កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរលេងជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ

2025/01/08 04:37:59 pm        302
នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញ​វត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមកវាបានជាមួយគោអ្នកភូមិប្រមាណ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ន៨ងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានល្អប្រសើរ។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថានបានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។ កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមដូចនេះ។ សូមបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។សូមបញ្ជាក់ថាសត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ រីឯនៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬលឿងមាសស្រាល។ ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥-២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។សត្វខ្ទីង វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។ ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ៕ 

ឯកឧត្តម គង់ វិបុល៖ ចិនជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគនៅប្រទេសកម្ពុជា

2025/01/08 04:32:49 pm        283
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួនប្រមាណ ៣,២ពាន់លានដុល្លារ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីជប់លៀងឆ្នាំថ្មីលើកទី៥ របស់សហព័ន្ធសហគ្រិនចិនមកពីខេត្តហ៊ូណាន ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គឺមានការវិវឌ្ឍរីកចម្រើន និងស៊ីជម្រៅជាបន្តបន្ទាប់ ទោះសម័យកាលមានការផ្លាស់ប្តូរ ណាបែបណាក្នុងសាកលលោក ក៏ប្រទេសទាំងពីរនៅតែរក្សាបានយ៉ាងល្អនូវចំណងមិត្តភាព សមភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្ររយៈពេលវែងដល់កម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើន ជាពិសេសសហគ្រិនខេត្តហ៊ូណាន ឱ្យបន្តមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា និងពង្រីកទំហំវិនិយោគនៅកម្ពុជា។ ខណៈរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញកំណែទម្រង់ ធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ ធានាបាននូវការរីកចំរើននៃសហគ្រាសនៅកម្ពុជា និងទន្ទឹងរង់ចាំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់ថា ការជួបជុំជនរួមជាតិហ៊ូណាន ក្នុងពេលនេះ បានក្លាយជាស្ពានដ៏សំខាន់មួយ តភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ អ្នកឧកញ៉ា បានបន្តថា នៅពេលអនាគត អាជីវករខេត្តហ៊ូណាន នឹងបន្តប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតឱ្យចូលរួមក្នុងការកសាងសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតប្រកបដោយចីរភាព។ អ្នកឧកញ៉ា ក៏បានអញ្ជើញភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាកម្ពុជាដ៏ស្រស់ស្អាតនៅឆ្នាំ២០២៥នេះផងដែរ។សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ សហព័ន្ធអ្នកជំនួញចិនក្រៅប្រទេសនៅកម្ពុជា របស់ជនជាតិចិនហ៊ូណានរាប់ពាន់នាក់ បានជួបជុំគ្នាដើម្បីរៀបចំពិធីជប់លៀងឆ្នាំថ្មីលើកទី៥ និងពិភាក្សាអំពីការអភិវឌ្ឍន៍នាពេលអនាគត នៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក Lord Yang Zonglin អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាកម្ពុជាចិននិងជាប្រធានសម្ព័ន្ធយុវជន លោក Lord Lin Jianzhong អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាចិនកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អភិបាលខេត្តរតនគិរីនាំយកស្បៀងអាហាររបស់រាជរដ្ឋាភិបាលចែកជូនពលរដ្ឋចំនួន ២១០ គ្រួសារនៅស្រុកវើនសៃ

2025/01/08 04:26:03 pm        196
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការចំនួន ២១០គ្រួសារ នៅស្រុកវើនសៃ ខេត្តរតនគិរី។បើតាមការលើកឡើង របស់លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានអោយដឹងថា ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន ២១០គ្រួសារ ដែលអញ្ជើញមក ទទួលអំណោយ នាពេលនេះ មកពីភូមិមួយចំនួនក្នុងឃុំ ទាំង៩របស់ស្រុកវើនសៃ។ជំនួសមុខឱ្យប្រជាពលរដ្ឋ លោកអភិបាលស្រុកវើនសៃបានគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល គោរពអរគុណឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ដែលបានគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជា ពលរដ្ឋស្រុកវើនសៃដែលមានជីវភាពខ្វះខាត ហើយបាទទួលអំណោយជាស្បៀងអាហារយកទៅដោះស្រាយក្នុងជីវភាពរស់នៅបានមួយរយៈ។មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែ បងប្អូនទាំង២១០គ្រួសារនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូន ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ភាពក្រីក្រប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ។ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ឃុំ ភូមិ គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ ហើយ អំណោយទាំងអស់នេះ គឺគ្រាន់តែជួយដោះស្រាយការលំបាកបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។សូមបញ្ជាក់ផងដែរថា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តរតនគិរីនាពេលនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋទាំង២១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បេ, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ភួយ១ និងមុង១ ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

2025/01/08 04:19:45 pm        338
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ៕

ត្រីប្រហុកចាប់ផ្តើមត្រូវ ប្រជាពលរដ្ឋសម្រុកចុះធ្វើប្រហុក ផ្អក នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមទុកសម្រាប់បរិភោគប្រចាំឆ្នាំ

2025/01/08 04:12:35 pm        251
ត្រីសម្រាប់ធ្វើប្រហុក ផ្អក បានចាប់ផ្តើមត្រូវខ្លាំង នៅក្នុងខ្នើតខែបុស្សនេះ ខណៈពេល​ដែល​ត្រី​ចាប់​ផ្តើមត្រូវគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ។ប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង មាន​មកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងមួយចំនួនទៀត ជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ៕

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីពន្ធនាគារត្រូវអនុវត្តការងារអោយបានត្រឹមត្រូវតាមឋានានុក្រម

2025/01/08 04:05:38 pm        135
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារ ត្រូវសាមគ្គីផ្ទៃក្នុង និងរួម អនុវត្តការងារតាមឋានានុក្រមដែលបានចាត់តាំងនៅក្នុងអង្គភាព។ការថ្លែងនិងមានប្រសាសន៍របស់អគ្គានុរក្សថ្នាក់លេខ១ បែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញប្រកាសតែងតាំង លោកឧត្តមអគារនុរក្សថ្នាក់លេខ៣ គង់ សំអាត ជាប្រធានពន្ធនាគារខេត្តស្វាយរៀង ជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្តថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងនិងមន្តី្រថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញសាលាខេត្តនិងលោកលោកស្រីជាអភិបាលអភិបាលរងស្រុកក្រុងទាំង៨របស់ខេត្តផងដែរ។ ឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្ត និងលោកប្រធានពន្ធនាគារចាស់ ដែលកន្លងមក បានរួមសហការប្រតិបត្តការជាមួយនឹង មន្ទីរ អង្គភាព ក្នុងកិច្ចការ ចាប់ឃាត់ និងអប់រំ ទណ្ឌិត និងជនសង្ស័យ ប្រកបដោយការទទួលខុសត្រូវធ្វើឲ្យខេត្តមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ។ទន្ទឹមនិងនោះដែរឯកឧត្តមអគ្គនាយកពន្ធនាគារ ក៏បានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវរៀបចំចាត់តាំងអនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម ពិសេសពិចារណាធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនដល់ទណ្ឌិត ឲ្យពួកគេមានចំណេះជំនាញអ្វីមួយច្បាស់លាស់ ដើម្បីយកទៅប្រកបរបរ នៅក្នុងសហគមន៏ បន្ទាប់ពីពួកគេរស់នៅកែប្រែឥរិយាបថនៅក្នុងពន្ធនាគារ មួយរយៈកន្លងមក សំដៅបញ្ជៀសពួកគេកុំឲ្យប្រព្រឹត្តខុសឆ្គងដែលនាំឲ្យពួកគេវិលចូលមកទទួលទោសសារជាថ្មី៕ ដោយ ៖ ភា សារឹត

រដ្ឋបាលខេត្តកណ្តាលបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

2025/01/08 04:03:08 pm        258
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង-ស្រុកទាំង១៣។ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា សន្និបទនេះធ្វើឡើង ដើម្បីចូលរួមធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលការងារ ដែលយើងសម្រេចបាន បញ្ហាប្រឈមដែលយើងជួបប្រទះ និងដកស្រង់មេរៀនបទពិសោធន៍ ក្នុងរយៈពេលមួយឆ្នាំ២០២៤ នៃការបំពេញតួនាទី ភារកិច្ច សំដៅឆ្លើយតបនឹងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល ឱ្យបានទាន់ពេលវេលា ក្នុងចក្ខុវិស័យរួមគឺ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រែក្លាយខេត្តកណ្តាលជាខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្មឡូជីស្លឹក (Logistics) ស្បៀង និងលំនៅដ្ឋាន នាពេលខាងមុខ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា សន្និបាតនេះ គឺត្រូវបានរៀបចំឡើងស្របទៅតាមស្មារតីនៃលិខិតលេខ ៣៦១២ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតក្នុងរយៈពេល ០២ ថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញនូវរបាយការណ៍សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ការធ្វើបទអន្តរាគមន៍របស់អ្នកពាក់ព័ន្ធចំនួន ០៥ ប្រធានបទ និងការពិភាក្សាក្រុម លើប្រធានបទ សំខាន់ៗចំនួន៦ ដែលជាការផ្តល់ឱកាសឲ្យសមាជិក សមាជិកា បានចូលរួមមតិយោបល់ បានទូលំទូលាយ តាមលំដាប់លំដោយ ដូចមានក្នុងកម្មវិធីដែលបានចែកជូនស្រាប់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាត ទាំងសមាសភាពដែលចូលរួមដោយផ្ទាល់ និងសមាសភាពដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ សូមចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនា កែលម្អគ្នា ដើម្បី ស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ និងរិះរកវិធីសាស្ត្រថ្មីៗ កែច្នៃការងារ របស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេស ការផ្តល់ ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋ លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។ក្នុងសន្និបាតនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ៦ក្រុម ដោយក្រុមទី១ ពិភាក្សាលើប្រធានបទ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ក្រុមទី២ ពិភាក្សាលើប្រធានបទ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈរួមមាន សេវារដ្ឋបាលទូទៅ និងសេវាតាមតម្រូវការ។ ក្រុមទី៣ ពិភាក្សាលើប្រធានបទការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហម ជ្ឈការ លើការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុង ការផ្តល់សេវានានា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ ដូចជាការផ្ទេរមុខងារវិស័យអប់រំ (បឋមសិក្សា មត្តេយ្យសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ) ការលើកកម្ពស់ ការគ្រប់គ្រង ការដឹកនាំ និងការចាត់ ចែងអនុវត្តមុខ ងារក្នុងវិស័យសុខាភិបាលនិងការងារគាំពារសង្គម (វិស័យសុខាភិបាល ដោយការ ប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណសមធម៌)។ ក្រុមទី៤ ពិភាក្សាលើប្រធានបទការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច(គោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ)។ ក្រុមទី៥ ពិភាក្សាលើប្រធានបទការងារគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី និងការការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងក្រុមទី៦ ពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍសមត្ថ ភាពធនធាន មនុស្ស៕

ការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរសម្រេចបាន ៦៥%

2025/01/08 03:57:23 pm        520
នៅថ្ងៃពុធ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្ដើមពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំងគឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច៕

ឯកឧត្តម ឈាង វុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំណុចរួមលើការងារសវនកម្ម

2025/01/08 03:53:55 pm        307
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនពីររួមមាន៖ទី១ -ពិនិត្យពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម។ និងទី២- បញ្ហាផ្សេងៗ ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”

2025/01/08 03:40:53 pm        240
កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” និងដំណើរ​ទស្សន​កិច្ច​សិក្សា ដែលរៀបចំឡើងសម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោង ម.ប.ស. ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”និងដំណើរទស្សនកិច្ចសិក្សា បានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង ម.ប.ស. និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វេីដំណេីរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន (ទាំងឥរិយាបថ និងចំណេះដឹង) និងការស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ។ សូមបញ្ជាក់ជូនផងដែរថា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថលនិងបរិវត្តកម្មឌីជីថលនៅតាមវិទ្យាល័យសាធារណៈ ព្រមទាំងជាកន្លែងដែលអាចបម្រើដល់ការស្វែងរកសេវាសាធារណៈអនឡាញ សេវាប្រៃសណីយ៍ និងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំឌីជីថល និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ (Computer Lab) ២) បន្ទប់បណ្តុះបណ្តាល (Training Room) ៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង ៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់ កុំព្យូទ័រ និងអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញ ជាដើម។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM