គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម

2024/11/28 09:08:45 am        359
ព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាង​ចាក​ចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​១​ថ្ងៃ​នៅ​សាធារណ​​រ​ដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកា ។ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង គឿង ប្រធា​នាធិបតី​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះរាជសាររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផ្ញើជូនជនរួមជាតិ ដែលឡាយ​ព្រះហស្ត​លេខា​កាល​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បានក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,សម្តេច ឯកឧត្តម លោកជំទាវ លោក លោក​ស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅបំផុតដោយព្រះអង្គបានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេច​ព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត​មាន​ពីមាតុប្រទេស ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ព្រះករុណា​បានមានព្រះរាជបន្ទូលបញ្ជាក់ថា៖នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ខាងលើនេះ សម្តេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះ​អង្គ​ក្នុង​ព្រះ​បរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា បានសូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូម​ប្រគេន​ពរ​ព្រះថេ​រានុ​ត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោក​យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។យាង​និង​អញ្ជើញ​ថ្វាយ​ព្រះរាជវន្ទន​កិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ រាជវង្សានុវង្ស ឥស្សរជន​ជាន់​ខ្ពស់ មន្ត្រីអ្នកមុខអ្នកការសំខាន់ៗផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​នាយក​ព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និង​រដ្ឋសភា។ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជ​សវនាការ​ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាព​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរ​អង្វែង រវាងប្រទេសទាំងពីរ។ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គម​និយម​វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តម ឡាវ វ៉ាន់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជាសិក្សានៅក្រៅប្រទេស

2024/11/28 07:59:38 am        115
ភ្នំពេញ ÷ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជាសិក្សានៅក្រៅប្រទេស។កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្តក្រុងចំនួន ៥ រួមមាន៖ ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូផ្តល់អាហារូបករណ៍។ក្នុងដំណើរបេសកកម្មគណៈប្រតិភូទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត, ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូពាក់ព័ន្ធរួមមានមន្ទីរអប់រំខេត្ត សមាគមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ២១ស្ថាប័ន ដែលបានជួបពិភាក្សាការងារ។ លើសពីនេះទៅទៀតតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារបានជួបសំណេះសំណាលនិស្សិតកម្ពុជាក្រុងប៉េកាំង ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយ ប្រមាណ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានារបស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិតអាចបញ្ចប់ការសិក្សាដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែក គឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុង និងក្រៅប្រទេសនៅថ្នាក់ឧត្តមសិក្សា៕អត្ថបទ រដ្ឋា

ក្រសួងការងារ និងវិទ្យាស្ថាន BKI អូស្ត្រាលី ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត

2024/11/27 10:03:34 pm        94
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា។ពិធីចុះហត្ថលខានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី។ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។  លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។   សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល ៣ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕

ប្រមុខការទូតកម្ពុជា នឹងញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ

2024/11/27 06:36:36 pm        249
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ជីវ ជានធាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។ស្របពេលដែលឆ្នាំ ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ចំរាត្រីឆ្លងឆ្នាំសកល ចូលឆ្នាំ២០២៥

2024/11/27 05:00:53 pm        171
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង គឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ។សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង ដែលព្រឹត្តិការណ៍នេះត្រូវបានឲ្យឈ្មោះថា «សាទរកម្ពុជា» ។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម សំហេង បុរស តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារសហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យគម្រោងរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា ប្រព្រឹត្តទៅដោយរលូនសប្បាយរីករាយ និងជោគជ័យ។«សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នាសាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ និងបង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សំហេង បុរស ក៏បានសម្តែងនូវការអរគុណ ចំពោះការគាំទ្រ និងការសម្របសម្រួល សហការគ្រប់បែបយ៉ាងពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួលចំនួន ២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរ និងការបង្ហោះដ្រូនជាដើម។ជុំវិញការស្នើសុំទាំង ២៣ចំណុចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានឯកភាព ដោយស្នើឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា អនុវត្តព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ជាមួយនិងការគិតគូរពីការរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរទៀតផង។ព្រឹត្តិការណ៍ «សាទរកម្ពុជា» នេះ នឹងរៀបចំឡើងដោយមាន ជាក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០តួ។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង ៣វគ្គ។ មានសុន្ទរកថារបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ​ទៅ​ប្រទេសចិន

2024/11/27 04:34:12 pm        458
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បាន​អញ្ជើញ​ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់​នាំ​ចេញ​ទៅ​ប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែល​មានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបាន​បន្ត​ចុះ​ពិនិត្យ​ការ​ប្រមូល​ផលមៀ​នប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើក​ឡើង​ថា ក្រសួងកសិកម្ម បាននឹងកំពុ​ងយ​ក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្វះស្វែង​រក​ទីផ្សារ​កសិផល​ជូន​ប្រជា​ពលរដ្ឋ​ជា​ប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផល​ផ្លែ​មៀ​ន​ស្រស់​។ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំ​ចេញ​ទិន្នផល​ផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែល​អាច​ទទួល​យកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។ ម្ចាស់​ចម្ការ​នីមួយ​ៗ ដែលរោងចក្រអាចទទួលទិញយក ទាល់តែ​កសិករ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គ​នាយក​ដ្ឋាន​ជំនាញ​ នៃក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេក ទេស ដោយគ្មានសារធាតុគីមីពុល។ បើច​ម្ការ​មៀន​ណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេ គឺរោងចក្រ ឬក្រុមហ៊ុន មិនប្រមូលទិញទេ ព្រោះ​ត្រូវ​មាន​ការ​ឆ្លងកាត់ត្រួតពិនិត្យពីក្រសួងជំនាញជាមុនសិន។ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់ទៀតថា ការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះ ស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រានៃការអនុវត្តផលិតកម្មទៅតាមស្តង់ដាមួយ ដែល​ហៅថា ការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា, កសិករ​ដាំដុះ​មៀន​ប៉ៃលិន ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផល ចំនួន៤១២០ហិកតា ដែល​បរិមាណ​ប្រមូល​ផល បានចំនួន៦១៨០០តោន។ ដោយ ឡែក ការចុះប្រមូលទិន្នន័យ ការនាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម៖ នាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចំនួន១ ៥២១ តោន។ បើ​គិត​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវ​បាន​នាំចេញ​សរុបចំនួន១២ពាន់៤៧០តោន ៕

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

2024/11/27 04:12:16 pm        337
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ ជំពូក និង២២ មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាឆ្នាំ២០២៣ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ ផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងអស់ពីអាណាប័កពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ ២)សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង១៤ មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រង់ទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា។សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយប្រកាន់យកជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវន្តនូវសេចក្តីត្រូវការ ក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជាមាគ៌ារយៈពេលមធ្យមមួយ ដើម្បីឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិនិងកសាងជាតិមួយដ៏រស់រវើក មានអនាគតរុងរឿងភ្លឺស្វាង និងត្រចះត្រចង់ ជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ មានសន្តិភាព មានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ ព្រមទំាងជាប្រទេសមានចំណូលខ្ពស់ នាពេលអនាគត មានសេដ្ឋកិច្ចរឹងមាំ ធន់នឹងវិបត្តិ និងមានសង្គមបរិយាប័ន្ន។ ក្នុងក្របខ័ណ្ឌថវិកាខាងលើនេះ ក៏មានគោលដៅធានារក្សាការពារឱ្យបានដាច់ខាតនូវសន្តិភាព និងអធិបតេយ្យភាពរបស់កម្ពុជា ក្នុងឋានៈជារដ្ឋមួយដែលមានឯករាជ្យភាពពេញបរិបូណ៌និងការខំប្រឹងងើបឈរឡើងដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនដោយខ្លួនឯង ទំាងនៅក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមោះមុតជាងពេលណាៗទំាងអស់ក្នុងការសម្រេចឱ្យបាននូវគោលដៅនិងវិធានការទំាងឡាយដែលបានដាក់ចេញ ព្រមជាមួយនឹងការបន្តប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៥ យ៉ាង គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវៈកាត់ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯករាជ្យនិងអធិបតេយ្យជាតិ ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទំាងមូល ក៏ដូចជាដើម្បីទ្រទ្រង់នូវដំណើរស្តារនិងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ លើគ្រប់វិស័យ នៅលើមាគ៌ាឈានឆ្ពោះទៅរកការកសាងសង្គមកម្ពុជាមួយដ៏រុងរឿងល្បាញល្បី ប្រជាប្រុសស្រីរស់មានសេរីភាពនិងសុភមង្គល។រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរជាឯកច្ឆន្ទ ដោយបានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់នេះ ម្តងមួយៗ តាមនីតិវិធីរបស់រដ្ឋសភា៕

គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

2024/11/27 04:08:47 pm        441
គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចង់ឱ្យកម្ពុជា​មាន​ច្បាប់​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដោយសារពួកគេបង្កើតចលនាខុសច្បាប់ និង​ដុត​រោល​ប្រជាជាតិ​ឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់​ទៅ​ក្រុម​អ្នកច្បាប់ឱ្យ សិក្សារៀបចំតាក់តែងច្បាប់នេះ។លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស​ធម្មាធិបតេយ្យ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ សម្រាប់​ការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដែល​បាន​លើក​ឡើង​ក្នុង​មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤​កន្ល​ង​ទៅ។លោកស្រីបញ្ជាក់ថា៖«ច្បាប់ហ្នឹង ត្រូវតែយកចិត្តយ៉ាងតឹងរឹង ដើម្បីកម្ចាត់​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស ​មិនមែនត្រឹមតែដាក់ជនជ្រុលនិយមជាខ្មែរទេ ថែមទាំង​ជន​បរទេស​ដែល​មាន​បំណង​ជ្រៀត​ជ្រែក​ផ្ទៃក្នុងកម្ពុជាដែរ។ បើយើងមានច្បាប់នេះ ទោះបីជាជនជ្រុលនិយមជាជនបរទេស ឬ​ក៏​ខ្មែរ​ គឺយើងមានសិទ្ធប្ដឹងនគរបាលអាំងទែរប៉ូល ដើម្បីចាត់​វិធានការ​ពួក​គេ​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​»។លោកស្រីបានចាត់ទុកក្រុមជ្រុលនិយមក្រៅប្រទេសបានរៀបចំសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយ​ប្រើវិធីផ្សេងៗម្តង ហើយម្តងទៀត​ក្នុង​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាលក​ម្ពុជា​តាម​បែប​បដិវត្តន៍​ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង។លោក គុជ លី ប្រធានគណបក្ស​ខ្មែរ​តែ​មួយ​បា​ន​ប្រកាស​គាំទ្រ​យ៉ាង​ពេ​ញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ហើយបានស្ដីបន្ទោសក្រុមនេះថា បានដុតរោលប្រជាជាតិ ព្យាយា​ម​រុញ​ច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរ​ភាព​នយោបា​យ​នៅ​ក្នុង​តំបន់​។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងឃ្លាត​ឆ្ងាយ​ពី​ការ​ធ្វើ​បាតុកម្ម​បង្ក​ឡើង​ដោយ​ក្រុម​នយោបាយ​ជ្រុល​និយម​នៅ​ក្រៅប្រទេ​ស​ដែល​បាន​បំផុស​គំនិត​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ហើយគួរទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការចរចាប្រកបដោយសន្តិវិធី ដើម្បី​ផលប្រយោជន៍រួមគ្នា។ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើង​ថា ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីជាចេកនា​ខុស​ច្បាប់​ទាំង​ស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។លោកបញ្ជាក់ថា «វាជាចលនាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោត​សំខាន់​ទៅ​លើការ​ធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអ្វី​ដែល​យើង​មើល​ឃើញ​ថែម​ទៀត​នោះ គឺចលនាជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កើត​សកម្មភាព​ផ្ទុយ​ពី​គោល​ការណ៍ច្បាប់ជាតិ និងអន្តរជាតិ ហើយយកទឹកដី​ប្រទេសដទៃ​ប្រមូល​ផ្ដុំ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល»។សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅ​ប្រទេស​នៅ​ឆ្ងាយ​ពី​ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងព្យាយាម​ឃោសនា​ញុះញង់​បោក​ប្រាស់​ម្តង​ហើយ​ម្តង​ទៀត។ ជាពិសេស ស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវ​ច្បាប់​ដាក់​ក្រុម​ជ្រុលនិ​យមមួយក្តាប់តូចនៅក្រៅប្រទេស និងបក្ខពួកជាក្រុមភេរវកម្មឱ្យបានលឿនបំផុត ដើម្បី​ថែ​រក្សាការពារ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិលបានថ្លែងថា បញ្ហាកោះផុត ត្រូវបានក្រុម​ប្រឆាំង​ជ្រុល​និយម​មួយចំនួននៅក្រៅប្រទេសព្យាយាមយកមកកេងចំណេញនយោបាយ ហើយ​ពួក​គេ​ព្យាយាម​​បំផុសបំផុលឱ្យមានបាតុកម្ម អុចអាល រុញប្រជាពលរដ្ឋឱ្យមានការបោះបោរ និងបង្កើត​ជា​ជម្លោះ​ជាមួយ​ប្រទេសជិតខាង។លោកបញ្ជាក់ថា៖«យើងត្រូវតែសាមគ្គីគ្នា រួបរួមគ្នា ដើម្បីកម្ចាត់នយោបាយមនោគម​វិទ្យា​ខ្មៅ​ងងឹត​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែលជារូបភាពភេរវកម្មឱ្យអស់ពីកម្ពុជា ហើយក៏មិនអាចឱ្យ​កើត​មាន​នៅ​កម្ពុជា​ដែរ ហើយយើងនាំគ្នាថ្កោលទោសសកម្មភាពទាំងអស់នោះ ដើម្បីបញ្ឈប់ទង្វើ​ទាំង​អស់​នេះ ព្រោះពលរដ្ឋកម្ពុជាទាំងអស់ ស្អប់ខ្ពើមការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល»។ចំណែក​សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន ២០ អង្គភាពផ្សេងទៀត ក៏បាន​ប្រកាស​​គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាកោះគុតដែរ ដោយពួកគេបានចាត់ទុកសម្ដេចទាំងពីរ មាន​គោលជំហរចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ ប្រជាជន បូរណ​ភាព​ទឹកដី និងអធិបតេយ្យជាតិកម្ពុជា៕

ឯកឧត្តមបណ្ឌិត លី ធុជ អនុញ្ញាតឱ្យប្រធានផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យ​ការបរទេស​សហព័ន្ធអាល្លឺម៉ង់ ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ

2024/11/27 03:52:46 pm        213
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរ​មីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ បណ្ឌិត Peter Matthias Reuss ប្រធាន​ផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង​អំរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ដឹកនាំ​អនុ​សញ្ញា​អូតាវ៉ា​ក្នុង​ភាព​ជា​ប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បាន​មក​ពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបា​ន​ធ្វើ​ឱ្យ​ជីវិភា​ព​រស់​នៅ​របស់​ប្រជាជន និងសហគមន៍មានការរីកចំរើនជាងមុន។ កម្ពុជា នៅតែបន្តដោះស្រាយ​ផល​ប៉ះពាល់​ដែល​នៅ​សេស​សល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ​ដល់​ប្រទេស​អាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ បណ្ឌិត Peter Matthias Reuss ថា ជាមួយ​នឹង​ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន កម្ពុជាបាននឹង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​នូវ​ចម្ការ​មីនតាមបណ្តោយព្រំដែនកម្ពុជា-កម្ពុជា ដែលតម្រូវកម្ពុជា​ត្រូវ​បន្ត​ស្នើ​សុំ​ពន្យា​ពេល​បោស​សម្អាត​មីន។ លោកបណ្ឌិត Peter Matthias Reuss បានសម្តែងនូវការអបអរសាទរចំពោះភាពជាអ្នកដឹកនាំ និង​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ហើយ​ប្រទេស​អាល្លឺម៉ង់នៅតែបន្តគាំទ្រ និងភាពជាដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​សកម្មភាព​មីន​នៅក​ម្ពុជា៕

រដ្ឋាភិបាលកំពុងបន្តថែរក្សា និងការអភិវឌ្ឍន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញការរីកលូតលាស់

2024/11/27 03:20:36 pm        255
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញ​ដល់​ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យ មានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធ​ភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជាកំពុងទទួល បានកំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់​។ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើង ក្នុងបទបង្ហាញ ក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆកា នេះថា ជុំវិញ ការវិនិយោគ កម្ពុជាមាន​រាជ​រដ្ឋាភិបាល​ធ្វើ​ការអបជាមួយវិស័យឯកជន ដោយយកធុរកិច្ចជាទិសដៅ​សម្រាប់​រុញ​កំណើន​សេដ្ឋកិច្ច និង មានគោលនយោបាយមិនប្រែប្រួល ចាប់តាំងពីកម្ពុ​ជាបា​ន​បង្កើត​ច្បាប់​វិនិយោគ​លើក​ទី១ នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជា ឆ្នាំ ១៩៩៤ ដោយបានយកធុរកិច្ចជនជាដៃគូ និង​បានបើកចំហរ ដោយឈរលើមូលដ្ឋានបើកទ្វាសម្រាប់ទទួលអ្នកវិនិយោគ ដោយប្រកាន់ ខ្ជាប់​អ្នក​វិនិយោគគឺជាដៃគូ ដែលបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។ឯកឧត្ដម បន្ថែមថា ជុំវិញការងារនេះ ជារាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយមេដឹកនាំវ័យក្មេង មាន​ថាមពលច្បាស់លាស់ និងឈ្លៀសវៃ ដោយបាន​គិតគូរ​យកផ្នែក​ឯកជន​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ ជាក់ស្តែងក្នុងរយៈពេលជាង១ឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី បាន​ណែនាំ​ដ​ល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ​បាន​បង្ហាញ នូវកាយវិការដែលយកធុរជន ធុរកិច្ច ជាដៃគូ ដើម្បីជំរុញឱ្យ​ប្រទេស​ជាតិ​ដំណើរ​ការ​ទៅ​មុ​ខប្រកបដោយថាមពល។ឯកឧត្ដម សួន សុផល បន្ថែមថា ផ្អែកតាមការអង្កេតរបស់ធនាគារពិភពលោក រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បន្តប្តេជ្ញាការពារ ថែ រក្សាសន្តិភាព ស្ថិរភាព បានជំរុញឱ្យកម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ធំ​ៗ​ចំនួនពីរនៅក្នុងតំបន់ នេះជាមោទនភាពរបស់កម្ពុជា និងបានបង្ហាញថា រាជ​រដ្ឋាភិបាល​កម្ពុជាបានគិតគូរយកធុរកិច្ចជាដៃគូរជាសំខាន់ ខុសពីប្រទេសដ៏ទៃ ដោយកម្ពុជា​បាន​បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាស្ថាប័នច្រកចេញចូលតែមួយ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ឯកឧត្ដម បញ្ជាក់ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យមានសន្តិភាព ស្ថិរភាព​យូរអង្វែង ខិតខំក្នុងការថែរក្សា និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញដល់ការ​រីក​លូត​លាស់​មាន​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យមានកំណើនវិជ្ជមាន និងមានអត្រាអតិផរណាទាប ផ្តល់លទ្ធភាព​ដល់​អ្នក​វិនិយោគទទួលបានផលចំណេញ ស្របពេលកម្ពុជា​កំពុង​ទទួល​បាន​កំណើន​វិនិយោគ​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅ ក្នុងវិបត្តិជំងឺកូវីដ ១៩ កម្ពុជាក៏នៅតែខិតខំទាក់ទាញ ក្នុងនោះនៅឆ្នាំ ២០២០ កម្ពុជាមានកំណើនលើការវិនិយោគ ចំនួន ៨ ពាន់លាន ក្នុងពេលដែល​ពិភពលោក​ធ្លាក់​ចុះ​ជា​គំហុក ហើយវិបត្តិនេះក៏បានធ្វើឱ្យកម្ពុជារៀបចំគោលនយោបាយវិនិយោគមួយ ដោយឱ្យអ្នក វិនិយោគកាន់តែមានជំនឿទុកចិត្ត ក្នុងនោះនៅឆ្នាំ ២០២១ កម្ពុជា​បាន​ដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ​កម្ពុជា ដែលអាចធ្វើឱ្យការវិនិយោគ នៅកម្ពុជារក្សាបានក្នុងរង្វង់ ៤ ពាន់លានដុល្លារ បច្ចុប្បន្នការវិនិយោគកំពុងមានកំណើនកើនឡើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] លោក Keir Starmer ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សការងារ​របស់អង់គ្លេស​​​
06/22/2026 04:06 PM
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/22/2026 04:06 PM
រុស្ស៊ី រាយការណ៍ពីការវាយប្រហារលើមូលដ្ឋានអាកាសអ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងថាបានវាយប្រហាររោងចក្រប្រេងរុស្ស៊ី
06/22/2026 04:06 PM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
06/22/2026 04:06 PM
ប្រធានកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីស្លាម ព្រមានអ៊ីស្រាអែលឱ្យចាកចេញពីភាគខាងត្បូងលីបង់
06/22/2026 04:06 PM
មេធាវីស្តាំនិយមជ្រុល De La Espriella ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូឡុំប៊ី
06/22/2026 04:06 PM
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា
06/22/2026 04:06 PM
BREAKING NEWS! លោក Keir Starmer ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សការងារ​
06/22/2026 03:06 PM
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
06/22/2026 03:06 PM
គោលជំហរអនុស្សរណៈយោគយល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បង្កឲ្យមានការជជែកដេញដោល
06/22/2026 03:06 PM