ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក

2026/02/28 02:12:24 pm        249
ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក ដើម្បី​ចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០៦ និង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នានា​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង​។នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ ចំនួន១០ស៊ីក្លូ នឹងចាប់ផ្តើម ចេញ​ដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ចម្ងាយផ្លូវ៣៧០គីឡូម៉ែត្រ ចំណាយ​ពេល​ធ្វើ​ដំណើរ​ចំនួន៦ថ្ងៃ ដើម្បីចូលរួម​ព្រឹត្តិការណ៍​ព្យុះហយាត្រា​ដំណើរ​កម្សាន្ត​ទេសចរណ៍​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ​ចម្ងាយ ៣.៥គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្ស​ព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍នានាទៀត នៅខេត្តស្ទឹងត្រែង។លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងកម្មវិធីទស្សនាអាស៊ី នៃទូរទស្សន៍BTVថា ការរៀបចំសាកល្បងនូវ​ព្រឹត្តិការណ៍​ធាក់​ស៊ីក្លូ​ទេសចរណ៍​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ខេត្តស្ទឹងត្រែងនេះ គឺមានគោលបំណងសំខាន់ ផ្សព្វផ្សាយសក្តានុ​ពល​ទេសចរណ៍​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រោមប្រធានបទ ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា និងចូលរួមអភិរក្សស៊ីក្លូ លើក​ទឹកចិត្តអ្នកធាក់ស៊ីក្លូ ជំរុញមុខរបរយានជំនិះបម្រើសេវាកម្មដឹកជញ្ជូនក្នុងវិស័យទេសចរណ៍ និង​ការជួយស្វែងរកមូលនិធិបន្ថែមជួយសមាជិកអ្នកធាក់ស៊ីក្លូ និងការអភិរក្សស៊ីក្លូ ជាដើម។លោក អ៊ន់ ប៉ោសឿន ថ្លែងថា នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំនេះ ក៏​មាន​រៀប​ចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេស ការៀបចំព្រឹត្តិការណ៍​ប្រកាស​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល៥ឆ្នាំ ២០២៦-២០៣០  ការរៀបចំព្រឹត្តិការណ៍​ថ្នាក់​ដឹកនាំ មន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់​ទេសចរណ៍​បូរី​អូស្វាយ​ដើម្បី​ជួយ​គាំទ្រ​ដល់​សេវា​កម្ម​សហគមអេកូទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីខ្លួនឯង ជំរុញ​ចលានាទេសចរណ៍ក្នុងស្រុក ដោយផ្តើមចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ការេរៀប​ចំ​ព្រឹត្តិការណ៍​អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតាជាដើម។លោក អ៊ន់ ប៉ោសឿន បានថ្លែងថា គ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានបំណង​ទស្សនា​ខេត្ត​ស្ទឹងត្រែង ​គឺអាចត្រៀមខ្លួនស្នាក់នៅដើរកម្សាន្តចំនួន៤យប់ទៅ៥ថ្ងៃ ទើបដើរទស្សនា​កម្សាន្ត​អស់​សក្តា​នុពលទេសចរណ៍ ហើយគោលដៅដែល​ទេសចរ​ជាតិ​អន្តរជាតិ​ពេញ​និយម​ទៅ​កម្សាន្ត​មាន​ដូច​ជា​ទស្សនាទន្លេសាន តំបន់រាំសា តំបន់ទេសចរណ៍លំដាប់ផ្កាយ៥សៀមប៉ាង និងសហគមន៍​ទេសចរណ៍​កោះហាន បូរីអូស្វាយ ព្រះរំកិល តំបន់ជនជាតិភាគតិច និងតំបន់ទេសភាព​ប្រណិតៗ​ច្រើន​កន្លែង​ទៀត៕ អត្ថបទ៖ ស៊ុម សុខជា

វិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០

2026/02/28 01:54:19 pm        233
វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។ បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ ស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដើម្បីកសាងភាពធន់ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។លោកបណ្ឌិត បន្តថា ជុំវិញបញ្ហាក្នុងពេលបច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជា និងការប្រឈម បញ្ហាព្រំដែនជាមួយថៃ ឃើញថា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានចំណុចណាស្រុតចុះនៅឡើយ ផ្ទុយទៅវិញបន្ទាប់ពីប្រជាជនកម្ពុជាធ្វើ ពហិការ សហគ្រិនក្នុងស្រុកបាននិងកំពុងចេញដំណើរយ៉ាងផុសផុស និងមានការរូបរួមគ្នា ដើម្បីក្លាយជាកំលាំងមួយកាន់តែរឹងមាំ នេះឆ្នាំ២០៣០, ចំណែកឆ្នាំ២០៥០ កម្ពុជានៅមានពេលវេលាក្នុងការរៀបចំ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខបន្ថែមទៀត។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការឈានទៅឆ្នាំ២០៣០ និង ២០៥០ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវចក្ខុវិស័យរៀងៗខ្លួន ដោយឈរលើមាគ៌ាគោលដៅតែមួយ ក្នុងការ ឆ្ពោះទៅសម្រេចគោលដៅរទាំងនេះ។ ចំណែកវិស័យឯកជន បច្ចុប្បន្នបាននិងកំពុងចេញដំណើរស្របតាមគោលដៅចររបស់រាជរដ្ឋាភិ បាលផងដែរ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្ម និងស្រូបយកកំលាំងពលកម្មដោយប្រើប្រាស់ជំនាញដែលមានតម្លៃខ្ពស់ ដោយ ធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នឹងហក់ឡើងកាន់តែខ្ពស់។ជុំវិញការឈានទៅសម្រេចនូវគោលដៅចរនេះ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពកំណែទម្រង់គន្លឹះចំនួន៧ សម្រាប់គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩ (អនុវត្តរយៈពេលខ្លី), ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិងការពង្រីកប្រព័ន្ធគាំពារសង្គម, ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេស កម្ពុជាប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និងការអភិវឌ្ឍរយៈពេលវែង, ការបន្តពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យ កម្មន្តសាល មានសារៈសំខាន់សម្រាប់ការជោគជ័យសេដ្ឋកិច្ច, ការធ្វើទំនើបកម្មវិស័យកសិកម្ម (ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល), និងការវិនិយោគលើវិស័យអប់រំប្រកបដោយគុណភាព ការកសាងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ

2026/02/28 01:26:34 pm        295
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តបន្ទាយមានជ័យ។

បេសកកម្មការទូតរបស់សម្តេចធិបតី​ធ្វើឲ្យ​អន្តរជាតិ​បាន​ដឹង​​ច្បាស់​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ និង​ជំហរ​​របស់​កម្ពុជាចង់​​ដោះស្រាយ​​បញ្ហាព្រំដែនជាមួយថៃ​ដោយសន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​​អន្តរជាតិ

2026/02/28 01:10:02 pm        288
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល​បានលើកឡើងថា បេសកកម្មការទូតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​​រដ្ឋមន្ត្រី នៅសហរដ្ឋ​អាម៉េរិក និងអឺរ៉ុប បានធ្វើឱ្យសហគមន៍អន្តរជាតិដឹងយ៉ាងច្បាស់​​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ​លើដែនអធិបតេយ្យកម្ពុជា​ ក៏ដូចជាបានយល់ច្បាស់ពី​ជំហរ​របស់​កម្ពុជាដែល​ជា​ប្រទេស​​ស្រឡាញ់ស​ន្តិភាព ចង់ដោះស្រាយបញ្ហាព្រំដែន​ជាមួយថៃដោយសន្តិវិធី ស្រប​តាម​គោល​ការណ៍​​ច្បាប់​​អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើង ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង ស្ថាប័នដែល​ជា​សេនាធិការ​ទាំង​អស់​បាន​បំពេញ​ការងារ​ការទូត​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋ។ ជាក់ស្តែង ដំណើរ​បេសក​កម្មការទូតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប គឺ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការទូតយ៉ាងសកម្ម ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សហគមន៍​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​ពិត​យ៉ាង​ទូលំ​ទូលាយ​ស្តីពី​ការ​ចូល​កាន់​កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ពី​សំណាក់​កង​កម្លាំង​ថៃ និងបានយល់ច្បាស់ពីជំហររបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធី ស្រប​តាមគោលការណ៍ច្បាប់អន្តរជាតិ។​អ្នក​នាំ​ពាក្យបានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃ​ត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃនេះ រយៈពេលពីរខែបានកន្លងផុតទៅហើយ។ បទ​ឈប់​​បាញ់​នេះ​កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈ​ការងារ​ការ​ទូត​ ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជាមា​និត​ចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។សម្រាប់សម្តេចធិបតី នាយករដ្ឋមន្ត្រី កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​មាន​បទ​ឈប់​បាញ់​និង​ការ​ទទួល​យក​បទ​ឈប់​បាញ់ សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និង​សុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ​យ៉ាង​ពេញ​លេញ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​អនុ​លោម​តាម​សន្ធិ​សញ្ញា ​អនុសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានជាធរមាន ខណៈ​ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ច្បាស់ថា កម្ពុជា​ដើរ​លើ​ផ្លូវ​សន្តិភាព​ តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ​នៃ​ប្រជាជាតិ​របស់​ខ្លួន​បាន​ឡើយ​។ អាចនិយាយបានថា បទឈប់បាញ់ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​របស់​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​កម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាត​ផ្សេង​ទៀត​ដែល​កើត​ចេញ​ពី​ការ​ប្រយុទ្ធគ្នាដោយអាវុធពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបាន​ស្គាល់​យ៉ាង​ច្បាស់​នូវ​រស​ជាតិសង្គ្រាម។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង​គ្រប់​ចំណុច​ទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូច​ជា​កិច្ច​ព្រម​ព្រៀង​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មាន​សេចក្តី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡា​ឡំពួរ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ និងយោងស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ​យោធិនកម្ពុជា១៨ នាក់​ត្រូវបានដោះលែង​ឱ្យ​មាន​សេរីភាព​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសឹកជាង៩២% ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះ​សម្បែង​វិញ​ហើយ​គិត​មក​ទល់​ថ្ងៃ​នេះ។ ប៉ុន្តែ នៅសល់ជនភៀស​សឹកជាច្រើន​ម៉ឺន​នាក់​ទៀត​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​នៅឡើយដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ​ការ​ដាក់​រាយ​បន្លា​លួស ​និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។ ប្រឈមមុខចំពោះការរំលោភបំពាននេះ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន ​និង​កំពុង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការ​ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់​ស្តែង​ពី​សំណាក់​កង​កម្លាំង​ថៃ ​ហើយបាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួម ដែល​ចែង​ថា «រាល់​ការ​ព្រម​ព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់​ការ​ខ័ណ្ឌ​សីមា​ព្រំដែន​ និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ស្របតាម​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរ​អង្វែង​តាមបណ្តោយព្រំដែន...»។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ផ្ញើកំ​ណត់​ទូត​ជា​ច្រើន​លើក​ទៅ​កាន់​ភាគីថៃក្នុងនោះកំណត់ទូតចុងក្រោយត្រូវបានផ្ញើទៅកាន់ភាគីថៃនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) នៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បី​បន្ត​អនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅ​កំណាត់ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូ​ដើម​បង្គោល​ជំនាន់​បារាំង​នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែន​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម។អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​បញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជា​បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជា​ប្រកាន់​ជំហរ​យ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ច​ព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៤ពាន់​គ្រួសារ នៅខេត្តកំពង់ស្ពឺ

2026/02/28 01:00:02 pm        218
កំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រ​ចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជាព​លរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ។ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ចាន់​ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺ​ស្រប​ទៅនឹង​កម្ម​វិធីនយោបាយ របស់រាជរដ្ឋាភិបាល លើការងារលើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណាឲ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ឲ្យកាន់​តែ​រីក​ចម្រើន។លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជ​រដ្ឋាភិបាល​អាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និង​ល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋទៅរកសេវាសុខាភិបាល ។លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបន្ថែមថា សម្រាប់​សកម្ម​ភាព​ពិនិត្យ​ព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំ​នួនជាង ៤០០នាក់ ក្នុង​នោះ​មាន​ជំងឺ​ទូទៅ ​ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពង​ក ​សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតអិចស្រេ (X-Ray) និងជំងឺមួយចំនួនទៀត។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​មក​ទទួល​ការ​ពិនិត្យ​ព្យាបាល​នេះ ​បើសិនអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តនៅមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ ដែល​ការចំណាយគឺជាបន្ទុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត​ផ្ទាល់​ទាំងការធ្វើដំណើរ ព្យាបាល ហូបចុកការស្នាក់នៅ ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​ បានថ្លែងថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៦​នេះ សមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ បានជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ បានចំនួន៦ដង សរុបពលរដ្ឋជាង ២ម៉ឺននាក់មកហើយ ជំនួស​មុខ​ឲ្យ​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ សូមថ្លែងអំណរគុណ ដល់សមាគមក្រុមគ្រូពេទ្យ យុវជនស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​ដែលបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសនៅខេត្តកំពង់ស្ពឺនេះ។ក្នុង​ពេលទៅទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ ចំពោះសកម្មភាពនេះ ដែលបានជួយកាត់បន្ថយលើការចំណាយរបស់ពួកគាត់ លើការ​ថែ​ទាំ​សុខភាព ក្រោមការជួយសម្របសម្រួល និងការយកចិត្តទុកដាក់សួរនាំ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋទាំងជាង ៤ពាន់គ្រួសារ មកទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ មានមកពីក្រុងឧដុង្គម៉ែជ័យ ស្រុកឱរ៉ាល់ ស្រុកខ្ពង និងស្រុកសាមគ្គីមុន្នីជ័យ ។ សម្រាប់​តួលេខពលរដ្ឋបានពិនិត្យព្យាបាលជំងឺ ក្នុងនោះ ជំងឺទូទៅចំនួន ៤ ២៣០ករណី បញ្ជូន​ទៅភ្នំពេញ ២ករណី, មាត់ធ្មេញ ២២៣ករណី, ត្រចៀក ច្រមុះ បំពង់ក ១៣០ករណី បញ្ជូន១​ករណី, ជំងឺភ្នែក ១ ៧២០ករណី បញ្ជូន ២៤ករណី, រោគស្ត្រី ១២៥ករណី បញ្ជូន៩ករណី, អេកូ​សាស្ត្រ ៦៣ករណី, វះកាត់តូច ៤២ករណី បញ្ជូន១៤ករណី, ជំងឺបេះដូង ៥៧ករណី បញ្ជូន​៣​ករណី​, ជំងឺសើស្បែក ៦០ករណី, ឫសដូងបាត ៥៥ករណី បញ្ជូន១ករណី, ជំងឺសន្លាក់ ៤១៣​ករណី​, មន្ទីរពិសោធន៍ ៦២ករណី, ថតកាំរស្មី ២០ករណី និងផ្នែកកុមារ ៥០ករណី។ សរុប​ពិនិត្យ​ចំនួន​ ៧ ២៥០ករណី និងបានបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ចំនួន ៥៥ករណី៕ អត្ថបទ បាន សុខរិទ្ធិ 

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់​ទៅ​អាយឆា​អំពី​ការ​វាយ​ប្រហារ​ជា​លើក​ទីពីរ​របស់​យោធា​ថៃ​មក​លើ​កម្ពុជា

2026/02/28 11:59:51 am        301
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (អាយឆា) កាលពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបដល់​អង្គប្រជុំអំពី​ការ​វាយ​ប្រហារ​ជា​លើក​ទីពីរ​របស់​យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល​អំឡុង​ពេល​២១​ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និង​គ្មាន​បែង​ចែក​គោលដៅ ហើយយន្តហោះចម្បាំង​បា​ន​ធ្វើ​ប្រតិបត្តិការ​ហោះចូល​មក​ទម្លាក់​គ្រាប់​យ៉ាង​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើ​ឱ្យ​ប្រជាជន​ស៊ីវិល​ជា​ច្រើន​នាក់ ​ត្រូវបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និង​បាន​បំផ្លិច​បំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា អស់រយៈពេលពីរខែហើយ ក្រោយ​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុង​នោះ​បាន​ធានា​យ៉ាង​ច្បាស់​ដល់​ការ​វិល​ត្រឡប់​របស់​ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០​នាក់​ទៀតភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​នៅ​ឡើយ​ទេ​។ ឧបសគ្គដែលរារាំងដល់ ការវិលត្រឡប់នេះ គឺបណ្តាលមក​ពី​ផ្ទះស​ម្បែង​របស់​ពួក​គេត្រូ​វ​បាន​បំផ្លិច​បំផ្លាញ ​ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុង​តឺន័រ​និង​បន្លា​លួស​ ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាច​យក​មក​សំអាង​បាន​ឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែល​ចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែ​បន្ត​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។ពាក់ព័ន្ធនឹង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ស៊្រាង ចិន្តា សមាជិកគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើសារយ៉ាង​ច្បាស់​ និង​ម៉ឺង​ម៉ាត់​បំផុតថា  “កម្ពុជា​មិនមែន​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នោះ​ទេ​”។ ជាក់ស្តែង ប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និង​សម្រេចបា​ន​លទ្ធ​ផលជាច្រើនករណី ក្នុងនោះមានជនល្មើស​ចម្រុះ​ជាតិ​សាសន៍ត្រូ​វ​បាន​ចាត់​ការ​តាម​នីតិវិ​ធី​ច្បាប់​ជា​ធរមាន រួមទាំងមានការ​បណ្តេញ​ជន​បរទេស​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​រាប់​ពាន់​នាក់​ចេញ​ពី​ប្រទេស។ ទន្ទឹមនេះ កម្ពុជាក៏មានកិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​បណ្តា​ប្រទេស និង​អង្គការ​នានា​ទាំងក្នុ​ងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធ​បច្ចេក​វិទ្យា ​ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជា​ក៏​កំ​ពុងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធ​ភាព​នៃ​ការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅ​ដល់​ការ​បោសស​ម្អាត​បទ​ល្មើស​នេះ​ទាំង​ស្រុងចេញពីប្រទេស៕ អត្ថបទ៖ វង្ស សុភាព

ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/28 11:47:38 am        229
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយក​​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថាន​ទូ​តចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៣នាក់ (ស្រី៥នាក់) ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធអនឡាញ (Online Scams) ករណីបង្រ្កាបនៅរាជធានីភ្នំពេញ ត្រូវ​បាន​បណ្ដេញ​​ចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូច​ជា​កា​រ​ជួយ​សង្គ្រោះ​ជនរង​គ្រោះដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ក្រសួងបរិស្ថាន បានចុះណែនាំ និងចាត់វិធានការ​បច្ចេកទេស ​និងច្បាប់​លើទីតាំង​ទីលាន​ទុក​ដាក់​សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ

2026/02/28 11:39:00 am        188
ក្រសួងបរិស្ថានបានដាក់ចេញវិធានការបច្ចេកទេស និងច្បាប់ ឱ្យក្រុមហ៊ុនគ្រប់គ្រងទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិព្រិច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីបានពិនិត្យឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងបរិស្ថានបានតម្រូវឱ្យម្ចាស់ទីតាំងអនុវត្តដូចតទៅ៖១.ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុត ឬឆេះ នៅទីតាំងចាក់សំណល់ឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។២.ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ៨២៦ អនុលោមតាមមាត្រា១៦១ និងមាត្រា ៦៦៨។ ៣.ត្រូវមានវិធានការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការឆេះទីលាន និងត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។ ៥. ត្រូវត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។ ៦. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងផ្ដល់យោបល់។ ជាមួយគ្នានេះក្រសួងបរិស្ថាននឹងបន្តពិនិត្យនិងតាមដានលើវិធានការចំពោះមុខខាងលើ ប្រសិនបើម្ចាស់អាជិវកម្ម មិនបានអនុវត្តតាមវិធានការខាងលើ នឹងទីតាំងអាជីវកម្មនឹងត្រូវបិទនិងដកហូតអាជ្ញាបណ្ណ។សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកស្រីអភិបាលរងក្រុងដូនកែវ អាជ្ញាធរសង្កាត់និងភូមិ និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងបានរកឃើញ ការគ្រប់គ្រងសំណល់ពុំត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសនិងច្បាប់ បង្កឱ្យមានការឆេះ ជាបន្តបន្ទាប់ បណ្តាលឱ្យមានផ្សែង និងក្លិនប៉ះពាល់ដល់បរិយាកាសនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្បែរនោះ៕

ឆ្មប មិនមែនត្រឹមជាអ្នកផ្តល់សេវាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ

2026/02/28 11:29:49 am        747
លោកស្រី ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា បានអះអាងថា ឆ្មប​មិន​មែន​ត្រឹម​ជា​អ្នក​ផ្តល់​សេវា​សុខ​ភាពប៉ុណ្ណោះទេ។ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ និងជាដៃគូ​សំខាន់​ក្នុង​ការ​កាត់បន្ថយអត្រាមរណភាពមាតា និងទារក។ការថ្លែងរបស់លោកស្រី ប្រធានសមាគមឆ្មបកម្ពុជា យ៉ាងដូច្នេះ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​របស់​សមាគមឆ្មបកម្ពុជា លើកទី៤ ប្រធានបទ "រួមគ្នាថែទាំ សុខភាពមាតា និងទារក​ជុំវិញ​កំណើត” ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។លោកស្រី ឈិន សុខណាយ បានលើកឡើងទៀតថា សមាគមឆ្មបកម្ពុជា ដឹកនាំ​ដោយ​ប្រធាន​សមាគម​មួយ​រូប និងអនុប្រធានចំនួន២រូប គិតត្រឹមដើមឆ្នាំ២០២៦នេះ សមាគមឆ្មបកម្ពុជា មាន​សមាជិកចំនួន ៤,៨៨០នាក់ ដោយបានរៀបចំសន្និសីទសមាគមឆ្មបកម្ពុជា ចំនួន៣​លើក​រួច​មក​ហើយ​ដែរ។ ការរៀបចំសន្និសីទនេះ មានគោលបំណងចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាព វិជ្ជា​ជីវៈ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ស្របតាមការអភិវឌ្ឍន៍វិស័យសុខាភិបាលជាតិ និង​អន្តរជាតិ​។ ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការ​សង្គម​ វិជ្ជាជីវៈ ឆ្មបត្រូវការការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទាំងផ្នែកចំណេះដឹង ជំនាញ និង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ដែលក្នុងនោះតួនាទីឆ្មប គឺជាចំណុចកណ្តាលនៃការធានាគុណភាព និង​សុវត្ថិភាព​សេវា។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បានផ្តល់អនុសាសន៍ ​ពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់អ្នកផ្តល់សេវាសុខភាព ក្នុងការថែទាំ និងគ្រប់​គ្រង​សុខ​ភាព​មាតា និងទារកជុំវិញកំណើតឱ្យកាន់តែប្រសើរឡើង។ ចូលរួមកាត់បន្ថយអត្រាមរណភាព និង​បង្ការ​ផល​វិបាក​នានា ដែលអាចកើតមានឡើងចំពោះមាតា និងទារក ដោយ​កំណត់​រក​ឱ្យ​ឃើញ​នូ​វ​កត្តា​ប្រឈម និងសញ្ញាប្រឈម ដែលមាន នៅពេលដែល​ស្ត្រី​មក​ពិនិត្យ​តាម​ដាន​ផ្ទៃ​ពោះ​របស់​គាត់​។ ចែក​រំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សំដៅធានាឱ្យការ​អនុវត្ត​ការ​ថែ​ទាំ​កាន់​តែមាន​ប្រសិទ្ធភាព និងគុណភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង និងជំនាញ ជាមួយ នឹង​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈជាប់ជាបន្ត និងចូលរួមផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ បទបញ្ញត្តិ សម្រាប់​អ្នក​ប្រក​ប​វិជ្ជាជីវៈឆ្មបទាំងអស់ ជាមួយនឹងការកសាងវប្បធម៌ការងារបែប «មិនស្តីបន្ទោស» និង​សុវត្ថិភាព​អ្នក​ជំងឺ​ពង្រឹងបន្ថែមស្មារតី ធ្វើការងារជាក្រុម និងបង្កើតបណ្តាញសហការរវាងសមាជិក និង​ដៃគូ​ពាក់​ព័ន្ធ និងរក្សាឱ្យបាននូវនវានុវត្តន៍ ជាប់ជាប្រចាំ៕ អត្ថបទ រដ្ឋា 

តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ

2026/02/28 11:19:13 am        366
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បាន​ចេញ​ដី​ការ​សម្រេច​ឃុំ​ខ្លួន​ជន​ល្មើស​ជា​ជនជាតិចិន០២នាក់ជាមេខ្លោងពាក់ព័ន្ធករណីឆបោកជាក្រុមដោយមានការចាត់តាំង លើ​បទល្មើស ( Online Scam ) ដាក់ពន្ធានាគារបណ្តោះអាសន្ន ។ ជនត្រូវចោទទាំង០២នាក់ មានឈ្មោះ WANG ZONGQING ភេទប្រុស អាយុ៣៥ឆ្នាំ, និង​ម្នាក់​ទៀត​ឈ្មោះ LIU DINGHUA ភេទប្រុស អាយុ៣៤ឆ្នាំ ។ ជនទាំង០២នាក់ ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង “ ប្រព្រឹត្ត​នៅ​ចំណុចផ្ទុះលេខB២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រម​ព្រហ្ម​ទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ថា ជនល្មើសជាជនជាតិចិន ទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ក្នុងរង្វង់​ការ​ចុះ​រដ្ឋបាល​ពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងនគរបាល និង​កម្លាំង​កង​រាជអាវុធហត្ថ ដឹកនាំដោយឯកឧត្តមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះលេខB២.០៨៧ ( បុរី អេលីហ្សេ ) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន ។ ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យខាងលើ កម្លាំងអាជ្ញាធរចម្រុះ បាន​ពិនិត្យ​រក​ឃើញ​ជន​បរទេស​៦៩នាក់ ស្រី០៧នាក់ ស្មើរ០៥សញ្ជាតិ ។ ក្នុងនោះបានរកឃើញសម្ភារមួយចំនួនដូចជា  ទូរស័ព្ទដៃ និង កុំព្យូទ័រ ដែល សង្ស័យពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM