អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពកកម្ពុជាជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក

2025/02/24 07:22:49 pm        48
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះបានពិភាក្សាគ្នាជា ច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏បានពិភាក្សាអំពីការរៀបចំធ្វើសមយុទ្ធឆ្មាំអង្គររបស់កងទ័ពនៃប្រទេសទាំងពីរឡើងវិញផងដែរ ក្រោយខកខានអស់រយៈពេល៨ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅកម្ពុជា ការចូលចតនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិន្ទបានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាមេរិកជាដើម។ ឯកឧត្តមបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងបន្ថែមសមត្ថភាព។ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំណូមពរកិច្ចការមួយចំនួនដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមនឹងវគ្គទំនាញមួយចំនួនទៀត។ ទន្ទឹមនេះ ឯកឧត្តមបានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានលើកឡើងពីសំណូមពរនានានៅកិច្ចការដែលកងទ័ពប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានសន្យាថានឹងពាំនាំនូវសំណូមពរទាំងនេះទៅពិភាក្សានៅឯបញ្ជាការក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និងការប្រឆាំងភេរវកម្មជាដើម។ លោកមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលខុសត្រូវដល់បុគ្គលិកជនជាតិអាមេរិកបាត់ខ្លួនលើទឹកដីកម្ពុជា ក្នុងការបន្តស្វែងរកអដ្ឋិធាតុដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារអ្នកទាំងនោះវិញ។ចំពោះសំណូមពរធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានគូសបញ្ជាក់ពីកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕អត្ថបទបាន ចក់រូបភាព កងទ័ព(រូបភាពវង្ស ពិសេន)

រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ

2025/02/24 05:14:45 pm        102
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។ ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានវត្តមានចូលរួមពី ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសិស្សវិទ្យាល័យកំពង់ធំ សរុបជាង ១៧០០នាក់។ ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កាដែលសិស្ស និស្សិតជ័យលាភីទាំងអស់ទទួលសញ្ញាបត្រនាពេលនេះ ដើម្បីជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ សមិទ្ធផលនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ចំណុចស្នូលនៃការសិក្សារបស់ TVET គឺរៀនទ្រឹស្តីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្តែង ក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។ ទន្ទឹមនេះ កម្មវិធី TVET គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញយ៉ាងសកម្មជាមួយនឹងមន្ត្រីថ្នាក់ជាតិ ខេត្ត ក៏ដូចជារាល់បណ្ដាគ្រឹះស្ថាន TVET នានាទូទាំងប្រទេស ដើម្បីយុវជនជំនាន់ក្រោយ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងនៅទូទាំងប្រទេស។  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជន ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអាចចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ស្របទៅនឹងទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើ និងប្រាក់ចំណូលសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈអគារសិក្សាថ្មីនៃវិទ្យាស្ថានពហុបច្ចេកទេសវិទ្យាខេត្តកំពង់ធំ ដែលមានកម្ពស់៥ជាន់ បំពាក់ដោយសម្ភារៈ បរិក្ខាសិក្សាទំនើបៗ នឹងកាន់តែជំរុញគុណភាពសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្ស និស្សិតក្នុងខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនកុំព្យូទ័រចំនួន ៤០គ្រឿង ដែលជាអំណោយរបស់សម្តេចមហាបរវរធិបតី ជូនដល់វិទ្យាល័យកំពង់ធំ សម្រាប់ឱ្យគ្រូ និងសិស្សក្នុងវិទ្យាល័យនេះធ្វើការសិក្សាស្រាវជ្រាវមុខវិជ្ជាផ្សេងៗ ជាពិសេសការសិក្សាស្វែងយល់កាន់តែច្បាស់ពីវិស័យ TVET៕

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុកអតីតយុទ្ធជន និងពិនិត្យទីតាំងដីប្រើប្រាស់ច្រើនយ៉ាង

2025/02/24 05:02:14 pm        463
ត្បូងឃ្មុំ៖ ដើម្បីជាលើកទឹកចិត្តចំពោះគ្រួសារអតីតយុទ្ធជន ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ​បានអញ្ជើញ​ចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដែលរស់នៅ​ផ្ទះអតីតយុទ្ធជន ព្រមទាំងទីតាំងតំបន់ដីប្រើប្រាស់ច្រើនយ៉ាង ​ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ។ ជាមួយការចុះសួរសុខទុកនេះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកទឹកចិត្តដល់​គ្រួសារ​អតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំផ្ទះ ​និងដីឱ្យបានល្អ ​ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាព​ប្រសើរជាងមុនតាមរយៈការដាំដុះ ​និងចិញ្ចឹមសត្វ ដើម្បីទទួល​បាន​ចំណូល​ប្រចាំថ្ងៃ​សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។

ពលរដ្ឋក្រីក្រពិការភាព នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

2025/02/24 04:50:37 pm        454
បន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យលើកទី១៨ ត្រូវបានប្រគល់ជូនអ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសារពិការក្រីក្រ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមមធិបតីភាពឯកឧត្តម អុំ រាត្រី ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ។លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ក្រុមប្រតិបត្តិសាខាបាន​សហការជាមួយអនុសាខាក្រុង​ អាជ្ញាធរមូលដ្ឋាន ​បានចុះប៉ាន់ប្រមាណ តម្រូវការ របស់គ្រួសារ​អ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រនិងពិការ មាន​មុខរបរដើររើសអេតចាយ​ ហើយរស់នៅម្នាក់ឯងប៉ុណ្ណោះ ​ដោយពិនិត្យឃើញពីការលំបាកក្រីក្រ និងពិការផងនោះ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចផ្ដើមធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ទំហំទទឹង ៤ម៉ែត្រ ​បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ ​សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំង​ស័ង្កសី បាតចាក់ស៊ីម៉ង់ត៍ និងបង្គន់អនាម័យ១ ក្នុងនោះ​បានចំណាយ​សរុបអស់ថវិកា​ចំនួន ២,១៧៤ ដុល្លារ​សហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ​កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌​ ធំជាង​គេនៅព្រះរាជា​ណា​ចក្រកម្ពុជា ហើយការអនុវត្តគម្រោងសង់ផ្ទះ ​ជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជា​បានលើកកម្ពស់និងគុណតម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំប្រកបដោយគុណធម៌មនុស្សធម៌។ឯកឧត្តម បានបន្តថា ការផ្ដល់ផ្ទះមនុស្សធម៌ ឬក៏ផ្ដល់អំណោយ​មនុស្សធម៌ផ្សេងៗ ដល់បងប្អូន​ងាយ​រងគ្រោះ ក្រីក្រចាស់ជរាគ្មាន​ទីពឹងនោះ ថវិកា​ សម្ភារៈ ​បានមកពីការ​បរិច្ចាគ​ពីសំណាក់ឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា អស់លោក លោកស្រី ព្រះសង្ឃ មន្ត្រីរាជការ ​និង​កងកម្លាំង​ប្រដាប់អាវុធ សប្បុរសជននានា ​ជារៀងរាល់ឆ្នាំតែងតែផ្ដល់ជូនតាមរយៈសាខាកាក​បាទក្រហមខេត្ត ហើយ​សាខាកាកបាទក្រហមខេត្ត ​និងផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋឲ្យចំគោលដៅ ​មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ក្រោយពីប្រគល់ផ្ទះក្រុមការងារក៏បានផ្ដល់នូវ ​សម្ភារៈអំណោយបន្ថែមជូនដល់អ្នកស្រី ឯក សារ៉ូ រួមមានអង្ក ៥០គីឡូក្រាម ត្រីខ ១យួរ មុីជាតិ ១កេស ទឹកត្រី មុង ភួយ សារុង ក្រមា ​ទឹកសុទ្ធ ធុងទឹក ៦០លីត្រមួយ ឆ្នាំង ចាន ស្លាបព្រា ​កន្ទេលជ័រ​ និងថវិកាមួយចំនួន ។ ដោយឡែក​ប្រជាពលរដ្ឋ ខ្វះខាតចំនួន ១០ គ្រួសារទៀតទទួលបានពីព្រះមន្ត្រីសង្ឃក្នុងក្រុងប៉ោយប៉ែត ម្នាក់ៗ​ទទួលបាន អង្ករ ២០គីឡូក្រាម ឃិត ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ៣ម៉ឺនរៀល និងអ្នកស្រី ឯក សារ៉ូ ទទួលបានថវិកាបន្ថែមពីព្រះមន្ត្រីសង្ឃចំនួន ៦០ម៉ឺនរៀលផងដែរ៕ 

សមិទ្ធផលថ្មីៗជាច្រើនរបស់សាលាខេត្តឧត្ដរមានជ័យ ត្រូវបានក្រុងពាលីសាងសង់នៅថ្ងៃនេះ

2025/02/24 04:33:28 pm        417
ឧត្តរមានជ័យ៖ អគារដ្ឋបាលសាលាខេត្ត ផ្ទះមុខងារ ថ្នាក់ដឹកនាំ អគារស្នាក់នៅរួមរបស់មន្ត្រីរាជការ និងគម្រោងជួសជុលពង្រីកសាលប្រជុំធំសាលាខេត្ត ត្រូវរៀបចំពិធីក្រុងពាលីសាងសង់ឡើង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះ ក៏មានការចូលពីថ្នាក់ដឹកនាំ មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។ក្នុងពិធីនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការសាងសង់អគារថ្មីនេះ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្ត និង​មានការ​ចូលរួមពីសំណាក់​សប្បុរសជន​មួយចំនួន ដោយកំណត់ធ្វើឲ្យហើយរួចរាល់​ ក្នុងរយៈពេល១ឆ្នាំ ​និង​សម្ពោធដាក់​ដំណើរការ​ប្រើប្រាស់ជាផ្លូវការ ​ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការទាំងអស់ក្នុងសាលាខេត្ត មាន​កន្លែងធ្វើការស្រួល ​កន្លែងស្នាក់នៅប្រកបទៅដោយមានផាសុខភាព ​ជាពិសេសក៏បានចូលរួម​កាត់​បន្ថយនូវការចំណាយរបស់មន្រ្តីរាជការសាលាខេត្ត ទៅលើការជួលកន្លែងស្នាក់​នៅខាងក្រៅផងដែរ។ឯកឧត្ដមអភិបាលខេត្ត បន្តថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារ​អគារចាស់​មានទំហំតូច ​និង​ចាស់​ទ្រុឌទ្រោម ដែល​មិន​អាចបំពេញ​តម្រូវការស្ថានភាពការងារ​នាពេល​បច្ចុប្បន្នបាន។តួយ៉ាង​អគារថ្មីនេះ ​នឹងជួយឲ្យមានភាពងាយស្រួល​ក្នុងការបំពេញការងារ និងផ្តល់​សេវាជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាពខ្ពស់។គួរបញ្ជាក់ថា អគារ០៤ខ្នងដែលកំពុងសាងសង់ថ្មីនេះ ​មានដូចជា ​អគាររដ្ឋបាលសាលាខេត្ដ មាន​ទំហំបណ្ដោយ ៤១ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ ​មានកម្ពស់២ជាន់​ និងផ្ទះមុខងាររបស់​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអគារស្នាក់នៅរួម​របស់​បងប្អូន​មន្រ្ដីរាជការសាលា​ខេត្តឧត្តរមានជ័យផងដែរ៕ 

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពង់ឆ្នាំង​ប្រគល់វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុចំនួន ៩៨២៥ បណ្ណជូនពលរដ្ឋ ចំនួន ៤១៩៩ គ្រួសារ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ

2025/02/24 04:20:50 pm        468
នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ ៨២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ១៩៩ គ្រួសារ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ឯកឧត្តម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៥៧នាក់។ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍សង្ខេបស្ដីពី លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយបានបញ្ជាក់ថា ការចែកបណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៩ ៨២៥បណ្ណ ស្មើនឹង ៤ ១៩៩គ្រួសារ ក្នុងនោះមាន ភូមិចំការស្វាយ មានចំនួន ៣ ០៦៩បណ្ណ ស្មើនឹង ១ ១៨៤គ្រួសារ, ភូមិខ្នាច មានចំនួន ២ ០៦៩បណ្ណ ស្មើនឹង ៨២០គ្រួសារ, ភូមិវត្តសេដ្ឋី មានចំនួន ១ ៤៩៧បណ្ណ ស្មើនឹង ៨១៥គ្រួសារ, ភូមិអង្គ្រង មានចំនួន ១ ១៦៤បណ្ណ ស្មើនឹង ៥៣៣គ្រួសារ, និងភូមិពារាជ្យ មានចំនួន ២ ០២៦បណ្ណ ស្មើនឹង ៨៤៧គ្រួសារ។ បន្ទាប់មក ឯកឧត្តម ស៊ុន ស៊ុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ធ្វើឱ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានសម្ដែងនូវការអបអរសារទរ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាឱកាសនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាឱកាសនេះ។បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងការស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អង្គពិធីដ៏អធិកអធម និងមានអត្ថន័យនាថ្ងៃនេះ ប្រព្រឹត្តឡើងបានដោយសារគុណបំណាច់នៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពីធីនេះផ្ទាល់។ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលសម្រេចបានជាបន្ដបន្ទាប់នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេស ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានលឿន និងមានប្រសិទ្ធភាព។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ដទៀតថា ការងារចុះបញ្ជីដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្នែកមួយដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី បញ្ចៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដី, ជាវត្ថុសម្គាល់កម្មសិទ្ធិករស្របច្បាប់ពេញលេញ ជូនអ្នកកាន់កាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការ, ចូលរួមចំណែកធ្វើឱ្យតម្លៃដីអចលនទ្រព្យកើនឡើង, ជាការកំណត់ប្រភេទដី, បង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំដីធ្លីឱ្យមានសណ្តាប់ធ្នាប់ល្អ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប,និងជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្ត។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍ជូនដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តជំរុញបញ្ចប់ការងារវាស់វែងតាមផែនការដែលបានកំណត់ ដើម្បីឈានទៅរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ និងសម្រេចបានខេត្តកំពង់ឆ្នាំង ជាខេត្តបន្ទាប់ បានបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១០០% ព្រមទាំងបានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព៕

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នងជូនគ្រួសារអតីតយុទ្ធជននៅភូមិជីកដី ស្រុករមាសហែក

2025/02/24 04:11:57 pm        433
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នងជូនគ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ស្រុករមាសហែក។បន្ទប់ពីចប់កម្មវិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីនៅស្រុករំដួល នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក។សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច,ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងអធិការកិច្ច,ឯកឧត្តម អភិបាលរងខេត្ត,លោក ប្រធានការដ្ឋានសាងសង់លំនៅដ្ឋាន,លោកប្រធានមន្ទីរពាក់ព័ន្ធ, លោកអភិបាលស្រុករមាសហែក និងសហការី,លោកអធិការនគរបាលស្រុករមាសហែក និងសហការី,លោកមេបញ្ជាការផ្នែកសឹករងស្រុករមាសហែក និងសហការី,លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកនិងសហការី,លោកស្រីមេឃុំអណ្ដូងក្របែកនិងសហការី,លោកនាយប៉ុស្តិ៍នគរបាលអណ្ដូងត្របែកនិងសហការី,លោកមេភូមិ អនុភូមិ សមាជិកភូមិជីកដី គណៈគ្រប់គ្រងផ្ទះ ៤០០ខ្នង និងប្រជាការពារ,សរុប១៥០ នាក់ ស្រី១៥នាក់៕

កម្ពុជា ដឹកនាំកិច្ចប្រជុំរៀបចំផែនការលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយ​ក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25)

2025/02/24 04:00:46 pm        416
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក Lee Yam Ming នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា។ នាឱកាសនោះ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសេចក្តីសោមន្សរីករាយចំពោះការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលចូលរួមក្នុងពេលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ ថ្លែងថា ប្រទេសកម្ពុជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ ពិសេសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នឹងសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយមជ្ឈមណ្ឌល AHA ឱ្យទទួលបានជោគជ័យ និងតបតាមស្មារតីរួមរបស់អាស៊ាន។ឯកឧត្តម គីម វីរៈ បញ្ជាក់ថា តំបន់អាស៊ានស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតបណ្តាលមកពីអាកាសធាតុ និងគ្រោះថ្នាក់ធម្មជាតិ ដោយសារការប្រែប្រួលអាកាសធាតុ។ ជាមួយបញ្ហានេះ ឯកឧត្តម គីម វីរៈ បញ្ជាក់ថា ការខិតខំរបស់អាស៊ានសម្រាប់តួនាទីលើការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងមានសារៈសំខាន់ណាស់ ពិសេសក្នុងពេលអនុវត្ត ARDEX ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទាំងក្នុង និងក្រៅតំបន់។ ឯកឧត្តម គីម វីរៈ លើកឡើងថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA ក្នុងគោលបំណងធ្វើលំហាត់ដ៏ទូលំទូលាយ រួមទាំងលំហាត់លើតុ (TTX) លំហាត់បញ្ជាការប្រកាស (CPX) និងលំហាត់ហ្វឹកហ្វឺនលើវាល (FTX) ដែលទាំងអស់នេះជាការសាកល្បងយ៉ាងហ្មត់ចត់ និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់។ ឯកឧត្តម គីម វីរៈ រំពឹងថា ការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នឹងពង្រឹងយន្តការក្នុងតំបន់របស់យើង និងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយរបស់យើង ជាពិសេសសម្រាប់ជំនួយក្នុងតំបន់ ឬអន្តរជាតិ៕

លោក ទូច សុខៈ៖ រាជរដ្ឋាភិបាលកម្ពុជាតាំង​ពីអាណត្តិមុនៗ​ដល់អាណត្តិនេះ​បានអនុវត្ត​យ៉ាង​សកម្ម​លើការបង្ក្រាបករណីជនបរទេសប្រតិបត្តិការសកម្មភាពអនឡាញខុសច្បាប់នៅកម្ពុជា

2025/02/24 03:55:34 pm        545
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ បានបញ្ជាក់ទាក់ទងនឹងការបង្ក្រាបករណីជនបរទេសប្រតិបត្តិការសកម្មភាពអនឡាញខុសច្បាប់នៅកម្ពុជា ថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើរឿងតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលអាណត្តិមុនៗ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។ លោក ទូច សុខៈ បានឱ្យដឹងថា ចំពោះករណីនេះនៅប្រទេសថៃ ឃើញថា រដ្ឋាភិបាលថ្មីចាប់ផ្ដើមធ្វើរឿងនេះដែរ ដើម្បីបង្ហាញឆន្ទៈ ពិសេសទប់នឹងការវាយប្រហារពីបក្សប្រឆាំងខ្លួនដែលឆ្កឹះប្រធានបទជាច្រើនដាក់បន្ទុកដល់រដ្ឋាភិបាលឬបក្សកាន់អំណាច។ ចំពោះកិច្ចសហការលើការបង្ក្រាបករណីនេះ ក៏មានតាំងពីយូរមកហើយដែររវាង កម្ពុជា ថៃ ឡាវ និងវៀតណាម រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងបី។ លោក ទូច សុខៈ បន្ថែមថា ពោលគឺ តែងប្រជុំប្រចាំឆ្នាំជាប្រពៃណី និងកិច្ចសហការជាប្រចាំថ្ងៃទាំងការបញ្ជូនព័ត៌មានឱ្យគ្នា និងកិច្ចសហការបង្ក្រាបបទល្មើស ដែលទទួលបានប្រសិទ្ធភាពជាទីមោទក។ លោកបញ្ជាក់ថា៖«បើគ្រាន់តែឃើញប្រទេសជិតខាង ដាក់ចេញវិធានការនេះវិធានការនោះ រួចមកភ្ជាប់កម្មជាក្នុងន័យអវិជ្ជមាន នោះជាការលើកឡើងពុំបានមើលឱ្យគ្រប់ជ្រុងជ្រោយ»។ បើតាមការបញ្ជាក់របស់លោក ទូច សុខៈ កម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ បណ្ដាប្រទេសផ្សេងៗ ក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមកទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស...។ ជារួមករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នា ហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន និងគ្រប់គ្រងបាន។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាងបីខែកន្លងមក។ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជា ដ៏ម៉ឺងម៉ាត់បំផុតរបស់ ឯកឧត្តមរអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។ចំណែក ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។ ជនបរទេសទាំងនោះកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុង ស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។បើតាម អគ្គស្នងការដ្ឋាននគរបាលជាតិ ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅ ស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង​កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2025/02/24 03:46:31 pm        370
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព,​ ស្ថិរភាពនយោបាយ,​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្តមយីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន​ និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​​ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ,​ បក្ស និងប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ និង​ គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថារដ្ឋធានប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត​ ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យ​កម្ពុជា-ចិន។ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តម យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM