ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣

2024/11/25 05:05:07 pm        89
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ៖ ០៧១/១១២៤/លគ.គក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង១៥:៣០នាទីរសៀល ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២-បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥៕

រដ្ឋមន្រី្តសុខាភិបាល ចុះឆ្មក់ត្រួតពិនិត្យមណ្ឌលសុខភាពពេលយប់ ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌

2024/11/25 05:02:21 pm        114
សៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះធ្វើអភិបាលកិច្ចពេលយប់ ដើម្បីវាយតម្លៃការបម្រើសេវាសុខាភិបាលសាធារណៈ២៤ម៉ោង លើ៧ថ្ងៃ។ ការផ្តួចផ្តើមនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់សម្រាប់សុខភាពប្រជាពលរដ្ឋ និងលើកទឹកចិត្តបុគ្គលិកសុខាភិបាល អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ លះបង់ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសការប្រើប្រាស់បណ្ណក្រីក្រ និងប.ស.ស។មណ្ឌលសុខភាព ចំនួន ០៣ កន្លែង ក្នុងទឹកដីអង្គរ នៃខេត្តសៀមរាប ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖១) មណ្ឌលសុខភាព មណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់២) មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់ កំឡុងការចុះពិនិត្យនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលនោះ។ មណ្ឌលសុខភាពទាំង៣ ខាងលើ មានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការ ដែលមានឥរិយាបទអកប្បកិរិយាសមរម្យ និង អនាម័យសមស្រប។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថ និងការនិយាយស្តីគួរសម សុជីវធម៌បន្ថែមទៀត។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយសេចក្តីថ្លៃថ្នូរ៕អត្ថបទ រដ្ឋា

សមាគមយុវជនធ្វើបាន នាំយកអំណោយសៀវភៅរបស់សម្តេចតេជោ "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិត

2024/11/25 04:57:17 pm        140
ភ្នំពេញ៖ សមាគមយុវជនធ្វើបាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកសៀវភៅដែលមានចំណងជើងថា "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ។លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមយុវជនធ្វើបាន បានដឹកនាំក្រុមការងារ និងនាំយកសៀវភៅ ដែលនិពន្ធទាក់ទងនឹង "ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន" ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ ដើម្បីជាចំណេះដឹង និងស្វែងយល់ពីតថភាពក្នុងពេលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។លោក ទុំប៉ែន វីរៈវិទូ ថ្លែងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ លោក ថ្លែងបន្តថា បើតាមការកត់ត្រារបស់សៀវភៅនេះ ដែលយើងបានអាន បានដឹង គឺមានការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ដល់ទៅ៥ដង។ ក៏ប៉ុន្ដែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងជាពិសេសការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរ បានដឹងតរៀងទៅច្រើនជំនាន់តទៅមុខទៀត។សៀវភៅមួយក្បាលនេះ មានអត្ថន័យ មានតម្លៃធំធេងណាស់ គឺជាឯកសារតែមួយគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្ដិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្ដេចតេជោ ពីសំណាក់ដៃគូប្រគួតប្រជែងនយោបាយ។ តាមរយៈសៀវភៅមួយនេះ យើងបានឃើញពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង បានឃើញពីការលះបង់គ្រប់បែបយ៉ាង ការប្រឈរមុខចំពោះឧបសគ្គអំពីបញ្ហាធំៗ ជាពិសេសការប៉ុនប៉ងដល់អាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន។នាឱកាសនោះ លោក ទុំប៉ែន វីរៈវិទូ បានថ្លែងអំណរគុណដល់សាលាស្តេលាអន្តរជាតិដែលបានរួមចំណែករៀបចំកម្មវិធីនេះឡើងសម្រាប់ឱ្យនិស្សិតដែលជាយុវជនបានទទួលនូវចំណេះដឹងថែមទៀតពីប្រវត្តិសាស្រ្តរបស់មេដឹកនាំកម្ពុជា ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដមកដល់បច្ចុប្បន្ន។ ប្រធានសមាគមយុវជនធ្វើបាន បានស្នើឱ្យយុវជនខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងគោលការណ៍បដិវត្តន៍ឱស្សាហ៍កម្មបច្ចេកវិទ្យា ក្នុងការបង្កើនការងារដល់យុវជន ព្រមទាំងកំណើនសេដ្ឋកិច្ចជាតិ។

ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ លើកទី២

2024/11/25 04:10:05 pm        361
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ក្នុងកម្មវិធីបើកវគ្គវិក្រឹតការនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គទី២នេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ បន្តរួមសហការជាមួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), វិស័យឯកជន យកចិត្តទុកដាក់ចំពោះបេសកកម្មបណ្តុះបណ្តាល ១,៥លាននាក់ ពិសេសវិន័យ ការគ្រប់គ្រងថ្នាក់សិក្សា គ្រូបច្ចេកទេស តាមដាននិងវាយតម្លៃគុណភាពសិក្សាវគ្គវិក្រឹតការនេះ។   ឯកឧត្តម ប៉ុក ប៉ាន់ បានលើកទឹកចិត្តឱ្យគ្រូបច្ចេកទេស លោកគ្រូ អ្នកគ្រូទទួលខុសត្រូវវគ្គសិក្សាទាំងអស់ ចូលរួមដោយសកម្ម ក្រេបយកបទពិសោធន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងគំនិតក្នុងវគ្គបំប៉ននេះទៅដល់សិក្ខាកាម សិស្ស-និស្សិត ដើម្បីទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។ ឯកឧត្តម សង្ឃឹមថា លទ្ធផលនៃវគ្គនីមួយៗនេះ នឹងចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេស ឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការអនុវត្តជាក់ស្តែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត ឬកម្មករ ជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម បានតាមសេចក្តីប្រាថ្នានៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូបច្ចេកទេសសរុបចំនួន ១៥០នាក់ និងមានការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

ផលិតផលកម្ពុជាមួយចំនួននឹងត្រូវធ្វើការនាំចេញទៅកាន់ទីផ្សារកូរ៉េនាពេលខាងមុខ

2024/11/25 03:51:41 pm        548
ក្នុងឱកាសប្រារព្ធពិធីទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សមាគមអ្នកផលិតចំណីអាហារកម្ពុជា បានចុះកិច្ចព្រមព្រៀងមួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយក្រុមហ៊ុនឯកជនរបស់កូរ៉េ ដើម្បីនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ។ប្រភពសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនាំចេញផលិតផលខ្មែរនេះ បានធ្វើឡើងរវាងឯកឧត្តម មៀវ សុ ទ្រី ប្រធាន​សមាគម​អ្នក​ផលិតចំណីអាហារកម្ពុជា ជាមួយក្រុមហ៊ុនកូរ៉េ WELLSGROUND ដោយមានលោក Kyongman Kim នាយកប្រតិបត្តិ ជាតំណាងចុះហត្ថលេខា។ប្រពភពដដែល បានឲ្យដឹងទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ គម្រោង​ការ​នាំចេញ​លើ​ក​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាងយូរនៅដើមឆ្នាំ២០២៥ខាងមុខ។ ក្នុងនោះ ផលិតផលសំខាន់ៗ​ដែល​គ្រោង​នាំ​ចេញ មានដូចជាផលិតផលកសិកម្ម និងផលិតផលកែច្នៃជាច្រើនទៀត។ ឯកឧត្តម​ប្រធានសមាគម បានមានប្រសាសន៍ថា កម្មវិធីនេះមិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​ចង​សម្ព័ន្ធ​អន្តរជាតិ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការបង្កើតឱកាសថ្មីៗសម្រាប់សហគ្រិនកម្ពុជា និង​ជំរុញ​ការលូតលាស់នៃផលិតផលស្រុកខ្មែរ។ អនាគតវិស័យនាំចេញនេះ នឹងមាន​តួនាទី​សំខាន់​ក្នុង​ការ​លើកស្ទួយសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តម បានបញ្ជាក់​បន្ថែម​ថា កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និង​បង្ហាញសក្តានុពលរបស់កម្ពុជា ឱ្យពិភពលោកស្គាល់តាមរយៈផលិតផលដែលមានគុណភាព និង​អត្តសញ្ញាណជាតិ។សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសមិទ្ធផល និងបន្ត​លើក​កម្ពស់​ការ​អភិវឌ្ឍ​សហគ្រិន​ភាព​នៅ​កម្ពុជា​។ ទិវានេះ មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយ​ផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និង​សេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន៕

ឯកឧត្តម លី ធុជ ទទួលជំនួបទ្វេភាគីជាមួយអគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន

2024/11/25 03:41:30 pm        427
សៀមរាប៖ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ លោកស្រី Pinsuda Jayanama អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន។ក្នុងជំនួបនោះ លោកស្រី Pinsuda Jayanama បានស្នើសុំ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើកការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ជាការឆ្លើយតប តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ភាគីទាំងពីរត្រូវបន្តពិភាក្សាគ្នា និងលើកតម្រូវការការងារបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយអនុវត្តតាមយន្តការគណៈកម្មាធិការព្រំដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ដែលមានស្រាប់។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបន្ថែមអំពីស្ថានភាពនៃសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលកម្ពុជាត្រូវបន្តដោះស្រាយ និងបោសសម្អាតឱ្យអស់ពីទឹកដីនៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដល់សហគមន៍រងផលប៉ះពាល់។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជា បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនបន្ថែមនៅតាមតំបន់ព្រំដែន ដោយប្រតិបត្តិករអង្គភាពស៊ីម៉ាក់ និងក្រោមកិច្ចសហការជាមួយកងទ័ពជើងគោក ផងដែរ។

សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់ IPTP សម្រេចបានចក្ខុវិស័យ និងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាពលរដ្ឋ

2024/11/25 03:22:18 pm        446
ក្រោយពីដំណើរកិច្ចប្រជុំរយៈពេលពីរថ្ងៃមក សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញនោះ បានឈានដល់ការបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យនាំមកនូវផ្លែផ្កាជាទីមោទនៈ ក្នុងកិច្ចការពារសន្តិភាពនិងការលើកកម្ពស់វប្បធម៌សន្ទនាតាមរយៈការពង្រឹងតួនាទីរបស់សភា ដើម្បីសន្តិភាពនិងវិបុលភាព របស់ប្រជាពលរដ្ឋ។នៅក្នុងពិធីបិទកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យ្រជុំពេញអង្គ IPTP លើកទី១១ បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះសមាជិកគ្រួសារសភា IPTP និងដៃគូកិច្ចសហប្រតិបត្តិការទំាងអស់ដែលបានខិតខំប្រឹងប្រែង រួមវិភាគទាន បញ្ចេញនូវទស្សនៈ ចែករំលែកបទពិសោធ មានសារៈសំខាន់ ដើម្បីពង្រឹងយន្តការសភា លើកកម្ពស់វប្បធម៌សន្ទនា ឈានដល់ការសម្រេចបាននូវចក្ខុវិស័យនិងបំណងប្រាថ្នារួមមួយដើម្បីសន្តិភាព។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាររបស់ IPTP លើកទី១១ មានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ។ ប្រជាជាតិនីមួយៗ គួរជ្រើសរើសការចរចាជាជាងការបង្កអំពើហិង្សា។ មានតែការយោគយល់គ្នា ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាតម្លៃពិតនៅក្នុងការធានាបាននូវកិច្ចសហប្រតិបត្តិយូរអង្វែងដែលនាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជិត៣០០នាក់ បានអញ្ជើញមកពីប្រទេសចំនួន៥៣ មកពីបណ្តាទ្វីបនានានៅក្នុងពិភពលោក។ នៅក្នុងការប្រមូលផ្តុំគំនិតទស្សនៈ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ សម័យប្រជុំពេញអង្គ IPTP បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការចំនួន៥ មានគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹកនិងសន្តិសុខបរិស្ថាន គណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការច្បាប់និងយុត្តិធម៌។ ជាមួយគ្នានេះ សម័យប្រជុំបានបើកសម័យប្រជុំពេញអង្គចំនួនពីរវគ្គ ។ជាលទ្ធផលរួម សម័យប្រជុំ IPTP បានសម្រេចនូវឯកសារចំនួនពីរជាសំខាន់ មានសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិនិងភពផែនដី។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំទូលំទូលាយថែមទៀត នៅក្នុងសម័យប្រជុំលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ IPTP បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូចំនួនបួន មានអនុស្សរណៈនៃការយោគយល់ជាមួយ អន្តរសភាអាស៊ាន(AIPA) ជាមួយសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព(IAPP) ជាមួយក្រុមប្រឹក្សាទឹកអាស៊ី (AAWC) និងជាមួយរដ្ឋសភាឆាដ។សម័យប្រជុំ IPTP បានប្រគល់បានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍សន្តិភាព របស់កម្ពុជា សម្តេចបានពលិកម្មស្ទើរពេញមួយជិវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិនិងការលើកម្ពស់សន្តិភាព ជូនប្រជាជននិងប្រទេសកម្ពុជា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានសម័យប្រជុំពេញអង្គលើកទី១១ IPTP បានគូសបញ្ជាក់ថាការប្រគល់ពានរង្វាន់សន្តិភាពជូន សម្តេចតេជោ ហ៊ុន សែន គឺពិតជាស័ក្តិសមបំផុតក្នុងការឆ្លើយតបនឹងពលិកម្មរបស់សម្តេច។ ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញពីតម្លៃសន្តិភាពយូរអង្វែង បើគ្មានសន្តិភាពយើងមិនអាចទទួលបាននូវការអភិវឌ្ឍដូចបច្ចុប្បន្ន និងការទទួលបានអនាគតដ៏រុងរឿងនោះឡើយ។ ក្រោមម្លប់សុខសន្តិភាព កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យមោះមុត ច្បាស់លាស់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទំាងអស់នេះកើតមានបានដោយសារសន្តិភាព។សូមជម្រាបថា ធម្មនុញ្ញសន្តិភាព ដែលសម័យប្រជុំ IPTP លើកទី១១ បានគំាទ្រនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ។ ធម្មនុញ្ញសន្តិភាព តាក់តែងឡើងដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញទៅវិញទៅមក វិបុលភាពរួម គុណតម្លៃសកលនិងការរួមរស់ជាមួយសន្តិភាព។ ធម្មនុញ្ញសន្តិភាពនឹងក្លាយជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្រ្គាម ការផ្គត់ផ្គង់សន្តិសុខស្បៀងនិងសង្រ្គោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នារបស់ IPTP នាពេលនេះគឺជាការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញពិភពលោកមួយដែលមិនទទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។ កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែល IPTP និងដៃគូត្រូវរួមគ្នាដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។សម្តេចបានគូសបញ្ជាក់ថា “យើងគួរបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ហើយប្រែក្លាយពាក្យសំដីរបស់យើងទៅជាសកម្មភាពជាក់ស្តែង ដើម្បីពលរដ្ឋរបស់យើង។ អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើឱ្យបាន។ សាររបស់យើងនាពេលនេះគឺមានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការយោគយល់គ្នាជាជាងការបែកបាក់ និងការអាណិតអាសូរ សន្តោសប្រណី ជាជាងការស្អប់ខ្ពើមគ្នា។ យើងសូមអំពាវនាវឱ្យមានសន្តិភាពដ៏យូរអង្វែងសម្រាប់ភពផែនដីយើង ដែលអាចផ្តល់សន្តិសុខ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់មនុស្សគ្រប់ទីកន្លែង”៕

ផលិតផលខ្មែរជាច្រើនត្រូវបានទទួលស្គាល់ថា មានភាពរីកចម្រើន និងល្អប្រសើរជាងមុន

2024/11/25 03:10:23 pm        488
នៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព រៀបចំឡើងដោយសហគ្រិនខ្មែរ ដោយ​មាន​ការ​តាំង​បង្ហាញ​នូវ​ផលិតផលខ្មែរជាច្រើនមុខទំនិញ និងសេវាកម្មនានាមកពីគ្រប់វិស័យ ត្រូវបានកត់​សម្គាល់​ឃើញ​ថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជនទូទៅ ដោយបង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់​ផ្អើល និង​សប្បាយរីករាយ នៅពេលដែលខ្មែរអាចធ្វើបានល្អប្រសើរជាងមុន។កំពុងដើរទស្សនា និងទិញទំនិញតាមស្តង់ កញ្ញា ណាត សៀងម៉ី ជាពលរដ្ឋមកពីខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ជា​ការ​មើលឃើញជាក់ស្តែង ពិតជាមានអារម្មណ៍ រំភើបចិត្ត នៅពេល​ដែល​ឃើញ​និង​ដឹ​ង​ថា​ខ្មែរ​អាច​ធ្វើ​បាន​ស្ទើរគ្រ​ប់វិស័យ ទោះបីថាកម្ពុជាដើរយឺត ប៉ុន្តែអាចធ្វើបានទាន់សម័យកាល ដូចជា​ខាងផ្នែកម្ហូបអាហារកែច្នៃ សម្លៀកបំពាក់ កាបូប ស្បែកជើង អេឡិចត្រូនិច និង​ផលិត​ផល​ខាង​ផ្នែក​វិស័យកសិកម្ម និងជលផលជាដើម។ពលរដ្ឋ២នាក់ផ្សេងទៀត ដែលរស់នៅរាជធានីភ្នំពេញដូចគ្នា គឺកញ្ញា សួន យ៉ាដា និងអ្នកនាង អ៊ូច វណ្ណធីប បានលើកឡើងស្រដៀងគ្នាថា ពិតជា​មាន​មោទនភាព​ដែល​បាន​ឃើញ​ផលិត​ផល​ខ្មែរ​កាន់​តែ​កើន​ឡើង អាចផលិតបាន ថែមទាំងអាចដាក់​តាំង​បង្ហាញ​លក់​តាម​ផ្សារ​ទំនើប​នានា​ថែម​ទៀត ដែលសបញ្ជាក់ពីគុណភាព ការយកចិត្តទុក ក៏ដូចជាស្តង់ដារអនាម័យជាដើម ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់មានទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ និងទទួលទាន។ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ទូទាំងប្រទេស ងាក​មក​គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏​ដូចជាផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសមិទ្ធផល និង​បន្ត​លើក​កម្ពស់​ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ក្នុងព្រឹត្តការណ៍នេះ មានស្តង់ផលិតផល​ចូលរួម​សរុប​ជាង ២០០ស្តង់។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា​ប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ទិវានេះ មានគោល​ដៅ​ផ្តល់​ភាព​អង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់​ឱកាស​កសាង​បណ្តាញ​ធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម​ដែល​កើត​ចេញ​ពី​នវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន៕

ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ត្រូវបានជួលឱ្យប្រយុទ្ធជាមួយកងកម្លាំងក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា

2024/11/25 03:09:10 pm        419
យោងតាមប្រភព និងរបាយការណ៍ទីភ្នាក់ងារជំនួយផ្ទៃក្នុងបានឱ្យដឹងថា ក្រុមអ្នកប្រយុទ្ធជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ នៅជំរំជនភៀសខ្លួនដ៏ធំក្នុងពិភពលោក Cox's Bazar របស់បង់ក្លាដែស ជាទីដែលការជ្រើសរើសក្រុមសកម្មប្រយុទ្ធ និងអំពើហិង្សាបានកើនឡើងនៅឆ្នាំនេះ ត្រូវបានរបបសឹកជួលឱ្យប្រយុទ្ធនៅមីយ៉ាន់ម៉ា ជាមួយក្រុមបះបោរនៃកងទ័ពជនជាតិភាគតិចអារ៉ាកាន AA។អ្នកប្រយុទ្ធរ៉ូហ៊ីងយ៉ាជាច្រើនបានចូលរួមជាមួយក្រុម ដែលមានសម្ព័ន្ធមិត្តជាមួយអតីតអ្នកធ្វើទុក្ខបុកម្នេញយោធារបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងជីវពលជនជាតិភាគតិចនៃកងទ័ព Arakan ដែលបានដណ្តើមកាន់កាប់រដ្ឋ រ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនបានភៀសខ្លួនចេញ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ជាលើកដំបូងអំពីទំហំនៃការជ្រើសរើសដោយក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ានៅក្នុងជំរំភៀសខ្លួននោះ ដែលសរុបមានយុទ្ធជនចន្លោះពី ៣.០០០ ទៅ ៥.០០០នាក់។សារព័ត៌មាននេះក៏បង្ហាញពីភាពជាក់លាក់នៃពីការចរចាដែលបរាជ័យរវាងជនជាតិរ៉ូហ៊ីងយ៉ា និងកងទ័ពអារ៉ាកាន រួមទាំងការលើកទឹកចិត្តដែលរបបសឹកផ្ដល់ឱ្យយុទ្ធជនរ៉ូហ៊ីងយ៉ាទាំងនោះ ដូចជាថវិកា និងឯកសារសញ្ជាតិជាដើម។គួររម្លឹកថា យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបង្កឱ្យមានការប្រយុទ្ធកាន់តែខ្លាំងជាមួយនឹងកងជីវពលប្រដាប់អាវុធដែលបានបង្កើតឡើងជាយូរមកហើយដោយក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា នៅក្នុងតំបន់ព្រំដែនរបស់ខ្លួន៕

អន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBSTចំនួន៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហម១៥ខ្សែក្នុងខេត្តកំពង់ឆ្នាំង

2024/11/25 02:39:58 pm        140
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវកៅស៊ូចំនួន៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំងនេះ ឯកឧត្តម ចាន់ ដារ៉ុង បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច ។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូDBSTថ្មីស្អាតចំនួន៧ខ្សែ ប្រវែងជាង៥២គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ប្រវែងជាង១១៥គីឡូម៉ែត្រ នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវDBSTទាំង៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហម១៥ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ។ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុករលាប្អៀរនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំងអស់នេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យពួកគាត់ឡើងថ្លៃជាដើម ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំលីបង់ ស្តីបន្ទោសអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា វាយប្រហារគ្នាទៅវិញទៅមក
06/06/2026 09:06 AM
ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន
06/06/2026 09:06 AM
លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ
06/06/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM