សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

ព័ត៌មានជាតិ

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

2024/11/19 04:25:56 pm        113
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង៕

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់ ៥ចំណុច អាចឈរទៅលើស្តង់ដារសាលាគំរូ

2024/11/19 04:22:07 pm        538
សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយ​កាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់​ថ្នាក់​លេខ១ នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែល​បាន​ចូលរួម​ប្រឡង​ប្រណាំង។ លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែល​សាលា​អាច​ឈរទៅ​លើ​ស្តង់​ដារ​សាលគំរូ មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលា​មាន​ធ្វើ​តេស្តស្តង់ដារ គិតទៅលើអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារ​សម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញ​និយម​រៀន​តាមរយៈ​ការ​លេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹង​គណនេយ្យ​ភាព សាលាមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹង​បរិស្ថាន​សាលា​រៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈ​ពេល ៦ឆ្នាំ ដោយមានការចូលរួមដើម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រើន។ ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀន​ឱ្យ​បានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កើត​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ ដោយឈរលើគោលការណ៍មួយ "កុមារដែលមានអាហាររូបត្ថម្ភល្អ គឺ​ជា​កុមារដែលឆ្លាត " ហើយក៏មានការបង្កើតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មាន​ការ​បង្រៀន​តាម​បែបប្រព័ន្ធឌីជីថលផងដែរ។ សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀន​បាន​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​សិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិត​ខ្ពស់​មានកុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលា​រៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហើយឆ្នាំសិក្សា២០២៣-២០២៤ សាលាមាន​សិស្ស​សរុប ២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមាន​គ្រូ​បង្រៀន​ក្របខណ្ឌ​សរុប​ ៥នាក់ និងកិច្ចសន្យា៤នាក់៕

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ

2024/11/19 04:17:37 pm        142
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្ដែងការរីករាយ ដោយបានទទួលជួប ឯកឧត្តមអគ្គរដ្ឋទូត ទីម័រឡេស្តេ សាជាថ្មី បន្ទាប់ពីជំនួបលើកមុន ក្រោយពេលដែលអគ្គរដ្ឋទូតបានជូនសារតាំងប្រមុខរដ្ឋស្តីទីកាលពីឆ្នាំ២០២០។ សម្ដេចតេជោ បានលើកឡើងថា សម្ដេច និងឯកអគ្គរដ្ឋទូតបានធ្វើការជាមួយគ្នាយ៉ាងច្រើនជាពិសេសក្នុងពេលដែលពិភពលោកជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការជំរុញឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។ សម្តេច បានកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា នឹងបានបន្តធ្វើការជាមួយគ្នាបន្តទៀត ដើម្បីជំរុញនិងពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀត។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការរីករាយ ដោយបានលើកឡើងថា គឺជាបុព្វសិទ្ធិនិងកិត្តិយសដ៏ធំធេងដែល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរំលឹកថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី ឯកឧត្តមបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះគឺទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងទីម័រឡេស្តេ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និង ឯកឧត្តម Kay Rala Xanana Gusmão ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក ដែលទាំងអស់នេះបានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងកម្ពុជានិងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រស្រដៀងគ្នា។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក។ ឯកឧត្តមបានធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះ និងបានជួបជាមួយអ្នកទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ព្រមទាំងបានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តមក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ឯកឧត្តម ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដៃថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត នូវទំនាក់ទំនងវាងប្រទេសយើងទាំងពីរ ដោយសម្ដេចបានចាត់ទុកថាយើងបានធ្វើការជាមួយគ្នាដោយឆ្លងកាត់ការលំបាកជាច្រើន ពិសេសក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការជាមួយគ្នាដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន។សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថានឹងរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសាជាថ្មី។សម្ដេចតេជោបានរំលឹកថា មូលហេតុដែលនាំឱ្យសម្ដេចសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេឆ្នាំ២០១៦ នោះ ទី១) គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទី២) ដើម្បីមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀតពីវឌ្ឍនភាពទីម័រឡេស្តេដែលអាចចូលជាសមាជិកសហគមអាស៊ាន។សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេរាល់ពេលកិច្ចប្រជុំនានាជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សម្ដេចតេជោ ក៏បានថ្លែងផងដែរពីការជួយជំរុញឱ្យទីម័ឡេស្តេបានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។សម្ដេចតេជោ ក៏បានរំលឹកបន្ថែមទៀតថានៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់។ ហើយថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាយើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។សម្ដេចតេជោក៏បានលើកឡើង ពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រីហើយប្រគល់តំណែងនិងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះគឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ។ ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងថ្លែងបញ្ជាក់សាជាថ្មីថានេះគឺជាមោទនភាព កិត្តិយសនិងបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតដែល សម្ដេចតេជោ ជាមេដឹកនាំ ជាបិតាមួយរូបរបស់កម្ពុជា ជាមេដឹកនាំក្នុងអាស៊ាន និងពិភពលោក បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសំដែងការគួរសមនាពេលនេះ។ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងសហការីបន្តបំពេញការងារប្រកបដោយភាពជោគជ័យនៅកម្ពុជា៕

សម្តេចប្រធានរដ្ឋសភា៖ ខេត្តក្វាងទុងជាផ្នែកសំខាន់មួយក្នុងការជួយជំរុញ​ទំហំពាណិជ្ជ​កម្ម​កម្ពុជា-ចិន សម្រេចបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

2024/11/19 04:02:11 pm        287
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ដល់​សភា​ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា​ឱ្យបានកាន់សកម្មនិងគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិតនិងគ្រប់វិស័យ ពិសេសការ​ភ្ជាប់​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនាំមកនូវផលប្រយោជន៍ ដល់ប្រទេស និង​ប្រជាជនទំាងសងខាង។សម្តេចបាន​លើកឡើងដូច្នេះ នៅក្នុងឱកាស អនុញ្ញាតជូន ឯកឧត្តម ហួង លី (Huang Li) ប្រធាន​គណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសដែល ឯកឧត្តម បាន​ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។សម្តេច​ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមហួង លី និងគណៈ​ប្រតិភូ​នា​ពេលនេះ ពិតជាមានសារៈសំខាន់ និងបានឆ្លុះឱ្យឃើញពីការអនុវត្តជាក់ស្តែងនូវស្មារតីនៃកិច្ចព្រមព្រៀងរវាងសភានៃប្រទេសទាំងពីរ ដែលបានចុះត្ថលេខាកាលពីខែកញ្ញា កន្លងមកថ្មីៗនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរនៅគ្រប់កម្រិត តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាខេត្តក្វាងទុងជាខេត្តមួយមានដែលសក្តានុពលសេដ្ឋកិច្ចនិងនវានុវត្តន៍ខ្ពស់ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនខ្លំាង។ សម្តេចបានស្នើដល់ឯកឧត្តមប្រធានគណៈប្រតិភូជួយជំរុញនិងសម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញអ្នកវិនិយោគចិនមកកម្ពុជា និងជួយបញ្ជាទិញផលិតផលកសិកម្មពីកម្ពុជា និងជំរុញការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងលើកសិកម្មទំនើប។សម្តេចប្រធានរដ្ឋសភាលើកឡើងថាចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន និងមានលក្ខណៈពិសេស ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសទំាងពីរ។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាលពីឆ្នាំ២០២៣ សម្រេចបានជាង១២ពាន់លានដុល្លារ ហើយត្រឹម៨ខែ ឆ្នាំ២០២៤នេះ គឺសម្រេចបានជាង១០ពាន់លានដុល្លារហើយ។ ដូច្នេះការឆ្ពោះទៅសម្រេចបាននូវគោលដៅ ១៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ខេត្តក្វាងទុងជាផ្នែកសំខាន់មួយនៅក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបានតាមផែនការគ្រោងទុក។ជាការឆ្លើយតប ឯកឧត្តម ហួង លី បានគំាទ្រប្រសាសន៍សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានថ្លែងអំណរគុណដែលសម្តេចបានចំណាយពេលវេលាទទួលជួបឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមក៏បានជម្រាប សម្តេចប្រធានរដ្ឋសភា ពីគោលបំណងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ គឺដើម្បីសិក្សាពីច្បាប់និងការអនុវត្តច្បាប់របស់កម្ពុជាលើបញ្ហាមនុស្សសាស្រ្ត សង្គមកិច្ច និងការងារ។ ដំណើរទស្សនកិច្ចនាពេលនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាខេត្តក្វាងទុងនិងរដ្ឋសភាកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបរបស់កម្ពុជាផងដែរ។ឯកឧត្តម ហួង លី បានជម្រាបជូនសម្តេចពីភូមិសាស្រ្ត និងសក្តានុពលសំខាន់ៗរបស់ខេត្តក្វាងទុង ដែលមានប្រជាពលរដ្ឋ១៥០លាននាក់និងបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតីទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុងក្នុងពេលវេលាសមស្របណាមួយ ផងដែរ។ក្រោយពីជំនួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភារួចហើយ ឯកឧត្តមប្រធាន គណៈកម្មាធិការសង្គមកិច្ចនៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាកម្ពុជា បន្តទៀត៕

រាជរដ្ឋាភិបាលប្រកាសទទួលស្គាល់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន៤ ជាថ្នាល​របស់រាជរដ្ឋាភិបាល

2024/11/19 03:56:50 pm        266
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​បញ្ជាក់​ឲ្យ​ដឹងថា​ រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន៤ រួមមាន៖ ថ្នាលផ្ទុក​ឯកសា​រ​សាធារណៈផ្លូវការ GO.GOV.KH, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH​, ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH, កម្មវិធីបញ្ញាសិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅជាសំឡេងសារិកា “SARIKA” ដែលជាថ្នាល​របស់​រាជ​រដ្ឋាភិបាលមានមុខងារ និងអត្ថប្រយោជន៍សំខាន់ៗ។- ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។- ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។- ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។- កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖ ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម​ (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។ក.ប.ទ. អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕ 

ប្រជាពលរដ្ឋជាង១២០០នាក់ បានទស្សនាខ្សែភាពយន្តកម្ពុជា-ចិន ប្រកបដោយសប្បាយរីក និងស្នាមញញឹមយ៉ាងកក់ក្តៅ

2024/11/19 03:38:53 pm        255
ក្រោមកិច្ចសហការ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ខេត្តពោធិ៍សាត់ បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កម្សាន្ត​នា​ពេលរាត្រី។ ការបញ្ចាំងខ្សែភាពយន្តចល័តនេះ ដឹកនាំដោយលោក ឡាច ផេងលី ប្រធាន​មន្ទីរខេត្តពោធិ៍សាត់ព្រមទាំងមន្ត្រីរាជការបានជួយសម្របសម្រួយលើទីតាំងទាំង៣៖១-ក្នុង​បរិវេនសាលាវិទ្យាល័យ បាកាន , ២-សួនច្បារមុខមន្ទីរវប្បធម៌ និង៣-ក្នុងបរិវេនគណបក្ស ស្រុកកគរ។ ដោយមានអ្នកចូលរួមទស្សនា ប្រហែល ១២០០នាក់ ប្រកបដោយសប្បាយរីក ក្រោមស្នាមញញឹម យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ គ្រប់ស្រទប់វណ្ណ មិនថាយុវជន យុវតី កុមារា កុមារី លោកយាយ លោកតា អ៊ុ ពូ មីងផងដែរ។ លោកស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អោយ​ដឹងថា ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចុះ​បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ លើទឹកដី នៃខេត្តខេត្តពោធិ៍សាត់ ដែល​ជា​គោល​ដៅទីមួយសម្រាប់ចាក់បញ្ចាំងភាពយន្ត។ ក្រោមកិច្ចសហការ អាជ្ញាធរមន្ទីរ​ខេត្ត​ ពោធិ៍សាត់ បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបាន​ចាក់​បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី។ អនុប្រធានការិយាល័យផលិត បាន​បន្ថែមថា ទីតាំងចំនួន៣ នៅខេត្តពោធិ៍សាត់ ទទួលបាន​គាំទ្រ​សកម្មភាព​ចុះប​ញ្ចាំង​ខ្សែ​ភាព​យន្ត កម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល៣ថ្ងៃ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តីមូលដ្ឋានពាក់ព័ន្ធជុំវិញខេត្ត និងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។ លោកបន្តទៀតថា ការបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៨នេះ គឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពី​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃ​ប្រទេស​ទាំង​២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។ លោកអនុប្រធានការិយាល័យ បន្តថា ការ​បញ្ចាំង​ភាព​យន្ត​នេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំ​ផ្លាស់​ប្តូរ​វប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជា​ការ​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​សិល្បៈ​ភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិត​ស្ថេរ​បន្ថែម​ទៀត​ចាប់​ពី​ទី​ក្រុងរហូតដល់ជនបទ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រ​សកម្ម​ភាព​ការ​ចាក់​បញ្ចាំ​ងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ត​ចុះ​ចាក់ប​ញ្ចាំង​ភាពយន្ត នៅឆ្នាំក្រោយៗទៀត ។គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៦ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុង​ន័យ​ផ្សព្វផ្សាយ​ពី​ចំណង​មិត្តភាព​ដ៏​រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែប៕ 

សមាគមជប៉ុន-កម្ពុជា សន្យាបន្តកៀរគរក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា

2024/11/19 03:25:14 pm        263
លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បាន​សន្យា​បន្ត​កៀរគរនូវក្រុមហ៊ុនរបស់ប្រទេសជប៉ុន មកធ្វើការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេស​កម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ។ក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) លើក​ឡើងថា នេះជាលើកទី៤ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា ដោយបច្ចុប្បន្ន សង្កេតឃើញថា កម្ពុជាបាន​អភិវឌ្ឍ​ជឿន​លឿន​ជាង​មុន​លើ​ការ​វិនិយោគ​ពី​បណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ ។ លោក បានបន្តថា សម្រាប់ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាពបន្ថែម ក្នុង​ការវិនិយោគពីក្រុមហ៊ុននានា របស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​វិស័យ​សំណង់​ផងដែរ ។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ដែល​ដំណើរ​ទស្សនកិច្ចនេះ ជាពេលវេលាដែលខុសប្លែកពីលើកមុន ហើយជាឱកាសជាច្រើន សម្រាប់​សមាគមជប៉ុន-កម្ពុជា ខណៈក្រសួងរៀបចំដែនដី គ្រោងរៀបចំសន្និបាតប្រចាំឆ្នាំ នា​សប្តាហ៍​ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ក្នុងជំនួបនេះឯកឧត្តម សាយ សំអាល់ លើកឡើង ពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុន​លើ​វិស័យ​មួយ​ចំនួន ដូចជានៅក្នុងខេត្តព្រះសីហនុ នឹងមានការពង្រីកផែ ដោយមាន​មហិច្ឆតា​នឹង​ប្រែក្លា​យ​ផែ​នេះ​ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏​ជា​កន្លែង​ដ៏​សំខាន់មួយ សម្រាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅ​វិនិយោគ​សំខាន់​ៗ​មួយ​ចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់​ដំណើរ​ការ​សេដ្ឋកិច្ច​របស់​ប្រទេសក​ម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានខិតខំប្រឹងប្រែង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ ដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជា ប្រព្រឹត្តទៅដោយរលូនទៅមុខ ហើយសង្ឃឹម​ថា​នឹង​រក្សា​បានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានកំពុងរីកធំធាត់ និងកំពុងផ្តល់ផល​វិជ្ជមាន​ដល់​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា

2024/11/19 03:08:16 pm        310
ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ ២០១៧, បច្ចុប្បន្ន​ប្រព័ន្ធ​គាំពារ​សង្គម​កំពុង​គ្របដណ្ដប់ពលរដ្ឋជាង ៧លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំ​ជាង​មុន​ជាង ៣ដង ដោយបានកំពុងផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម លើកឡើងនៅក្នុងសន្និសីទជាតិ ស្ដីពី​សមិទ្ធ​ផល​នៃ​ប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ចេញ​នូវ​អន្ត​រាគមន៍ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋនាពេលកន្លងទៅរួមមាន៖ ការ​ពង្រឹង​ភាព​ធន់​របស់ពលរដ្ឋ ដោយផ្ដល់ការគាំពារ តាមរយៈកម្មវិធីជាតិជំនួយសង្គម និងរបប​សន្តិសុខ​សង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស, សមត្ថភាព និងកាលានុវត្ត​ភាព​ការងារ និងការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ​ការ​ផ្ដល់​នូវ​ការ​គាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូបញ្ជាក់ថា តាមរយៈវិធីសាស្ត្រទាំងពីរខាងលើ ជារួម, វិសាល​ភាព​របស់​ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧ ដោយ​បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧ លាននាក់, ខណៈដែល​ចំណាយ​ថវិកា​ជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង បើគិតជារួម, ទំហំចំណាយ​ថវិកា​សរុប​លើ​ប្រព័ន្ធ​គាំពារ​សង្គម មាន ចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលប្រមាណ ៤,៣ ប៊ីលានដុល្លា​រ​​អាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់​គ្រួសារ និងពលរដ្ឋ ដែលទទួលផល ក្នុងនោះបើគិតជាមធ្យម, ម្នាក់ៗ​ទទួល​បាន​នូវ​ថវិកា​ចំនួន​ ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុង​អំឡុង​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយ​ថវិកា​ជាតិ​សរុប​ប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាមេរិក, សម្រាប់គ្រួសារ​មាន​បណ្ណ​សមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារ នីមួយៗ ទទួលបានថវិកា​ឧបត្ថម្ភ​ជា​មធ្យម ​ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារក្នុងមួយឆ្នាំ ។ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល និង​ការ​រក្សា​លំនឹងជីវភាពគ្រួសារ ពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន, ព្រម​ទាំង​បាន​ធ្វើ​ឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារ មាន ភាពប្រសើរឡើងផងដែរ ។ បន្ថែមលើនេះ, ការវិនិយោគដ៏ច្រើននេះ បានផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការ​អភិវឌ្ឍ​មូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដោយបានធ្វើឱ្យ​គោល​នយោបាយ​គាំពារ​សង្គម​ ក្លាយជាគោលនយោបាយដ៏សំខាន់ និង មិនអាច ខ្វះបាន ព្រមទាំង​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់ ក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋ​សភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ​កាត់​បន្ថយ​វិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍​ក្នុងការវិនិយោគ​នៅកម្ពុជា

2024/11/19 02:56:45 pm        307
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សា​ឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ​គោរ​ព​ជូន​ចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា និងបានចាប់​អារម្មណ៍​អំពី​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​រាជធានី​ភ្នំពេញ​ផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សន​កិច្ច​របស់​លោក​មក​កាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណង​ស្វែង​រក​កាលា​នុវត្តភាព​វិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យ​ធន​ធាន​ទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការ​ឆ្លើយ​តប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជា​ថ្មី​ម្ដងទៀត។ សម្ដេចបវ​រ​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុម​ហ៊ុន​ក្នុង​ការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី​ក៏បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់ចេញនូវ​គោល​នយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ទៅ​ដល់​ភាព​ជោគ​ជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និង​សកលលោក។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្ត​ពិភាក្សា​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិត​អំពី​​គម្រោង​វិនិយោគ​របស់ក្រុមហ៊ុននៅកម្ពុជា ៕

ការភ្ជាប់រវាងសាកលវិទ្យាល័យ និងសហគ្រាស ជាការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច

2024/11/19 02:48:54 pm        507
សាកលវិទ្យាល័យ និងសហគ្រាស ដើរតួនាទីយ៉ាងសំខាន់ជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើតភាពជាដៃគូ សហការ រវាងគម្លាតគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស ដែល​ត្រូវ​តភ្ជាប់​បំប្លែងចំណេះដឹង និងទ្រឹស្តី ឈានដល់ការបង្កើតបច្ចេកវិទ្យា ថ្មីៗ និងការ​បង្កើត​ឱកាស​ការងារ​ជាដើម។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ពិធីបើកកម្មវិធី សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សាកល​វិទ្យាល័យ ​និងសហគ្រាស ផ្តោតលើ៖ កាតាលីករនៅក្នុងគំរូត្រីវ័ណ្ត សម្រាប់​នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដើម្បីទទួលបានកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ជាមួយនឹង​តម្រូវ​ការ​របស់​សហ​គ្រាស​ គឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញ ឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ពង្រឹង​គុណភាពនៃការអប់រំផងដែរ។ ទន្ទឹមនេះ យុទ្ធសាស្រ្តខាងលើ នឹងបង្កើតឱកាសដល់ និស្សិត​នៅ​កម្ពុជា ទទួលបានជំនាញ ចំណេះ ពិតប្រាកដ ឆ្លើយតបតម្រូវ​ការ​ការងារ​នៅ​តាម​បណ្តា​សហ​គ្រាស​ឧស្សាហកម្ម។ ជាការពិត ណាស់, សាកលវិទ្យាល័យ និងសហគ្រាស​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើត ភាព​ជា​ដៃ​គូ​សហការ​ដ៏​រឹង​មាំ គម្លាតរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាសត្រូវបានតភ្ជាប់ ដោយបំប្លែងចំណេះដឹង និង​ទ្រឹស្តី ទៅជាការអនុវត្តជាក់ស្តែង ដែលឈានដល់ការបង្កើតបច្ចេកវិទ្យាថ្មីៗ និងការ​បង្កើត​ឱកាស​ការងារថ្មី។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០៣០ បានគូស បង្ហាញពីការតម្រង់ទិស ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករដ៏ សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល, ផែនទីបង្ហាញផ្លូវនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការតភ្ជាប់សាកលវិទ្យាល័យ សហ​គ្រាស ដែលជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ, អាចសម្រេច​នូវ​គោល​បំណង​សំខាន់ៗ​មួយ​ចំនួន​រួមមាន​៖ ការពន្លឿនល្បឿន នវានុវត្តន៍ សំដៅដល់ការជំរុញវប្បធម៌នវានុវត្តន៍ និងការច្នៃប្រឌិត ដែល​សាកលវិទ្យាល័យ និងសហគ្រាសធ្វើការរួមគ្នា ដើម្បីបង្កើត ផលិតផល ដំណើរ ការផលិត និង​សេវាកម្មថ្មីៗ, ការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ សំដៅដល់​ការ​លើក​កម្ពស់​គម្រោង​ស្រាវ​ជ្រាវ រួមគ្នា ដែលដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម, ការអភិវឌ្ឍធនធានមនុស្ស សំដៅ​ដល់ការបំពាក់ឱ្យសិស្សជំនាញអនុវត្ត ជាក់ស្តែង និងចំណេះដឹង​ក្នុង​ឧស្សាហកម្ម​តាមរយៈ​កម្ម​សិក្សា ការរៀនសូត្ររួមបញ្ចូលគ្នា និងកម្មវិធីសហគ្រិនភាព, និងការជំរុញ កំណើនសេដ្ឋកិច្ច​ដោយ​ការ​ផ្សព្វផ្សាយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ដើម្បីសម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនគប្បីបន្តជំរុញ បរិយាកាសអំណោយផល តាមរយៈគោលនយោបាយ និង​បទ​ប្បញ្ញ​ត្តិ​គាំទ្រ, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កន្លែងស្រាវជ្រាវ និង​មជ្ឈ​មណ្ឌលនវានុវត្តន៍, កសាងសមត្ថភាពបន្ថែមដល់អ្នកស្រាវជ្រាវទាំងវិស័យសាធារណៈ និង​ឯកជន និងបង្កើតភាពជាដៃគូរឹងមាំ ដោយសហការប្រកបដោយប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល គ្រឹះ​ស្ថានអប់រំ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM
អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
06/28/2026 01:06 PM