វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត

ព័ត៌មានជាតិ

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

2024/11/28 02:58:59 pm        223
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ព្រមទាំងព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស បា​ន​ប្រារព្ធ​ពិធី​ថ្វាយព្រះមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋ​មន្រ្តីទី១, អតីតព្រះប្រធានរដ្ឋសភាជាតិ, អតីតព្រះប្រធានក្រុមឧត្ត​មប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសខួបគម្រប់ ៣ឆ្នាំ នៃ​ការ​យាងសោយព្រះទិវង្គត ដែលបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ពិធីនេះ មានការយាងពី សម្តេចព្រះអភិសិរីសុគន្ធាព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ បានយាង​ជា​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ និងព្រះមន្ត្រីសង្ឃ យាង និងនិមន្តចម្រើនព្រះបរិត្ត បង្សុកូល ដើម្បីឧទ្ទិសថ្វាយ​ព្រះមហា​កុសល​ថ្វាយព្រះវិញ្ញាណកន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមបានយាងទៅ​កាន់ទីឋាន​បរមសុខ​គតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កម្ពុជាកំណត់ស្តង់ដាថ្មី សម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុ

2024/11/28 02:53:28 pm        188
កម្ពុជាបន្តជំរុញសេវាធនាគារ ប្រកបដោយក្រមសីលធម៌ ជាមួយស្តង់ដានៃកិច្ចការពារអតិថិជន និង​ឧបករណ៍វាយតម្លៃ ការកំណត់ ស្តង់ដាថ្មី សម្រាប់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និង​ការ​អនុលោម​តាម​លក្ខណៈអន្តរជាតិ ក្នុងវិស័យធនាគាររបស់កម្ពុជា។សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោម​ការ​គាំទ្រ​អង្គការ​អន្តរជាតិ Cerise+SPTF ថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីកំណត់ស្តង់ដាថ្មី សម្រាប់​កិច្ចការពារអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ (BF CoC) និងស្តង់ដាកិច្ចការពារអតិថិជន របស់ Cerise+SPTF ដែលទទួលស្គាល់ជាសាកល និង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និង​ប​រិយាបន្ន។ការផ្តោតជាចម្បងនៃកម្មវិធីនេះ គឺការដាក់ឱ្យដំណើរការនូវ "ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និង​ហិរញ្ញវត្ថុ និងឧបករណ៍ វាយតម្លៃនៃកិច្ចការពារអតិថិជន" និងគម្រោង​វាយ​តម្លៃ​ដែល​ជា​ឧបករណ៍​ដំបូង​គេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់ វិស័យធនាគារ និង​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​ ជាមួយនឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise+SPTF ។ ឧបករណ៍ប្រ​កប​ដោយ​ភាព​ច្នៃប្រឌិតនេះ អនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជាភាគីទីបី ក្នុង​ការ​អនុវត្ត​កិច្ច​ការពារ​អតិថិជន​របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បី កំណត់ភាពរឹងមាំ និងការកែលម្អប្រតិបត្តិការ និង​ពង្រឹង​ទំនាក់​ទំនង​អតិថិជន ក្នុងនោះការវាយតម្លៃជុំទី១ នឹងចាប់ផ្តើមពីគ្រឹះស្ថានធនា គារ និង​ហិរញ្ញ​វត្ថុ​ធំៗ​ចំនួន ៣០ របស់ប្រទេសកម្ពុជា។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ឧបករណ៍​សម្រាប់រវាស់វែង និង វាយតម្លៃ មានន័យថា ជាការរួមបញ្ចូលការត្រួតពិនិត្យ និង​វាយតម្លៃ​អនុ​លោមភាពនៃក្រមប្រតិបត្តិ និងគោលការណ៍សកល ស្ដីពី កិច្ចការពារអតិថិជន។ ចំពោះ​ការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងកិច្ចការពារអតិថិជន សម្រាប់វិស័យ ធនាគារ និងហិរញ្ញវត្ថុ គឺមិនមែន​គ្រាន់​តែ​បង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ការ​អនុលោម​តាម​ច្បាប់ និងស្វ័យបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺចេញពីការ ប្តេជ្ញាចិត្តរបស់សមាគម និង​សមាជិក​របស់​ខ្លួន ក្នុងការការពារស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួល ខុសត្រូវ តម្លាភាព និងការធានាថាកិច្ចការពារអតិថិជន គឺជាអាទិភាពចម្បង នូវរាល់​សកម្មភាព​ប្រកប​ការងារ​ធុរកិច្ចធនាគារ។ លើសពី នេះ កិច្ចការត្រួតពិនិត្យនិងវាយតម្លៃនេះ នឹងជួយកាត់​បន្ថយ​ហានិភ័យ កាត់បន្ថយការយល់ច្រលំ និងបង្កើតទំនុកចិត្តដែលផ្តល់ អត្ថប្រយោជន៍ទាំងអតិថិជន និង​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ចំណែកលោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា នេះជា​ការ​បើក​ទំព័ប្រវត្តិសាស្ត្រថ្មី មួយទៀត នៃការប្ដេជ្ញាចិត្តរបស់យើងក្នុងកិច្ចការនេះ, ដោយ​ឧបករណ៍​វាយ​តម្លៃ​ការ​អនុវត្តនូវកិច្ចការពារអតិថិជនរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយ Cerise​+​SPTF ហើយវាក្លាយជាឧបករណ៏មួយដែលយើងនឹងប្រើវាជាក្របខណ្ឌ ក្នុងការតម្រង់ទិសដៅ នៃ​កិច្ចការពារអតិថិជនរបស់យើង។ ឧបករណ៍នេះមិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្ដល់​ជូន​យើង​នូវ​សូចនាក​រ​ដែល​អាច​ ឲ្យ​វាស់​វែង​បាន ដើម្បីធ្វើការវាយតម្លៃអនុលោមភាពរបស់យើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្រុករលាប្អៀរ បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បំផុសសិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរ ចេះសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ ដើម្បីសុខភាព

2024/11/28 02:32:58 pm        175
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្រុករលាប្អៀរ បានបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ នៅក្នុងសាលាបឋមសិក្សាស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ នេះ ជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋនៅគ្រប់សាលារៀន គ្រប់មូលដ្ឋាន ចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ នៅរាល់ថ្ងៃព្រហស្សត៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សបានអោយដឹងថា៖ ក្រោយពីបានចូលរួមជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ បានធ្វើអោយពួកគាត់ជាសិស្ស យល់ដឹងកាន់តែច្រើនទាំក់ទងនឹងការអនាម័យបរិស្ថានជុំវិញកន្លែងរស់នៅ និងសាលារៀន។ អនាម័យបរិស្ថាន ចាំបាច់ណាស់សំរាប់សុខភាពមនុស្សគ្រប់រូប ។ បើមានបរិស្ថានស្អាត អនាម័យល្អ ហូបស្អាត ផឹកស្អាត នោះមនុស្សទូទៅនឹងមានសុខភាពល្អ ជាពិសេសចំពោះសិស្សានុសិស្សទាំងអស់ ពេលមានសុខភាពល្អ អាចមានពេលរៀនសូត្របានពេញលេញ និងពូកែទៀតផង។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបង្ហាញច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស ក្នុងការសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។ «ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង៨លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋមានភាពស្អាត និងសុខភាពល្អ ជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាន នឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ការប្រមូលទុកដាក់សំរាមទុកដាក់ រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕ កាំង ហុងវាស្នា

ក្រុមអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្មធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេចដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ

2024/11/28 02:22:49 pm        238
ថ្ងៃទី ២៧-២៨ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមអឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ចុះធ្វើទស្សនកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករនិងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។ មិនតែប៉ុណ្ណោះក៏មានកិច្ចពិភាក្សាមួយចំនួនដើម្បី ជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ នៅក្នុងដំណើរទស្សនកិច្ចផងដែរក៏នឹងមានជំនួបជាមួយសហគមន៍កសិកម្មទំនើប (MACS) ក្រុមហ៊ុន កែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តម ភាព បុសខ្នុរ ផងដែរ ។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបមានសារៈសំខាន់ចំពោះប្រព័ន្ធ កសិ-ចំណីអាហាររបស់កម្ពុជា។ តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា។ តាមរយៈការប្រមូលផ្តុំកសិករឱ្យប្រកាន់យក ការអនុវត្តប្រកបដោយចីរភាព ពួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ ផងដែរ។ ឯកឧត្តមអ្វីហ្វ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “បញ្ហា កសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុប កំពុងធ្វើការ ដើម្បីជួយជំរុញពន្លឿន កំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃ ក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័ យនេះ អនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Stefan Messerer បានបន្ថែមថា “គោលបំណងចម្បងរបស់ យើងគឺ គាំទ្រដល់រាជរដ្ឋាភិបា លកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុ វត្តប្រកបដោយចីរភាព និងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធ ភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក។ កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការ លើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្មនៅក្នុងសហគមន៍កសិកម្ម (ACs) ក៏ដូចជាជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ដែលលើកកម្ពស់ផលិតភាព និងធានាសុវត្ថិភាពស្បៀងអាហារ ស្របតាម ស្តង់ដារសង្គម និងបរិស្ថាន។ គំនិតផ្តួចផ្តើមរបស់ក្រុម អឺរ៉ុបស្តីពីកសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ ដែលមានការគាំទ្រ ដោយប្រទេសជាច្រើននៅ អឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយ ចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ យុទ្ធវិធីនៃគំនិតផ្តួចផ្តើមនេះ គឺធ្វើយ៉ាងណាដើម្បី បង្កើតប្រព័ន្ធកសិ-កែច្នៃដែលធន់ ដែលបំពេញតាមលក្ខខណ្ឌទីផ្សារដែល មានតម្លៃខ្ពស់ ទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ាន៕

សម្តេចប្រធានរដ្ឋសភា៖ ស្រ្តីដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍

2024/11/28 01:36:03 pm        270
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថានៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ចនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានអញ្ជើញចូលរួមពីសមាជិកសភាមកពី  បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកាឆ្នាំ២០២៤។នៅក្នុងពិធីបើកសិក្ខាសាលានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរ ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយ ស្តីពី "លទ្ធផល នៃការវាយតម្លៃឱកាស សម្រាប់ស្ត្រីក្នុងប្រតិបត្តិការសន្តិភាព" ដែលត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ ២០២៣។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅគ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានអនុម័តឯកសារជាច្រើន ដើម្បីជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ រួមទាំងផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងឯកសារទស្សនទាន ស្តីពីការពង្រឹងយន្តការគាំទ្រ ដល់កងរក្សាសន្តិភាពស្ត្រីអាស៊ាន ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីសម្រេចចិត្ត ស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រី ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើម និងសហគាំទ្រដោយសភាកម្ពុជា ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូបន្ថយនូវភាពតានតឹង ជំរុញការសន្ទនានិងការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ ពីការស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ៕

គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

2024/11/28 01:17:07 pm        397
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ មានគេមកជួល ទើបគេលែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។ដោយឡែក លោកស្រី អ្នកស្រី ដោ សម្ផស្ស នាយិការង នឹងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធការចោលសម្រាមនេះក្រុមការងារខណ្ឌកំពុងឃ្លាំចាប់អ្នកចាក់ សំរាម អនាធិបតេយ្យ នេះផងដែរ៕ អត្ថបទ៖ កុម្ភះ

សំណូមពរជាច្រើនរបស់ពលរដ្ឋខណ្ឌពោធិសែនជ័យត្រូវបានដោះស្រាយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់

2024/11/28 01:00:33 pm        275
ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យចំនួន ១៣នាក់បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយទុកចោល។ការលើកឡើងជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រោមវត្តមាន ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តអរុណវត្តី ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន ១៣នាក់បានលើកឡើងជាសំណើរ និងសំណូមពរ ស្មើនឹង ១៦បញ្ហា ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដែលក្នុងនោះមានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយ និងស្នើកុំឱ្យជីកផ្លូវតបណ្តាញទឹកហើយទុកចោល។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ អាជ្ញាធរ និងមន្ទីរជំនាញបានដោះស្រាយជូនភ្លាមៗ។ ចំណែកប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន ១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ឬប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព កងកម្លាំង និងអាជ្ញាធរអនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ។លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា វេទិកានេះពិតបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅធ្វើការពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញអាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយកទៅពិចារណាធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ។ក្នុងឱកាសនោះដែរឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ប្រជាពលរដ្ឋអាចលើកឡើងជាសំណើ និងសំណូមពរចំនួន ៤បញ្ហា នៅក្នុងវេទិកានេះ ដែលមានដូចជាទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំម្រើសេវាសុខាភិបាល និងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ជប៉ុនបានអនុម័តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី ស្របតាមអាទិភាពរបស់កម្ពុជា

2024/11/28 12:56:00 pm        299
រាជរដ្ឋាភិបាលជប៉ុន បានអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីសម្រាប់កម្ពុជា ដែលប្រការនេះបាន បង្ហាញនូវបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើការតម្រឹមអាទិភាពនៃកិច្ចអភិវឌ្ឍន៍របស់ខ្លួន ស្របនឹង អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងជំនួបសម្ដែងការគួរ សមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ សម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍នា ពេលកន្លងមក ក្នុងនោះរដ្ឋាភិបាលជប៉ុនចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍។លោក ANDO Naoki ក៏បានថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ចំពោះកិច្ចសហការល្អ ជាមួយទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ជាពិសេសតាមរយៈការសម្របសម្រួល យន្តការអង្កេតគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន ។ ទន្ទឹមនឹងនេះ លោក ក៏បានគូសបញ្ជាក់ពីការអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី របស់ជប៉ុនសម្រាប់កម្ពុជា ដែល បង្ហាញនូវការបន្តប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការតម្រឹមអាទិភាពនៃកិច្ច អភិវឌ្ឍន៍របស់ខ្លួន ឱ្យស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ក្នុងជំនួបនេះ, ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ANDO Naoki ចំពោះការ អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៅខេត្តសៀមរាប។ បន្ថែមលើនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ដល់កិច្ចសហការដ៏ល្អរបស់ទីភ្នាក់ងារ JICA ក្នុងការ ចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសលើវិស័យបោសសម្អាតមីន។សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ៤,៧ ពាន់លានដុល្លារអាមេរិក ដោយបានផ្តោតលើវិស័យអាទិភាពសំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, អប់រំ, ថាមពល, កសិកម្ម, សុខាភិបាល និងការរៀបចំទីក្រុងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

SDF បានបញ្ចេញថវិកាជាង ១៤លានដុល្លារ លើការជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុក

2024/11/28 12:40:40 pm        342
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គិតមកដល់ពេលនេះ បានបញ្ចេញកញ្ចប់ថវិកាសរុបជាង ១៤ លាន​ដុល្លារ ក្នុងនោះសម្រាប់ សហគ្រាសធុនតូច និងមធ្យម មានទឹកប្រាក់ជាង ៨ លានដុល្លារ លើ​ការ​ជួយជ្រោមជ្រែងអភិវឌ្ឍន៍ជំនាញដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគម​ធុរកិច្ច និងស្ថាប័ននានា។ជុំវិញមូល​និធិអភិវឌ្ឍន៍ជំនាញ (SDF) នេះ ត្រូវបានបង្កើតឡើងមានរយៈ ៦ ឆ្នាំមកហើយ ដែល​មូល​​និធិអភិវឌ្ឍជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើក​កម្ពស់​សមត្ថភាព​​ប្រកួតប្រជែង និង​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំង​កម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន និងសហគ្រាស ទាំង​គុណភាព និងបរិមាណ។ទាក់ទិន (SDF) នេះ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើក​ឡើង​ឱ្យ​ដឹងថា គិតមកដល់ មកនេះ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានចូលរួម​ពង្រឹង​ធន​ធាន​មនុស្ស​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា ក្នុងនោះបើតាមការវាយតម្លៃ ចំពោះការងារកន្លងមក គឺបានអនុវត្តយ៉ាងល្អប្រសើរ ជាពិសេស សម្រាប់​ធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជី ពួកគាត់បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហ​គ្រាស​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការចុះ បញ្ជីឱ្យក្លាយជាសហគ្រាសតូច ឈានទៅមធ្យម និងពី​មធ្យម​ឡើងទៅធំជាដើម ។ ចំណែកនៅពេលខាងមុខ, មូលនិធិអភិវឌ្ឍន៏ ជំនាញ នឹង​ធ្វើ​ការ​ជាមួយ​ដៃគូពាក់ព័ន្ធបន្ថែម ទាំងខាងសមាគម ក៏ដូចជាខាងដៃគូអភិវឌ្ឍន៍ ដើម្បីរៀប​ចំ​ជា​កញ្ចប់​ពង្រឹង​សមត្ថភាព ក្នុងរយៈពេលវែង ដើម្បីជ្រើសរើស SME ដែលមានសក្តានុពលខ្ពស់ ជំរុញ​ដល់​ការ​នាំ​ចេញ និងបង្កើននូវតម្លៃបន្ថែមផងដែរ។លោក បន្តថា ជាក់ស្តែងមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ច្រើន ដើម្បីជួយ ជ្រោមជ្រែង ចូលរួមលើកកម្ពស់ជំនាញ គុណភាព និងបរិមាណ ឆ្លើយ​តប​ទៅ​នឹងតម្រូវការទីផ្សារ ដោយមានសិក្ខាកាមទទួលផល ចំនួនជាង ៣២ ពាន់នាក់, នេះជា​ក្នុង​គោល​ដៅ​ចូល​រួមចំណែក ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាម ចក្ខុ​វិស័យរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធាន​ទាំង​ហិរញ្ញ​វត្ថុ ​និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​នឹង​តម្រូវ​ការ​វិស័យ​ឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការ​ចូលរួម​បណ្តុះ​បណ្តាល​ដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ លើការប្រឆាំងសម្អាតប្រាក់ និងការជួញដូរខុស​ច្បាប់ផ្សេងៗ

2024/11/28 12:26:12 pm        738
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់​ព័ន្ធ​នឹងបទល្មើសជួញដូរវត្ថុ បុរាណ និងសម្បត្តិបេតិកភណ្ឌ និងក៏ជាចែករំលែកចំណេះដឹង ក្នុង​ការ​តាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បី ការពារសម្បត្តិវប្បធម៌។ប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្ប​ទាន​ប្រឆាំងភេរវកម្ម ពាក់ព័ន្ធ នឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” ត្រូវ​បាន​រៀប​ចំ​ឡើងដោយ EU Global Facility នៅខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤, សន្និសីទ​នេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ខណៈ​ដែល​លើកទី១ បានរៀបចំនៅប្រទេស អេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែក ចំណេះ​ដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។ជុំវិញព្រឹត្តិការណ៍នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ថ្លែង​លើក​ឡើង​អំពីសារៈ សំខាន់នៃសន្និសីទនេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុម​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែង​នូវ​ការ​ស្វាគម​ន៍យ៉ាង​កក់ក្តៅ ចំពោះសិក្ខាកាមទាំងអស់មកកាន់ខេត្តសៀមរាប។ លោកជំទាវ មានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់​អ្នក​ចូល​រួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្ត ក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅ​ក្នុ​ង​ទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM
យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
06/13/2026 03:06 PM
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
06/13/2026 03:06 PM
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM