គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលក្នុងវត្តសុវណ្ណគីរី នៅខេត្តកំពង់ស្ពឺ

2025/03/04 06:25:48 pm        124
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្ត សុវណ្ណគីរី (ហៅវត្តភ្នំកំប៉ូត) ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សចំពោះការជួបជុំ និងបានចូល រួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិសុទ្ធចំណុះជើងវត្ត ចំពោះសមិទ្ធផលនាថ្ងៃនេះ។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យ វត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមចំ ណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្តនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលអា ណត្តិទី៧ បានដាក់ចេញនូវវិធានការគឹន្លះ ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងវិស័យ សុខាភិបាល ដែលផ្តោតលើការគិតគូរពីតម្រូវការនៃការថែទាំសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន និងវិស័យអប់រំ សំដៅដល់ការពង្រឹងគុណភាពសាលារដ្ឋ ពីមតេ្តយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីធានាការបណ្តុះបណ្តាល និងអប់រំដល់កុមារា កុមារី និងយុវជនគ្រប់រូបនៅតាមមូលដ្ឋាន ឱ្យមានសមត្ថ ភាពខ្ពស់។សូមជម្រាបជូនថា វត្តភ្នំកំប៉ូតនេះ គឺមានអាយុកាលត្រឹម៣៣ឆ្នាំប៉ុណ្ណោះ បើគិតចាប់ពីការកកើត នៅឆ្នាំ១៩៩២មក។ សមិទ្ធផលជាច្រើនបានរីកដុះដាលពេញបរិវេណវត្ត រួមទាំងកុដិ និងហេដ្ឋារចនាសម្ព័ន្ធ នានា ត្រូវបានកសាងឡើងដោយប្រើប្រាស់ទឹកប្រាក់សរុបអស់ ជាង៧៣ម៉ឺន៥ពាន់ដុល្លារ៕អត្ថបទ រដ្ឋា

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤៤

2025/03/04 06:20:23 pm        136
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ និងឆ្នាំបន្ត» នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល អង្គភាពសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈវិជ្ជាជីវៈសុខាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាព ជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ រួមមាន៖ ១). ការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការថែទាំព្យាបាល និងអន្តរាគមន៍សុខភាពសាធារណៈ ២). ការកែលម្អ គុណភាពសេវាជាប្រចាំ ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ៣).ការពង្រឹង កិច្ចការនិយ័តកម្មសេវាសុខាភិបាល និងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងដែលលេចឡើង ៤).ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ៥).ការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម ៦).ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ជាដើម។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកឡើងទៀតថា យើងមានវឌ្ឍនភាពនៃការគ្របដណ្តប់សេវាសារវ័ន្តដូចជា៖ សន្ទុះកើន ឡើងនៃការទទួលបានសេវាបង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្ត ព្រមទាំងសេវាសុខភាពសារវ័ន្តដទៃទៀតដូចជា៖ សុខភាពបន្តពូជ មាតា ទារក កុមារ និងវឌ្ឍនភាពនៃការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ ដូចជា៖ មេរោគអេដស៍ ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺឆ្លងរាតត្បាតដែលជាបញ្ហាសុខភាព សាធារណៈ ដូចជា៖ ជំងឺអុតស្វា និងជំងឺផ្តាសាយបក្សី ជាដើម។ ជាងនេះទៅទៀត ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ត្រូវបានកែលម្អឱ្យប្រសើរ ឡើងគួរឱ្យកត់សម្គាល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេស។ នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត ពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលទទួលបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៤ ស្តីពីសមិទ្ធផលវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និង ឆ្នាំបន្ត ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គភាពសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈវិជ្ជាជីវៈ សុខាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត បានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទិសដៅរួម គឺការបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជា ឆ្នាំ២០៣៥។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើន រយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពមួយ នៃការអភិវឌ្ឍមូលធនមនុស្ស ដោយត្រូវបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លង ការបន្តលើកកម្ពស់ សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។ ជាក់ស្តែងរាជរដ្ឋាភិបាលបាន៖ ១).បន្តការវិនិយោគធនធានលើការកែលម្អហេដ្ឋារចនាសម័្ពន្ធសុខាភិបាល ២).ការផ្គត់ផ្គង់ឱសថជាពិសេស ៣).ការផ្តល់ថវិកាបន្ថែមសម្រាប់ឱសថជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម ៤). ការផ្គត់ផ្គង់បរិក្ខារពេទ្យ ៥). ការផ្តល់មធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ៦).ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ ៧).ការជ្រើសរើសគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសសម្រាប់បម្រើការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ៨).ការបង្កើនកញ្ចប់ថវិកាឆ្នាំ២០២៥ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និង៩).ការបង្កើនការចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គម ដូចជា៖ បាន ពង្រីកការគ្របដណ្តប់ នៃមូលនិធិសមធម៌សុខាភិបាល ទៅលើគ្រួសារងាយរងគ្រោះ កាលពីចុងឆ្នាំ២០២៣ ដែលជាការវិនិយោគលើការកែលម្អសុខភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប្រជាជនជាគោលដៅដទៃទៀត។ ជារួមលទ្ធផលជាវិជ្ជមាននៃការវិនិយោគលើការងារសុខភាព និងប្រព័ន្ធសុខាភិបាល ពិតជាបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពទាំងឡាយនៃ វិស័យសុខាភិបាលឆ្នាំ២០២៤ ដូចបានរៀបរាប់ខាងដើមពិតមែន៕អត្ថបទ៖រដ្ឋា 

ក្រសួងធនធានទឹកច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុនៅបរទេសដែលមានចេតនាទុច្ចរិត

2025/03/04 04:06:41 pm        171
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុមួយនៅបរទេសដែ លមានចេតនាទុច្ចរិតបំភាន់មតិសាធារណៈ។ តាមរយៈសេចក្តីបំភ្លឺរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលសម្រេចបាន ចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ សរុបចំនួនជាង២ពាន់ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតា ព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងសរុបចំនួនជាង៤ពាន់លានម៉ែត្រគូប។សេចក្តីបំភ្លឺដដែលបានបន្តថា តាមរយៈសមិទ្ធផលទាំងនេះ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ ព្រះរាជាណាចក្រម្ពុជា មានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ ២០២៤-២០២៥នេះ ការដាំដុះ ស្រូវប្រាំងនៅព្រះរាជាណាចក្រកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមាន ទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។ដោយពិនិត្យឃើញការដាំដុះស្រូវប្រាំង មានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលក្រសួងធនធានទឹកបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០% សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយសូមមេត្តាកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះ អាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។សេចក្តីអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លៃក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញដែលប្រការនេះធ្វើឱ្យមានការយល់ច្រឡំនៅក្នុងសាធារណមតិ។ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់គួសបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យផ្សេងទៀតដែរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមាន សមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូនទ្រ ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មាន សមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើ ការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់។តាមរយៈការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់លើវិស័យធនធានទឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករថា នៅដំណាច់ឆ្នាំ២០២៧ ក្រសួងធនធានទឹក និងឧតុនិយម នឹងបង្កើនសមត្ថភាពស្តុកទឹកបានប្រមាណ ១,០០០ លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបម្រើដល់ការស្រោចស្រពវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤

2025/03/04 03:36:53 pm        359
នៅមន្ទីរកិច្ចនារីខេត្ត ថ្ងៃទី០៤ ខែមីនា នេះ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។លោកជំទាវ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅ គ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិ យាបន្នដែលនៅក្នុងនោះ (ស្ត្រី គឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់ សិទ្ធិលើការសម្រេចចិត្ត អំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង យេនឌ័រលើស្ត្រី និងក្មេងស្រី ។លោកជំទាវ បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើក កម្ពស់សម ភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយប្រធានបទនេះ ក៏ផ្តោតសំ ខាន់ផងដែរលើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួ សារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាល ភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេស បង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ។លោកជំទាវ បាន ស្រីមុំ បានផ្ដាំផ្ញើ និងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល យកចិត្តទុកដាក់លើការងារបញ្ជ្រាបយេនឌ័រ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗ រួមមាន៖ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ ស្ត្រី, ២- ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ, ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រី និង ក្មេងស្រី, ៤- កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី, ៥- ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និង៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ ៕

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ស្ត្រីកម្ពុជា និងយោធិននារី​ក្នុងខ.ភ.ម. បាន​ចូលរួម​ចំណែក​យ៉ាងសកម្មក្នុងបុព្វហេតុកសាងអភិវឌ្ឍ និងការពារប្រទេសជាតិ

2025/03/04 03:24:44 pm        360
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម នាយករង​ខុទ្ទកាល័យ​សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះ​ស្រុក​កណ្តាល​ស្ទឹង បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ប្រព្រឹត្តប្រកបទៅដោយមោទក ភាពក្នុងបរិយា កាស ជាកិត្តិយសនិងស្និទ្ធស្នាលបំផុត នៅ​បញ្ជាការដ្ឋានអង្គរក្ស (ក្រុងតាខ្មៅ ខេត្តកណ្តាល) នារសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ​២០២៥​។ ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នេះជាការឆ្លុះ បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងជាពិសេសពីថ្នាក់ដឹកនាំ បញ្ជាការ​ដ្ឋាន​អង្គ​រក្ស ​គឺបានផ្តល់នូវតម្លៃនិងកិត្តិយស បានជួបជុំសួរសុខ ទុក្ខបងប្អូនយោធិននារី ក្នុងឱកាស​ប្រារព្ធ​ធ្វើពិធីអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃរំលឹកខួបសិទ្ធិ របស់នារី នៅ​លើសកលលោក។នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាន​ថ្លែងអ​បអរ​សាទរ​ខួប​លើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ហើយឯកឧត្តម ក៏បានលើកឡើងថា ផែន​ការ​យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា រក្រោមការ ដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីពង្រឹង និង​ពង្រីក​សក្តា​នុពល​លើ​គ្រប់​វិស័យ ក្នុងប្រទេស និងក្រៅប្រទេស ធានា​នូវ​កម្ម​វិធី​នយោបាយ​សេដ្ឋកិច្ច​សង្គម​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ ឈានទៅទំនើបកម្មជាសកល ស្មើមុខរស្មីមាត់ នៅលើឆាកអន្តរជាតិ និង​បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេស តាមរយៈ ការដាក់ចេញនូវការ អនុវត្តបន្ត នៅក្នុងក្របខ័ណ្ឌ គោលនយោបាយ រួម​ទាំង​យុទ្ធ​សាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​ក្រប​ខ័ណ្ឌ​គោល​ដៅ អភិវឌ្ឍប្រកបដោយចីរភាព ផែនការយុទ្ធសាស្ត្រ នារីរតនៈ ផែនការសកម្ម​ភាព​ជាតិ​ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងការបញ្ជាបយេនឌ័រ ក្នុងគោលនយោបាយ​កម្ម​វិធី​កំណែ​ទម្រង់​សាធារណៈសកម្មភាពជាតិតាមវិស័យ។ ម្យ៉ាងវិញទៀត សមភាពយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ក្នុងច្បាប់ រដ្ឋ​ធម្មនុ​ញ្ញ​ដែលជាច្បាប់កំពូលរបស់រដ្ឋ ព្រមទាំងច្បាប់នានា ដែលបានបញ្ចូលជាផ្លូវការក្នុងផែនការ យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាលទៀតផង។នាយ​ឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប នារី​ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី និងបងប្អូននារី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ត​ចូល​រួម​អនុវត្ត​ឱ្យ​បាន​ល្អ តាមកម្មវិធីនយោ បាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងប្រធាន បទ​ខាង​លើ​។ ថែរក្សានូវតម្លៃស្ត្រីខ្មែរ ហើយពួតដៃគ្នារវាងបុរស និងស្ត្រី ក្នុង​ការ​ការ​ពារ​យ៉ាង​មុត​មាំ​នូវ​សុខ​សន្តិភាព​ ឱ្យបានស្ថិតស្ថេរ គង់វង្សជារៀងរហូត៕

ប្រធានមន្ទីរការងារខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋ​អញ្ជើញមកចុះឈ្មោះទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាស

2025/03/04 02:52:38 pm        140
ស្វាយរៀង ៖ ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុខឿន នៅក្នុងពេលចូលរួមជាមួយក្រុមការងារអន្តរមន្ទីរចុះពិនិត្យការត្រៀមរៀបចំ បើកដំណើរការរបស់រោងចក្រមួយកន្លែងបន្ថែមទៀតស្ថិតនៅក្នុងស្រុកស្វាយជ្រំ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនយុវនារី ក្នុងនិងក្រៅខេត្តសូមអញ្ជើញចុះឈ្មោះនៅតាមសាលាឃុំ/សង្កាត់ដែលបងប្អូនរស់នៅ ដើម្បីបង្ករលក្ខណៈឲ្យក្រុមការងារចុះធ្វើសម្ភាសន៍ ផ្ដល់ការងារជូនបងប្អូនធ្វើ ខណៈដែលរោងចក្រ សហគ្រាសនៅក្នុងភូមិសាស្ត្រខេត្តមានតម្រូវការកម្លាំងពលកម្មជាង១៥ពាន់នាក់បន្ថែមដើម្បីបម្រើការងារបន្ទាប់ពីអ្នកវិនិយោគក្នុងនិងក្រៅប្រទេសបានចូលមកកសាងរោងចក្រនៅក្នុងភូមិសាស្ត្រខេត្តមានការកើនឡើងជាបន្តបន្ទាប់។ លោកអ៊ូ សុខឿន ប្រធានមន្ទីរការងារបានមានប្រសាសន៍បញ្ជាក់ថា ខេត្តស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកអោយមានតំបន់សេដ្ឋកិច្ចពិសេសរហូតមកដល់ឆ្នាំ២០២៥ នេះមានរយៈពេល២០ឆ្នាំហើយក្នុងនោះក្រុមអ្នកវិនិយោគ បានចូលមកកសាងរោងចក្រសហគ្រាស គ្រឹះស្ថាន ទាំង១១តំបន់សេដ្ឋកិច្ចពិសេស មានចំនួន សរុប ១ពាន់៣កន្លែង មូលដ្ឋានផលិត  បង្កើតការងារអោយកម្មករ និយោជិត ធ្វើស្រូបបានកម្រៃពលកម្មពីរោងចក្រសហគ្រាសមានចំនួន១សែន ៤ម៉ឺន ០ពាន់២០៩នាក់។

សម្ដេចធិបតី៖ វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​កម្ពុជាបានរីកចម្រើនគួរជាទីមោទនៈ​ខណៈ​អាកាសចរណ៍អន្តរជាតិធំៗពីរនឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និង​ទីក្រុងភ្នំពេញ

2025/03/04 02:30:57 pm        425
វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ​ បានរីកចម្រើនគួរជាទីមោទន​: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន​៖​ ១/​ ជើងហោះហើរតួគីអ៊ែរឡាញ​ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥​ និង​ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកចំនួនហោះហើរ​ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។ ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖១/​ ជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។ ២/​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋ បាល​ពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប។ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន​ ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។ ជាមួយគ្នានេះ​ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕ 

សម្ដេចធិបតី៖ ការស្រាវជ្រាវប្រមូលទិន្នន័យ ព័ត៌មាន បានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ជាកិច្ចការដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្ត និងរៀបចំគោលនយោបាយត្រឹមត្រូវ

2025/03/04 02:16:23 pm        154
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ "យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព" នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥, និង សង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ, ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ; ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ; និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

សម្តេច ឃួន សុដារី៖ សិទ្ធិស្រ្តីនៅកម្ពុជាបានលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន និងបន្តការពារលើកតម្កើងដោយសម្តេចធិបតីនឹងចាត់ទុកស្រ្តីជាបេះដូងនៃគ្រួសារ

2025/03/04 02:10:59 pm        161
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ នៅក្នុងឱកាសនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ សម្តេច ប្រធានរដ្ឋសភាបានលើកឡើងពីលទ្ធផលជាច្រើនដែលរដ្ឋសភានិងរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវអំណរគុណនិងការដឹងគុណជូន សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានស្វែងរកសន្តិភាពជូនពលរដ្ឋ។ ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។  សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចាប់តំាងពីថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩មក រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលសម្តេចនៅជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ តែងតែមានប្រសាសន៍ថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងថា ជួយស្រ្តីដូចជួយខ្លួនឯង»។ ចំណែករាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចបវរធិបតីក៏បានមានប្រសាសន៍ផងដែរថា  «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍គូសបញ្ជាក់ថា     សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញនិងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល នឹងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តី គឺជាស្នូល។ រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។  លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏ដូចជារដ្ឋសភាទំាងមូល ដែលជានិច្ចកាល បានគាំទ្រ ការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារសិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយចូលរួមចំណែកយ៉ាងសកម្ម ក្នុងការតាមដានការអនុវត្ត ព្រមទាំងការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីច្បាប់ និងសិទ្ធិរបស់ខ្លួន ដែលនេះជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងនីតិរដ្ឋ និងពន្លឿនកិច្ចអភិវឌ្ឍសង្គមប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ល្អ ចំណេះដឹងខ្ពស់ និងមានសីលធម៌។ ការបន្តគាំទ្ររបស់រដ្ឋសភា ចំពោះការអនុម័ត និងជំរុញការអនុវត្តគោលនយោបាយ លើកកម្ពស់ សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់និងចាំបាច់ជាទីបំផុត ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ចំណែកឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិធីអបអរសាទរទិវាអន្តរជាតិដែលរដ្ឋសភារៀបចំនៅពេលនេះ ជាឱកាសដ៏ប្រសើរ ក្នុងការអបអរសាទរ នូវសមិទ្ធផលសំខាន់ៗនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ដោយមានក្រសួងកិច្ចការ នារីជាសេនាធិការ និងការរួមវិភាគទានដ៏មានតម្លៃរបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ប្រាកដនិយម រយៈពេលជាច្រើនទសវត្សរ៍ ដោយមានច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត យន្តការដឹកនាំនិងសម្របសម្រួល និងយុទ្ធនាការ ដូចភ្លៀងរលឹម បានធ្វើឱ្យមានការទទួលស្គាល់គ្រប់វណ្ណៈសង្គម ពីសិទ្ធិ សមភាព និងតួនាទីដ៏សំខាន់របស់ស្រ្តី ក្នុងការដឹកនាំ ធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការចូលរួមក្នុងឆាកនយោបាយ វិស័យឯកជន និងតួនាទី ក្នុងសង្គម និងគ្រួសារ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពកោតសរសើរ និងអបអរសាទរ ចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលសម្រេចបានរហូតមកដល់ពេលនេះ។ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភានាពេលនេះ សរបញ្ជាក់យ៉ាងច្បាស់ ពីឆន្ទៈមោះមុត ក្តីស្រលាញ់ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះ ការផ្តល់សិទ្ធិ ការលើកកម្ពស់យេនឌ័រ ការផ្តល់ភាពអង់អាច និងការគាំពារដល់ស្រ្តី និងកុមារី គ្រប់រូប ទាំងនៅលើឆាកអន្តរជាតិ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អស់ពេលជាច្រើនទសវត្សរ៍កន្លងមកនេះ សម្តេចប្រធានរដ្ឋសភា បានលះបង់ទាំងកម្លាំងកាយចិត្តមិនរាថយ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ តាមរយៈ ការជំរុញការអនុម័តច្បាប់ និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនានា លើការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ជាដើម រួមនឹងការតស៊ូមតិ កិច្ចសន្ទនា និងការដឹកនាំយុទ្ធនា នានា ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងតួនាទីដឹកនាំ និងឆាកនយោបាយ ជាដើម។ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត។ ទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បី ពន្លឿនវឌ្ឍនភាព ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕

ក្រុមហ៊ុនចំនួនពីរ សហការសិក្សាគម្រោងលើការបង្កើតសួនកែច្នៃកាកសំណល់បង្កើតថាមពលស្អាត

2025/03/04 01:55:41 pm        193
ក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering សហការសិក្សាគម្រោង លើការបង្កើតសួនកែច្នៃកាកសំណល់ នៅរាជធានីភ្នំពេញ ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង នៃគម្រោងបង្កើតថាមពលស្អាត ដែលមានតម្លៃ សមរម្យ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំ ដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ នៃ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ-ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់ រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលគម្រោងនេះត្រូវសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និង ក្រុមហ៊ុន Sage Engineering។ តាមរយៈបទបង្ហាញនេះដែរ, អ្នកជំនាញបានជម្រាបអំពីព័ត៌មានជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូល, បច្ចុប្បន្នភាពនៃការ សិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានា សម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងចេញជាថាមពលសម្រាប់ប្រើប្រាស់បន្ត។ សូមជម្រាបដែរថា ជុំវិញគម្រោងខាងលើនេះ ក្រុមហ៊ុនទាំងពីរនិងសហការសិក្សាគម្រោងនេះឡើងក្នុងគោលបំណងរួមមាន៖ (១) បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី, (២) បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង(៥) ពង្រឹងការគ្រប់គ្រងថ្លៃដើម ក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM