អ្នកនាំពាក្យ៖ ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជាថៃនៅតែ​ជាកិច្ច​ការងារ​ការទូត​សកម្ម​របស់​រាជរដ្ឋាភិបាល
អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល
ជប៉ុនស្នើដល់កម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន
ជប៉ុនចែករំលែកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល សម្រាប់រៀបចំផែនការមេស្របតាមស្តង់ដារអន្តរជាតិ

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី

2024/11/07 12:57:19 pm        255
នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាស​នៃ​ការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទី​ក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែល​បានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់​វត្តពោធិគិរី​វង្សារាម​ ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើ​ធៀប​ជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។ ជា​ការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការ​រីក​ចម្រើន​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​សកល​ក៏ដោយ​។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហា​សាមគ្គី​គ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែល​បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ សម្ដេច​បវរធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕ 

នគរបាលរាជធានីនឹងបង្រាយកម្លាំងជិត ៥ពាន់នាក់ការពាសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/07 12:49:58 pm        180
នគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជិត៥ពាន់នាក់ ត្រៀមការពារសន្តិសុខ និងរបៀប​រៀបរយ​សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពីធីបុណ្យអុំទូក ខាងមុខ ។ ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជាស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានប្រាប់ឱ្យដឹងថា កិច្ច​ការងារ​ការពារសន្តិសុខ និងរក្សាបាន​របៀប​រៀប​រយ​សាធារណៈ ​គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំងគណៈបញ្ជាការឯកភាពថ្នាក់រាជធានី និងថ្នាក់ជាតិ ត្រូវសហការ ដើម្បី​ថែ​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងកាន់តែគៀកខិតមកដល់ ។ ឯកឧត្តមស្នងការបញ្ជាក់ថា ឆ្នាំនេះ នគរបាលបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដើម្បី​បញ្ចៀសយានយន្តផ្សេងៗ មិនឱ្យចូលទៅក្នុងរង្វង់ទីតាំងប្រារព្ធពិធីនោះឡើយ ក្នុង​ការ​ទុក​លទ្ធភាព ឱ្យបងប្អូនប្រជាពលរដ្ឋ អាចដើរដោយថ្មើរជើង លេងកម្សាន្តដោយភាពសប្បាយរីករាយ ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើង​រយៈ​ពេល​០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ ៖ លីហេង 

ប្រវត្តិវិទូកំពុងរួមគ្នាចងក្រងប្រវត្តិសាស្ដ្រខ្មែរ៥ដំណាក់កាល ដើម្បីបញ្ឈប់​ការខ្វែងគំនិតគ្នា​រវាងខ្មែរ និងខ្មែរ

2024/11/07 12:05:33 pm        308
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​នឹង​កំពុង​រួមគ្នា​សរសេរ​ចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែល​មាន​វាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯក​ឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់​ឯកសារប្រវត្តិសាស្ត្រទាំង៥ ដំណាក់កាល ទី១. សម័យបុរេប្រវត្តិ, ទី២. សម័យមុនអង្គរ, ទី៣. សម័យអង្គរ, ទី៤. សម័យក្រោយអង្គរ និង ទី៥. សម័យទំនើប ដែលទាំងអស់នេះ គណៈ​កម្មការ​ស្រាវ​ជ្រាវ កំពុងធ្វើការចងក្រង ។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការសរសេរឡើងនូវប្រវត្តិខ្មែរឱ្យបានច្បាស់លាស់នេះ មិនមែនជាការចង់កកូរកកាយ ធ្វើ​ឱ្យ​មានការរើសអើង ជាមួយប្រទេសនានា ឬចង់បង្កបញ្ហាអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិខ្មែរពិតប្រាកដ ច្បាស់ លាស់ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា ។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សម្រាប់សន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងសម័យអាណានិគមបារាំង ធ្វើឡើងដោយឈរលើគោលការណ៍មួយចំនួន ក្នុងនោះ​បាន​ដឹង​នូវ​អ្វី​ដែល​កម្ពុជាបាត់បង់, បានដឹងពីមូលហេតុដែលកម្ពុជាបានបាត់បង់, បានដឹង​ពីអ្វី​ដែល​ត្រូវ​ចង​ក្រងឯកសារឡើងវិញពីប្រវត្តិសាស្ត្រខ្មែរ និងបានដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ។ចំណែក ឯកឧត្តម វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជា បន្តធ្វើកម្មវិធីសន្និសីទ​អន្តរជាតិ​នេះទៀត ដែលក្រៅពីប្រធានបទខ្មែរក្នុងអាណានិគមបារាំង គឺនៅមានសម័យហ្វូណន សម័យ​មុន​អង្គរសម័យអង្គរ និងសម័យក្រោយអង្គរ ជាដើម ដើម្បីឱ្យសិស្ស​និស្សិតសិ​ក្សា​ប្រវត្តិសាស្ត្រ​មាន​ប្រភព​ស្រាវជ្រាវកាន់តែច្រើន៕ អត្ថបទ៖ បាន សុខរិទ្ធិ

ក្រុមការងារអន្តរក្រសួងរៀបចំផែនការទាក់ទាញទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបឲ្យមានកំណើនគ្រប់រដូវ

2024/11/07 11:45:14 am        264
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍​ទេសចរណ៍​សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ​២០២៥ -ឆ្នាំ២០២៨ ដែល​ក្នុង​សេចក្តី​ព្រាង​ផែនការ​គឺ​មាន​គោល​បំណង​សំខាន់​ជំរុញ​ការ​រៀបចំ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និង​អភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តី​ព្រាង​គណៈកម្មការ​ថ្ងៃ​នេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​សៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍនេះ គឺមាន​គោល​បំណង​សំខាន់ កាត់បន្ថយ​គន្លាត​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ទស្ស​នា​ខេត្ត​សៀមរាប​នៅ​ក្នុង​រដូវ​ភ្លៀង​ភ្ញៀវ​តិច និងរដូវទេសចរច្រើន ជំរុញការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​បាន​នៅ​គ្រប់​រដូវមកច្រើនដង ស្នាក់នៅយូរ ចំណាយច្រើន។ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្នុង​នាម​ជា​ប្រធាន​លេខា​ធិការដ្ឋាន គណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរថ្លែងថា នៅ​ក្នុង​ដំណើរ​រៀបចំ​ទាក់​ទាញភ្ញៀវទេសចរអន្តរមកទស្សនាខេត្តសៀមរាប អង្គរ ក្នុងរដូវភ្លៀង ទេសចរណ៍បៃតង គឺ​គណៈកម្មការក៏មានផែនការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យបានច្រើន ជំរុញ​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍ពិសេស និងផ្តល់គោលនយោបាយទិដ្ឋាការ ការស្នាក់នៅខេត្ត រៀបចំ​ផលិត​ផល​ទេសចរណ៍​ខេត្តសៀមរាបឲ្យមានគុណភាព និងទាក់ទាញជាដើម។ឯកឧត្តម ណេប សាមុត បន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ​២០២៨ ក៏នឹងរៀបចំគម្រោងអនុវត្តជាអាទិភាពចំនួន៧គម្រោង ជា​ពិសេស​គម្រោង​អភិវឌ្ឍ​សង្កាត់​ទេសចរណ៍គំរូ រៀបចំវត្តទេសចរណ៍គំរូ អភិវឌ្ឍន៍ទេសចរណ៍ឌីជីថល និងការអភិវឌ្ឍ​តំបន់​ចុង​ឃ្នៀស កំពង់ភ្លុក និងតំបន់គូលេន និងតំបន់មានសក្តានុពលរដ្ឋទេសចរណ៍នានាទៀត។ឯកឧត្តម បញ្ជាក់ថា ជារួមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងជំរុញ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាសៀមរាបឲ្យបាន៤លាននាក់នៅឆ្នាំ២០២៨៕ អត្ថបទ៖ ស៊ុម សុខជា

អតីតសកម្មជនបក្សប្រឆាំង ទទូចដល់ក្រុមប្រឆាំងបញ្ឈប់ការធ្វើនយោបាយ​យកបរទេស​ជាឈ្នាន់ ដើម្បី​តែបំផ្លាញជាតិ

2024/11/07 11:15:59 am        253
អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូច​ដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ដោយ​យក​បរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាក​មក​ជា​ការ​បង្រួប​បង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងប្រាប់​BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យ​ជ្រាល​ជ្រៅ​រ​បស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ​តែមួយ​។ ក្នុងនោះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានទទូចដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​សាចទឹកដាក់គ្នា ហើយបង្ហាញអ្វីមិនចំណេញដល់ជាតិពីបរទេសនោះទេ។ អតីត​សកម្ម​ជន​គណបក្សប្រឆាំងរូបនេះ អះអាងថា ប្តេជ្ញានឹងធ្វើខ្លួន​ប្រៀប​បាន​ជា​ស្ពាន​ដល់​យុវជន​ប្រឆាំង​ដើម្បី​ឱ្យយល់ច្បាស់ពីនយោបាយឈ្នះ ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា​​។ ជាមួយ​គ្នានេះ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង បាន​បង្ហាញពីខុសគ្នាបន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងធ្វើកិច្ចការពិតប្រាកដ ដើម្បីសន្តិភាព អភិវឌ្ឍន៍ និង​បម្រើ​ប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ។ សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោម​សមាជិក​ជាង​១ម៉ឺន​នាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម  

កសិផលខ្មែរចំនួន ៥មុខ ត្រូវបានជ្រើសរើស និងកែច្នៃក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបអាហារ

2024/11/07 10:51:38 am        192
ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុង​ដំណើរ​ការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​ខាង​ផ្នែក​ម្ហូប​អាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយក​កសិផល​របស់​កម្ពុជា​ចំនួន​៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់​កម្ពុជា​នេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹង​ជា​ផលិត​ផល​ខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា មុខម្ហូបដែលបានលើកយកមកប្រឡងឆ្នាំនេះ មាន​ដូចជានំបុ័ង និងការឆ្លាក់បន្លែផ្លែឈើជាដើម។ លោកប្រធានសមាគម បានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ បើសិន​ជា​ចុង​ភៅ​រូប​ណា អាចយកកសិផលទាំងនោះ មកកែច្នៃជាម្ហូប ហើយទទួលបានជ័យលាភី មុខម្ហូបនោះ នឹង​ត្រូវ​ចាត់ចូលជាម្ហូបថ្នាក់ជាតិ ហើយនឹងផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​​នាំ​ចេញ​កសិផល​ទាំង​អស់​នោះ​ទៅ​កាន់ទីផ្សារអន្តរជាតិផងដែរ។ក្រុមបេក្ខភាព ដែលបានចូលរួមប្រកួតប្រជែងម្ហូបអាហារនេះ បានសម្តែងក្តីសប្បាយរីករាយ និង​លើក​ឡើង​ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ផលិតផលរបស់​កម្ពុជា​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អ្ន​កប្រើប្រាស់ ជាពិសេសក្នុងការនាំយកទៅកែច្នៃចេញជាម្ហូបអាហារ ក៏ដូចជាជំរុញ​ទីផ្សារ​នាំ​ចេញ ដែលនឹងអាចធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែមានសក្ដានុពល។សូមបញ្ជាក់ថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច មាន​រយៈ​ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត​ពិព័រណ៍​កោះពេជ្រ​។ ព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុង​គោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងសេដ្ឋកិច្ចពង្រឹងការប្រមូលចំណូលពន្ធអាករ លើការផ្គត់ផ្គង់មានថែមទំនិញ ឬផ្តល់ជារង្វាន់

2024/11/07 10:40:06 am        162
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មាន​ថែម​ទំនិញ ឬផ្តល់ជា រង្វាន់ទំនិញជាស្តុកសម្រាប់លក់, ការថែមទំនិញ ឬផ្តល់​ជា​រង្វាន់​ទំនិញ​មិនមែនជាស្ដុកសម្រាប់លក់ ឬរង្វាន់ផ្សេងៗក្រៅពីទំនិញជាដើម។ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មានថែមទំទិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដែល​មាន​ថែម​ទំនិញ​របស់សហគ្រាស ឬទំនិញដទៃ ឬផ្តល់ជារង្វាន់តាមរយៈ ក្រវិលកំប៉ុង គម្របដប ឬ​វិធី​ផ្សេង​ទៀត​ផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធអាករ ប្រកប​ដោយប្រសិទ្ធភាព ក្រសួងណែនាំ​ដល់​សហគ្រាសផ្គត់​ផ្គង់​ទំនិញ​ក្នុង​ស្រុក​អំពី​កាតព្វកិច្ច​បង់​ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែម ទំនិញ ឬផ្តល់ជារង្វាន់ជាដើម។ចំពោះ​ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវ​ចាត់​ទុក​ជា​ការ​ផ្គត់ផ្គង់ជាប់អាករ ដែលសហគ្រាសត្រូវបំពេញកាតព្វកិច្ច ក្នុងនោះសហគ្រាស​ផលិត​ក្នុង​ស្រុក​នូវទំ​និញជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺសាធារណៈ ចំពោះការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញផលិតក្នុងស្រុក ជាប់​អាករ​ពិសេស ផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈនោះ សហគ្រាសបង់ តែ​អាករ​ពិសេសប៉ុណ្ណោះ និងត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីការថែមទំនិញ ឬ​ផ្តល់​ជា​រង្វាន់​នូវទំនិញជាប់អាករសម្រាប់ បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់។ ជាប់​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ អនុញ្ញាតឱ្យ​យក​មូល​ដ្ឋាន​គិត​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃ​ដើម​នៃ​ទំនិញ​ជាប់​អាករ​នោះ​។ ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម​។ចំពោះសហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ៖ ត្រូវជាប់​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ ដោយមូលដ្ឋានគិត អាករ ត្រូវផ្អែក​តាម​តម្លៃ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​ជាប់​អាករ​នោះ​,​​ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអ​នុញ្ញាត​ឱ្យ​យក​មូល​ដ្ឋាន​គិត​អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើម​នៃ​ការ​នាំចូល​ទំនិញ​ជាប់អាករនោះ, ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាត​ឱ្យ​ទទួល​ស្គាល់​ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម។ ចំណែកសហគ្រាសផ្គត់ផ្គង់ ទំនិញដែលមិនជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ៖ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ​អនុញ្ញាតឱ្យយកមូលដ្ឋានគិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹង​ថ្លៃ​ដើម​នៃ​ទំនិញជាប់អាករនោះ។ដោយឡែកការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញដែលមិនមែនជាស្ដុក សម្រាប់​លក់​ឬ​រង្វាន់​ផ្សេង​ៗ​ក្រៅ​ពីទំនិញ, សហគ្រាស ត្រូវអនុវត្តដូចជា៖ មិនត្រូវបានចាត់​ទុក​ជាការ​ផ្គត់​ផ្គង់​ដែល​ជា​កម្មវត្ថុ​នៃ​អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើ ប្រាក់ចំណូលឡើយ, អាករ​លើតម្លៃបន្ថែមដែលសហគ្រាសបានបង់ លើការទិញ​ទំនិញ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​លក់ដោយមានថែមទំនិញឬផ្តល់ជារង្វាន់, មិនត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​ឡើយ​ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាន, ចំណែកការអនុញ្ញាតជាចំណាយវិញ, ត្រូវ​បានអនុញ្ញាតជាចំណាយកាត់កងបាន សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល និងត្រូវកត់ត្រា ឱ្យ​ច្បាស់​លាស់​ក្នុងបញ្ជីគណនេយ្យ ដោយត្រូវមានសក្ខីបត្រគាំទ្រដូចមានចែងក្នុង បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រាក់ចំណូលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនក្រៅស្រុកមួយនឹងជ្រើសរើសកម្ពុជា វិនិយោគលើវិស័យកសិកម្មប្រើប្រាស់​បច្ចេកវិទ្យាទំនើប

2024/11/07 09:47:28 am        167
ក្រុមហ៊ុនក្រៅស្រុកមួយ កំពុងស្វែងយល់អំពីទីផ្សារ និងកាលានុវត្តភាព វិនិយោគ​លើ​វិស័យ​កសិកម្ម​ទំនើប នឹងអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុង​គោលដៅចូលរួមចំណែកនាំយកបច្ចេកវិទ្យាថ្មី សម្រាប់បម្រើដល់ឧត្តម- ប្រយោជន៍ នៃ​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​ជំនួ​ប​ពិភាក្សា​ការងារ​ជាមួយ លោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ឯកឧត្តម អគ្គ​លេខា​ធិការ​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែល​បាន​ចំណាយ​ពេល​វេលា​មក​ធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ទីផ្សារ និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញា កសិកម្មទំនើប នឹងរំពឹងថា នឹងចូលរួ​ម​ចំណែក​ដល់​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករ កម្ពុជា-ចិន ឱ្យ​កាន់​តែ​រីកធំធាត់ជាលំដាប់។ក្នុងជំនួបនេះដែរ, ឯកឧត្តម ក៏បានធ្វើការគូសរំលេចអំពីគោលនយោបាយគាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារ​ពើពន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម សំដៅធ្វើយ៉ាង​ណា​ធានា​បាន​ថា វិស័យដ៏មានអាទិភាពមួយនេះនឹងកាន់តែមានភាព ប្រកួតប្រជែង, បរិយាបន្ន, ទំនើបកម្ម និង​ធន់នឹងការប្រែប្រួលអាកាសធាតុ។ បញ្ហាននេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្ត ដល់​ភាគីក្រុមហ៊ុន មេត្តាសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​សំដៅ​ធានា​បាននូវ អនុលោមភាព គតិយុត្ត ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីករាយស្វាគមន៍​ជា​និច្ច ​ក្នុងការត្រៀមខ្លួនផ្តល់នូវកិច្ចសម្រួលវិនិយោគ ជូនវិនិយោគិន តាមរយៈ​យន្ត​ការ​តុ​វិនិយោគ​កសិ-​ចំណីអាហារ។ជាការឆ្លើយតប លោក Peter Chen ក៏បានជម្រាបជូនអំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ជ្រើស​យកកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោល​ដៅ​ចូល​រួម​ចំណែក ពាំនាំនូវបច្ចេកវិទ្យាថ្មីសម្រាប់បម្រើដល់ឧត្តម ប្រយោជន៍នៃវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្មនៅកម្ពុជា។ គួរបញ្ជាក់ជូនផងដែរថា Guangdong Juxiang General Aviation Co., Ltd. គឺជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ហើយមាន​ប្រតិបត្តិការ​ធុរកិច្ច​យ៉ាង​សម្បូរ​បែប​ដូចជា ការផលិតជី, ថ្នាំសម្លាប់សត្វល្អិត,កសិកម្មទំនើប, កសិកម្មឆ្លាតវៃ, ដ្រូន​កសិកម្ម​ជា​ដើម៕ អត្ថបទ៖ សុន រ៉ាឌី

កម្លាំងអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបទីតាំងអគារមួយកន្លែង ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់

2024/11/07 08:17:02 am        260
ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ។ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ក្រោយទទួលបានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថាត្រូវចាប់បង្ខាំង នៅក្នុងអគារនេះ កម្លាំងជំនាញ បានទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្ដមសេនីយ៍ ស ថេត កម្លាំងបានចុះទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញ ព្រមទាំងរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ដែលមានភាគច្រើន ជាជនជាតិចិន។សូមបញ្ជាក់ផងដែរ ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។ ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕អត្ថបទ៖ កុម្ភះ

MOU រវាងក្រសួងវប្បធម៌-សមាគមសិល្បករគោកធ្លក ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរ

2024/11/07 08:05:37 am        172
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករគោកធ្លក, កាលពីរសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានចុះហត្ថលេខារយៈពេល៥ឆ្នាំ លើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរ។ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លក, នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។គោលដៅនៃកិច្ចសហប្រតិបតិ្តនៅក្នុងគម្រោងមាន ការសម្តែងបង្ហាញទម្រង់ផ្សេងៗ នៃសិល្បៈបុរាណខ្មែរ ដល់សាធារណជនឲ្យបានយ៉ាងតិច១០ទម្រង់ បណ្តុះបណ្តាលសិល្បករឲ្យមានក្បាច់បាតច្បាស់លាស់ រាល់ការសម្តែង ធ្វើយ៉ាងណាបញ្រ្ជាបមហាជនឲ្យស្គាល់ និងចែះបែងចែកទម្រង់ផ្សេងៗ នៃសិល្បៈបុរាណខ្មែរ ទាំងនៅក្នុងស្រុកខ្មែរ និងនៅបរទេស រាល់ការសម្តែង ឬការសិក្សាអនុវត្តធ្វើយ៉ាងណាបញ្រ្ជាបការលើកតម្លៃសិល្បៈបុរាណដល់មជ្ឈដ្ឋានទូទៅ ជាពិសេសដល់សិស្សានុសិស្សឲ្យបាន និងរៀបចំសិក្ខាសាលាស្រាវជ្រាវ និងអភិវឌ្ឍទម្រង់សិល្បៈខ្មែរ សំដៅចូលរួមចំណែកក្នុងឯកភាពជាតិ ចំពោះទម្រង់សិល្បៈមួយចំនួន។ គម្រោងកម្មវិធីនេះ ដើរតួនាទីចូលរួមចំណែកគាំទ្រដល់សិស្សនិស្សិតផ្នែកសិល្បៈ ឱ្យមានឱកាសចូលប្រឡូក សិល្បករក្មេងខ្ចីឱ្យមានឱកាសបង្ហាញស្នាដៃ និងសិល្បករមានបទពិសោធន៍ហើយស្រាប់ឱ្យមានឱកាសផ្ទេរ ចំណេះជំនាញ និងទទួលបានអត្ថប្រយោជន៍ទៅតាមសមត្ថភាពជាក់ស្តែងក្នុងអាជីពសិល្បៈរបស់ពួកគាត់ រៀងៗខ្លួន។ គោលបំណងរបស់គម្រោងគឺ៖ ១) អភិរក្ស និងលើកស្ទួយទម្រង់សិល្បៈបុរាណខ្មែរ, ២) បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសិល្បករ និង៣) ផ្សព្វផ្សាយទម្រង់ផ្សេងៗនៃសិល្បៈបុរាណខ្មែរ តាមរយៈការសម្តែងជាប្រចាំនៅបណ្ណាល័យជាតិ នៅក្នុងសាលមហោស្រព តាមបណ្តាខេត្តនានា និងនៅបរទេស ទៅតាមសំណើរបស់ដៃគូជាតិ និងអន្តរជាតិ ដែលត្រូវការសម្តែងសិល្បៈ ឬការសិក្សាអនុវត្តអំពីសិល្បៈ។ផលប្រយោជន៍ដែលនឹងទទួលបានពីគម្រោងនេះរួមមាន៖ គឺថែរក្សាអត្តសញ្ញាណជាតិ និងធានាអ្នកបន្តវេនឱ្យមានក្រុមសិល្បករទទួលបានការបណ្តុះបណ្តាល ច្បាស់លាស់អំពីទម្រង់សិល្បៈបុរាណផ្សេងៗ ប្រកបដោយទឹកចិត្តមុះមុតក្នុងការថែរក្សា និងលើកស្ទួយ សិល្បៈបុរាណខ្មែរ។ ក្រុមសិល្បករនេះនឹងក្លាយជាអ្នកបន្តវេន ក្នុងការថែរក្សាអភិរក្ស និងអភិវឌ្ឍទម្រង់ សិល្បៈខ្មែរ។ ការសម្តែងជាប្រចាំ ឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសបានស្គាល់ជ្រួតជ្រាប និងចេះបែងចែកទម្រង់ សិល្បៈបុរាណផ្សេងៗ តាមរយៈការរៀបចំការសម្តែងជាប្រចាំ (១សប្តាហ៍ម្តង ពេលចាប់ផ្តើម ហើយអាចឡើងទៅដល់០២ ឬ០៣ដង ក្នុងមួយសប្តាហ៍ ដូចមុនសម័យកូវីដ-១៩ ក្នុងរយៈពេល០៥ឆ្នាំ) នៅបណ្ណាល័យជាតិ សាលមហោស្រព តាមបណ្តាខេត្តនានា និងបរទេស ដើម្បីរក្សាទំនាក់ទំនងស្អិតរមួត រវាងសិល្បករនិងមហាជន រវាងមហាជននិងសិល្បៈ ព្រមទាំងផ្សព្វផ្សាយទម្រង់សិល្បៈរបស់ខ្មែរទៅ ក្រៅប្រទេស៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖កងទ័ពអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់សាកល្បងលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ
07/10/2026 03:07 PM
អ្នកនាំពាក្យ៖ ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជាថៃនៅតែ​ជាកិច្ច​ការងារ​ការទូត​សកម្ម​របស់​រាជរដ្ឋាភិបាល
07/10/2026 03:07 PM
លោក NETANYAHU ប្រាប់លោក TRUMPថា ការអត្ថាធិប្បាយរបស់លោកERDOGAN ប្រឆាំងអ៊ីស្រា អែល គឺធ្ងន់ធ្ងរ
07/10/2026 03:07 PM
អ្នកការទូតរុស្ស៊ី៖ លោកខាងលិចមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ ត្រូវបានសម្លាប់ នៅរុស្ស៊ី និងអ៊ុយ ក្រែនទេ
07/10/2026 03:07 PM
ទីភ្នាក់ងារUN៖ ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងតិច ២៦៥នាក់ នៅអ៊ុយក្រែន ក្នុងខែមិថុនា
07/10/2026 03:07 PM
ស្ថិតិ៖ អត្រាគ្មានការងារធ្វើនៅតំបន់ហ្កាហ្សាកើនឡើងដល់ ៨០% នៅឆ្នាំ ២០២៥
07/10/2026 03:07 PM
លោក NETANYAHU ប្តេជ្ញាថា លោកនឹងរារាំងអ៊ីរ៉ង់មិនឲ្យទទួលបាននុយក្លេអ៊ែរនិងជំរុញការផលិតអាវុធទេ
07/10/2026 03:07 PM
អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល
07/10/2026 02:07 PM
ជប៉ុនស្នើដល់កម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន
07/10/2026 02:07 PM
ជប៉ុនចែករំលែកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល សម្រាប់រៀបចំផែនការមេស្របតាមស្តង់ដារអន្តរជាតិ
07/10/2026 02:07 PM