ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីពន្ធនាគារត្រូវអនុវត្តការងារអោយបានត្រឹមត្រូវតាមឋានានុក្រម

2025/01/08 04:05:38 pm        134
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារ ត្រូវសាមគ្គីផ្ទៃក្នុង និងរួម អនុវត្តការងារតាមឋានានុក្រមដែលបានចាត់តាំងនៅក្នុងអង្គភាព។ការថ្លែងនិងមានប្រសាសន៍របស់អគ្គានុរក្សថ្នាក់លេខ១ បែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញប្រកាសតែងតាំង លោកឧត្តមអគារនុរក្សថ្នាក់លេខ៣ គង់ សំអាត ជាប្រធានពន្ធនាគារខេត្តស្វាយរៀង ជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្តថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងនិងមន្តី្រថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញសាលាខេត្តនិងលោកលោកស្រីជាអភិបាលអភិបាលរងស្រុកក្រុងទាំង៨របស់ខេត្តផងដែរ។ ឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្ត និងលោកប្រធានពន្ធនាគារចាស់ ដែលកន្លងមក បានរួមសហការប្រតិបត្តការជាមួយនឹង មន្ទីរ អង្គភាព ក្នុងកិច្ចការ ចាប់ឃាត់ និងអប់រំ ទណ្ឌិត និងជនសង្ស័យ ប្រកបដោយការទទួលខុសត្រូវធ្វើឲ្យខេត្តមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ។ទន្ទឹមនិងនោះដែរឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវរៀបចំចាត់តាំងអនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម ពិសេសពិចារណាធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់ទណ្ឌិត ឲ្យពួកគេមានចំណេះជំនាញអ្វីមួយច្បាស់លាស់ ដើម្បីយកទៅប្រកបរបរ នៅក្នុងសហគមន៏ បន្ទាប់ពីពួកគេរស់នៅកែប្រែឥរិយាបថនៅក្នុងពន្ធនាគារ មួយរយៈកន្លងមក សំដៅបញ្ជៀសពួកគេកុំឲ្យប្រព្រឹត្តខុសឆ្គងដែលនាំឲ្យពួកគេវិលចូលមកទទួលទោសសារជាថ្មី៕ ដោយ ៖ ភា សារឹត

រដ្ឋបាលខេត្តកណ្តាលបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

2025/01/08 04:03:08 pm        257
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង-ស្រុកទាំង១៣។ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា សន្និបទនេះធ្វើឡើង ដើម្បីចូលរួមធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលការងារ ដែលយើងសម្រេចបាន បញ្ហាប្រឈមដែលយើងជួបប្រទះ និងដកស្រង់មេរៀនបទពិសោធន៍ ក្នុងរយៈពេលមួយឆ្នាំ២០២៤ នៃការបំពេញតួនាទី ភារកិច្ច សំដៅឆ្លើយតបនឹងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ឱ្យបានទាន់ពេលវេលា ក្នុងចក្ខុវិស័យរួមគឺ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រែក្លាយខេត្តកណ្តាលជាខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្មឡូជីស្លឹក (Logistics) ស្បៀង និងលំនៅដ្ឋាន នាពេលខាងមុខ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា សន្និបាតនេះ គឺត្រូវបានរៀបចំឡើងស្របទៅតាមស្មារតីនៃលិខិតលេខ ៣៦១២ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតក្នុងរយៈពេល ០២ ថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញនូវរបាយការណ៍សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ការធ្វើបទអន្តរាគមន៍របស់អ្នកពាក់ព័ន្ធចំនួន ០៥ ប្រធានបទ និងការពិភាក្សាក្រុម លើប្រធានបទ សំខាន់ៗចំនួន៦ ដែលជាការផ្តល់ឱកាសឲ្យសមាជិក សមាជិកា បានចូលរួមមតិយោបល់ បានទូលំទូលាយ តាមលំដាប់លំដោយ ដូចមានក្នុងកម្មវិធីដែលបានចែកជូនស្រាប់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាត ទាំងសមាសភាពដែលចូលរួមដោយផ្ទាល់ និងសមាសភាពដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ សូមចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនា កែលម្អគ្នា ដើម្បី ស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ និងរិះរកវិធីសាស្ត្រថ្មីៗ កែច្នៃការងារ របស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេស ការផ្តល់ ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋ លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។ក្នុងសន្និបាតនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៦ក្រុម ដោយក្រុមទី១ ពិភាក្សាលើប្រធានបទ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ក្រុមទី២ ពិភាក្សាលើប្រធានបទ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈរួមមាន សេវារដ្ឋបាលទូទៅ និងសេវាតាមតម្រូវការ។ ក្រុមទី៣ ពិភាក្សាលើប្រធានបទការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហម ជ្ឈការ លើការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុង ការផ្តល់សេវានានា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ ដូចជាការផ្ទេរមុខងារវិស័យអប់រំ (បឋមសិក្សា មត្តេយ្យសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ) ការលើកកម្ពស់ ការគ្រប់គ្រង ការដឹកនាំ និងការចាត់ ចែងអនុវត្តមុខ ងារក្នុងវិស័យសុខាភិបាលនិងការងារគាំពារសង្គម (វិស័យសុខាភិបាល ដោយការ ប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណសមធម៌)។ ក្រុមទី៤ ពិភាក្សាលើប្រធានបទការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច(គោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ)។ ក្រុមទី៥ ពិភាក្សាលើប្រធានបទការងារគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី និងការការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងក្រុមទី៦ ពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍសមត្ថ ភាពធនធាន មនុស្ស៕

ការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរសម្រេចបាន ៦៥%

2025/01/08 03:57:23 pm        518
នៅថ្ងៃពុធ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្ដើមពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំងគឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច៕

ឯកឧត្តម ឈាង វុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំណុចរួមលើការងារសវនកម្ម

2025/01/08 03:53:55 pm        306
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនពីររួមមាន៖ទី១ -ពិនិត្យពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម។ និងទី២- បញ្ហាផ្សេងៗ ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”

2025/01/08 03:40:53 pm        238
កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” និងដំណើរ​ទស្សន​កិច្ច​សិក្សា ដែលរៀបចំឡើងសម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោង ម.ប.ស. ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”និងដំណើរទស្សនកិច្ចសិក្សា បានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង ម.ប.ស. និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វេីដំណេីរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន (ទាំងឥរិយាបថ និងចំណេះដឹង) និងការស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ។ សូមបញ្ជាក់ជូនផងដែរថា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថលនិងបរិវត្តកម្មឌីជីថលនៅតាមវិទ្យាល័យសាធារណៈ ព្រមទាំងជាកន្លែងដែលអាចបម្រើដល់ការស្វែងរកសេវាសាធារណៈអនឡាញ សេវាប្រៃសណីយ៍ និងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំឌីជីថល និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ (Computer Lab) ២) បន្ទប់បណ្តុះបណ្តាល (Training Room) ៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង ៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់ កុំព្យូទ័រ និងអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញ ជាដើម។ 

អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាព ដែលរកយ៉ាងលំបាកនៅកម្ពុជា

2025/01/08 03:32:03 pm        290
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានអះអាងថា ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ខណៈដែលក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់តែងតែកៀរគរបង្កើតចលនាខុសច្បាប់នានាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម សម្រាប់ការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករឱ្យបានឆាប់បំផុត។លោកបានថ្លែងថា ការចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ តែមានក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូចកំពុងធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព។ ដូច្នេះក្នុងនាមលោកជាអ្នកនយោបាយ និងជាពលរដ្ឋផង សូមប្រកាសគាំទ្រឱ្យមានច្បាប់ភេរវកម្មនៅកម្ពុជា ហើយសូមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិចារណាពីលទ្ធភាពក្នុងការបង្កើតច្បាប់នេះ»។លោកបន្តថា «ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។លោក គុជ លី បានចាប់ទុកក្រុមជ្រុលនិយមទាំងអស់នោះជាមេរោគចង្រៃ ចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និងព្យាយាមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងអស្ថេរភាពនយោបាយជាដើម។ចំណែកលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានច្បាប់ភេរវកម្មនេះ ដើម្បីដាក់ក្រុមជ្រុលនិយម ឬហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ។ គោលបំណង គឺយើងចង់ធានាដល់ការទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។អ្នកវិភាគរូបនេះបន្ថែមថា វាជាផ្នែកមួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ យុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីមានឱកាសកសាងកម្ពុជាទាំងសេដ្ឋកិច្ច និងនយោបាយដែលជាប្រទេសមួយមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ក្នុងន័យនេះ អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគ បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។ពួកគាត់បានប្រកាសប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។សម្តេចបានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងគ្មានអំពើប្រល័យពូជសាសន៍ទៀតនោះទេ៕

ស្នងការនគរបាលរាជធានីភ្នំពេញ ចែករំលែកបទពិសោធន៍ ការបង្រ្កាបបទល្មើស ដល់សិក្ខាកាម​នគរបាល ចំនួន១៥១នាក់

2025/01/08 03:14:34 pm        273
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និង​ជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍ នៃ​ការ​បង្ការ​បង្ក្រាប​បទ​ល្មើស​ជាក់​ស្ដែង​ជូ​នដល់សិក្ខាកាមនគរបាលចំនួន១៥១ នាក់នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជាណីភ្នំពេញ បាន​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី៨​ខែ​មករា ឆ្នាំ២០២៥ថា តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយ​មាន​ការ​អនុញ្ញាត​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញ​ធ្វើ​បាឋក​ថា​ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូន​ដល់​សិក្ខា​កាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៧ សរុប១៥១នាក់ ដើម្បីចែករំលែក បទ​ពិសោធន៍​ជាក់ស្តែង នៃ​ការ​ដឹកនាំ​កង​កម្លាំង​អនុវត្ត​វិធាន​ការ​បង្រ្កាប​បទ​ល្មើស​ជាក់​ស្តែង​ប្រកប​ដោយ​ប្រសិទ្ធភាព។ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បទល្មើស​ជាក់​ស្តែង​គឺ​ជាប​ទ​ល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្តនិងទើបតែប្រព្រឹត្តភ្លាមៗ រួមមាន​បទ​ឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា សម្រាប់​ការអ​នុវត្ត​វិធាន​ការ​បង្រ្កាប​បទ​ល្មើស​ជាក់​ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំង​អន្តរាគមន៍​ដើម្បី​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយនិងសម្ភារៈ ការរៀបរយកម្លាំង បែក​ចែង​កម្លាំង​តូច​ៗ​ចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ បន្ថែមទៀត​នោះ​កម្លាំង​ប​ង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់​ដោយ​មធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។ជាងចុងក្រោយ ឯកឧត្តមស្នងការ ក៏បានសង្កយ់ធ្ងន់ថា រាល់ការដឹកនាំកម្លាំង​ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ ១.ត្រូវចេះរៀបចំផែនការសកម្មភាព ការងារ ២.ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ២. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ ៤. ត្រូវមានឆន្ទៈធ្វើការងារ និង៥. ត្រូវ​ស្មោះ​ត្រ​ង់វិជ្ជាជីវៈ៕ អត្ថបទ៖ កុម្ភៈ

សហជីពនៅកម្ពុជាគាំទ្រការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករ

2025/01/08 03:05:09 pm        516
សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​ច្បាប់​ កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគុបគិត បង្កើតចលាចល បង្កភាពវឹកវរ បង្ក​ឱ្យ​មាន​ជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។ ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ដែ​ល​ប្រារព្ធ​ធ្វើ​ឡើង​នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។សម្តេចតេជោថ្លែងថា៖ «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើង​ត្រូវ​កសាង​ច្បាប់ និង​កំណត់​ចំពោះ​ជន​ណា ឬក្រុមណាដែលមានគម្រោងការឬអំពើគុបគិត បង្កើតចលនាប្រឆាំង​ជ្រុល​និយម​បង្ក​ភាព​វឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆយទោស»។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់​កំណត់ជន​ជ្រុល​និយម​ជាភេរវករនេះ គឺជាការថែរក្សាសុខសន្តិភាពទាំងសម្រាប់កម្ពុជា និងប្រទេសដទៃទៀត ព្រោះ​ក្រុមជ្រុលនិយម​តែងតែញុះញង់​ឱ្យប្រជាពលរ​ដ្ឋមាន​ការ​យល់ច្រឡំ​មក​លើ​រាជ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ទឹកដី ព្រំដែន អធិបតេយ្យ ជាដើម ដើម្បីអូសទាញប្រជាពលរដ្ឋទៅគាំទ្រក្រុមខ្លួន សំដៅ​ឈានទៅបង្កើតឱ្យបានជាចលនាធ្វើបដិវត្តន៍ ឬញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុងកម្ពុជា ក៏​ដូច​ជា​រវាងកម្ពុជា និងប្រទេសជិតខាង ផងដែរ។ លោកបញ្ជាក់ថា «បើពុំ​មាន​ច្បាប់​លើក្រុម​ និង​ចលនា​ដែល​មាន​គំនិត​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវករ​នោះ​ទេ ប្រទេសកម្ពុជានឹងរងការញាំញីវាយប្រហារពីក្រុមនេះម្តងហើយម្តងទៀត បង្កើត​ឱ្យ​មាន​គំនិត​ស្អប់ រើសអើង ប្រឆាំងជាតិសាសន៍ខ្លួនឯង ក៏ដូចជាប្រទេសជុំវិញនៃប្រទេសកម្ពុជា និង​រុញ​ច្រាន​ប្រទេសកម្ពុជា​ធ្លាក់​ក្នុងភ្លើង​សង្គ្រាមឡើងវិញជាក់ជាមិនខាន»។ ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ការបញ្ចេញ​មតិ​​របស់​​ជ​នមួយក្តាប់តូច បានកំពុងបញ្ចេញសំឡេងផ្ទុយពីការពិត ខុសពីអ្វីដែល​មាន​ចែង​ក្នុង​ច្បាប់​ រំលោភធ្វើ​ឱ្យ​ប៉ះពាល់សិទ្ធិអ្នកដទៃ។ ហេតុនេះ លោកគាំទ្រពេញទំហឹង ក្នុងការ​បង្កើត​ច្បាប់​ដាក់​ជន​ជ្រុលនិយមទៅជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ លោកថ្លែងថា «ពេលមានច្បាប់នេះ គឺជនខិលខូចលែងចេះតែបញ្ចេញ លែងចេះតែធ្វើ​បាន​ទៀត​ហើយ។ នៅ​ពេលអត់មានច្បាប់ពួកនេះថា គេចង់ធ្វើអីធ្វើទៅរឿងរបស់គេ ហើយ​នៅពេលដែល​យើង​ថាឱ្យ​គេ គេថាសិទ្ធិបញ្ចេញមតិ បញ្ជេញមិនបាន តាមពិត​ការ​បញ្ចេញ​របស់​ពួក​នេះ​គឺ​ធ្វើ​ឡើង​វា​ហួស វាលើស ចឹងខ្ញុំ​សូមគាំទ្រនូវ​ការកសាង​ឱ្យ​មាន​ច្បាប់​ដាក់​ទណ្ឌក​ម្ម​លើ​ជន​ខិល​ខូច​ទាំង​អស់​នេះ​»។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតច្បាប់ថ្មីនេះ​ជា​ការ​​​ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅជាមួយការអភិវឌ្ឍ រីក​ចម្រើន រុងរឿងលើគ្រប់វិស័យ របស់ប្រទេសជាតិ។ លោកថ្លែងថា «ក្នុងនាមពលរដ្ឋក៏ដូចជាក្នុងនាម តំណាងកម្មករនិយោជិត ខ្ញុំសប្បាយចិត្ត និង​ចង់​ឱ្យ​មាន​ច្បាប់នេះកើតឡើង ដើម្បីប្រទេសកម្ពុជាកាន់តែមានសន្តិសុខល្អ សន្តិភាព​ពេញ​លេញ​បន្ថែម​ទៀត ដើម្បីការពារកុំឱ្យមានការកកើតឡើងវិញនូវសង្គ្រាម ឬបញ្ហាភេរវកម្ម​កើត​ឡើង​នៅ​កម្ពុជា​»។ បើតាមសហជីពខាងលើ ក្រុមប្រឆាំងជ្រុលនិយមមិនដែលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និង​ការ​សម្រេច​​បានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ផ្ទុយទៅវិញ ពួ​ក​នេះ​តែងតែ ឆ្លឹះឆ្កៀល​ដុតកំហឹងបង្កហិង្សាចលាចលផ្សេងៗ ក្នុងបំណងរុញច្រានប្រទេសកម្ពុជា​ឱ្យ​ធ្លាក់​​ក្នុ​ងភ្លើងសង្គ្រាមឡើងវិញ៕

ម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូង នៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង

2025/01/08 02:44:29 pm        211
វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លង​កាត់​តំបន់​ការពារ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង​ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែ​ល​មើល​ទៅ​ហាក់​មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និង​បន្ត​ពូជ​នៃ​ប្រភេទ​សត្វ​ដ៏​កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រក​ទូទាំង​ពិភពលោក​។ យោងតាមក្រសួងបរិស្ថាន ​មានដំរី​អាស៊ី​ចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល នៅ​កម្ពុជា ហើយ​ភាគ​ច្រើនពួកវារស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើត។ នៅក្នុង​ធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួក​វា​ត្រួស​ត្រាយ​ផ្លូវ​ក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ​សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុង​ការ​បែក​ខ្ញែក​គ្រាប់​ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែង​រក​ចំណី និងរស់នៅ។ នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មាន​ក្រសួង​បរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយ​មាន​ការ​គាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង REDD+។ ការការពារទីជម្រកធម្មជាតិ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រស់​រាន​នៃ​សត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ៕

ឯកឧត្ដម ឃួង ស្រេង ណែនាំមន្ដ្រីជំនាញពង្រីក ស្តារប្រឡាយ និងដាក់លូធំៗ ដើម្បី​រំដោះ​ការ​ជន់លិច​ក្នុង​ខណ្ឌសែនសុខ និងទួលគោក

2025/01/08 12:24:55 pm        323
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ​២០២៥ បានដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និ​ង​អាជ្ញាធរ​ខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវ ចុះពិនិត្យប្រឡាយអូរអាគុជ ក្នុងមូលដ្ឋាន​ខណ្ឌ​សែន​សុខ បន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈ​ដែល​ស្ថានីយ​បូម​ទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់។ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌ​ឫស្សី​កែវ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ និងមន្ត្រីជំនាញ​រដ្ឋបាល​រាជ​ធានី​ធ្វើយ៉ាង​ណា​រិះរក​គ្រប់​មធ្យោបា​យ​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង ដោះស្រាយឱ្យបាននូវការលិចលង់​ដោយជំនន់​ទឹក​ភ្លៀង​នា​រដូវ​វស្សា​ខាង​មុខ​នេះ។​ក្នុងឱកាសចុះពិនិត្យប្រឡាយនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើ​ការ​ណែនាំ​ឱ្យ​មន្ទីរ​​ជំនាញ​ពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ដាក់​លូ​ជ្រុង​ទំហំ​៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និង​តំបន់​មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារ​តំបន់​នេះ​ឧស្សាហ៍​ទទួលរង​ការ​លិចលង់​នៅ​ពេល​ភ្លៀង​ខ្លាំង​ម្តងៗ។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់​លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បី​ដោះស្រាយ​ការ​លិច​លង់​នៅ​លើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្ត​ទៅ​ស្ថានីយ​បូម​ទឹក​កប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​សិក្សា​ឱ្យ​បាន​លម្អិត​បន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀ​ន​បឋម​សិក្សា​ទួល​គោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ធ្វើ​ការ​ណែនាំ​ឱ្យ​ប្រជា​ពលរ​ដ្ឋកុំបោះសំរាមចូលក្នុងឡាយ ដោយសូមឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បី​កាត់​បន្ថយ​បាន​នូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM