ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល
ក្រសួងទេសចរណ៍ប្រកាសទទួលមតិរិះគន់ និងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្តូង» ចំពោះការផ្សព្វផ្សាយសត្តានុពលទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/11/12 11:43:02 am        144
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាត​ឲ្យ​លោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ នៅវិមានរដ្ឋសភា។ឯកឧត្តមអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោកSano ប្រធាន​អង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បាន​ធ្វើ​កិច្ច​សហការ​ជា​មួយ​គ្នារយៈ​ពេលជាង១៥ឆ្នាំ ក្នុងពេលដែលឯកឧត្តម វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា។ឯកឧត្តម បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះលោ​ក​ប្រធាន​អង្គការ​ដែល​បាន​ជួយ​កង់​យ៉ាង​ច្រើន​ ជាងបីម៉ឺនគ្រឿងដល់កុមារ ពិសេសសិស្សានុសិស្សក្រីក្រនៅទីជនបទតាមបណ្តាខេត្ត។តាមគោលដៅអង្គការកុគីសៃ មានបំណងជួយកង់៥ម៉ឺនគ្រឿងដល់កុមារកម្ពុជា ដើម្បីឲ្យទទួល​បាន​ដូច​កាលជួយរបស់គាត់នៅក្នុងប្រទេសជិតខាង។ តែដោយពិភពលោក​ទទួល​រង​នូវ​វិបត្តិ​ជំងឺ​កូវីដ ​និងបញ្ហាមួយចំនួន ទើបអង្គការនេះខកខានមិនបានសម្រេចគោលដៅ។ លោក Sano ប្រធាន​អង្គការនឹងខិតខំបន្ថែមទៀត ដើម្បីជួយសម្រេចគោលដៅនេះ។ឯកឧត្តម វង សូត ក៏បានសន្យាថា នឹងជួយជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងដៃគូរ និង​អង្គការកុគីសៃនេះបន្តទៀត ដើម្បីបន្តកិច្ចសហការជួយដល់កុមារ និងសិស្សានុសិស្ស​ក្រីក្រ​កម្ពុជា​ថែម​ទៀត។សូមជម្រាបថា អង្គការកុគីសៃKJO ជប៉ុន បានជួយកង់យ៉ាងច្រើនដល់កុមារកម្ពុជា ពិសេសកុមារ និងសិស្សានុសិស្សក្រីក្រនៅជនបទតាមបណ្តាខេត្ត គឺចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដែលលោក Masahiro Sano បានផ្តល់មកកម្ពុជា ចំនួន៧៩ លើក ស្មើនឹង ៣០,៥៣០កង់៕

កុមារ​ជិត៨ម៉ឺន​នាក់​នៅខេត្ត​បាត់​ដំបង​ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​

2024/11/12 11:04:13 am        144
លោកវេជ្ជ​បណ្ឌិត​ ចេងលី​ ស៊ុនឃាង​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង​ បានឱ្យ​ដឹង​ថា​ កុមារ​នៅទូទាំង​ខេត្ត​បាត់​ដំបង​ដែលមាន​អាយុ​ចាប់​ពី​៩ខែរហូតដល់៥៩ខែ​ជិត ​៨ម៉ឺន​នាក់​ហើយ​បាន​ទទួល​​ការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​ ខណៈ​យុទ្ធនាការ​ចាក់​ជិត​ត្រូវ​បានបិទបញ្ចប់។លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ បញ្ជាក់​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី​១ដល់ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ មានកុមារចំនួន៧៩​ ៥២៥នាក់ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូ​ច​ដោយ​ឥត​គិតថ្លៃ​ ក្នុង​ចំនួនកុមារគោលដៅ​សរុប​៩៧​ ៤៣១នាក់។លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ ឱ្យ​ដឹង​បន្ថែម​ថា​ ក្រុម​គ្រូពេទ្យ​បាននិង​កំពុង​បន្ត​យុទ្ធនាការ​បោសសម្អាត​ដោយចុះចាក់​វ៉ាក់សាំង​ដល់​កុមារ​នៅ​តាម​មូលដ្ឋាន​ដែល​ខក​ខាន​មិន​បាន​ចាក់​ក្នុង​ពេល​កន្លង​មក។ជាមួយ​គ្នា​នេះ​ លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ អំពាវនាវ​ដល់មាតាបិតា និងអ្នក​អាណាព្យាបា​ល​នៅទូ​ទាំងខេត្តបាត់ដំបង ឱ្យ​បន្តនាំកូនៗ​ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩​ខែទៅ​ទទួល​ការ​ចាក់​​វ៉ាក់​សាំងការពារជំងឺកញ្ជ្រឹល និងស្អូចឱ្យបាន​គ្រប់​ៗគ្នា​។សូម​បញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច​ដល់​កុមារ​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩ខែបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤៕

ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញធ្វើបាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និង​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

2024/11/12 09:55:45 am        179
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុង “ពិធី​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ” ព្រមទាំង​ផ្តល់​កិត្តិយ​ស​អញ្ជើញជាវាគ្មិននៃ “បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា” ជូន​ដល់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ស.ជ.គ. ដើម្បី​ឱ្យ​កាន់​តែ​យល់​ច្បាស់​អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥។ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់​ដាក់​ឱ្យ​ប្រើប្រា​ស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវ​បាន​រៀប​ចំ​ឡើង​ស្រប​តាម​ស្មារតីនៃ “កិច្ចព្រមព្រៀង​ស្ដីពីកិ​ច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀប​ចំ​ហេដ្ឋារ​ច​នា​សម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និង​ទទួល​បាន​នូវ​វឌ្ឍនភាព ដូចខាងក្រោម៖១. ការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈ ថ្នាលផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh លើសញ្ញាបត្រថ្នាក់បណ្ឌិត បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និង​បរិញ្ញា​បត្រ​ដែលចេញដោយ ស.ជ.គ. សរុបចំនួន ៥ ២២០ សន្លឹក។២. ការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងបំពាក់នូវឧបករណ៍ឌីជីថល ដែល​ត្រូវ​បាន​សម្ពោធ​ក្នុង​ថ្ងៃ​នេះ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាច​សិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត ជាអាទិ៍។៣. ការបញ្ចប់ជាស្ថាពរនូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ដែល​បច្ចុប្បន្ន​នេះ​បាន​ជួយ​សម្រួលយ៉ាងខ្លាំងដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រើប្រាស់​សម្រាប់​ធ្វើ​ការ​សិក្សា និង​ស្រាវ​ជ្រាវ ដោយឥតគិតថ្លៃ។៤. ការបញ្ចប់ការរៀបចំ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)។ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ ដែលការ​ប្រើប្រាស់​ឯកសារ​ដែល​មាន​ដាក់​បញ្ចូល ​QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លង​ក្នុង​ទម្រង់​ជាក្រដាសឡើយ។ ក្នុងនោះ ស.ជ.គ. គឺជា គ្រឹះស្ថានឧត្តមសិក្សាទី១ ដែលបាន​ចូល​រួម​ដាក់​ឱ្យ​ប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​សញ្ញា​បត្រ​របស់ខ្លួន។ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅ ស.ជ.គ. ក៏ជា​សមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់​ចូលរួមចំណែក​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល និង​ជំរុញ​ការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឈានទៅសម្រេចបាននូវ ផែន​ទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រា​ស់​សម្រា​ប់​គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា។ គ្រឹះស្ថានឧត្តម​សិក្សា​ដែល​មាន​បំណង​​ប្រើ​ប្រាស់ ​សូមទាក់ទងតាមរយៈទូរសព្ទលេខ ០៧៧ ៦៣០ ១៨២ ឬអ៊ីមែល [email protected]

ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ

2024/11/12 09:29:09 am        255
ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង​នៅ​សណ្ឋាគារ​ប្រណិត Radison Beach ហើយមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងក្រសួង​ការបរទេស​ដែលក្នុងនោះរួមាន៖Ms. Koula Sofianou/ Head of the Protocol and Etiquette Department,Mr. Yiannos Theodosiou/Deputy Officer at the Protocol and Etiquette Department,Mr. Anggelos Hatziharalambous/Chief of the Larnaca District administration-Governor,Dr. Simos Ioannou/Mayor of Famagusta City,Mr. Crysanthos Zannetou/ Vice-Mayor of Famagusta City.Mr. Christos Zannetos / Mayor of Ayia Napa Municibality,Mr. Fotios Kirkilos/ Secretary General of Ayia Napa Municibality,Mr. Jason Jasonidis/ Vice-Mayor of Larnaca Municibality,Mr. Andreas Louca / Secretary General of Larnaca Municibality, Mr. Othonas Theodolou / President of the Larnaca Chamber of Commerce,and Cyprus- Cambodia Chamber of Commerce Board members;Mr. Nikos Philipou / President,Mr. Costas Economou / 1st Vice President Dr. Christos Minas / 2nd Vice President,Mr. Lazaros Charambous / 3rd Vice President, Ms. Andri Nicolaou / Secretary General,ជាមួយគ្នានោះក៏មានការចូលរួមពីភ្ញៀវអ្នកជំនួញ និងអ្នកជំនាញ ព្រមទាំង​សមាជិក នៃ​សហគមន៍​អាជីវកម្ម និងវិស័យផ្សេងៗ។ ការប្រារព្ធពិធីនេះ គឺជាឱកាសដ៏រីករាយ ដែលបង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប និងសមិទ្ធិផលដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងពិធីនោះ ភ្ញៀវបានទស្សនានៅវីដេអូវប្បធម៌ជាច្រើនដែលរួមមាន៖របាំប្រពៃណី និងតន្ត្រីខ្មែរ អាហារប៊ូហ្វេ អាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលមានម្ហូបក្នុងស្រុក និង​ម្ហូប​ប្រពៃណី​ខ្មែរ​មួយ​ចំនួន​​ផង​ដែរ។ឯកឧត្តម Christopher Larcou អគ្គកុងស៊ុលកិត្តិយស​កម្ពុជា​ប្រចាំ​ប្រទេស​ស៊ីបបា​នស​ម្តែងនៅ​ចំណាប់​អារម្មណ៍ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងសារៈសំខាន់នៃទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និងប្រទេសស៊ីប។ បន្ថែមពីនេះឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយស​នៃ​ប្រទេស​ស៊ីប ប្រចាំនៅកម្ពុជា បានថ្លែងសារអរគុណ​សំ​រាប់វ​ត្ត​មាន​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​ផងដែរ។ ស្ថាន​កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និងប្រទេសស៊ីប ឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ទូច សោភ័ណ

ក្រសួងវប្បធម៌ សម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»

2024/11/11 10:08:08 pm        167
ភ្នំពេញ ÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ បានសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ«ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា នៅសារមនី្ទរខ្លែងខ្មែរ។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ថ្ងៃនេះនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានចូលរួមរៀបចំតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ “ប្រពៃណីផលិត កុលាលភាជន៍នៅប្រទេសកម្ពុជា” សហការជាមួយនឹងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូកម្ពុជា សាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន ដោយទទួលបានការអនុញ្ញាត និងការគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ការតាំពិព័រណ៍ធ្វើឡើងក្នុងគោលបំណងបីគឺ៖ ១- ចូលរួមផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ២- ជាការចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា ពិសេសគឺវិស័យសិប្បកម្មប្រពៃណី និង៣- បង្កើតការយល់ដឹងដល់សាធារណជន យុវជន សិស្សានុសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលសព្វថ្ងៃមាននៅសេសសល់តិចតួចតាមបណ្តាខេត្តប៉ុណ្ណោះ។ទន្ទឹមគ្នានោះដែរ លោកស្រី សារ៉េត ស្រីច័ន្ទរស្មី ប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ពិព័រណ៍លើកទី២នេះ បានបង្ហាញពីទិន្នន័យនិងគំនិតថ្មីៗបន្ថែមទៀត មានដូចជា៖ ការតាំងបង្ហាញពីកុលាលភាជន៍ខ្មែរសម័យមុនអង្គរ ការតាំងបង្ហាញពីកុលាលភាជន៍ដែលផលិតតាមបែបប្រពៃណីនៅតាមបណ្តាខេត្តដែលនៅបន្ត ផលិត មានដូចជា៖ ខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ និងព្រៃវែងការតាំងបង្ហាញពីក្បាច់លម្អកុលាលភាជន៍ព្រមទាំងអោយអ្នកចូលរួមបានសាកល្បងធ្វើក្បាច់លម្អ ធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងការរៀបចំអោយមានជារណ្តៅកំណាយសម្រាប់អោយអ្នកចូលរួម សិស្ស និស្សិត បានសិក្សា ស្វែងយល់ និងសាកល្បងកំណាយ និងការតាំងបង្ហាញសៀវភៅស្តីពីប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា និងរៀបចំការទស្សនាសារមន្ទីរតាមបែបឌីជីថល ការបង្កើតហ្គេមកុលាលភាជន៍ ការឆ្លើយសំណួរអំពី កុលាលភាជន៍ខ្មែរ ការថតរូបជាអនុស្សាវរីយ៍ជាដើម។លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំអោយមានព្រឹត្តការណ៍នេះឡើង ក្រៅពីបង្កើនការយល់ដឹង ដល់សាធារណជនសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលនៅសេសសល់តិចតួចក្នុងខេត្តមួយចំនួន។ ព្រឹត្តការណ៍នេះចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា លើវិស័យសិប្បកម្មប្រពៃណី។ ជាពិសេសចូលរួមផ្សព្វផ្សាយពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕អត្ថបទ រដ្ឋា

Little Caesars Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកម្ពុជា ជាមួយស្តង់ដា HOT-N-READY

2024/11/11 08:05:47 pm        94
ភ្នំពេញ ៖ ភីហ្សា HOT-N-READY ឥឡូវនេះនឹងមានលក់ក្នុងប្រទេសកម្ពុជា ជាមួយភាពងាយស្រួលនៃការទិញ មានសេវាកម្មបញ្ហាទិញ ដោយបើកបរឆ្លងកាត់ សម្រាប់ក្រុមគ្រួសារ និងអ្នកដែលចូលចិត្តញាំភីហ្សា។​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, Little Caesars Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ភោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ, នេះមិនត្រឹមតែជា Little Caesars Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះ ក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ ដំបូងគេ បង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY ដែលផ្ដល់នូវភាពងាយស្រួល គុណភាព និង តម្លៃសមរម្យបំផុត។ ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY ដែលធានាថា អតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្ដៅៗឈ្ងុយឆ្ងាញ់ភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ហាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នក ធ្វើការ ដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars លើកឡើងថា រូបលោកពិតជាមានក្តីសោមនស្ស ក្នុង ការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុត ដែលអតិថិជនចូល ចិត្ត។ ជាភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់ទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។ ចំណែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridgeGroup) មានប្រសាសន៍ ថា យើងពិតជាមោទកភាព ក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា, នេះគឺ ជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជា ដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ។ជុំវិញ Little Caesars Pizza នេះ, មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេ នឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួល បានភីហ្សាស្តង់ដារ HOT-N-READY ។ លើសពី នេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជាដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម, រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្ដល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOW NOW, E-GetS និង Nham24 ផងដែរ ដោយធានាថា អតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញ៉ាំភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់ នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុតដោយផ្តល់ជូននូវភីហ្សា ដែលមិនត្រឹមតែធ្វើថ្មី ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ក្រោយអុជបំភ្លឺ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១

2024/11/11 07:09:56 pm        92
ប៉ៃលិន៖ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ​ពន្លត់​ភ្លើងជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំ​ឮ​ក​ខួប​ទិវាបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៧១ ដែល​បាន​ដុត​បំភ្លឺ​អស់​រយៈពេល ៣ថ្ងៃ នៅ​វិមានឯករាជ្យខេត្ត ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។ការរំលឹកខួប​អនុស្សាវរីយ៍​​បុណ្យ​ឯករាជ្យ​ជាតិ ខួបលើកទី ៧១ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លារបស់​ប្រជា​ជាតិខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់​ខ្ពស់​បំផុត ជូន​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដែលព្រះអង្គ ​បាន​ដឹកនាំការ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរ​កុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កង​យោធពលខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដោយ​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួម​មានការ តស៊ូ​ដណ្តើម​ឯករាជ្យ ​ការ​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​ នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាស្ត្រ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់យ៉ាង ដូច​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​ ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា​នេះ សូម​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ សូម​បន្ត​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថែរក្សា​រាល់​សមិទ្ធផល របស់​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន​រុងរឿង ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង​ការរួបរួម​ក្នុង​មហា​សាមគ្គី​ជាតិ​ ដ៏​ទូលំទូលាយ ដោយ​គ្មាន​ការ​កើតឡើង​ជា​ថ្មីទៀត នូវ​សង្គ្រាម​សោកនាដកម្ម និង​គ្រោះ​មហន្តរាយ​ដូច​អតីតកាល​​៕

លោកអភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូបង្ហោះ តាមដងផ្លូវជាសាធារណះ

2024/11/11 07:04:25 pm        126
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងទាំងពីរនាក់ឲ្យខានតែបានដើម្បីមកធ្វើការអប់រំ។ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈនូវសកម្មក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ក្រោយលោកអធិការនគរបាលខណ្ឌ៧មករា បានទទួលបទបញ្ជាពីលោកអភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌធ្វើការអប់រំណែនាំនិងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយះពេល០៣ខែទើបឲ្យយកទៅវិញ។សូមបញ្ជាក់ផងដែរកន្លងទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានមានប្រសាសន៍ ជាញឹកញាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងដែលជិះម៉ូតូបង្ហោះតាមដងផ្លូវជាសាធារណៈនេះនិងណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ បង្ការទប់ស្កាត់ រាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើងនេះតែម្ដង ត្រូវតែបង្ក្រាបឲ្យបានដាច់ខាត់។គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅមានក្រុមក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងបានជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈបង្ករភាពអនាធិបតេយ្យដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ៕អត្ថបទ៖ កុម្ភះ

តំណាងអយ្យការសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម

2024/11/11 06:56:58 pm        361
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងអំពើពុករលួយ។នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈសារអេឡិចត្រូចនិច telegram ថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។ក្នុងសំណុំរឿងនេះ ឈ្មោះ ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។ ឈ្មោះ លី សាម៉េត គឺត្រូវបាននគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញទាំងយប់នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានគេចខ្លួនមួយរយៈ និងបានចេញមុខនិយាយទទួលកំហុសតាមបណ្ដាញសង្គមពីទង្វើរបស់ខ្លួនកន្លងមក និងបានសារភាពចំពោះសមត្ថកិច្ច។ ចំពោះឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ និងនាំខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការបែកធ្លាយនូវលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងឈ្មោះ លី សាម៉េត ហៅគ្រូមា ឈ្មោះ ដួង ដារ៉ា និងឈ្មោះ ឡាច សំរោង ក្នុងអំពើឆបោក។សូមជម្រាបជូនថា សំណុំរឿងនេះត្រូវបានសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងរូបភាពនៃការឆបោកដោយភ្ជាប់កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ ហើយក្នុងរឿងហេតុនេះដែរ ក៏មានមន្ដ្រីរាជការ ដែលជាអ្នកសូកប៉ាន់ត្រូវបានបញ្ចប់មុខតំណែង ដោយសារតែសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

2024/11/11 06:43:49 pm        122
ភ្នំពេញ ៖ នៅរសៀល ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ពិធីពន្លត់ទៀនជ័យថ្ងៃបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ប៊ុលហ្គារីបានអស់អាវុធសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន
07/08/2026 07:07 PM
អេស្ប៉ាញបដិសេធការគំរាមពាណិជ្ជកម្មរបស់លោក Trump និង​​ថា ទំនាក់ទំនងទ្វេភាគី​ជាប្រយោជន៍ប្រទេស​ទាំង២
07/08/2026 07:07 PM
ពលរដ្ឋរស់នៅលើកោះតៃវ៉ាន់ត្រៀមខ្លួនការមកដល់របស់ព្យុះទីហ្វុង Bavi
07/08/2026 07:07 PM
ប្រធាន​ផ្នែក​សមុទ្ររបស់ UN៖ នាវិក​ចំនួន ៦.០០០នាក់ «នៅតែជាប់» ក្នុង​ឈូងសមុទ្រ
07/08/2026 07:07 PM
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ជួបជាមួយសមភាគីអូម៉ង់ ដើម្បីពិភាក្សាអំពីការវិវត្តក្នុងតំបន់
07/08/2026 07:07 PM
វិមានក្រឹមឡាំង៖ លីទុយអានី នឹងគ្មានសុវត្ថិភាពនោះទេ បើសិនជាពួកគេដកចេញពំរាមលើការទទួលអាវុធនុយក្លេអ៊ែរ
07/08/2026 06:07 PM
កងទ័ពអ៊ុយក្រែនបានបោះបង់ចោលអាវុធ គ្រាប់រំសេវដែលផលិតនៅប៉ូឡូញ បារាំង និងអ៊ីតាលី នៅតំបន់Vasilyevka
07/08/2026 06:07 PM
ប្រធានាធិបតីស៊ីរី ទៅ​ដល់ប្រទេស​ទួរគីហើយ​ ដើម្បីពិភាក្សាជាមួយលោក Trump
07/08/2026 06:07 PM
គុយបាប្រមូលការគាំទ្រប្រឆាំងនឹងការបិទខ្ទប់​ដ៏ឃោរឃៅរបស់អាមេរិក នៅ UN
07/08/2026 06:07 PM
រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញប្រតិកម្មនឹងការគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក
07/08/2026 06:07 PM