សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ

2024/11/27 10:54:30 am        259
តាកែវ៖ នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមក​សិក្សា និង​បណ្តាក់​ទុក​វិនិយោគ​កំពង់​ផែ​នៅ​លើ​ទឹក​ដី​ខេត្ត​តាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ ។ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនហុងចូវ ស្ទៀលស្រ្ទាក់ឈើ Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើក​ឡើង​អំពី​សក្ដានុពល​សំខាន់ៗ​របស់​ខេត្ត​តាកែវ​ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មាន​ផ្លូវ​ដឹក​ជញ្ជូន​តាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស់ ដូច្នោះប្រសិនបើក្រុមហ៊ុន​ចិន​ចង់​បង្កើត​កំពុង​ផែ​គួ​តែ​មក​បង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណន​នេះ​ក៏​មាន​ការ​រួម​ចំណែក​ពី​រដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវ​ជា​ចំណុច​កណ្តាល​មួយ​ដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយ​ខេត្ត​មាន​ផ្ទៃដីសម្រាប់បង្ករបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុង​នោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផល​ស្រូវ​ដែល​មាន​ទំហំដ៏​ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមា​ន​កំពង់​ផែ​នៅ​ក្នុង​ខេត្ត​ពិត​ជា​បង្ក​លក្ខ​ណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្មនិងការចញ្ចឹមសត្វ ឯកឧត្តម​អភិបាលខេត្តតាកែវ ក៍បានស្នើអោយ​ក្រុម​ហ៊ុន​ចិន​ចូល​មក​សិក្សា​វិស័យ​ចិញ្ចឹម​សត្វ​ផងដែ​រ ព្រោះនោះ​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​មាន​ការ​ចញ្ចឹម​សត្វ​ច្រើន​ និង​ជា​ខេត្ត​ដែល​ផ្គត់​ផ្គង់​សាច់​សត្វ​ដល់​ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើ​សុំរ​បស់​ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននិងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់​ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់​ដែល​ឯកឧត្តម​អភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕

កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា

2024/11/27 10:35:37 am        151
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីការងារ ទទួលជួបវិទ្យាស្ថានអូស្រ្តាលី ពិភាក្សាគ្នាលើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​យានយន្ត​នៅកម្ពុជា

2024/11/27 10:25:06 am        123
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំ​ដោយ​លោក​ស្រី​បណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេសអូស្ត្រាលី ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ​ក្នុង​ការ​ទាក់ទាញកា​រ​វិនិយោគ​លើ​វិស័យ​យាន​យន្ត​នៅកម្ពុជា ដូចនេះការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺ​ជា​គោល​នយោបាយដ៏សំខាន់។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការបណ្តុះ​បណ្តាល​បច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។ ឯកឧត្តម ជឿជាក់ថា តាមរយៈ​កម្ម​វិធី​ក្រោម​កិច្ចសហប្រតិបត្តិការនេះ នឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយ​ជំនាញ​បច្ចេក​ទេស​ស្របតាមស្តង់ដាអន្តរជាតិ ដែលមិនត្រឹម​តែ​អាច​បំពេញ​តម្រូវ​ការ​អ្នក​បច្ចេកទេសយា​ន​យន្ត​សម្រាប់​កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាម​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​នៅ​ក្រៅ​ប្រទេស​ផងដែរ។ ជាការឆ្លើយតប លោកស្រីបណ្ឌិត សលលី ឃូថែន បានសម្តែងការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។ លោកស្រី ជឿជាក់ថា តាមរយៈ​ប​ទពិសោធន៍ក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន នឹងអាចសហការ​បានយ៉ាងល្អ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់​គុណភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេសយានយន្តនៅកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

2024/11/27 10:10:06 am        199
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើក​កម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំង​ពាណិជ្ជកម្ម​។បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លាន​ដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាព​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុង​ដំណើ​​រ​នេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការ​វិនិយោគ​ពី​វិស័យ​ឯក​ជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើ​ក​​កម្ពស់​ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមជួបសម្ដែងការគួរសម និងសំណេះសំណាល

2024/11/27 08:23:10 am        182
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕អត្ថបទ រដ្ឋា

ឯកឧត្តម ចាយ បូរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តមកពីខេត្តត្រាវិញ

2024/11/27 08:10:34 am        154
គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន បន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ក្រោយពីការចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ទាំង២គណៈរួចមក គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បានបន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានពាំនាំនូវទឹកព្រះទ័យ និងទឹកចិត្តរបស់ព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៃខេត្តត្រាវិញ ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសេនាធិការជំនាញរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការ និងសាសនា ក្នុងការជួយរៀបសម្របសម្រួលការរៀបចំពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលជាប្រវត្តិសាស្ត្រសម្រាប់ខ្មែរក្រោម។ ព្រះតេជព្រះគុណបានអរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលចាត់តាំងក្រុមការងារទទួលគណៈប្រតិភូ និងបានសម្របសម្រួលឱ្យគណៈប្រតិភូបានចូលក្រាបបង្គំគាល់សម្តេចព្រះសង្ឃទាំងពីរគណៈ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ ការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរក្រោមគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ និងការបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរក្រោមនៅតាមទីអារាម។ ព្រមជាមួយគ្នានេះផងដែរ គណៈប្រតិភូស្នើសុំឱ្យក្រសួង បន្តគាំទ្រដល់ព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្នាក់នៅ និងសិក្សានៅតាមពុទ្ធិកសិក្សានៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះគណៈប្រតិភូក៏មានបំណង សុំឱ្យមានការចែករំលែកនូវឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសា ដែល ក្រសួងមាន ដើម្បីយកទៅប្រើប្រាស់បន្ថែមទៀតជាឧត្តមប្រយោជន៍របស់កូនចៅខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ជាការឆ្លើយតបវិញនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ប្រតិភូ ព្រះសង្ឃខ្មែរក្រោម ដែលបាននិមន្តមកទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្រសួងធម្មការ និងសាសនា នាពេលនេះ។ ឯកឧត្តមបានគាំទ្រចំពោះសំណើររបស់ព្រះអង្គក្នុងការបន្តយកចិត្តទុកដាក់ចំពោះព្រះសង្ឃខ្មែរក្រោម ដែលកំពុងសិក្សានៅតាមបណ្តាពុទ្ធិកសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសាខ្មែរនោះ ក្រសួងនឹងផ្តល់ប្រគេន ដើម្បីព្រះអង្គយកទៅប្រើប្រាស់ជាឧត្តមប្រយោជន៍ របស់បងប្អូនខ្មែរក្រោមក្នុងខេត្តត្រាវិញ។ ឯកឧត្តម បានបន្តទៀតថា ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់សុខដុមនីយកម្មសាសនា ពិសេសលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាងនេះទៅទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងគាំទ្រលើវិស័យសិក្សាអប់រំ បំពេញបន្ថែមនូវចំណេះដឹករបស់ព្រះសង្ឃឱ្យបានខ្ពង់ខ្ពស់តាមរយៈពុទ្ធិកវិទ្យាល័យ ពុទ្ធិកសាកលវិទ្យា ទាំងរាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្តមបានប្រគេនប្រតិភូនូវឯកសារមួយចំនួនដូចជា សៀវភៅរាជសព្ទ-សង្ឃសព្ទ សៀវភៅកម្រងឧទ្ទេសាចារ្យខ្មែរ សៀវភៅព្រះរាជីវប្រវត្តិសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងសៀវភៅកម្រងសង្ឃប្រកាស នៃអនុសង្ឃវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ។ជាទីបញ្ចប់ឯកឧត្តមបានប្រគេនពរជ័យគណៈប្រតិភូ និងផ្តាំផ្ញើក្ដីនឹករលឹកដល់ប្រជាពុទ្ធ បរិស័ទខ្មែរក្រោម ខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា

2024/11/26 10:14:13 pm        143
ភ្នំពេញ៖ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយបិទបញ្ចប់ការប្រកួតប្រជែងរយៈពេលពេញមួយឆ្នាំ ក្នុងចំណោមបេក្ខជនចូលរួមជិត ២,០០០ក្រុម និងក្រុមហ៊ុន។ នៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តអ្នកចូលរួមប្រកួត ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យមិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខទេ។ សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាសដើម្បីភាពជោគជ័យនាពេលខាងមុខ។ ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ មានបួនប្រភេទគឺ៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី និងពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗនៃសហគ្រិនភាពដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ជ័យលាភីត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិមួយ ដែលពូនជ្រុំគំនិតឱ្យរីកចម្រើន និងបណ្តុះធុរកិច្ចឱ្យរីកលូតលាស់។ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖ ១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យមជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖ ១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម៖ ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ឆ្នាំ២០២៤៖ ជ័យលាភីសហគ្រាសធុនតូច និងមធ្យម PPF Yummy Manucaturing ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនវានុវត្តន៍៖ ជ័យលាភីនវានុវត្តន៍ La Fattoria ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនាំចេញ៖ Khmer Green Charcoal Co. Ltd ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកសង្គម៖ Cambodian Standard Development & Supply Co Ltd ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)២. ពានរង្វាន់ធុរកិច្ចថ្មី៖ ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៤ ៖ Anon (Cambodia) CO.Ltd ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ JMLH Enterprise ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា៖ WORKINGNA ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម៖ Chenda Khmer Recycle Co. LTD ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) ៣. ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ៖ ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ១៖ ECO Craft ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ) , ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ២៖ INNO BOXទទួលបានពាន និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ) , ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ៣៖ ZAZAR security ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) និងទី៤. ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ៖ ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកនវានុវត្តន៍ ៖ Power of Griffins ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកធុរកិច្ចប្រកបដោយចីរភាព៖ ក្រុម UNLIMITED ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកសង្គម ៖ ក្រុម 3in1 ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ដែលឈានចូលដល់ឆ្នាំទីប្រាំនេះ បង្ហាញពីបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការថែបំប៉នប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត៕

កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០

2024/11/26 09:03:20 pm        116
ភ្នំពេញ ÷ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល ងាយរងគ្រោះដោយសារផលប៉ះពាល់ខាងលើ ជាក់ស្តែងកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម តែចំនួន០,០២%ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។ មានប្រសាសន៍ ក្នុងពេលទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នាព្រឹកម៉ិញនេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភាបានឲ្យដឹងថា៖ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងសករាជនៃភាពបាត់បង់ និងខូចខាត ដែលបណ្តាលមក ពីផលប៉ះពាល់បំរែបំរួលអាកាសធាតុ។ ផលប៉ះពាល់បំរែបំរួលអាកាសធាតុ កំពុងតែរីករាលដាលយ៉ាងខ្លាំង ដែលយើងមិនអាចគ្រប់គ្រងបាន នៅជុំវិញសកលលោក។ ហេីយកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យបរិស្ថាន ៣ប្រភេទសំខាន់ៗមានដូចជា៖ បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ មូលហេតុនានាដែលបណ្តាលឲ្យភពផែនដីមានការ កើនឡើងកម្ដៅ គឺអាស្រ័យដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងដោយសកម្មភាព មនុស្ស ជាពិសេសពីបណ្តាប្រទេសអភិវឌ្ឍន៍នានា។  ឯកឧត្តមបានបន្ដថា៖ ប្រទេសកម្ពុជា ផ្តល់អាទិភាពដល់ការ លើកកម្ពស់ការស្តុកកាបូន តាមរយៈការការពារ និងការស្តារព្រៃឈើឡើងវិញ រួមបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រ REDD+ ដោយផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ។កិច្ចខិតខំប្រឹងប្រែង រួមមានការបង្កើនគម្របព្រៃឈើដល់ 60% នៃផ្ទៃដីសរុបនៅឆ្នាំ២០៣០ និង ការលើកកម្ពស់ការអនុវត្តការ ប្រើប្រាស់ដីប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវសុខភាពរយៈពេលវែង នៃប្រព័ន្ធអេកូឡូស៊ី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានសំណូមពរដល់សាធារណរដ្ឋកូរ៉េ លើការសំខាន់ៗចំនួន២ គឺ សូមជួយលើការងារកសាងផែនការការពារបរិស្ថាន និងសូមជួយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សឲ្យយល់កាន់ច្បាស់ពីបរិស្ថាន។ ជាការឆ្លើយតប ឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” បានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា នឹងបន្តអភិវឌ្ឍន៍រីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។

កម្ពុជា​-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី

2024/11/26 08:55:29 pm        88
ភ្នំពេញ: ក្នុងឱកាសទទួលជួប ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ។ ក្នុង​ជំនួប​នោះ​ ឯកឧត្តម Park Jung-Wook បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ បន្តជួយ ឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទែ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនាក់ទំនងការទូត ក្នុងរយៈពេលដ៏យូរអង្វែង ជាងបីទសវត្សរ៍ ដោយបាននាំមកនូវសមិទ្ធផលជាច្រើន បម្រើដល់ការអភិវឌ្ឍរីកចម្រើន នៃប្រទេសទាំងពីរ ។ឯកឧត្តម Park Jung-Wook ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ។ឯកឧត្តមអភិសន្តិបណ្ឌិត សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់ឯកឧត្តម មកកម្ពុជានៅពេលនេះ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត​ ៕

ប្រទេសតាជីគីស្ថានប្រកាសថានឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ

2024/11/26 08:10:44 pm        89
(សៀមរាប) ៖ នៅឆ្នាំ២០២៥ ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យមានការគាំទ្រ និងបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសតាជីគីស្ថាន និងកម្ពុជា។ ការប្រកាសនេះ ខណះឯកឧត្តម Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថានចូលជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤  ក្រៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ឯកឧត្តម Muzaffar Ashuriyon ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលសៀមរាម-អង្គរដ៏មានសារៈសំខាន់ និងកិច្ចប្រជុំសម្រាប់មន្រ្តីជាន់ខ្ពស់ ហើយបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ច្រើនសម្រាប់វិស័យសកម្មភាពមីន។   ជាការឆ្លើយតបក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែង អំណរគុណចំពោះគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានចាត់ទុកការចូលរួមរបស់តាជីគីស្ថាន គឺជាផ្នែកមួយនៃគ្រួសារអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការរួមចំណែករបស់តាជីគីស្ថានក្នុងការសម្រេចបាននូវគោលដៅរួមនៃអនុសញ្ញា និងបានស្នើសុំឱ្យប្រទេសតាជីគីស្ថានបន្តចូលរួមដោះស្រាយបញ្ហាមីន ផងដែរ៕ អត្ថបទ,ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM