រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា៖ គោលជំហររបស់កម្ពុជានៅតែបន្តគាំទ្រការដោះស្រាយវិវាទ​ដោយសន្តិវិធី

2024/11/22 09:42:22 am        185
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១១នាប្រទេសឡាវនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​​លើក​ឡើងថា កម្ពុជានៅ​តែ​ប្រកាន់​ជំហរ​បន្ត​គាំទ្រ​ឲ្យ​ភាគី​ជម្លោះ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​​វិធី​ដដែល ហើយមួយវិញទៀតកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និង​​សន្តិសុខសកល ដោយ​ការណ៍​នេះកម្ពុជា​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់​ខ្លួន​ទៅ​តាម​បណ្តា​ប្រទេស​នានា ដោយឥតងាក់រេតាមរយៈអង្គការសហប្រជាជាតិ។នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ផលប៉ះពាល់និងសោកនាដកម្មនៃសង្គ្រាម ហើយ​សង្រ្គាម​មិនអាចយកទៅបញ្ចប់សង្រ្គាមបានទេ ផ្ទុយទៅវិញ​សង្គ្រាម​នឹង​បង្កើត​គ្រោះម​ហន្ត​រាយមនុស្ស​ធម៌ដោយជៀសមិនផុតនោះឡើយង។ឯកឧត្តមប្រមុខការពារជាតិកម្ពុជា បាន​គួស​បញ្ជាក់​អំពី​គោលជំហររបស់កម្ពុជាដែល តែងតែគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី និង​ដោះ​ស្រាយ​ការ​ខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ព្រោះសន្តិភាព និង​វិបុល​ភាព​ពិត​ប្រាកដ​គឺអាចកើតចេញតែពីការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និង​ការ​ពិគ្រោះ​យោបល់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះដែលចាំបាច់ត្រូវតែមានការចូលរួម និង​ការ​ព្រម​ព្រៀង​ពី​គ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីស្វែងយល់ពីគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និងការផ្តល់អាទិភាពលើសុខុមាលភាពរបស់ប្រជាជន។នាយឧត្តម​សេនីយ៍ក៏បានគួសបញ្ជាក់ជាថ្មីម្តងទៀតដែរថា« កម្ពុជានឹងបន្តការ​រួម​ចំណែក​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលនេះនឹងជួយ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះការចូលរួមជំរុញឱ្យមានសន្តិភាព និងសន្តិសុខសកល»។ នៅក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី១១ ( 11th ADMM-Plus )ដែលបាន​ផ្តោត​ទៅ​លើ​ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាព និង សន្តិសុខ​ក្នុង​តំបន់នេះ ផងដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរ អំពី​គុណ​​តម្លៃគ្រឹះរបស់អាស៊ាន និងមជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនា​ក្នុង​តំបន់ ហើយបណ្តាសមាជិកត្រូវពង្រឹងយន្តការនេះ ដើម្បីដោះស្រា​យ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិវិធី​។នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសន្តិសុខ សន្តិភាពក៏ដូចជាពង្រឹងសមត្ថភាពរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ហើយ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រុមការងារជំនាញ ADMM-បូក កម្ពុជានិងសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បញ្ចប់​ការ​ធ្វើ​សហ​ប្រធាន នៃក្រុមការងារជំនាញស្តីពីសកម្មភាពដោះមីនដើម្បីមនុស្សធម៌ សម្រាប់​ឆ្នាំ​២០២១​-២០២៤ដោយជោគជ័យនិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២៤-២០២៧ កម្ពុជានឹងសហការ​ជាមួយ​អូស្ត្រាលី​ដើម្បី​ធ្វើជា​សហ​ប្រធា​ន​ក្រុមកា​រងា​រ​ជំនាញ ក្នុងវិស័យសន្តិសុខសាយប័របន្តទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និង​ការរួមចំណែកជាវិជ្ជមានរបស់កម្ពុជាដល់សន្តិសុខតំបន់៕ អត្ថបទ៖ បាន ចក់ 

របាំងស្បៃមុងចំនួន៣៥កន្លែង ត្រូវកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបំផ្លាញចោល​ក្នុងស្រុកជលគីរី

2024/11/22 09:35:11 am        100
កម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចេញប្រតិបត្តិការដោយបង្ក្រាបបាន​នូវប្រ​ភេទ​របាំង​ស្បៃមុង ដែលជនសង្ស័យបានដាក់ចាប់យកកូនត្រីនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បាន​ចំនួន​៣៥​​កន្លែង និងបានកំទេចចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងអោយដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។លោក លី ឡា បានបន្តថា ក្រុមការងាររួមខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផល​កំពង់​ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិថ្មី និង​សហគមន៍​នេសាទ​អន្លុង​មេត្រី​សែនជ័យកម្លាំងចូលរួមសរុបចំនួន១២នាក់ និងមធ្យោបាយ កាណូត​ ៤គ្រឿង បានចុះទៅបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅចំណុចបឹងធំ ចំណុច​ចាអោក​ប្រឿ ចំណុចអ្នកតាកែវ ស្ថិតនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ដោយក្រុមការងារ បាន​រុះ​រើរបាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង បង្គោល​ចំនួន​២៥០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន៤០ គីឡូក្រាម។នៅថ្ងៃ​ដដែលលោក លី ឡា បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋ​បាល​ជល​ផល​កំពង់​ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និង​សហគមន៍​នេសាទ​ភូមិថ្មី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដែលមានកម្លាំង​ចូលរួម​សរុប​ចំនួន​១៧នាក់ និងមធ្យោបាយកាណូត៥គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹក​ទំនប់​ក្បាល​ក​ន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុក​ជល​គិរី និងមានមួយកន្លែងទៀតនៅចំណុចបឹងឆ្នុកអណ្តែង ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុក​ជលគីរី និងបានរុះរើរបាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង១១៥០ម លូស្បៃមុង​ចំនួ​ន​២៥​គ្រឿង បង្គោលចំនួន៥០០ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន៧០គក្រ ចំណែក​វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង។លោក លី ឡា បានសំណូមពរដល់ប្រជានេសាទ ត្រូវនាំគ្នាជួយបង្ហាញទីតាំងបទល្មើសស្បៃមុង របាំង​សាច់អួនវែងៗផ្ទុយនឹងច្បាប់ កន្លែងដាក់សម្រាស់ អ្នកកាប់ព្រៃលិចទឹកយកទៅដាក់សម្រាស់ អ្នក​មានឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ និងបទល្មើសនេសាទដទៃទៀត មកកម្លាំងសមត្ថកិច្ច ដើម្បី​អនុវត្ត​តាម​នីតិវិធី និងជួយថែរក្សាដល់ពូជមច្ឆាជាតិយើងផងដែរ ៕ កាំង ហុងវាស្នា 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

2024/11/21 08:56:17 pm        227
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាជនកម្ពុជា ជួយគាំទ្រផលិតផលក្នុងស្រុក, ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺ កាត់បន្ថយនូវការនាំចូលពីបរទេស និងជួយពង្រឹង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ផ្តល់ការងារ ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មីជាដើម ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំ ពិភាក្សាជាផ្លូវការ នៅរោងចក្រ លេសសូ ត្រេឌីង នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ លើកឡើងថា អ្នកវិនិយោគក្នុងស្រុក បានកំពុង ជំរុញបង្កើតអាជីវកម្មជាច្រើន តាមរយៈការបើករោងចក្រ សហគ្រាសនានា ជាក់ស្តែងរោងចក្រផលិតទុយោនេះជាដើម បានឆ្លុះបញ្ចាំង ពីការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ ការបង្កើតការងារ និងបង្កើនសមត្ថភាពដល់កូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញ ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។នៅក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតទុយោ អនុវត្តការផលិតទុយោរបស់ខ្លួន ឱ្យតាមស្តង់ដារជាតិ ប្រសិនការផលិតប្រកបដោយគុណ ក្រុមហ៊ុននឹងឈានទៅប្រកួតប្រជែងផ្គត់ផ្គង់ទំនិញលើទីផ្សារកាន់តែច្រើន ខណៈកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា រោងចក្រផលិតទឹកស្អាត វិស័យសំណង់ និងកសិកម្មជាដើម ដែលសុទ្ធ សឹងតែត្រូវការទុយោ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មទាំងនោះ ជាពិសេសផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ជុំវិញការប្រើប្រាស់ទុយោ ចំពោះអ្នករកស៊ីទទួលក្នុងវិស័យទឹកស្អាត ដែលទិញទុយោ ពីបណ្តាក្រុមហ៊ុនផ្សេងៗ ឃើញថា នៅក្នុងមួយខែៗក្រុមហ៊ុនផ្គត់ផ្គង់ទឹកទាំងនោះ បានបាត់បង់ទឹកជាច្រើន ចន្លោះពី ៣០ ទៅ ៤០ ភាគរយ ដែលធ្វើឱ្យពាណិជ្ជករមួយចំនួនមិនទាន់ចំណេញនៅឡើយ ព្រោះដោយសារតែការបាត់បង់ទឹកនេះ ។ ចំពោះការបាត់បង់នេះ មកពីមូលហេតុប្រើប្រាស់ទុយោដែលមានគុណភាពទាប និងមិនមានស្តង់ដារត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបធ្វើឲ្យលិចធ្លាយ។ ដូច្នេះហើយវិស័យទឹកស្អាតនេះ តែងតែជួបបញ្ហារច្រើន ប៉ុន្តែនៅពេលនេះ យើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោដែលគុណភាពល្អ អាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។ឆ្លៀតក្នុងឱកាសនេះដែរ, ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជួយគាំទ្រផលិតផលដែលផលិតនៅ ក្នុងស្រុកដូចជា រោងចក្រផលិតទុយោនេះជាដើម, ការជួយគាំទ្រផលិតផលនៅក្នុងស្រុករបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដ៏ សំខាន់ ក្នុងការលើកកម្ពស់ផលិតផលជាតិ និងការចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ការប្រើ ប្រាស់ផលិតផលក្នុងស្រុក ក៏ជាការកាត់បន្ថយនូវការនាំចូលទុយោពីបរទេស, ជួយពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង ការផ្តល់នូវការងារ និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មី ទៅតាមតម្រូវការទីផ្សារផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ផ្លូវជនបទ ស្ថិតក្នុងស្រុកកែវសីមា បាននឹងកំពុងសម្រួលការធ្វើដំណើររបស់កងកំលាំងប្រចាំការនៅព្រំដែន និងប្រជាពលរដ្ឋ

2024/11/21 08:50:27 pm        154
មណ្ឌលគិរី ៖ ផ្លូវក្រាលដីល្បាយក្រួសប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្ថិតក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ, នេះជាសមិទ្ធផលថ្មី ដែលបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ជាពិសេសការចល័តរបស់កងកម្លាំងប្រចាំការនៅតាមក្រវាត់ព្រំដែន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍនៅ តាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិ ទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់ អនាម័យជនបទ ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ និងផ្លូវនៅតាមក្រវាត់ព្រំដែននេះជាដើម ។ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ឆ្ពោះទៅផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះជាដើម ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងការចល័តរបស់កងកំលាំង ដែលប្រចាំការនៅតាមក្រវាត់ ព្រំដែនផង។ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងអនុវត្តសម្រេចទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបាន ត្រឹមត្រូវ ព្រោះនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវ ក្រាលកៅស៊ូ ឬបេតុង សំដៅធានាការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញធ្វើអន្តរកម្មផ្នែកសង្គម និងសេដ្ឋកិច្ច ការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជនជាដើម, បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននឹងកំពុងខិតខំយកចិត្តទុកដាក់អនុវត្តការងារទាំងនេះ ឱ្យឆ្លើយតបទៅតាមផែនការរបស់ រាជរដ្ឋាភិបាល៕ អត្ថបទ: សុន រ៉ាឌី

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសម្អាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ចំនួន១១៥០នាក់

2024/11/21 07:24:17 pm        144
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន១១៥០នាក់ ដែលពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញកំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។ សមាសភាពបងប្អូនអ្នកអនាម័យទាំងអស់មកពី៖ ១-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ មានចំនួន​ ៣៧៣​ នាក់​ ដែលជាមន្ត្រីជាប់កិច្ចសន្យា​ ។ ២-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន៧៤៣​ នាក់​ ក្នងនោះមានក្រុមហ៊ុន​ 800 Super ចចំនួន៦៤នាក់​ , ក្រុមហ៊ុន​ មីហ្សូដា​ សានីថេសិន​ ចំនួន៥៦២​ នាក់,ក្រុមហ៊ុន​ សុិនទ្រី​ ចំនួន១១៦​នាក់​។ នៅក្នុងឱកាសនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនអ្នកអនាម័យទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ជាពិសេសក្នុងការបោសសំអាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនអំណោយដល់បងប្អូនដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីជាតិ១កេស, ត្រីខ១យួរ,នំស្រួយលីលី, ទឹកដោះគោខាប់៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕

ក្រសួងកសិកម្មតែងតាំង លោក ញ៉ែម តារារិទ្ធ ជាប្រធានថ្មី នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ

2024/11/21 06:15:33 pm        96
 ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ។នៅក្នុងពិធីប្រកាសមុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរដក្តីដោយសោមនស្សរីករាយ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៉ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។ឯកឧត្តម ឌិត ទីណា បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

សម្ដេចធិបតី ៖ អ្នកនយោបាយកុំយករឿងនយោបាយទៅភ្ជាប់រឿងបច្ចេកទេសតែត្រូវធ្វើគិតពីផលប្រយោជន៍ជាតិ

2024/11/21 05:26:50 pm        130
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។​សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្ដេចធិបតី មានប្រសាសន៍ថា ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច តែងតែភ្ជាប់រឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសទៅក្នុងរឿងនយោបាយរបស់ពួកគេ។ សម្ដេចធិបតី បញ្ជាក់ថា ដូចជាករណីរឿងក្រុមនយោបាយជ្រុលនិយម បានចោទមកសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន ថាផ្សំគំនិតគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារ ប៉ុន្ដែតាមពិតគឺគ្មានកិច្ចការងារនេះទេ រឹតតែគ្មានការចរចាគ្នាណាមួយធ្វើឱ្យបាត់សិទ្ធិដល់ការចរចាគ្នាលើកិច្ចការងារព្រំដែនដែរ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម ពួកគេតែងតែទាញរឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសករណីបូរណភាពទឹកដី អធិបតេយ្យភាពនេះ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជាដែលបានវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ដោយនៅមិនទាន់រាប់បញ្ចូលដែនដីកោះនៅឡើយនោះទេ។ សម្ដេចធិបតីក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ នៅក្រោយកម្ពុជាចរចាបញ្ហាព្រំដែនចប់សព្វគ្រប់ ដែលមានទំហំកើនលើសតួលេខ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅទៀត៕

សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

2024/11/21 05:09:10 pm        151
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ការអញ្ជើញមកកាន់វិមានរដ្ឋសភារបសឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ។ សូមជម្រាបថា មុនអញ្ជើញក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងបន្តអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ ។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជិន ថាញ់មិន នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មុននឹងជំនួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងនោះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ គ្រោងនឹងចូលក្រាបថ្វាយ បង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត៕

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

2024/11/21 04:52:49 pm        17
ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបរមតនកោដ្ឋ។ រូប៖ AKP

ក្រសួងរ៉ែ គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត​ជំហានទី១

2024/11/21 04:52:10 pm        435
ក្រសួងរ៉ែ និងថាមពល គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់​ប្រេងកាត​ក្នុងប្រទេស ជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាព នៃការធ្វើសន្និធិ​ប្រេង​បម្រុងជាយុទ្ធសាស្ត្រនៅក្នុងស្រុក។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ជុំវិញវិស័យប្រេងកាតនេះ ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយមួយ ដែលបន្តធានាការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេងនិងឧស្ម័នឥន្ធនៈ) ឱ្យ បានគ្រប់គ្រាន់តាមរយៈការផ្ដល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ, ការត្រៀមរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធ ក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន ទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA), បង្កើនការយកចិត្ត ទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត, និងឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។តាមរយៈក្របខណ្ឌខាងលើ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាពថ្លៃសមរម្យ។ បញ្ហានេះ កម្ពុជាក៏បានផលប្រយោជន៍ខ្លះរួចមកហើយ ពីប្រតិបត្តិការនៅ Block A បច្ចុប្បន្នក្រសួងកំពុងស្វែងរកអ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុងនិងក្រៅតំបន់ OC ផងដែរ។ ចំពោះផ្នែក Downstream ក្រសួងបានផ្តល់ភាពងាយស្រួលជូនបងប្អូនអាជីវករ ក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និងបន្ថយពេលវេលាអនុម័ត ដែលបច្ចុប្បន្ន មានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់បងប្អូនប្រជាពលរដ្ឋ, ហើយនាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការ កំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេស យើងមានទីផ្សារប្រេងនៅតូចក៏ដោយ។ឯកឧត្តម កែវ រតនៈ បន្តថា ក្រៅពីគោលការខាងលើ ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្កាវ៉ាត់ លើកទី១ របស់ព្រះរាជាណា ចក្រកម្ពុជា នៅខេត្តកោះកុង។ ទន្ទឹមនេះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ ស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។ នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបានផ្តល់សេវាសាធារណៈ ផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋ បានចំនួនប្រមាណជាង ១២លានដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM