ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការលើកកម្ពស់​អនាម័យ​តាមជនបទ

2024/11/13 09:24:28 am        179
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អនាម័យតាមជនបទ ពោល​គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​បន្ត​ជំរុញ និងអនុវត្ត ផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជន​បទ​ឲ្យ​សម្រេច​បាន​មួយរយភាគរយនៅក្នុងឆ្នំា២០៣០ខាងមុខនេះ។តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាម​រយៈ​ការ​បន្ត​កែលម្អលក្ខ ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោត​លើ​ការ​ពង្រីក​វិសា​ល​ភាព​នៃការផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ។ បន្ថែម​ពី​នេះក​ម្មវិ​ធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅក្នុងការ​បន្តជំ​រុ​ញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គ​ង់​ទឹក​ស្អាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្រប ដណ្តប់មួយរយភាគរយនៅឆ្នាំ២០៣០»។បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងផងដែរថា អត្រាកំណើន នៃ​ការ​ទទួលបានសេវាអនាម័យតាមជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​ប្រកប​ដោយ​មោទនភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន​នេះ​អត្រា​គ្រប​ដណ្តប់​អនាម័យ​នៅ​ក្នុង​សហគមន៍ ជនបទនៅកម្ពុជា បានកើនឡើងដល់ប្រមាណ៩០ភាគរយ ដែលក្នុងនោះ​មាន​ភូមិ​ចំនួន​៩៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន​១០​រួម​មានខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប សីហនុ កំពង់ចាម រតនគិរី និង​ខេត្តសៀមរាប ដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុង​ចំណោម​ខេត្ត​ខាង​លើ មានខេត្តមួយចំនួនបាននិងកំពុងវាយ តម្លៃ ដើម្បីឈានទៅសម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ផងដែរ។យ៉ាងណាក៏ដោយដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យ ឲ្យ​បានមួយរយភាគរយនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏​ដូចជា ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអនុវត្តលើកិច្ចការខាងលើនេះ ហើយ​ត្រូវគាំទ្រ តាមគ្រប់រូបភាពទាំងអស់ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល​មាន​អត្រា​អនាម័យទាប ឲ្យ ទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅ​សម្រេច​បាន​ជា​ភូមិ​ ស្រុក ក្រុង និងខេត្តបញ្ចប់ការ បន្ទោបងពាសវាលពាសកាល និងត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំងក្លាបន្ថែមទៀត ចំពោះក្រុមងាយ រងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បី ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​ជនកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន កំពុងបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/11/13 09:07:53 am        130
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖១- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេស រួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។៣- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពី ការទាក់ទាញភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល

2024/11/12 09:31:37 pm        159
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបាឋកថាលើការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤១៣នាក់, នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាល និងបានសួរនាំ នូវព័ត៌មានត្រឡប់ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេលប្រមាណ ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀមរបស់ក្រុមគ្រូពេទ្យ ដែលត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយក្រុមកីឡាករអុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ឯកឧត្តមសាស្ត្រា ក៏បានជូនពរដល់មន្រ្តីសុខាភិបាលក្នុងព្រះរាជពិធីបុណ្យអុំទូក និងបានបង្ហាញពីរចនាបថប្រទីបរបស់ក្រសួងសុខាភិបាល ដែលតំណាងឱ្យមោទនភាពរបស់មន្រ្តីសុខាភិបាលទូទាំងប្រទេស។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង និងបានជំរុញឱ្យអង្គភាពទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាលជាស្ថាប័នជួរមុខក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះមួយចំនួន ដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធរួមមាន៖ (១)ការទទួលស្គាល់សិទ្ធអំណាចរបស់ភាគីពាក់ព័ន្ធ (២)ការកាត់បន្ថយការប្រើប្រាស់អារម្មណ៍អវិជ្ជមានពេលធ្វើការជាមួយភាគីពាក់ព័ន្ធ (៣)ការស្វែងយល់ពីភាគីពាក់ព័ន្ធ (៤)ការសាកសួរប្រមូលយកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ព័ន្ធពេញចិត្តនឹងចូលរួមជួយយើង និង(៧)ការរៀបចំរបៀបទំនាក់ទំនងរបស់យើងឱ្យស្របទៅនឹងស្ថានភាពរបស់ភាគីពាក់ព័ន្ធ។ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពីមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ “ការបង្កើនការជូនដំណឹងអំពីតម្លៃគ្រោះថ្នាក់ និងតេស្តគ្រោះថ្នាក់នៃលទ្ធផលរបស់អ្នកជំងឺទៅគ្រូពេទ្យឱ្យបានគ្រប់ករណី និងទាន់ពេលវេលា។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕អត្ថបទ រដ្ឋា

ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្របខណ្ឌ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

2024/11/12 09:00:48 pm        180
ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌនេះ គឺសំដៅលើ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០កន្លែង នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាលចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមបេក្ខជន អាណាព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនសិស្សប្រលងជាប់និទ្ទេស A នៅខេត្តត្បូងឃ្មុំ

2024/11/12 08:54:30 pm        110
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិធីជួបសំណេះសំណាល ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបានប្រគល់អំណោយលើកទឹកចិត្តនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរជាខ្លាំង ដែលសិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ដែលមិនត្រឹមតែចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សានុសិស្ស ប្រឡងជាប់ នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបាន ចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ និទ្ទេស B ចំនួន ២១៣នាក់ និទ្ទេស C ចំនួន ៤៤៥នាក់ និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន ២ ០១៤ នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់។ សូមជម្រាបជូនថា នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៥ ៥៥២ នាក់ (ស្រី ៣ ១៩៤ នាក់) និងបានប្រឡងជាប់ ៤ ៣៧៤ នាក់ (ស្រី ២៦៣២ នាក់) ស្មើនឹង ៧៩,៩៨% (ស្រី ៨៣,៤២%)។ សិស្សនិទេ្ទស A មាន ៧០នាក់ និទ្ទេស B មាន ៣៧៩នាក់ និទ្ទេស C មាន ៨៩៥នាក់ និទញទេស D មាន ១ ៥៥២ នាក់ និងនិទ្ទេស E មាន ១៤៧៨នាក់។ ក្នុងនោះនៅស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ មានបេក្ខជន ប្រឡងសរុបចំនួន ៤៥៤នាក់ (ស្រី ១ ៣៧៥នាក់) នៅក្នុងសម័យប្រឡង ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់នៅទូទាំងប្រទេស៕អត្ថបទ៖ទូច សោភ័ណ

ឯកឧត្តមអភិសន្តិបណ្ឌិត និងទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល

2024/11/12 06:00:36 pm        135
ភ្នំពេញ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន មានអង្គការចាត់តាំង ដោយភាគីទាំងពីរ យល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យភាគីទាំងពីរ កម្ពុជា និងម៉ាឡេស៊ី ពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខ និងបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរបទពិសោធកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធានក្នុងជួរកងកម្លាំងលើជំនាញរួម និងប្រហាក់ប្រហែលគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលបទល្មើសក្នុងសង្គម នាពេលបច្ចុប្បន្ន កំពុងប្រឈមខ្ពស់នឹងប្រភេទបទល្មើសឆ្លងដែនជាសកល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ម៉ាឡេស៊ី។ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី Shaharuddin Bin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតែងតែផ្តល់បរិយាកាសរស់នៅយ៉ាងកក់ក្តៅដល់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា។ ភាគីទាំងពីរ ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រទេសទាំងពីរ នឹងបន្តសម្រេចបានលទ្ធផលរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជន៕

សម្ដេចធិបតីធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ

2024/11/12 05:08:50 pm        217
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោកនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា វិនិយោគិនពិតជាត្រូវការនូវបរិយាកាសវិនិយោគមួយដែលប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសវិនិយោគិនបរទេស នៅក្នុងចំណុចនេះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាមានបរិយាកាសល្អនៅក្នុងការបោះទុនវិនិយោគ ចំនួន ៣ ចំណុចសំខាន់ៗ ដែលក្នុងនោះមានដូចជា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសុខសន្តិភាព ហើយថែមទាំងធានាបាននូវសុខសុវត្ថិភាពដល់វិនិយោគិនទាំងអស់រួមទាំងទេសចរផងដែរ។ ទី២ កម្ពុជាជាប្រទេសដែលបានដាក់ឱ្យមានប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចដែលផ្ដល់នូវឱកាសវិនិយោ គច្រើនដល់វិនិយោគិន និងទី៣ កម្ពុជាបានកែសម្រួលច្បាប់វិនិយោគ និងលក្ខខណ្ឌវិនិយោគនានា ដើម្បីបង្កភាពកាន់តែងាយស្រួលដល់វិនិយោគិន។សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសបើកចំហ និងមានលក្ខខណ្ឌវិនិយោគងាយស្រួល ហេតុនេះ សម្ដេចសង្ឃឹមថា ជំនួបជាមួយវិនិយោគិនត្រកូលលីនពិភពលោកនៅថ្ងៃនេះ វិនិយោគិនទាំងអស់នឹងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានកាន់ តែច្រើនថែមទៀត។សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើង ក្នុងគោលបំណង៣សំខាន់ ទី១៖ កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។ ទី២៖ ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទ​នៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ ទី៣៖ ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រាកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានការរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក និងសមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា និងការប្រកាសពីសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ក្នុងការប្រគល់សិទ្ធិដល់​សមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំនូវ App សម្រាប់ផ្តល់ជូនទៅសមាជិក សមាជិការបស់ ​សភាពាណិជ្ជកម្មពិភពលោកទាំង១៥ប្រទេស និង៣៦ការិយាល័យប្រើប្រាស់​ក្នុងគោលបំណងផ្គូរផ្គង និងជំរុញនូវអាជីវកម្ម និងពាណិជ្ជកម្មរបស់សមាជិក សមាជិកាផងដែរ៕

បញ្ញវន្តខ្មែរ៖ ចរិតប្រហើននៃក្រុមបក្ខពួកទណ្ឌិតក្បត់ជាតិបីជំនាន់ ជានយោបាយ​ជ្រុលនិយម​បំបែក​បំបាក់​ជាតិ​ដែល​ពលរដ្ឋមិនត្រូវដើរតាម

2024/11/12 05:06:17 pm        281
បញ្ញវន្តខ្មែរបានចាត់ទុកចរិតច្រឡោងខាម(ប្រហើន) ធ្វើឡើងដោយក្រុមបក្ខពួកទណ្ឌិត សម រង្ស៊ី គឺ​ជា​ការធ្វើនយោបាយជ្រុលនិយម បំបែកបំបាក់ជាតិ ដែលពលរដ្ឋគ្រប់រូបទាំងក្នុង និងក្រៅ​ប្រទេស​​មិន​ត្រូវដើរតាម។បញ្ញវន្តខ្មែរធ្វើឡើងបែបនេះនៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីមានសារសំឡេងក្រុមប្រឆាំង បាន​ទូរសព្ទ​ទៅ​សម្តេចតេជោហ៊ុន សែន ដោយប្រើពាក្យសម្តីគ្មានសុជីវធម៌ ច្រឡើសបើស គ្មាន​ការ​អប់រំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកថុង ម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា ការទូរសព្ទ​ផ្ទាល់​ទៅ​សម្តេច​តេជោ ហ៊ុន សែន ដោយប្រើពាក្យមិនសមគួរ ជាអំពើអសីលធម៌ គ្មានការគោរពចាស់ទុំ និង​ថ្នាក់​ដឹកនាំប្រទេស។ សកម្មភាពនេះបានបង្ហាញពីភាពខ្សោយផ្នែកសីលធម៌ និងគ្មាន​វិជ្ជាជី​វៈ​ជា​អ្នក​សារព័ត៌មាន របស់ក្រុមប្រឆាំង។ លោកបញ្ជាក់ថា «តាមរយៈសំឡេងសន្ទនាជាមួយសម្តេច[ហ៊ុនសែន] បាន​បង្ហាញ​​យ៉ាង​ច្បាស់ពីចរិកពាល ជាមនុស្សពុំមានទទួលបានការអប់រំល្អ ហើយក្រុមប្រឆាំងគឺចូលចិត្តប្រើប្រាស់មនុស្សបែបនេះ យកមកបោកប្រាស់ប្រជាជនខ្មែរ ទាំងខ្លួនឯងមិនស្គាល់ពីសង្គម និងការអភិវឌ្ឍនៅកម្ពុជាឡើយ»។ លោកដាវិតបន្ថែមថា សកម្មភាពនេះក៏បានបង្ហាញយ៉ាងច្បាស់ថា ធនធានមនុស្សរបស់ក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ីនៅពីក្រោយ ដែលសាបព្រោះតែអំពើអាក្រក់ គ្មានសុជីវធម៌។លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរយៈសារសំឡេងនោះបង្ហាញថា ក្រុមប្រឆាំងទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង តែងធ្វើនយោបាយដោយគ្មានភាពជាគំរូ គ្មាសីលធម៌ មានតែការបញ្ឆេះកំហឹង ទាំងពាក្យសម្តី និងឥរិយាបទ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឱ្យខូចទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពលរដ្ឋគ្រប់រូបមិនត្រូវដើរតាម។ លោកថ្លែងថា «ចេញមកច្រឡោងខាមអ៊ីចឹងបានបង្ហាញឱ្យឃើញថា ក្រុមហ្នឹងសុទ្ធតែច្រឡោងខាម[ព្រហើន]ធ្វើនយោបាយបែបជ្រុលនិយម អ៊ីចឹងវាបានបង្ហាញឥរិយាបទអាក្រក់ដែលបង្ហាញថាអ្នកឯទៀតមិនគួរដើរតាមនិងឥរិយាបទដ៏អាក្រក់បែបហ្នឹងទេ»។លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមថា ជាការធ្វើឱ្យខូចទំនៀមទម្លាប់ប្រៃណីជាតិ សាបព្រោះតែពាក្យគ្រោតគ្រាត មិនស័ក្តសមជាអ្នកឈឺឆ្អាលរឿងប្រទេសជាតិ។ លោកបន្ថែមថា ការសន្ទនាដោយពាក្យពិរោះពិសាគឺជាភាពទាក់ទាញដៃគូរសន្ទនារបស់ខ្លួន ហើយថែមទាំងទទួលបានការសរសើរពីមហាជនដែលបានលឺការសន្ទនានោះ ប៉ុន្តែការប្រើពាក្យមិនសមគួរ ច្រឡើសបើសមានការជេរប្រម្រមាថជាដើមនោះ ក៏ធ្វើឱ្យបាត់បង់តម្លៃខ្លួនទៅតាមនោះដែរ។ លោកថ្លែងថា «បើយើងចង់ឱ្យគេកែ ចង់ឱ្យគេស្តាប់ថាយើងជាអ្នកឈឺឆ្អាល យើងដឹងព័ត៌មាន ទទួលបានព័ត៌មានហ្នឹងគួរតែនិយាយដោយពិរោះពិសា បើសិនជាយើងចេញមកជេរប្រទេច អាមឹង មិនគោរពចាស់ទុំអីជាដើម តម្លៃរបស់យើងក៏បាត់ទៅតាមហ្នឹងដែរ»។បើតាមការលើកឡើងរបស់បញ្ញវន្តទាំង៣ខាងលើនេះ ការប្រើប្រាស់ពាក្យសម្តីអសុជីវធម៌របស់ក្រុមប្រឆាំង គឺជាគំរូអាក្រក់ ព្រហើនមិនគោរពច្បាប់ ធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា ទាំងពាក្យសម្តី និងឥរិយាបទក្រុមប្រឆាំងសុទ្ធ តែជាការបញ្ឆេះកំហឹង ធ្វើឱ្យបែកបាក់ជាតិដែលពលរដ្ឋមិនត្រូវយកខ្លួនបៀត៕

សហជីពនៅកម្ពុជាថ្កោលទោសក្រុមប្រឆាំងក្បត់ជាតិដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់ បណ្តុះ​តែ​មនុស្សពាលគ្មានសីលធម៌

2024/11/12 04:58:41 pm        390
សហជីពនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ក្រុម​ប្រឆាំង​ជ្រុល​និយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលបណ្តុះតែមនុស្សពាលគ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន មានសន្តានអាក្រក់ ដែលពលរដ្ឋគ្រប់រូបមិនត្រូវយកខ្លួនបៀត។ ការថ្លោលទោសនេះធ្វើឡើងបន្ទាប់ពីបានលឺសារសំឡេងរវាងសមាជិកក្រុមប្រឆាំងអះអាងខ្លួនថា ជា​អ្នកសារព័ត៌មានទូរទស្សន៍សំឡេងមនសិកាខ្មែរទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដោយប្រើពាក្យសម្តីព្រហើនមិនស្គាល់ ខ្ពស់ទាប មិនចេះគោរពចាស់ទុំ គ្មាន​សីលធម៌ សុជីវធម៌ក្នុងខ្លួន។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​កម្ពុជា​ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែង​តែ​ប្រើ​ពាក្យ​សម្តី​ វោហារសព្ទ ប្រមាថប្រទេសជាតិខ្លួនឯង មើលងាយមកលើថ្នាក់ដឹកនាំប្រទេសជាតិ ក៏ដូច​ជា​អង្គ​ព្រះ​មហាក្សត្រ ដោយសម្តីអសុរោះគ្មានសីលធម៌ សុជីវធម៌ ហើយតែង​ធ្វើ​ការងារ​ក្នុង​ចេត​នា​ទុច្ចរិត​គម្រក់​។ លោកថ្លែងថា «ក្នុងនាមសហជីពក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំធ្វើការថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះបុគ្គល និងក្រុមបក្សប្រឆាំង ដែលតែងតែប្រើពាក្យសម្តីវោហារសព្ទ ប្រមា​ថ​មើល​ងាយ​មកលើប្រទេសជាតិខ្លួនឯង មកលើថ្នាក់ដឹកនាំប្រទេសជាតិក៏ដូចជាអង្គព្រះមហាក្សត្រ ហើយក៏សុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្រុមជននេះឱ្យបានម៉ឺនម៉ាត់តាមផ្លូវច្បាប់»។ បើតាមលោកសំ សឿន គណបក្សប្រឆាំងដែលរលាយតាំងពីនៅក្នុងស្រុក រហូតដល់ក្រៅស្រុករកកន្លែងឈរជើងមិនបាននេះដោយសារតែ ឥរិយាបទ ធនធានមនុស្ស ក្នុងបក្សប្រឆាំងសុទ្ធតែមនុស្សគ្មានសីលធម៌ សុជីវធម៌ គ្មានស្គាល់គុណទោស បុណ្យបាប។ ទន្ទឹមនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ក៏បានថ្លោលទោសចំពោះក្រុមការងារទូរទស្សន៍មនសិកាខ្មែរ ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ។ តាមរយៈសារសំឡេងនិយាយទូរសព្ទជាមួយសម្តេចតេជោ បង្ហាញថា ក្រុមនេះពិតជាគ្មានសីលធម៌ សុជីវធម៌ក្នុងការនិយាយជាមួយចាស់ទុំ ថ្នាក់ដឹកនាំរបស់កម្ពុជា មិនសមជាអ្នកសារព័ត៌មាន និងជាក្រុមមនុស្សគ្មានការអប់រំត្រឹមត្រូវ។ លោកថ្លែងថា៖«គាត់នេះខ្ញុំយល់ឃើញថា ជាជនដែលបណ្តុះដោយក្រុមប្រឆាំងក្បត់ជាតិ មានសម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយខ្នង។យើងសំឡឹងឃើញថា ក្រុមយុវជន ដែលសម រង្ស៊ី បណ្តុះនៅពីក្រោយខ្នងគឺជាក្រុមប្រឆាំងផ្កាប់មុខ ធ្វើការមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យសង្គមទទួលស្គាល់ជាការធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរដល់អ្នកសារព័ត៌មាន»។ចំណែក លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ បានប្រតិកម្មជាខ្លាំង និងបានហៅធនធានក្រុមប្រឆាំងនោះថា ជាមនុស្សពាលព្រហើននិយាយគ្មានក្រមសីលធម៌ សុជីវធម៌ខ្លួន មិនស្គាល់ចាស់ទុំបុណ្យបាប ជាពួកទមិឡអត់សាសនា។ លោកបន្ថែមថា នេះជាសន្តានអាក្រក់ដែលទណ្ឌិត សម រង្ស៊ី សាបព្រួសបណ្តុះបណ្តាលធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលប្រជាជាតិខ្មែរទាំងមូលមិនអាចទទួលយកបានដាច់ខាត។ លោកថ្លែងថា៖«បងប្អូនពិចារណាមើល មេវាចារិកអ៊ីចឹង សម្តីគ្មានសីលធម៌ បើអាកូនចៅចេញមកពាលហ្មងសម្តីអត់ស្គាល់ចាស់ស្គាល់ទុំ ស្គាល់បុណ្យ ស្គាល់បាបទេ»។ សហជីពនៅកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ ដែលសកម្មជនប្រឆាំង តែងប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានសីលធម៌ សុជីវធម៌ ដោយច្រើនក្រុមប្រឆាំងតែងនាំគ្នាជេរប្រមាថ មើលងាយ ទាំងថ្នាក់ដឹកនាំប្រទេស និងអង្គព្រះមហាក្សត្រ គ្មានការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារក្នុងចេតនាទុច្ចរិត បំផ្លាញប្រទេសជាតិ៕

សំណុំរឿងសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត មានមនុស្ស ៦នាក់ហើយ​ត្រូវបានឃាត់ខ្លួន

2024/11/12 04:44:51 pm        498
មនុស្សចំនួន ៦នាក់ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​យក​តំណែង​តាម​រយៈ​ឈ្មោះ លី សាម៉េត និងគូកន។គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមនុស្សចំនួន ៦នាក់ហើយ ដែលត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែង តួនាទី តាមរយៈឈ្មោះ លី សាម៉េត និង​គូកន។មនុស្សទាំង ៦នាក់នោះ គឺមាន៤នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និង​២នាក់​ត្រូវ​បាន​នគរបាលនាំខ្លួនបញ្ជូនទៅតុលាការ។ អ្នកដែលត្រូវបាននគរបាលនាំខ្លួនគឺមានឈ្មោះ ដួង តារា និងឈ្មោះ លី សាម៉េត ដែលមកដល់ពេលនេះអ្នកទាំង២ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​រួច​ហើយ ដោយឈ្មោះ ដួង តារា ភេទប្រុស ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ និងឈ្មោះ លី សាម៉េត ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះមនុស្ស ៤នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន មាន២នាក់​កំពុង​ស្ថិតក្នុង​ដំណា​ក់​កាល​សាកសួររបស់តំណាងអយ្យការ និង២នាក់ទៀត​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​រួច​ហើយ ក្នុងនោះមានឈ្មោះ អ៊ុត ធី ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពល​សកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីកា​រ​ប្រឆាំង​អំពើ​ពុក​រលួយ ឈ្មោះ មួង ឃីម ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាម​បញ្ញត្តិ​មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំពោះ​មនុស្ស​២​នាក់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​សួរ​របស់​តំណាង​អយ្យការ​មាន​ឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងឈ្មោះ កន សុខកាយ អតីតអភិបាល​ស្រុក​ល្វាឯម​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
07/07/2026 08:07 AM
លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ
07/07/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
07/07/2026 08:07 AM
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
07/07/2026 07:07 AM
ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM