គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជំនួប​ផ្គូផ្គងធុរកិច្ច គណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា

2025/03/05 01:45:03 pm        281
នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីទទួលស្វាគមន៍និងជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា ដែលរៀបចំដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដែលមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Kohei Wakabayashi ប្រធានតំណាង JETRO ប្រចាំនៅរាជធានីភ្នំពេញ, ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន(CJBI), លោក Fukuhara Koji ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រតិភូតំណាងក្រុមហ៊ុនជប៉ុនប្រមាណ៤០ក្រុមហ៊ុន។ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលពាណិជ្ជកម្មកម្ពុជា-ជប៉ុន តាមរយៈការរៀបចំព្រឹត្ដិការណ៍សំខាន់ៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការបណ្ដុះបណ្ដាល និងកម្មវិធីទំនាក់ទំនងនិងផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ ដែលបានរួមចំណែកនាំឱ្យប្រទេសជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត គូសរំលេចថា ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, និងរួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាដើម។ល។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចនូវសក្ដានុពល និងកិច្ចខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រធុរកិច្ច វិនិយោគ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងថា នឹងបន្ដរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៦,៣% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ទទួលរងនូវភាពមិនប្រាកដប្រជាខ្ពស់ និងភាពស្មុគស្មាញកាន់តែច្រើនឡើងៗ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងស្ថានភាពហិរញ្ញវត្ថុ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមយ៉ាងតិច៦%ក្នុងមួយឆ្នាំ ក្នុងរយៈពេលវែងទៅមុខ ដោយបានដាក់ចេញនូវវិធានការកែទម្រង់បញ្ហារចនាសម្ព័ន្ធ ក្នុងវិស័យភ័ស្តុភារកម្ម អគ្គិសនី ជំនាញវិជ្ជាជីវៈជាដើម ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន លើកកម្ពស់ប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង និងបង្កើតបរិយាសកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ។ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអង្គការ JETRO និងសមាគមទាំងពីរបន្តពង្រឹងបេសកកម្មរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕ 

ឯកឧត្តម ឈាង រ៉ា៖ «នារី គឺជាកម្លាំងស្នូល មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ»

2025/03/05 01:35:39 pm        289
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា នារី គឺជាកម្លាំងស្នូល មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសូមនារីទាំងអស់បន្តអភិវឌ្ឍ ទាំងចំណេះដឹង ជំនាញ និងក្រមសីលធម៌ជាបន្តបន្ទាប់ ព្រមទាំងថែទាំសុខភាពផ្លូវកាយចិត្ត សកិ្តសមជានារីរតនៈ ជាកម្លាំង ចលករដ៏រឹងមាំរបស់ជាតិ។ឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងបែបនេះ ក្នុងឱកាស ក្រសួងសុខាភិបាលបានរៀបចំជួបជុំគ្នា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រី គ្រប់រូបនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រី្តក្រសួងសុខាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ ភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ និងបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមភាពយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស គឺស្រ្តីខ្លួនឯងយល់ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រី្តគឺជាស្នូល»។ រាជរដ្ឋាភិបាលបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើសមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំជាសាធារណៈ បង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយ ភាពងាយរងគ្រោះ ដោយអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ស្ត្រី ក្នុងការរួមចំណែកអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមជាតិ និងលើកទឹកចិត្តឱ្យស្រ្តី មានតួនាទី និងមុខតំណែងជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំចាប់តាំងពីថ្នាក់ ក្រោមជាតិ រហូតដល់ថ្នាក់ដឹកនាំកំពូល ជាក់ស្តែងយើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំ ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួង ស្ថាប័ន ជាងនេះទៅទៀតក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា៕ អត្ថបទ៖ រដ្ឋា 

ឯកឧត្តម កើត រិទ្ធ៖ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, តឹងរ៉ឹង និងគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ

2025/03/05 12:28:14 pm        396
ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្ដម ធុច បញ្ចសន្តិភាព ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្ដម ទី សុវិនថាល់ ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម និងលោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ត្រូវបានកំណត់ជាវិធានការគន្លឹះទី ៥ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជូនអង្គពិធីទាំងមូល ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរដ្ឋបាលតុលាការ និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្នបាតវិស័យយុត្តិធម៌ ដែលនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, អង្គមហាសន្និបាតវិស័យយុត្តិធម៌ ក៏បានឯកភាព និងគាំទ្រទាំងអស់គ្នាថា “ការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, ឱ្យបានតឹងរ៉ឹង និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ”។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖ (១)-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។ (២)-ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដែលនេះជា “យ័ន្តការពារខ្លួនដ៏ស័ក្តិសិទ្ធ” របស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានភាពម្ចាស់ការក្នុងការសរសេរសាលក្រម ឬសាលដីកាឱ្យបានឆាប់រហ័សបន្ទាប់ពីការប្រកាសអំពីការសម្រេចសេចក្តីរបស់ខ្លួន។ (៣)-ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។(៤)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។ (៥)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌។ (៦)-ត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ នៅពេលជំនុំជម្រះក្តី ។ (៧)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សជាប់ជាប្រចាំ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន, មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។ សូមគូសបញ្ជាក់ផងដែរថា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញាររង, ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ជាពិសេស ការចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការទាំង ២ គឺ៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៕

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៤

2025/03/05 12:22:58 pm        274
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៩ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត។ របៀបវារៈនៃកិច្ចប្រជុំនេះមាន៖១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២៥។ ៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥។ ៤. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៥. ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្ត៦.សេចក្តីផ្សេងៗ៕

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំនៅថ្ងៃទី១២ ខែមីនានេះ

2025/03/05 12:10:06 pm        362
ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ដូច្នេះសូមសាធារជនទាំងអស់ជ្រាប និង​ជួយសម្រួលដល់ការចល័តរបស់រថយន្តអគ្គិសភ័យរថយន្តសង្គ្រោះ ក្នុង​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នេះ​។យោងតាមសេចក្ដីជូនដំណឹងរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយយោងទៅតាមច្បាប់ស្តីពីអាកាសចរណ៍ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗ​ដែល​ជា​សមាជិក​តម្រូវ​ឱ្យ​ធ្វើ​ផែន​ការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise​)​ រៀងរាល់ពីរឆ្នាំម្តង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និង​ការ​ទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។ ដូច្នេះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទីរសៀល។ នេះ​បើ​តាម​ការ​បញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា លំហាត់សមយុទ្ធនេះនឹងមានដុតប្រេង និង​កង់ឡានចាស់ៗ បង្កើតបានជាអណ្តាត ភ្លើងសន្ធោសន្ធៅ នៅ​ក្នុង​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក្នុងនោះផងដែរក៏មានការ ចល័តរថយន្តអគ្គិសភ័យ រថយន្តសង្គ្រោះ ដោយ​មាន​ការចូលរួមពីអាជ្ញាធរដែនដី សាលាខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​ពេទ្យ​នានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុន​ចរាចរណ៍​ដែន​អាកាស​CATS​៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ២២៥០​គ្រួសារនៅក្រុងសំរោង

2025/03/05 11:59:19 am        384
នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូឥស្សរជនជាន់ខ្ពស់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២២៥០គ្រួសារ មកពី ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ ពិធីនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។តាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខេត្តមានក្រុង១ ស្រុក៤ សង្កាត់៥ មានផ្ទៃដី ៦.៦៥៥,៤០គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៦៥.៧៨៥គ្រួសារ ស្មើមនុស្ស ២៦៩.៦៥៦នាក់ (ស្ត្រី ១៣៣.៨៨៨នាក់) និងមានដង់ស៊ីតេ ៣៩នាក់/គ.ម២ ដោយប្រជាពលរដ្ឋ ភាគច្រើនពឹងផ្អែកលើរបរកសិកម្មជាគោល។ ឯកឧត្តមឱ្យដឹងថា ក្នុងចំណោមគ្រួសារសរុបខាងលើនេះ មានគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២២៥០គ្រួសារ ដែលត្រូវមកទទួលអំណោយផ្ទាល់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកនេះ។បន្ទាប់បានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តឧត្តរមាន ជ័យរួច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវកី្តសោមនស្សរីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតនៅទីនេះ។ ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កក្រក បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់នៅទីនេះ។ សម្តេចអោយដឹថានេះជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញមករួមសុខ រួមទុក្ខជាមួយបងប្អូននៅខេត្តឧត្តរមានជ័យ ដោយលើកទី១នៅឆ្នាំ១៩៩៨ លើកទី២នៅឆ្នាំ២០១១ លើកទី៣នៅឆ្នាំ២០១៦ និងលើកទី៤ នៅថ្ងៃទី ៥និងទី៦ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្តេចបាននាំយកអំណោយ ដែលទទួលបានពីសប្បុរសជននានា មកចែកជូនបងប្អូន ទោះជាអំណោយទាំងនេះតិចក្តីច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក។ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានអញ្ជើញមកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាព។ លោកយាយ លោកតា អ៊ំ ពូ មីង ដែលទទួលបានអំណោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេរ ព្រមទាំងសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ ពួកគាត់ដែលងាយរងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យនេះ។សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន សូមថ្លែងអំណរគុណចំពោះបណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ ព្រោះ អាកាសធាតុមានការប្រែប្រួល អាចធ្វើឱ្យលោកយាយ លោកតា អ៊ំ ពូ មីង ឈឺបាន និងត្រូវហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានា ការពារការឆ្លងជំងឺអេដស៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងត្រូវជ្រើសរើសយុវជន កាកបាទក្រហមកម្ពុជា ជាគម្រូវល្អនៅក្នុងថ្នាក់រៀនដើម្បីណែនាំអូសទាញ ដល់យុវជនដែលដើរផ្លូវខុស ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ ត្រូវតាមដានកាសិក្សារបស់កូនៗជាប់ជាប្រចាំ។ លើសពីនោះទៀតសម្តេចបានផ្តាំផ្ញើទៅស្រ្តី ដែលកំពុងមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះនៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមកាលកំណត់ ដើម្បីសុខភាពម្តាយនិងកូន។សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន២២៥០គ្រួសារ ទទួលបាននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆា១ដប, សាប៊ូកក់សក់១ដប,ស្ករស១គីឡូក្រាម, ឃីត១កញ្ចាប់, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា២ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងការបរទេស

2025/03/05 11:52:24 am        289
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ៕

កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការកសាងហិរញ្ញវត្ថុនិរន្តរភាព ដើម្បីជំរុញទំនុកចិត្ត​លើទីផ្សារ​មូលបត្រ

2025/03/05 11:19:43 am        366
កម្ពុជាបើកសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្មវត្ថុ​នៃ​ហិរញ្ញវត្ថុ​និរន្តរភាព​, ចែករំលែកពីការអនុវត្តការ បោះផ្សាយ និងការគ្រប់គ្រងឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ការ​កសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វិនិយោគិនសក្តានុពលនានាក្នុងគម្រោងនិរន្តរភាពនៅកម្ពុជា។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើក​ឡើងនៅក្នុងសិក្ខាសា លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុនិរន្តរភាព និង​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​វិនិយោគិន" នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ នេះថា ហិរញ្ញវត្ថុនិរន្តរភាព មិនមែន​ជា​ជម្រើស​ទៀត​ទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់ភាពធន់នៃសេដ្ឋកិច្ច និងសកម្មភាព​អាកាស​ធាតុ​របស់កម្ពុជា។ ជាមួយនឹងទីផ្សារសញ្ញាបណ្ណនិរន្តរភាពដ៏រឹងមាំ យើងអាច​ទាក់​ទាញ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនួលខុសត្រូវ ដែលគាំទ្រដល់ កំណើនបៃតង សមធម៌សង្គម និងស្ថិរភាព​ហិរញ្ញ​វត្ថុ​រយៈ​ពេល​វែង។ ឯកឧត្តម បន្តថា សិក្ខាសាលានេះ មានតួនាទីសំខាន់ណាស់ ក្នុង​ការ​ផ្តល់​ឱ្យ​អ្នក​ចូលរួម​នូវ​ចំណេះ​ដឹង និងឧបករណ៍ដែលចាំ បាច់ដើម្បីជំរុញអន្តរកាល។ ការណ៍នេះ នឹងជួយ​ឱ្យ​កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគដែលមានលក្ខណៈប្រកួតប្រជែង និងនិរន្តរភាព ផងដែរ។លោកស្រី Shori Kim នាយិកា GGGI ប្រចាំប្រទេសកម្ពុជា លើកឡើងថា GGGI បាន​និង​កំពុង​គាំទ្រ​ដល់​សញ្ញាបណ្ណបៃតង នៅក្នុងកម្ពុជា តាមរយៈកម្ម​វិធី​ការ​ជំរុញ​ការ​បោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃហិរញ្ញវត្ថុនិរន្តរភាព ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បៃតង និងប្រកបដោយបរិយាបន្ន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ ឱ្យកត់សម្គាល់ ក្នុងអន្តរកាលទៅកាន់ហិរញ្ញវត្ថុនិរន្តរភាព ដូចជាការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដ៏​ធំបំផុតរបស់កម្ពុជា ដោយក្រុមហ៊ុន Royal Group PPSEZ ក្នុងឆ្នាំ២០២៤ និង​ការ​អភិវឌ្ឍ​សញ្ញា​បណ្ណបៃតង និងនិរន្តរភាព ដែលមានទំហំទឹកប្រាក់ជាង ១០០ លាន ដុល្លារ​អាម៉េរិក​។លោកស្រី បានបន្តថា ការផ្តល់ហិរញ្ញប្បទាននិរន្តរភាព និងការអភិវឌ្ឍន៍បៃតង មិន​មែន​ជា​គំនិត​ថ្មី​ទៀត​ទេ ប៉ុន្តែវាបានក្លាយជា គំរូផ្លាស់ប្តូរ ឆ្ពោះទៅកាន់​ការ​វិនិយោគ​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​កម្ពុជា​។ តាមរយៈការផ្តល់ជូនភាគីពាក់ព័ន្ធនូវឧបករណ៍ ចំណេះ ដឹង ក្របខណ្ឌ និងទស្សនវិស័យ​ដ៏​ត្រឹម​ត្រូវ វិស័យនេះអាចកៀរគរការវិនិយោគដែលស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុង​អំឡុង ពេលដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គម។ GGGI នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូដ៏រឹងមាំមួយ សម្រាប់ការផ្តល់ ហិរញ្ញប្បទាននិរន្តរភាព ដែលទាក់ទាញ​វិនិយោគិន​ប្រកបដោយទំនួលខុសត្រូវ និងជំរុញវិបុលភាពសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ កម្ពុជា។សូមបញ្ជាក់ដា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និង​កម្ម​វត្ថុ​នៃ​ហិរញ្ញវត្ថុនិរន្តរភាព, ចែក រំលែកពីការអនុវត្តការបោះផ្សាយ និងការគ្រប់​គ្រង​ឧបករណ៍​ហិរញ្ញ​វត្ថុ​និរន្តរភាព ព្រមទាំងអនុលោមភាពគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ស្របតាម​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស, ផ្តល់នូវចំណេះដឹងក្នុងការកសាងក្របខណ្ឌដើម្បីទាក់ទាញវិនិយោគិន និង​ជំរុញ​ទំនុកចិត្តទីផ្សារ រួមជាមួយនឹងការផ្តល់នូវយុទ្ធសាស្ត្រ ដើម្បីភ្ជាប់ទំនាក់​ទំនង​ជាមួយ​វិនិយោគិន​សក្តានុពលនាពេលបច្ចុប្បន្ន នៅក្នុងគម្រោងនិរន្តរភាព នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីទូតនានានៅកម្ពុជាកោតសរសើរសមិទ្ធផលថ្មីព្រលានយន្តហោះអន្តរជាតិតេជោ ខ្នាត4F របស់កម្ពុជា

2025/03/05 11:07:04 am        405
កណ្តាល៖ មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា មក​ដល់ពេលនេះ ស្ទើរតែគ្រប់អគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាបានមកបំពេញទស្សនកិច្ចនៅ​អាកាស​យានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ​២០២៥​ខាងមុខនេះ។លោកឧកញ៉ា ឆាលរ៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដឹកនាំ​គណៈប្រតិភូ​អន្តរជាតិ​ពិនិត្យ​វឌ្ឍនភាព​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​តេជោ ​នាព្រឹកថ្ងៃទី៥ ខែមីនានេះ បានមានប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ អគ្គរដ្ឋទូតសឹងតែគ្រប់ទាំងអស់ បានមកទស្សនា និងស្វែង យល់​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោនេះ ហើយក្រោយពី ទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និង​យល់​ឃើញ​ថា​អាកាសយានដ្ឋាននេះល្អទាំងអស់។បើតាមលោកឧញ៉ា ក្រុមមន្រ្តីទូតទាំងអស់ បានប្រាប់ថា ពួកគាត់មិននឹក​ស្មាន​ថា​ប្រទេសក​ម្ពុជា​មាន​ការ​វិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត4F ជាពិសេសនោះការងារនេះ ក្រុម​ហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ត្រូវអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេល​បច្ចុប្បន្ន​នេះ ដែលសម្តេច​ទាំងទ្វេ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មីរបស់កម្ពុជានេះ។ លោកឧកញ៉ា ឆាលរ៍ វ៉ាន់ បានបន្ថែមថា មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និង​ខិតខំព្យាយាម ទាក់ទាញ ជំរុញ និង​ពង្រឹង​ឱ្យ​មាន​ការ​តភ្ជាប់​ជើង​ហោះហើ​រ​មក​ដោយ​ផ្ទាល់​ពី​ប្រទេស​របស់​ពួកគេមកកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែល​សំខាន់​នោះ​គឺ ពួកគាត់ នឹងខិតខំទាក់ទាញអ្នកវិនិយោគ និង អ្នកទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន​ផង​ដែរ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការ​សាង​ស​ង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុង​ដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទរាជាសំរោង ខេត្តឧត្តរមានជ័យ

2025/03/05 10:47:27 am        410
ឧត្តរមានជ័យ៖ឆ្លៀតក្នុងពេលបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តឧត្តរមានជ័យ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប្រាសាទរាជាសំរោង ដែលស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេនចំពោះវត្តប្រាសាទរាជាសំរោង នូវអង្ករចំនួន ២០០គីឡូក្រាម, មី១០កេស, ត្រីខ ៥កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ១០គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធអារុណា ១០កេស និងបច្ច័យចំនួន ១០លានរៀល។ ប្រគេនចំពោះព្រះចៅអធិការវត្ត នូវ សាដក១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃគង់អមធ្វើកិច្ច ៤អង្គ ក្នុង១អង្គៗ ប្រគេន សាដក១ និងបច្ច័យ ៤សែនរៀល។ ប្រគេនព្រះសង្ឃ ១៧អង្គទៀត ដែលគង់ក្នុងវត្ត ក្នុង១អង្គៗ បច្ច័យ ២សែនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច ៥នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១សែនរៀល។ ជូនគណៈកម្មការវត្ត ៧នាក់, តាជី ២នាក់, អ្នកដាំបាយ ៦នាក់, ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា ៥ម៉ឺនរៀល។ និងឧបត្ថម្ភកូនសិស្សលោក ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM