងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។ការស្នើរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមីនា ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃ និងក្រុមជ្រុលនិយមរបស់កម្ពុជា ត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថាការប្រកួតនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជានិងថៃ ឱ្យកាន់តែរឹងមាំ ដូច្នេះត្រូវតែធ្វើការងារនេះឱ្យល្អបំផុត ជៀសវាងកុំឱ្យមានបាតុភាពអ្វីកើតមានឡើងឱ្យសោះ។ កម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឱ្យល្អបំផុត ដោយធ្វើការទាក់ទងភ្លាមៗជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់គ្រប់វិធានការចំពោះមុខ។ បន្ថែមពីនេះ ចំពោះបរិស្ថានអនាម័យ ក៏ត្រូវតែស្អាតទាំងខាងក្រៅ និងខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោក កើត ឆែ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមកងកម្លាំងទាំងអស់ យកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ក្នុងនោះដែរលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវទទួលភារកិច្ចទទួលស្វាគមន៌ និងជូនដំណើរគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ទាំងទៅ និងមកឱ្យបានល្អ។ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ ដោយកាច់ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជា ចូលរួមជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ ក្រុមទី១ ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃក្រុមទី២ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា / 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

2025/03/06 06:15:39 pm        111
(ភ្នំពេញ) រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះក៏បានចូលរួមចំណែកក្នុងការអនុវត្តយន្តការភូមិអស់មីន ក្នុងខេត្តកោះកុង ផងដែរ។ ពាក់ព័ន្ធនឹងការរួមចំណែកក្នុងវិស័យមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា បានចាប់ផ្កើមកិច្ចសន្ទនារវាងគ្នាក្នុងឆ្នាំ២០២១ និងបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័ស និងគម្រោងជំនួយរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។ តាមរយៈគម្រោងបោសសម្អាតមីននេះ ពិតជាបានឆ្លើយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ឯកឧត្តម Vanlalvawna Bawitlung បានវាយតម្លៃខ្ពស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះរួមទាំងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅខេត្តកោះកុង ដែលនេះជាការបោះជំហានទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា។ ឯកឧត្តម Vanlalvawna Bawitlung បានបន្តលើកឡើងទៀតថា ស្ថានទូតឥណ្ឌា នឹងបន្តផ្តល់ការគាំទ្រដល់ការងារបោសសម្អាតមីន និងផ្តល់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌា បានចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុង ហើយផ្ទៃដីប្រមាណ ២,២០ គីឡូម៉ែត្រក្រឡា បាននឹងកំពុងធ្វើការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៧០០ នាក់ នៅខេត្តបន្ទាយមានជ័យ ផងដែរ៕

គណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី២ រៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤

2025/03/06 06:11:41 pm        266
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី២ រៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ« សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប »។ជាក់ស្ដែងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ ព្រមទាំងលោកស្រី ហ៊ុន សុធារ៉ា ជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។ក្នុងពិធីនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសព្វរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី០១ ក្នុងអាណត្តិទី៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើអោយប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការគៀងគរអ្នកវិនិយោគអោយចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាអោយ ប្រជាពលរដ្ឋ មានឱកាសការងារធ្វើគ្រប់ៗគ្នា ។ ក្នុងពិធីសំណេះសំណាលនេះ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ដែរថា គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារ សិទ្ធិសេរីភាព និង ការឆ្លុះបញ្ចាំង ពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការ វិជ្ជមាន នានា សំដៅបន្តលើកកម្ពស់ សមភាព យេនឌ័រ និង បង្កើនភាព អង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី ។ ម្យ៉ាងវិញទៀត លោក បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ របស់មន្រ្តីសង្កាត់ និង រដ្ឋបាលប៉ុស្តិ៍ ជាស្រ្តីទាំងអស់ នៅសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ អោយមានការរីកចំរើនផងដែរ ។ ជាចុងក្រោយ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។  ក្រោយក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ភរិយា ព្រមទាំងតំណាងនារីសង្កាត់ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីដែលបានចូលរួម សរុប២៣នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ៥០,០០០៛៕អត្ថបទ៖ កុម្ភៈ

ក្រសួងការងារបើកសិក្ខាសាលាពិគ្រោះយោបល់ វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥

2025/03/06 04:12:22 pm        160
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ក្រោមវត្តមានរបស់ ឯកឧត្តមរដ្ឋលេខាធិការ សោម ចំណាន នៅខេត្តសៀមរាប។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោកស្រី Makiko Matsumoto អ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO), អភិបាលរងខេត្តបាត់ដំបង / កំពង់ចាម/កំពង់ធំ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនៃខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ ដែលជាសមាជិកគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយ NEP ផងដែរ។ ឯកឧត្តម សោម ចំណាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ គំនិតផ្តួចផ្តើមដើម្បីកែលម្អការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពាក់កម្លាំងពលកម្មរបស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការដែលកំពុងវិវត្តនៃទីផ្សារការងារ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារបានជំរុញបរិយាកាសការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គសិក្ខាសាលាខាងលើនេះ បានធ្វើការវិភាគស៊ីជម្រៅ ចែករំលែកទិន្នន័យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងនៃការអនុវត្តគោលនយោបាយ NEP នៅក្នុងមួយទសវត្សរ៍កន្លងមក។ នេះជាជំហានដ៏សំខាន់មួយក្នុងការតាក់តែងគោលនយោបាយ NEP ឆ្នាំ២០២៦-២០៣៥ ដើម្បីធានាបានថាគោលនយោបាយ NEP ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្ន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៕

មន្ត្រីបសុបពេទ្យខេត្តស្វាយរៀងចុះអប់រំពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសត្វនិងធ្វើជីវៈសុវត្ថិភាពបាញ់ថ្នាំបង្ការដើម្បីបញ្ជៀសជំងឺសត្វរដូវក្តៅ

2025/03/06 03:41:40 pm        121
ស្វាយរៀង ៖ អនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ស្ដីពីបង្ការបញ្ជៀសជំងឺសត្វរដូវក្តៅ នៅដើមសប្តាហ៍ទី១ ខែមិនា ឆ្នាំ២០២៥ ការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តដឹកនាំដោយលោកហ៊ុន សារ៉េតថន បានចុះអប់រំណែនាំ ចែកវ៉ាក់សាំងនៅតាមបណ្តាស្រុក ក្រុង ជូនដល់ភ្នាក់ងារសត្វភូមិ យកទៅចាក់បង្ការជំងឺដល់ សត្វគោ ក្របី និងធ្វើជីវៈសុវត្ថិភាពបាញ់ថ្នាំ បង្ការចម្លងជំងឺសត្វទៅសត្វពីសត្វមកមនុស្សនៅតាមមូលដ្ឋានឃុំ/សង្កាត់គោលដៅមួយចំនួនក្នុងខេត្ត។ តាមរបាយការណ៏ ដែលផ្តល់ដោយលោក ហ៊ុន សារ៉េតថន ប្រធានការិយាល័យផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដែលBTV ទទួលបានតាមសារតេឡេក្រាម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បញ្ជាក់ឲ្យដឹងថាក្នុងរយៈពេលរដូវក្តៅឆ្នាំនេះ ការិយាល័យផលិតកម្មព្យាបាលបានបញ្ចុះមន្ត្រីបសុពេទ្យធ្វើការអប់រំពលរដ្ឋ ពីវិធីបង្ការជំងឺសត្វដោយខ្លួនឯងនៅតាមមូលដ្ឋានគោលដៅមួយចំនួន ធ្វើជីវសុវត្ថិភាពនៅតាមខ្នងផ្ទះ រោងចិញ្ចឹមគោ ក្របី ទីធ្លាសាធារណៈ និងចាក់វ៉ាក់សាំង ការពារជំងឺសាទឹក ការពារជំងឺអុតក្តាម និងជំងឺពកស្បែកគោ បានចំនួន ៨ពាន់៥៤៧ក្បាល ។  លោកប្រធានការិយាល័យក៏បានបញ្ជាក់បន្ថែមថាចាប់ពីដើមរដូវក្ក្តៅឆ្នាំ នេះស្ថានភាពសត្វគោក្របីក្នុងភូមិសាស្ត្រខេត្តស្វាយរៀងពុំទាន់មានបញ្ហាអ្វីគួរកត់សម្គាល់នោះទេខណៈដែលមន្ត្រីកសិកម្មប្រចាំឃុំនិងពេទ្យសត្វភូមិ តាមឃ្លាំមើលនិងត្រៀមធ្វើអន្តរាគមន៍ទប់ស្កាត់ក្នុងករណីសត្វមានជំងឺ។ ដោយ ៖ ភា សារិទ្ធ

គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ចុះស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ

2025/03/06 02:42:44 pm        214
ព្រះសីហនុ៖នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាពសរុបប្រមាណ ១២ រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ការអញ្ជើញរបស់គណៈប្រតិភូEU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត។ជាកិច្ចចាប់ផ្តើម លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។លោកប្រធាននៃគណៈប្រតិភូបានលើកឡើងថា នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់, ឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែក​អំណោយ​ជូន​ពលរដ្ឋ​ងាយរង​គ្រោះ​២០២៥​គ្រួសារ​ទៀត នៅស្រុកអន្លង់វែង

2025/03/06 02:16:09 pm        132
នៅព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក​បាទ​ក្រហម​កម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និង​ចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០២៥​គ្រួសារ​ទៀត​ម​​ក​ពី​ស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីលានហាលដំឡូង ក្រុមហ៊ុន លឹម ហេង គ្រុប នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ឯកឧត្ត មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទី​នោះ​តែ​ង​តែមាន កាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបា​ទ​ក្រហមកម្ពុជា ក្នុងការចុះជួបប្រាស្រ័យសួរសុខទុក្ខ និង ជួយសម្រាល ការលំបាក​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋខ្វះខាត គ្រួសារអតីតយុទ្ធជន ចាស់ជរាពិការ និងជនងាយរងគ្រោះកម្ពុជា ជា​និច្ច​។ ជាក់ស្តែង នៅក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយ​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​ ២.០២៥ គ្រួសារ របស់ស្រុកអន្លង់វែង និងស្រុកត្រពាំប្រាសាទ នាពេលនេះ ត្រូវ​បាន​ជ្រើស​រើស គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួន ៤ប្រភេទ ដូចជា ទីមួយ-គ្រួសារ ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភាពក្រីក្រកម្រិត១ ចំនួន ១.៤៦៦គ្រួសារ ទីពីរ-ជនពិការដែលមានជីវភាពទីទាល់ក្រ ចំនួន​ ១៨៣គ្រួសារ ទីបី-គ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ១៧៨គ្រួសារ និង​ទីបួន-ចាស់ជរាគ្មានទីពឹង ចំនួន ១៩៨គ្រួសារ។នាឱកាសនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​ប្រសាសន៍ថានេះជាលើកទី២ហើយ សម្តេច​បានមករួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅទីនេះ។ សម្តេចសំដែង​នូវ​កី្តសោមនស្ស​រីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ នៅទីនេះម្តងទៀត និងបាន​ពាំនាំ​នូវ​ព្រះរាជ​បន្ទូល​សួរ​សុខទុក្ខ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូន​ចំពោះ ប្រជាពលរដ្ឋទាំងអស់នៅទីនេះ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្តេចបាននាំយកអំណោយ ដែល​ទទួលបានពីសប្បុរសជននានា មកចែកជូនបងប្អូន ទោះជាអំណោយទាំងនេះ តិចក្តីច្រើនក្តី នេះ​គឺ​ជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក។ប្រជា​ពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានអញ្ជើញមកសួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយ​មនុស្សធម៌ ចែកជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាព។ លោកយាយ លោកតា អ៊ំ ពូ មីង ដែលទទួលបានអំណោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេរ ព្រម​ទាំង​សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ ពួកគា​ត់​ដែល​ងាយ​រងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យនេះ។សម្ដេចសូមថ្លែងអំណរគុណចំពោះបណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹ​ងរាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ដែលជាជំនួយ​ការ​អោយ​អាជ្ញាធរ​សាធារណៈ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែ​រក្សា​សុខភាពឱ្យបានល្អ និងត្រូវហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេស​ការ​ពារ​នូវ​ជំងឺ​មិន​ឆ្លងនានា កុំហូបប្រៃពេក ផ្អែមពេក កុំហូបគ្រឿងស្រវឹងពេលបើកបរ, ការពារ ការឆ្លង​ជំងឺ​អេដស៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងត្រូវជ្រើសរើសយុវជន កាក​បាទ​​ក្រហមកម្ពុជា ជាគម្រូវល្អនៅក្នុងថ្នាក់រៀន ដើម្បីណែនាំអូសទាញ ដល់​យុវជន​ដែ​ល​ដើរ​ផ្លូវ​ខុស ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ត្រូវតាមដានកាសិក្សារបស់កូនៗជាប់ជាប់ជាប្រចាំ ចៀ​សវាដើរផ្លូវខុស។ លើសពីនោះទៀតសម្តេចបានផ្តាំផ្ញើទៅស្រ្តី ដែលកំពុងមានផ្ទៃពោះ សូមទៅ​ពិនិត្យ​ផ្ទៃ​ពោះ នៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមកាលកំណត់ ដើម្បីសុខភាព​ម្តាយ​និង​កូន​។ សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន ២០២៥គ្រួសារ ទទួលបាននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆា១ដប, សាប៊ូកក់សក់១ដប,ស្ករស១គីឡូក្រាម, ឃីត១កញ្ចាប់, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា២ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
06/20/2026 10:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM