នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម
ក្រសួងបរិស្ថានគាំទ្រ និងជំរុញការ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី​ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមជាស្នូល

2025/02/12 01:56:13 pm        246
នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ពុំមានការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» នោះឡើយ

2025/02/12 01:44:14 pm        199
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីបំភ្លឺដល់បងប្អូនសាធារណជនថា ករណីបងប្អូនប្រជាពលរដ្ឋលើកឡើងជុំវិញសួនព្រះរាជដំណាក់ គឺពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់នោះឡើយ ពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយរូបចម្លាក់មេទ័ពទាំង១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចមដែលបានរៀបចំធ្វើរបងព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។រដ្ឋបាលខេត្តសៀមរាប បានចេញមុខបញ្ចាក់បែបនេះ បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួនបានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ-សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។រដ្ឋបាលខេត្តបញ្ជាក់បន្ថែមថា ចំពោះសួនផ្សេងៗទៀតដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនល្ខោនហូថែល។រដ្ឋបាលខេត្តបន្ថែមថា ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាបដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គ្រេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប។រដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំការកែលម្អសួននេះបន្ថែមទៀត។ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត៕

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីបើកសន្និបាតត្រួត​ពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

2025/02/12 01:25:30 pm        234
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើក ទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោ បាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្ដិបណ្ឌិត បានសម្តែងនូវកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថានប័ន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាននូវសមិទ្ធ ផលជូនជាតិបានយ៉ាងច្រើន។ ឆ្លងកាត់តាមការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលមួយឆ្លាំកន្លងមក ឯកឧត្តម បានបង្ហាញការ កត់សម្គាល់លើចំណុចមួយចំនួន ដូចជា៖ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាចម្បង ក្នុងការធ្វើកំ ណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការអនុវត្តនេះបានចូលរួមចំណែក ដល់ការពង្រឹងរដ្ឋបាល សាធារណៈឱ្យក្លាយជាស្ថាប័ន្ធទំនើប ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំ ណាក់កាលទី១។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធ ពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការ ងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការ ដឹកនាំគ្រប់គ្រងអនុវត្តតួននាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឱ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើ ប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង មហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ បើទោះបីកម្ពុជា បានទទួលរងឥទ្ធិពលអវិជ្ជមានពីសកលលោក និង ក្នុងតំបន់ក្តី ប៉ុន្តែកម្ពុជានៅរក្សាបានសុខសន្តិភាព ការពារបានអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបាន នូវស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុង ធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម។ជាក់ស្តែង កម្ពុជា បញ្ចៀសបាននូវអំពើភេរវកម្ម បង្ការ ទប់ស្កាត់ទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ និងការប៉ុនប៉ងធ្វើសកម្មភាពបង្កអសន្តិសុខសង្គម ជាពិសេសការធានានូវប្រក្រតីកម្មនៃជីវ ភាពសង្គម និងស្ថាប័នជាតិ ព្រមទាំងធានាបានសុវត្ថិភាពទាំងស្រុងនូវបណ្តាព្រឹត្តិការណ៍នយោបាយ ព្រឹត្តិ ការណ៍ជាតិ-អន្តរជាតិ ក៏ដូចជា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងបន្តរក្សាបាននូវ ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមគ្នានេះ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម មានការវិវត្តប្រែប្រួលកាន់តែល្អប្រសើរជាលំដាប់ តាមរយៈការចូលរួមក្នុងចលនា អនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្របតាមដែនសមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ ដែលក្នុងរយៈពេលមួយឆ្នាំ២០២៤ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុស៕

ពុទ្ធបរិស័ទជាច្រើននាំយកចង្ហាន់ និងរាប់បាត្រព្រះសង្ឃនៅវត្តគល់ទទឹង នាឱកាសថ្ងៃបុណ្យមាឃបូជា

2025/02/12 01:16:08 pm        270
ប្រជាពុទ្ធបរិស័ទជាច្រើន បាននាំយកចង្ហាន់ រាប់បាត្រ ប្រគេនព្រះសង្ឃ និងស្ដាប់ធម៌ទេសនានៅតាមវត្តអារាមទូទាំងប្រទេស នាឱកាសថ្ងៃបុណ្យមាឃបូជា ដែលត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះក្នុងនោះ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង មានពលរដ្ឋយ៉ាងច្រើនបាននាំគ្នាទៅធ្វើបុណ្យក្នុងថ្ងៃនេះដែរ។នាឱកាសថ្ងៃបុណ្យមាឃបូជានេះ ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បាននាំយកនូវចង្ហាន់ប្រគេនជូនព្រះសង្ឃនៅតាមវត្តអារាម។ រូបភាពជារួមមួយ ដែលមាននៅគ្រប់វត្តអារាមទាំងអស់ គឺពុទ្ធសាសនិក ស្ថិតក្នុងសម្លៀកបំពាក់ព៌ណស ដៃកាន់ចានស្រាក់មាន នំចំណី និងផ្កា ចូលរួមស្ដាប់ធម៌ទេសនា និងចូលរួមការរាប់បាត្រ។សម្រាប់រូបភាពនៅវត្តគល់ទទឹងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាវត្តល្បីល្បាញមួយ ក៏មានវត្តមានពុទ្ធសាសនិករាប់រយនាក់ចូលរួមនៅព្រឹកថ្ងៃនេះដែរ។ ពុទ្ធសាសនិកខ្លះបានមកដល់វត្តតាំងពីព្រឹកព្រលឹម ដើម្បីអាចចូលរួមគ្រប់សកម្មភាពដែលវត្តរៀបចំនៅថ្ងៃនេះ។ រីឯអ្នកខ្លះមកចូលរួមនាឱកាសជិតថ្ងៃត្រង់ ដើម្បីចូលរួមការរាប់បាត្រ និងប្រគេនចង្ហាន់ថ្ងៃត្រង់ជាដើម។ពុទ្ធសាសនិកដែលបានអញ្ជើញមកដល់វត្តតាំងពីព្រឹកព្រលឹមលើកឡើងដែរថា ថ្ងៃបុណ្យមាឃបូជាជាថ្ងៃសំខាន់មួយសម្រាប់សាសនាព្រះពុទ្ធ។ ពួកគាត់ត្រូវតែចូលរួម ដើម្បីធ្វើបុណ្យកុសល្យ និងស្វែងយល់កាន់តែច្រើនពីថ្ងៃបុណ្យមាឃបូជា។ ពួកគាត់មួយចំនួនគ្រោងនៅវត្តរហូតដល់ល្ងាចទើបត្រឡប់ទៅគេហដ្ឋានវិញ រីឯអ្នកខ្លះចង់បន្តនៅវត្តរហូតស្អែកព្រឹកបើសិនមានកម្លាំង ដើម្បីអាចចូលរួមគ្រប់សកម្មភាពទាំងអស់ដែលវត្តរៀបចំ។ វត្តគល់ទទឹង ជាវត្តល្បីល្បាញដែលតែងមានពុទ្ធសាសនិកអញ្ជើញទៅនាឱកាសពិធីបុណ្យសាសនានានា ស្របពេលដែលវវត្តតែងរៀបចំនូវសកម្មភាពសាសនាជាច្រើនផងដែរ។ ជាក់ស្ដែងសម្រាប់ថ្ងៃបុណ្យមាឃបូជានេះ វត្តរៀបចំពិធីពេញមួយថ្ងៃចាប់ផ្ដើមតាំងពីម៉ោង ៨.០០ ព្រឹក ថ្ងៃទី ១២ រហូតដល់ម៉ោង ៦.០០ ព្រឹកនៅថ្ងៃបន្ទាប់។ ពេលព្រឹកវត្តរៀបចំ ពិធីនមស្ការ សមាទានសី សម្ដែងព្រះធ៌ម និងរាប់បាត្រព្រះសង្ឃ ២១៥អង្គ។ពេលរសៀល មានពិធីនមស្ការ សុំសីល ចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ និងដង្ហែព្រះបរមធាតុ និងមាឃបូជា។ រីឯវេលាយប់ រហូតដល់ស្អែកព្រឹក និងមានការបង្ហោះប៉េងប៉ោង ដង្ហែប្រទីប សម្ដែងព្រះធម៌ អានព្រះត្រៃបិដក ជាដើម។ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៥កើត ខែមាឃ ដោយហេតុសំខាន់ ៣ យ៉ាង គឺទី១ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ទី២ ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបដិមោក្ខ និងទី៣ គឺដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ អត្ថបទ៖គឹមហុក 

ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

2025/02/12 12:42:28 pm        230
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី។ សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។ ក្នុងពេលចុះជួបបងប្អូនកម្មករនិយោជិត នាព្រឹកនេះ ឯកឧត្តម ហេង សួរ សូម​សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​បំផុតចំពោះឧបទ្ទវ​ហេតុអគ្គិភ័យនេះ និង​សូមថ្លែងអំណរគុណដល់អាជ្ញាធរ​មាន​សមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះ​អន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការ​យក​ចិត្ត​ទុកដាក់​បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ ​មិន​ឱ្យ​រាលដាល​ដល់​រោងចក្រ​ និង​កន្លែង​ផ្សេង​ទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រយោជន៍នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ដោយវឌ្ឍនភាពនៃទីតាំង និងព័ត៌មានផ្សេងទៀតតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួងនឹងជម្រាបជូនដំណឹងនាពេលបន្ទាប់។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ កំពុង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​និយោជិត​នៃ​សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែល​អាច​ប្រឈម​នឹង​បញ្ហា​មួយចំនួន។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោជិតស្វែងរកការងារ​ថ្មី​ តាមរយៈ​​មជ្ឈមណ្ឌល​ការងារ​ចល័ត នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​មាន​មន្រ្ដី​រង់ចាំ​ចុះឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​ភ្លាម​ៗ​ជូន​បងប្អូន​កម្មករនិយោជិត នៅ​មុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ដល់បងប្អូនកម្មករនិយោជិតផងដែរថា សម្រាប់សុពលភាព និង​អត្ថប្រយោជន៍ ប.ស.ស.​ ​រួម​មាន ​​ផ្នែកថែទាំ​សុខភាព អត្ថប្រយោជន៍​នៅ​ពេល​សម្រាលកូន និង​ការ​ពិនិត្យផ្ទៃពោះ ​បងប្អូន​កម្មករនិយោជិត​នៅតែទទួលបាន និង​អាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា។ ទន្ទឹមនេះ ក្រុមកាងារ សាខា ប.ស.ស. ខណ្ឌដង្កោបានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួល ក្នុងករណីមានសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូន​កម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់​បងប្អូន​កម្មករនិយោជិតផ្សេងទៀត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ផងដែរ៕ 

ហ្វូងសត្វក្រៀលបបង្ហាញខ្លួនក្នុងរដូវរកចំណីយ៉ាងសុខសាន្ត ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ភូមិសាស្រ្តស្រុកកំពង់ត្រាច ខេត្តកំពត

2025/02/12 12:32:57 pm        357
កំពត៖ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់ការពារធម្មជាតិមួយនេះ បាននិងកំពុងផ្តល់ជាទីជម្រកដ៏សុខសាន្ត និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វក្រៀល និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។ ជាទូទៅពួកវាមកដល់តំបន់ដីសើម នេះក្នុងកំឡុង ខែធ្នូ ដើម្បីរកចំណី រហូតដល់ខែមេសា។ ហើយនៅដើមខែឧសភា សត្វស្លាបទេសន្តរ ប្រវេសន៍ទាំងនោះធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជ។ នៅរដូវរកចំណីចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វក្រៀលធ្វើការផ្លាស់ទីទៅភាគពាយ័ព្យ (ខាងជើងឈាងខាងលិច) និងភាគអាគ្នេយ៍ (ខាងត្បូងឈាងខាងកើត) នៃប្រទេសកម្ពុជា ដែលជាទីជម្រកដ៏សំខាន់សម្រាប់រកចំណីបំប៉នសុខភាពសម្រាប់រដូវបន្តពូជ ជាពិសេសនៅតំបន់ដែនដីសណ្ដរទន្លេមេគង្គ នៃប្រទេសកម្ពុជា រួមមានតំបន់ការពារទេសភាពអន្លង់ព្រីង និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ពួកវាធ្វើការផ្លាស់ទីពីទីតាំងរកចំណីទៅទីតាំងបន្តពូជវិញនៅចន្លោះខែមេសានិងខែមិថុនា។ សត្វក្រៀលធ្វើការផ្លាស់ទីពីទីតាំងបន្តពូជទៅទីតាំងរកចំណីនៅចន្លោះខែតុលា និងខែវិច្ឆិកា អាស្រ័យលើស្ថានភាពរដូវវស្សាប្រចាំឆ្នាំ។ រដូវរកចំណី សត្វក្រៀលតែងរកចំណីផ្ដុំគ្នាជាហ្វូងៗ ដែលក្នុងហ្វូងនោះពួកវារកស៊ីផ្ដុំគ្នា ឬហោះហើរជាគ្រួសារនីមួយៗ។ ក្នុងរដូវនេះ សត្វក្រៀលដែលពុំទាន់មានគូនឹងប្រមូលផ្ដុំ គ្នាដើម្បីចងសម្ព័ន្ធមេត្រីសម្រាប់រដូវពងកូនបន្ទាប់ពីរដូវរកចំណីនេះ។សូមបញ្ចាក់ថា ការធ្វើជំរឿនសត្វក្រៀល លើកទី១ នៅរដូវកាលថ្មី បានធ្វើឡើងនៅចុងឆ្នាំ២០២៤ បាររកឃើញមានចំនួន១២៣ក្បាល ដែលចំនួននេះ គឺបានកត់ត្រាមកពីតំបន់ផ្សេងគ្នា ទូទាំងប្រទេសកម្ពុជា៕ 

ក្រសួងការងារស្នើភាគីពាក់ព័ន្ធលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា

2025/02/12 12:25:42 pm        244
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ក្នុងគោលបំណងដើម្បីបន្តពិគ្រោះយោបល់ សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអង្គសិក្ខាសាលា នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ដើម្បីធានានូវនិរន្តរភាពលើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារបានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារជាច្រើនលើកផងដែរ។ លោកជំទាវ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដែលស្តែងឱ្យចេញនូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ដែលធានាបាននូវភាពភាពសុខសាន្តក្នុងវិស័យការងារ នាពេលកន្លងមក។ លោកជំទាវ បានស្នើសុំជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួមសំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។សូមបញ្ជាក់ជូនថា សិក្ខាសាលាត្រីភាគី ខាងលើនេះ មានការអញ្ជើញរបស់មន្រ្តីរាជការនៃក្រសួងការងារ, អង្គការអន្តរជាតិខាងការងា(ILO), តំណាងសហជីព, សមាគមនិយោជក, សភាពាណិជ្ជកម្មអន្តរជាតិ និងតំណាងអ្នកបញ្ជាទិញ ម្ចាស់ម៉ាកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

គណៈប្រតិភូគណៈកម្មការទី១ រដ្ឋសភា បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ខេត្តបាត់ដំបង

2025/02/12 12:15:50 pm        319
បាត់ដំបង៖ ដោយអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណៈកម្មការ រដ្ឋសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច៣ខែ និងវិស្សមកាល២ដងក្នុងមួយឆ្នាំ ដែលមានរយៈពេលយ៉ាងតិច៣ខែដែរ ដូចនេះក្នុងរយៈពេលវិស្សមកាល គណៈកម្មការបានឯកភាពគ្នាសម្រេចចុះបំពេញបេសកកម្មមកខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈកម្មការបានជួបជាមួយ ឯកឧត្តម អភិបាលខេត្ត និងសហការី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមមាន ឯកឧត្តម ច័ន្ទ សុផល លោកជំទាវ លី គឹមលៀង និងឯកឧត្ដម ងិន ឃន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងសហការី និងប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សា ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយស្ថិតក្រោមម្លប់សុខសន្តិភាព ដែលរកបានដោយកម្រនៃមគ្គុទេសក៍នយោបាយឈ្នះ ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប៉ិនប្រសព្វ ពោពេញដោយបញ្ញាញាណ និង ថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ក្នុងនោះខេត្តបាត់ដំបង ក៏ទទួលបាននៅភាពរីកចម្រើនលើគ្រប់វិស័យផងដែរ។ ឯកឧត្តមបានបន្តទៀតថា ក្នុងបរិបទនៃការរីកចម្រើននេះ រដ្ឋបាលខេត្តក៏មានភាពខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ។ ឯកឧត្តមបានបញ្ជាក់ថា ការដោះស្រាយបញ្ហាដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោល ការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់/ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង/វិវាទនានាសរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង/វិវាទផ្នែកដីធ្លីចំនួន ២៨០ករណី បណ្ដឹង/វិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី, បណ្ដឹង/វិវាទទៅលើអាជ្ញាធរចំនួន១ករណី។ ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និង បានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។ ចំពោះបណ្ដឹង/វិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី, បានច្រានចោលចំនួន១ករណី បាន ស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី និងបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ និងថ្នាក់ជាតិ។ ការដោះស្រាយទំនាស់/វិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យមានទំនុកចិត្តពីភាគីទំនាស់/វិវាទ ដោយសារការ ដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់/វិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់/វិវាទ ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រី ទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាពព្រម ព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពី អ្នកខាងក្រៅ ភាគីម្ខាងនៃវិវាទអាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរ តួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការ បញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលដោះស្រាយវិវាទ។ បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន បានចុះអនុស្សរណៈ យោគយល់គ្នា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ឆាប់រហ័ស នៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ រដ្ឋបាលខេត្តបាត់ដំបង ជាតួអង្គសំខាន់ដែលអាចរូបចំណែកក្នុងការជួយជំរុញឱ្យមានប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅក្នុងមូលដ្ឋានខេត្ត ហើយកំណត់ហេតុនៃការព្រមព្រៀងគឺស្មើសាលដីកា ឬសេចក្តីសម្រេច របស់តុលាការ។បន្ទាប់មកពីស្ដាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម សរ ចំរុង បានកោតសរសើរខ្ញុំវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។ ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕

កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន ៧៣ នាក់ ធ្វើមាតុភូមិនិវត្តន៍ក្រោយបញ្ចប់បេសកកម្ម UN រយៈពេល១ឆ្នាំនៅស៊ូដង់ខាងត្បូង

2025/02/12 11:45:14 am        224
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងរយៈពេល១ឆ្នាំ ដែលប្រពឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ដើម្បីជាការលើកទឹកចិត្តដល់កងទ័មួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព, លោកឧត្តមសេនីយ៍ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀតបានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេសកំណើតរបស់កម្លាំងទាំង ៧៣រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច។លោកឧត្តមសេនីយ៍ទោ បានលើកកឡើងថា កងកម្លាំងទាំង៧៣រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំមកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះអាសន្ន ហៅកាត់ UNTAC បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ។នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ សែម រតនា បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ អ.ស.ប. ប្រចាំនៅសាធារណរដ្ឋលីបង់ នៅក្នុងតំបន់បំពេញបបេសកកម្មរបស់ខ្លួន។លោកឧត្តមសេនីយ៍ សែម រតនា បានឱ្យដឹងថា រយៈពេល១ឆ្នាំ នៃការបំពេញភារកិច្ចដ៏សែនលំបាក នៅមជ្ឈិមបូព៌ាដែលមានសីតុណ្ហភាពខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរទៅដោយភ្នំផង រងសម្ពាធវិបត្តិសេដ្ឋកិច្ចផង ជម្លោះព្រំដែន និងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន។ ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះ គ្រប់ឧបសគ្គ តស៊ូជម្នះទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។គួរឱ្យដឹងថា ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។ តាមការវាយតម្លៃរបស់ អ.ស.ប នាខែមីនា ឆ្នាំ២០២៤ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ លើ១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំង។ រីឯការចូលរួមរបស់នារីទទួលបានលេខរៀងទី១៤ លើ១១៩ ប្រទេសដែលបរិច្ចាគកងកម្លាំងចំណែកក្នុងអាស៊ាន កម្ពុជាបន្តទទួលបានលេខ៣ រីឯនារីបន្តទទួលបានលេខ២៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជារាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ)

2025/02/12 11:24:20 am        223
នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ពិធីនេះដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗពីរយ៉ាងគឺ៖ ១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖ ព្រះសង្ឃសមណទូត ១ ២៥០ អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា) ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦ ថ្ងៃ១៥កើត ជាថ្ងៃពេញបូណ៌មីខែមាឃ។២. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសកំណត់ព្រះជន្មាយុសង្ខារ។ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស មកពីបណ្តារាជធានី-ខេត្ត បានអញ្ជើញមកចូលរួមអបអរសាទរពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ បានលើកឡើងថា ចាប់តាំងពីព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ យើងមានការរីកចម្រើនក្រោយពីឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ន គឺប្រមុខរាជរដ្ឋាភិបាល តែងតែប្រារព្ធពិធីបុណ្យមាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យនេះ ហើយសាសនារបស់រដ្ឋ មានការរីកចម្រើនខ្លាំងណាស់ ការគោរពប្រតិបតិ្តរបស់ប្រជាជនកម្ពុជា គឺល្អខ្លាំងណាស់។សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រគួរឱ្យកត់សម្គាល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM
UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
06/19/2026 02:06 PM
គុយបាស្នើកំណែទម្រង់យ៉ាងទូលំទូលាយទៅជាគំរូសង្គមនិយម ស្របពេលមានសម្ពាធពីអាមេរិក
06/19/2026 02:06 PM
យោធាអ៊ីស្រាអែលចេញផ្សាយផែនទីលម្អិតនៃ«តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់
06/19/2026 02:06 PM
ប្រធានាធិបតីលីបង់និយាយថា ជិត១៨%នៃទឹកដីរបស់ប្រទេសនេះ ត្រូវរងការខូចខាត អំឡុងពេល សង្គ្រាម
06/19/2026 01:06 PM
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
06/19/2026 01:06 PM