កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស

ព័ត៌មានជាតិ

សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នក​ប្រជាធិបតេយ្យ​និយមកណ្តាល អន្តរជាតិ

2024/11/18 04:01:24 pm        567
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​កិត្តិយស​អ​ញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជា​ធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ CDI ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧ ដល់ថ្ងៃទី១៩វិច្ឆិកា។សុន្ទរកថា គន្លឹះនៅក្នុងកិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ (IDC-CDI)នៅខេត្តសៀមរាបនារសៀលថ្ងៃទី១៨វិច្ឆិកានេះ សម្តេច​ធិបតី​បាន​សំដែ​ងសេចក្តីរីករាយដែលគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអនុប្រធាននៃអង្គការCDI ពិត​ជា​មាន​កិត្តិយស​ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ និងកម្មវិធី​ពិសេស​ស្ដីពី​យុវជន និង​ធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានប្រារព្ធ​ឡើង​កាល​ពី​ព្រឹក​នេះ។​ សម្តេចក៏សំដែងនូវសេចក្តីរីករាយ ផងដែរ ដែលគណៈប្រតិភូជាច្រើន នឹង ចូលរួម​មហា​សន្និបាត​អន្តរជាតិ គណបក្សនយោបាយ​នៅ​អាស៊ីលើកទី១២ ក៏​ដូច​ជា​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​អង្គ​ប្រជុំ​លើកទី១១ នៃ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និង​សន្តិភាព​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​ភ្នំពេញ​។ សម្តេចបានយកឱកាសនេះសំដែងនូវ ការដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំពោះ​ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកសាងសន្តិភាព ការ​ផ្សះផ្សា និង​ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចបាន សម្ដែង​នៅ​កតញ្ញូតា​ធម៌​ចំពោះ​ការប្តេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ ក្រោយពីជម្លោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការធ្វើទំនើបកម្ម​របស់​ប្រទេស​។ សម្ដេចថា សព្វថ្ងៃនេះពិភពលោក ប្រឈមនឹងបញ្ហា ដែលពុំធ្លាប់មានពីមុនមក ជាមួយ​នឹង​ការ​កើន​ឡើងនូវភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ ដែលពុំធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ។ ការអូសបន្លាយនិងការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជា​មួយនឹងការចូលរួមក្នុងសង្គ្រាម ដែលពុំមែនជាភាគីដោយផ្ទាល់ នៃជម្លោះ បាន​ធ្វើ​ឲ្យ​យើង​បាត់​បង់​ក្តី​សង្ឃឹម​សម្រាប់ឈានទៅរកកិច្ចព្រមព្រៀងនៃ​បទឈប់បា​ញ់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ និង​បាន​បង្កើន​នូវ​ភាពភ័យខ្លាចដល់ សង្គ្រាមជាសកល។ ទន្ទឹមនេះការបែងចែកប៉ូលសេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិកំពុងតែគំរាម កំហែង​ដល់អាយុជីវិតទូទាំងពិភពលោកក្នុងកម្រិតមួយដែលពិបាកប៉ាន់ស្មានផងដែរ។ បញ្ហា​ប្រឈម​ទាំង​នេះ បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌និងជនភៀសខ្លួន រាំងស្ទះដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច បង្កើតអត្រានៃអតិផរណា ដល់ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងប៉ះពាល់ដល់​សន្តិសុខ​ស្បៀង ​ព្រមទាំងការអភិវឌ្ឍន៍សង្គម។ ទាំងនេះជាហេតុផលដែលធ្វើឲ្យប្រធានបទនៃកិច្ចប្រជុំ មាន​ភាព​ទាន់ពេលនិងចាំបាច់ កាលណា យើងត្រូវប្រើប្រាស់ស្មារតីរួម ការទទួលខុសត្រូវរួមគ្នា ដើម្បី​ដោះ​ស្រាយបញ្ហា ក្តៅគគុកនៅក្នុងតំបន់ និងសកលលោក សម្ដេចជឿជាក់​ថា​យើង​រួម​គ្នានឹ​ងអា​ច​ក្លាយជាអ្នកតស៊ូមតិដែលមានឥទ្ធិពល សម្រាប់សន្តិភាព កិច្ចសន្ទនា​ក៏​ដូចជាកិច្ច​សហ​ប្រតិបត្តិការ ដែលមានគោលបំណងពន្លឿនការស្ដារសេដ្ឋកិច្ចនិងសង្គម ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍ និង​វិបុលភាព។សម្ដេចធិបតីក៏ បានអំពាវនាវដល់សមាជិក សមាជិកានៃអង្គការCDI ជុំវិញពិភព​លោក​ចូល​រួម​គាំទ្រ​ និង​រួមចំណែកលើដំណើរការរួមគ្នានេះ ហើយជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តឥ​ត​ងាក​រេ ​របស់CDI នឹងអនុញ្ញាតឱ្យយើងសម្របខ្លួនកាន់តែប្រសើរ នៅក្នុងការផ្លាស់ប្ដូរ ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងការកសាង សាមគ្គីភាពក្នុងភាពចម្រុះ និង ការ​ពង្រឹង​ទំនាក់ទំនងជាមួយដៃគូយើងដោយផ្អែកលើជំនឿ និងទំនុកចិត្តគ្នា។គួរបញ្ជាក់ថា CDI បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុ​ជា​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​នៅ​ខេត្តសៀ​ម​រាប​ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា ។សព្វថ្ងៃអង្គការ CDI មានសមាជិក១០៩គណបក្ស មកពី ៨៣​ប្រទេស ដែល មាន មនោគមវិជ្ជានយោបាយនិយម កណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិក​ខាងជើង អាហ្វ្រិក និងអាស៊ី ប៉ាស៊ីហ្វិក ក្នុងនោះគណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិរបស់CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះ​ឆ្នោត​ជា​អនុ​ប្រធាន​អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែ កក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិ​មក​ហើយ​៕ អត្ថបទ មុត សុទ្ធ

កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី ការក្សាសន្តិភាពក្នុងក្របខណ្ឌ UN ហើយនឹងមានប្រទេសជិត១០០ចូលរួម

2024/11/18 03:06:02 pm        492
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ក្រសួង​ការពារជាតិកម្ពុជា បានកំពុងរៀបចំសំណើរទៅកាន់អង្គការសហប្រជា ជាតិ​ដើម្បី​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដោយកិច្ច​ប្រជុំ​នេះ​នឹង​មាន​ប្រទេសជាសមាជិក ជិតមួយរយចូលរួម។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការ សហ​ប្រជាជាតិ​(UNTPP) នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (KPO) ដែលស្ថិត​នៅ ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ បានបញ្ជូន​កង​កម្លាំង​ទាហាន​មួក​ខៀវ​របស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពពិភពលោកជាបន្តបន្ទាប់ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​អង្គការ​សហប្រជាជាតិ ហើយតាមរយៈ​បេសកកម្ម​ដ៏​ធំ​នេះ​កម្ពុជា​បាន​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​អន្តរ​ជាតិ​ ដោយសារតែកង ទ័ពកម្ពុជាមានជំនាញច្បាស់លាស់លើកិច្ចការទាំងនេះ ថែមទាំង​អាច​ហ្វឹក​ហ្វឺន​ដល់ប្រទេសមួយចំនួនក្នុងតំ បន់ផងដែរ​ក្រោម​គម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃ​គូ ដូចជាប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ ដោយមាន​ការ​សម្រប​សម្រួល​ពី​អង្គការ​សហ​ប្រជាជាតិ​នោះ​។​នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្រៅពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​វគ្គ​ហ្វឹក​ហ្វឺន​គម្រោង​ត្រី​ភាគី​កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ(UNTPP) ដោយមានប្រទេស​ប្រាំបី​ចូល​រួម​នាពេលនេះ កម្ពុជាក៏កំពុងរៀបចំដាក់សំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នាពេលខាង​មុខ​នេះ​ផ​ងដែរ ខណៈកិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់រដ្ឋជាសមាជិក ដើម្បី​រួម​គ្នា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួមមួយ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និង​ផល​​ប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារនោះ។សូមបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះជាលើកទី២ នូវវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា​-កូរ៉េ-អង្គការសហប្រជាជាតិ ខណៈវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ និងអន្តរជាតិនេះ ក្នុង​គោល​បំណង បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុង​ពេល​ប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និង​ស្ទាត់​ជំនា​ញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បី​គាំទ្រដល់ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាម​តម្រូវ​ការ​របស់​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិជាដើម។ វគ្គហ្វឹកហ្វឺនជាលើកទី២នេះ គឺមានសិក្ខាកាមមក​ពី​ប្រទេស​ចំនួន​៨​ចូល​រួម​កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និង​ស្រី​លង្កា​ជា​ដើម៕ អត្ថបទបាន ចក់

កងទ័ពកម្ពុជា ឡាវ និងវៀតណាម បើកលំហាត់ហ្វឹកហ្វឺន​លើការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​បាក់រលំអគារ

2024/11/18 12:52:03 pm        542
នៅថ្ងៃនេះ កងទ័ពកម្ពុជា ឡាវ និងវៀតណាម បាន​បើក​លំហាត់​ហ្វឹកហ្វឺន​រួមគ្នា​លើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយបាក់រលំអគារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែន​រីករាយ) ក្នុងខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្មាំ២០២៤ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់​ការ​ហ្វឹក​ហ្វឺន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺននៃគណៈកម្នការអន្តរក្រសួង បានអញ្ជើញ​ក្នុង​ពិធី​បើក​លំហាត់ហ្វឹកហ្វឺនៅនៃប្រទេសទងបី កម្ពុជា ឡាវ និងវៀតណាម ដែល​លំហាត់​ហ្វឹក​ហ្វឺន​នេះ​មាន​រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ថ្លែងថា ការធ្វើលំហាត់កងទ័ពបីប្រទេស បាន​ធ្វើ​ឡើង​តាម​ការ​ដឹកនាំរបស់ ក្រសួងការពារជាតិទាំងបីប្រទេស ក្នុងគោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក​ងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈដែលមានគ្រោះមហន្ត រាយ​កើត​ឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា និងកាត់បន្ថយការ គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រមទាំងទ្រព្យសម្បត្តិឱ្យបានទាបបំផុតតាមដែលអាចធ្វើបាន។ ក្នុង​ន័យ​នេះ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេសទាំងបី បានឯកភាពគ្នា ចាត់តាំងលំហាត់កងទ័ពទាំងបីប្រទេស ជារៀងរាល់ឆ្នាំ ដោយ​ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះ ម្នាក់ម្តង និងដាក់ចេញប្រធានបទជាក់ស្តែង អំពីការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដោយធម្មជាតិ ដែលបានកើតឡើងក្នុងប្រទេសទាំងបីជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ផ្អែកលើប្រធានបទ “ប្រតិបត្តិការ ជួយ​សង្គ្រោះ​​គ្រោះមហន្តរាយបាក់រលំអាគារ” យោជិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវតែ​រួម​សហការ​យ៉ាងជិតស្និត ចូលរួមអនុវត្តឱ្យបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រ ហើយ​គោរពប្រតិបត្តិឱ្យបានម៉ឺងមាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់សមយុទ្ធនេះ។លោកឧត្តមសេនីយ៍ទោបានណែនាំ​ដល់​យោធិន​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ពី​គ្នាទៅវិញទៅមក និងដកពិសោធន៍រាល់ ខ្លឹមសារសមយុទ្ធទាំងអស់ ទាំងនៅទីលាន ទាំង​ការដឹកនាំបញ្ជា ដើម្បីបង្កើនចំណេះដឹង ឱ្យមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ពេល​ប្រតិបត្តិការ​សង្គ្រោះបានទាន់ពេលវេលា សង្គ្រោះជីវិតប្រជាជនរួចផុតពីគ្រោះមហន្តរាយនានា។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា បានស្នើដល់យោធិនគ្រប់រូប ត្រូវ​លើក​កម្ពស់​ចំណង​សាមគ្គី​ភាព មិត្តភាព ស្មោះសក្នុងស្មារតីសហប្រតិបត្តិការ និងគោរពគ្នាទៅវិញ​ទៅ​មក​ដោយ​ស្មើរ​ភាព សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០២៤ទទួលបានជោគជ័យតាមកម្មវិធី ព្រមទាំងធានាសុវត្ថិភាពទាំងមនុស្ស និង​គ្រឿង​បំពាក់៕ អត្ថបទ៖ សេក ឧត្តម 

កម្ពុជាសហការជាមួយចក្រភពអង់គ្លេសរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញ​ការ​នាំចេញ

2024/11/18 12:30:37 pm        445
ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneurs' Network (CamWEN)) សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀ​ប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិកម្ពុជា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ នៅ​អគារ​ពិព័រណ៍​កោះពេជ្រ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើតទំនាក់ទំនង រវាងអ្នកបញ្ជាទិញ និង​អ្នក​ផលិត។នៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះរៀបចំឡើង តាមរយៈការ​សម្រប​សម្រួល​ការ​ត​ភ្ជាប់ រវាងធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី និងអ្នកបញ្ជាទិញ ក្នុង​គោល​បំណង​ជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស និងដើម្បី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​របស់​ចក្រភ​ព​អង់គ្លេស​លើ​ផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា និងចក្រភពអង់គ្លេស មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធលើគ្រប់វិស័យដែលមិត្តភាពដ៏រឹងមាំនេះ ត្រូវបានថែរក្សា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកជំទាវ បាន​បន្ថែម​ថា ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញ ក៏ដូចជាផ្តល់ជូន​អ្នកចូលរួមនូវ​ចំណេះ​ដឹង​បន្ថែម​ស្តីពី​ព័ត៌មា​ន​ទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់​ចក្រភព​អង់គ្លេសផងដែរ។ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈ​កិច្ចស​ហការ​នៃ​ការរៀបចំកម្មវិធីនាពេលនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស តាមរយៈវេទិកាពាណិជ្ជកម្ម និងការ​វិនិយោគ​កម្ពុជា-ចក្រភពអង់គ្លេស នឹងបង្ហាញពីសក្ដានុពល​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ពាណិជ្ជកម្ម​សកល ការបង្ហាញផលិតផលវាយនភណ្ឌ សំលៀកបំពាក់ សិប្បកម្ម និងស្បែកជើង​ទៅ​កាន់​ទីផ្សារអន្តរជាតិ។អ្នកចូល​រួមតាំងបង្ហាញផលិតខ្មែរ ក្នុងកម្មវិធីពិព័រណ៌អន្តរជាតិនេះ បានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍​នេះនឹងជួយគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​ផ្គត់​ផ្គង់ ក៏ដូចជាសេវាកម្មជាដើម ដែលមានការប្រកួតប្រជែង ផ្តល់អត្ថ​ប្រយោជន៍​ទាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និងអន្តរជាតិ។យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១​ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕ អត្ថបទ ឈិត បូរ៉ាវី 

លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាព​ដែលមាន​យុវសិស្ស​ប្រឡង​ជាប់​និទ្ទេសA ចំនួន​១៣នាក់

2024/11/18 12:19:20 pm        448
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២១៤នេះ បានអញ្ជើញ​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្តដល់ក្រុមសិស្សប្រឡងជាប់និទ្ទេស A ទាំង ១៣រូប ប្រចាំឆ្នាំ២០២៤ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​នូវថវិកា​ចំនួន ​៤លានរៀល។ លោកជំទាវ មិថុនា ភូថង កោតសរសើរ​ពីកិច្ចប្រឹ​ង​ប្រែង​កូន​ក្មួយៗ​ដែល​បញ្ចេញ​សមត្ថ​ភាព​ប្រឡង​ជាប់​បាន​និទ្ទេសAមានចំនួនច្រើនមិនធ្លាប់មានពីមុនរហូតដល់១៣រូប។ នេះជាមោទនភាព​ដ៏​ឧត្តុង​ឧត្តម​យ៉ាង​ខ្លាំងសម្រាប់ខេត្តកោះកុង ក៏ដូចជាម្តាយឪពុកអាណាព្យាបាលសិស្សផងដែរ។ លោកជំទាវអភិបាលខេត្ត ជំរុញឱ្យបន្តខិតខំសិក្សាបន្ថែមទៀតបានឱ្យល្អនៅថ្នាក់មហាវិទ្យាល័យ ដើម្បី​ក្លាយ​ជាធនធានមនុស្សដ៏មានសក្តានុពលដែលប្រទេសជាតិកំពុងត្រូវការ សម្រាប់ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គមជាតិទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កូនក្មួយៗត្រូវមានគុណធម៌ សិលធម៌ ចរិយា​ថ្លៃ​ថ្នូរឱ្យសាកសមនឹងកូនខ្មែរ ចៀសវាង​ភ្លើត​ភ្លើ​ន​ទៅ​អំពើ​អបាយ​មុខ​ដែល​សង្គម​មិន​ឱ្យ​តម្លៃ​។ ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូ​មិជាប់​និទ្ទេសA​រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន៥នាក់ បើធៀបនឹងឆ្នាំទៅ​២០២៣​មាន​សិស្ស​ជាប់​និទ្ទេស​A​តែ៣នាក់ប៉ុណ្ណោះ។ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ថា កន្លងទៅ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន​សរុប​ចំនួន​១១២១នាក់ស្រី៦០៨.នាក់។ ដោយមានអ្នកប្រឡងជាប់សរុបចំនួន.៩០៧ នាក់ស្រី៥០៤ នាក់​ស្មើនឹង៨០.៩១%។ បន្ថែមលើមោទនភាពរបស់លោកជំទាវអភិបាលខេត្ត លោក ង៉ែត ឡឹង បានបញ្ជាក់ថា ក្នុង​ចំណោម សិស្សដែលបានប្រឡងជាប់ គឺសិស្សជាប់និទ្ទេសAចំនួន ១៣ នាក់/ស្រីចំនួន ០៥ នាក់​។ និទ្ទេសBចំនួន ៦៥ នាក់ /និទ្ទេសC ចំនួន១៧៤ នាក់/និទ្ទេសD ចំនួន ៣១២ នាក់/ និង​សិស្សនិ​​ទ្ទេសEចំនួន ៣៤៣ នាក់៕ អត្តបទ៖ ឈឹម មករា

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល​-កោះកុង) សម្រេច​វឌ្ឍនភាពបាន ៦៨,៣០%ហើយ គ្រោង​បញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ ខាងមុខនេះ

2024/11/18 11:44:16 am        287
គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ​៤៨ ​ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុង​ខេមរ​ភូមិន្ទខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ។ នេះ​បើយោងតាមការបញ្ជាក់របស់​ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្ដមបន្តថា​ ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល​-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក ដោយ​ការ​ងារ​អ៊ុត​AC នឹង​គ្រោង​បញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ។ ផ្លូវជាតិលេខ៤៨ គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកប​ដោយ​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុ​ភារកម្ម ទេសចរណ៍។ ទន្ទឹម​នឹង​ដំណើរ​ការ​ការ​ដ្ឋាន​កំពុង​មមាញឹកខ្លាំងនេះ ឯកឧត្ដមក៏សូម​អំពាវ​នាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៤៨ ជា​ពិសេស​រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹក​ធ្ងន់​ពេក ដែល​បណ្តាល​ឱ្យ​មាន​ការលំបាកក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និង​ចុះចំណោត​ជា​ដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុង​ល្បឿនមួ​យ​អាច​គ្រប់​គ្រង​បាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕

រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies

2024/11/18 11:08:49 am        281
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Total Energies EP Cambodge (TEP Cambodge) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមពៀង ប្រេងកាតតំបន់ III នៃតំបន់ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា រវាងកម្ពុជា-ថៃ (OCA) ។រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹងក្រុមហ៊ុន TEP Cambodge ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន TEP Cambodge នៅ​សប្តាហ៍ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាត មាន​លក្ខ​ខណ្ឌតំបន់ III នៃតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA)។ជុំវិញការចុះកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជំរុញការ អភិវឌ្ឍវិស័យប្រេងកាត នៅអាណត្តិដឹកនាំថ្មីរបស់រាជរដ្ឋាភិបាល។ ការ​វិនិយោគ និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញពីការជឿជាក់ និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា និងវិស័យប្រេងកាតកម្ពុជា ជាក់ស្តែងការចុះ ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងពន្យារបន្តនេះ នឹងជំរុញការអភិវឌ្ឍវិស័យប្រេងកាត ស្របតាមចក្ខុ​វិស័យ​របស់​ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រងធនធានប្រេងកាតរបស់ជាតិ ចូលរួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយ សមធម៌ និងការទទួល​ខុស​ត្រូវ​បរិស្ថាន និងសង្គម។សូមបញ្ជាក់ថា នៅឆ្នាំ ២០០៩ ក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខ​ខណ្ឌ​ជាមួយ​នឹងក្រុមហ៊ុន Total E&P Cambodge ដែលមានរយៈពេលសុពលភាពចំនួន១០ឆ្នាំ ចាប់​ពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមហ៊ុនបានប្ដូរ នាមករណ៍មកជា Total​Energies EP Cambodge (TEP Cambodge)។ កិច្ចព្រមព្រៀង ប្រេងកាតមានលក្ខខណ្ឌនេះ ជាកា​រផ្ដល់ សិទ្ធិចូលរួមឱ្យក្រុមហ៊ុន ត្រៀមវិនិយោគលើការអភិវឌ្ឍធនធានប្រេងកាតនៅតំបន់ III នៃ​តំបន់ OCA នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តំបន់ OCA នេះ។ជុំវិញបញ្ហានេះ, ក្រុមហ៊ុន TEP Cambodge បានដាក់លិខិតស្នើសុំពន្យារបន្តសុពលភាព កិច្ច​ព្រម​ព្រៀងប្រេងកាតមាន លក្ខខណ្ឌ (CPA) តំបន់ III នៃតំបន់ OCA ក្នុងនោះក្រសួងរ៉ែ និង​ថាមពល បានរៀបចំបង្កើតគណៈកម្មការអន្ដរក្រសួង ដែលមាន សមាសភាពពីក្រសួងរ៉ែ និង​ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចរចា​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខខណ្ឌ​​នេះ​សារជាថ្មី ជាមួយនឹងក្រុមហ៊ុន TEP Cambodge តែដោយសារវិបត្តិកូវីដ-១៩ ទើបការ​ចរ​ចា​ពន្យារ​បន្ត​នេះ​ត្រូវបានពន្យារពេល ។ បញ្ហានេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ​កម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងថ្មី ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០២៤ ដើម្បី​បន្ត​ការ​ចរចាកិច្ចព្រម ព្រៀងពន្យារបន្ត ហើយការចរចានេះ បានឈានដល់ការ​ឯកភាព​គ្នា​ចុះហ​ត្ថ​លេខា​ខាងលើ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ RCEP មានទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក

2024/11/18 10:52:08 am        218
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ ២០២៤ មាន​ទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុង​នោះ​ទីផ្សារ​ប្រទេសចិន មានកំណើនខ្ពស់ជាងគេ មានទឹកប្រាក់ជាង ១១.១ ពាន់លានដុល្លារ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈ​ពេល​៣​ត្រី​មាស​ឆ្នាំ​២០២៤ នេះ, ការធ្វើពាណិជ្ជកម្ម ជាមួយភា​ពជា​ដៃ​គូ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ហៅថា RCEP មានទំហំសរុបជាង ២៥.៥ ពាន់លានដុល្លារអាមេរិក កើន ឡើង ៦១ ភាគ​រយ ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអាស៊ាន មានទំហំទឹកប្រាក់កើនឡើងជាង ១១.៧ ពាន់​លានដុល្លារអាមេរិក កើន ឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំណែកប្រទេសដែលមានកំណើនខ្ពស់ជាងគេមាន ប្រទេសវៀតណាម ជាង ៥.៨ ពាន់​លាន​ដុល្លារ កើនជាង ១៤ ភាគរយ, ប្រទេសថៃ ជាង ៣.១ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ, សាំង​ហ្គាពួរ ជិត ១ ពាន់ដុល្លារ កើនជាង ២ ភាគរយ និងការនាំចេញទៅកាន់ប្រទេសចំនួន ៦ផ្សេង​ទៀតនៅក្នុងអាស៊ាន បានកើនឡើងគួរកត់សម្គាល់ផងដែរ។ចំណែកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗក្រៅពីអាស៊ានរួមមាន៖ ប្រទេសចិន មាន​ទឹក​ប្រាក់ជាង ១១.១ ពាន់លាន ដុល្លារ កើនជិត ២៧ ភាគរយ, ជប៉ុន ១.៥ ពាន់លានដុល្លារ កើន​ជិត ៣ ភាគរយ, កូរ៉េ ៦២៧ លានដុល្លារ កើនជាង ១ ភាគរយ, អូស្រ្តាលី ៤២០ លានដុល្លារ កើន១ភាគរយ និងប្រទេសឥណ្ឌា ២៦៨ លានដុល្លារ កើនជិត ១ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ២០២៣។សូមបញ្ជាក់ថា RCEP មានសមាជិកចំនួន ១៥ ប្រទេស ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ​ចំនួន១០ប្រទេសជាសមាជិកអាស៊ាន និង៥ ប្រទេសទៀត ជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់, ខណៈដែលការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់​កម្ពុជា​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើន​ជាង ១៦ ភាគរយ ក្នុងនោះការ នាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់​លាន​ដុល្លារ​ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៣ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI

2024/11/18 10:41:01 am        193
សៀមរាប៖ ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈ កម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធាន ទី២ ព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ប្រមាណ ៨៧រូប មកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ ។សូមជម្រាបថា៖ នាពេលបច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ ។ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ជម្រាបជូនថា ប្រទេសកម្ពុជាមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការកសាងសន្តិភាព ហើយយើងខ្នះខ្នែងចែករំលែកវាជាមួយប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលប្រឈមមុខនឹងជម្លោះប្រដាប់អាវុធដែលអូសបន្លាយ។ ដំណើរផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព គឺជាដំណើរការដ៏លំបាកមួយ ប៉ុន្តែយើងមិនត្រូវបោះបង់ក្តីសង្ឃឹម ហើយខិតខំរួមគ្នាដើម្បីស្វែងរកសន្តិភាព ដែលជាដំណោះស្រាយដ៏មានន័យចំពោះសង្គ្រាម។ នៅក្នុងវេទិកាពិសេសទីពីររបស់យើងថ្ងៃនេះ យើងនឹងមានឱកាសពិភាក្សាអំពីសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដែលស្នើឡើងដោយប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ធម្មនុញ្ញសន្តិភាព គឺជាឧបករណ៍ច្បាប់មិនជាប់កាតព្វកិច្ចមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជាសកលនូវសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាព។ វាឈរលើគោលការណ៍គ្រឹះនៃ (១) ឯកភាពក្នុងភាពចម្រុះ អ្នកជិតខាងល្អ ការមិនឈ្លានពាន និងមិនជ្រៀតជ្រែក (២) ការដោះស្រាយជម្លោះដោយសន្តិវិធី និង (៣) វប្បធម៌សន្តិភាព។បន្ទាប់ពី ប្រសាសន៍ស្វាគមន៍ របស់ឯកឧត្តម André Pastrana Arango ក្នុងនាមជាប្រធានអង្គការ IDC-CDI ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀប ចំកិច្ចប្រជុំ គណៈ កម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធាន ទី២ ព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យរបស់គាត់ក្នុងការធានាសន្តិភាពពេញលេញសម្រាប់កម្ពុជា ជាលើកដំបូងក្នុងរយៈពេល 5 សតវត្សកន្លងមកនេះ។ ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់លោកដែលបានបន្សល់ទុកសម្រាប់កម្ពុជា។ ដោយសារអាស៊ីមានវប្បធម៌ និងប្រពៃណីចម្រុះ ការលើកកម្ពស់ការយល់ដឹង និងការអត់ឱនជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសហត្ថិភាពដោយសន្តិភាព និងសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាព។ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុងអង្គរ ដែលជាបេះដូងនៃអរិយធម៌ខ្មែរបុរាណរបស់យើង។ ក្នុងនោះគួរកត់សម្គាល់ថា ទ្វីបអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្រ្វិកគឺជាដើមនៃអរិយធម៌បុរាណដែលមានលក្ខណៈប្លែកៗរៀងៗខ្លួន។ អរិយធម៌បុរាណទាំងអស់នេះត្រូវបានភ្ជាប់យ៉ាងស៊ីជម្រៅ និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងលក្ខខណ្ឌនៃការរួមចំណែករបស់ពួកគេចំពោះការរីកចម្រើនរបស់មនុស្សជាតិតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។ប្រទេសចំនួន ២១ មកពីទ្វីបចំនួន៤ ដែលមកតំណាងនៅទីនេះនាថ្ងៃនេះ ហើយពួកគេសុទ្ធតែជាកូនចៅ និងអ្នកមរតកសម័យទំនើបនៃអរិយធម៌ដ៏អស្ចារ្យនៅទូទាំងពិភពលោក។ បុព្វបុរសរបស់យើងបានប្រគល់ឱ្យយើងមិនត្រឹមតែប្រាសាទ និងវិមានដ៏អស្ចារ្យ និងទ្រព្យសម្បត្តិបុរាណវិទ្យា និងសិល្បៈដែលយើងឃើញបង្ហាញនៅក្នុងសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមិទ្ធិផលវិទ្យាសាស្ត្រជាមូលដ្ឋានផ្សេងទៀត និងការច្នៃប្រឌិតដែលបានផ្លាស់ប្តូរពិភពលោកផងដែរ។ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់និងអញ្ជើញចូលរួមកិច្ចពិភាក្សាលើ វេទិកាពិសេសចំនួន២ ស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី»៕

ឯកឧត្តម ប្រាក់ សោភ័ណ និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន IDC-CDI ទទួលស្វាគមន៍គណៈប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI កាលពីយប់មិញ

2024/11/18 09:57:22 am        212
សៀមរាប៖ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI បានអញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់របស់គណៈប្រតិភូមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ក្រោមវត្តមានគណៈប្រតិភូប្រមាណ ៨០រូប មកពីបណ្តាប្រទេសចំនួន២៤ ក្នុងទ្វីបទាំង៥ ពិសេសគណបក្សធំៗប្រមាណ២៦ ដែលមកពីអ៊ឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង។ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម André Pastrana Arango (អានទ្រេ ផាសត្រាណា អារ៉ានហ្គូ) ប្រធានអង្គការ CDI-IDC និង ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា រួមនឹងឯកឧត្តមអគ្គលេខាធិការ អនុប្រធាន និងសមាជិក CDI រួមទាំងឥស្សរជនជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ CDI-IDC និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានធ្វើដំណើរយ៉ាងឆ្ងាយមកទស្សនកិច្ចនៅលើទឹកដីអង្គរ-សៀមរាបដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសង្ឃឹមថា ក្នុងឱកាសដ៏ពិសេសដែលថ្នាក់ដឹកនាំទាំងអស់ បានមកកាន់ខេត្តសៀមរាបនេះ នឹងទទួលបានជោកជ័យ ជាមួយនឹងការដក់ជាប់ក្នុងអារម្មណ៍ជាមួយនឹងស្នាមញញឹមនៃប្រជាជនកម្ពុជា ការធ្វើបដិសណ្ឋារកិច្ច និងទស្សនីយភាពដ៏ប្រណិតនៃសោភ័ណភាពបេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរវត្ត និងវប្បធម៌ ប្រវត្តិសាស្រ្ត អរិយធម៌ខ្មែរដ៏សម្បូរបែបផ្សេងទៀត។សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI មានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រតិបត្តិនេះដែរ នឹងប្រារព្ធនូវវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី», ជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI, និងកម្មវិធីទស្សនកិច្ចតំបន់បេតិភណ្ឌប្រវត្តិសាស្រ្តអង្គរផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM
ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​
06/30/2026 06:06 PM
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
06/30/2026 06:06 PM