អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

ព័ត៌មានជាតិ

តំណាងអយ្យការសម្រេចចោទជនត្រូវចោទ អិត ឆេងហ៊ត ពីបទ ប៉ុនប៉ងឃាតកម្ម

2024/12/11 06:51:33 pm        274
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្ននាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ភេទប្រុស ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ហើយនិងបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីបន្តនីតិវីធី។គួបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់នេះពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មជាសាធារណៈរួចបានបញ្ជូនទៅតុលាការ។គួរំលឹកផងដែរ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទីមានករណី ករណីប៉ុនប៉ងឃាតកម្មប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបណ្ដាមកពីគំនុំដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ ជាមួយឈ្មោះ ហ៊ុន រចនា ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ដែលពេលនោះ ឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន ០៤ នាក់ កំពុងរស់នៅជាមួយគ្នា ។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតឹកតុកឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេង ជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីតឹកតុករបស់គាត់ និងយករូបថតនេះផ្ញើមកគណនីតឹកតុករបស់ ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀត បើ មិនចង់ងាប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរស័ព្ទទៅជេរ ប្រមាថ ជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញ ទៅមក តាមទូរសព្ទ័ ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ តែម្តង។លុះដល់ថ្ងៃកើតហេតុដោយជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់ សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះនិងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើ សកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយ ជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើ សួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។ ក្រោយប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានគេចខ្លួនរហូត ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ទើបកម្លាំងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង៕អត្ថបទ៖ កុម្ភះ

វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា ផ្ដល់ជំនាញខាងអគ្គិសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក

2024/12/11 06:45:17 pm        159
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញអគ្គីសនីតាមស្ទង់ដារអន្តរជាតិ ដើម្បីឆ្លើយតាមតម្រូវការកំណើនទីផ្សារការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូរ៉េ និងជប៉ុន។លោកបណ្ឌិត ចេង ហ៊ឈង នាយកមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថាន NPIC បានថ្លែងថា៖« វិទ្យាស្ថាន NPIC បណ្តុះបណ្តាលសិស្សទៅតាមបែបស្តង់ដារបរទេស ក្រោយបញ្ចប់ការសិក្សានិស្សិតក៏អាចមានឳកាសទៅធ្វើការនៅតាមស្ថាប័នក្នុងស្រុក ឬអាចធ្វើនៅក្រុមហ៊ុនធំៗក្រៅប្រទេសផងដែរ»។លោកបន្ថែមថា៖« ខ្ញុំលើកទឹកចិត្តឲ្យនិស្សិតនៅតែបន្តមកដាក់ពាក្យចូលរៀនក្នុងវិស័យបច្ចេកទេសអគ្គិសនីឲ្យកាន់តែច្រើន ស្របពេលនេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកនៅតែសម្បូរ នៅមិនទាន់លើសតម្រូវការនោះទេ»។លោកបន្តថា និស្សិត NPIC ភាគច្រើនបានចូលប្រឡូកក្នុងវិស័យការងារក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសអគ្គីសនី ដើម្បីដកស្រង់បទពិសោធទីផ្សារការងារដែលទាក់ទងនឹងជំនាញពួកគាត់កំពុងសិក្សានៅសាលា និងទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។ជាមួយគ្នានេះ លោកថា វិទ្យាស្ថាន NPIC តែងតែលើកទឹកចិត្តសិស្សនិស្សិតដែលមានជីវភាពខ្វះខាត ហើយមានបំណងចង់សិក្សាជំនាញបច្ចេកទេសអគ្គីសនី ដោយនិស្សិតស្រីទទួលបានអាហារូបករណ៍ ៣០% និងអាហារូបករណ៍ទៅតាមនិទ្ទេសរបស់ខ្លួន ខណៈដែលសិស្សជាបុរសមានការលើកទឹកចិត្តបញ្ចុះតម្លៃសិក្សាជាច្រើនទៀត ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាជំនាញជាមួយសិស្សដទៃទៀត។ម្យ៉ាងទៀតសិស្សនិស្សិតដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងពុំមានការងារធ្វើនោះ លោកនាយកបានលើកទឹកចិត្តឱ្យពួកគាត់គួរតែចូលសិក្សាក្នុងកម្មវិធី ១,៥លានប្រាំសែនដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយទទួលបានការឧបត្តម្ភពីរាជរដ្ឋាភិបាល និងទទួលបានការប្រាក់លើកទឹកចិត្ត រៀនមិនចាំបាច់បង់ថ្លៃសិក្សា និងទទួលបានជំនាញសិក្សាស្របតាមស្ទង់ដារបរទេសថែមទៀតផង។គួររំឭកថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ និស្សិត NPIC ដែលត្រូវប្រឡងចេញកម្រិតថ្នាក់បរិញ្ញាប័ត្ររងជំនាញបច្ចេកទេសអគ្គីសនីចំនួន ១១៨នាក់ ថ្នាក់វិស្វករខាងអគ្គីសនីចំនួន ៣៧៣នាក់ ជាមួយនឹង ១១៤គម្រោងសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីប្រឡងបញ្ចប់ការសិក្សា។ ដោយគម្រោងសិក្សាស្រាវជ្រាវនៅឆ្នាំនេះ សិស្សនិស្សិតបានអនុវត្តល្អប្រសើរជាងឆ្នាំមុន បើធៀបនឹងឆ្នាំដែលមានវិបត្តិកូវីត-១៩ ពោលគឺសិស្សនិស្សិតមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការអនុវត្តផ្ទាល់ក្នុងថ្នាក់រួមគ្នា៕

ក្រុមហ៊ុនចំនួន ៤ កំពុងចំណាប់អារម្មណ៍លើការវិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា

2024/12/11 06:08:40 pm        312
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤ កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគ និងបានចំណាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្ដាក់ទុនវិនិយោគ នៅក្នុងវិស័យថាមពលស្អាត ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យថាមពលនៅកម្ពុជាឱ្យកាន់តែប្រសើរ ខណៈដែលមួយផ្សេងទៀត កំពុងសិក្សាស្វែងយល់លើការវិនិយោគផ្នែកសុខាភិបាល។​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១០ ធ្នូ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន ៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, គណៈប្រភូវិនិយោគិន អញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀត រួមមាន៖ ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ក្រុមហ៊ុន Genezen Energy, និងក្រុមហ៊ុន Sam St Investment Pte., Ltd.។នៅក្នុងជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង ៤ បានស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ ស្វែងរកការបណ្ដាក់ ទុនវិនិយោគនៅកម្ពុជាផងដែរ។ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្ត ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុក ដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ។ក្នុងជំនួបថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនលោក Joseph Ho នាយក ប្រតិបត្តិក្រុមហ៊ុន (Cambodia Beverage Company Ltd.) ក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡារបស់សហរដ្ឋអាម៉េរិក, ក្នុងគោល បំណង ដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន, មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានភ្ជាប់ប្រធានបទនៃជំនួបនេះ ទៅនឹងការគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែមានភាព ប្រទាក់ក្រឡា ពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដោយហេតុថា ក្រោយពីគម្រោងនេះសាងសង់ចប់សព្វគ្រប់ រាជរដ្ឋាភិបាល រំពឹងថា ការដឹកជញ្ជូននៅកម្ពុជានឹងកាន់តែមានភាពសម្បូរបែប និងតម្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង ដែលនឹងចូលរួម បង្កបរិយាកាសវិនិយោគ និងកិច្ចសម្រួលវិនិយោគកាន់តែមាភាពប្រសើរឡើង។ចំណែកជំនួបជាមួយក្រុមហ៊ុន Medical System Technology Co., Ltd. នៅថ្ងៃទី១០ នេះដ៏ដែល, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ របស់សម្ដេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិន ដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ

2024/12/11 05:56:54 pm        134
ភ្នំពេញ ៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងក្រោយចុះ MOU ជាមួយគ្នាហើយនោះ រាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” បានធ្វើឡើងចំនួន ៩ខេត្តរួចមកហើយ និងបានចុះ MOU ជាមួយខេត្តចំនួន ៣រួចហើយដែរ គឺខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ឆ្នាំង។ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពទាំងបីនៃវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បន្ថែមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្មីមួយបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ដែលមានបេសកកម្មជួយដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនេះ មានសារសំខាន់៣ គឺជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍ថា សិក្ខាសាលានេះគឺដើម្បីបញ្ជាបការយល់ដឹងជាសាធារណៈជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៃការផ្តល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ឯកឧត្ដម កើត ឆែ បញ្ជាក់ថា រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌទាំង១៤ មានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានជាសេនាធិការ ដែលនៅតែដើរតួនាទីសំខាន់ ឬជាអង្គភាពដើមទី ក្នុងការទទួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬជាជម្រើសបន្ថែមសម្រាប់ជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ដោយហេតុថារាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ឯកឧត្ដម កើត ឆែ បន្តថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដោយប្រើប្រាស់យន្តការសម្រុះសម្រួលផ្សះផ្សារក្រៅប្រព័ន្ធតុលាការតាមរយៈសូចនាករចំនួន ២ រួមមានទី១ ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទី២ ការបញ្ចប់វិវាទ ឬការរំលត់វិវាទដែលកើតមានឡើងនៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយសំណុំរឿងនៅតាមសាលាជម្រះក្តីគ្រប់កម្រិត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញអង្គការ-សមាគមក្រៅរាជរដ្ឋាភិបាលប្រកៀកស្មាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិជាមួយរាជរដ្ឋាភិបាល

2024/12/11 04:47:37 pm        127
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។  ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ជាថ្មីទៀត ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។ពីចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង និងដោយពុំចាំបាច់ជូនដំណឹងជាមុន លើកលែងតែក្នុងស្ថានភាពចាំបាច់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀតកំណត់ដោយច្បាប់ជាធរមាន។ ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត បន្តរៀបចំវេទិកាស្តីពីភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញឱ្យបានហោចណាស់២ដងក្នុងមួយឆ្នាំ ដោយលើកទី១ អាចរៀបចំតាមប្រព័ន្ធហ្ស៊ូម។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវយកចិត្តទុកដាក់តាមដាន និងចាត់វិធានការភ្លាមចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមជាមួយក្រុមជ្រុលនិយមរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមបញ្ជាក់ថា វេទិកាលើកទី៦ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និតស្នាល ដោយមានតំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ និងសមាគមនានា ចូលរួមប្រមាណ៥២០នាក់។ អង្គវេទិកាបានស្ដាប់ការធ្វើបទបង្ហាញពីវាគ្មិនតាមវិស័យជំនាញ ព្រមទាំងបានពិភាក្សា ពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម លើកដំណោះស្រាយ និងសំណូមពរមួយចំនួន ក្នុងន័យដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល អាជ្ញាធរ ជាមួយនិងអង្គការ សមាគម៕

កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

2024/12/11 04:33:09 pm        216
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋ អាមេរិក ខណៈទទួលជួប លោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីព្រះរាជសារ និងសារលិខិតអបអរសាទររបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូនប្រធានាធិបតី ជាប់ឆ្នោត លោក Donald J. Trump ដែលការណ៍នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាមេរិក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការ រួមខ្លួនរបសកម្ពុជាក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមក កម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោកស្រី Samantha Power នាយិកា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Walker បានសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិក កម្ពុជា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការកម្ពុជា ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពឱ្យមាន សកម្មភាពរួមមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក នៅ ឆ្នាំក្រោយ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង១៥០ ត្រឡប់មកប្រទេសកម្ពុជា និងសង្ឃឹមថា វត្ថុជាច្រើនទៀតនឹងត្រូវបានកំណត់ទីតាំង និងបញ្ជូនត្រឡប់ មកកម្ពុជាវិញ។ លើវិស័យអប់រំ និងការផ្សារភ្ជាប់ប្រជាជន-ប្រជាជន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរ ដែលអាចឱ្យនិស្សិតកម្ពុជាជាង ១,០០០ នាក់ បានទៅសិក្សា និងបណ្តុះបណ្តាល នៅសហរដ្ឋអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញនូវការបន្តគាំទ្រ និងកិច្ចសហ ប្រតិបត្តិការពេញលេញរបស់កម្ពុជាសម្រាប់របេសកកម្មមនុស្សធម៌រួមគ្នាក្នុងការរុករកអដ្ឋិធាតុទាហាន អាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។ លើការដោះមីន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះ ជំនួយចំនួន១២លានដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា ឯកឧត្តម ឧបនា ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនេះ នឹងពន្លឿនការសម្រេចគោលដៅរបស់កម្ពុជាជាប្រទេស គ្មានមីន។ កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់កម្ពុជា ក្នុងនាមជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) ដើម្បីបង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋ អាមេរិក៕

ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល

2024/12/11 04:26:44 pm        256
កណ្តាល៖ ដោយសារតែគ្រោះធម្មជាតិបានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមើលឃើញបញ្ហាបែបនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ ដោយបានអញ្ជើញចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់នៅទីតាំងបាក់ច្រាំងនេះ ហើយឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ សូមបញ្ជាក់ថា ការបាក់ច្រាំងខាងលើនេះ គឺបណ្ដាលមកពីគ្រោះធម្មជាតិ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ដែលបានបណ្តាលឱ្យបាក់ច្រាំងសង្កត់លើទូក៣គ្រឿង និងបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួនរកសាកសពមិនទាន់ឃើញ ហើយបច្ចុប្បន្ននេះអាជ្ញាធរមូលដ្ឋានកំពុងតែខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ៕

មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ

2024/12/11 03:44:14 pm        262
សៀមរាប៖ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹក​នាំ​គណៈ​កម្មការ​អន្តរ​ក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយ​តម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,​០០០​ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេ​ត្ត​សៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និង​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​មក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានជួបសំណេះសំណាល និងពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និង​បាន​សំណូមពរ​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ជួយ​ថែ​ទាំ​ផ្លូវ​នេះឱ្យ​បាន​ដិត​ដល់​ដើម្បី​ធានា​ថា​ផ្លូវ​នេះ​អាច​ប្រើ​ប្រាស់​បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល ក៏បានស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​ចូល​រួម​ណែនាំដល់រថយន្តធុនធ្ងន់ សូមកុំឱ្យដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវ ពីព្រោះរាជ​រដ្ឋាភិបាល​បាន​ចំណាយថវិកាអស់ជាច្រើន ដើម្បីស្ថាបនាផ្លូវនានានៅទូទាំងប្រទេសកម្ពុជា សម្រាប់​បម្រើ​ការធ្វើដំណើរ និងជញ្ជូន។ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន បានបង្ហាញនូវការសប្បាយរីករាយ ដែល​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​ផ្លូវ​ថ្នល់​ដែល​ជា​សរសៃ​ឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យ​កាន់​តែ​មានភាពល្អប្រសើរឡើង។ពួកគាត់បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវដ៏ស្អាតមួយខ្សែ ដែលបាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និង​ការ​ដឹក​កសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន ៕ បានសុខរិទ្ធិ 

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោង​អច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

2024/12/11 03:19:47 pm        219
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃ​រដ្ឋបាល​ជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម, ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និង​ប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ, ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិផងដែរ។សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បាន​បំពាក់​​ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំង៕ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើស្វីសផ្តល់ជំនួយពង្រីកគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់កម្ពុជា​

2024/12/11 03:00:32 pm        235
កាលពីដើមសប្ដាហ៍នេះ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ SDC អង្គការស្វីលខនថាក់ បានប្រកាសប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ឆ្នាំ​២០២៤ ឆ្នាំ២០២៨ ដើម្បី​ពង្រីក​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ទេសចរណ៍​ចំនួន​១២នៅទូទាំងប្រទេស។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ដើម្បីសម្រេចគោលដៅ ការអនុវត្តយុទ្ធនាការ មនុស្ស​ម្នាក់​ជំនាញ​មួយ ក្រសួងទេសចរណ៍ ស្នើទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិ​ការ​SDC អង្គការស្វីលខនថាក់ និងភាគីពាក់ព័ន្ធនានា ជួយជំរុញ​ពង្រីក​ការ​អនុវត្ត​កម្ម​វិធី​គម្រោង​ហូការ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន និងបុគ្គលិកមានជំនាញទាប ទទួលបានលទ្ធភាពការងារសមរម្យ បង្កើនប្រាក់ចំណូលកាន់តែប្រសើរ និង​ជួយ​ពង្រឹង​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យទេសចរណ៍មានឲ្យមានភាពធន និងគិតគូពីបរិស្ថាន និងការប្រកួត​ប្រជែង​ជំនាញ​វិជ្ជា​ជីវៈទេសចរណ៍ក្នុងកម្រិតថ្នាក់ជាតិ និងអាស៊ាន។ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូការទាំងវគ្គខ្លីៗ និង​កម្ម​វិធី​បណ្តុះ​បណ្តាល​ពេញ​ម៉ោង​ឲ្យ​បានកាន់តែផុលសផុស នៅកម្រិតថ្នាក់ក្រោមជាតិ សំដៅបង្កើន​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេសចរណ៍​តាម​ខេត្តរបស់ខ្លួន និងផ្តល់ការឱកាសការងារសមរម្យ និងកំណើនប្រាក់​ចំណូល​ដល់​យុវជន​។សូមបញ្ជាក់ថា គណៈកម្មការគម្រោងហូការ ក្រសួងទេសចរណ៍ និងអង្គការ​ស្វីលខន់ថាក់​គិត​ចា​ប់​ពី​ឆ្នាំ​២០១៦ រហូតដល់ឆ្នាំ២០២៤នេះ បានបណ្តុះបណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​បាន​ប្រមាណ​ជាង​៦៣៩៧នាក់ ក្នុងគោលដៅខេត្តចំនួន១០ ហើយតាមរយៈការប្រកាស​ប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្ត​កម្ម​វិធី​បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ដែលមានដាក់​បញ្ចូល​បន្ថែម​ខេត្ត​ចំនួន២ទៀត រួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង នឹងទទួលបានបុគ្គលិក​មាន​ជំនាញ​ទាប ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត ការបង្កើនសមត្ថភាព គុណភាពការងារ និងការ​ជួយ​ពង្រឹកពង្រីកអាជីវកម្មទេសចរណ៍កាន់តែច្រើនថែមទៀត៕ អត្ថបទស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM