កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ តួលេខបឋម កម្ពុជាឆ្នាំ២០២៤ មានទេសចរអន្តរជាតិមកទស្សនា ៦លាន៧សែននាក់

2025/01/09 11:38:18 am        314
អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ​៦​លាន​៧​សែន​នាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺ​បាន​កើត​ឡើង​ដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាម​ញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។លោក​ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​BT​V​ថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍ មកពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិច និងបណ្តា​ប្រទេស​នានា​ទៀត​នៅ​ប៉ែកខាងអឺរ៉ុប។លោកជំទាវ ហ៊ុន ដានី បន្តថា កំណើនភ្ញៀវទេសចរអន្តរជាតិ និងអ្នក​វិនិយោគ​ទុន​អន្តរជាតិ​មក​កម្ពុជា ក្នុងឆ្នាំ២០២៤នេះ គឺបានកើតឡើងដោយសារ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ បូករួម​នឹង​កត្តា​សុខ​សន្តិភាព ការចាប់ផ្តើមមានសមិទ្ធិផលព្រលានយន្តហោះថ្មីៗ ការសម្រួលការធ្វើដំណើរ ការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់ ការផ្សព្វផ្សាយ ការពង្រឹងគុណភាពផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការផ្តល់​ភាព​កក់​ក្តៅល្អជូនភ្ញៀវទេសចរអន្តរជាតិជាដើម។លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាពជាច្រើន ក្នុងគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសច​រអ​ន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​៧​លាន​នាក់ ខណៈនៅក្នុងឆ្នាំ២០២៥នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​បញ្ចុះ​តម្លៃ​ថ្លៃ​ធ្វើ​ទិដ្ឋាការអេឡិចត្រូនិច eVISA ប្រភេទ E និងT ជូនភ្ញៀវអន្តរជាតិមកស្នាក់នៅកម្ពុជាយូរថ្ងៃ ក៏​ដូចការជំរុញតភ្ជាប់គោលដៅទេសចរណ៍កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និងការជំរុញ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅកម្ពុជាជាដើម។សូមបញ្ជាក់ថា គ្រប់ផែនការសកម្មភាព​ជា​យុទ្ធសាស្ត្រស​ម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥នេះ គឺមានគោលដៅសំខាន់ ចង់​ទាក់​ទាញ​ទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជានៅគ្រប់ខែ និងគ្រប់រដូវកាល ហើយនឹងមិន​មាន​ទៀត​ទេ រដូវភ្ញៀវតិច Low season ពោលគឺមានតែរដូវGreen season៕ អត្ថបទ ស៊ុម សុខជា

ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ

2025/01/09 11:23:16 am        160
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង"កុលាបប៉ៃលិន" និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិក​ជន​ទស្សនា​រយៈពេ​ល​៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅ​សាល​សន្និសីទចតុម្មុខ។លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍​វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជន​ទស្សនា​​ឲ្យ​កាន់​តែ​អធិក​អធម​។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញ​បាន​គាស់​រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំ​ដល់​មន្ត្រី​ជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើង​នៅ​ទម្រង់​សិល្បៈ​ដែល​មិន​សូវ​មាន​សកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់​នូវ​អ្វី​ទៅ​ដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជា​ពិសេស​យុវជន​ចូល​រួម​គាំទ្រ​ក្នុង​ការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចិត្ត​ដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយ​ការ​បង្កើត​ស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជន​ណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់​គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិន​បារម្ភ​ពី​ការ​ទទួល​រង​នូវ​ឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ​ការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន»

2025/01/09 09:00:21 am        173
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ​២០២៥ បានអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និង​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​គ្រប់​គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត។ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្សបន្តវេន និងបង្កលក្ខណៈ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​អ្នក​ជំនាញ​ទាំង​អស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីក​សេវា​សុខ​ភាព​សាធារណៈឱ្យកាន់តែល្អប្រសើរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និង​គ្រប់​គ្រង​មន្ទីរ​ពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការ​គ្នាចាប់​ពីកម្រិត​ថ្នាក់​ដឹកនាំ​រហូតដ​ល់​មន្ត្រី​រាជ​ការ និងបុគ្គលិកគ្រប់ឋានានុក្រម។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់​ដឹកនាំ​មន្ទី​រ​ពេទ្យ​ទាំង​អស់​ខិតខំសាមគ្គីគ្នា បន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើក​កម្ពស់​ការ​ធ្វើ​នវានុវត្តន៍​បច្ចេក​ទេស​ព្យាបាលឲ្យកាន់តែសម្បូរបែប ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និង​ជឿ​ជាក់​មក​លើ​សេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត៕ អត្ថបទ រដ្ឋា

ក្រុមហ៊ុន Evercore Asia កោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

2025/01/08 09:06:43 pm        91
ភ្នំពេញ ÷ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕

នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ទៅប្រទេសថៃវិញ បន្ទាប់ពីបញ្ចប់នីតិវិធី

2025/01/08 08:40:16 pm        250
ភ្នំពេញ ៖ នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ឱ្យនគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាឃាត់ខ្លួនជនសង្ស័យបាននៅខេត្តបាត់ដំបង និងបញ្ចប់នីតិវិធីរួចរាល់។​អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧ និង៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបន្ថែមថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបញ្ជាក់ថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

2025/01/08 07:57:18 pm        148
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។ ជាកិច្ចឆ្លើយតប លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកស្រី Joyce Neal ប្រធាន US-CDC បានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការបន្ត និងជម្រាបជូនជាពិសេសថា ជោគជ័យលើការគ្រប់គ្រងជំងឺ H5N1 គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ក៏ដូចជា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (US-CDC) ហើយការងារនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សភាសហរដ្ឋអាមេរិក។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា “កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុតក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

2025/01/08 07:36:53 pm        108
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក​ សម្រាប់ឆ្នាំ២០២៥ នេះផងដែរ។ ជាមួយគ្នានេះ​, លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយនឹងកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។  ជាការឆ្លើយតប, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផងដែរ។

រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងរៀបចំប្រគួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ថ្ងៃបង្កើតថ្ងៃរំដោះ៧មករា

2025/01/08 05:36:01 pm        121
ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រកួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ ថ្ងៃមហាជ័យជំនះ៧មករាឆ្នាំ១៩៧៩ ឆ្នាំ ២០២៥ ដែលពិធីនេះមានការចូលរួមពីក្រុមកីឡាមហាជននៅក្នុងឃុំមួយចំនួននៃស្រុកស្វាយជ្រំ ។បន្ទាប់ពីក្រុមកីឡាករមហាជនធ្វើការប្រកួតដណ្ដើមពានរង្វាន់៧ មករារបស់ស្រុក រួចមកលោកហែមសារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានមានប្រសាសន៍សំណេះសំណាល ដោយសំដែងអបអរសាទរចំពោះក្រុមកីឡាករ ទាំងអស់ដែលបានមកចូលរួមប្រគួត អបអរសាទរខួបលើកទី ៤៦ ថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ឆ្នាំ២០២៥ ក្នុងបរិយាកាសសប្បាយរីករាយស្និតស្នាលរវាងក្រុមនិងក្រុម ក្រោមការរួមគាំទ្រពីស្រទាប់យុវជន និងពលរដ្ឋយ៉ាងច្រើនកុះករ ។ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមរដ្ឋបាលស្រុក លោកហែម សារិទ្ធ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន បន្តគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិត បញ្ជៀសការប្រើប្រាស់គ្រឿងញៀន បញ្ជៀសហិង្សា គ្រួសារ និងសង្គមជាតិ ទប់ស្កាត់ក្មេងទំនើង ពិសេសធ្វើការវាយបកគ្រប់សកម្មភាពដែលគណបក្សនិងអង្គការសង្គមស៊ីវិលបង្កឡើងក្នុងភាពញុះញង់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខមូលដ្ឋាន។ជាមួយគ្នានោះដែរលោកហែមសារិទ្ធក៏បានណែនាំដល់ក្រុមកីឡាករកីឡាការិនីពេលវិលត្រឡប់ទៅមូលដ្ឋានត្រូវ បន្តហ្វឹកហាត់ដើម្បីធ្វើការប្រកួតដណ្ដើមពានរង្វាន់នៅលើកក្រៅក្រោយៗ ពិសេសបើកបរគ្មានជាតិស្រវឹងដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងក្រុម៕ ដោយ ភា សារឹត

បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់នៅខណ្ឌសែនសុខ

2025/01/08 05:00:11 pm        388
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មនៅមូលដ្ឋានខណ្ឌសែនសុខ។ប្រតិបត្តិការបង្ក្រាបជនសង្ស័យកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរង​ការិយាល័យ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នគរបាលប្រាប់ថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ តារាវុទ្ធី 

មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះឆ្លងទន្លេជាង ១,២លានករណី​កាលពីឆ្នាំ២០២៤

2025/01/08 04:51:31 pm        287
ពេញមួយឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (សៀមរាប) បានពិនិត្យ និងព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី។ នេះបើតាមរាយការណ៍ ដែលផ្សព្វផ្សាយ Facebook របស់ Dr. Beat Richner។ រាល់ការព្យាបាលទាំងអស់ មន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។តួលេខសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល១២ខែ នាឆ្នាំ២០២៤ រួមមាន៖* ពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៩៤១ ១៦៥ករណី* ព្យាបាលកុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ១៨៥ ៧៣៥នាក់* ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ១០៥ ៣៩៦ករណី* សម្រាលកូន បានចំនួន ២១ ១៣៩នាក់* ការវះកាត់ទូទៅ ចំនួន ៣១ ២៤៧នាក់* វះកាត់ជំងឺបេះដូងពីកំណើត បានចំនួន ១ ០២៩នាក់* អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ (hospitalized mortality Rate)៖ ០.៣៥% (7% in 1998)* ចំនួនគ្រែសរុប ២០៨៧គ្រែ (សម្ភពមាន ២២៧គ្រែ) និងចំនួនបុគ្គលិកសរុប ២៦៨១នាក់។សូមជម្រាបថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានកិត្តយស។ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។បន្ទាប់ពីការអំពាវនាវនេះ មានសប្បុរសជនជាច្រើនបន្តបន្ទាប់ មានទាំងឧកញ៉ា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ បានចូលរួមបរិច្ឆាគថវិកា តាមលទ្ធភាពរៀងៗខ្លួន។សូមចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្តីតាមលទ្ធភាព ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផា បន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះនៅកម្ពុជា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM