ក្នុង​ដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេច​តេជោសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនតាមបណ្តាខេត្តនីមួយៗ
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
ពលរដ្ឋនៅតំបន់ថ្មដា ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា
ក្រសួងបរិស្ថាន ចាប់ផ្ដើមចែកដើមឈើជាង ៥លានដើម ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ

ព័ត៌មានជាតិ

អភិបាលរាជធានីណែនាំឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

2024/11/07 01:28:53 pm        131
ក្នុងឱកាសសំណេះសំណាល និងចែកអំណោយសម្ដេចធិបតីជូនដល់មនុស្សវ័យចាស់ ជាង ៥០០​នាក់ អភិបាលរាជធានីភ្នំពេញបាន​ណែនាំឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចា​ស់។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធាន​កិត្តិយស​នៃ​អនុ​គណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើឲ្យមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌទាំង១៤ សង្កាត់ទាំង ១០៥បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្រប​តាម​យុទ្ធ​សាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​គឺ​មិនទុកឲ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។ការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុង​ពិធី​សំណេះ​សំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅ​សាលា​រាជ​ធានី​ភ្នំពេញ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា លោកអ៊ុំ លោកពូ អ្នកមីង វ័យចាស់​កន្លង​មក​នេះ​បាន​ចូលរួម​សកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុង​ការកសាងប្រទេសជាតិឲ្យអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយ​ក្មេង​ជំនន់​ក្រោយ​បាន​និង​កំពុង​អនុវត្តឲ្យសម្រេចបាននូវ​ចក្ខុវិស័យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែល​ជា​បំណងប្រាថ្នា​របស់​ឱពុក​ម្តាយ​គ្រប់​រូប​។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែល​មាន​ថ្នាក់​ដឹក​នាំដ៏ឆ្នើម គឺសម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន និងបន្តដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តម ឃួង ស្រេង បន្តថា ការ​បង្កើត​ឲ្យមា​ន​កម្ម​វិធី​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​មនុស្ស​វ័យ​ចាស់​ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើង ដើម្បីបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការ​បំរើ​ជាតិ​មាតុ​ភូមិ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាន​ឲ្យដឹងថា ឯកឧត្តមឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់​មន្ទីរ​-​អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​មនុស្ស​វ័យចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូន​ដល់​មនុស្ស​វ័យចាស់ ជាពិសេសមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រ និង ជួបការលំបាក។លោក​ស្រី​បន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានី​ភ្នំពេញ​មនុស្ស​វ័យចាស់​អាយុ​​គិត​ចាប់ពី ៦១ឆ្នាំឡើងទៅសរុបចំនួន ១៩២,៣៩៩នាក់ ក្នុងនោះស្រី ៩៩,២៤២នាក់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក ជាថ្មីម្ដងទៀត​ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល

2024/11/07 01:19:31 pm        229
ភ្នំពេញ៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ​២០២៤​នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។លោកជំទាវបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្ស សូម​ជូន​ដំណឹង​​ដល់​បងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា អង្កររបស់ខ្មែរ បាន​ជាប់​ពាន​រង្វាន់​ជា​អង្ករ​ល្អដាច់​គេ​លើ​ពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។លោកជំទាវបញ្ជាក់ថា «នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបាន​ទទួល​ពាន​រង្វាន់​ជា​អង្ករ​ល្អ​ដាច់​គេ​លើ​លោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើក​ទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅ​ឆ្នាំ​២០២៤»។បើតាម​លោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្ត​ដល់​បង​ប្អូន​ប្រជា​កសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមាន​រស​ជាតិ​ឆ្ងាញ់ ​មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕ 

រាជរដ្ឋាភិបាលបានខិតខំថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យទាំងនៅក្នុងប្រទេស និងអន្តរជាតិ

2024/11/07 01:08:09 pm        188
នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ គឺជាខួប២១ឆ្នាំ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិ ក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤) ។ ក្នុង រយៈពេល២១ឆ្នាំនេះ រាជរដ្ឋាភិបាលបានថែរក្សា និង​លើក​ស្ទួយ​របាំ​ព្រះរាជ​ទ្រព្យ ទាំងនៅក្នុងប្រទេស និង អន្តរជាតិ។ នេះបើតាមប្រសាសន៍លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ ។នៅក្នុងបទសម្ភាស លោកព្រឹទ្ធាចារ្យ បានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណិត្តមុន និង​បច្ចុប្បន្ន​ដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្ត​ទុក​ដាក់​ចំពោះ​របាំ​ព្រះរាជទ្រព្យ​ដែល​មាន​ភារៈកិច្ច​ស្នូល​សំខាន់ៗ​ចំនួន​ពីរ​រួមមាន​៖ទី១.​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និងទី២.បំរើសកម្មភាពសិល្បៈវប្បធម៌ក្នុងព្រឹត្តិការណ៍ផ្សេងៗ ទាំងឆាកជាតិ និងអន្តរជាតិ។ ក្រៅ​ពី​នេះ​ក៏មានសមាគម អង្គការក្រៅរាជរដ្ឋាភិបាល និងអាណាព្យាបាលជាដើមនោះ បានចូលរួម​ជ្រោម​ជ្រែង​លើកស្ទួយរបាំព្រះរាជទ្រព្យមានឱ្យកេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងបរទេស​ផង​ដែរ​។ យ៉ាងណាក្តី ដើម្បីឱ្យរបាំព្រះរាជទ្រព្យ និងមរតកសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀត នៅស្ថិតស្ថេរ គង់​វង្សតដល់កូនចៅជំនាន់ក្រោយ លោកសាស្រ្តចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និងជាពិសេសក្រសួងអប់រំយុវជន និងកីឡា គួរបញ្ជៀបចំណេះដឹងសិល្បៈវប្បធម៌ខ្មែរ ដល់​សិស្សានុសិស្ស ចាប់តាំងពីបឋមសិក្សាឡើងទៅ។របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំ​ព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង​មានទ្រង់គ្រឿង ចាំង ភ្លឺផ្លេកៗ ។របាំព្រះរាជ​ទ្រព្យមានការដើរតួបួនប្រភេទ ដែលក្នុងនោះមានដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និង មាន​ពណ៌​ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងរបាំងមុខ និង កាយ​វិការផ្ទាល់ខ្លួនដែរ ។កាយវិការ និងក្បាច់រាំទាំងអស់នេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និងស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ ដែលកា​រ​សម្តែង​មាន​អារម្មណ៍​រំជួល​ចិត្ត​នានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម៕ អត្ថបទ៖ ទូច សោភ័ណ  

នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី

2024/11/07 12:57:19 pm        255
នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាស​នៃ​ការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទី​ក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែល​បានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់​វត្តពោធិគិរី​វង្សារាម​ ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើ​ធៀប​ជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។ ជា​ការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការ​រីក​ចម្រើន​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​សកល​ក៏ដោយ​។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហា​សាមគ្គី​គ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែល​បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ សម្ដេច​បវរធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕ 

នគរបាលរាជធានីនឹងបង្រាយកម្លាំងជិត ៥ពាន់នាក់ការពាសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/07 12:49:58 pm        180
នគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជិត៥ពាន់នាក់ ត្រៀមការពារសន្តិសុខ និងរបៀប​រៀបរយ​សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពីធីបុណ្យអុំទូក ខាងមុខ ។ ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានប្រាប់ឱ្យដឹងថា កិច្ច​ការងារ​ការពារសន្តិសុខ និងរក្សាបាន​របៀប​រៀប​រយ​សាធារណៈ ​គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំងគណៈបញ្ជាការឯកភាពថ្នាក់រាជធានី និងថ្នាក់ជាតិ ត្រូវសហការ ដើម្បី​ថែ​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងកាន់តែគៀកខិតមកដល់ ។ ឯកឧត្តមស្នងការបញ្ជាក់ថា ឆ្នាំនេះ នគរបាលបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដើម្បី​បញ្ចៀសយានយន្តផ្សេងៗ មិនឱ្យចូលទៅក្នុងរង្វង់ទីតាំងប្រារព្ធពិធីនោះឡើយ ក្នុង​ការ​ទុក​លទ្ធភាព ឱ្យបងប្អូនប្រជាពលរដ្ឋ អាចដើរដោយថ្មើរជើង លេងកម្សាន្តដោយភាពសប្បាយរីករាយ ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើង​រយៈ​ពេល​០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ ៖ លីហេង 

ប្រវត្តិវិទូកំពុងរួមគ្នាចងក្រងប្រវត្តិសាស្ដ្រខ្មែរ៥ដំណាក់កាល ដើម្បីបញ្ឈប់​ការខ្វែងគំនិតគ្នា​រវាងខ្មែរ និងខ្មែរ

2024/11/07 12:05:33 pm        308
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​នឹង​កំពុង​រួមគ្នា​សរសេរ​ចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែល​មាន​វាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯក​ឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់​ឯកសារប្រវត្តិសាស្ត្រទាំង៥ ដំណាក់កាល ទី១. សម័យបុរេប្រវត្តិ, ទី២. សម័យមុនអង្គរ, ទី៣. សម័យអង្គរ, ទី៤. សម័យក្រោយអង្គរ និង ទី៥. សម័យទំនើប ដែលទាំងអស់នេះ គណៈ​កម្មការ​ស្រាវ​ជ្រាវ កំពុងធ្វើការចងក្រង ។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការសរសេរឡើងនូវប្រវត្តិខ្មែរឱ្យបានច្បាស់លាស់នេះ មិនមែនជាការចង់កកូរកកាយ ធ្វើ​ឱ្យ​មានការរើសអើង ជាមួយប្រទេសនានា ឬចង់បង្កបញ្ហាអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិខ្មែរពិតប្រាកដ ច្បាស់ លាស់ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា ។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សម្រាប់សន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងសម័យអាណានិគមបារាំង ធ្វើឡើងដោយឈរលើគោលការណ៍មួយចំនួន ក្នុងនោះ​បាន​ដឹង​នូវ​អ្វី​ដែល​កម្ពុជាបាត់បង់, បានដឹងពីមូលហេតុដែលកម្ពុជាបានបាត់បង់, បានដឹង​ពីអ្វី​ដែល​ត្រូវ​ចង​ក្រងឯកសារឡើងវិញពីប្រវត្តិសាស្ត្រខ្មែរ និងបានដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ។ចំណែក ឯកឧត្តម វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជា បន្តធ្វើកម្មវិធីសន្និសីទ​អន្តរជាតិ​នេះទៀត ដែលក្រៅពីប្រធានបទខ្មែរក្នុងអាណានិគមបារាំង គឺនៅមានសម័យហ្វូណន សម័យ​មុន​អង្គរសម័យអង្គរ និងសម័យក្រោយអង្គរ ជាដើម ដើម្បីឱ្យសិស្ស​និស្សិតសិ​ក្សា​ប្រវត្តិសាស្ត្រ​មាន​ប្រភព​ស្រាវជ្រាវកាន់តែច្រើន៕ អត្ថបទ៖ បាន សុខរិទ្ធិ

ក្រុមការងារអន្តរក្រសួងរៀបចំផែនការទាក់ទាញទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបឲ្យមានកំណើនគ្រប់រដូវ

2024/11/07 11:45:14 am        264
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍​ទេសចរណ៍​សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ​២០២៥ -ឆ្នាំ២០២៨ ដែល​ក្នុង​សេចក្តី​ព្រាង​ផែនការ​គឺ​មាន​គោល​បំណង​សំខាន់​ជំរុញ​ការ​រៀបចំ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និង​អភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តី​ព្រាង​គណៈកម្មការ​ថ្ងៃ​នេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​សៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍនេះ គឺមាន​គោល​បំណង​សំខាន់ កាត់បន្ថយ​គន្លាត​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ទស្ស​នា​ខេត្ត​សៀមរាប​នៅ​ក្នុង​រដូវ​ភ្លៀង​ភ្ញៀវ​តិច និងរដូវទេសចរច្រើន ជំរុញការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​បាន​នៅ​គ្រប់​រដូវមកច្រើនដង ស្នាក់នៅយូរ ចំណាយច្រើន។ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្នុង​នាម​ជា​ប្រធាន​លេខា​ធិការដ្ឋាន គណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរថ្លែងថា នៅ​ក្នុង​ដំណើរ​រៀបចំ​ទាក់​ទាញភ្ញៀវទេសចរអន្តរមកទស្សនាខេត្តសៀមរាប អង្គរ ក្នុងរដូវភ្លៀង ទេសចរណ៍បៃតង គឺ​គណៈកម្មការក៏មានផែនការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យបានច្រើន ជំរុញ​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍ពិសេស និងផ្តល់គោលនយោបាយទិដ្ឋាការ ការស្នាក់នៅខេត្ត រៀបចំ​ផលិត​ផល​ទេសចរណ៍​ខេត្តសៀមរាបឲ្យមានគុណភាព និងទាក់ទាញជាដើម។ឯកឧត្តម ណេប សាមុត បន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ​២០២៨ ក៏នឹងរៀបចំគម្រោងអនុវត្តជាអាទិភាពចំនួន៧គម្រោង ជា​ពិសេស​គម្រោង​អភិវឌ្ឍ​សង្កាត់​ទេសចរណ៍គំរូ រៀបចំវត្តទេសចរណ៍គំរូ អភិវឌ្ឍន៍ទេសចរណ៍ឌីជីថល និងការអភិវឌ្ឍ​តំបន់​ចុង​ឃ្នៀស កំពង់ភ្លុក និងតំបន់គូលេន និងតំបន់មានសក្តានុពលរដ្ឋទេសចរណ៍នានាទៀត។ឯកឧត្តម បញ្ជាក់ថា ជារួមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងជំរុញ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាសៀមរាបឲ្យបាន៤លាននាក់នៅឆ្នាំ២០២៨៕ អត្ថបទ៖ ស៊ុម សុខជា

អតីតសកម្មជនបក្សប្រឆាំង ទទូចដល់ក្រុមប្រឆាំងបញ្ឈប់ការធ្វើនយោបាយ​យកបរទេស​ជាឈ្នាន់ ដើម្បី​តែបំផ្លាញជាតិ

2024/11/07 11:15:59 am        253
អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូច​ដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ដោយ​យក​បរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាក​មក​ជា​ការ​បង្រួប​បង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងប្រាប់​BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យ​ជ្រាល​ជ្រៅ​រ​បស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ​តែមួយ​។ ក្នុងនោះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានទទូចដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​សាចទឹកដាក់គ្នា ហើយបង្ហាញអ្វីមិនចំណេញដល់ជាតិពីបរទេសនោះទេ។ អតីត​សកម្ម​ជន​គណបក្សប្រឆាំងរូបនេះ អះអាងថា ប្តេជ្ញានឹងធ្វើខ្លួន​ប្រៀប​បាន​ជា​ស្ពាន​ដល់​យុវជន​ប្រឆាំង​ដើម្បី​ឱ្យយល់ច្បាស់ពីនយោបាយឈ្នះ ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា​​។ ជាមួយ​គ្នានេះ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង បាន​បង្ហាញពីខុសគ្នាបន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងធ្វើកិច្ចការពិតប្រាកដ ដើម្បីសន្តិភាព អភិវឌ្ឍន៍ និង​បម្រើ​ប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ។ សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោម​សមាជិក​ជាង​១ម៉ឺន​នាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម  

កសិផលខ្មែរចំនួន ៥មុខ ត្រូវបានជ្រើសរើស និងកែច្នៃក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបអាហារ

2024/11/07 10:51:38 am        192
ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុង​ដំណើរ​ការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​ខាង​ផ្នែក​ម្ហូប​អាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយក​កសិផល​របស់​កម្ពុជា​ចំនួន​៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់​កម្ពុជា​នេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹង​ជា​ផលិត​ផល​ខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា មុខម្ហូបដែលបានលើកយកមកប្រឡងឆ្នាំនេះ មាន​ដូចជានំបុ័ង និងការឆ្លាក់បន្លែផ្លែឈើជាដើម។ លោកប្រធានសមាគម បានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ បើសិន​ជា​ចុង​ភៅ​រូប​ណា អាចយកកសិផលទាំងនោះ មកកែច្នៃជាម្ហូប ហើយទទួលបានជ័យលាភី មុខម្ហូបនោះ នឹង​ត្រូវ​ចាត់ចូលជាម្ហូបថ្នាក់ជាតិ ហើយនឹងផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​​នាំ​ចេញ​កសិផល​ទាំង​អស់​នោះ​ទៅ​កាន់ទីផ្សារអន្តរជាតិផងដែរ។ក្រុមបេក្ខភាព ដែលបានចូលរួមប្រកួតប្រជែងម្ហូបអាហារនេះ បានសម្តែងក្តីសប្បាយរីករាយ និង​លើក​ឡើង​ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ផលិតផលរបស់​កម្ពុជា​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អ្ន​កប្រើប្រាស់ ជាពិសេសក្នុងការនាំយកទៅកែច្នៃចេញជាម្ហូបអាហារ ក៏ដូចជាជំរុញ​ទីផ្សារ​នាំ​ចេញ ដែលនឹងអាចធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែមានសក្ដានុពល។សូមបញ្ជាក់ថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច មាន​រយៈ​ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត​ពិព័រណ៍​កោះពេជ្រ​។ ព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុង​គោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងសេដ្ឋកិច្ចពង្រឹងការប្រមូលចំណូលពន្ធអាករ លើការផ្គត់ផ្គង់មានថែមទំនិញ ឬផ្តល់ជារង្វាន់

2024/11/07 10:40:06 am        162
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មាន​ថែម​ទំនិញ ឬផ្តល់ជា រង្វាន់ទំនិញជាស្តុកសម្រាប់លក់, ការថែមទំនិញ ឬផ្តល់​ជា​រង្វាន់​ទំនិញ​មិនមែនជាស្ដុកសម្រាប់លក់ ឬរង្វាន់ផ្សេងៗក្រៅពីទំនិញជាដើម។ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មានថែមទំទិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដែល​មាន​ថែម​ទំនិញ​របស់សហគ្រាស ឬទំនិញដទៃ ឬផ្តល់ជារង្វាន់តាមរយៈ ក្រវិលកំប៉ុង គម្របដប ឬ​វិធី​ផ្សេង​ទៀត​ផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធអាករ ប្រកប​ដោយប្រសិទ្ធភាព ក្រសួងណែនាំ​ដល់​សហគ្រាសផ្គត់​ផ្គង់​ទំនិញ​ក្នុង​ស្រុក​អំពី​កាតព្វកិច្ច​បង់​ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែម ទំនិញ ឬផ្តល់ជារង្វាន់ជាដើម។ចំពោះ​ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវ​ចាត់​ទុក​ជា​ការ​ផ្គត់ផ្គង់ជាប់អាករ ដែលសហគ្រាសត្រូវបំពេញកាតព្វកិច្ច ក្នុងនោះសហគ្រាស​ផលិត​ក្នុង​ស្រុក​នូវទំ​និញជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺសាធារណៈ ចំពោះការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញផលិតក្នុងស្រុក ជាប់​អាករ​ពិសេស ផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈនោះ សហគ្រាសបង់ តែ​អាករ​ពិសេសប៉ុណ្ណោះ និងត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីការថែមទំនិញ ឬ​ផ្តល់​ជា​រង្វាន់​នូវទំនិញជាប់អាករសម្រាប់ បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់។ ជាប់​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ អនុញ្ញាតឱ្យ​យក​មូល​ដ្ឋាន​គិត​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃ​ដើម​នៃ​ទំនិញ​ជាប់​អាករ​នោះ​។ ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម​។ចំពោះសហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ៖ ត្រូវជាប់​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ ដោយមូលដ្ឋានគិត អាករ ត្រូវផ្អែក​តាម​តម្លៃ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​ជាប់​អាករ​នោះ​,​​ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអ​នុញ្ញាត​ឱ្យ​យក​មូល​ដ្ឋាន​គិត​អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើម​នៃ​ការ​នាំចូល​ទំនិញ​ជាប់អាករនោះ, ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាត​ឱ្យ​ទទួល​ស្គាល់​ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម។ ចំណែកសហគ្រាសផ្គត់ផ្គង់ ទំនិញដែលមិនជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ៖ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ​អនុញ្ញាតឱ្យយកមូលដ្ឋានគិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹង​ថ្លៃ​ដើម​នៃ​ទំនិញជាប់អាករនោះ។ដោយឡែកការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញដែលមិនមែនជាស្ដុក សម្រាប់​លក់​ឬ​រង្វាន់​ផ្សេង​ៗ​ក្រៅ​ពីទំនិញ, សហគ្រាស ត្រូវអនុវត្តដូចជា៖ មិនត្រូវបានចាត់​ទុក​ជាការ​ផ្គត់​ផ្គង់​ដែល​ជា​កម្មវត្ថុ​នៃ​អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើ ប្រាក់ចំណូលឡើយ, អាករ​លើតម្លៃបន្ថែមដែលសហគ្រាសបានបង់ លើការទិញ​ទំនិញ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​លក់ដោយមានថែមទំនិញឬផ្តល់ជារង្វាន់, មិនត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​ឡើយ​ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាន, ចំណែកការអនុញ្ញាតជាចំណាយវិញ, ត្រូវ​បានអនុញ្ញាតជាចំណាយកាត់កងបាន សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល និងត្រូវកត់ត្រា ឱ្យ​ច្បាស់​លាស់​ក្នុងបញ្ជីគណនេយ្យ ដោយត្រូវមានសក្ខីបត្រគាំទ្រដូចមានចែងក្នុង បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រាក់ចំណូលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Tadej Pogacar ឈ្នះដំណាក់កាលទី៦ Tour de France ត្រលប់មកនាំមុខគេក្នុងតារាងរួម
07/10/2026 02:07 PM
ក្នុង​ដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេច​តេជោសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនតាមបណ្តាខេត្តនីមួយៗ
07/10/2026 02:07 PM
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
07/10/2026 02:07 PM
Manchester United បង្ហាញទីតាំងសាងសង់កីឡដ្ឋានថ្មី ១០០,០០០ កៅអី ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ Old Trafford
07/10/2026 02:07 PM
ពលរដ្ឋនៅតំបន់ថ្មដា ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា
07/10/2026 02:07 PM
ក្រសួងបរិស្ថាន ចាប់ផ្ដើមចែកដើមឈើជាង ៥លានដើម ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ
07/10/2026 01:07 PM
ក្រសួងពាណិជ្ជកម្ម បើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនមួយ ក្រោយ​មាន​ការ​ចុះផ្សាយពីសារព័ត៌មានជប៉ុន
07/10/2026 01:07 PM
នំ Croissant រាងបាល់ទាត់កំពុងទាក់ទាញអ្នកគាំទ្រ World Cup 2026 នៅទីក្រុង Miami
07/10/2026 01:07 PM
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក កើនជាង ២០% ក្នុង​ឆមាសទី១ ឆ្នាំនេះ
07/10/2026 01:07 PM
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ
07/10/2026 01:07 PM