អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

2024/11/21 08:56:17 pm        227
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាជនកម្ពុជា ជួយគាំទ្រផលិតផលក្នុងស្រុក, ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺ កាត់បន្ថយនូវការនាំចូលពីបរទេស និងជួយពង្រឹង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ផ្តល់ការងារ ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មីជាដើម ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរទស្សនកិច្ច និងកិច្ចប្រជុំ ពិភាក្សាជាផ្លូវការ នៅរោងចក្រ លេសសូ ត្រេឌីង នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ លើកឡើងថា អ្នកវិនិយោគក្នុងស្រុក បានកំពុង ជំរុញបង្កើតអាជីវកម្មជាច្រើន តាមរយៈការបើករោងចក្រ សហគ្រាសនានា ជាក់ស្តែងរោងចក្រផលិតទុយោនេះជាដើម បានឆ្លុះបញ្ចាំង ពីការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ ការបង្កើតការងារ និងបង្កើនសមត្ថភាពដល់កូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញ ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។នៅក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតទុយោ អនុវត្តការផលិតទុយោរបស់ខ្លួន ឱ្យតាមស្តង់ដារជាតិ ប្រសិនការផលិតប្រកបដោយគុណ ក្រុមហ៊ុននឹងឈានទៅប្រកួតប្រជែងផ្គត់ផ្គង់ទំនិញលើទីផ្សារកាន់តែច្រើន ខណៈកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា រោងចក្រផលិតទឹកស្អាត វិស័យសំណង់ និងកសិកម្មជាដើម ដែលសុទ្ធ សឹងតែត្រូវការទុយោ ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មទាំងនោះ ជាពិសេសផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ជុំវិញការប្រើប្រាស់ទុយោ ចំពោះអ្នករកស៊ីទទួលក្នុងវិស័យទឹកស្អាត ដែលទិញទុយោ ពីបណ្តាក្រុមហ៊ុនផ្សេងៗ ឃើញថា នៅក្នុងមួយខែៗក្រុមហ៊ុនផ្គត់ផ្គង់ទឹកទាំងនោះ បានបាត់បង់ទឹកជាច្រើន ចន្លោះពី ៣០ ទៅ ៤០ ភាគរយ ដែលធ្វើឱ្យពាណិជ្ជករមួយចំនួនមិនទាន់ចំណេញនៅឡើយ ព្រោះដោយសារតែការបាត់បង់ទឹកនេះ ។ ចំពោះការបាត់បង់នេះ មកពីមូលហេតុប្រើប្រាស់ទុយោដែលមានគុណភាពទាប និងមិនមានស្តង់ដារត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបធ្វើឲ្យលិចធ្លាយ។ ដូច្នេះហើយវិស័យទឹកស្អាតនេះ តែងតែជួបបញ្ហារច្រើន ប៉ុន្តែនៅពេលនេះ យើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោដែលគុណភាពល្អ អាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។ឆ្លៀតក្នុងឱកាសនេះដែរ, ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជួយគាំទ្រផលិតផលដែលផលិតនៅ ក្នុងស្រុកដូចជា រោងចក្រផលិតទុយោនេះជាដើម, ការជួយគាំទ្រផលិតផលនៅក្នុងស្រុករបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដ៏ សំខាន់ ក្នុងការលើកកម្ពស់ផលិតផលជាតិ និងការចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ការប្រើ ប្រាស់ផលិតផលក្នុងស្រុក ក៏ជាការកាត់បន្ថយនូវការនាំចូលទុយោពីបរទេស, ជួយពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង ការផ្តល់នូវការងារ និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ពីបច្ចេកទេស និងនវានុវត្តន៍សម័យថ្មី ទៅតាមតម្រូវការទីផ្សារផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ផ្លូវជនបទ ស្ថិតក្នុងស្រុកកែវសីមា បាននឹងកំពុងសម្រួលការធ្វើដំណើររបស់កងកំលាំងប្រចាំការនៅព្រំដែន និងប្រជាពលរដ្ឋ

2024/11/21 08:50:27 pm        154
មណ្ឌលគិរី ៖ ផ្លូវក្រាលដីល្បាយក្រួសប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្ថិតក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ, នេះជាសមិទ្ធផលថ្មី ដែលបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ជាពិសេសការចល័តរបស់កងកម្លាំងប្រចាំការនៅតាមក្រវាត់ព្រំដែន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍនៅ តាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិ ទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់ អនាម័យជនបទ ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ និងផ្លូវនៅតាមក្រវាត់ព្រំដែននេះជាដើម ។ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ, ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ឆ្ពោះទៅផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះជាដើម ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងការចល័តរបស់កងកំលាំង ដែលប្រចាំការនៅតាមក្រវាត់ ព្រំដែនផង។ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងអនុវត្តសម្រេចទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបាន ត្រឹមត្រូវ ព្រោះនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តការគាំទ្រដល់ការជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវ ក្រាលកៅស៊ូ ឬបេតុង សំដៅធានាការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញធ្វើអន្តរកម្មផ្នែកសង្គម និងសេដ្ឋកិច្ច ការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជនជាដើម, បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននឹងកំពុងខិតខំយកចិត្តទុកដាក់អនុវត្តការងារទាំងនេះ ឱ្យឆ្លើយតបទៅតាមផែនការរបស់ រាជរដ្ឋាភិបាល៕ អត្ថបទ: សុន រ៉ាឌី

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសម្អាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ចំនួន១១៥០នាក់

2024/11/21 07:24:17 pm        144
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន១១៥០នាក់ ដែលពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញកំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។ សមាសភាពបងប្អូនអ្នកអនាម័យទាំងអស់មកពី៖ ១-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ មានចំនួន​ ៣៧៣​ នាក់​ ដែលជាមន្ត្រីជាប់កិច្ចសន្យា​ ។ ២-កម្លាំងបោសសំអាត​ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន៧៤៣​ នាក់​ ក្នងនោះមានក្រុមហ៊ុន​ 800 Super ចចំនួន៦៤នាក់​ , ក្រុមហ៊ុន​ មីហ្សូដា​ សានីថេសិន​ ចំនួន៥៦២​ នាក់,ក្រុមហ៊ុន​ សុិនទ្រី​ ចំនួន១១៦​នាក់​។ នៅក្នុងឱកាសនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនអ្នកអនាម័យទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ជាពិសេសក្នុងការបោសសំអាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនអំណោយដល់បងប្អូនដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីជាតិ១កេស, ត្រីខ១យួរ,នំស្រួយលីលី, ទឹកដោះគោខាប់៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕

ក្រសួងកសិកម្មតែងតាំង លោក ញ៉ែម តារារិទ្ធ ជាប្រធានថ្មី នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ

2024/11/21 06:15:33 pm        96
 ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ។នៅក្នុងពិធីប្រកាសមុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសាទរដក្តីដោយសោមនស្សរីករាយ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មមានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្ស៉ីគ្នា មានភាពស៊ីចង្វាក់គ្នា និងមានគោលដៅរួមគ្នា។ឯកឧត្តម ឌិត ទីណា បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

សម្ដេចធិបតី ៖ អ្នកនយោបាយកុំយករឿងនយោបាយទៅភ្ជាប់រឿងបច្ចេកទេសតែត្រូវធ្វើគិតពីផលប្រយោជន៍ជាតិ

2024/11/21 05:26:50 pm        130
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។​សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្ដេចធិបតី មានប្រសាសន៍ថា ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច តែងតែភ្ជាប់រឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសទៅក្នុងរឿងនយោបាយរបស់ពួកគេ។ សម្ដេចធិបតី បញ្ជាក់ថា ដូចជាករណីរឿងក្រុមនយោបាយជ្រុលនិយម បានចោទមកសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន ថាផ្សំគំនិតគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារ ប៉ុន្ដែតាមពិតគឺគ្មានកិច្ចការងារនេះទេ រឹតតែគ្មានការចរចាគ្នាណាមួយធ្វើឱ្យបាត់សិទ្ធិដល់ការចរចាគ្នាលើកិច្ចការងារព្រំដែនដែរ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម ពួកគេតែងតែទាញរឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសករណីបូរណភាពទឹកដី អធិបតេយ្យភាពនេះ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជាដែលបានវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ដោយនៅមិនទាន់រាប់បញ្ចូលដែនដីកោះនៅឡើយនោះទេ។ សម្ដេចធិបតីក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ នៅក្រោយកម្ពុជាចរចាបញ្ហាព្រំដែនចប់សព្វគ្រប់ ដែលមានទំហំកើនលើសតួលេខ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅទៀត៕

សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

2024/11/21 05:09:10 pm        151
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ការអញ្ជើញមកកាន់វិមានរដ្ឋសភារបសឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ។ សូមជម្រាបថា មុនអញ្ជើញក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងបន្តអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ ។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជិន ថាញ់មិន នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មុននឹងជំនួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងនោះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជិន ថាញ់មិន និងគណៈប្រតិភូ គ្រោងនឹងចូលក្រាបថ្វាយ បង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត៕

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

2024/11/21 04:52:49 pm        17
ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបរមតនកោដ្ឋ។ រូប៖ AKP

ក្រសួងរ៉ែ គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត​ជំហានទី១

2024/11/21 04:52:10 pm        435
ក្រសួងរ៉ែ និងថាមពល គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់​ប្រេងកាត​ក្នុងប្រទេស ជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាព នៃការធ្វើសន្និធិ​ប្រេង​បម្រុងជាយុទ្ធសាស្ត្រនៅក្នុងស្រុក។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ជុំវិញវិស័យប្រេងកាតនេះ ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយមួយ ដែលបន្តធានាការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេងនិងឧស្ម័នឥន្ធនៈ) ឱ្យ បានគ្រប់គ្រាន់តាមរយៈការផ្ដល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ, ការត្រៀមរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធ ក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន ទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA), បង្កើនការយកចិត្ត ទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត, និងឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។តាមរយៈក្របខណ្ឌខាងលើ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាពថ្លៃសមរម្យ។ បញ្ហានេះ កម្ពុជាក៏បានផលប្រយោជន៍ខ្លះរួចមកហើយ ពីប្រតិបត្តិការនៅ Block A បច្ចុប្បន្នក្រសួងកំពុងស្វែងរកអ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុងនិងក្រៅតំបន់ OC ផងដែរ។ ចំពោះផ្នែក Downstream ក្រសួងបានផ្តល់ភាពងាយស្រួលជូនបងប្អូនអាជីវករ ក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និងបន្ថយពេលវេលាអនុម័ត ដែលបច្ចុប្បន្ន មានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់បងប្អូនប្រជាពលរដ្ឋ, ហើយនាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការ កំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេស យើងមានទីផ្សារប្រេងនៅតូចក៏ដោយ។ឯកឧត្តម កែវ រតនៈ បន្តថា ក្រៅពីគោលការខាងលើ ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្កាវ៉ាត់ លើកទី១ របស់ព្រះរាជាណា ចក្រកម្ពុជា នៅខេត្តកោះកុង។ ទន្ទឹមនេះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ ស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។ នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបានផ្តល់សេវាសាធារណៈ ផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋ បានចំនួនប្រមាណជាង ១២លានដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលពីវិស័យរ៉ែ បានកើនឡើងជិត ៩០ លានដុល្លារ ធៀបនិងឆ្នាំមុន

2024/11/21 04:40:11 pm        359
ក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៤ នេះ, បានប្រមូលចំណូលពីវិស័យរ៉ែ ជា​ចំណូល​មិន​មែន​សារ​ពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ទាក់ទិនវិស័យរ៉ែ និង ថាមពល បានកាត់​បន្ថយ​ការិយា​ធិប​តេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទាន​របស់​វិស័យ​រ៉ែ​ជូន​រដ្ឋ, ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើត​ទីលាន​ប្រកួត​ប្រជែង​មួយដែ​ល​មាន​លក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។ឯកឧត្តម បន្តឱ្យដឹងថា ចំពោះការប្រមូលចំណូលវិស័យរ៉ែដែលសម្រេចបានប្រមាណជិត ៩០ លាន​ដុល្លារ​អាមេរិកខាងលើនេះ ក្នុងនោះតាមការប៉ាន់ស្មាន, ចំណូលសារពើពន្ធ​នៃ​អាជីវក​ម្ម​រ៉ែមាស​ បានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយ​ឡែក​ចំណូល​ពី​អាករ​លើ​ការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣លានដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០២៣ និង កើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ។ចំណែកការងារបង្កើនសុវត្ថិភាព និងសុខុមាលភាពដល់និយោជិត-កម្មកររ៉ែវិញ ឯកឧត្តម កែវ រតនៈ លើកឡើងថា ដើម្បីអនុវត្តតាម ឆន្ទៈ និងបំណងប្រាថ្នារបស់សម្ដេចធិបតី ក្នុងការ​លើក​កម្ពស់​សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូននិយោជិត-កម្មករក្នុងការដ្ឋានរ៉ែ ក្រសួងបាន​ដាក់​ចេញ​នូវ​បទដ្ឋានគតិយុត្ត និងយន្តការត្រួតពិនិត្យជាបន្តបន្ទាប់ ក្រោយពីបាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​មួយក្រុមហ៊ុន វិនិយោគ និងកម្មកររ៉ែទូទាំងប្រទេសរួចមក។ វិធានការរបស់ សម្ដេច​ធិបតី ក្រោមអភិក្រម «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារ ដោយសុវត្ថិភាព» ដែល​ការងារ​នេះ​ទទួល​បានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលប្រកបការងារក្នុងការដ្ឋានរ៉ែ៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សន​កិច្ចជាផ្លូវការ និងមិត្តភាព ចំនួន៤ថ្ងៃនៅកម្ពុជា

2024/11/21 04:21:54 pm        354
ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងជួបសវនាកា និងជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលក្នុងកិច្ចប្រជុំICAAP និងកិច្ចប្រជុំIPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោន បន្ដឈ្នះសៀមរាប ត្រឹម ១-០ ខណៈស្វាយរៀង ឡើងឈរលេខ៣ នៃលីគនារី សប្ដាហ៍ទី១០
06/26/2026 11:06 AM
ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles
06/26/2026 11:06 AM
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
06/26/2026 11:06 AM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
06/26/2026 10:06 AM
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង
06/26/2026 10:06 AM
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM