ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ
សម្ដេចតេជោ ហ៊ុន សែន ជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សន​កិច្ចជាផ្លូវការ និងមិត្តភាព ចំនួន៤ថ្ងៃនៅកម្ពុជា

2024/11/21 04:21:54 pm        354
ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងជួបសវនាកា និងជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នៅអគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលក្នុងកិច្ចប្រជុំICAAP និងកិច្ចប្រជុំIPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព

2024/11/21 04:17:19 pm        417
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងមានសារៈសំខាន់ណាស់។ក្នុងអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪពុក ឯរាជធានី-ខេត្តជាម្ដាយ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួង និងរាជធានី-ខេត្ត ដែលជាឪពុកម្ដាយ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះទេ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អរហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មីត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អង្គការសហប្រជាជាតិកោតសរសើរ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​អាកាសធាតុ

2024/11/21 04:11:15 pm        350
លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោត​សរសើរ​យ៉ាង​ខ្លាំងចំពោះ​តួនាទី​សកម្ម​របស់​កម្ពុជា​ក្នុងការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ(ClimateAction)។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជា​គឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការUNDP ប្តេ​ជ្ញា​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស។ការប្តេជ្ញានេះ ធ្វើឡើងបន្ទាប់ពី លោក Marcos Athias Neto បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេស​អាសែ​បៃហ្សង់​។នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​ក្នុងការអភិវឌ្ឍន៍ជាពិសេសកិច្ចការពារបរិស្ថាននិង ធនធានធម្មជាតិ ជាពិសេស​ជួយ​លើកក​ម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកថា កម្ពុជា​បាន​រៀប​ចំ​​គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យ​អាទិភាព​ក្នុង​ការ​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាព​ស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានា​បាន​ចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយសារ​កម្ពុជា​បាន​ប្រកាសដាក់ឱ្យប្រើប្រាស់ រួចមកហើយ នូវវិធានប្រតិបត្តិ​នៃ​មាត្រា៦​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0​។ជាមួយគ្នានេះ លោក Marcos Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុង​ការងា​រ​ការ​ពារ​ធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាន​នឹង​កំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រ​កម្ពុជា​តាម​រយៈមូល​និធិ​អាកាស​ធាតុ​បៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និង​UNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជា​ផង​ដែរ​៕ អត្ថបទ៖ទូច សោភ័ណ 

មន្ត្រី​ជាន់ខ្ពស់ក្រសួង​វប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការ​ស្លៀកពាក់​ឱ្យបានសមរម្យ

2024/11/21 04:05:06 pm        405
លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជា​ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទា​វបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មន្រី្ត ពលរដ្ឋ ផលិតករ សិល្បករ ចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការស្លៀកពាក់ឱ្យបានសមរម្យ ឱ្យ​ស្រប​តាមកាលៈទេសៈ រួមទាំងសុជីវធម៌នៃការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដើម្បី​ឱ្យ​សម​ជា​ប្រជា​ជន នៃប្រទេសដែលមានវប្បធម៌ សីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ។ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី យ៉ាងដូច្នេះ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​សម្លៀក​បំពាក់​ប្រពៃណី​នៅក្នុងពិធីបុណ្យ ពិធីមង្គលការ និងសុជីវធម៌ក្នុងការប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​សង្គម​ខ្មែរ, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលអង្គរវត្ត ទីស្តី​ការ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា កាយវិការ និងសកម្មភាពទាំងអស់នេះ សបញ្ជាក់​អំពី​ការ​យក​ចិត្ត​ទុកដាក់ខ្ពស់ក្នុងការពង្រឹង និងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យវប្បធម៌ ដើម្បី​ជា​ប្រយោជន៍​ដល់មន្ត្រីរាជការជាស្ត្រី ផលិតករ សិល្បករ លោក លោកស្រី ជាអ្នកផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ឱ្យកាន់តែយល់ច្បាស់អំពីការស្លៀកពាក់នៅក្នុងកម្មវិធីប្រពៃណី នៅក្នុងពិធីបុណ្យ មង្គល​ការ និងសុជីវធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមខ្មែរយើង។ វប្បធម៌ គឺខ្លួនយើង និង​ជាអ្វីដែលយើងកំណត់អត្តសញ្ញាណរបស់យើងម្នាក់ៗ។ វប្បធម៌សំដៅលើចំណេះដឹង ជំនឿ ប្រពៃណី ទំនៀមទម្លាប់ របៀបរបបរស់នៅដែលបន្សល់ទុកពីសិល្បៈ និងអក្សរសិល្ប៍ ក្នុងនោះ​ក៏​មាន​ប្រពៃណី នៃការស្លៀកពាក់ក្នុងពិធីនានា រួមទាំងការប្រាស្រ័យទាក់ទងគ្នាផងដែរ។លោកជំទាវ នេត្រ ភូម៉ារី បានបញ្ជាក់ទៀតថា ដើម្បីសម្គាល់នូវអត្តសញ្ញាណនៃប្រជាជាតិមួយបាន គឺ​គេ​សម្គាល់លើសម្លៀកបំពាក់ ភាសា អត្តចរិក។ ដូច្នេះ យើង​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​វប្បធម៌ អារិយធម៌ ដ៏សម្បូរបែប ត្រូវប្រើប្រាស់សម្លៀកបំពាក់ឱ្យត្រូវកាលៈទេសៈ។ ដើម្បី​លើក​តម្លៃ​ដល់វប្បធម៌ និងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម​តម្លៃស្ត្រី និងគ្រួសារខ្មែរ បានបញ្ជាក់ថា សូមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងផ្នែក​រដ្ឋ និងឯកជន ត្រូវបន្តបង្កើនកម្មវិធីអប់រំល្អៗឱ្យកាន់តែច្រើនថែមទៀតក្នុងន័យអប់រំសីលធម៌ សុជី​វ​ធម៌ រួមទាំងការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តី កាយវិការ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​អត្ត​សញ្ញាណ​ជាតិ​មួយ ដែលមានអារ្យធម៌ខ្ពង់ខ្ពស់៕ អត្ថបទ រដ្ឋា 

សម្ដេចធិបតី៖ កម្ពុជាកាន់តែមានធនធានមនុស្សឆ្លើយតបនឹងតម្រូវការ​របស់ក្រុមហ៊ុនវិនិយោគបរទេស

2024/11/21 03:58:53 pm        306
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា កម្ពុជា កាន់តែមានធនធានមនុស្សដែលមានជំនាញផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់​ក្រុមហ៊ុនបរទេស ដែលមានបំណងមក ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ នាមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ថា ក្នុងដំណាក់កាល នៃការប្រកួតប្រជែងជាមួយប្រទេសនានា ក្នុងការទាក់ទាញ​ការវិនិយោគ​ពីបរទេស គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ធ្វើការកសាងនូវ​ហេដ្ឋារចនាសម្ព័ន្ធ ​ជាពិសេសផ្លូវគមនាគមន៍ ដែលមានទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ។សម្ដេចធិបតី បានបន្តថា ជាមួយនេះ កម្ពុជា កំពុងខិតខំបណ្ដុះនូវធនធានមនុស្ស ដែលជាមូល​ធន​ដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍​ជាតិ ហើយក៏មានធនធានមនុស្ស ដែលជាតម្រូវការរបស់​ក្រុមហ៊ុន​បរទេស ខណៈអ្នកវិនិយោគ ទាំងអស់នោះ ក៏បានសួរនាំពីសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដែលអាចបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេ ផងដែរ ។គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានធុរជនបរទេសជាច្រើន បានចូលរួម​សម្ដែង​ការគួរសម និង ពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះមានមក​ពី​ប្រទេសព្រុយណេ សមាគមកម្ពុជា-ជប៉ុន ​និងក្រុមហ៊ុនមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាដើម ដែលមានបំណងធ្វើការវិនិយោគលើវិស័យផ្សេងៗ ៕អត្ថបទ៖ បាន សុខរិទ្ធិ

រយៈពេលមួយឆ្នាំកម្មវិធីបណ្តុះបណ្តាលជំនាញ TVET បានបណ្តុះបណ្តាលយុវជនចំនួនជាង ៧ម៉ឺននាក់

2024/11/21 03:52:25 pm        353
គិតចាប់ពីដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥​លាននាក់ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រាជ​រដ្ឋាភិបាល​កម្ពុជា តាមសេនាធិការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបាន​សិស្ស​ចុះ​ឈ្មោះចូលរៀនសរុបចំនួនជាង ៧៣,០០០នាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃ​ទី២១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្នុងចំណោមសិស្សខាងលើនេះ សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​មាន​ចំនួនជាង ១៤,០០០នាក់នៅទូទាំងប្រទេស ហើយយុវជន​ទាំង​នោះ​បាន​ទទួល​ការងារ​ធ្វើ និងមានចំណូលសមរម្យ។ ឯកឧត្តម បានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះ​បណ្តាល​នេះ បាននិង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​យុវជន​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅ​តាម​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេសនៅទូទាំងប្រទេស ក៏បានប្រកាសជ្រើស​រើស​យុវជន​ចូល​សិក្សា​ជំនាញ​ជា​បន្ត​បន្ទាប់​ផង​ដែរ។ ឯកឧត្តម បានបន្តថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀ​ន​ជំនាញ​មួយ​នេះ ក្រសួងការងារ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការ​ជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរ​យុវជន​គោល​ដៅ​មក​ចុះ​ឈ្មោះ​ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។ឯកឧត្តម​រដ្ឋលេខាធិការ បានលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាន​និង​កំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយ​តប​តាម​តម្រូវ​ការ​នៃ​ការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។ឯកឧត្តម កត្តា អ៊ន បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស សូមរួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀនជំនាញ​វិជ្ជាជីវៈ​ដោយ​ឥតបង់ថ្លៃ​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ ដោយឡែក យុវជនដែលមក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទទួលបានការរៀនជំនាញដោយឥតគិតថ្លៃ និង​ថែម​ទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភប្រចាំខែ ២៨០,០០០រៀល ផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី 

មន្រ្តី ACU លើកទឹកចិត្តពលរដ្ឋឱ្យរាយការណ៍អំពីអំពើពុករលួយ

2024/11/21 03:41:45 pm        409
ជាថ្មីម្តងទៀត មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និង​ជាពិសេសយុវជនគួររាយការណ៍មក ACU ប្រសិន​បើ​ជួប​ប្រទះ​អំពើ​ពុក​រលួយ​។​ ការ​រាយ​ការណ៍​នេះ គឺជាការចូលរួមចំណែកប្រឆាំងអំពើពុករលួយ ដើម្បីឱ្យសង្គមមានភាពស្អាតស្អំ។លោកស្រី សុខ សុផាន់នី ប្រធានក្រុមទី១នៃយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ៩ធ្នូ ឆ្នាំ២០២៤» នៅថ្ងៃទី២១ខែវិច្ឆិកានេះ បានបន្តដឹកនាំ​ក្រុម​ការ​ផ្សព្វ​ផ្សាយ​ពី​ចំណេះដឹង និងការប្រឆាំងអំពើពុករលួយ ដល់លោកគ្រូ អ្នកគ្រូ សិស្ស នៅវិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ស្ថិតនៅរាជធានីភ្នំពេញ។ក្នុងពេលចុះផ្សព្វផ្សាយយុទ្ធនាការខាងលើ លោកស្រី សុខ សុផាន់នី បានលើកទឹក​ចិត្ត​ដល់​លោក​គ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​សេវា​គ្រប់​បែបយ៉ាងឱ្យរក្សាបានភាពស្អាតស្អំ និងយុត្តិធម៌។ លោកស្រីបន្តថា ការរាយការណ៍​មក​អង្គភាព​ACU អាចធ្វើទៅបានតាមរយៈទូរស័ព្ទទៅលេខ១២៨២ ដោយឥតគិតថ្លៃ និងអាច​សរសេរ​​ពាក្យ​បណ្ដឹង​ដាក់​តាម​ប្រអប់​សរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មហា​វិថី​ព្រះ​មុន្នី​វង្ស និងមហាវិថីព្រះនរោត្តមជាដើម។គ្រូបង្រៀន និងសិស្សនៅវិទ្យាល័យជាស៊ីមបឹងកេងកង បានប្តេជ្ញាថា នឹងចូលរួម​ប្រឆាំង​អំពើ​រពុក​រលួយ​មិន​ឱ្យកើតមាននៅក្នុងសាលារៀន និងសង្កមជាតិឡើយ។គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តផ្សព្វផ្សាយុទ្ធនាការ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅតាមសាលារៀន និងទីប្រជុំជននានា រហូតដល់ថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃប្រារព្ធទិវា។ ក្នុងឆ្នាំនេះ ការប្រារព្ធ «ទិវាជាតិ-អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ៩ ធ្នូ»ធ្វើឡើងក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្តស្រលាញ់គាំទ្រ»។  ដើម្បីចូលរួមប្រឆាំងអំពើពុករលួយប្រជាពលរដ្ឋ ត្រូវចូលរួម​ដូចជា៖ កុំ​ចូល​រួម​ក្នុង​សកម្ម​ភាព​អំពើ​ពុក​រលួយ​,ជួយ​គាំទ្រ​ដល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​អំពើ​ពុក​រលួយ, ណែនាំ​ដល់​សមាជិក​គ្រួសារ​ពីផលវិបាកនិងកុំឱ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមឃ្លាំមើល និងរាយការណ៍​អំពី​អំពើ​ពុក​រលួយទៅអង្គភាពពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ 

កម្ពុជារំពឹងថា ភាគីកូរ៉េនឹងបង្កើនកូតាបន្ថែមទៀតក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការ​នៅកូរ៉េខាងត្បូង

2024/11/21 03:30:38 pm        383
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួប​ពិភាក្សា​ការងារ​ជា​មួយ​គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួម​និងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបការងារ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានឲ្យដឹងថា កិច្ច ប្រជុំនេះ មានគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និង​សាធារណរដ្ឋកូរ៉េ ជាពិសេស​ទាក់​ទង​នឹង​កិច្ចស​ហ​ប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធ​ទាំង​អស់​​​ នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជា​ដៃគូ​យូរ​អង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែ​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ទៅធ្វើការនៅកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា កូរ៉េ នឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជា​ពិសេស​ពលកជំនាញកម្ពុជាទៅធ្វើការនៅទីនោះ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មាន​គោល​នយោបាយ​គាំពារ​យ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈ​មជ្ឈ​មណ្ឌល​គាំពារ​ពលករ​បរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។ ក្នុងនោះ ពលករកម្ពុជាដែលធ្វើការនៅកូរ៉េ ក៏ទទួលបាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​កូ​រ៉េ និងទទួលបាននូវសិទ្ធិ និងឱកាសដូចទៅនឹងពលករកូរ៉េដែរ។ ជាការឆ្លើយ​តប ឯកឧត្តម យូ សាំងបម បានលើកឡើងថា ទំនាក់ទំនងជាដៃគូ​រវាង​សាធារណ​រដ្ឋ​កូរ៉េ ​និងកម្ពុជាត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និង​ធ្វើ​កា​រ​នៅ​សាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយ​កំពុង​រស់​នៅនិងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ជាមួយប្រជាជនកូរ៉េ។ ឯកឧត្តមសង្ឃឹមថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួល​ដល់​ដំណើរ​ការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តអង្គការតុកកែញញឹមកម្ពុជា​ឲ្យបន្តលើក​កម្ពស់​ការអប់រំ​ធនធាន​មនុស្ស​ក្នុង​វិស័យកសិកម្ម

2024/11/21 03:22:11 pm        211
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការ តុកកែ​ញញឹមកម្ពុជា (Smiling Gecko) ចូលជួបពិភាក្សាការងារ អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តម​សិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយ​ចំពោះ​អង្គការ​តុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមាន​បំណង​ចង់​លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខណៈ អង្គការនេះជា​គំរូ​សហគមន៍​មួយ​ដ៏​ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាព​ស៊ី​ចង្វាក់​គ្នា និងល្អប្រសើរ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ឱ្យ​អង្គការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​ធ​នធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវ​ការ​ធន​ធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និង​អាច​នាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តម បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និង​ការ​កែ​ច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវ​ឌ្ឍ​ធនធា​ន​មនុស្ស​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង ចំណេះធ្វើ មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តម ជឿ​ជាក់​ថា អង្គការតុកកែញញឹមកម្ពុជា នឹងបន្ត​អភិវ​ឌ្ឍ​បេសកកម្ម​របស់​ខ្លួន​តទៅ​មុខ​បន្ថែម​ទៀត​ទូទាំង​ប្រទេស​កម្ពុជា ហើយក្រសួងកសិកម្ម នឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុង​វិស័យកសិកម្មឱ្យកាន់តែរីកចំរើន។សូម​ជម្រាបជូនថា ជំនួបខាងលើនេះ ធ្វើឡើងក្នុង​គោល​បំណង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា ដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរ​កិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កើតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺ​អេដស៍នៅកម្ពុជា

2024/11/21 03:16:11 pm        210
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជា​អធិបតី​បើក​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​សកម្មភាព សម្រាប់​ឆ្នាំ​២០២៥ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​របស់​យើង, នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ថ្លែង​នៅក្នុងពិធីបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ យើង​បាន​បំពេញ​ភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការ​ធ្លាក់​ចុះ​នៃ​ហិរញ្ញ​ប្ប​ទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់​គ្នា​ចាប់​ផ្តើម​បំពេញ​តួនាទី​ក្នុង​ភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុស​ត្រូវ​របស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជា​មួយ​អង្គ​ការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និង​ជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួល​សេវា​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ(គោលដៅ៩៥-៩៥-៩៥ យើង​សម្រេច​បាន​៨៩-៩៨-៩៨)។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​សុឆន្ទៈ​នយោបាយ​ដ៏​មោះមុត​ឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការ​គំរាម​កំហែង​ពី​មេរោគអេដស៍ និង​ជំងឺ​អេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំ​ទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យ​ឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។នៅក្នុងដំណើរការ អង្គសន្និបាត​បាន​ស្តាប់​បទ​បង្ហាញ​ស្តីពី៖១- ទិន្នន័យការត្រួតពិនិត្យដែល ដឹកនាំដោយសហគមន៍(Community Led Monitoring, CLM) ដើម្បីពន្លឿនដំណោះស្រាយឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥, ២- ឥរិយាបថប្រឈមរបស់យុវវ័យ, ៣- វិធីសាស្ត្រទប់ស្កាត់ការចម្លង មេរោគអេដស៍ ម=ម, ៤- លទ្ធ​ផល​នៃ​គម្រោងពង្រឹងប្រព័ន្ធសហគមន៍, ៥- ការផ្តល់សេវាមេត្រី នៅមណ្ឌលសុខភាពទួលគោក, ៦- បទ​ពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅខេត្តព្រៃវែង, ៧- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការ​ឆ្លើយ​តប​នឹងមេរោគអេដស៍និងជំងឺអេដស៍នៅរាជធានីភ្នំពេញ និង៨- លទ្ធផល​បឋម​នៃ​ការ​វាយ​តម្លៃ​កម្ម​វិធីបង្ការមេរោគអេដស៍ជាពហុវិស័យ ក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តុលាការកំពូល អនុញ្ញាតឱ្យលោក Trump បញ្ចប់ការការពារការនិរទេសសម្រាប់ពលរដ្ឋស៊ីរី និងហៃទី
06/26/2026 12:06 PM
អ៊ីតាលី និងបារាំង ព្រមព្រៀងស្តីពីក្រុមចម្រុះដើម្បីគាំទ្រលីបង់ ក្រោយបេសកកម្មរបស់UN បញ្ចប់
06/26/2026 12:06 PM
ប្រមុខណាតូ៖ កិច្ចសន្យាការពារជាតិថ្មីរាប់ពាន់លានដុល្លារ នឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូលនៅទួរគី
06/26/2026 12:06 PM
ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន
06/26/2026 12:06 PM
ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ
06/26/2026 12:06 PM
សន្និសីទស្តារឡើងវិញប្រទេសអ៊ុយក្រែន បើកនៅប៉ូឡូញដោយជំនួយរាប់ពាន់លានដុល្លារត្រូវបានសន្យា
06/26/2026 12:06 PM
ការខាតបង់សេដ្ឋកិច្ចកើនឡើង ខណៈចំនួនអ្នកស្លាប់ដោយរញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើង
06/26/2026 12:06 PM
អង្គការ OPEC រងសម្ពាពពីអ៊ីរ៉ាក់ ជុំវិញជម្លោះកូតាផ្គត់ផ្គង់ប្រេង បន្ទាប់ពីការចាកចេញរបស់អារ៉ាប់រួម
06/26/2026 12:06 PM
លោកTrump៖ លោកនឹងប្រើទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបញ្ចេញ ដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិក
06/26/2026 12:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ពូល F ហូឡង់លេខមួយ ខណៈជប៉ុន និងស៊ុយអែតឡើងវគ្គ ៣២ ក្រុម
06/26/2026 12:06 PM