សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សំណូមពរប្រជាកសិករ ឆ្នាំនេះធ្វើស្រែត្រូវដឹងពីប្រព័ន្ធទឹកអោយច្បាស់លាស់ កុំអោយមានការខូចខាតដូចឆ្នាំកន្លងទៅ

2024/11/26 10:53:17 am        135
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសំណូមពរដល់ប្រជាកសិករទាំងអស់ក្នុងខេត្តថា« នៅឆ្នាំ២០២៤នេះ ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិលេខ៥ ចាំបាច់ត្រូវមើលប្រព័ន្ធទឹកអោយបានច្បាស់លាស់ កុំអោយពេលបងប្អូនធ្វើរួចហើយមិនមានទឹកស្រោចស្រព និងនាំអោយខាតបង់ពេលវេលា ប្រាក់កាស»។ លោក ងិន ហ៊ុន បានបន្តថា៖ ដោយសារបំរែបំរួលអាកាសធាតុ បាននាំអោយសីតុណ្ហភាពនៅលើដីឡើងកម្តៅជាងឆ្នាំកន្លងៗទៅ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវប្រាំងតែម្តង ដែលកន្លងមកកន្លែងខ្លះមានទឹកតិចតួច និងកន្លែងខ្លះមិនមានទឹកស្រោចស្រព ធ្វើអោយដំណាំស្រូវប្រាំងបានក្រៀមស្វិត និងងាប់ខ្លះផងដែរ។ ជារៀងរាល់ឆ្នាំកន្លងមក មិនដែលមានបញ្ហាស្រូវប្រាំងក្រៀមស្វិតអត់ទឹកបែបនេះកើតឡើងនោះឡើយក្នុងខេត្តកំពង់ឆ្នាំង ទើបតែខែប្រាំងដើមឆ្នាំ២០២៤នេះ មានស្រូវប្រជាកសិកររាប់ពាន់ហិកតា បានខ្វះទឹកស្រោចស្រព ដោយសារបំរែបំរួលអាកាសធាតុ ស្រូវឡើងថ្លៃប្រជាកសិករដែលមានដីនៅប៉ែកខាងលើផ្លូវជាតិលេខ៥តាមប្រព័ន្ធធារាសាស្ត្រធំៗ បានងាកមកធ្វើស្រែប្រាំងបន្ថែម ខណៈពួកគាត់បានធ្វើស្រែវស្សាម្តងរួចមកហើយនោះ នាំអោយប្រជាកសិករនៅប៉ែកខាងក្រោមផ្លូវជាតិលេខ៥ បានខ្វះទឹកស្រោចស្រព និងមានស្វិតងាប់មួយចំនួន ដោយឡែកស្រូវប្រាំងប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ក៏បានស្វិតគ្មានទឹកស្រោចស្រពដូចគ្នា។ បទពិសោធន៍ឆ្នាំកន្លងទៅនេះហើយ សូមបងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ត្រូវផ្អាកការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ បើមិនដូចនោះទេ ប្រជាកសិករដែលមានស្រែប្រាំងនៅប៉ែកខាងក្រោមផ្លូវរាប់ពាន់ហិកតា នឹងជួបប្រទះនូវកង្វះទឹកស្រោចស្រពទៀតជាមិនខាន។ លោកបានបន្ថែមថា៖ គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវវស្សា បានជាង៤ម៉ឺនហិកតា ដែលគិតជាភាគរយស្មើនឹង២៧ភាគរយនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា។ដោយឡែកស្រែប្រាំងឆ្នាំនេះ ប្រជាកសិករចុះភ្ជួររាស់បាន៥៣៦២ហិកតាដោយប្រើប្រាស់គ្រឿងយន្ត លើផ្ទៃដី៣៧៧០០ហិកតា យឺតជាងឆ្នាំ២០២៣១៩៦ហិកតា។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ប្រជាកសិករបានធ្វើស្រែវស្សាបានលើសផែនការ ខណៈស្រូវវស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះឡើយ ៕ កាំង ហុងវាស្នា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤

2024/11/26 10:43:22 am        232
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងា​ច​ថ្ងៃ​ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ ក្រោម​ពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ក្រោយ​មហោ​ស្រព​នេះ​បាន​ចាប់​បដិសន្ធិឡើងកាលពីឆ្នាំ២០១៦» នៅសាលសន្និសីទចតុម្មុខ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា ក្នុង​រយៈពេល ០៨ឆ្នាំមកនេះ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់ ក្នុងការផ្តល់ឱកាសឱ្យយុវជន យុវនារី ចូលរួមបញ្ចេញទេពកោសល្យ សមត្ថភាព ភាព​ច្នៃប្រតិដ្ឋក្នុងការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួនដើម្បី យកមក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្រិត​ថ្នាក់​ជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំ មហោ ស្រពភាពយន្តខ្នាតខ្លី បានក្លាយជា​ចំ​ណុច​ប្រសព្វ​យ៉ាង​​សំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗ ក្នុង​វិស័យ​ភាពយន្ត ហើយក៏ជាវេទិកាអប់រំដែលបានរួមចំណែកក្នុងការបង្កើតធន ធានមនុស្សថ្មីៗ ប្រកប​ដោយសមត្ថភាព ទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់បច្ចុប្បន្ន និងទៅអនាគត។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ និង​វាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លី ដៃគូ​សហការ អ្នកឧបត្ថម្ភ ដែលបានរួមគ្នា​សហការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​មហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា ឲ្យលេចឡើងនាពេលនេះ។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៦ មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកប​ដោយ​សមត្ថភាព​ទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត ព្រមទាំងបានបង្កប់ នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្ត​សញ្ញាណ​ជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹម​តែបា​ន​ជួយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយ​ន្ត​កម្ពុជា​ប៉ុណ្ណោះ​ទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់ជាតិយើង៕ អត្ថបទ រដ្ឋា

អបអរសាទរ! ប្រៃសណីយ៍កម្ពុជាទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់​ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

2024/11/26 10:28:23 am        107
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួល​ពាន​រង្វាន់​កិត្យានុភាព​ចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​ប្រតិបត្តិការ​ប្រៃសណីយ៍​នៃ​សហភាព​ប្រៃសណីយ៍​សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បី​ជួយ​គាំទ្រ​គម្រោង​លើក​កម្ពស់​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​ប្រកប​ដោយ​នវា​នុវត្តន៍​ តាម​រយៈប​ណ្ដាញប្រព័ន្ធប្រៃសណីយ៍។វិញ្ញាបនបត្រ​សុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់​ប្រៃសណីយ៍កម្ពុជា​ក្នុង​ការ​ធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើនៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រម​ទាំង​ការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យប​ញ្ញើ​ប្រៃសណីយ៍​មាន​សុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកា​ន់​ប្រទេស​នានា​ក្នុង​ពិភព​លោក​ប្រកប​ដោយ​ទំនុក​ចិត្ត និង​ប្រសិទ្ធ​ភាព​ខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបានរៀបចំ​ដោយ​សហភាព​ប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់​ការ​សម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម (MSMEs)។ លទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបាននេះ គឺកើតចេញពីការធ្វើកំណែទម្រង់របស់ប្រៃសណីយ៍កម្ពុជា ដោយស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រយ៉ាងខ្លាំងដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។លោក ថេន សំវិសុទ្ធ អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា៖ “ ពានរង្វាន់ទាំងនេះគឺជាភស្តុតាងមួយ នៃការប្តេជ្ញាចិត្តឥតងាកររបស់ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ក្នុងការធានាមានឱ្យសុវត្តិភាពនិងនវានុវត្តន៍ក្នុងសេវាប្រៃសណីយ៍។ ជាងនេះទៅទៀត នេះក៏ជាការទទួលស្គាល់នូវការប្ដេជ្ញាចិត្តរបស់និយោជិតប្រៃសណីយ៍កម្ពុជា ដែលបានខិតខំធ្វើការដោយឥតនឿយហត់ ដើម្បីរក្សាទំនុកចិត្ត និងសុវត្ថិភាពបញ្ញើរបស់អតិថិជន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជារបត់ដ៏សំខាន់មួយនោះទេ ប៉ុន្តែក៏ជាការ លើកទឹកចិត្តផងដែរ ដើម្បីជំរុញការផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងសហគមន៍ពាណិជ្ជកម្មសកល។ពានរង្វាន់ទាំងនេះ បានជួយពង្រឹងប្រៃសណីយ៍កម្ពុជាឱ្យក្លាយជាប្រតិបត្តិករប្រៃសណីយ៍នាំមុខគេមួយក្នុងតំបន់ និងបង្ហាញពីការតាំងចិត្តខ្ពស់របស់យើងក្នុងការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្តន៍សម្រាប់អតិថិជន។”

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024)

2024/11/26 09:15:46 am        364
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឆ្នាំនេះ គឺជាខួប ៧៥ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ដែលចិនបានព្យាករណ៍លើការកើនឡើងនូវកំណើនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក្នុងនោះតាមរយៈ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ចិនបាននាំយកបច្ចេកវិទ្យាទំនើបជាច្រើនមកកម្ពុជាផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកចំហរ និងសេរីនៅអាស៊ី ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគអាចរក្សាប្រាក់ចំណេញរបស់ពួកគេ និងជាគោលដៅសម្រាប់ធ្វើការវិនិយោគរបស់វិនិយោគិនប្រទេសនានា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្ពុជា មិនត្រឹមតែផ្ដល់ជូនវិនិយោគិននូវកន្លែងវិនិយោគប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈប្រទេសកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់ដែលមានសក្ដានុពលលើហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនមានសក្ដានុពល។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាពគឺជាទំនិញដ៏មានតម្លៃបំផុត សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ដូច្នេះហើយបានរាជរាជរដ្ឋាភិបាលចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន៕-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តរំលឹកអំពីកត្តាសន្តិភាព ខណៈសម្តេច បានលើកឡើងថា «សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា គឺជាអំណោយផលយ៉ាងល្អ ដល់ការវិនិយោគសម្រាប់បរទេស»។

រដ្ឋមន្រ្តីសុខាភិបាល ដើរតួជាបុគ្គលិកមណ្ឌលសុខភាព ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប

2024/11/25 10:07:11 pm        118
សៀមរាប ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដើរតួជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប ដោយឥតគ្រោងទុក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សកម្មភាពខាងលើនេះ ដើម្បី៖ - សង្កេតដំណើរការមកទទួលសេវារបស់អ្នកជំងឺ និងសមត្ថភាពមន្រ្តីសុខាភិបាល - ចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ - ពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី - ចូលរួមផ្តល់យោបល់ ក្នុងវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាពបុគ្គលិកសុខាភិបាលទាំង៣២ឃុំ ទូទាំងខេត្តសៀមរាប - ផ្តល់ចំណាត់ថ្នាក់មណ្ឌលសុខភាពសៀមរាប ជាគំរូក្នុងការរក្សាអនាម័យល្អ និងសេវាសមរម្យ - កោតសរសើរដល់មន្រ្តីសុខាភិបាល ប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្ត - ជូនពរបុគ្គលិកសុខាភិបាលទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

2024/11/25 09:47:45 pm        102
(ខេត្តត្បូងឃ្មុំ) ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (ODF) ដោយមានសមាសភាពអញ្ជើញចូលរួមប្រមាណ ២. ៣០០នាក់។  ក្នុងឱកាសដ៏មហានក្ខត្តឫក្សនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំនេះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានលើកនូវបណ្តាំផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និង អនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយ នឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។ សូមជម្រាបជូនថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែន ការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕

សហគ្រិនខ្មែរបើកដំណើរការ «សហគ្រិនមហាវិទ្យាល័យ» រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០

2024/11/25 09:44:59 pm        227
ភ្នំពេញ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសបើកដំណើរការកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០ មកពីទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរមានបំណងកសាងសមត្ថភាពនិងជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍របស់យុវជននៅកម្ពុជា។ គួរកត់សម្គាល់ថា កម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣នេះត្រូវបានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុងពីសហគ្រិនខ្មែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាពរបស់យុវជនកម្ពុជា។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីនេះ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កម្មវិធីនេះរចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាលនិស្សិតប្រមាណ ២,០០០នាក់ មកពី៥០ស្ថាប័នអប់រំ ដោយក្នុងនោះមានការបង្កើតធុរកិច្ចថ្មី ប្រមាណ៧៥ និងពង្រឹងសមត្ថភាពគ្រូបង្វឹក ៣៥នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកសហគ្រិនភាពសំខាន់ៗ ដែលអាចយកទៅអនុវត្ត កម្មវិធីសហគ្រិន មហាវិទ្យាល័យក្នុងស្ថាប័នផ្ទាល់រៀងៗខ្លួន។ ក្នុងការកសាងប្រព័ន្ធ សហគ្រិនភាពដែលមានភាពប្រទាក់ក្រឡាគ្នា សហគ្រិនខ្មែរបាននិងកំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ដែលការងារនេះនឹងជម្រុញកំណើនសេដ្ឋកិច្ច និងជំរុញវឌ្ឍនភាពសង្គម។កម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូលចំនួនបួន ដែលកម្មវិធីនីមួយៗត្រូវបានរៀបចំឡើងដើម្បីបំពេញតាមបំណង និងតម្រូវការររបស់សហគ្រិននិស្សិត៖ ១.UnipreneurCamp ជាកម្មវិធី Hackthon មានរយៈពេល៣ថ្ងៃ ត្រូវបានបង្កើតឡើងសម្រាប់និស្សិត ដែលត្រៀមខ្លួនក្លាយជាសហគ្រិនដំបូង។ ២. UnipreneurSprint ជាកម្មវិធី បណ្តុះធុរកិច្ចបង្កើតថ្មី អនឡាញ រយៈពេល ៣ សប្តាហ៍ ដែលមានភាពបត់បែន និងងាយស្រួលសម្រាប់សហគ្រិនថ្មី ក្នុងការសិក្សាស្វែងយល់ពីវិធីសាស្ត្រ ក្នុងការស្វែងរកអតិថិជន (Customer Acquisition) និង ការកៀរគរទុន វិនិយោគ (Fundraising)។ ៣. UniPreneur National Challenge គឺជាកម្មវិធីប្រកួតប្រជែងប្រកបដោយកិត្យានុភាព ដែលនាំយកក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធី UnipreneurSprint DRAFT មកពីសាកលវិទ្យាល័យ ផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតប្រជែងគ្នា។ និង៤. UnipreneurEducator គឺជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ២ថ្ងៃ សម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលផ្តល់នូវចំណេះដឹងសំខាន់ៗអំពីសហគ្រិនភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន៕

រដ្ឋនិងឯកជនសហការជំរុញបណ្តុះបណ្តាល SME តាមរាជធានីខេត្ត លើគម្រោងទទួលបានហិរញ្ញប្បទាន

2024/11/25 09:31:53 pm        91
ភ្នំពេញ ៖ FASMEC សហការជាមួយដៃគូផ្សេងៗ បើកសម្ពោធគម្រោងវគ្គបណ្តុះបណ្តាល លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញបណ្តុះបណ្តាលដល់ SME នៅតាមបណ្តារាជធានី-ខេត្ត មានលទ្ធភាពទទួល បានឥណទានសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ស្ថិតក្រោមការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៏ជំនាញ SDF ។​ឧកញ៉ា សុខ ដារ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅក្នុងពិធីសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” នៅល្ងាចថ្ងៃម្សិលមិញនេះថា ជុំវិញការបណ្តុះបណ្តាលនេះ, FASMEC បានទទួលថវិការបដិភាគពីមូលនិធិអភិវឌ្ឍន៍ ជំនាញ SDF ជាបន្តបន្ទាប់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ជាក់ស្តែងនៅក្នុង ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣, FASMEC បានផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ ដល់ម្ចាស់សហគ្រាសចំនួន ៦២៥ នាក់ នៅ ទូទាំង ២៥ រាជធានី-ខេត្តដោយជោគជ័យ។ឧកញ៉ា បន្តថា ចំណែកក្នុងឆ្នាំ ២០២៤ នេះ, FASMEC បានទទួលវគ្គបណ្តុះបណ្តាលចំនួន៣វគ្គរួមមាន៖ ទីផ្សារឌីជីថល, វគ្គបណ្តុះបណ្តាលប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស និងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” សហការជាមួយ ក្រុមហ៊ុនមេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MIV) ដែលបានកំពុងសម្ពោធ នាពេលនេះ  ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្ត ចាប់ពីនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥ គ្រោងបើកវគ្គបណ្តុះបណ្តាលចំនួន ២៥ វគ្គ ទូទាំងប្រទេសកម្ពុជា ដែលរំពឹងថា តាមរយៈនៃការបណ្តុះបណ្តាលនោះ នៅក្នុងវគ្គនីមួយៗនឹងមានសិក្ខាកាមចូលរួមចំនួន ៦២៥ នាក់ ដោយក្នុងនោះស្ត្រីមានប្រមាណ ៤០%។ទាក់ទិនឥណទាន, លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) លើកឡើងថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ បញ្ហានេះ, SME ទាមទារឱ្យមានការ គាំទ្រពីក្របខណ្ឌជាតិ ស្ថាប័នពាក់ព័ន្ធ សមាគម ពីដៃគូសហការ ជាពិសេសធនាគារ និងវិស័យហិរញ្ញវត្ថុផ្សេងៗ ក្នុងនោះការទទួល បានហិរញ្ញប្បទានគឺជាឧបសគ្គមួយសម្រាប់ SME ក្នុងការវិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើន។ ដូច្នេះតាមរយៈនៃការបើកបណ្តុះបណ្តាលទៅ ដល់ SME តាមបណ្តារាជធានី-ខេត្ត គឺជាកត្តាមួយសំខាន់ ដើម្បីពង្រីកចំណេះទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងនោះ។ជុំវិញការទទួលបានហិរញ្ញប្បទាននេះដែរ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ SDF លើកទឹកចិត្ត ដៃគូសហការទាំងអស់ បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកស្ថិតក្នុងវិស័យ SMEs ដើម្បីចូលរួមលើកកម្ពស់ ជំនាញ គុណភាព និងបរិមាណ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ SDF ជឿជាក់យ៉ាងមុតមាំថា ការចូលរួមលើកកម្ពស់ និងអភិវឌ្ឍ ជំនាញជូនបុគ្គលិក និងម្ចាស់ SMEs នេះ នឹងជួយបង្កើនផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល រួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជា ក្រោមពាក្យស្លោកថា “ជំនាញខ្ពស់ ចំណូលខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី

នាយឧត្តមសេនីយ៍ ទៀ សីហា៖ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បង្ហាញនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងបីឲ្យកាន់តែជិតស្និទ្ធថែមទៀត

2024/11/25 08:01:26 pm        178
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការ ធ្វើលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម គឺមានគោលបំណងធ្វើឲ្យកងទ័ពទាំងបីប្រទេសទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយថែមទាំងបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃប្រទេសទាំងបីផងដែរ។ ថ្លែងនៅក្នុងពិធីបិទលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ«ប្រតិបត្តិការជួយសង្រ្គោះ គ្រោះមហន្តរាយ បាក់រំលំអគារ» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧតុ្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា លំហាត់សមយុទ្ធអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយដំណើរការដោយជោគជ័យនោះ គឺបានផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងបី ខណៈកិច្ចសហប្រតិបត្តិ ការនេះ បានលើកកម្ពស់ជាបន្តបន្ទាប់សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតយោធា ស្របតាមគោលគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងបីបានព្រមព្រៀងគ្នានាពេលកន្លងមកនោះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថា«ការណ៍នេះជំរុញឲ្យកងទ័ពប្រទេសទាំងបីជំនះ គ្រប់ឧបសគ្គ រួមចិត្តតែមួយ គៀកស្មាគ្នាធ្វើការជាមួយគ្នាគ្រប់ការលំបាក រហូតសម្រេចបានជោគជ័យ តាម ផែនការគ្រោងទុក។ មួយវិញទៀតតាមរយៈលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បាន បន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងទ័ពប្រទេសទាំងបី សម្រាប់នាយទាហានបន្តវេនសិក្សារៀនសូត្រនាពេលអនាគត»។ នៅក្នុងកម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ជោគជ័យដែល កងទ័ពប្រទេសទាំងបីសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍចំ ណងមិត្តភាពប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនរួមដែលរដ្ឋាភិបាលប្រទេស ទាំងបី បានឯកភាពគ្នា ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក កាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិ ការវិស័យយោធាឲ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕អត្ថបទ បាន ចក់

លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីប្រទេសជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

2024/11/25 07:29:13 pm        72
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។ លោកជំទាវអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង​ និងស្ដារប្រទេសកម្ពុជាឡើងវិញ​ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដូចសព្វថ្ងៃនេះ។​ សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM