បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា

2026/03/05 12:15:12 pm        231
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ASEAN Business Council-EU-ABC) បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បង្ហាញចំណាប់​អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ និងប្រធានបទជាក់លាក់ផ្សេងៗទៀតតាមវិស័យ។ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ BTV ក្រោយពីចប់កិច្ចប្រជុំនេះថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជាចំពោះក្រុមហ៊ុនអឺរ៉ុបដែលមានមូលដ្ឋានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនថី្មៗរបស់សហគមអឺរ៉ុបដែលមិនទាន់មានវត្តមាននៅកម្ពុជា ឱ្យមកបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។លោក Noel Clehane អនុប្រធាន EU-ABC ដែលដឹកនាំគណៈប្រតិភូ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា អាជីវកម្មអឺរ៉ុបជឿជាក់រួចហើយលើភាពទាក់ទាញរបស់ប្រទេសកម្ពុជាសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោក Clehane មានការសាទរយ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអឺរ៉ុប ហើយយើងក៏ចង់វិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាផងដែរ។លោកលើកឡើងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កម្ពុជា អាចជាទីផ្សារតូចមួយនៅក្នុងអាស៊ាន ប៉ុន្តែមានភាពស្វាហាប់មិនគួរឱ្យជឿជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងឱកាសដ៏សំខាន់សម្រាប់ការរីកចម្រើន។សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មរយៈពេលពីរថ្ងៃរបស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ដែលដឹកនាំដោយលោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC Vice-Chair Noel Clehane)។ ជាមួយគ្នានេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គឺជាសំឡេងចម្បងសម្រាប់អាជីវកម្មអឺរ៉ុបនៅក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ

សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ជម្រើស​ថ្មី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមជាមួយគ្នា

2026/03/05 11:52:39 am        267
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មាន​មូល​ដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅ​វិមាន​សាម​គ្គីភាព​នៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជា​កិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ភីតធឺ អាល់មែន ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។ សម្ដេចតេជោ សង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក​នឹងទទួលបានការរីករាយ និងបានទស្សនានូវការអភិវឌ្ឍនានា និង​បាន​ឃើញ​នូវ​កម្ពុជា​ពិត​តាម​រយៈ​ទិដ្ឋភាព​ជាក់ស្ដែង។ លោក ភីតធឺ អាល់មែន បានសម្ដែងនូវការ​អរគុណ​​ចំពោះសម្ដេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា លោក​ធ្លាប់​តែ​អាន​នូវ​ប្រវត្តិ​សាស្រ្ដ និងប្រវត្តិរបស់សម្ដេចតេជោ ឬក៏ឮឈ្មោះសម្ដេចតេជោ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​តំបន់អឺរ៉ុប ជាពិសេសនៅប្រទេសកំណើតរបស់លោក ប៉ុន្ដែនៅថ្ងៃនេះ លោក​មាន​ឱកាស​បាន​ជួប​សម្ដេចតេជោ ដោយ​ផ្ទាល់​ដោយ​លោក​ពិត​ជា​ស្ញប់​ស្ញែង​ចំពោះ​ការ​ពលីកម្ម​ក្នុង​ការ​ដឹក​នាំ​ប្រទេសក​ម្ពុជា​នាពេលកន្លងមក។ លោក ភីតធឺ អាល់មែន បានសរសើរចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ ជា​ពិសេស​លោក​បញ្ជាក់​ថា ​កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយ​លោក​ពិត​ជា​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា​ខ្លាំ​ង​ណាស់​នៅ​ពេលដែលលោកបានមកដល់ដោយផ្ទាល់នៅកម្ពុជា។ ក្នុង​ឱកាសនោះសម្ដេចតេជោ និងលោក ភីតធឺ អាល់មែន បានពិភាក្សា​អំពី​ទិស​ដៅ​ខាង​មុខ​ដើម្បី​ពិនិ​ត្យ​មើល​លទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា​ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌនៃគណបក្សជម្រើថ្មី លើពីនេះ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និងប្រទេសអាល្លឺម៉ង់ផងដែរ៕

អនុប្រធានទី១ CDC លើក​ទឹក​ចិត្ត​វិនិយោគិន​នានា​ឱ្យ​ចាប់​យក​កាលា​នុវ​ត្ត​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន

2026/03/05 11:31:27 am        213
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​លើក​ទឹកចិត្តដល់វិនិយោគិន ឱ្យចាប់​យក​កាលានុវត្ត​វិនិយោគ​នៅ​ក្នុង​ប្រទស​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជ​រដ្ឋាភិបាល​ដែល​គាំទ្រ​វិស័យ​ឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង​របប​វិនិយោគ​ដ៏​បើក​ទូលាយ​របស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញ​ការ​លើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ថ្លែង​សុន្ទរក​ថា​គន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមា​ហរ​ណ​កម្ម ​និងការវិវត្តឧស្សាហកម្ម” ។ក្នុងឱកាស​នោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ កម្ពុជា​អាច​ផ្តល់​ជូ​ន​វិនិយោគិន​នូវ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាង​សកម្ម​របស់​កម្ពុជា​ក្នុង​​នាម​ជា​រដ្ឋ​សមា​ជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធ​ផល​សំខាន់​ៗ​រួម​មាន​ ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូច​ជា​គម្រោង​កំពុង​ដំណើរ​ការ​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការ​ពង្រីក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ លើសពីនេះ ឯកឧត្តមបាន​លើក​ឡើង​ពី​ការ​ពិនិត្យ​ឡើ​ង​វិញ​នូវ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០២៥ ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបាន​ទទួល​ស្គាល់​ការ​អនុវត្ត​ពេញ​លេញ​របស់​កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ​២០២៥។មុន​នឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យ​ចាប់​យក​កាលានុវត្ត​វិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់​អំពី​កត្តា​សំខាន់​ៗ​មួយចំ​នួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្ម​វ័យក្មេង និង​ស្វាហាប់ ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែល​កត្តា​ទាំង​នេះ​បាន​ផ្តល់​នូវ​ឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ​ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជា​អាច​ផ្តល់ជូ​នវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។សូម​ជម្រាបថាឆ្នាំនេះជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និង​អន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើស​ពី​តួ​លេខ​ទាំង​នេះ ​វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតី​សហការ​ដើម្បី​ជំរុញ​អាស៊ាន​ឆ្ពោះ​ទៅ​មុខ​៕

ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ

2026/03/05 11:02:51 am        347
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា និស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ផ្សេងទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងទាំងនៅប្រទេសអារ៉ាប់មួយចំនួន គឺមានសុខសុវត្ថិភាព និងនិស្សិតតិចតួច ដែលនៅក្នុងតំបន់ក្រហម គឺបានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៥ ខែមីនានេះថា ចាប់តាំងពីថ្ងៃដែលកើតមានការវាយប្រហារទៅលើអ៊ីរ៉ង គឺទាំងក្រសួងការបរទេស ក្រសួងពាក់ព័ន្ធនានាមានក្រសួងកសិកម្ម ក្រសួងអប់រំ និងស្ថាប័នផ្សេងៗទៀតបានសហការគ្នាដើម្បីធ្វើទំនាក់ទំនងសួរសុខទុក្ខនិស្សិតរបស់យើងដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សានៅទីនោះ ទាំងនៅអ៊ីស្រាអ៊ែល ទាំងនៅប្រទេសអារ៉ាប់មួយចំនួន។ ហើយបានទទួលព័ត៌មានត្រឡប់មកវិញ គឺអ្នកទាំងអស់នោះមានសុវត្ថិភាពទេ។រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ៖ “មាននិស្សិតរបស់យើងជាង ២០០នាក់នៅអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ ហើយមាននិស្សិតតិចតួចទេដែលនៅក្នុងតំបន់ក្រហម ប៉ុន្តែយើងក៏បានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន ហើយមានទំនាក់ទំនងជាមួយក្រសួងការបរទេស ជាមួយស្ថានទូត ជាមួយនឹងក្រសួងផ្សេងៗទៀត ដែលជាក្រសួងអាណាព្យាបាលរបស់គាត់ ដើម្បីតាមតានព័ត៌មាននេះជាប់ជាប្រចាំ ហើយនឹងថែខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ មកដល់ម៉ោងនេះ អត់ទាន់មានព័ត៌មានដែលថាអ្នកទាំងអស់នោះ មានបញ្ហាខាងផ្នែកសុវត្ថិភាពនោះទេ គាត់នៅសុខសប្បាយទាំងអស់គ្នានៅឡើយទេ”។គួរបញ្ជាក់ថា និស្សិតកម្ពុជាជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមពីសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។ អត្ថបទ៖ វង្ស សុភាព 

កម្ពុជា-ធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាលើអាទិភាពសំខាន់ៗ នៃ​ការ​ចាក​ចេញ​ប្រទេស​អភិវឌ្ឍន៍​តិចតួចរបស់កម្ពុជា

2026/03/05 10:54:38 am        213
កម្ពុជា និងធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាដោយចំហក្នុងគោលដៅសម្រួលពាណិជ្ជកម្ម បរិវត្ត​កម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ ផ្គត់ផ្គង់ និងការលើក​កម្ពស់​សមាហរណ​កម្ម​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ ​និងពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការឆ្ពោះ​ទៅ​ឆ្នាំ​២០៣០​ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុ​មប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំ​ដោយ​លោក​ស្រី​ Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សា ធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន​ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ដើម្បី​បន្ត​លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ រវាងរដ្ឋនិងឯកជន ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជុំវិញ​ប្រធាន​បទ​ជា​អាទិ៍​រួម​មាន៖ កិច្ចសម្រួលពាណិជ្ជ កម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការ​លើក​កម្ពស់​សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ សក្ដានុពល ពិពិធកម្មទីផ្សារ តាមរយៈ​ការ​ចរចា​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និង​ការ​ចាក​ចេញ​​ពីចំ​ណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច។ជុំវិញកិច្ចសន្ទនានេះ, បើយោងតាមផេកផ្លូវការរបស់ EU-ASEAN Business Council បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការពិភាក្សានោះ បានផ្តោតទៅលើគន្លងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅ​ពេល​ខិត​ជិត​ដល់​ការបញ្ចប់ការសិក្សា ពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយ​តួនាទី​បន្ត​, ​ធុរកិច្ចអឺរ៉ុបអាចដើរតួក្នុងការជួយដល់ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ច​ប្រជុំ​នេះ​ដែរ​ បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​សហភាព​អឺរ៉ុប-កម្ពុជាឱ្យរឹងមាំ ចំពេលបរិយាកាស សេដ្ឋកិច្ចពិភពលោកកាន់តែស្មុគស្មាញ។ចំណែកការផ្លាស់ប្តូរនាពេលខាងមុខរបស់កម្ពុជា ពីស្ថានភាព LDC ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ពិភាក្សាផងដែរ, ការផ្លាស់ ប្តូរឈានដល់ការបញ្ចប់នៅពេលខាងមុខ វាអាច​បាត់​បង់​ការ​ចូល​ប្រើ​ប្រាស់​ពន្ធជិតសូន្យ ទៅកាន់ទីផ្សារអ៊ឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ (EBA)។ តំណាង EU-ABC បានសម្តែងការគាំទ្រ ចំពោះរបៀបវារៈកំណែទម្រង់របស់កម្ពុជា ខណៈ​ពេលដែលការ លើកទឹកចិត្តបន្ត ឆ្ពោះទៅរកការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់​ការ​រៀប​ចំ​ពាណិជ្ជ​កម្មអនុគ្រោះផ្សេងទៀត របស់សហភាពអឺរ៉ុប ដែលនឹងជួយ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ នៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

2026/03/05 10:48:06 am        154
នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការអនុវត្តការងារសាងសង់ ផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ ម៉ែត្រ និង បណ្តោយផ្លូវប្រវែង ៨០ គ.ម ស្ថិតក្នុងខេត្តក្រចះ, និង ការស្នើសុំការលើកទឹកចិត្ត និង ការអនុគ្រោះនានា សម្រាប់ការអនុវត្តការងារសាងសង់ផ្លូវមួយខ្សែនេះ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងអភិឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្បន៍ និង តំណាងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសារសំខាន់នៃគម្រោងរបស់ ក្រុមហ៊ុន ខេ.ភី ស៊ីមេន ដែលជាក្រុមហ៊ុនវិនិយោគចម្រុះវិស័យ ហើយមានឆន្ទៈចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់សកម្មភាពវិនិយោគរបស់ខ្លួន, តួយ៉ាង កំពង់ផែពហុបំណង និង ផ្លូវដឹកជញ្ជូនប្រវែង ៨០ គ.ម ដែលក្រុមហ៊ុនជាអ្នកទទួលបន្ទុកចំណាយ ។ រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ក.វ.ឦសាន តែងតែបានផ្តល់ការសម្របសម្រួលជាអតិបរមាជូនក្រុមហ៊ុន ដើម្បីធានាថា ការសាងសង់ផ្លូវនេះអាចដំណើរការបានដោយរលូន ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន, ទន្ទឹមនេះ ក្រុមហ៊ុនត្រូវធានាអនុលោមភាពបច្ចេកទេសនៃការសាងសង់ និង ការគ្រប់គ្រងផលប៉ះពាល់លើសង្គម និង បរិស្ថាន ដែលអាចកើតមានជាយថាហេតុ ។ ក្នុងនោះដែរ, ក្រុមហ៊ុនត្រូវបំពេញនីតិវិធី និង បទដ្ឋានបច្ចេកទេស នៃការសាងសង់ផ្លូវ, ធានាសុពលភាពប្រើប្រាស់ បន្ទាប់ពីបញ្ចប់ការសាងសង់, ចូលរួមសហការថែទាំផ្លូវ និង ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាអតិបរមា ក្នុងការសាងសង់ផ្លូវ ។អង្គប្រជុំ បានសម្តែងការគាំទ្រដល់ការផ្តល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា សមស្របទៅតាមខ្លឹមសារ និង ស្មារតីនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ហើយបានសម្តែងឆន្ទៈចូលរួមគាំទ្រ ចាប់ពីដំណាក់កាលសាងសង់ រហូតដល់ដំណាក់កាលប្រគល់-ទទួល, ការត្រួតពិនិត្យគុណភាពនៃការសាងសង់ និង ផ្តល់ការសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហារាំងស្ទះនានា ជូនដល់ក្រុមហ៊ុន ក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កើនទំនុកចិត្តវិនិយោគ និង នាំមកនូវផ្លែផ្កាជាក់ស្តែង តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលកើតចេញពីការវិនិយោគឯកជន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅក្នុងតំបន់ភូមិភាគឦសានទាំងមូល៕

អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន

2026/03/05 10:34:17 am        276
អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់​លើ​ទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយ​ងាក​មក​អនុវត្ត​អត្រា​ពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែល​ជា​គោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការ​ផ្លាស់​ប្តូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៦ថា ជុំវិញពន្ធបដិការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានកំណត់​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា ​១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីតុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​សេច​ក្តីសម្រេចកាលពីពេលថ្មីៗ បច្ចុប្បន្នបាន ងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% តាម​មាត្រា ១២២ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ចំពោះការអនុវត្តពន្ធថ្មីនេះ មានរយៈពេល ត្រឹម​ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយបូកបញ្ចូលជាមួយ MFN (Most-favored-nation) ដែល​ជា​គោលកា​រណ៍​ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលជាក្តីកង្វល់ បន្ទាប់ពីការអនុវត្តពន្ធបដិការថ្មី ១៥% មាន​រយៈ​ពេល ១៥០ ថ្ងៃ ត្រូវ បានបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដោយមិនដឹងថា ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក នឹងអនុវត្តតាមមាត្រាណាបន្ថែម ទៀតនោះទេ តែយ៉ាងក៏ដោយ កម្ពុជា​នៅ​តែបន្តនីតិវិធីលើបទប្បញ្ញត្តិផ្សេងៗរបស់ខ្លួន លើការស្នើរសុំពន្ធដិការនេះបន្ថែម ដែល​បញ្ហា​នេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានអត្រាពន្ធទាបជាងមុន ដែល​បាន​កំណត់​លើ​ទំនិញ​កម្ពុជា​ក្នុងអត្រា ១៩% ។ជុំវិញពន្ធបដិការនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការ​អនុវត្តអត្រាពន្ធ ១៥% នៅក្នុងរយៈពេល១៥០ថ្ងៃនេះ គឺមិនមាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ ​ខណៈកន្លងមកប្រទេសកម្ពុជាអនុវត្តលើអត្រា១៩%។ ដែលបញ្ហានេះ គឺមិន​មាន​ការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែងរបស់កម្ពុជាឡើយ ខណៈកម្ពុជាក្នុងពេលបច្ចុប្បន្ននៅទទួលបាន EBA ក៏ដូច GSP (លើមុខទំនិញមួយចំនួន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាដើម។សូមរំលឹកថា ជុំវិញអត្រាពន្ធបដិការនេះ នាពេលកន្លងមក សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ចេញ​ពន្ធ​បដិការ​ប្រមាណ ៤៩% បន្ទាប់មកនៅថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​មក​នៅត្រឹម ៣៦% ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានទម្លាក់បន្ថែម ទៀតមកនៅត្រឹម ១៩%​ ខណៈបច្ចុប្បន្នបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ពន្ធបដិការត្រូវ បានទម្លាក់មកនៅក្នុងអត្រាពន្ធថ្មី ១៥% បញ្ចូលជាមួយ MFN មានអត្រារង្វង់ ១៨​ ទៅ ១៩% ដែលជាគោលការណ៍ស្នូល កំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ អត្ថបទ៖ សុន រ៉ាឌី

អតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ទទួលបានអំណោយផ្ទះថ្មី នៅខេត្តត្បូងឃ្មុំ

2026/03/05 10:24:54 am        239
ផ្ទះថ្មីចំនួន ៥០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ពិធីចាប់ឆ្នោតប្រគល់ផ្ទះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងក្រុមការងារ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Peter Altmann​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​គណបក្ស ​AfD មូលដ្ឋានប្រចាំទីក្រុងKarlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម

2026/03/05 09:46:51 am        256
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រ​ទេស​កម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។លោក ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបលោក​ជួប​សម្តែងការគួរសម។ នៅចំពោះមសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែង​ថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោ​លើ​បណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែថ្ងៃនេះ​លោក មានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់។ លោក ភីតធឺ បានបង្ហាញ​ការ​ស្ញប់​ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជានាពេលកន្លងមក។ លោក ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា។ លោក បានគូសរំលេច​ថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់​ប្រទេស​កម្ពុជាខ្លាំង​ណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅ​ខាង​មុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស៕

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

2026/03/05 09:05:04 am        246
«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថប្រមាណជាង ១៥០ នាក់។អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ដូច្នេះ គុណតម្លៃទាំងនេះគួរត្រូវបានបង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយជាបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។ ឯកឧត្តម ប៉ែន បូណា បន្តទៀតថា ទន្ទឹមនឹងនោះដែរ ការឆ្លើយតបយ៉ាងសកម្មចំពោះ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានក្លែងក្លាយ និងការបំផ្លើសបំភ្លៃនានា តែហ៊ានទទួលស្គាល់ព័ត៌មានពិត គឺជាការងារចាំបាច់ដែលត្រូវធ្វើដំណាលគ្នា ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច។ ក្នុងន័យនេះ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះក្រុមការងារព័ត៌មាននិងនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការងារនេះបានយ៉ាងល្អ។ ឯកឧត្តមក៏បានចែករម្លែកគន្លឹះសំខាន់ៗជាច្រើនដល់សិក្ខាកាមដើម្បីយល់ដឹងបន្ថែមពីព័ត៌មាននិងសាធារណមតិ។ សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ៣. បង្កើននូវជំនាញអ្នកនាំពាក្យ និងក្រុមព័ត៌មានប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM