មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានជាតិ

កម្ពុជាបង្ហាញពីជំហរជាតិសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល

2024/11/19 07:28:09 pm        140
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល ដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ ប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាសធាតុដូចជា ទឹកជំនន់ គ្រោះរំាងស្ងួតរលកកម្តៅ ដីខូចគុណភាព ការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។ កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។ កម្ពុជាបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់សកម្មភាពសម្រាប់ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធនធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ។

អភិបាលខណ្ឌបឹងកេងកង ជួបសំណេះសំណាល កម្លាំងសណ្តាប់ធ្នាប់ ដែលខិតខំបំពេញការងារ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/19 06:27:10 pm        144
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ត្រូវបានបញ្ចប់ដោយបរិយាកាសល្អប្រសើរហើយនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយបងប្អូន ជាកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ បម្រើ និងការពារ ជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យជាតិដ៏សម្ខាន់មួយនេះ ។ ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ទាំងអស់ផងដែរ ។ ក្នុងឱកាសសំណេះសំណាលនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ មិនថាតែមានរដូវបុណ្យទាន , បុណ្យជាតិប្រពៃណីធំៗ ឬថ្ងៃធម្មតានោះទេ ពោលគឺធ្វើយ៉ាងណា ដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅបានប្រកបដោយសេចក្តីសុខសប្បាយ ។ លោកអភិបាល បន្តថា ៖ កម្លាំងទាំងនេះ ក៏បានដើរតួសម្ខាន់ ក្នុងការជួយសម្រួលចរាចរណ៍ មិនថាយប់ថ្ងៃជូនប្រជាពលរដ្ឋ ពិសេសក្បួនធ្វើដំណើរពិសេសៗ របស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់អន្តរជាតិ ដែលបានចូលមកកម្ពុជា ផងដែរ ។ ឈ្លៀតក្នុងឱកាសដដែលនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងម្នាក់ទទួលបាន ភេសជ្ជៈ១កេស , មី១កេស , ទឹកដោះគោ ២កំប៉ុង , អាវយឺត១ និងថវិកាមួយចំនួនផងដែរ ៕ លីហេង

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ សម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់

2024/11/19 05:58:13 pm        192
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។​ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្ត បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ តាមរយៈគំនិត ផ្តួចផ្តើម និងអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា បង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ ដែលមានរយៈពេលសិក្សា ចំនួន ០៣ ឆ្នាំ។ កម្មវិធីសិក្សានេះ ទទួលស្គាល់ពីក្រសួងសុខាភិបាល នៅឆ្នាំ២០១៧។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងទទួលបានសញ្ញាបត្រចំនួន ០២ ដោយ មួយចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមួយទៀត ចេញដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និង មាននិស្សិតសរុបចំនួន ២០ នាក់ (ស្រី ១០ នាក់)។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើ កម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH។ ចាប់តាំងពីឆ្នាំ២០០០មក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (Czech Development Agency) និង សាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក (Czech Technical University in Prague) សាធារណៈរដ្ឋឆែក ជួយកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រ នេះ។នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជា គន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ លើការបណ្តុះបណ្តាល គ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល។ ក្នុងទិសដៅនេះ ក្រសួងសុខាភិបាល បានខិតខំជំរុញលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈ អមសុខាភិបាល ឱ្យឈរលើសមត្ថភាពជាមូលដ្ឋាន និងប្រកបដោយសីលធម៌ គុណធម៌ វិជ្ជាជីវៈខ្ពស់ ព្រមទាំងបានខិតខំពង្រីកការបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងទៀត ស្របតាមការវិវឌ្ឍ និងតម្រូវការរបស់សង្គមជាតិយើង ដូចករណីជំនាញវិស្វកម្មជីវ វេជ្ជសាស្ត្រនេះ ជាឧទាហរណ៍ស្រាប់៕អត្ថបទ រដ្ឋា

លោកអភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យជំរុញពន្លឿនការដ្ឋានជួសជុលកែលម្អអាគារផ្សារ និងសំណេះសំណាលជាមួយអាជីវកផ្សារអូរឬស្សី

2024/11/19 05:54:56 pm        103
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបាន ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណះកម្មការផ្សារអូរឬស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារ ដំណាក់កាលទី១ ថែមទាំងបានជំរុញពន្លឿនការជួសជុលឲ្យលឿន ដើម្បីផ្ដល់ជូនអាជីវក បានមកលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។ក្នុងឪកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាលជាបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឬស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយះពេល ដើម្បីជួសជុលអាគារផ្សារ ជៀសវាងបង្កហានិភ័យណាមួយកើតឡើង។លោក ឡយ ស៊ាងអាង ប្រធានគណះកម្មការផ្សារអូឬស្សី បានប្រាប់BTV ឲ្យដឹងថាការជួសជុលកែលម្អនៅអាគារផ្សារអូឬរស្សី ត្រូវបានបែកចែកជា ៦ដំណាក់កាល ក្នុងមួយដំណាក់កាល ត្រូវឲ្យអាជីវករើតូបមកលក់ដូរនៅតូបបណ្ដោះអាសន្ន ចំនួន២៣២តូប។ សូមបញ្ជាក់ថាការដ្ឋានជួសជុលក្នុងដំណាក់កាលទី១ ត្រូវបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ត្រូវបានចាក់បេតុង សាងសងជិតរួច១០០ភាគរយ និងមានគម្រោងឲ្យបងប្អូនអាជីវក ដែលលក់ដូរ រើសតូបពីតូបបណ្ដោះអាសន្នមកលក់នៅក្នុងបរិវេណផ្សារវិញ នៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយការដ្ឋានដំណាក់កាលទី២ និងចាប់ផ្ដើម ជាបន្តបន្ទាប់ទៀត។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានបញ្ជាក់ប្រាប់BTV ឲ្យដឹងថា គម្រោងជួសជុលកែលម្អអាគារផ្សារអូឬស្សីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមន្រ្តីជំនាញបានត្រួតពិនិត្យលក្ខណះបច្ចេកទេសនៃសំណង់អាគារ ឃើញថាអាគារបានការបាក់ប្រេះ ទ្រុឌទ្រោម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមគិតគូរពីសុខសុវត្ថិភាពរបស់អាជីវកលក់ដូរក្នុងបរិវេណអាគាផ្សារ និងបានសាងសងតូបបណ្ដោះអាសន្ននៅលើចំណីផ្លូវលេខ១១១ ខាងលិចផ្សារឲ្យអាជីវករលក់ បណ្ដោះអាសន្ន ដើម្បីជំនាញបើកការដ្ឋានជួសជុលជាបន្តបន្ទាប់តាមដំណាក់កាល។ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករា សំណូមពរដល់អាជីវកលក់ដូរទាំងអស់មានការយោគយល់ ចំពោះការដ្ឋានមានការយឺតយ៉ាវមួយចំនួន និងសំណូមពរដល់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ ក៏ដូចជាចេញចូលផ្សារ មានការកកស្ទះចរាចរណ៍យោគយល់ តែទោះជាយ៉ាងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បានធ្វើការសម្រួលចរាចរណ៍ជាប់ជាប្រចាំផងដែរ៕អត្ថបទ៖ កុម្ភះ

IFC ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អ ក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា

2024/11/19 05:45:23 pm        155
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណា ងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា ហ៊ុក ដែលត្រូវបានជ្រើសរើសជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ កម្ពុជា។ សម្តេចតេជោ បានរំលឹកបន្ថែមថា តំណាង IFC ចាស់មុនផុតអាណត្តិ ក៏បានមកជម្រាបលាសម្តេច ទោះបីជាសម្តេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្រ្តី ហើយការអញ្ជើញមកដល់នូវតំណាងថ្មីក្នុងពេលវេលាដ៏លឿននេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាង IFC ជាមួយកម្ពុជា។ សម្តេច មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ នាឱកាសជំនួបនេះ លោកជំទាវ ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់លោកជំទាវ ដែលសម្ដេចបានអនុញ្ញាតឱ្យលោកជំទាវនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវបានចាត់ទុកថា សម្តេចតេជោ ជា អតីតនាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។លោកជំទាវ បានបន្តទៀតថា លោកជំទាវបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយលោកជំទាវ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវ បានជម្រាបសម្តេចតេជោ ថាកន្លងមកលោកជំទាវ ធ្លាប់ធ្វើការនៅប្រទេសសិង្ហបុរី ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកផងដែរ ដោយលោកជំទាវ ធ្វើការជាមួយផ្នែកឯកជន និងផ្នែករដ្ឋផងដែរ ដែលភាគច្រើនគឺពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ លោកជំទាវ មករស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលនេះ គឺជាបទពិសោធន៍ថ្មីរបស់លោកជំទាវ។ លោកជំទាវ បានបញ្ជាក់ថា សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានវត្តមាននៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ក្នុងនោះត្រឹមតែ១ ទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ បានបន្តទៀតថា IFC មានការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ លោកជំទាវ មានប្រសាសន៍បន្តថា ក្នុងអាណត្តិរបស់លោកជំទាវIFC នឹងធ្វើយ៉ាងណាឱ្យដំណើរការគម្រោងរបស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញគោលដៅរបស់កម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាការពិត។ លោកជំទាវសន្យាថានឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការអភិវឌ្ឍ មនុស្សការអភិវឌ្ឍជំនាញបង្កើនផលិតភាពភាពប្រកួតប្រជែងឱ្យមានការរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិនៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។លោកជំទាវ បានបង្ហាញនូវសេចក្តីរីករាយ និងមោទនភាព ដែលប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលជំនាន់មុនៗ បានលះបង់ ពុះពារគ្រប់ឧបសគ្គនៃការបែកបាក់ និងសោកនាដកម្មដោយសារសង្រ្គាមរ៉ាំរ៉ៃ ដើម្បីប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍដូចបច្ចុប្បន្ន និងមានអនាគតដែលភ្លឺស្វាង។ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចបានមានប្រសាសន៍ទៀតថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់យុទ្ធសាស្ត្របញ្ចកោណនៅពេលបច្ចុប្បន្ននេះ។សម្តេចតេជោ បានបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្នឈានមកដល់យុទ្ធសាស្រ្តបញ្ញកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍតិចតួចក្នុងឆ្នាំ២០២៩ រួចនឹងឈានទៅសម្រេចបានប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០និងក្លាយជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចតេជោ បានសង្កត់ធ្ងន់កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម (middle-income trap) ដូចបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយ រយៈពេលពីឆ្នាំ២០៣០ ទៅដល់ ២០៥០ ជារយៈពេលសាកសមមួយ ដែលអាចឱ្យកម្ពុជាចាកចេញពីប្រទេសចំណូលមធ្យមកម្រិតខ្ពស់ទៅជាប្រទេសចំណូលខ្ពស់បាន។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមាន សុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថាអាចសម្រេចបានចក្ខុវិស័យនេះ អាស្រ័យលើការខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ ពីព្រោះការលំបាកដែលប្រទេស និងប្រជាជនកម្ពុជា បានធ្លាប់ឆ្លងកាត់មក គឺលំបាកខ្លាំងណាស់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បទពិសោធរបស់សម្តេចផ្ទាល់ក្នុងការដឹកនាំប្រទេស ដោយផ្តោតអាទិភាពលើកត្តាចំនួន ២៖ ទី១ គឺត្រូវតែរក្សាស្ថិរភាពនយោបាយឱ្យបានជាដាច់ខាត ព្រោះថាបើគ្មានសន្តិភាពស្ថិរភាពនយោបាយ កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍអ្វីៗទាំងអស់។ កត្តាទី២ គឺត្រូវរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះកត្តាទាំងពីរនេះ មានចំណងទាក់ទងទៅវិញទៅមក និងបំពេញឱ្យគ្នាដែលមិនអាចទាត់ចោលកត្តាណាមួយបានឡើយ។ ប្រទេសដែលមានស្ថិរភាពនយោបាយ ទើបអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប៉ុន្តែបើគ្មានស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនោះទេ សន្តិភាព និងស្ថិរភាពនយោបាយក៏មិននៅបានស្ថិតស្ថិរនោះដែរ។ សម្តេចតេជោ បានជម្រាបលោកជំទាវតំណាង IFC ឱ្យតាមដានមើលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានភាពជឿនលឿន និងមានល្បឿនជាងអាណត្តិមុនៗ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថាកម្ពុជា មិនមែននៅតែឯងនោះទេ បញ្ហាប្រឈមរបស់ពិភពលោកទាំងរឿងកូវីដ, បញ្ហាសង្រ្គាម គឺសុទ្ធតែជះឥទ្ធិពលមកដល់កម្ពុជា។ សម្តេចតេជោ បានបង្ហាញពីការសោកស្តាយ ដែលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់៧% អស់រយៈពេលជាង ២ទសវត្សរ៍ ត្រូវរងផលប៉ះពាល់ពីបញ្ហាកូវីដ និងបញ្ហាប្រឈមដទៃទៀតរបស់ពិភពលោក។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោះស្ថិតនៅក្នុងសេណារីយោអាក្រក់បំផុតរបស់ពិភពលោកបែបណាក៏ដោយ ប្រទេសកម្ពុជា នឹងមិនខ្វះស្បៀង ឬអង្ករដាច់ខាត ហើយប្រទេសសមាជិកអាស៊ាន ក៏នឹងមិនខ្វះអង្ករឡើយ ព្រោះប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតស្បៀង។ ទោះបីកម្ពុជា មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ដូច្នេះប្រទេសក្នុងអាស៊ាន ក៏អាចបំពេញបញ្ហាថាមពលនេះដល់កម្ពុជាវិញផងដែរ ដែលចំណុចនេះសម្តេចតេជោ បានលើកយកមកពិភាក្សាជាមួយអគ្គរដ្ឋទូតទីម័រឡេស្តេ។សម្ដេចតេជោបានបង្ហាញនូវមោទនភាព ដែលកន្លងមកនេះកម្ពុជាបានប្រើប្រាស់ថាមពលបៃតងជាង៦០% ដែលអាឈានដល់៧០% នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានដូចជាសូឡាពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះយើងក៏បានប្រើប្រាស់ដីធ្លីឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗដូចជាស្វាយចន្ទី កៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀតដែលជួយដល់ការរីកចម្រើននៃគម្របព្រៃឈើផងដែរ។ ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាក៏មានការកើនឡើងប្រមាណ២០% ក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដេចសង្ឃឹមថាលោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹក ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលដែលសម្ដេចនៅមានការគាំទ្រច្រើន ដែលនេះគឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលដែលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបាននូវសុខសន្តិភាពយូរអង្វែង។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកជំទាវតំណាង IFC ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់លោកជំទាវនៅប្រទេសកម្ពុជា៕

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស

2024/11/19 05:36:56 pm        136
ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកផលិតនៅកម្ពុជា ជាមួយអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតផលវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងសិប្បកម្មធ្វើដោយដៃ។ ​ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ស្តីពីនិរន្តភារពនៃប្រភព និងផលិតកម្មក្នុងឧស្សាហកម្មវាយនភណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ទើបជំរុញឲ្យទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសទូទាំងសាកលលោក ជាពិសេសជាមួយចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការគាំទ្រ និងចាត់ទុកកម្មវិធីពិព័រណ៍អន្តរជាតិកម្ពុជានេះថា ជាសក្ខីកម្មនៃភាពអត់ធ្មត់ ភាពរឹងមាំ និងជាការបោះជំហានទៅមុខមួយជំហានទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននៅលើឆាកអន្តរជាតិនៃវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់។ ឯកឧត្តមបានបន្ថែមថា វិស័យទាំងអស់នេះ ក៏ជាអាទិភាពរបស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ ក្រុមអាជីវករ ដែលចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងលើកឡើងថា កម្មវិធីនេះពិតជាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ក្រៅពីការតាំងបង្ហាញលក់ផលិតផល ថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយអ្នកបញ្ជាទិញរបស់ចក្រភពអង់គ្លេសផងដែរ។ ក្រុមអាជីករ ក៏មិនភ្លេចសម្តែងនូវការអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងខិតខំស្វែងរកទីផ្សារជូនដល់វិស័យឯកជនលើគ្រប់វិស័យ ជាពិសេសការផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកម្មវិធី និងព្រឹត្តការណ៍នានាជាច្រើនកន្លងមក ដើម្បីពង្រីកទីផ្សារលក់ ថែមទាំងជំរុញទីផ្សារនាំចេញ។សូមបញ្ជាក់ថា សមាគមសហគ្រិនស្រ្តីកម្ពុជា សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ នៅតំបន់កោះពេជ្រ គឺថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានចំនួនប្រមាណ ៨៥០លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣៕អត្ថបទ ឈិត បូរ៉ាវី

មូលនិធិអាកាសធាតុបៃតងជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ

2024/11/19 04:29:30 pm        96
ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Benedict Augustine Vickers មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដីនិងព្រៃឈើ របស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund : GCF)។ ក្នុងឱកាសជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំក្របខណ្ឌគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ២ (២០២៤-២០៣៣) និងយុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹត្យកាបូន របាយការណ៍ការតម្លាភាព ២ឆ្នាំម្តង និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីក្លាយជាស្ថាប័នដែលមានសម្បទាក្នុងការទទួលបានមូលនិធិដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។លោកបណ្ឌិត Benedict Augustine Vickers បានអបអរសាទរ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងនានា និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងលើកទឹកចិត្តឱ្យកម្ពុជាបង្កើនល្បឿនរៀបចំសំណើសុំជាស្ថាប័នមានសម្បទា (Accredited Entity)សម្រាប់ GCF ជាមួយគ្នានេះដែរកម្ពុជាគួរដាក់សំណើគម្រោងសុំការគាំទ្រពីហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង តាមរយៈ Direct Access Window សម្រាប់ប្រទេសកម្ពុជា។

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

2024/11/19 04:25:56 pm        113
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង៕

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់ ៥ចំណុច អាចឈរទៅលើស្តង់ដារសាលាគំរូ

2024/11/19 04:22:07 pm        537
សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយ​កាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់​ថ្នាក់​លេខ១ នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែល​បាន​ចូលរួម​ប្រឡង​ប្រណាំង។ លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែល​សាលា​អាច​ឈរទៅ​លើ​ស្តង់​ដារ​សាលគំរូ មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលា​មាន​ធ្វើ​តេស្តស្តង់ដារ គិតទៅលើអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារ​សម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញ​និយម​រៀន​តាមរយៈ​ការ​លេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹង​គណនេយ្យ​ភាព សាលាមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹង​បរិស្ថាន​សាលា​រៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈ​ពេល ៦ឆ្នាំ ដោយមានការចូលរួមដើម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រើន។ ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀន​ឱ្យ​បានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កើត​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ ដោយឈរលើគោលការណ៍មួយ "កុមារដែលមានអាហាររូបត្ថម្ភល្អ គឺ​ជា​កុមារដែលឆ្លាត " ហើយក៏មានការបង្កើតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មាន​ការ​បង្រៀន​តាម​បែបប្រព័ន្ធឌីជីថលផងដែរ។ សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀន​បាន​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​សិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិត​ខ្ពស់​មានកុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលា​រៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហើយឆ្នាំសិក្សា២០២៣-២០២៤ សាលាមាន​សិស្ស​សរុប ២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមាន​គ្រូ​បង្រៀន​ក្របខណ្ឌ​សរុប​ ៥នាក់ និងកិច្ចសន្យា៤នាក់៕

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ

2024/11/19 04:17:37 pm        142
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្ដែងការរីករាយ ដោយបានទទួលជួប ឯកឧត្តមអគ្គរដ្ឋទូត ទីម័រឡេស្តេ សាជាថ្មី បន្ទាប់ពីជំនួបលើកមុន ក្រោយពេលដែលអគ្គរដ្ឋទូតបានជូនសារតាំងប្រមុខរដ្ឋស្តីទីកាលពីឆ្នាំ២០២០។ សម្ដេចតេជោ បានលើកឡើងថា សម្ដេច និងឯកអគ្គរដ្ឋទូតបានធ្វើការជាមួយគ្នាយ៉ាងច្រើនជាពិសេសក្នុងពេលដែលពិភពលោកជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការជំរុញឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។ សម្តេច បានកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា នឹងបានបន្តធ្វើការជាមួយគ្នាបន្តទៀត ដើម្បីជំរុញនិងពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀត។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការរីករាយ ដោយបានលើកឡើងថា គឺជាបុព្វសិទ្ធិនិងកិត្តិយសដ៏ធំធេងដែល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរំលឹកថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី ឯកឧត្តមបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះគឺទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងទីម័រឡេស្តេ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និង ឯកឧត្តម Kay Rala Xanana Gusmão ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក ដែលទាំងអស់នេះបានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងកម្ពុជានិងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រស្រដៀងគ្នា។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក។ ឯកឧត្តមបានធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះ និងបានជួបជាមួយអ្នកទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ព្រមទាំងបានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តមក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ឯកឧត្តម ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដៃថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត នូវទំនាក់ទំនងវាងប្រទេសយើងទាំងពីរ ដោយសម្ដេចបានចាត់ទុកថាយើងបានធ្វើការជាមួយគ្នាដោយឆ្លងកាត់ការលំបាកជាច្រើន ពិសេសក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការជាមួយគ្នាដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន។សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថានឹងរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសាជាថ្មី។សម្ដេចតេជោបានរំលឹកថា មូលហេតុដែលនាំឱ្យសម្ដេចសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេឆ្នាំ២០១៦ នោះ ទី១) គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទី២) ដើម្បីមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀតពីវឌ្ឍនភាពទីម័រឡេស្តេដែលអាចចូលជាសមាជិកសហគមអាស៊ាន។សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេរាល់ពេលកិច្ចប្រជុំនានាជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សម្ដេចតេជោ ក៏បានថ្លែងផងដែរពីការជួយជំរុញឱ្យទីម័ឡេស្តេបានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។សម្ដេចតេជោ ក៏បានរំលឹកបន្ថែមទៀតថានៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់។ ហើយថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាយើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។សម្ដេចតេជោក៏បានលើកឡើង ពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រីហើយប្រគល់តំណែងនិងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះគឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ។ ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងថ្លែងបញ្ជាក់សាជាថ្មីថានេះគឺជាមោទនភាព កិត្តិយសនិងបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតដែល សម្ដេចតេជោ ជាមេដឹកនាំ ជាបិតាមួយរូបរបស់កម្ពុជា ជាមេដឹកនាំក្នុងអាស៊ាន និងពិភពលោក បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសំដែងការគួរសមនាពេលនេះ។ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងសហការីបន្តបំពេញការងារប្រកបដោយភាពជោគជ័យនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM