ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក

ព័ត៌មានជាតិ

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាល​ជាមួយ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2024/11/27 12:19:29 pm        372
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅ​អធិការ​វត្ត​ពោធិ​គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្ត​ជួប​សំណេះ​សំណាល​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះ​របស់​សម្ដេច​នៅ​ក្រុង​តាខ្មៅ។ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃ​ការ​ជួប​សំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរ​គុណ​ដោយ​ផ្ទាល់ចំពោះ​សម្តេច​ទាំង​ទ្វេ​ដែល​បានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់​វត្តពោធិ​គិរី​វង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះ​សម្ដេច​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែល​បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្ត​ស្វាយ​សៀម​ថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងបានប្រគេន បច្ច័យ​ដល់​វត្ត​ទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុង ក៏ដូចជាការ​ប្រើប្រាស់សម្រាប់​ការ​កសាង​នូវ​សាសនា​វត្ថុ​​ផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន តាំងនៅស្ថិតស្ថេរ។អង្គ​កឋិនទាននេះក៏ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមាន ការដឹកនាំរៀបចំពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះមន្រ្តីសង្ឃ គ្រប់ជាន់ថ្នាក់ផងដែរ ទើបធ្វើឱ្យការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មី សម្រេចបានជោគជ័យតាម បំណងប្រាថ្នាថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ព្រះអង្គក៏បានស្នើសុំសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការផ្ដល់នូវព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជា និងការជួយកសាងទូកង សម្រាប់ការចូលរួមការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្នុងឱកាសនោះ សម្ដេចទាំងទ្វេ មានទឹកចិត្តរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដោយបានទទួល ប្រតិភូព្រះសង្ឃខ្មែរក្រោមនាពេលនេះដោយផ្ទាល់។សម្ដេចតេជោ ក៏បានយល់ព្រមប្រគេនតាមសំណើររបស់ព្រះអង្គនូវទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។ជាទីបញ្ចប់ សម្ដេចទាំងទ្វេ បានប្រគេនទេយ្យទាន និងបវរណាបច្ច័យ ព្រមទាំងបានប្រគេនពរចំពោះព្រះមន្រ្តីសង្ឃ ខ្មែរក្រោម៕

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ

2024/11/27 12:14:11 pm        89
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងការណ៍ ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងការណ៍ថា៖«យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់»៕

មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

2024/11/27 11:21:46 am        467
ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលឈរជើងកន្លែងអភិរក្សជ្រោយស្តី និងគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលស្រុកក្រគរ កណ្តៀងនិងស្រុកបាកាន ជាប់បឹងទន្លេសាប បានចុះបង្រ្កាប​បទ​ល្មើស​ជលផលដោយប្រើឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងរយៈពេល២យប់ ដោយបាន​ធ្វើ​ការ​ដកហូត និងបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើនមុខ ។នៅយប់ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក​រដ្ឋបាល​ជល​ផលក្រគរ រួមមាន នាយ- នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការ​ជាមួយ ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើស ជលផលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក គឹម ទី នាយរងអធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងលោក វ.ឯក ជា សោភ័ណ តំណាងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កម្លាំងសរុប ២៣នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន០៥ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពី ជ្រោយហាលស្លារហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ហើយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក រស់ សុខា មន្រ្តីសង្កាត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថានស្រុកបាកានប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ និងកាណូតចំនួន ០២គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរាំងទ្រេតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាលទ្ធផលបានដកហូតនិងបំផ្លាញឧបករណ៍ខុសច្បាប់រួមមាន - សាច់ឈ្នក់ចំនួន២៥វង់ - បង្គោលចំនួន២៣៨ដើម - ខ្សែរួមផ្សំប្រវែង ៤.៣៥០ម៉ែត្រ- ខ្សែភ្លើងប្រវែង២៨០ម៉ែត្រ - អំពូលភ្លើងចំនួន២២គ្រឿង - អាគុយ៥០អំពែរចំនួន១៩គ្រឿង និងដុំបំលែងអគ្គីសនីចំនួន២១គ្រឿង ។ គួរឱ្យដឹងដែរថា មន្ទីរដែលមានខណ្ឌរដ្ឋបាលជលផល សហការជាមួយកំលាំងគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បានកំពុងតែបន្ត ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ បន្តជាប្រចាំ៕

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ រកឃើញធុរកិច្ចថ្មី ដែលមានសក្តានុពលលើបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

2024/11/27 11:11:31 am        124
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញធុរកិច្ចថ្មីដែលមានសក្តានុពល ពីកម្មវិធី​នវានុវត្ត​ន៍​បញ្រ្ចាស​រដូវកាលទី ៤ ដែលជា កម្មវិធីពន្លឿនអាជីវកម្មលើដំណោះស្រាយច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយ​ធុ​រកិច្ចជាប់ជ័យលាភីទាំងនោះទទួលបានថវិកាជាច្រើន សម្រាប់យក ទៅអភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គាត់។យុវជន នាគ ប៊ុនហាក់ ប្រធានក្រុមម៉ាយលេខា (Mylekha) ដែលជាប់ជ័យលាភីលេខ១ នៅក្នុង​ការ​ប្រកួត​ប្រជែងក្នុងកម្ម វិធីថ្ងៃបទបង្ហាញសាធារណៈ នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ ដែល​រៀប​ចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៅថ្ងៃ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" គឺជាមជ្ឈមណ្ឌលមួយដ៏មានយ៉ាងសំខាន់ បាន​បណ្តុះគំនិតយុវជនកម្ពុជាឱ្យមានជំនាញ បទពិសោធន៍ផ្សេងៗ គឺអាចឱ្យ​យុវជន​កម្ពុជា​បញ្ចេញ​នូវទេព​កោសល្យស្នាដៃអាជីវកម្ម លើផ្នែក បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្លាយទៅជាធុរកិច្ច​បណ្តុះថ្មី​ដែល​មាន​សក្តានុពល ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។យុវជនទាំងនេះ ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងក្រៃលែង លើការទទួលបានជ័យលាភី ក្នុង​នោះ​ចំពោះថវិកាដែលក្រុម របស់គាត់ ទទួលបានថវិកាចំនួន ៤០ លានរៀល ពីការប្រកួត​ប្រជែង​នេះ ពួកគាត់នឹងយកថវិកាទាំងនោះទៅពង្រីកអាជីវកម្ម និង ពន្លឿនកម្មវិធីរបស់ពួកគាត់ ដើម្បី​ជួយ​លើក​កម្ពស់ដល់ម្ចាស់អាជីវកម្មខ្នាតតូច នៅកម្ពុជាឱ្យកាន់តែប្រសើរ (ការប្រើប្រាស់​ម៉ាយ​លេខា ​នឹងអាចធ្វើឱ្យម្ចាស់អាជីវកម្មទទួលបានប្រាក់កម្ចីពីធនាគារ សម្រាប់ពង្រីក​អាជីវកម្ម​ពួក​គាត់​ផងដែរ​)។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើង​ឱ្យ​ដឹង​ថា ជុំវិញកម្មវិធីប្រកួត ប្រជែងនេះ បានចាប់ផ្តើមជាង ៤ ខែមកហើយ ដែលមានធុរកិច្ច (Startup) ចូលរួមចំនួន ២៨ ក្រុម ដោយធុរកិច្ចទាំងនោះទទួល បានការបណ្តុះបណ្តាល ការ​តម្រង់​ទិស​ពីអ្នកណែនាំផ្សេងៗ ក្នុងនោះនៅក្នុងមួយដំណាក់កាលៗ គឺបាន​ជ្រើស​រើស​អ្នក​ដែល​មានសក្តានុពលចំនួន ១០ ក្រុម, បន្ទាប់មកយកបានជ្រើសរើសចំនួន ៧ក្រុម មកប្រកួត​ប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនេះ, ក្នុងនោះមជ្ឈមណ្ឌល បានរកឃើញធុរកិច្ចដែលមានសក្តានុពល លើ​ដំណោះ​ស្រាយ​បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ និងបានផ្តល់ថវិកាលើកទឹកចិត្ត ដល់ក្រុមដែល ជាប់​ជ័យ​លាភី​ទាំង​នោះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែម។សូមបញ្ជាក់ថា ក្រោយពីការសម្រាំងជាច្រើនដំណាក់កាល មានតែធុរកិច្ចថ្មីចំនួន ៧ ក្រុមប៉ុណ្ណោះ ដែល​បានឈានចូលដល់ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​នវានុវត្តន៍​បញ្ច្រាសរដូវកាលទី៤ និងបានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មខ្លួន ទៅ កាន់គណៈកម្មការ ដើម្បី​ដណ្តើមយកជ័យលាភី ។ ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨លានរៀល ត្រូវ​បានប្រើប្រាស់ ដើម្បីផ្តល់ជូនដល់ធុរកិច្ចថ្មីឆ្នើមទាំង៥ក្រុមរួមមាន៖ នាមជា Top performance ជាមួយ​នឹងទឹកប្រាក់ចំនួន ៤០ លានរៀល ទៅកាន់ Mylekha, នាមជា Special mention ទឹកប្រាក់ ២៨ លានរៀល ទៅកាន់ Krubkrong, និងនាមជា Top finalists ទឹកប្រាក់ ២០ លានរៀល ក្នុងមួយក្រុម, ទៅកាន់ Snaprec, Jaytech និង Quanta ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ

2024/11/27 10:54:30 am        258
តាកែវ៖ នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមក​សិក្សា និង​បណ្តាក់​ទុក​វិនិយោគ​កំពង់​ផែ​នៅ​លើ​ទឹក​ដី​ខេត្ត​តាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ ។ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនហុងចូវ ស្ទៀលស្រ្ទាក់ឈើ Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើក​ឡើង​អំពី​សក្ដានុពល​សំខាន់ៗ​របស់​ខេត្ត​តាកែវ​ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មាន​ផ្លូវ​ដឹក​ជញ្ជូន​តាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស់ ដូច្នោះប្រសិនបើក្រុមហ៊ុន​ចិន​ចង់​បង្កើត​កំពុង​ផែ​គួ​តែ​មក​បង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណន​នេះ​ក៏​មាន​ការ​រួម​ចំណែក​ពី​រដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវ​ជា​ចំណុច​កណ្តាល​មួយ​ដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយ​ខេត្ត​មាន​ផ្ទៃដីសម្រាប់បង្ករបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុង​នោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផល​ស្រូវ​ដែល​មាន​ទំហំដ៏​ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមា​ន​កំពង់​ផែ​នៅ​ក្នុង​ខេត្ត​ពិត​ជា​បង្ក​លក្ខ​ណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្មនិងការចញ្ចឹមសត្វ ឯកឧត្តម​អភិបាលខេត្តតាកែវ ក៍បានស្នើអោយ​ក្រុម​ហ៊ុន​ចិន​ចូល​មក​សិក្សា​វិស័យ​ចិញ្ចឹម​សត្វ​ផងដែ​រ ព្រោះនោះ​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​មាន​ការ​ចញ្ចឹម​សត្វ​ច្រើន​ និង​ជា​ខេត្ត​ដែល​ផ្គត់​ផ្គង់​សាច់​សត្វ​ដល់​ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើ​សុំរ​បស់​ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននិងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់​ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់​ដែល​ឯកឧត្តម​អភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕

កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា

2024/11/27 10:35:37 am        150
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីការងារ ទទួលជួបវិទ្យាស្ថានអូស្រ្តាលី ពិភាក្សាគ្នាលើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​យានយន្ត​នៅកម្ពុជា

2024/11/27 10:25:06 am        122
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំ​ដោយ​លោក​ស្រី​បណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេសអូស្ត្រាលី ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ​ក្នុង​ការ​ទាក់ទាញកា​រ​វិនិយោគ​លើ​វិស័យ​យាន​យន្ត​នៅកម្ពុជា ដូចនេះការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺ​ជា​គោល​នយោបាយដ៏សំខាន់។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការបណ្តុះ​បណ្តាល​បច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។ ឯកឧត្តម ជឿជាក់ថា តាមរយៈ​កម្ម​វិធី​ក្រោម​កិច្ចសហប្រតិបត្តិការនេះ នឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយ​ជំនាញ​បច្ចេក​ទេស​ស្របតាមស្តង់ដាអន្តរជាតិ ដែលមិនត្រឹម​តែ​អាច​បំពេញ​តម្រូវ​ការ​អ្នក​បច្ចេកទេសយា​ន​យន្ត​សម្រាប់​កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាម​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​នៅ​ក្រៅ​ប្រទេស​ផងដែរ។ ជាការឆ្លើយតប លោកស្រីបណ្ឌិត សលលី ឃូថែន បានសម្តែងការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។ លោកស្រី ជឿជាក់ថា តាមរយៈ​ប​ទពិសោធន៍ក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន នឹងអាចសហការ​បានយ៉ាងល្អ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់​គុណភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេសយានយន្តនៅកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

2024/11/27 10:10:06 am        198
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើក​កម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំង​ពាណិជ្ជកម្ម​។បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លាន​ដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាព​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុង​ដំណើ​​រ​នេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការ​វិនិយោគ​ពី​វិស័យ​ឯក​ជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើ​ក​​កម្ពស់​ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមជួបសម្ដែងការគួរសម និងសំណេះសំណាល

2024/11/27 08:23:10 am        180
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕អត្ថបទ រដ្ឋា

ឯកឧត្តម ចាយ បូរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តមកពីខេត្តត្រាវិញ

2024/11/27 08:10:34 am        152
គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន បន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ក្រោយពីការចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ទាំង២គណៈរួចមក គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បានបន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានពាំនាំនូវទឹកព្រះទ័យ និងទឹកចិត្តរបស់ព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៃខេត្តត្រាវិញ ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសេនាធិការជំនាញរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការ និងសាសនា ក្នុងការជួយរៀបសម្របសម្រួលការរៀបចំពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលជាប្រវត្តិសាស្ត្រសម្រាប់ខ្មែរក្រោម។ ព្រះតេជព្រះគុណបានអរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលចាត់តាំងក្រុមការងារទទួលគណៈប្រតិភូ និងបានសម្របសម្រួលឱ្យគណៈប្រតិភូបានចូលក្រាបបង្គំគាល់សម្តេចព្រះសង្ឃទាំងពីរគណៈ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ ការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរក្រោមគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ និងការបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរក្រោមនៅតាមទីអារាម។ ព្រមជាមួយគ្នានេះផងដែរ គណៈប្រតិភូស្នើសុំឱ្យក្រសួង បន្តគាំទ្រដល់ព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្នាក់នៅ និងសិក្សានៅតាមពុទ្ធិកសិក្សានៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះគណៈប្រតិភូក៏មានបំណង សុំឱ្យមានការចែករំលែកនូវឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសា ដែល ក្រសួងមាន ដើម្បីយកទៅប្រើប្រាស់បន្ថែមទៀតជាឧត្តមប្រយោជន៍របស់កូនចៅខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ជាការឆ្លើយតបវិញនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ប្រតិភូ ព្រះសង្ឃខ្មែរក្រោម ដែលបាននិមន្តមកទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្រសួងធម្មការ និងសាសនា នាពេលនេះ។ ឯកឧត្តមបានគាំទ្រចំពោះសំណើររបស់ព្រះអង្គក្នុងការបន្តយកចិត្តទុកដាក់ចំពោះព្រះសង្ឃខ្មែរក្រោម ដែលកំពុងសិក្សានៅតាមបណ្តាពុទ្ធិកសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសាខ្មែរនោះ ក្រសួងនឹងផ្តល់ប្រគេន ដើម្បីព្រះអង្គយកទៅប្រើប្រាស់ជាឧត្តមប្រយោជន៍ របស់បងប្អូនខ្មែរក្រោមក្នុងខេត្តត្រាវិញ។ ឯកឧត្តម បានបន្តទៀតថា ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់សុខដុមនីយកម្មសាសនា ពិសេសលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាងនេះទៅទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងគាំទ្រលើវិស័យសិក្សាអប់រំ បំពេញបន្ថែមនូវចំណេះដឹករបស់ព្រះសង្ឃឱ្យបានខ្ពង់ខ្ពស់តាមរយៈពុទ្ធិកវិទ្យាល័យ ពុទ្ធិកសាកលវិទ្យា ទាំងរាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្តមបានប្រគេនប្រតិភូនូវឯកសារមួយចំនួនដូចជា សៀវភៅរាជសព្ទ-សង្ឃសព្ទ សៀវភៅកម្រងឧទ្ទេសាចារ្យខ្មែរ សៀវភៅព្រះរាជីវប្រវត្តិសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងសៀវភៅកម្រងសង្ឃប្រកាស នៃអនុសង្ឃវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ។ជាទីបញ្ចប់ឯកឧត្តមបានប្រគេនពរជ័យគណៈប្រតិភូ និងផ្តាំផ្ញើក្ដីនឹករលឹកដល់ប្រជាពុទ្ធ បរិស័ទខ្មែរក្រោម ខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
06/20/2026 10:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM