មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា៖ ខេត្តក្វាងទុងជាផ្នែកសំខាន់មួយក្នុងការជួយជំរុញ​ទំហំពាណិជ្ជ​កម្ម​កម្ពុជា-ចិន សម្រេចបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

2024/11/19 04:02:11 pm        286
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ដល់​សភា​ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា​ឱ្យបានកាន់សកម្មនិងគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិតនិងគ្រប់វិស័យ ពិសេសការ​ភ្ជាប់​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនាំមកនូវផលប្រយោជន៍ ដល់ប្រទេស និង​ប្រជាជនទំាងសងខាង។សម្តេចបាន​លើកឡើងដូច្នេះ នៅក្នុងឱកាស អនុញ្ញាតជូន ឯកឧត្តម ហួង លី (Huang Li) ប្រធាន​គណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសដែល ឯកឧត្តម បាន​ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។សម្តេច​ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមហួង លី និងគណៈ​ប្រតិភូ​នា​ពេលនេះ ពិតជាមានសារៈសំខាន់ និងបានឆ្លុះឱ្យឃើញពីការអនុវត្តជាក់ស្តែងនូវស្មារតីនៃកិច្ចព្រមព្រៀងរវាងសភានៃប្រទេសទាំងពីរ ដែលបានចុះត្ថលេខាកាលពីខែកញ្ញា កន្លងមកថ្មីៗនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរនៅគ្រប់កម្រិត តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាខេត្តក្វាងទុងជាខេត្តមួយមានដែលសក្តានុពលសេដ្ឋកិច្ចនិងនវានុវត្តន៍ខ្ពស់ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនខ្លំាង។ សម្តេចបានស្នើដល់ឯកឧត្តមប្រធានគណៈប្រតិភូជួយជំរុញនិងសម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញអ្នកវិនិយោគចិនមកកម្ពុជា និងជួយបញ្ជាទិញផលិតផលកសិកម្មពីកម្ពុជា និងជំរុញការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងលើកសិកម្មទំនើប។សម្តេចប្រធានរដ្ឋសភាលើកឡើងថាចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន និងមានលក្ខណៈពិសេស ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសទំាងពីរ។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាលពីឆ្នាំ២០២៣ សម្រេចបានជាង១២ពាន់លានដុល្លារ ហើយត្រឹម៨ខែ ឆ្នាំ២០២៤នេះ គឺសម្រេចបានជាង១០ពាន់លានដុល្លារហើយ។ ដូច្នេះការឆ្ពោះទៅសម្រេចបាននូវគោលដៅ ១៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ខេត្តក្វាងទុងជាផ្នែកសំខាន់មួយនៅក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបានតាមផែនការគ្រោងទុក។ជាការឆ្លើយតប ឯកឧត្តម ហួង លី បានគំាទ្រប្រសាសន៍សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានថ្លែងអំណរគុណដែលសម្តេចបានចំណាយពេលវេលាទទួលជួបឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមក៏បានជម្រាប សម្តេចប្រធានរដ្ឋសភា ពីគោលបំណងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ គឺដើម្បីសិក្សាពីច្បាប់និងការអនុវត្តច្បាប់របស់កម្ពុជាលើបញ្ហាមនុស្សសាស្រ្ត សង្គមកិច្ច និងការងារ។ ដំណើរទស្សនកិច្ចនាពេលនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាខេត្តក្វាងទុងនិងរដ្ឋសភាកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបរបស់កម្ពុជាផងដែរ។ឯកឧត្តម ហួង លី បានជម្រាបជូនសម្តេចពីភូមិសាស្រ្ត និងសក្តានុពលសំខាន់ៗរបស់ខេត្តក្វាងទុង ដែលមានប្រជាពលរដ្ឋ១៥០លាននាក់និងបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតីទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុងក្នុងពេលវេលាសមស្របណាមួយ ផងដែរ។ក្រោយពីជំនួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភារួចហើយ ឯកឧត្តមប្រធាន គណៈកម្មាធិការសង្គមកិច្ចនៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាកម្ពុជា បន្តទៀត៕

រាជរដ្ឋាភិបាលប្រកាសទទួលស្គាល់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន៤ ជាថ្នាល​របស់រាជរដ្ឋាភិបាល

2024/11/19 03:56:50 pm        265
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​បញ្ជាក់​ឲ្យ​ដឹងថា​ រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន៤ រួមមាន៖ ថ្នាលផ្ទុក​ឯកសា​រ​សាធារណៈផ្លូវការ GO.GOV.KH, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH​, ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH, កម្មវិធីបញ្ញាសិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅជាសំឡេងសារិកា “SARIKA” ដែលជាថ្នាល​របស់​រាជ​រដ្ឋាភិបាលមានមុខងារ និងអត្ថប្រយោជន៍សំខាន់ៗ។- ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។- ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។- ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។- កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖ ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម​ (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។ក.ប.ទ. អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕ 

ប្រជាពលរដ្ឋជាង១២០០នាក់ បានទស្សនាខ្សែភាពយន្តកម្ពុជា-ចិន ប្រកបដោយសប្បាយរីក និងស្នាមញញឹមយ៉ាងកក់ក្តៅ

2024/11/19 03:38:53 pm        255
ក្រោមកិច្ចសហការ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ខេត្តពោធិ៍សាត់ បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កម្សាន្ត​នា​ពេលរាត្រី។ ការបញ្ចាំងខ្សែភាពយន្តចល័តនេះ ដឹកនាំដោយលោក ឡាច ផេងលី ប្រធាន​មន្ទីរខេត្តពោធិ៍សាត់ព្រមទាំងមន្ត្រីរាជការបានជួយសម្របសម្រួយលើទីតាំងទាំង៣៖១-ក្នុង​បរិវេនសាលាវិទ្យាល័យ បាកាន , ២-សួនច្បារមុខមន្ទីរវប្បធម៌ និង៣-ក្នុងបរិវេនគណបក្ស ស្រុកកគរ។ ដោយមានអ្នកចូលរួមទស្សនា ប្រហែល ១២០០នាក់ ប្រកបដោយសប្បាយរីក ក្រោមស្នាមញញឹម យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ គ្រប់ស្រទប់វណ្ណ មិនថាយុវជន យុវតី កុមារា កុមារី លោកយាយ លោកតា អ៊ុ ពូ មីងផងដែរ។ លោកស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អោយ​ដឹងថា ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចុះ​បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ លើទឹកដី នៃខេត្តខេត្តពោធិ៍សាត់ ដែល​ជា​គោល​ដៅទីមួយសម្រាប់ចាក់បញ្ចាំងភាពយន្ត។ ក្រោមកិច្ចសហការ អាជ្ញាធរមន្ទីរ​ខេត្ត​ ពោធិ៍សាត់ បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបាន​ចាក់​បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី។ អនុប្រធានការិយាល័យផលិត បាន​បន្ថែមថា ទីតាំងចំនួន៣ នៅខេត្តពោធិ៍សាត់ ទទួលបាន​គាំទ្រ​សកម្មភាព​ចុះប​ញ្ចាំង​ខ្សែ​ភាព​យន្ត កម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល៣ថ្ងៃ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីមូលដ្ឋានពាក់ព័ន្ធជុំវិញខេត្ត និងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។ លោកបន្តទៀតថា ការបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៨នេះ គឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពី​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃ​ប្រទេស​ទាំង​២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។ លោកអនុប្រធានការិយាល័យ បន្តថា ការ​បញ្ចាំង​ភាព​យន្ត​នេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំ​ផ្លាស់​ប្តូរ​វប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជា​ការ​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​សិល្បៈ​ភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិត​ស្ថេរ​បន្ថែម​ទៀត​ចាប់​ពី​ទី​ក្រុងរហូតដល់ជនបទ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រ​សកម្ម​ភាព​ការ​ចាក់​បញ្ចាំ​ងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ត​ចុះ​ចាក់ប​ញ្ចាំង​ភាពយន្ត នៅឆ្នាំក្រោយៗទៀត ។គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៦ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុង​ន័យ​ផ្សព្វផ្សាយ​ពី​ចំណង​មិត្តភាព​ដ៏​រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែប៕ 

សមាគមជប៉ុន-កម្ពុជា សន្យាបន្តកៀរគរក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា

2024/11/19 03:25:14 pm        262
លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បាន​សន្យា​បន្ត​កៀរគរនូវក្រុមហ៊ុនរបស់ប្រទេសជប៉ុន មកធ្វើការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេស​កម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ។ក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) លើក​ឡើងថា នេះជាលើកទី៤ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា ដោយបច្ចុប្បន្ន សង្កេតឃើញថា កម្ពុជាបាន​អភិវឌ្ឍ​ជឿន​លឿន​ជាង​មុន​លើ​ការ​វិនិយោគ​ពី​បណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ ។ លោក បានបន្តថា សម្រាប់ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាពបន្ថែម ក្នុង​ការវិនិយោគពីក្រុមហ៊ុននានា របស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​វិស័យ​សំណង់​ផងដែរ ។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ដែល​ដំណើរ​ទស្សនកិច្ចនេះ ជាពេលវេលាដែលខុសប្លែកពីលើកមុន ហើយជាឱកាសជាច្រើន សម្រាប់​សមាគមជប៉ុន-កម្ពុជា ខណៈក្រសួងរៀបចំដែនដី គ្រោងរៀបចំសន្និបាតប្រចាំឆ្នាំ នា​សប្តាហ៍​ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ក្នុងជំនួបនេះឯកឧត្តម សាយ សំអាល់ លើកឡើង ពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុន​លើ​វិស័យ​មួយ​ចំនួន ដូចជានៅក្នុងខេត្តព្រះសីហនុ នឹងមានការពង្រីកផែ ដោយមាន​មហិច្ឆតា​នឹង​ប្រែក្លា​យ​ផែ​នេះ​ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏​ជា​កន្លែង​ដ៏​សំខាន់មួយ សម្រាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅ​វិនិយោគ​សំខាន់​ៗ​មួយ​ចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់​ដំណើរ​ការ​សេដ្ឋកិច្ច​របស់​ប្រទេសក​ម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានខិតខំប្រឹងប្រែង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ ដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជា ប្រព្រឹត្តទៅដោយរលូនទៅមុខ ហើយសង្ឃឹម​ថា​នឹង​រក្សា​បានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានកំពុងរីកធំធាត់ និងកំពុងផ្តល់ផល​វិជ្ជមាន​ដល់​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា

2024/11/19 03:08:16 pm        310
ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ ២០១៧, បច្ចុប្បន្ន​ប្រព័ន្ធ​គាំពារ​សង្គម​កំពុង​គ្របដណ្ដប់ពលរដ្ឋជាង ៧លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំ​ជាង​មុន​ជាង ៣ដង ដោយបានកំពុងផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម លើកឡើងនៅក្នុងសន្និសីទជាតិ ស្ដីពី​សមិទ្ធ​ផល​នៃ​ប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ចេញ​នូវ​អន្ត​រាគមន៍ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋនាពេលកន្លងទៅរួមមាន៖ ការ​ពង្រឹង​ភាព​ធន់​របស់ពលរដ្ឋ ដោយផ្ដល់ការគាំពារ តាមរយៈកម្មវិធីជាតិជំនួយសង្គម និងរបប​សន្តិសុខ​សង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស, សមត្ថភាព និងកាលានុវត្ត​ភាព​ការងារ និងការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ​ការ​ផ្ដល់​នូវ​ការ​គាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូបញ្ជាក់ថា តាមរយៈវិធីសាស្ត្រទាំងពីរខាងលើ ជារួម, វិសាល​ភាព​របស់​ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧ ដោយ​បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧ លាននាក់, ខណៈដែល​ចំណាយ​ថវិកា​ជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង បើគិតជារួម, ទំហំចំណាយ​ថវិកា​សរុប​លើ​ប្រព័ន្ធ​គាំពារ​សង្គម មាន ចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលប្រមាណ ៤,៣ ប៊ីលានដុល្លា​រ​​អាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់​គ្រួសារ និងពលរដ្ឋ ដែលទទួលផល ក្នុងនោះបើគិតជាមធ្យម, ម្នាក់ៗ​ទទួល​បាន​នូវ​ថវិកា​ចំនួន​ ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុង​អំឡុង​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយ​ថវិកា​ជាតិ​សរុប​ប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាមេរិក, សម្រាប់គ្រួសារ​មាន​បណ្ណ​សមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារ នីមួយៗ ទទួលបានថវិកា​ឧបត្ថម្ភ​ជា​មធ្យម ​ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារក្នុងមួយឆ្នាំ ។ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល និង​ការ​រក្សា​លំនឹងជីវភាពគ្រួសារ ពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន, ព្រម​ទាំង​បាន​ធ្វើ​ឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារ មាន ភាពប្រសើរឡើងផងដែរ ។ បន្ថែមលើនេះ, ការវិនិយោគដ៏ច្រើននេះ បានផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការ​អភិវឌ្ឍ​មូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដោយបានធ្វើឱ្យ​គោល​នយោបាយ​គាំពារ​សង្គម​ ក្លាយជាគោលនយោបាយដ៏សំខាន់ និង មិនអាច ខ្វះបាន ព្រមទាំង​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់ ក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋ​សភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ​កាត់​បន្ថយ​វិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍​ក្នុងការវិនិយោគ​នៅកម្ពុជា

2024/11/19 02:56:45 pm        307
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សា​ឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ​គោរ​ព​ជូន​ចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា និងបានចាប់​អារម្មណ៍​អំពី​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​រាជធានី​ភ្នំពេញ​ផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សន​កិច្ច​របស់​លោក​មក​កាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណង​ស្វែង​រក​កាលា​នុវត្តភាព​វិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យ​ធន​ធាន​ទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការ​ឆ្លើយ​តប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជា​ថ្មី​ម្ដងទៀត។ សម្ដេចបវ​រ​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុម​ហ៊ុន​ក្នុង​ការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី​ក៏បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់ចេញនូវ​គោល​នយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ទៅ​ដល់​ភាព​ជោគ​ជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និង​សកលលោក។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្ត​ពិភាក្សា​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិត​អំពី​​គម្រោង​វិនិយោគ​របស់ក្រុមហ៊ុននៅកម្ពុជា ៕

ការភ្ជាប់រវាងសាកលវិទ្យាល័យ និងសហគ្រាស ជាការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច

2024/11/19 02:48:54 pm        507
សាកលវិទ្យាល័យ និងសហគ្រាស ដើរតួនាទីយ៉ាងសំខាន់ជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើតភាពជាដៃគូ សហការ រវាងគម្លាតគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស ដែល​ត្រូវ​តភ្ជាប់​បំប្លែងចំណេះដឹង និងទ្រឹស្តី ឈានដល់ការបង្កើតបច្ចេកវិទ្យា ថ្មីៗ និងការ​បង្កើត​ឱកាស​ការងារ​ជាដើម។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ពិធីបើកកម្មវិធី សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សាកល​វិទ្យាល័យ ​និងសហគ្រាស ផ្តោតលើ៖ កាតាលីករនៅក្នុងគំរូត្រីវ័ណ្ត សម្រាប់​នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដើម្បីទទួលបានកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ជាមួយនឹង​តម្រូវ​ការ​របស់​សហ​គ្រាស​ គឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញ ឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​គុណភាពនៃការអប់រំផងដែរ។ ទន្ទឹមនេះ យុទ្ធសាស្រ្តខាងលើ នឹងបង្កើតឱកាសដល់ និស្សិត​នៅ​កម្ពុជា ទទួលបានជំនាញ ចំណេះ ពិតប្រាកដ ឆ្លើយតបតម្រូវ​ការ​ការងារ​នៅ​តាម​បណ្តា​សហ​គ្រាស​ឧស្សាហកម្ម។ ជាការពិត ណាស់, សាកលវិទ្យាល័យ និងសហគ្រាស​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើត ភាព​ជា​ដៃ​គូ​សហការ​ដ៏​រឹង​មាំ គម្លាតរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាសត្រូវបានតភ្ជាប់ ដោយបំប្លែងចំណេះដឹង និង​ទ្រឹស្តី ទៅជាការអនុវត្តជាក់ស្តែង ដែលឈានដល់ការបង្កើតបច្ចេកវិទ្យាថ្មីៗ និងការ​បង្កើត​ឱកាស​ការងារថ្មី។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០៣០ បានគូស បង្ហាញពីការតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករដ៏ សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល, ផែនទីបង្ហាញផ្លូវនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់សាកលវិទ្យាល័យ សហ​គ្រាស ដែលជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ, អាចសម្រេច​នូវ​គោល​បំណង​សំខាន់ៗ​មួយ​ចំនួន​រួមមាន​៖ ការពន្លឿនល្បឿន នវានុវត្តន៍ សំដៅដល់ការជំរុញវប្បធម៌នវានុវត្តន៍ និងការច្នៃប្រឌិត ដែល​សាកលវិទ្យាល័យ និងសហគ្រាសធ្វើការរួមគ្នា ដើម្បីបង្កើត ផលិតផល ដំណើរ ការផលិត និង​សេវាកម្មថ្មីៗ, ការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅដល់​ការ​លើក​កម្ពស់​គម្រោង​ស្រាវ​ជ្រាវ រួមគ្នា ដែលដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម, ការអភិវឌ្ឍធនធានមនុស្ស សំដៅ​ដល់ការបំពាក់ឱ្យសិស្សជំនាញអនុវត្ត ជាក់ស្តែង និងចំណេះដឹង​ក្នុង​ឧស្សាហកម្ម​តាមរយៈ​កម្ម​សិក្សា ការរៀនសូត្ររួមបញ្ចូលគ្នា និងកម្មវិធីសហគ្រិនភាព, និងការជំរុញ កំណើនសេដ្ឋកិច្ច​ដោយ​ការ​ផ្សព្វផ្សាយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ដើម្បីសម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនគប្បីបន្តជំរុញ បរិយាកាសអំណោយផល តាមរយៈគោលនយោបាយ និង​បទ​ប្បញ្ញ​ត្តិ​គាំទ្រ, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កន្លែងស្រាវជ្រាវ និង​មជ្ឈ​មណ្ឌលនវានុវត្តន៍, កសាងសមត្ថភាពបន្ថែមដល់អ្នកស្រាវជ្រាវទាំងវិស័យសាធារណៈ និង​ឯកជន និងបង្កើតភាពជាដៃគូរឹងមាំ ដោយសហការប្រកបដោយប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល គ្រឹះ​ស្ថានអប់រំ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

ពូជស្រូវ២ប្រភេទ និងសម្ភារកសិកម្មមួយចំនួនរបស់កម្ពុជា​ ត្រៀមផ្តល់ជូនប្រទេសគុយបា ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករ

2024/11/19 12:06:04 pm        187
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ខារីដេត ហ្សាឌីវ៉ាភីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយបញ្ចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ​ការ​ស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​ពីរ​លើ​វិស័យ​ស្រូវ​អង្ករ​។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​អនុវត្ត​នេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំង​ទិដ្ឋភាព​ផ្លូវ​ច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។ប្រភពដដែល បានឲ្យដឹងទៀតថា ចំពោះកិច្ច​សហប្រតិបត្តិការ​ផ្ដល់​ជំនួយ​បច្ចេក​ទេស​នៅ​ក្នុង​វិស័យ​កសិកម្ម​ដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំ​បញ្ចូន​ពូជ​ស្រូវ​អាយុ​ខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន ២ពូជ ដែលមានពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែល​សម​ស្រប​នឹង​ប្រព័ន្ធ​ក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំង​អ្នក​បច្ចេកទេស​កសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទ​ក្នុង​ការ​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួលឆាប់រហ័ស៕ អត្ថបទ ឈិត បូរ៉ាវី 

ស្រ្តីប្រមាណ ៨០% រួមចំណែកយ៉ាងខ្លាំងលើការងារវិស័យឧស្សាហកម្មកាត់ដេរ

2024/11/19 11:53:42 am        342
គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញសរុបចំនួន ៤៥,៥ ប៊ីលាន​ដុល្លារ ដែលរួមមានវិស័យសំខាន់ៗដូចជា វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ជាមួយ​នេះ​រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនោះភាគច្រើនប្រមាណ៨០% នៃនិយោជិត​នៅ​ក្នុង​វិស័យ​ទាំង​នោះ គឺជាស្ត្រី។ ដូចនេះហើយ ស្រ្តីមានតួនាទីសំខាន់ខ្លាំង​ណាស់​ក្នុង​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀក​បំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងកា​រ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​យល់​យ៉ាង​ច្បាស់​នូវ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​នៃ​វិស័យ​ទាំង​នេះ និងបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង​កាបូប​នៅ​កម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​ចីរភាព​បរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និង​មាន​លក្ខណៈ​ពិសេស។ក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីករជាស្រ្តី ដែលប្រកបមុខរបរក្នុងវិស័យសម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ជាការកត់សម្គាល់គឺមើលឃើញថា សព្វថ្ងៃ​វត្តមាន​ស្រ្តី​នៅ​​ក្នុង​អាជីពការងារកាន់តែមានចំនួនកើនឡើងច្រើន ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ដែល​​រដ្ឋាភិបាលបានខិតខំទាក់ទាញអ្នកវិនិយោគជាច្រើនហូរហែ ឲ្យមកបើករោងចក្រ សហគ្រាស​នៅ​កម្ពុជា ថែមទាំងផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។ក្រុម​អាជីវករ បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ និងគិត​គូរ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងខណៈប្រទេសបន្តរក្សាបានសុខសន្តិភាព ក៏បានជំរុញ​ឱ្យស្រ្តី​វ័យក្មេង​មាន​ចំនួន​កាន់​តែច្រើនឡើងផងដែរ ក្នុងការជ្រើសរើសសិក្សាមុខជំនាញ និងប្រឡូក​ក្នុង​អាជីព​ការងារ​ដូច​បុរស​។ ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ​សម​ស្រប​ក្នុង​វិស័យ​វាយ​នភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជាបានចូលរួម​ក្នុង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយ​តម្លៃ​លើ​លក្ខ​ខណ្ឌ​ការងារ​ដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋាន​ការងារ​គោល​ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ

2024/11/19 11:44:15 am        153
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បាន​ចុះរៀបចំ​សណ្ដាប់​ធ្នាប់​តាមបណ្ដោយផ្លូវលេខ២១៥ ដែលកន្លង​មក​ចំណុច​នេះ​ក្រុម​អ្នក​រត់តាក់​ស៊ី​បាន​យក​ផ្លូវ​សាធារណៈ​ធ្វើជា​បេនឡាន​ចត​រថយន្ត​អាណាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ដល់ដំណើរ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជា ពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះរៀបចំ​សណ្ដាប់​​ធ្នាប់​ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវលេខ២១៥ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ​៧​មករា កន្លែងបេងឡានមិនរៀបរយ បង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ។ក្នុងនោះដែរ លោក អធិការនគរបាលខណ្ឌ៧មករា បានប្រាប់BTV ឲ្យដឹងថា​ចំពោះ​ទីតាំង​ត្រង់​ចំណុច​ស្តុបផ្សារដេប៉ូ ជាទីតាំងប្រជុំជន និងក្បែរផ្សារដេប៉ូផងដែរ កន្លងមកក្រុម​អ្នក​រត់​តាក់ស៊ី​បាន​យកផ្លូវសាធារណៈ ធ្វើជាបេនឡាន បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះ​ឲ្យ​កម្លាំង​នគរបាលជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ ដោយណែនាំឲ្យក្រុម​ឡាន​តាក់​ស៊ី​ទាំង​អស់​រក​ទីតាំងថ្មី។ ក្នុងករណីនៅតែបន្តមកចតបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៀត នោះ​កម្លាំង​ និងចាត់វិធានការ ឃាត់រថយន្តរក្សាទុកតែម្ដង។ជាចុងក្រោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសំណូមពរដល់ជាពលរដ្ឋក៏​ដូចជាអាជីវករទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមរក្សាបរិស្ថានអានាម័យ ជាពិសេស​រក្សា​ចិញ្ចើម​ផ្លូវ​ដើម្បីស​ណ្ដាប់​ធ្នាប់​ល្អ​ប្រសើរ​ទាំងអស់​គ្នា​ជៀសវៀង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរដោយយានយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ៕ អត្ថបទ៖ កុម្ភះ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM