សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ការងារកែទម្រង់គឺជាឱកាស ក្នុងការកែលម្អខ្លួនឯង និងកែលម្អអង្គភាពឲ្យកាន់តែប្រសើរ

2024/11/25 07:26:23 pm        118
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។ កម្មវិធីនេះ ប្រព្រឹត្តិទៅ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។  ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការ ដែល បន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧នៃរដ្ឋសភា ខុសប្លែក ពីនីតិកាលទី៦ទៅលើ វិធីសាស្ត្រ នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។” ឯកឧត្តមបានបន្ថែមថា ការងារ កែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួង មុខងារ សាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។” […] “សូមយើង ទាំងអស់គ្នាចាត់ទុកថា ការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាស ក្នុងការកែលម្អ អង្គភាពឲ្យកាន់តែប្រសើរឡើង។”  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងដែរថា “ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាការដឹកនាំ ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារ កែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែក របស់ ក្រសួងមុខងារសាធារណៈ តែម្នាក់ឯង នោះដែរ គឺជាការងាររបស់ ក្រសួងស្ថាប័នទាំងអស់គ្នារួមទាំង អង្គភាព ថ្នាក់ក្រោមជាតិផងដែរ។ សិក្ខាសាលារយៈ ១ថ្ងៃពេញនេះ បានរៀបចំឱ្យមាននូវបទបង្ហាញចំនួន៣ ពីវាគ្មិនជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងរៀបចំវេទិការសំណួរ-ចម្លើយ លើប្រធានបទស្តីពី វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីបកស្រាយនូវចម្ងល់របស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស គ្រប់គ្រងនិងអភិវឌ្ឍមន្ត្រីរាជការស៊ីវិល ក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមានការចូលរួមពីប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលទាំង៥។អត្ថបទ៖គឹមហុក 

អនុរដ្ឋមន្ត្រីការបរទេសន័រវែសប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

2024/11/25 07:06:42 pm        77
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសន័រវែសបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេសលើពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត​ ជាពិសេស​ ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចបវរធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងសកលលោក ផងដែរ។

អគ្គលេខាធិការ IPU ចង់ពង្រីកទំនាក់ទំនងបន្ថែមរវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

2024/11/25 05:54:30 pm        59
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union - IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។​ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ ជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានស្វាគមន៍និងរីករាយចំពោះបំណងនៃការពង្រីកកិច្ចសហការបន្ថែមទៀតរវាងសហភាពអន្តរសភា IPU និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា។

ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2024/11/25 05:50:06 pm        123
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ( Tan Sri Michael Yeoh ) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។​ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មីចំពោះ លោក Tan Sri Michael Yeoh ដែលបានអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង KSI និងកម្ពុជា ជាពិសេសការស្រាវជ្រាវ ដែលមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន។ សម្តេចតេជោ បានកត់សម្គាល់អំពីការប្រែប្រួលអាកាសធាតុ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ និងបានជំរុញ ឱ្យមានការស្រាវជ្រាវ ថ្មីៗបន្ថែមទៀតលើប្រធានបទនៃការប្រែប្រួលអាកាសធាតុនេះ។នាឱកាសជំនួបនេះ លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក និងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Tan Sri Michael Yeoh បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ក្នុងឱកាសនោះផងដែរ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយដោយបានចូលរួមក្នុងជំនួបនាពេលនេះ និងបានគោរពអញ្ជើញ សម្តេចតេជោធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍របស់សម្តេច នៅប្រទេសម៉ាឡេស៊ីនៅពេលវេលាសមស្របណាមួយ។ចំណែកលោក ដាតុ ស្រ៊ី វី កា ស៊ីអុង ប្រធានសមាគមចិនម៉ាឡេស៊ី និងជាអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសហព័ន្ធម៉ាឡេស៊ី ដែលបានធ្វើកិច្ចការជាច្រើនជាមួយកម្ពុជា បានកោតសរសើរចំពោះ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានដឹកនាំកម្ពុជាឈានឆ្ពោះទៅមុខជានិច្ច និងដែលការអភិវឌ្ឍនេះ បានផ្តល់ផលជាវិជ្ជមានដល់អាស៊ានផងដែរ។ លោកក៏សង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានថ្លែងអបអរសាទរចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានជម្រាបជូន សម្តេចតេជោ ថាក្រុមការងាររបស់លោកបាននិងកំពុងពិភាក្សាពិនិត្យលទ្ធភាពផ្តួចផ្តើមគម្រោងមួយសម្រាប់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ លោក ហ្គាង ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តការណ៍នានាដែលកម្ពុជាបានរៀបចំ ជាពិសេសការទទួលរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងប្រទេសចិន។ តំណាងវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងជឿជាក់ថាវេទិកានេះ នឹងនាំមកនូវស្ថាបនិក និងធុរជននៅអាស៊ាន និងតាមបណ្តាប្រទេសលើពិភពលោកមកកម្ពុជា ។ ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក Tan Sri Michael Yeoh និងប្រតិភូ ដែលបានអញ្ជើញមកកម្ពុជានាពេលនេះ។ ក្នុងនាមកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណ លោក លោកស្រី សមាជិកគណៈប្រតិភូ ដែលបានតាមដាន និងកត់សម្គាល់អំពីការវិវត្ត និងរីកចម្រើនរបស់កម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងលឿននេះ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច មិនដែលគិតថាកម្ពុជាអាចអភិវឌ្ឍ និងឈានឆ្ពោះទៅមុខបានយ៉ាងលឿនដូច្នេះនោះទេ ។ ជាក់ស្តែង ការរីកចម្រើនរបស់កម្ពុជា នេះ គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ បាន រំឭក និងចែករំលែកពីបទពិសោធអំពីភាពជោគជ័យនៃយុទ្ធសាស្រ្តពីរមុខព្រួញ គឺ កំណែទម្រង់នយោបាយ ដោយមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម នោះទេ និងការកែប្រែនៃសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ សម្តេចតេជោ ក៏បានពន្យល់ពីការអនុវត្តប្រកបដោយវិចារវិទ្យា នូវយុទ្ធសាស្ត្រធានាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជា «ចុងខ្សែពីរនៃចំណងមួយ» ផងដែរ។ជាចុងក្រោយ សម្តេចតេជោ បានជូនពរ លោក Tan Sri Michael Yeoh និងប្រតិភូ ទទួលបានជោគជ័យនូវបេសកកម្មវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល និងកិច្ចសហប្រតិបត្តិការវិនិយោគ៕

បេសកជនពិសេសរដ្ឋាភិបាលជប៉ុន៖សម្តេចតេជោជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ

2024/11/25 05:38:54 pm        102
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ដែលបានជួបឯកឧត្តម សារជាថ្មីនៅក្នុងឱកាសនេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា ក្នុងពេលនេះ ។ឯកឧត្តម Masaharu KOHNO បានសម្តែងសេចក្តីរីករាយជាទីបំផុត និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសមដោយផ្ទាល់នាឱកាសនេះ។ ឯកឧត្តម បានរំលឹកជូន សម្តេចថា លើកចុងក្រោយដែលឯកឧត្តម បានមកកម្ពុជា គឺកាលពី២៥ឆ្នាំមុន។ នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ឯកឧត្តមពិតជាសប្បាយចិត្តណាស់ ដែលបានស្តាប់បាឋកថារបស់ សម្តេចតេជោ ដោយផ្ទាល់ និងបានរៀនសូត្រពីសម្តេចអំពីបទពិសោធន៍កសាងសន្តិភាពនៅកម្ពុជា និងការដឹកនាំប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ។ឯកឧត្តម បេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានប្រសាសន៍ថា ឯកឧត្តមពិតជាកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ចាប់តាំងពីពេលដែលឯកឧត្តមបានជួប សម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ ឯកឧត្តម តែងតែគោរពសម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អរបស់ប្រទេសជប៉ុន។ឯកឧត្តម KOHNO បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ជូនប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។ ឯកឧត្តម បានបញ្ជាក់ថា ករណី PKO នេះ បានធ្វើប្រទេសជប៉ុនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១ទៅកម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តាប្រទេសដទៃទៀតជាបន្តបន្ទាប់។ឯកឧត្តមបានបន្តថា ឯកឧត្តម ក៏បានសម្តែងនូវក្តីរំភើបចិត្ត និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសៀវភៅ “In Search of Proactive Diplomacy: Increasing Japan’s International Role in the 1990s” ដែលឯកឧត្តម បានចងក្រង នៅក្នុងឆ្នាំ១៩៩៩ ត្រូវបានកំពុងបកប្រែជាភាសាខ្មែរ។ ឯកឧត្តមសង្ឃឹមថា ក្រោយការបកប្រែបានបញ្ចប់ សៀវភៅនេះ នឹងត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយឱ្យបានយល់ពីការរួមចំណែករបស់ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា រហូតទទួលបានជោគជ័យ ។ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុននូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បានបន្តថា ឯកឧត្តមបានកត់សម្គាល់យ៉ាងច្បាស់ថាប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែនជាដើម។ ឯកឧត្តម បានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និងជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុន ក៏មានជំនឿ និងទំនុកចិត្តយ៉ាងខ្លាំងលើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេជន៍កោតសរសើរ និងសកម្មភាពដែលឯកឧត្តម Masaharu KOHNO បានធ្វើជូនកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ សម្តេច បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុលដែលកម្ពុជាជំពាក់ជប៉ុន ក៏ប៉ុន្តែ ជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែទឹកជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។សម្តេចតេជោ បានបញ្ជាក់ជូនឯកឧត្តមបេសកកជន ថាកម្ពុជាបន្តគាំទ្រចំពោះមិត្តជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាមគោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើមចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុនក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។ សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរក្នុងការរៀបចំកីឡាអូឡាំពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម។ជាច្រុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម Masaharu KOHNO ទទួលបានជោគជ័យក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសេចក្តីសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕

Top News: ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈឯកឧត្តម ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២

2024/11/25 05:31:17 pm        140
ភ្នំពេញ៖ ក្នុងការបោះឆ្នោតកែសម្រួលសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា នារសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រឱ្យកាន់តួនាទីជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ជាមួយគ្នានេះ អង្គព្រឹទ្ធសភា ក៏បានបោះឆ្នោតគាំទ្រ ឯកឧត្តម ធន់ វឌ្ឍនា អតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ។ការបោះឆ្នោត បានធ្វើឡើងក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ លោក អ៊ុច បូររិទ្ធ និង លោក ធន់ វឌ្ឍនា ទទួលបានសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកទាំងមូល។សម័យប្រជុំនេះមានរបៀបវារៈចំនួន៣ រួមមាន៖១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥។ការកែសម្រួលសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមានសំណើរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពី លោក ប្រាក់ សុខុន ទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា។ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ង៉ែត ចដ្តាវី ក៏ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី១ ផងដែរ។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។ ចំណែក លោក យស ផានីត្តា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អនុប្រធាន ICRC៖ បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជាសម្រាប់សកលលោក

2024/11/25 05:18:57 pm        82
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាឱកាសនេះ។ លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។ លោកអនុប្រធានក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។ លោកអនុប្រធានបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយអវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ និងរីកចម្រើនឡើយ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

គណៈប្រតិភូអូស្ត្រាលីជម្រាបសម្ដេចធិបតីថាអូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

2024/11/25 05:15:57 pm        78
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។​ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ ឯកឧត្តមប្រធានគណៈប្រតិភូបានគូសរំលេចអំពីទំនាក់ទំនង និងកិច្ចសហប្រតិការដ៏ល្អ និងដ៏យូរអង្វែង រវាងអូស្ត្រាលី-កម្ពុជាលើវិស័យជាច្រើន។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសម្អាតមីន ឯកឧត្តមបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ហើយវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ឆ្លុះបញ្ចាំងអំពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការចូលរួមលុបបំបាត់មីនប្រឆាំងមនុស្ស។ សម្ដេចបវរធិបតីបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលី នៅលើវិស័យច្រើន ហើយសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រកម្ពុជា និងបានចូលរួមក្នុងដំណើរការនៃការស្វែងរកសន្ដិភាព និងការស្ដារប្រទេសឡើងវិញ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ៕

តំណាងអគ្គលេខាធិការ UN កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​«ពិភពលោកមួយដែលគ្មានមីន»

2024/11/25 05:10:17 pm        99
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ លោកជំទាវប្រធានគណៈប្រតិភូបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួម​​ក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត១៧០០គីឡូម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។ កម្ពុជាពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានានៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣

2024/11/25 05:05:07 pm        90
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ៖ ០៧១/១១២៤/លគ.គក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង១៥:៣០នាទីរសៀល ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២-បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM