អបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោកជាប្រទេសមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពឆ្នាំ២០២៦
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ព័ត៌មានជាតិ

សារមន្ទីរទួលស្លែង សម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «កុមារភាពក្នុងអន្ធការ»

2024/11/20 10:49:31 pm        167
ភ្នំពេញ ÷ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី "កុមារភាពក្នុងអន្ធការ” នៅសារមន្ទីរទួលស្លែង នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ មានការអញ្ជើញចូលរួមពីឯកឧត្តម សាដាម អ៊ូម៉ា អាឡាម (Sadar Umar Alam) តំណាងការិយាល័យយូណេស្កូភ្នំពេញ និងលោកជំទាវ ហេលែន ចាវីស (Helen Jarvis) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរទួលស្លែង បានលើកឡើងថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” ក្រុមការងាររំលេចសំខាន់ពីកុមារដែលត្រូវខ្មែរក្រហមចាប់ចូលមកមន្ទីរ ស-២១។ ទោះបីជាមានការសិក្សាដោយសាលាក្តីខ្មែរក្រហមអំពីចំនួនកុមារនៅ ស-២១ ក្តី ប៉ុន្តែមិនទាន់ផ្សព្វផ្សាយឲ្យលម្អិតពីស្ថានភាពកុមារដែលត្រូវចាប់យកមកជាមួយ ឪពុក ម្តាយនោះដែរ។ ដោយមើលឃើញពីចំណុចទាំងនេះ ទើបក្រុមការងារពិព័រណ៍នៃសារមន្ទីរទួលស្លែង បានរៀបចំពិព័រណ៍មិន អចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នេះ ឡើង។ ក្រុមការងារសារមន្ទីរ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវ នេះចាប់ពីខែសីហា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីការសិក្សាក្នុងបណ្ណសារសារមន្ទីរ ការសិក្សាលើប្រភពឯកសារ បោះពុម្ព និងនៅបណ្ណសារផ្សេងៗ។ ជាលទ្ធផល ក្រុមការងារបានសម្រេចរៀបចំព័ត៌មាននិងតម្លើងផ្ទាំងពិព័រណ៍ចំនួន ពីរបន្ទប់ដោយបង្ហាញពីទិដ្ឋភាពទូទៅរបស់កុមារក្នុងសម័យខ្មែរក្រហម និងស្ថានភាពកុមារក្នុងមន្ទីរ ស-២១។ ដោយក្នុងនោះលោក នង ចាន់ផល និង នង ចាន់លី ជាកុមារ ២រូប ក្នុងចំណោមកុមារ ៤រូប ដែលអាចរស់រានមានជីវិតពី មន្ទីរ ស-២១។ បច្ចុប្បន្ន ជនរងគ្រោះដែលនៅមានជីវិតចំនួន៤រូប (ក្នុងចំណោម ១២រូប ដែលអាចរួចផុតពីសេចក្តីស្លាប់នៅ មន្ទីរ ស-២១) តែងតែចូលរួមផ្សព្វផ្សាយនិងចែករំលែកពីបទពិសោធន៍របស់ខ្លួននាសម័យខ្មែរក្រហម ពិសេសនៅ មន្ទីរ ស-២១។នាឱកាសនោះឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងថា របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញ ប្រទេសជាតិស្ទើរតែទាំងស្រុង ជាពិសេសធនធានមនុស្សដែលត្រូវបានខ្មែរក្រហមសម្លាប់និងស្លាប់ដោយសារអត់ អាហារ ជម្ងឺ ធ្វើការបាក់កម្លាំងអស់ជិត២លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទោះបីជារបបវាលពិឃាត បានបញ្ចប់នៅឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨។ ប្រជាជនកម្ពុជា បានស្គាល់សុខសន្តិភាពជាលើកដំបូងក្រោយពេលឆ្លងកាត់បទពិសោធន៍សង្គ្រាម ជាង២ទសវត្សរ៍ ពិសេសក្រោយការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពសម្រាប់ប្រជាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងចំណោមជនរងគ្រោះដែលមានជីវិត ពីសម័យខ្មែរក្រហម ប្រហែលជា៥លាននាក់ ក្នុងនោះមានប្រមាណ ៧០% ជាស្ត្រី និងកុមារ (នេះបើយោងតាមស្ថិតិ របស់មហាវិទ្យាល័យវេជ្ជសាស្ត្រ និងនាយកដ្ឋានមាតា និងទារក ក្នុងឆ្នាំ១៩៨៩) ហើយកុមារ ៤៣,៥% (អាយុចន្លោះពី ១ឆ្នាំ ទៅ១៥ឆ្នាំ) មានបញ្ហាខ្វះអាហារូបត្ថម្ភ អនាម័យ និងជំងឺផ្សេងៗទៀត។ ដោយសារតែបទពិសោធន៍ដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា ទើបរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងន័យធានាថាប្រជាជនត្រូវរស់ក្នុងភាពសុខដុម រួមទាំងកុមារផងដែរ។ តួយ៉ាងរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់អនុវត្តតាមអនុសញ្ញាអន្តរជាតិផ្សេងៗ ពិសេសស្តីពី “សិទ្ធិកុមារ” របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជាបានប្រកាសទទួលស្គាល់និងចូលជារដ្ឋភាគីហត្ថលេខី ស្តីពីសិទ្ធិកុមារនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩២។ ជាពិសេសនៅក្រោមរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលជាប្រមុខដឹកនាំដ៏ឆ្នើម បានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការថែទាំកុមារ ទាំងសុខុមាលភាព និងការអប់រំ ព្រមទាំងធានានូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។ ការរៀបចំសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នាថ្ងៃនេះ គឺជាការរំលឹកដល់ខួបទី៣៥ នៃការអនុម័តលើអនុញ្ញាអន្តរជាតិស្តីពី “សិទ្ធិកុមារ” ដោយអង្គការសហប្រជាជាតិ ដែលទាមទារឲ្យប្រទេសក្នុងសកលលោកត្រូវយកចិត្តទុកដាក់ និងមានភារកិច្ចផ្តល់ឲ្យកុមារនូវសិទ្ធចម្បងៗរបស់ខ្លួន (សិទ្ធរស់រានមានជីវិត សិទ្ធទទួលនូវការអភិវឌ្ឍ សិទ្ធទទួលបាននូវការការពារ និងសិទ្ធក្នុងការចូលរួមកិច្ចការផ្សេងៗ)៕អត្ថបទ រដ្ឋា

ឯកឧត្តម អៀង មូលី ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤

2024/11/20 08:27:43 pm        172
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤, នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំD អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន២០៤នាក់។ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្នុងគោលបំណងធានាបាននូវភាពជាម្ចាស់ក្នុងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំផែនការយុទ្ធសាស្ត្រ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាព រួមនឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ជាចម្បង។ យើងបាននិងកំពុងកសាងបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ដោយការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។ ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានបញ្ជាក់ថា ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គយើងបានធ្វើបទបង្ហាញ រួមជាមួយនឹងការពិភាក្សានិងផ្តល់យោបល់យ៉ាងផុលផុស ដែលនាំឱ្យយើងទទួលបាននូវលទ្ធផលគួរជាទីមោទនៈសមស្របទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ និងសូមសង្ខេបជូនដូចតទៅ៖ ទី១៖ ការអនុម័តជាគោលការណ៍នូវសេចក្តីព្រាងវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៤។ ទី២៖ ការដាក់ចេញនូវសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤ សម្រាប់ការអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥។ ទោះបីជាកម្មវិធីរបស់យើងមានតែមួយព្រឹកក៏ពិតមែន ប៉ុន្តែដោយសារមានការចូលរួមយ៉ាងសកម្មពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា បានធ្វើឱ្យពេលវេលាដ៏មានតម្លៃរបស់យើងអាចទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសូមយកឱកាសនេះថ្លែងនូវការកោតសរសើរដ៏ស្មោះបំផុតជូនសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវវិធានការមួយចំនួន រួមទាំងការបង្កើនការវិនិយោគជាតិ ការចូលរួមពីសហគមន៍កាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបិទគម្លាតនៃការបង្ការ និងបង្កើនលទ្ធភាពទទួលបានសន្តិសុខសង្គម និងការថែទាំសុខភាពសម្រាប់ជនងាយរងគ្រោះ ដោយធានាថាធនធាននិងសេវាកម្មត្រូវបានកែសម្រួល និងកំណត់គោលដៅសម្រាប់អ្នកដែលត្រូវការឱ្យបានច្រើនបំផុត។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ បានដាក់ចេញនូវសេចក្តីសម្រេចចិត្ត ចំនួន៨ចំនុចផងដែរ៕អត្ថបទ រដ្ឋា

ឯកឧត្តម លេង ផាលី ប្រកាសបញ្ចូលសមាជិកថ្មី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង

2024/11/20 08:23:48 pm        153
ស្ទឹងត្រែង ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង នារសៀលថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែង។​លោកឱសថការី តឹក ឡេងស៊ឺ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានមានប្រសាសន៍ថា មន្រ្តី បុគ្គលិក និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ចំនួន២៥២នាក់ ស្រី១៦៩នាក់ ប្រកាសបញ្ចូលជាសមាជិកថ្មីបន្ថែមទៀត នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។ នាពេលកន្លងមកនេះសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ បានច្រើនលើក ច្រើនសារ ផងដែរ។ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង បានកោតសរសើរ និងគោរពថ្លែងអំណរគុណដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជានីតិបុគ្គលនៃក្រុមគ្រួសារស.ស.យ.ក. ដែលជាបេះដូងប្រជាពលរដ្ឋ បានចំណាយកម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា និងពេលវេលា មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។ ហើយបានចុះជាច្រើនលើកមកខេត្តស្ទឹងត្រែង ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ចំណែកលោក ទេព រិទ្ធី ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក រួមនិងនិសិ្សតផ្នែកគិលានុបដ្ឋាក បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង ដើម្បីផ្តល់ឱកាសជូនដល់និសិ្សតគ្រប់រូប នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង មានឱកាសចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។នាឱកាសនោះឯកឧត្តម លេង ផាលី បានថ្លែងអំណរគុណ និងសូមស្វាគមន៍ប្អូនៗដែលជាសមាជិកទើបនឹងជ្រើសរើសថ្មី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។ ឯកឧត្តម ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់ ស្របទៅនឹងអ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ហើយឯកឧត្តម ក៏បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដល់ថ្នាក់ដឹកនាំ ប្អូនៗ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលនិងអភិបាលរងក្រុង ស្រុក និងក្រុមការងារ ដែលបានចូលរួមក្នុងពិធីនេះ។ជាចុងក្រោយឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៩ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក ចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២០៨៤លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨០.៥៩១នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំរយ កៅសិប មួយ នាក់) គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.០២៩.៥៥០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន ពីរម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិន ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥ រាជធានី-ខេត្ត៕អត្ថបទ រដ្ឋា​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម

2024/11/20 08:05:58 pm        109
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Dato Khairul Hamed នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។​ក្នុងជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ។លោកនាយកប្រតិបត្តិក្រុមហ៊ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយរូបលោក។ លោកនាយកប្រតិបត្តិ បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ ស្វែងយល់ និងស្នើសុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជន លើវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។ លោកនាយក ក្រុមហ៊ុន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំ ចង្អុលបង្ហាញ និងតម្រង់ទិសក្រុមហ៊ុន ឱ្យទទួលបាននូវគំនិតផ្តួចផ្តើមថ្មីៗ បន្ថែមទៀត។ ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕អត្ថបទ រដ្ឋា

រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ)

2024/11/20 05:53:43 pm        167
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ) ដែលកិច្ចប្រជុំពិភាក្សាដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ ។កិច្ចប្រជុំនេះដែរគឺ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំង២ ហើយជាក់ស្តែង នាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួល ដល់អ្នកជំងឺខ្មែរ ដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ ជួយសម្របសម្រួលដល់ការចេញចូល របស់ប្រជាពលរដ្ឋ ខ្មែរទៅធ្វើការ ជា ពលករ និងទៅរកស៊ីស្របច្បាប់ នៅក្នុងខេត្តចាន់បុរី, សម្របសម្រួលនីតិវិធីដឹកទំនិញឆ្លងដែន, ពន្លឿនការកសាងស្ពានឆ្លងព្រំដែន និងការធ្វើខ្លោងទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរ ដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។ជាការឆ្លើយតបឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ។ឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍បន្តថា៖ កិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានឆ្លងព្រំដែនថ្មី នៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ បានជាកាត (Ban Phakkad) នាពេលនេះគឺគណៈកម្មាធិការថ្នាក់ខេត្តទាំងពីរ បានសម្រេចចិត្តអនុម័តលើសេចក្តីព្រាងកិច្ចព្រមព្រៀង ធ្វើយ៉ាងណាដើម្បីឲ្យការកសាងស្ពានឆ្លងព្រំដែនថ្មី បានដំណើរការយ៉ាងរលូន គឺយើងត្រូវមានកិច្ចសហការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត ។ ឯកឧត្តម អភិបាលខេត្តចាន់បុរី ក៍បានបញ្ជាក់ផងដែរថា៖ នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំពិភាក្សាការសាងសង់ស្ពាននៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ បានផាកាត(Ban Phakad) នាថ្ងៃស្អែក ដើម្បីបង្កើនសក្តានុពលពាណិជ្ជកម្ម រវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងចំណូលសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋក្នុងតំបន់ នៃខេត្តទាំងពីរ(ប៉ៃលិន+ ចាន់បុរី)ផងដែរ។សូមបញ្ជាក់ផងដែរថា៖ គម្រោងការសាងសង់ស្ពានថ្មីឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិព្រំ (ខេត្តប៉ៃលិន) និងខេត្តចាន់បុរី ប្រទេសថៃ នេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ផងដែរ៕

ប្រធានសមាគមជប៉ុន-កម្ពុជា​ជម្រាបសម្ដេចតេជោថា បន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម អភិវឌ្ឍធនធានមនុស្ស និងធុរកិច្ចនៅកម្ពុជា

2024/11/20 04:59:47 pm        143
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលនេះ។ សម្តេចតេជោ បានរំលឹកអំពីជំនួបរវាងសម្តេច និងឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូវិនិយោគ កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូកន្លងមក ហើយឱកាសនេះនឹងជាជំនួបសាជាថ្មីទៀត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសមាគមវិនិយោគិនជប៉ុន និងកម្ពុជា។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ្វូមីអាគី កម្ពុជាដែលក្រោយពីការចាកចេញពីតំណែងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តមប្រធាន បានខិតខំយ៉ាងខ្លាំងដើម្បីជំរុញទំនាក់ទំនងជប៉ុន និងកម្ពុជាតាមរយៈការបង្កើតជាសមាគមជប៉ុន-កម្ពុជានេះឡើង និងការខិតខំទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។  នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា ជំនួបសាជាថ្មីនេះ គឺដើម្បីរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពការងារនៃសមាគមនាពេលកន្លងមក ដែលបានចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា និងអំពីការបើកការិយាល័យរបស់សមាគមនៅកម្ពុជា កាលពីខែសីហាឆ្នាំ២០២៤ ដែលអាចឱ្យទាំងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចុះឈ្មោះចូលជាសមាជិករបស់សមាគម និងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរពីកិច្ចសហប្រតិបត្តិការរបស់សមាគមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានចំនួន៣ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងថែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ឯកឧត្តម ក៏បានបញ្ជាក់ផងដែរពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន២៦ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១៧ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ នៅវិស័យវារីវប្បកម្ម... ។ល។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមកសមាគម ជប៉ុន-កម្ពុជា បានខិតខំផ្សព្វផ្សាយតាមគ្រប់រូបភាព តាមទូរទស្សន៍ជប៉ុនអំពីសក្ដានុពលរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមទៀត ពិសេសក្រុមហ៊ុនប្រភេទសហគ្រាសធុនតូចនិងមធ្យម ឱ្យមកធ្វើការវិនិយោគថែមទៀតនៅកម្ពុជា ។ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងអាជីវកម្ម និងធុរកិច្ចជាមួយវិស័យឯកជនកម្ពុជាផងដែរ ។លោក កាតុ អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលសមាគមបាននាំមកកម្ពុជានាពេលនេះ គឺមានជំនាញក្នុងការកែច្នៃវត្ថុធាតុដើមនានាដែលសំបូរបែបនៅកម្ពុជា ដើម្បីផលិតជាទំនិញដ៏មានតម្លៃសម្រាប់ទីផ្សារកម្ពុជា តំបន់និងពិភពលោក។ក្នុងចំណោមជំនាញទាំងនោះ មានជំនាញខាងការកែច្នៃប្រើប្រាស់សូត្រពណ៌មាសរបស់កម្ពុជា តាមបច្ចេកវិទ្យាថ្មីរបស់ជប៉ុន មកធ្វើជាផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាព ការកែច្នៃសំបកគ្រាប់ស្វាយចន្ទីឱ្យទៅជាចំណីសត្វគោ, ការចិញ្ចឹមត្រី ទីឡាព្យាដែលមានផលប្រយោជន៍សម្រាប់ការនាំចេញ ហើយស្រកាត្រីទីឡាប់ព្យា អាចផលិតទៅជាផលិតផលរក្សាសម្រស់ ខណៈឆ្អឹងត្រីទីឡាប់ព្យាអាចកែច្នៃទៅជាចំណីសត្វ។ ទន្ទឹមនេះដែរក៏មានក្រុមហ៊ុនដែលមានជំនាញ កែច្នៃផ្លែខ្នុរ ពោលគឺក្តិបខ្នុរ និងសម្បកខ្នុរ ដែលកសិករកម្ពុជាតែងតែបេះចោលដើម្បីទុកឱ្យខ្នុរធំៗមានទំហំធំល្អ មកធ្វើជាម្ហូបក្នុងអាហារដ្ឋាន និងធ្វើជាចំណីសត្វផងដែរ។លោក កាតុ អគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា ទិសដៅខាងមុខរបស់សមាគមជប៉ុន-កម្ពុជា នឹងមានការវិនិយោគលើ ការបណ្តុះបណ្តាលជំនាញផ្នែកថែទាំយានយន្ត, បច្ចេកវិទ្យាព័ត៌មាន, ការប្រឹក្សាយោបល់ (Counselling) ជាដើម។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលបំណងនាំយកក្រុមហ៊ុនជប៉ុន ដែលមានជំនាញថែទាំមនុស្សចាស់ ផ្នែកសាងសង់និងរចនា និងក្រុមហ៊ុនបណ្តុះបណ្តាលការដាំស្មៅដើម្បីបម្រើទីលានវាយកូនហ្គោល ក៏ដូចជាតារាងបាល់ទាត់ មកកម្ពុជាបន្ថែមទៀត ដោយក្រុមហ៊ុនមើលឃើញថានៅកម្ពុជា ខ្វះធនធានក្នុងវិស័យនេះ ហើយដែលជប៉ុន និងកម្ពុជាអាចធ្វើការផ្លាស់ប្ដូរជាមួយគ្នាក្នុងវិស័យនេះផងដែរ។លោកអគ្គលេខាធិការសមាគម បានអះអាងបន្ថែមថា សមាគម និងវិនិយោគិនបានប្ដេជ្ញាចិត្តរួមគ្នាចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនិងខិតខំបន្ថែមទៀតដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដទៃទៀតឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។ក្រៅពីក្រុមហ៊ុន ដែលលោកអគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានរៀបរាប់ នៅមានក្រុមហ៊ុនមួយចំនួនទៀតដែលបានវិនិយោគនៅកម្ពុជារួចហើយ មានដូចជាក្រុមវិនិយោគលើឥណទានកាបោន, ក្រុមហ៊ុនចិញ្ចឹមត្រីយកសាច់, ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ, និងក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារកំប៉ុងជាដើម ដែលកំពុងដំណើរការបានយ៉ាងរលូន និងកំពុងរៀបចំពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដែលជាទិសដៅគឺនឹងនាំផលិតផល ដែលផលិតនៅកម្ពុជាទៅលក់នៅលើទីផ្សារជប៉ុន អឺរ៉ុប ស្វីស និងទីផ្សារពិភពលោក។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជាដែលដឹកនាំដោយឯកឧត្តម តាកាហាស៊ី ដែលបានប្រឹងប្រែងក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយវិស័យឯកជនរបស់ជប៉ុនបានរួមចំណែកយ៉ាងច្រើននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ សម្តេចតេជោ បានស្វាគមន៍ដោយសេចក្តីរីករាយ ចំពោះការសម្រេចចិត្តបើកការិយាល័យនៅកម្ពុជា និងការបើកឱ្យមានការចុះឈ្មោះជាសមាជិកថែមទៀត។ សម្តេចតេជោ បានបន្តថា ការងារនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគម ដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា។ សម្តេចសង្ឃឹមថា ឯកឧត្តមប្រធានសមាគម នឹងបន្តការងារនេះ ហើយវិនិយោគិនទាំងខ្មែរ និងជប៉ុនប្រាកដជាស្វះស្វែងរកគ្នាតាមរយៈសមាគមជប៉ុន-កម្ពុជានេះ។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក កាតុអគ្គលេខាធិការសមាគម ដែលខិតខំជំរុញក្រុមហ៊ុនតូច មធ្យម មកវិនិយោគនៅកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកកម្ពស់វិស័យសហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា ក្នុងការបង្កើតឱ្យទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ។សម្តេចតេជោ បានបញ្ជាក់ថាអ្វីដែលវិនិយោគិនជប៉ុន ចង់វិនិយោគនៅកម្ពុជា ក្នុងពេលនេះ គឺជាពេលវេលាដ៏សមស្របសម្រាប់កម្ពុជា ហើយវត្ថុធាតុដើមដែលភាគីជប៉ុនត្រូវការក៏មាននៅកម្ពុជាផងដែរ។ ប្រទេសកម្ពុជា មានវត្ថុធាតុដើមដ៏ល្អ ប៉ុន្តែបើមានបច្ចេកវិទ្យាជប៉ុនកែឆ្នៃ ឱ្យទៅជាផលិតផលប្រកបដោយជំនឿទុកចិត្តនោះ វានឹងបន្ថែមតម្លៃទៅលើផលិតផលនោះ និងជំនឿទុកចិត្តថែមទៀត។សម្តេចតេជោ បានសម្ដែងការចាប់អារម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទីដោយសម្តេច បានរំលឹកថាកាលពីពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានប្រកាសថា “កម្ពុជានឹងក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី”។ នាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលដាំស្វាយចន្ទីច្រើនជាងគេ និងមានទិន្នផលកើនឡើងជារៀងរាល់ឆ្នាំ។ គិតត្រឹម ១០ខែដំបូងក្នុងឆ្នាំនេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ប្រហែល ៨០ ម៉ឺនតោន។ ហេតុដូច្នេះ ប្រសិនបើជប៉ុន អាចទាញយកក្រុមហ៊ុន ទាំងនោះមកកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗ ដែលជាតម្រូវការបន្ថែមនោះប្រទេសកម្ពុជា ពិតជាមានភ័ព្វសំណាងណាស់។សម្តេចតេជោ បានបញ្ជាក់ទៅវិនិយោគិនជប៉ុនថា ផលិតផលរួមរវាងកម្ពុជា និង ជប៉ុន ប្រាកដជានឹងត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានចាប់អារម្មណ៍ផងដែរទៅលើការកែច្នៃក្ដឹបខ្នុរ និងសំបកខ្នុរ ហើយបើអាចកែច្នៃតាមការរៀបរាប់របស់ក្រុមហ៊ុននោះប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើនការដាំដុះដំណាំនេះថែមទៀត ។ កត្តានេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំពេញដល់គម្របព្រៃឈើរបស់កម្ពុជា ដែលធ្វើឱ្យការវិនិយោគលើ ឥណទានកាបោន នឹងទទួលផលចំនេញកាន់តែច្រើន។ សម្តេចតេជោ បញ្ជាក់ផងដែរថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាបៃតង ដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។សម្តេចតេជោ បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនជប៉ុន ដែលបានដើរស្របជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន៥ សែននាក់ ហើយក្រុមហ៊ុនជប៉ុន អាចចូលរួម បណ្តុះបណ្តាលយុវជន ទាំងនោះ។ ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញថែទាំងមនុស្សចាស់ សម្ដេចតេជោ បានគូសបញ្ជាក់ថា នៅពេល យុវជនទទួលបានការបណ្តុះបណ្តាលរួច ភាគីជប៉ុនគួរបញ្ជូនពួកគេទៅធ្វើការនៅប្រទេសជប៉ុន ដែលមានតម្រូវការអ្នកថែទាំមនុស្សចាស់ច្រើនហើយដែលអាចជួយផ្ដល់នូវការងារដល់ប្រជាជនកម្ពុជាផងដែរ។ទាក់ទងនឹងការបណ្ដុះបណ្ដាលផ្សេងទៀតដូចជា ការថែទាំស្មៅទីលានវាយកូនហ្គោល និងតារាងបាល់ទាត់ គឺអាចជាការប្រសើរផងដែរ ដោយសារអ្នកទេសចរណ៍ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ មានចំណូលចិត្តក្នុងការលេងវាយកូនហ្គោលកាន់តែច្រើនឡើង ដោយសារ ជំនាញថែទាំស្មៅនៅកម្ពុជានៅមានការខ្វះខាតនៅឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ដោយមើលឃើញថាមានវិនិយោគិនថ្មីៗដែលទើបមកកម្ពុជាជាលើកទី១ សម្ដេចបានជម្រាបជូនពីការប្រែប្រួលខាងនយោបាយនៅកម្ពុជា ដែលឆ្លងកាត់ការលំបាកទម្រាំទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ ដោយសម្ដេចបញ្ជាក់ថា សម្ដេចបានកាន់កាប់ការងារជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ហើយបើសរុបមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជានាយករដ្ឋមន្ត្រីផង មានប្រហែល៤៥ឆ្នាំ។ ជិតកន្លះសតវត្សទៅហើយ ដោយសម្ដេចបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលហែកហួរដោយសង្គ្រាម មកកាន់សុខសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ហើយមានកងកម្លាំងប្រដាប់អាវុធតែមួយ មិនមានការបែងចែកទឹកដី ដែលជាឱកាសល្អសម្រាប់ការអភិវឌ្ឍ ក៏ដូចជាវិនិយោគិនទុនអាចមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ឆ្លងតាមការផ្លាស់ប្ដូរ បើទោះជាសម្ដេចនៅមានសុខភាពល្អអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀតក្ដី តែសម្ដេចបានសុខចិត្តលះបង់អំណាច ដើម្បីប្ដូរយកមកវិញនៅសុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍប្រទេសបន្តទៀត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចជាងមួយឆ្នាំកន្លងមកនេះ គឺបានដើរក្នុងល្បឿនលឿនជាងរដ្ឋាភិបាលអាណត្តិមុន ដែលសម្បូរទៅដោយមនុស្សមានវ័យចំណាស់ ។សម្តេចតេជោ បានបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតចំណងធំបំផុតដល់កម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនមិនទាន់ច្រើននៅឡើយទេ មកបណ្តាក់ទុននៅកម្ពុជា។ ទើបតែ ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលមានក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានកើនឡើង។ ក្នុងនាមជាប្រទេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលសម្ដេចបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំជប៉ុនកន្លងមក ហើយបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសយើងទាំងពីរ កម្ពុជា និងជប៉ុន ត្រូវតែបន្តពង្រឹងទំនាក់ទំនងទាំងនយោបាយ និងជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះឱ្យកាន់តែច្រើនថែមទៀត។ ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណសាជាថ្មីដល់ឯកឧត្តម តាកាហាស៊ី ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកអគ្គលេខាធិការ ដែលបានខិតខំធ្វើការបានយ៉ាងល្អ និងសូមជូនពរដល់លោកទាំងពីរ និងគណៈប្រតិភូវិនិយោគិនជប៉ុនទាំងអស់ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងសូមទទួលបានសុខសុវត្ថិភាពពេលត្រឡប់ទៅប្រទេសជប៉ុនវិញ ។

ការពពោះជំនួសបានកម្រើកជាថ្មីនៅកម្ពុជា ខណៈជំនាញកំពុងតាមប្រមាញ់មេខ្លោង

2024/11/20 04:36:22 pm        708
ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើក​ឡើងជាថ្មីនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​តាម​ប្រមាញ់​តាម​ចាប់​ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ជួញ​ដូរ​មនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុ​ប្រធានអ​ចិន្ត្រៃយ៍​គណៈ​ក​ម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន​អំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស របស់ជនល្មើសមានការប្រែប្រួល ដែលធ្វើឲ្យ​មាន​ភាព​ស្មុគស្មាញ ព្រោះករណីខ្លះ ជនល្មើស និងជនរងគ្រោះមានភាពច្រឡំគ្នា ។លោកជំទាវ បន្តថា សម្រាប់បទល្មើសជួញដូរមនុស្សនោះ គឺភាគច្រើន​កើត​ឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ ហើយសម្រាប់ឆ្នាំនេះ ក៏បានឃើញនូវករណីថ្មីមួយទៀត ដែលកម្ពុជាបាន​បាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺការពពោះជំនួស ដែលករណីនេះបង្កឡើងដោយជនបរទេស គឺពួកគេបាន​ចាក់​មេ​ជីវិត​ពី​ក្រៅ​ប្រទេស ហើយមកសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅបន្តពួកគេ នឹង​លក់​ទារកទៅឲ្យបរទេសផ្សេងៗទៀត។លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅតែមាន​ការ​សូម​ជួយ​អន្ត​រាគមន៍​ពីជនមួយចំនួន ប៉ុន្តែប្រមាណជា ៨០ភាគរយ មិនមែនជាករណី​អំពើ​ជួញ​ដូរ​មនុស្ស​នោះ​ទេ​ ព្រោះករណីខ្លះ ពួកគេជាជនបរទេស ហើយបានចូល និងរស់នៅដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយខ្លាចមានទោសទណ្ឌ ទើបបង្កើតរឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ។ជា​មួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយ និ​ង​ទប់​ស្កាត់​នូវករណីបទល្មើស អំពើជួញដូរមនុស្សបន្ថែមទៀត តាមរយៈអនុវត្តវិធានការ ឬផែន​ការ​ដែល​មាន​ស្រាប់ ឬស្វែងរកនូវវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការទប់ស្កាត់នូវបទល្មើសនេះ ជាមួយនឹង​ការ​បន្ត​កិច្ចសហប្រតិបត្តិការគ្រប់ដៃជាតិ និងអន្តរជាតិ រួមជាទាំងប្រទេសជិតជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម គីម រិទ្ធី ផ្ដាំផ្ញើដល់សិក្ខាកាមពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាត រាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ

2024/11/20 03:32:32 pm        477
ព្រះវិហារ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដាំផ្ញើដល់សិក្ខាកាម នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាត រាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងជំរុញឱ្យនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នឹងត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានឧទ្ទេសនាមទាំងនៅក្នុងថ្នាក់ និងនៅលើទីលានហ្វឹកហាត់ នឹងបន្តខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការរបស់ថ្នាក់លើជាពិសេស គឺការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន។ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងការពង្រឹងនូវកាយសម្បទាឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដូចមានក្នុងទិសស្លោក “កងកម្លាំង គឺត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួនជាប់ជានិច្ច”ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយនូវគ្រប់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។បើតាមឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បានថ្លៃងបញ្ជាក់ពីការបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើរជើងថ្នាក់ ពួក ក្រុម កងអនុសេនាតូច បានបញ្ចប់ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺន ជាប្រចាំសំដៅធ្វើឱ្យកងទ័ពមានសមត្ថភាពគុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យនាពេលនេះ៕ 

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយ​អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ចិន

2024/11/20 03:30:15 pm        439
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្ដម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និង​ជា​ប្រធាន​គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអនុញ្ញាតឱ្យឯកឧត្ដម WANG Zhenjiang អនុ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅលើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​រវាង​កម្ពុជា-ចិន។ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និង​ជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឯកឧត្តម​ឧប​នាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន មានប្រវត្តិយូរ​លុង​ណាស់​មក​ហើយ​។ ចិនជាមិត្តល្អរបស់កម្ពុជា និងគួរប្រកាន់យក តាម រយៈព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្ត​រាប់ពាន់ឆ្នាំកន្លងមក និងរីកលូតលាស់មកទល់សព្វថ្ងៃ។ ឯកឧត្តមបានបន្តថា ទំនាក់​ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន ហើយត្រូវបានពូនជ្រំ ថែបំប៉ន និង​បានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី Xi Jinping ដោយបានប្រែក្លាយ​ទំនាក់​ទំនង​រវាង​ប្រទេ​ស​ទាំង​ពីរឈាន​ទៅ​ជា​ភាព​ដៃគូ​សហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយ​បាន​បង្កើត​សហគមន៍​ជោគវាសនារួមកម្ពុជា-ចិន។ ទំនាក់ទំនងនេះ កាន់តែត្រូវបានពង្រឹង និងពង្រីក​ដល់​កម្រិត​ខ្ពស់​ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន។ឯកឧត្ដម WANG Zhenjiang បានសម្ដែងនូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្ត្រីប្រចាំការ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ​មាន​ជំនួប​នា​ពេល​នេះ។​ ឯកឧត្ដមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនក៏បានជម្រាបជូនផងដែរ អំពីតួនាទី​ភារកិច្ច​សំខាន់​ៗ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ចិន ក៏ដូចជា​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្ល​ង​មក ពិសេសពាក់ព័ន្ធនឹងការកសាងច្បាប់។ ទន្ទឹមនេះ ឯកឧត្តម​ក៏​បាន​ចែក​រំលែក​អំពី​កិច្ច​ដំណើរ​ការ និងបែបបទនីតិវិធី នៃការកសាងច្បាប់របស់ប្រទេសចិន ចាប់ពីដំណាក់កាលតា​ក់​តែង​ដំបូង រហូតដល់ដំណាក់កាលនៃការតាមដានអនុវត្តច្បាប់ ក៏ដូចជាសមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបផងដែរ អំពីបទ​ពិសោធន៍ នៃ​ការកែទម្រង់ច្បាប់ និងគោល​ការណ៍​សំខាន់​ៗ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ចិន សំដៅគាំទ្រដល់ការកសាង និងការធ្វើទំនើបកម្មសង្គមតាមបែបចិន ក៏ដូច​ជា​ការ​បំពេញ​សេចក្តី​ត្រូវការរបស់ប្រជាជនចិន។ឯកឧត្តម វង្សី វិស្សុត បន្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានប្រកាន់ខ្ជាប់នូវ​គោលការណ៍​នៃ​ការ​ពង្រឹង​នីតិរដ្ឋនៅកម្ពុជា ដោយបាននិងកំពុងកសាងប្រព័ន្ធច្បាប់និងការកែទម្រង់ច្បាប់ ដោយឈរ​លើ​គោលការណ៍ភាពជាម្ចាស់, គុណតម្លៃនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់, យុត្តិធម៌ និង​សមភាព​នៅ​ចំពោះមុខច្បាប់, ការពារសិទ្ធិនិងសេរីភាពប្រជាជន, បរិការណ៍នៃសង្គមនិងសេដ្ឋកិច្ច, ឧត្តមានុវត្តន៍ជាអន្តរជាតិ និងគោលការណ៍នៃការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ជាដើម។ល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើង​អំពី​មុខងារ​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តីលើការងារពាក់ព័ន្ធនឹងការកសាងច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និង​គណៈ​កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាសេនាធិការ ក៏ដូចជាតួនាទី និងភារកិច្ច​រវាង​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ផងដែរ។ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា ទោះបីប្រព័ន្ធនយោបាយរវាងកម្ពុជា និងចិន មិន​ដូចគ្នាក៏ពិតមែន តែភាគីទាំងពីរក៏អាចធ្វើការរៀនសូត្រ និងចែករំលែកបទពិសោធល្អៗពីគ្នា ពាក់​ព័ន្ធ​នឹង​ការកសាងប្រព័ន្ធច្បាប់ និងការកែទម្រង់ច្បាប់បានផងដែរ។ ម្យ៉ាងវិញទៀត ប្រព័ន្ធ​ច្បាប់​របស់​ចិន​ក៏​មាន​ភាព​ជឿនលឿនផងដែរ ហើយបច្ចុប្បន្នចិន គឺជាដៃគូសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធំ​ជាង​គេរ​បស់កម្ពុជា ហើយនៅកម្ពុជាក៏មានវត្តមាននៃវិនិយោគិនចិនកំពុងធ្វើការវិនិយោគ និង​ធ្វើ​ធុរកិច្ច​ច្រើន​ផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្ដម WANG Zhenjiang បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាផងដែរ លើការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យនីតិកម្មរវាងទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌នៃប្រទេសចិន តាម​រយៈ​ការពិនិត្យលទ្ធភាពក្នុងផ្លាស់ប្តូរដំណើរទស្សនកិច្ចការងារ, ការបណ្តុះបណ្តាល និង​ការ​កសាង​សមត្ថភាពផ្នែកច្បាប់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធល្អៗ ក្នុងការកែទម្រង់ច្បាប់។ នៅចុងបញ្ចប់ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងប្រកប ដោយ​ផ្លែផ្កា៕​

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការវិភាគមុខងារក្រសួង ស្ថាប័ន គឺដើម្បីពង្រឹងស្ថាប័នកាន់តែរឹងមាំ បម្រើប្រយោជន៍ជាតិ និងប្រជាជន

2024/11/20 03:16:13 pm        412
ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ បានបន្តរៀបចំ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង-ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់​ប្រសិទ្ធភាព​ នៃ​វិស័យ​សាធារណៈ​»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា កិច្ចការដ៏សំខាន់នេះ គឺ​ជា​ភារកិច្ច​ដែល​ត្រូវបំពេញ ដើម្បីពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើ​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ពីគុណប្រយោជន៍ និង​គោលដៅ​នៃ​ការ​ពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា "ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង-ស្ថាប័ន មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់​ផល​ប្រយោជន៍​របស់​មន្ត្រី​នោះ​ទេ ប៉ុន្តែគឺជាការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និងប្រជាជន។" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា "ការពិនិត្យឡើងវិញ និង​ការ​វិភាគ​មុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ។ រាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់​ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺ​ជា​ម្ចាស់​នៃ​ការងារនេះ។ ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារ​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​គិតគូរ​ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និង​ជា​មូល​ដ្ឋាន​កំណត់​ក្នុង​ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព នៃ​ការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែក​លើ​អភិក្រម​នៃ​ប្រព័ន្ធតួអង្គតែមួយ។ ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹង​ក្លាយ​ជា​មូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច​របស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម​ចំណែក​ដល់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការ​សម្រេច​បាន​ចក្ខុ​វិស័យ​ឆ្នាំ២០៥០។ ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរាជទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា "សិក្ខាសាលានាពេលនេះ មាន​សារ​សំខា​ន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការ​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជា​ប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជា​មាន​សារ​សំខាន់​ក្នុង​ការពង្រឹងស្ថាប័ន និងជាមូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដាក់​នូវ​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។" ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណង​សំខាន់​ៗ រួមមាន ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល ការវាយតម្លៃស្ថាប័ន ការ​វាយ​តម្លៃ​ធន​ធានមនុស្ស និងការកែលម្អឥតឈប់ឈរ៕ អត្ថបទ៖ គឹម ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM
ប្រធានIAEA៖ ប្រព័ន្ធផ្ទៀងផ្ទាត់នុយក្លេអ៊ែរដ៏រឹងមាំ គឺត្រូវការ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
06/26/2026 04:06 PM
អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី
06/26/2026 04:06 PM
រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
06/26/2026 04:06 PM
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនៅតំបន់គ្រីម៉េ
06/26/2026 03:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល ៤.២៣០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែ មីនា
06/26/2026 03:06 PM
សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្របដិសេធលទ្ធភាពនៃការយកពន្ធគយនៅច្រកសមុទ្រហ័រមូស
06/26/2026 03:06 PM