ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប

2026/03/01 12:31:20 pm        95
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារ អបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប។តាមរយៈសារអបអរសាទរ ប្រមុខការទូតកម្ពុជា បានថ្លែងថា ថ្ងៃនេះយើងប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា២០២៦ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ សំខាន់មួយនៃភាពជាដៃគូយូរអង្វែងរវាងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តមបានថ្លែងថា ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប រំលឹកអំពីការ ចាប់ផ្តើមនៃវេទិកាអន្តររដ្ឋាភិបាលដ៏ពិសេសមួយ ដែលតភ្ជាប់នូវតំបន់ចំនួនពីរដ៏សម្បូរបែប និងពោរពេញ ដោយភាពស្វាហាប់នៃពិភពលោកយើង។ «ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រ កម្ពុជា សូមពាំនាំនូវអំណរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរដ៏មហាប្រសើរជូនដល់ប្រជាជននៅ ទូទាំងតំបន់អាស៊ី និងអឺរ៉ុប សូមឱ្យបានប្រកបដោយសន្តិភាព សុភមង្គល ការអភិវឌ្ឍដោយចីរភាព និង វិបុលភាពជានិរន្តរ៍»។ នេះបើតាមសាររបស់ប្រមុខកាទូតកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ក្នុងពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការស្វែងយល់ពីគ្នាទៅវិញទៅមក។ ក្នុងនាមជាវេទិកា ដែលចងក្រងដៃគូចំនួន៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប រួមមានរដ្ឋ និងស្ថាប័ន ដូចជាសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុបតំណាងឱ្យជាងពាក់កណ្តាលនៃទំហំផលិតផលក្នុងស្រុក សរុបប្រជាជន ពាណិជ្ជកម្ម និងទេសចរណ៍របស់ពិភពលោកទាំងមូល។ កិច្ចប្រជុំអាស៊ី-អឺរ៉ុបគឺពិតជា ស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជន។ឯកឧត្តមបន្តថា ភាពជាដៃគូក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបកំពុងតែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងកាលៈទេសៈសព្វថ្ងៃ ដែលសកលលោកកំពុងឆ្លងកាត់នូវការប្រែប្រួលដ៏ឆាប់រហ័ស ជាមួយនឹងបញ្ហាប្រឈមឆ្លងដែនដូចជា ការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថល ភាពធន់នៃសុខភាពសាធារណៈ និងការអភិវឌ្ឍដោយចីរភាព។ ចំណុចខ្លាំងរបស់កិច្ចប្រជុំអាស៊ី-អឺរ៉ុបគឺស្ថិតនៅលើទម្រង់មិនផ្លូវការ និងភាពបត់បែននៃវេទិកានេះ ដែលអនុញ្ញាតឱ្យដៃគូទាំងឡាយអាចចូលរួមក្នុងការសន្ទនាដោយបើកចំហ កសាងទំនុកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ ការសន្ទនានយោបាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រាស្រ័យទាក់ទងផ្នែកសង្គម-វប្បធម៌។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការប្រារព្ធទិវានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបក្នុងឆ្នាំនេះមិនត្រឹមតែជាការអបអរសាទរសមិទ្ធផល ដែល សម្រេចបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះពហុភាគីនិយម កំណើនប្រកបដោយបរិយាបន្ន និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់។ នេះគឺជាទិវាដែលរំលឹកថា តំបន់អាស៊ី និងអឺរ៉ុប អាចរួបរួមគ្នាជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព។ឯកឧត្តមមានប្រសាសន៍ថា ក្រៅពីកិច្ចប្រជុំកម្រិតខ្ពស់ អ្វីដែលផលដ៏មានឥទ្ធិពលពិតប្រាកដនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺទំនាក់ ទំនងដែលវេទិកានេះបានបង្កើតឡើងក្នុងរង្វង់មជ្ឈដ្ឋាននិស្សិត អ្នកសិក្សា អាជីវកម្ម សមាជិកសភា និង សង្គមស៊ីវិល។ តាមរយៈការផ្លាស់ប្តូរលើវិស័យអប់រំ ភាពជាដៃគូនវានុវត្តន៍ និងកិច្ចសន្ទនាផ្នែកវប្បធម៌ វេទិកានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ក៏ដូចជាការគោរព គ្នាទៅវិញទៅមករវាងសហគមន៍ដ៏ចម្រុះបែប នៅទូទាំងតំបន់ទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវានៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ២០២៦ យើងទាំងអស់គ្នាត្រូវធ្វើការប្តេជ្ញាចិត្តជា ថ្មីសហការគ្នាក្នុងសាមគ្គីភាព និងភាពជាដៃគូ ទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរួមរបស់យើង ដែលរួមមានដូចជា នវានុវត្តន៍ ភាពចម្រុះ ភាពធន់ និងភាពច្នៃប្រឌិត ដើម្បីកសាងអនាគតដែលមាន និរន្តរភាព បរិយាបន្ន និងសន្តិភាពសម្រាប់ប្រជាជនជំនាន់ក្រោយៗតរៀងទៅ៕

អ្នកនាំពាក្យ៖កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​

2026/03/01 11:38:05 am        184
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលកម្ពុជា និងថៃបានឯកភាពគ្នានាពេលកន្លងទៅ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមាន រយៈពេលពីរខែមកហើយនេះ រួមមាន១៦ ចំណុចដែលក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់។ ក្នុងនោះចំណុចទី១. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះគិតចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (...) ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។ ចំណែកចំណុចទី២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។ ចំណុចទី ៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគី ទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន(...)។ ៤. ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន។៥. ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល ។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹងហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។៦. ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។៧. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។៨. ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយា កាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។៩. ភាគីទាំងពីរបញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ(តាមអនុសញ្ញាអូតាវ៉ា)។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលច(JCTF)លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានព្រមព្រៀងគ្នា(...)។១០.ភាគីទាំងពីរឯកភាពគ្នាគោរពតាមតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ(...)។១១.ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨ រូបនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។១២.ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។១៣. ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។១៤. ភាគីទាំងពីរនឹងរក្សាខ្សែបណ្តាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបភ្លាមៗចំពោះ ស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន។ ប្រសិនបើចាំបាច់ តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹង កន្លែងដោយប្រសិទ្ធភាព។១៥. ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀតដើម្បីឱ្យបានដឹងនិងដើម្បីសម្រួលដល់ប្រតិបត្តិការដោះមីនមនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នា ស្របតាមផែនការ សកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពរលូន ដោយគ្មានការរារាំង ឬ ការយល់ច្រឡំណាមួយឡើយ។១៦. ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ ដើម្បីធានាបាននូវការទប់ស្កាត់ និងការគ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគូសញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ, គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង កំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅនិងអំពាវនាវឱ្យរក្សាការអត់ធ្មត់ជាអតិបរមា

2026/03/01 10:19:51 am        132
ភ្នំពេញ៖ កម្ពុជា កំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យរក្សាការអត់ធ្មត់ជាអតិបរមា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់ថា៖«កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ យើងសូម អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើន ស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់ សន្តិភាព»។ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។ក្នុងនោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន ដែលមាននិវេសនដ្ឋាននៅរដ្ឋគូវ៉ែត បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែលថា ភាពតានតឹង ផ្នែកយោធារវាងប្រទេសអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ កំពុងតែកើនឡើងគួរឱ្យព្រួយបារម្ភ ខ្លាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការ ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ ខ្លួនរបស់បងប្អូន។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុលអាចទាក់ទងស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា។ចំណែក ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសគូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត កាតា និងបារ៉ែន សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងសូមអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត៕

ជនជាតិចិន៣៣៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/03/01 09:53:24 am        213
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣៤៥នាក់ (ស្រី១៤នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បង្ក្រាបនៅរាជធានីភ្នំពេញ និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែនខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកផាត់ពណ៌លើផ្ទាំងគំនូរ "សិល្បៈដើម្បីសន្តិភាព" នៅបរិវេណសួនច្បារមុខវត្តបទុមវតី្ត

2026/03/01 08:23:59 am        191
ផ្ទាំងគំនូរសិល្បៈនេះ បានបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង។ការចូលរួមគូសគំនូសនេះ មិនត្រឹមតែជាការបង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួបរួមគ្នាដើម្បីស្នើសុំឱ្យមានយុត្តិធម៌ និងថែរក្សាសន្តិភាពប្រកបដោយចីរភាពសម្រាប់មាតុភូមិកម្ពុជា។សូមជម្រាបជូនថា រូបគំនូរសិល្បៈដើម្បីសន្តិភាពនេះត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក តាន់ គឹមសួរ និងអ្នកនាង មាស ច័ន្ទដាលីន អគ្គនាយិការក្រុមហ៊ុន ឡាកាម៉ូ ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវកម្ពុជា និងសាលារាជធានីភ្នំពេញ។

វិចារណកថា សិល្បៈកែច្នៃសំណល់អេឡិចត្រូនិក៖ ច្នៃប្រឌិតដោយសុវត្ថិភាព និងទំនួលខុសត្រូវ

2026/03/01 08:22:00 am        121
ការបំប្លែងសំណល់អេឡិចត្រូនិក (E-waste) ទៅជាសិប្បកម្ម និងការងារសិល្បៈ គឺជាការផ្តល់ "ជីវិតថ្មី" ដល់សម្ភារៈបោះចោល និងបង្កើតចំណូលដល់សហគមន៍។ បន្ទះសៀគ្វីចាស់ត្រូវបានបំប្លែងជាគ្រឿងអលង្ការ គ្រាប់ក្តារចុចកុំព្យូទ័រត្រូវបានបង្កើតជាការងារសិល្បៈ ខ្សែភ្លើងចាស់ត្រូវបានយកមកត្បាញជាវត្ថុតុបតែង។ ការប្រើប្រាស់ឡើងវិញដោយច្នៃប្រឌិតនេះ មិនត្រឹមតែបន្ថយសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសចំណូលសម្រាប់សិប្បករផងដែរ។ ទោះជាយ៉ាងណា ភាពច្នៃប្រឌិតនេះត្រូវតែដើរទន្ទឹមនឹងការយល់ដឹងខ្ពស់ពីសុវត្ថិភាព ព្រោះសមាសធាតុអេឡិចត្រូនិកអាចផ្ទុកជាតិពុលដែលមើលមិនឃើញ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថាន។១. ជាតិពុលលាក់មុខក្នុងសមាសធាតុ (Hidden Toxins)សមាសធាតុដូចជា បន្ទះសៀគ្វី និងខ្សែភ្លើង អាចមានផ្ទុកជាតិ សំណ បារត និងកាដមីញ៉ូម។ ហានិភ័យកើតឡើងនៅពេលយើងបំបែក កាត់ ឬខួង ដែលបញ្ចេញជាធូលីល្អិតមានជាតិពុល ឬនៅពេលកម្ដៅផ្លាស្ទិកដែលបញ្ចេញឧស្ម័នគ្រោះថ្នាក់។ ការការពារចាប់ផ្តើមពីការស្វែងយល់ថាអ្វីដែលអាចប្រើបាន និងអ្វីដែលគួរជៀសវាង។២. ការជ្រើសរើសសម្ភារៈដោយឆ្លាតវៃ (Smart Material Selection)គោលការណ៍ដំបូងនៃការកែច្នៃសិប្បកម្មដោយសុវត្ថិភាព គឺការជ្រើសរើសសម្ភារៈដោយប្រុងប្រយ័ត្ន។ -       សុវត្ថិភាព៖ គ្រាប់ចុចក្តារចុច សម្បកអាលុយមីញ៉ូម ឬផ្នែកលោហៈស្អាតៗ ជាទូទៅមានសុវត្ថិភាពសម្រាប់ការច្នៃប្រឌិត-       ហាមឃាត់៖ ថ្មអាគុយ អេក្រង់ (CRT) និងសមាសធាតុដែលមានម្សៅ ឬសារធាតុរាវពុល មិនគួរ ត្រូវបានបើក ឬបំបែកឡើយ។ វត្ថុទាំងនេះត្រូវបញ្ជូនទៅកន្លែងកែច្នៃដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។៣. វិធានការការពារ និងអនាម័យ (Protection and Hygiene)សិប្បករគួរអនុវត្តវិធានការមូលដ្ឋានដូចជា៖                    -       បរិស្ថានការងារ៖ ធ្វើការនៅកន្លែងដែលមានខ្យល់ចេញចូលល្អ ដើម្បីកាត់បន្ថយការដកដង្ហើមចូលធូលីពុល-       ឧបករណ៍ការពារ៖ ប្រើប្រាស់ស្រោមដៃ ម៉ាស់ និងវ៉ែនតាការពារ នៅពេលកាត់ ឬកិនសម្ភារៈអាចកាត់បន្ថយការដកដង្ហើមធូលី ឬការប៉ះពាល់ភ្នែក-       អនាម័យផ្ទាល់ខ្លួន៖ លាងដៃឱ្យស្អាតបន្ទាប់ពីប៉ះសម្ភារៈ និងមិនទទួលទានអាហារនៅកន្លែងធ្វើការ ក៏អាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។៤. ការគ្រប់គ្រងសំណល់សិប្បកម្ម (Waste Management)សំណល់ដែលនៅសេសសល់ពីការធ្វើសិប្បកម្ម ដូចជាកំណាត់តូចៗ ធូលី និងសំណល់ដែលមិនអាចប្រើបាន គួរត្រូវបានប្រមូល និងបោះចោលដោយមានទំនួលខុសត្រូវ មិនត្រូវដុត ឬចាក់ចោលទៅក្នុងដី ឬប្រភពទឹកឡើយ។ ការផ្ទុកសម្ភារៈឱ្យមានសុវត្ថិភាព និងដាក់ស្លាកសម្គាល់ផ្នែកគ្រោះថ្នាក់ អាចបង្ការការប្រើប្រាស់ខុសបំណង ជាពិសេសនៅក្នុងគ្រួសារដែលមានកុមារ។ការអប់រំសហគមន៍អាចពង្រឹងការការពារបន្ថែមទៀត។ កម្មវិធីបណ្តុះបណ្តាលសម្រាប់សិប្បករ អាចបង្កើនការយល់ដឹងអំពីសមាសធាតុពុល និងវិធីដោះស្រាយដោយសុវត្ថិភាព។ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល អាចគាំទ្រដល់អ្នកកែច្នៃសិប្បកម្ម ដោយផ្តល់ការណែនាំ ឧបករណ៍ការពារ និងសេវាកម្មបោះចោលសំណល់ដោយសុវត្ថិភាព។សេចក្តីសន្និដ្ឋានការកែច្នៃសំណល់អេឡិចត្រូនិកជាសិប្បកម្ម ផ្តល់អត្ថប្រយោជន៍បរិស្ថាន ដោយពង្រីកអាយុកាលសម្ភារៈ និងកាត់បន្ថយបរិមាណសំណល់ដែលទៅទីចាក់សំរាម។ ប៉ុន្តែភាពនិរន្តរភាពត្រូវរួមបញ្ចូលសុវត្ថិភាពផងដែរ។ ដោយជ្រើសរើសសមាសធាតុសមស្រប ប្រើវិធានការការពារ និងគ្រប់គ្រងសំណល់គ្រោះថ្នាក់ដោយមានទំនួលខុសត្រូវ សហគមន៍អាចបំប្លែងសំណល់អេឡិចត្រូនិកទៅជាផលិតផលច្នៃប្រឌិត ដោយមិនបង្កហានិភ័យថ្មីដល់សុខភាព និងបរិស្ថាន។

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន​ដល់​ដៃ​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ស្រុក​កំរៀង ខេត្តបាត់ដំបង

2026/02/28 06:52:02 pm        446
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាននាំយកឱកាស​ការងារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ដល់​កៀក​មូលដ្ឋាន​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ត្រឡប់​មក​ពី​ក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបាន​ឱកាស​ការ​ងារ​ក្នុង​ស្រុក​ជិត ៣០០០ កន្លែងភ្លាមៗ។វេទិកា​ការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ «ខ្មែរ​ជួយ​រក​ការ​ងារ​ឱ្យ​ខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ក្រសួង ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ខណៈដែល​បច្ចុប្បន្ន​មាន​ឱកាស​ការងារ​ក្នុង​ស្រុក​សរុបដល់ទៅ ៨៣ ៧៤៣ កន្លែង កំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។ក្នុងឱកាសនោះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការសម្រេច​ចិត្ត​ចាប់​យក​ឱកាស​ការ​ងារក្នុងស្រុក គឺជាជម្រើសដ៏វៃឆ្លាតបំផុតក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ព្រោះ​វាជួយឱ្យបងប្អូនចៀសផុតពីការរើសអើង និងហានិភ័យផ្សេងៗ ហើយអ្វី​ដែល​រឹត​តែមា​ន​តម្លៃ​នោះ ​គឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះ បងប្អូន​ដែល​ក្លាយ​ជា​បុគ្គលិក​កម្មករនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីបណ្ណ ប.ស.ស. ដូចជាការ​ពិនិត្យ​ព្យាបាល​ជំងឺដោយឥតគិតថ្លៃ និងការទទួលបាន​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ធានា​ប្រាក់​ចំណូល​នៅ​ពេល​ចាស់ជរាដូចមន្ត្រីរាជការផងដែរ។ទន្ទឹមនឹងការផ្តល់ការងារ ក្រសួងក៏បានជំរុញ​ឱ្យ​យុវជន​ចាប់​យក​ឱកាស​មាស​ក្នុង​ការចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជា​កម្ម​វិធី​អាទិភាព​ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពយុវជនឱ្យកាន់តែខ្លាំងក្លាដើម្បីសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនាពេលនេះ មានរោងចក្រ សហ​គ្រាស​ធំ​ៗ​ចំនួន៥ បានចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់សម្រាប់បម្រើការក្នុងប្រទេស ក្នុងការលើក​កម្ពស់​សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះក៏មានសមាគម TAFTAC និង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ បានចូលរួម​ផ្សព្វផ្សាយ​ពី​ឧកាស​ការងារ​របស់​សមាជិក​នៃស​មាគម និងរោងចក្រ សហគ្រាសក្នុងតំបន់របស់ខ្លូន។ ក្នុងកម្មវិធីនេះក៏​មាន​ក្រុមហ៊ុន​ជ្រើស​រើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេស​ជប៉ុន​ចូល​រួម​ធ្វើ​ការ​ផ្សព្វ​ផ្សាយពី​ឱកាស​ការងារ​នៅ​ប្រទេសជប៉ុនផងដែរ៕

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល អំពាវនាវដល់ពលរដ្ឋខ្មែរដែល​កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និង​អនុវត្ត​តាមការណែនាំ​របស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន

2026/02/28 06:20:12 pm        997
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និង​សិក្សា នៅប្រទេសអ៊ីស្រាអែលថា ភាពតានតឹង​ផ្នែក​យោធា​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​អ៊ីរ៉ង់ កំពុងតែកើនឡើងគួរឱ្យព្រួយបារម្ភខ្លាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែល​កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និង​អនុវត្ត​ដាច់​ខាត​តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។ ក្នុង​ករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតនៃ ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា តាមរយៈទូរស័ព្ទ លេខ៖​+855 12 675 450/ +855 87 656 262 (Telegram/Whats App)។

គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប

2026/02/28 03:48:22 pm        351
គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM រួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ក្នុងស្មារតីមនុស្សធម៌ និងពង្រឹងចំណងមិត្តភាពអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនដល់គ្រួសារជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប។សកម្មភាពមនុស្សធម៌នាឱកាសនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង ក្នុងការរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីស្ថានភាពជម្លោះនៅតាមបណ្តោយព្រំដែន។ អំណោយដែលបានប្រគល់ជូននាពេលនោះ រួមមានអង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនទៀត ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសាររងគ្រោះ។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងការកោតសរសើរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់វីរ:កងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដីយ៉ាងស្វាហាប់ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយសម្តេចតែងតែផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារប្រើប្រាស់នានាជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តម ឈាង វុន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារការទូតសភានៅលើឆាកអន្តរជាតិ ដែលស្របតាមចក្ខុវិស័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពគ្រប់ប្រភេទ ក្នុងការការពារបូរណភាពទឹកដី ដែលវីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល។មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបានផ្សព្វផ្សាយពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែន ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។ បន្ទាប់មកគណៈប្រតិភូក៏បានបន្តដំណើរចុះពិនិត្យមើលស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពីការវាយប្រហារតាមអាកាសរបស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ៕

អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប

2026/02/28 02:26:51 pm        383
នយោបាយបានលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអា​ម៉េរិក និងនៅតំបន់អឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈ​ការផ្តល់​បទ សម្ភាសន៍ដល់សារព័ត៌មានល្បីៗ និងបាន​លាតត្រដាងការពិតអំពីការឈ្លាន​ពាន​របស់ថៃ​មកលើបូរណភាព ទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ដោយក្នុងដំណើរទស្សនកចិ្ចនេះ សម្តេចធិបតីក៏បានទាក់ទាញវិនិ យោគទុនឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រាប់BTV នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប គឺជាជោគ ជ័យដ៏ធំធេងសម្រាប់កម្ពុជា ពោលគឺកម្ពុជាក្លាយជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពពិភពលោក នឹងបានបក អាក្រាតរឿងពិតរបស់យោធាថៃឈ្លានពានមកលើកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចធិបតីក៏បានជួបជាមួយនឹងឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបដើម្បីទាក់ទាញវិនិយោគឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ BTV ដែរថា ដំណើរបំពេញ ទស្សនកិច្ចរបស់សម្តេចធិបតីនៅអាម៉េរិក និនៅតំបន់អឺរ៉ុប គឺជាបេសកម្មការទូតក្នុងការការពារបូរណភាព ទឹកដី និប្រជាជន ដែលទទួលបានជោគជ័យជាលក្ខណៈប្រវត្តិសាស្ត្រ។ ជាពិសេសអ្វីដែលសម្តេចធិបតី បានប្រាប់ទៅអន្តរជាតិ គឺកម្ពុជាចង់បានសន្តិភាពដោយមិនចង់មានជម្លោះជាមួយនឹងប្រទេសជិតខាង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុប។ ទស្សនកិច្ចនេះ មិនមែន ជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំយ៉ាង សកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ដែលរងការរំលោភបំពាន៕ អត្ថបទ៖ វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM