ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ឯកឧត្តមប្រធាន IDC-CDI ថា សម្ដេចតេជោ ហ៊ុន សែន គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា

2024/11/22 09:18:33 pm        83
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (12th General Assembly of ICAPP (International Conference of Asian Political Parties ) បានអនុញ្ញាតឱ្យ ឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDIនិងគណៈប្រតិភូ COPPAL ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំសំខាន់ៗក្នុងពេលនេះ។ សម្តេចបានមានប្រសាសន៍ថាការអញ្ជើញមកចូលរួមកម្មវិធីជាច្រើនកន្លងមក និងការអញ្ជើញមកទស្សនាប្រទេសកម្ពុជាច្រើនលើករបស់ ឯកឧត្តមប្រធាន គឺជាការផ្តល់កិត្តិយស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ឯកឧត្តម ចំពោះប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តមប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី ១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ បន្តទៀត។ សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន នៅពេលដែលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកបដោយភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោបាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំសន្តិភាពត្រឡប់មករកពិភពលោករបស់យើងវិញ។ នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធាន IDC-CDI បានសម្តែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃទទួលជួប ឯកឧត្តម និងគណៈប្រតិភូគ្រប់ពេលដែល ឯកឧត្តម និងគណៈប្រតិភូបានមកចូលរួមប្រជុំ និងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រធាន បានបន្តថា កិច្ចប្រជុំ CDI នៅខេត្តសៀមរាប ដែលទើបតែបញ្ចប់ទៅនេះ ពិតជាទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាល្អបំផុត។ ជាមួយគ្នានេះដែរ ឯកឧត្តម និងគណៈប្រតិភូ ក៏បានទៅទស្សនាពីបុណ្យអុំទូក នៅខេត្តសៀមរាបផងដែរ ដែលព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមប្រធាន ក៏បានលើកឡើងពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ី និងកម្ពុជា ដែលបានរងគ្រោះដោយសារសង្រ្គាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេលនៃការបះបោររបស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង ៥០ឆ្នាំមុន។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។ឯកឧត្តមប្រធាន បានបន្តថា ឯកឧត្តមពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ឯកឧត្តម ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។ ឯកឧត្តមប្រធាន បានរំលឹកជូន សម្តេចតេជោ ពីប្រវត្តិស្វែងរកសន្តិភាពនៅពេលដែលនឯកឧត្តមជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងក្រោយមកក្លាយជាប្រធានាធិបតីសម្រាប់ប្រទេសកូឡុំប៊ី នៅទសវត្សឆ្នាំ ១៩៩០។ ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ ឯកឧត្តមបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។

សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

2024/11/22 08:30:28 pm        121
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម​ប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ ឯកឧត្តមប្រធានបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច​ ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន​។  សម្ដេចបវរធិបតី និងឯកឧត្តប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ,​ អចលនទ្រព្យ, កសិកម្ម​ និងកសិ-ឧស្សាហកម្ម, អប់រំ,​ បច្ចេកវិទ្យា,​ ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ,​ ផ្សារទំនេីប ជាដើម។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក​ ដើម្បីចាប់យកឱកាស​វិនិយោគ​នៅកម្ពុជា​៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

2024/11/22 08:03:07 pm        97
នៅរាត្រីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី ១២ (ICAPP 12) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) បានរៀបចំពិធីជប់លៀង(Gala dinner) ជូនដល់បណ្ដាប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយនានា ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ពិធីរៀបចំជប់លៀងជូនដល់ប្រតិភូនៃមហាសន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ប្រកបដោយភាពរីករាយ និងជោគជ័យជាមហាគ្រួសារ ICAPP៕

ក្រសួងពាណិជ្ជកម្មកម្ពុជា-កយកា-KOICA សហការគ្នាលើការជំរុញម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជានិងប្រព័ន្ធកម្មសិទ្ធិបញ្ញា

2024/11/22 07:49:38 pm        514
ភ្នំពេញ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបិទកម្មវិធីដើម្បីពិនិត្យលើការសិក្សាជាបឋមនៃគម្រោង “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” “Cambodia’s National Trademark Management Center (NTMC) and IP -Business Information System Development Project” ការសិក្សាជាបឋមនៃគម្រោងនេះ ត្រូវបានធ្វើឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញកូរ៉េ និងក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។ ក្នុងនាមជាដៃគូ សំខាន់ របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បាន ប្តេជ្ញាចិត្តក្នុងការពង្រឹង ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលលើកកំពស់វិបុលភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំក៏បានរួមបញ្ចូលការពិភាក្សាលើការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា Cambodia’s National Trademark Management Center (NTMC)។ គម្រោងនេះមានគោលបំណងជំរុញប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការរួមបញ្ចូលទិន្នន័យអាជីវកម្ម ទៅនឹងប្រព័ន្ធចុះបញ្ជីម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ geographical indication (GI) និងអភិវឌ្ឍមុខងារសេវាសាធារណៈ។ គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រងម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់កម្ពុជា ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា និងលើកកម្ពស់ការការពារ កម្មសិទ្ធិ បញ្ញា។ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA ដែលបានបន្តគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ក្នុងការជំរុញភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងការប្រកួតប្រជែងជាសកល។ ឯកឧត្តមបាន គូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួមចំណែក លើកស្ទួយកេរ្តិ៍ឈ្មោះម៉ាក របស់ផលិតផលកម្ពុជា ទាំង ក្នុង និងក្រៅប្រទេស។ ទីភ្នាក់ងារកយកា-KOICA នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារនេះទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏សំខាន់នេះ៕អត្ថបទ រដ្ឋា

តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

2024/11/22 07:02:23 pm        70
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់, និងសកលលោក។ ក្នុងន័យនេះ សម្ដេចបវរធិបតី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរស្វែងរកសន្តិភាព​ និងការផ្សះផ្សាជាតិ នៅកម្ពុជា តាមរយៈនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ និងការកសាងភាពជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកស្វែងរកសន្តិភាពពេញលេញ​ នៅកម្ពុជា។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងសមាជិកគណៈប្រតិភូ​ ក៏បានពិភាក្សាផងដែរ​ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន៕

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា៖រដ្ឋាភិបាលអង់គ្លេសបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ច

2024/11/22 05:41:15 pm        164
ភ្នំពេញ ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams MBE បានថ្លែងថា វិស័យអប់រំគឺជា កត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត ដូច្នេះ ដើម្បីចូលរួមការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ រដ្ឋាភិបាលអង់គ្លេសនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ចពោលគឺមួយឆ្នាំៗចាប់ពី១០ទៅ១៥នាក់។ ថ្លែងនៅក្នុងឱកាសប្រគល់បណ្ណសរសើរដល់និស្សិតជ័យលាភីផ្នែកសរសេរ និង និយាយភាសាអង់គ្លេសដែលធ្វើឡើងនៅសាកលវិទ្យាល័យន័តុន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក Dominic Williams MBE បានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយដែល បានឃើញប្រទេសកម្ពុជាបានកំពុងរីកចម្រើនលើវិស័យអប់រំ ហើយបានឃើញនិស្សិតកម្ពុជាកាន់តែច្រើន បានចាប់យកជំនាញភាសាអង់គ្លេស ខណៈភាសាអង់គ្លេសនេះគឺជាភាសាអន្តរជាតិនោះ។ លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា ការអប់រំគឺជាការធានាយ៉ាងធំធេងដល់ប្រជាជនកម្ពុ ជាដើម្បីចូលរួមការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលអនាគត នឹងធ្វើឲ្យប្រជា ជនកម្ពុជាមានប្រាក់ចំណូលចូលក្នុងគ្រួសារកាន់តែខ្ពស់ជាងមុនផងដែរ។ លោកទូតបានបន្ថែមថា«រដ្ឋាភិ បាលអង់គ្លេសបាននិងកំពុងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំៗចាប់ ពី១០ទៅ១៥នាក់»។ អាហារូបករណ៍ដែលចក្រភពអង់គ្លេសផ្តល់ជូនដល់និស្សិតកម្ពុជានេះគឺជាអាហារូបករណ៍ពេញលេញ ដោយធានាទាំងការធ្វើដំណើរ ការរៀនសូត្រ និងរបបអាហារជាដើម។ លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា មូលហេតុដែលចក្រភពអង់គ្លេសផ្តល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា គឺដើម្បីចូលរួមការអភិវឌ្ឍនៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយ ខណៈអប់រំនេះគឺជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗដូចជាប្រទេសកម្ពុជា ជាដើម។ ជាមួយគ្នានោះដែរលោកទូតក៏បានរំពឹងផងដែរថា គ្រប់និស្សិតទាំងអស់ដែលបានទៅរៀននៅចក្រភពអង់គ្លេសពួកគេនឹងយកនូវជំនាញរបស់ពួកគេមកបម្រើដល់ប្រទេសកម្ពុជា ហើយយកជំនាញនេះ មកអភិវឌ្ឍប្រទេសកម្ពុជា៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

2024/11/22 05:37:31 pm        59
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties ) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានអញ្ជើញក្នុងពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។ បន្ទាប់ពីចំណាប់អារម្មណ៍របស់ប្រតិភូតំណាងគណបក្សនយោបាយមកពីប្រទេសផ្សេងៗរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយផ្ដោតទៅលើប្រធានបទខាងលើសំខាន់ៗដូចតទៅ ៖ក្នុងនាមជាប្រធានគណបក្សបប្រជាជនកម្ពុជាសម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ប្រទេសសមាជិក ICAPP និងស្ថាប័នដៃគូជាង៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។ សម្តេចសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ សម្តេចពិតជាមានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចំរុះគ្នាទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះសម្តេចយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធន៍យ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។សម្ដេចតេជោមានប្រសាសន៍ថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។សម្តេចតេជោបានរំលឹកឡើងវិញថា រូបសម្តេចផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល ០៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួន និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសាទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។ ជាអកុសលការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ដែលសម្តេចបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ។សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះ សម្តេចមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គម-សេដ្ឋកិច្ច ក៍ដូចជាការចូលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងចំណុចនេនេះសម្តេចបានសង្កត់ធ្ងន់ថា យុត្តិធម៌មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព។ការស្វែងរកយុត្តិធម៌យ៉ាងតក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ បើពុំដូច្នោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ីវិលវិញមិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយនៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព។ចំពោះសម្ដេច «ការចំណាយពេលយូរដើម្បីទទួលបានយុត្តិធម៌ មិនមែនមានន័យថា ពុំមានយុត្តិធម៌ ឬយុត្តិធម៌ត្រូវបានបដិសេធនោះទេ» ទោះបីជាវាត្រូវចំណាយពេលជាងមួយទសវត្សរ៍ ក្នុងការធ្វើឱ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬ សាលាក្តីខ្មែរក្រហមដំណើរការក៏ដោយ។ អ.វ.ត.ក គឺជាសាលាក្តីកូនកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងបុគ្គលទទួលខុសត្រូវធំបំផុតនៃរបបនេះ។គោលបំណងចម្បងរបស់សម្តេចក្នុងការបង្កើតសាលាក្តីកូនកាត់នេះ គឺដើម្បីធានាឱ្យមានការចូលរួមពេញលេញរបស់កម្ពុជា នៅក្នុងដំណើរការរបស់តុលាការ ស្របពេលជាមួយគ្នានេះ ក៏ធានាឱ្យបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។ ខ្ញុំមិនចង់ឱ្យការណ៍នេះ ត្រូវបានគេមើលឃើញថា ជាយុត្តិធម៌របស់អ្នកឈ្នះតែម្ខាងនោះទេ ប៉ុន្តែដំណើរការយុត្តិធម៌អន្តរកាលត្រូវតែមានចំណែករបស់កម្ពុជា និងកម្ពុជាជាម្ចាស់។ សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហមទៅក្នុងសង្គម។ ដើម្បីសម្រេចបាន សម្តេចបានផ្តោតសំខាន់លើតម្រូវការសន្តិសុខមនុស្សជាតិជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហម ។ សម្តេចតេជោបានដាក់ចេញនូវគោលការណ៍នយោបាយចំនួន៣៖ ទី១-ការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទី២-ការធានាអាជីព និងមុខរបរ និង ទី៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេច បានធ្វើឱ្យសម្តេចមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាទិភាពផ្សេងទៀតរបស់សម្ដេចគឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទស្សវត្សរ៍ បណ្តា ប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ង ធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។សម្តេចមិនដែលភ្លេចនោះទេ ក្នុងការរម្លឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទី១ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទី២ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។ សម្តេចសូមគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្តិភាពនោះទេ។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។យោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ សម្តេចតេជោ សូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់៕

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចុះMOU ជាមួយរដ្ឋបាលខេត្តកណ្តាល

2024/11/22 04:55:48 pm        240
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះ​សម្រួល​ផ្សះផ្សារវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និង​រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រដ្ឋបាលខេត្តកណ្តាល នឹងទទួលបានការគាំទ្រលើ ២ ចំណុចសំខាន់ពី អ.ដ.ក. គឺ (ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និង (ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាលលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។សូមគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តទីមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ និងជាស្ថាប័នទី​បួន​ បន្ទាប់ពី​ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា,​ មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម​ និងអង្គការនារីដេីម្បីសន្តិភាព​ ដែលបានចុះអនុស្សរណ:នៃការយោគយល់គ្នានេះ៕ 

NEA រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីពនិងការសិក្សាសម្រាប់សិស្សវិទ្យាល័យនៅខេត្តសៀមរាប

2024/11/22 04:43:44 pm        189
មជ្ឈមណ្ឌលការងារខេត្តសៀមរាប របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់​សិស្សវិទ្យាល័យ ដែលការងារនេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ពិព័រណ៍​មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យនេះ បានប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយ​មាន​អ្នក​ចូល​រួមទស្សនា និងសាកសួរព័ត៌មាននៅបញ្ជររបស់ NEA សរុបចំនួនជាង ៨០០នាក់ ។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា ការរៀប​ចំ​ពិព័រណ៍​នេះ​ឡើង គឺជាផ្នែកមួយនៃការផ្ដល់មូលដ្ឋានព័ត៌មានមគ្គទេសក៍អាជីពដល់សិស្សានុសិស្ស ដើម្បីឲ្យ​ពួក​គាត់​សិក្សា​ស្វែង​យល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ។ 

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញអារម្មណ៍កក់ក្តៅក្រោយក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

2024/11/22 04:37:20 pm        208
ក្រុមប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការ​ពង្រីក​​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបបភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេស​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​ឱកាសទទួលបានការគាំពារសុខភាព និងកាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ពិនិត្យ​សុខ​ភា​ព​នៅ​ពេល​មានជំងឺឈឺថ្កាត់ម្តងៗ។ អ្នកស្រី កិ សុខរ៉ន អាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បាន​លើក​ឡើង​ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានពង្រីក​វិសាលភាព នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គល​ស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​លើ​សេវា​ថែទាំសុខភាពដូចបណ្តាពលរដ្ឋដទៃទៀតដែរ។ អ្នកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. គាត់មានការ​ចំណាយ​ច្រើន​លើ​ការ​ពិនិត្យ​សុខ​ភាព​ និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែប​ន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥,៦០០រៀល ក្នុងមួយខែ គឺអាចទៅ​ទទួល​បាន​សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។ អ្នកស្រី សារី ហ្វីនី អាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បានឲ្យ​ដឹង​ស្រដៀង​គ្នា​ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិក ប.ស.ស. បាន គឺជាការ​ផ្តល់​អត្ថ​ប្រយោជន៍ដ៏ល្អបំផុតទៅដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ថែ​ទាំ​សុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នក​ធ្វើ​ការ​ដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែលទាំង​នេះ​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​បាន​យ៉ាង​ធំធេងសម្រាប់គ្រួសារ និងជាភាពរីករាយ​ថ្មី​មួយ​ទៀត​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកស្រីបានបន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ភាព​កក់​ក្តៅ​បន្ទាប់​ពី​អាច​ក្លាយ​ជា​សមាជិក​ ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។ សម្រាប់ការពិនិត្យសុខភាព និង​ការថែទាំសុខភាពរបស់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធពុំមានការរើសអើងនោះទេ ហើយថែមទាំងទទួលបានសេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផងដែរ។ ក្រុមប្រជាពលរដ្ឋទាំងនេះ បានថ្លែងអំណរ​គុណ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចៗគ្នា តាមរយៈការ​ពង្រីក​វិសាល​ភាព​នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមួយនេះ។ លើសពីនេះ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រួលដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត ដូច​ជា​បើកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈបន្ថែមដោយឥតគិតថ្លៃផងដែរ។ ការពង្រីក​វិសាលភាព​របស់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត ​គឺជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​បង្កើ​ត​ឡើង​ដើម្បី​ជួយ​ប្រជា​ពលរ​ដ្ឋឱ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាច​គ្រប់​គ្រង​ចំណាយ​លើ​បញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​និង​បង្កើន​ផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ ២,៦៧១,០៣០នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន ៤២២,៥៩៣នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន ១៣៦,២១០នាក់៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM