គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

ព័ត៌មានជាតិ

ភាគីកូរ៉េខាងត្បូង ផ្តល់សញ្ញាភ្លើងខៀវបន្តទៀត​ក្នុងការ​ទទួល​យកពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​សម្រាប់​ឆ្នាំ២០២៥

2024/11/06 03:20:34 pm        88
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ នៃ​ស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកអភិបាលស្រុក ស៊ីម ដុកសប់ (Shim Deok-seop) ចូលជួបពិភាក្សាការងារ ដែលផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទទួល និងបញ្ជូនពលករកម្ពុជា ទៅធ្វើការងារនៅខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do)។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៥ ខែ​វិច្ឆិកា​នេះ បានឲ្យដឹងថា នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង​អំណរគុ​ណ​ដល់​រដ្ឋបាល​ស្រុក​កូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មក​ដល់​ឆ្នាំ​២០២៤​នេះ ហើយក៏នឹងបន្តទទួលយកពលកររដូវកាលកម្ពុជាសម្រាប់ឆ្នាំ២០២៥ផងដែរ។ ទន្ទឹ​មនេះ ឯកឧត្តម ក៏អរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែល​កំពុងធ្វើការនៅទីនោះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបាន​ច្រើន​បន្ថែម​ទៀត​ទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។ ជាកិច្ចឆ្លើយតប លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជា ដែល​កំពុង​បំពេញ​ការងារ​នៅទីនោះ ថា មានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើ​ឱ្យ​ថៅ​កែ​ពេញ​ចិត្ត​ជា​ខ្លាំង​។ លោកបានគូសបញ្ជាក់ថា រដ្ឋបាលស្រុក​កូឆាង​បាន​បង្កើត​អន្តេវាសិកដ្ឋាន សម្រាប់​ពលករ​កម្ពុជា​ស្នាក់​នៅ ដែលនេះជាគំរូថ្មី​មួយ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ដល់​ពលករ​កម្ពុជា​ដែល​មក​ធ្វើ​ការ​នៅ​ក្នុង​តំបន់នេះ។ សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមាន​សេដ្ឋកិច្ច​ផ្តោត​សំខាន់​លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេស​ផ្នែក​កសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែល​មាន​ដំណាំ​សំខាន់​ៗ​ដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការ​ពលកម្ម​ជា​ច្រើន​នាក់​ ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2024/11/06 03:13:03 pm        227
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារ​ថែទាំ​ ​ផ្លូវ​ជន​បទ​ក្រាលក្រួសចំនួន០២ខ្សែ និងសាងសង់លូចំនួន៥កន្លែង ក្នុងខេត្តពោធិ៍សាត់ ។ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវទាំង០២ខ្សែនេះ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងសង្កាត់រលាប ក្រុងពោធិ៍សាត់ មានប្រវែងសរុប​១០៣០០​ម៉ែត្រ មានទទឹង៥ម៉ែត្រ រួមនិងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និងលូមុខពីរចំនួន ០២​កន្លែង។ ចំពោះការងារថែទាំខួបផ្លូវទាំង០២ខ្សែនេះ គឺអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយ​ប្រើប្រាស់ថវវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមនិងគណៈកម្មាធិការអន្តរក្រសួង បាន​ជួប​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម​បណ្ឌិត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបណ្ឌិតបានជម្រាបជូនថា គណៈ​កម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ការ​អនុវត្តន៍​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការងារថែទាំផ្លូវជនបទដែលបានកសាងកន្លងមក ហើយ​គណៈកម្មាធិការបានទទួលយក១០០ភាគរយ ចំពោះការអនុវត្តន៍​ការ​ថែទាំ​ខួប​ផ្លូវ​ទាំង​០២​ខ្សែ​នេះ​ត្រូវបានបញ្ចប់ដោយលទ្ធផលល្អ ផ្លូវនៅមានគុណភាពល្អប្រសើរ អាចបន្តបម្រើ​ផល​ប្រយោជន៍​ជូន​បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផល ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនោះដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបលូរំដោះទឹកដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ព្រមទាំងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំក្នុងការលុបបំបាត់ផ្លូវលំដីសរជនបទមកជាផ្លូវក្រាលក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវជនបទកាលក្រួសក្រហមឱ្យមកជាផ្លូវកៅស៊ូរជាបន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារស្ថាបនាកសាងហេដ្ឋារចនាសម្ធ័នជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរលើការងារថែទាំផ្លូវដើម្បីអាយុកាលប្រើប្រាស់បានយូរអង្វែង ៕

កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

2024/11/06 03:11:59 pm        112
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម  ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីពាក់ព័ន្ធអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត វ៉ី សំណាង ជាន់ទី២។នៅក្នុងវេទិកានោះដែរនៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សា ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំ ដើម្បីអោយរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនរាល់បញ្ហា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាសំណូមពរនានា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងគោលបំណងពិគ្រោះពិភាក្សារវាង រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។ឯកឧត្តមបន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាមួយចំនួនពាក់ព័ន្ធទៅនឹង ការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក របស់រដ្ឋបាលខេត្តមានដូចខាងក្រោម៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ) ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រាស្រ័យទាក់ទង និងគណនេយ្យភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ។ឯកឧត្តមបានគូសបញ្ជាក់ផងដែរ ដោយមានការគាំទ្រពីក្រសួងស្ថាបនថ្នាក់ជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា៕

សាលារៀនរដ្ឋបន្តអំពាវនាវដល់អាណាព្យាបាលយកកូនគ្រប់អាយុទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ

2024/11/06 02:57:49 pm        106
សាលារៀនសាធារណៈទូទាំងប្រទេសបានចាប់ផ្ដើមដំណើរការរៀន និង​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈ​បណ្ដាសាលា​រៀន​ក៏​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​អាណាព្យាបាលបញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះរៀន។ សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤នេះ គ្រប់សាលារៀនសាធារណៈ បានបើកទ្វាចាប់ផ្ដើមការរៀន និង​បង្រៀនជាថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះម្លេះ។ អ្នកអាណាព្យាបាល​ដែល​មាន​កូនតូច​គ្រប់​អាយុ​ភាគ​ច្រើនក៏បាននាំកូនមកសាលារៀនជារៀងរាល់ថ្ងៃផងដែរ។ យ៉ាងណាមិញបណ្ដាសាលារៀនបានបញ្ជាក់ថា សម្រាប់អាណាព្យាបាល ដែលមានកូនគ្រប់អាយុ ហើយ​ខកខាន មិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន នៅតែអាច​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​សិក្សា​នៅ​តាម​សាលា​រៀន​។ សម្រាប់សាលារៀនបឋមសិក្សាចតុមុខ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយបើកបវេសនកាល សាលា​ក៏​បាន​បន្ត​ទទួលចុះឈ្មោះកុមារជាបន្តបន្ទាប់ផងដែរ។ លោក សូ ធី ជានាយកសាលាលើកឡើងថា ជា​រៀងរាល់ឆ្នាំ ពិសេសក្រោយបើកបវេសនកាល អាណា​ព្យាបាល​តែង​នាំ​កូន​មក​ចុះ​ឈ្មោះ​សិក្សា​ជា​បន្ត​បន្ទាប់​។ សកម្មភាពនេះ ក៏នៅបន្តសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។ ក្នុងនាមជា​គណៈ​គ្រប់​គ្រង​សាលាលោកអំពាវនាវដល់អាណាព្យាបាល ដែលមិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន សូម​រួស​រាន់​មក​ចុះឈ្មោះ ដើម្បីឱ្យកូនទទួលបានការអប់រំ បង្កើតទំនាក់ទំនង និងរៀនស្គាល់ពីសង្គម។បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានបង្ហាញនូវ​ចំនួន​សិស្ស​ចូល​រៀនឆ្នាំ​សិក្សា​ថ្មី​នោះ​ទេ។ អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ចំនួនសិស្សចូលរៀនជាក់លាក់​នឹង​បង្ហាញ​ជូន​នៅ​កំឡុង​រយៈ​ពេល ២ខែក្រោយបើកបវេសនកាល។ ក្រសួងនៅរង់ចាំទទួល​របាយការណ៍​ទិន្នន័យ​ពី​តាម​សាលា​រៀន និងថ្នាក់ក្រោមជាតិ។ ចំណែកការចុះឈ្មោះចូលរៀន គឺមិនមានការ​ចំណាយ​ថវិកា​នោះ​ទេ។ ការចុះឈ្មោះចូលរៀននេះ សំដៅលើកុមារគ្រប់អាយុសិក្សា ដែលចាប់រាប់ពីអាយុ ៣ឆ្នាំ រហូតដល់ ៦ឆ្នាំ។ ផ្អែកលើកម្រិតអាយុ គឺពួកគេអាចចូលសិក្សាចាប់ពីកម្រិតមតេយ្យ កម្រិត​ទាប មតេយ្យកម្រិតមធ្យម មតេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១៕ អត្ថបទ៖ គឹមហុក

កីឡាករអុំទូកនៅខេត្តកណ្តាលកំពុងខិតខំហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅសប្តាហ៍ក្រោយ

2024/11/06 02:42:33 pm        110
បច្ចុប្បន្ន កីឡាករអុំទូកនៅតាមបណ្តាវត្តនានា នៅក្នុងខេត្តកណ្តាល កំពុង​ខិតខំ​ហ្វឹក​ហាត់​ត្រៀម​ចូល​រួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅសប្តាហ៍ក្រោយ ។ ជាក់ស្តែង​ដូចជា​ កីឡាករអុំទូកតំណាង ឱ្យវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាដើម ។ក្នុងពេលកំពុងហ្វឹកហាត់ការអុំទូកតាមដងទន្លេបាសាក់ នាល្ងាចម្សិលមិញ កីឡាករ​អុំ​ទូក​តំណាង​ឱ្យវត្តព្រែកសំរោង នៅក្នុងក្រុងតាខ្មៅ បានប្រាប់BTVឱ្យដឹងថា ការហាត់សម នឹងធ្វើឱ្យ​កីឡាករ​អុំ​ទូក​ទទួល​បានបទ ពិសោធន៍ជាច្រើនពីគ្រូបង្ហាត់ មានថាមពលគ្រប់គ្រាន់ ដើម្បីឈាន​ទៅ​ដណ្ដើម​ជោគ​ជ័យ​ពេលប្រកួត ។គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា នេះ មានទូកងចំនួនជិត៣៥០ទូក និងកីឡករជាងពីរម៉ឺននាក់ បាន​ត្រៀម​ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៊ូ ជុំសេរី អនុប្រធាន​នៃ​អនុគណៈកម្មការបច្ចេក ទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» ។ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺ​ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ​​ នឹងរៀបចំឡើងយ៉ាង អធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញ បូរិបូរ ៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រសួងវប្បធម៌បន្តចុះអនុស្សរណៈជាមួយសមាគមហ្វាពន្លឹសិល្បៈរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់​ការអប់រំសិល្បៈនៅកម្ពុជា

2024/11/06 01:32:22 pm        156
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាគមហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង បាន​បន្ត​ចុះ​ហត្ថ​លេខា​រយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅបន្ថែមទៀតជាមួយនឹង​សមាគមហ្វា​ពន្លឺ​សិល្បៈ​ក្នុង​ការ​លើក​កម្ពស់​ការអ​ប់​រំ​សិល្បៈ​នៅ​ក្នុង​ខេត្តបាត់ដំបង។ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគ យល់គ្នានេះធ្វើឡើង រវាង​លោក​ជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​តំណាង​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ​រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសមាគមហ្វាពន្លឺសិល្បៈ ដែលតំណាង​ដោយ​លោក អូស្មាន ខារ៉ាចា នាយកប្រតិបត្តិ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទីស្តីការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ការចុះអនុស្សរណៈនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែស៊ីជ្រៅ​បន្ថែម​ទៀត​ជាមួយ​នឹង​សមាគម​ហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង ដែល​មាន​ដូច​ជា​សិល្បៈសូនរូប គំនូរសារគមនាគមន៍ តន្ត្រី ល្ខោន សៀក និងរបាំជាដើម និង​ចូល​រួម​ចំណែក​ក្នុង​ការ​អភិរក្ស និងការវិវត្តនៃសិល្បៈ និងវប្បធម៌កម្ពុជា។ សូមជម្រាបថា សមាគមហ្វាពន្លឺសិល្បៈ គឺជាអង្គការដែលបានធ្វើការលើកកម្ពស់សមភាពយេនឌ័រ និង​ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈសិល្បៈនិងការអប់រំ។ អង្គការនេះ ផ្តល់នូវ​ទស្សនីយ​ភាព​សិល្បៈ​សៀក​ដល់ភ្ញៀវទេសចរ និងការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង​។ កាលពីក្នុងខែធ្នូ ឆ្នាំ២០២២កន្លងមក ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា ដោយ​អង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងនេះទទួលបានសញ្ញាបត្រ World Guinness Record បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការសម្ដែងសិល្បៈសៀក ដែលមាន​រយៈពេល​វែង​ជាងគេនៅលើពិភពលោក រហូតដល់២៤ម៉ោង ពេញ និងមានអ្នកចូលទស្សនាជាង ៥.០០០នាក់។ មិនតែប៉ុណ្ណោះក្នុងរយៈពេលកន្លងមក អង្គការហ្វាពន្លឺ​សិល្បៈ​នេះបា​ន​ធ្វើ​ឱ្យ​ខេត្ត​បាត់ដំបង មានកំណើនភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបងច្រើន ក៏អា​ស្រ័យ​ដោយ​សារមានសិល្បៈសៀករបស់ហ្វាពន្លឺសិល្បៈនេះផងដែរ៕ អត្ថបទ រដ្ឋា 

មន្រ្ដីជំនាញក្រសួងសុខាភិបាល៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មី​មួយនៅក្នុង​វិស័យសុខាភិបាល​ ខណៈជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ

2024/11/06 01:13:55 pm        194
ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​ជំងឺ​មហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល ដោយសារ​តែ​ការ​កើន​ឡើង​នូវ​ចំនួន​ករណី​ថ្មី និងអត្រាមរណភាពដោយសារជំងឺនេះក៏មានការកើនឡើង។ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ថ្លែងបញ្ជាក់បែបនេះ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធ នឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ កាលពីរសៀលថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយ​សារ​តែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាព​ទៅ​លើ​មនុស្ស​មុន​គេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវ នឹងរួមចំណែក​ដើម្បី​ឈាន​ទៅ​សម្រេចនូវគោលដៅនេះ។ ឯកឧត្តមសាស្រ្តាចារ្យ លើកឡើងថា ជំងឺមហារីក គឺជាបន្ទុកដ៏ធំសម្រាប់បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុម​គ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺមួយនេះ អាចធ្វើឱ្យប៉ះ​ពាល់​ខ្លាំង​ទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ច​សង្គម​ជាតិ​ថែម​ទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការ​អនុវត្ត​ច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ នឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល​អាច​សម្រេច​បាន​នូវ​ការ​គ្រប់គ្រង​ជំងឺ​មហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បាន​ឱ្យដឹងថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយក្នុង​ចំណោម​ករណី​ស្លាប់​ទាំងអស់មាន៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមាន​ជំងឺ​មហា​រីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមាន​អ្នក​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​មហា​រីក​ប្រហែល ១០លាននាក់។ ដោយឡែកនៅប្រទេសកម្ពុជាជំងឺមិនឆ្លងកំពុងតែកើនឡើង ដែល​ជា​បញ្ហា​ប្រឈម​ផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០ នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ ភាគរយ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​កម្ពុជាមានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុងនោះ ១០.៦២៤​ករណី​ជាស្ត្រី​។ ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំង​ពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺ​មហា​រីក​ដែល​ឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត៕ អត្ថបទ រដ្ឋា 

សមាជិកថ្មីមកពីអតីតបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទី ចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍

2024/11/06 12:42:30 pm        304
អតីតសមាជិក និងមន្រ្តីជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ប្តេជ្ញា​បំពេញ​តួនាទី​ជា​សមាជិក​ថ្មី​ក្នុង​គណបក្ស​ប្រជាជនកម្ពុជាឱ្យបានល្អបំផុត និងចូលរួមធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍​ប្រ​ទេសកម្ពុជា។ថ្លែងប្រាប់ BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង បាន​សម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបា​ន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​ថ្មី​មក​​ពី​អតីត​គណបក្ស​ប្រឆាំង​សរុប​ចំនួនជាង២ពាន់នាក់ ដែលទើបចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង លើកឡើងថា ពិធី​ជួបជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីពី​បង្ហាញ​ទំហំ​នៃ​សមាជិក​ថ្មី​ដែល​សម្រេច​ចូល​រួម​ជីវ​ភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មី លោក​នឹងបំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើប្រទេសជាតិ ព្រោះគណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សដែលធានាសុខសន្តិភាព និងបម្រើប្រជាជនគ្រប់និន្នានយោបាយទាំងអស់។ ជាមួយគ្នា លោក សំ សុខគង់ សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន និង​អតីត​ជា​មេធា​វី​របស់​អតីត​គណបក្ស​ប្រឆាំង បានសម្តែងក្ដីរីករាយ​ចំពោះកា​រចូ​ល​រួម​ក្នុង​ពិធី​សំណេះ​សំណា​ល​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន។ លោកចាត់ទុកនេះ ជាឱកាសដ៏មាន​តម្លៃ​សម្រាប់​រូប​លោក​ជា​សមាជិក​ថ្មី បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបា​ន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជាឱ្យបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះសមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ក៏បាន​អំពាវ​នាវ​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋមួយចំនួនដែលជឿលើនយោបាយជ្រុលនិយម សូមពិចារណា និងងាកមក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំនៃម្លប់សន្តិភាព និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​រីក​ចម្រើនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាម​គ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹក​នាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោមសមាជិកជាង ១ម៉ឺននាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ សេក ឧត្តម 

លោកឌី រ័ត្នខេមរុណ៖ កម្លាំងសណ្តាប់ធ្នាប់ បានដើរតួនាទីយ៉ាងសម្ខាន់ ជាមួយការងារសង្គមជាតិ និងប្រជាជន

2024/11/06 12:30:54 pm        201
នាវេលាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាង​លោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា បានជួបសំណេះ​សំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ និង បុគ្គលិក អនាម័យ ខណ្ឌ៧មករា ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការកោតសរសើរ ចំពោះកម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យរស់នៅ​បាន​ប្រកប​ដោយ​សេចក្តីសុខសប្បាយ ។ កម្លាំងទាំងនេះ ក៏បានដើរតួសម្ខាន់ ក្នុងការជួយសម្រួលចរាចរណ៍ មិនថាយប់ថ្ងៃជូនប្រជាពលរដ្ឋ ពិសេស​ក្បួនធ្វើដំណើរពិសេសៗ របស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ដូចជា​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់អន្តរជាតិ ដែលបានចូលមកកម្ពុជា ផងដែរ ។ លោកអភិបាលរង បានធ្វើការផ្តាំផ្ញើ ជូនកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ទាំងអស់ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួនដូចជា ៖១.កម្លាំង ត្រូវមានវិន័យ២.កម្លាំង ត្រូវស្តាប់បទបញ្ជា៣.កម្លាំង ត្រូវគោរព តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង ។ ក្នុងពិធីសំណេះសំណាលនេះដែរ កម្លាំងសណ្តាប់ធ្នាប់ រួមទាំងកម្មករអនាម័យ ក្នុងម្នាក់ៗទទួលបាន ៖ មី១កេស, ទឹកក្រូច ១កេស, ទឹកស៊ីអ៉ីវ ១យួរ , ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ កុម្ភះ

ព្រឹកនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគិន​ជា​បន្តបន្ទាប់ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨

2024/11/06 12:22:49 pm        186
ក្នុងឱកាសដំណើរចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ច​ប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុង​គុនមិញ ខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ជួប​ពិភាក្សា​ការងារ​ជា​មួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអ្នកវិនិយោគិនជាបន្តបន្ទាប់។ក្នុង​ជំនួបដំបូងនាព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​។ ខណៈដែល ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មាន​ទីស្នាក់ការ​នៅ​ទីក្រុង Zhengzhou ប្រទេសចិន។ ក្រុមហ៊ុននេះ បានផ្តោតលើកការស្រាវជ្រាវ និង​អ​ភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការ​ដឹក​ជញ្ជូន​ខ្សែស​ង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់​ផ្លែ​ឈើ​ស្ងួ​ត និងអាហារសម្រន់។ បន្ទាប់មកទៀតសម្ដេចធិបតីបានអញ្ជើញជួបជាមួយ លោក Sung Zhongdi ប្រធានក្រុមហ៊ុន ZhongJiao Tongli ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ក្រោយ​ពី​ជួប​បណ្ដាវិនិយោគិន និងអ្នកធុរកិច្ច សម្តេចបវរធិបតី នាយករដ្ឋមន្រ្ដី បានបន្តជួប​ពិភាក្សា​ការងារ​ជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារផងដែរ។សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ​ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់​សហគមន៍​កាន់​តែ​ប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» និងកិច្ចប្រជុំ​ពាក់​ព័ន្ធ​​ជា​ច្រើនទៀតនៅទីក្រុងគុនមិញ ប្រទេសចិន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៦ដល់៧ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំកំពូលទាំងនេះនឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រា​ប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹង​ភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំង​បង្ហាញ​ផង​ដែរ​អំពី​សារៈ​សំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏​ដូច​ជា​ការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ ក្នុងអំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជន​បរទេស​ផង​ដែរ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី
07/10/2026 07:07 PM
វិមាន Elysee៖ លោក Rutte និងលោក Zelenskyy នឹងចូលរួមកិច្ច​ប្រជុំសម្ព័ន្ធឆន្ទៈរួម​គាំទ្រ​អ៊ុយក្រែន
07/10/2026 07:07 PM
លោកស្រីអតីតនាយករដ្ឋមន្រ្តី Hasina មានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញនៅខែធ្នូ
07/10/2026 07:07 PM
ទីភ្នាក់ងារ IEA ព្រមានថា ការកើនឡើងភាពតានតឹងអាមេរិក-អ៊ីរ៉ង់ គំរាមដល់ការងើបឡើងវិញការផ្គត់ផ្គង់ប្រេង
07/10/2026 07:07 PM
ចិនហាមឃាត់ការនាំចេញ​អេលីយ៉ូមបណ្តោះអាសន្ន ខណៈជម្លោះ​អាមេរិក-អ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី​
07/10/2026 07:07 PM
រដ្ឋធានី Bengaluru របស់ឥណ្ឌា ចាត់វិធានការទប់ស្កាត់លើការប្រើប្រាស់ទឹកស្អាត ស្របពេលក្តីបារម្ភពីកង្វះខាតទឹក
07/10/2026 07:07 PM
ប្រទេសឥណ្ឌាកត់ត្រាអ្នក​ស្លាប់ទាក់ទង​នឹង​ទឹក​ភ្លៀងជាង​ ១០នាក់​
07/10/2026 07:07 PM
វិមានក្រឹមឡាំង៖ លោក Putin នៅតែបើកទូលាយចំពោះកិច្ចប្រជុំសន្តិភាពជាមួយអ៊ុយក្រែន
07/10/2026 07:07 PM
ប្រធានាធិបតីចិន លោក Xi ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង នៅមុនខួបសន្ធិសញ្ញា
07/10/2026 07:07 PM
កសិករចិញ្ចឹមឃ្មុំលីបង់ ប្រឈមនឹងការងើបឡើងវិញច្រើនឆ្នាំ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងឃ្មុំ
07/10/2026 07:07 PM