កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម
យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យធម្មនុញ្ញភាពលើសំណើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងរបស់ព្រឹទ្ធសភា​ក្នុងសប្តាហ៍ក្រោយ

2025/01/17 02:18:05 pm        225
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យធម្មនុញ្ញភាពលើសំណើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាក្នុងសប្តាហ៍ក្រោយនេះ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំស្តាប់ការបំភ្លឺពី លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្រោយព្រឹទ្ធសភាបានអនុម័តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥។ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកំណត់យក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខ ដើម្បីបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពលើសំណើនេះ។ ជុំវិញសេចក្តីស្នើធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ។សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី “នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំង រចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។បន្ថែមលើនេះ សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុស ត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ច សង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយ របស់ព្រឹទ្ធសភានីតិកាលទី៥៕

កម្ពុជាឈ្នះមេដាយចំនួន ២ នៅក្នុងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ រៀបចំឡើងនៅប្រទេសថៃ

2025/01/17 01:47:16 pm        154
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)2. កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗចំនួន ១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក រួមមាន ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក គម្រោងទាំងពីរ ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពផ្ដាច់ព្រាត់ផ្សេងទៀត ហើយជាលទ្ធផល “កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ” ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថលល្អបំផុតរបស់អាស៊ាន និង “Tenbox ” ទទួលបានជ័យលាភី មេដាយប្រាក់ លើដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតរបស់អាស៊ាន។ក.ប.ទ. សូមជម្រាបជូនផងដែរថា “កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ” គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់កុមារនិងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ គូសបញ្ជាក់ផងដែរថា កន្លងមក “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍” ក៏ធ្លាប់បានឈ្នះពានរង្វាន់ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដូចជាជ័យលាភី “Best Digital Research and Innovation of the Year” ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ និងទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ ចំពោះ “កម្មវិធី Tenbox” ជាផលិតផលនវានុវត្តន៍ឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ច ប្រើប្រាស់ដើម្បីស្វែងរក ជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស។ គូសបញ្ជាក់ថា “កម្មវិធី Tenbox” ក៏ជាម្ចាស់ជ័យលាភីធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ ផងដែរ។

នាវាទេសចរណ៍បរទេសមួយគ្រឿងផ្ទុកមនុស្សជិត ២.០០០នាក់ ចូលសំចតទស្សនកិច្ចនៅខេត្តព្រះសីហនុ

2025/01/17 12:53:40 pm        113
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ បានចូលសំចតដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ។ លោកបន្តថា នាវាទេសចរណ៍ ឈ្មោះ RIVIERA សញ្ជាតិ MARSHALL ISLAND ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១.៨៨៦នាក់ ក្នុងនោះមាននាវិកសរុបចំនួន ៧៥៦នាក់ បានចូលចតនៅ ក.ស.ស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេស​វៀតណាម នៅយប់ថ្ងៃដដែល។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេនៅលើនាវា​ទេសចរណ៍នេះ គឺជនជាតិអាមេរិក និងជនជាតិកាណាដា ។ លោក បន្ថែមថា នាវាទេសចរណ៍នេះ ​មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាស​ឱ្យភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌​រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ​ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នក​លក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។

ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី

2025/01/17 12:33:40 pm        126
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន “ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន”។អំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងមានជំនួបជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕

ប្រធានសមាគមអ្នកចិញ្ចឹមសត្វថាតម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះអាចហក់ឡើងដល់ជាង ១ម៉ឺនក្បាលក្នុងមួយថ្ងៃ

2025/01/17 12:13:12 pm        198
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់ សម្រាប់បម្រើការហូបចុក នឹងអាចហក់ឡើងខ្ពស់ ក្នុងរង្វង់ពី ៩ ពាន់ក្បាល ទៅ ១ ម៉ឺន ១ ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទួច ដោយមិនលើស ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនោះឡើយ។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម និងការផ្គត់ ផ្គង់ជ្រូករស់ មាន់ ទា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃចិន នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមលក្ខណៈគ្រួសារ កម្ពុជាមាន កសិដ្ឋាន ចិញ្ចឹមធំៗជាច្រើនកន្លែង ប្រកបដោយស្តង់ដារ, បានន័យថា វិស័យចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូក បានកំពុងរីក ចម្រើនគួរឲ្យកត់សម្គាល់។ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលជិតឈានមកដល់នេះ, លោក រំពឹងថា តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារ អាចកើន ឡើងក្នុងរង្វង់ប្រមាណពី ៩ ពាន់ក្បាល ទៅ ១ ម៉ឺន ១ ពាន់ក្បាល ក្នុងមួយថ្ងៃ ទោះបីការកើនឡើងក្នុងរង្វង់ដូចជម្រាបជូនខាងលើនេះ ក៏ដោយ ក៏កម្ពុជាមិនខ្វះជ្រូករស់សម្រាប់ផ្គត់ផ្គង់នោះទេ ខណៈកសិករក៏បានត្រៀមរួចជាស្រាច់ នៅពេលដល់រដូវបុណ្យម្តងៗ។ ចំពោះ តម្លៃផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារវិញ សម្រាប់សាច់ចំហៀប បច្ចុប្បន្នមានតម្លៃរង្វង់ពី ១២,០០០ ក្នុងមួយគីឡូក្រាម ក្នុងនោះចំពោះ ពាណិជ្ជករចែកចាយនៅលើទីផ្សារ មិនទាន់មានតម្លៃលើស ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនោះឡើយ ។ តែទោះបីយ៉ាងណា នៅក្នុង ឱកាសនេះ ក៏ជាផ្នែកមួយជួយដល់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ ។ ចំណែកតម្រូវការសត្វមាន់វិញ ទាំងមាន់ស្រែ និងមាន់ចិញ្ចឹមក្នុងកសិដ្ឋាន នៅក្នុងឱកាសនេះដែរ, នឹងអាចមានតម្រូវការហក់ឡើងរង្វង់ ១០ ម៉ឺនក្បាលក្នុងមួយថ្ងៃផងដែរ។លោក ស្រ៊ុន ពៅ បន្តលើកឡើងថា ស្របពេលការចិញ្ចឹមសត្វជ្រូកក្នុងស្រុកបានហក់ឡើង ចំណែកតម្លៃទីផ្សារលក់ចេញនាពេល កន្លងមកគឺបានស្រុតចុះខ្លាំង តែបច្ចុប្បន្នដោយរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែង និងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក និងស្របពេល រាជរដ្ឋាភិបាលកំពុងជំរុញទប់ស្កាត់នៃការនាំចូលសាច់បង្កកជាដើម ឃើញថា នៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ កម្ពុជាអាចផ្គត់ ផ្គង់សាច់ជ្រូក មាន់ ទា នៅក្នុងស្រុកបានពេញលេញ ដោយមិនមានការនាំចូលនោះឡើយ, នេះជាការបង្ហាញឱ្យឃើញពីការរីកចម្រើននៃ ការចិញ្ចឹមសត្វក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់មូស ដើម្បីចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម នៅឆ្នាំ២០២៥

2025/01/17 11:57:14 am        93
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី រួមជាមួយអង្គភាព ង.៧០ និងអាជ្ញាធរមូលដ្ឋាន បានចេញយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមខ្នងផ្ទះប្រជាជន សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់ អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម។

ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ

2025/01/17 11:15:25 am        144
ព្រឹត្តិការណ៍សំណេរអង្គរ លើកទី ២ នឹងរៀបចំជាថ្មី នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ នៅពី​មុខប្រាសាទអង្គរវត្ត។ ចំនួនបេក្ខជនចូលរួមនាពេលខាងមុខនេះ មានចំនួនរហូតដល់ជាង ១ ២០០នាក់ ក្នុងនោះបេក្ខជនដែលអាយុតិចជាងគេបំផុតគឺ អាយុ ៦ឆ្នាំ រីឯបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាងគេ ៨១ឆ្នាំ។ព្រឹត្តិការណ៍សំណេរអង្គរជាព្រឹត្តិការណ៍សរសេរតាមអានប្រចាំឆ្នាំ ដែលរៀបចំឡើងជាលើកទី ២ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ។ ការរៀបចំជាលើកទី ២ នេះ បានស្រូប​ទាញ​បេក្ខជន​ចូល​រួមជាង ១ ២០០នាក់ ដោយក្នុងនោះបេក្ខជនមកពីខេត្តសៀមរាប មានចំនួនច្រើន​ជាង​គេ បន្ទាប់មកគឺបេក្ខជន មកពីរាជធានីភ្នំពេញ និងបេក្ខជនពីខេត្ត បាត់ដំបង។គួរឱ្យចាប់​អារម្មណ៍ផងដែរ ការចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី ២នេះ មានបេក្ខជន​ដែល​វ័យ​ក្មេងជាងគេ គឺអាយុ ៦ឆ្នាំមកពី រាជធានីភ្នំពេញ រីឯកបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​គឺ​អាយុ ៨១ឆ្នាំ មកពីខេត្តបាត់ដំបង។ បេក្ខជនដែលវ័យចំណាស់ជាងគេឈ្មោះ ឡាច រិ ជា​ពលរដ្ឋ​មួយ​រូបដែលស្រឡាញអក្សរសាស្ត្រខ្មែរជាខ្លាំង។ក្នុងការចូលរួម​ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ គឺលោកមានគោលដៅ​ហេតុ​ផល​ច្បាស់​លាស់។ ហេតុផលទី ១ គឺដោយសារចិត្តស្រឡាញ់អក្សរសាស្ត្រខ្លួនឯង និងការចង់ឃើញ​យុវជន​ខ្មែរ​សរសេរអក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ។សម្រាប់ព្រឹត្តិការណ៍សំណេរអង្គរនាពេលខាងមុខនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា នឹងធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួតប្រជែង។គណៈកម្មការ​នឹង​ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាស​លទ្ធ​ផល​នៅ​រសៀលថ្ងៃដដែលនោះ។ ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១-៣ និងបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ដូចគ្នា និងជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗទៀតផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ជាការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

បច្ចុប្បន្នទីផ្សារស្រូវ អូអឹម មានតម្លៃក្រោម១ពាន់រៀល ខណៈស្រូវសែនក្រអូប​មានតម្លៃលើ ១ពាន់រៀលក្នុងមួយគីឡូក្រាម

2025/01/17 10:58:47 am        142
អ្នកប្រកបអាជីវកម្មក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់​ទីផ្សារ​ស្រូវ​ពូជ​ប្រភេទ អូអឹម (OM) គឺមានតម្លៃជាង៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ខណៈ​ស្រូវ​ពូជ​សែន​ក្រអូប និងស្រូវពូជប្រភេទផ្សេងៗទៀត មានតម្លៃជាង ១ពាន់រៀល ក្នុងមួយ​គីឡូក្រាម​។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៦ ខែមករានេះថា គិតមកដល់ពេលនេះ ការប្រមូល​ទិញ​ស្រូវ​របស់​បណ្តា​រោង​ម៉ាស៊ីនទាំ​ងតូច និងធំ បានដំណើរការយ៉ាងល្អប្រសើរ និងកត់សម្គាល់ឃើញថា ការ​ទទួល​ទិញ​ស្រូវ​ពូជ​ប្រភេទសែនក្រអូបមានតម្លៃខ្ពស់ជាងស្រូវពូជប្រភេទ អូអឹម។លោកបាន​លើក​ឡើងថា ចាប់ពីការប្រមូលផលស្រូវប្រាំង រោងម៉ាស៊ីន​នានា​បាន​ចាប់​ផ្តើម​បើក​ការ​ទទួល​ទិញ​ស្រូវ ដើម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ។ លោកបន្តថា តម្លៃនៃ​ការ​ទទួល​ទិញ​ស្រូវ គឺមានផ្សេងគ្នាទៅតាមទីតាំងខុសៗគ្នា ក្នុងនោះស្រូវពូជ អូអឹម ចន្លោះពី ៨៦០ ទៅ​៨៧០ ក្នុងមួយគីឡូ ដោយមានតម្លៃទាបជាងឆ្នាំមុន។ រីឯស្រូវសែនក្រអូប មានតម្លៃខ្ពស់ជាង អូអិម ប្រមាណ ២០០ ទៅ៣០០រៀល ក្នុងមួយគីឡូ។ ទាក់​ទិនតម្លៃខុសគ្នារវាងស្រូវពូជប្រភេទ អូអឹម និងស្រូវសែនក្រអូប លោក​អគ្គ​លេខា​ធិការ​សហព័ន្ធ​ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដោយសារក្លិន និងរសជាតិក្រោយកែច្នៃទៅជាអង្ករ។ ដោយ​ឡែក ចំពោះបញ្ហាធ្លាក់ថ្លៃស្រូវ អូអិម ឆ្នាំនេះ លោកបានបញ្ជាក់ថា ដោយ​សារ​មាន​បញ្ហា​ទីផ្សារ​ផលិត​នៅក្រៅប្រទេសផង និងចំណុចមួយទៀត ដោយសារឆ្នាំកន្លងទៅ ប្រជាកសិករ​ធ្លាប់​ទទួល​បាន​ថ្លៃ ហើយឆ្នាំនេះគាត់សម្រុកធ្វើលឿនពេក បើតាមកាពិតគាត់ត្រូវធ្វើ និង​នៅ​តំបន់​ខ្លះ​មិន​ត្រូវ​ធ្វើ ប៉ុន្តែគាត់ធ្វើឲ្យហើយ ដល់ពេលធ្វើលឿនពេកគឺចាលគ្នា ប៉ុន្តែបរិមាណស្រូវធ្វើឆ្នាំនេះ គឺ​លើស​ជាង​ឆ្នាំមុនច្រើន បើជាទម្លាប់គាត់ធ្វើដូចពីមុនរាល់ដង គាត់នឹងមិនចាលនោះទេ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «ការធ្វើស្រែ កសិករ​ត្រូវ​ពិនិត្យ​មើល​ទីតាំងរបស់គាត់ថាអំណោយផលធ្វើស្រូវពូជ អូអិម ក៏ធ្វើទៅ ប៉ុន្តែបើ​អំណោយ​ផល​ស្រូវ​សែន​ក្រអូប គួរចែកគ្នាធ្វើ បើកាលណាធ្វើទាំងអស់គ្នា នោះនឹងមានបញ្ហាដូចគ្នា ប៉ុន្តែ​បើ​គាត់​ធ្វើ​ផ្សេង ដូចជា អ្នកខាងនេះធ្វើស្រូវសែនក្រអូបខ្លះ ខាងនោះស្រូវស្រង៉ែខ្លះ និងផ្សេងទៀតធ្វើស្រូវ អូអិម ញ្ចឹងបញ្ហានឹងមិនទាល់ មានន័យថា យើងអាចជួយគ្នា ព្រោះរយៈពេលដាំដុះ មាន​អាយុ​ខុស​គ្នា ឧទាហរណ៍ អូអិម ៩០ថ្ងៃ ស្រង៉ែ៧៥ថ្ងៃ និងស្រូវសែនក្រអូប ១១៥ថ្ងៃ អញ្ចឹង​ពេល​វេលា​ក្នុង​ការ​ច្រូត​ខុសគ្នា នោះមិនចាល់ កាលណាយើងដាំប្រភេទដូចគ្នា ដល់ពេលទុំ គឺទុំទាំងអស់គ្នា គឺ​វា​ចាល​»។ខណៈកំពុងមានការផសផុលអំពីបញ្ហាការចាលស្រូវ និងបញ្ហាតម្លៃធ្លាក់ចុះរបស់ស្រូវពូជប្រភេទ អូអិម ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជា​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ធំ​ជាង​គេមួយទៅកាន់ទីផ្សារអន្តរជាតិបានប្រកាសប្រមូលទិញស្រូវ អូអឹម ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារ។ដោយ​ឡែក ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ដែលរោងម៉ាស៊ីន និងអ្នកនាំចេញដូចគ្នាខាងលើនេះ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងដែរថា ទោះបីជាពេលនេះទីតាំងស្តុកស្រូវមិនសូវមានច្រើន ប៉ុន្តែ​ដើម្បី​សម្រួល​ការ​លំបាករបស់ប្រជាកសិករ ក្រុហ៊ុនអាចទទួលទិញបានចន្លោះពី ៨ពាន់តោន ទៅ​១០​ពាន់​តោន សម្រាប់ស្រូវពូជ អូអឹម ៥៤ ៥១នេះ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លាន​ដុល្លារ​បន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជា​បន្ត​បន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកា​ចំនួន​ប្រមាណ​ជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម លី ធុជ ចូលរួម​ពិធី​បុណ្យ​ស​​ពរបស់លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុផ្ទុះមីន

2025/01/17 10:11:14 am        223
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួម​ក្នុង​ពិធី​បុណ្យ​ស​​ពរបស់ លោក ពៅ នេពីន ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​ជា​បុគ្គលិក​បោស​សម្អាត​មីន​​របស់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា គ្រោះថ្នាក់បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវ​ហេតុ​ផ្ទុះមីន។ ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំ​នូវ​សារ​រំលែក​មរណ​ទុក្ខដ៏​ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូន​ចំពោះ​ក្រុម​គ្រួសារនៃសព លោក ពៅ នេពីន ដែលបានពលីកម្ម​ក្នុង​ការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការងារ​បោសសម្អាតមីន ដើម្បីធានាបានឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទទួល​សុខ​សុវត្ថិភា​ព​ពី​គ្រាប់​មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅ​ជា​ដីមាស។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្ដមប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី

2025/01/17 09:31:31 am        169
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួល​ជួបជាមួយ​ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា​ការងារ​ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភា​នៃប្រទេស​ម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅ​ព្រះរាជា​ណា​ចក្រក​​ម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឲក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើង​ក្នុង​គោល​បំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និង​ស៊ី​ជម្រៅប​ន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយ​តម្កល់​ផល​ប្រយោជន៍​រប​ស់​ប្រជាជន និងប្រទេសជាតិជាស្នូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Trump
05/11/2026 05:05 PM
[UPDATE] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២
05/11/2026 05:05 PM
ថៃអាចប្រឈមនឹងវិបត្តិទឹក ដោយសារផលប៉ះពាល់ពីបាតុភូត El Nino ពីខែឧសភា ដល់ខែកក្កដា
05/11/2026 05:05 PM
UN៖ ការវាយប្រហារដោយដ្រូន បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨៨០នាក់ នៅក្នុងប្រទេសស៊ូដង់ នាឆ្នាំនេះ
05/11/2026 05:05 PM
អារ៉ាប៊ីសាអ៊ូឌីតថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលកំណត់គោលដៅលើប្រទេសឈូងសមុទ្រ
05/11/2026 05:05 PM
ប្រេងឡើងថ្លៃជាង​៤ ដុល្លារ បន្ទាប់ពីលោក Trump បដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក   ​​
05/11/2026 05:05 PM
ប្រធានាធិបតីបារាំងនិយាយការពារអឺរ៉ុបនៅអាហ្វ្រិក
05/11/2026 05:05 PM
លោក Trump បញ្ជាក់ថា តុលាការកំពូលអាមេរិក គួរតែ «ស្មោះត្រង់» ពាក់ព័ន្ធសំណុំរឿងសំខាន់ៗ
05/11/2026 04:05 PM
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី កើតអគ្គិភ័យ នៅអាកាសយានដ្ឋាននេប៉ាល់ នាំឲ្យមានការជម្លៀសបន្ទាន់
05/11/2026 04:05 PM
អ៊ីរ៉ង់ព្រមានបារាំង និងអង់គ្លេស អំពីការឆ្លើយតបភ្លាមៗ ចំពោះការដាក់ពង្រាយ នៅច្រកសមុទ្រ Hormuz
05/11/2026 04:05 PM