គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

ព័ត៌មានជាតិ

កម្ពុជាកំពុងអភិវឌ្ឍន៍ប្រព័ន្ធ Data Center សម្រាប់គាំទ្រ និងការដោះស្រាយក្នុងអាជីវកម្ម

2024/11/06 11:58:21 am        223
កម្ពុជាទទួលបានការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទិន្នន័យ មានទំហំទឹកប្រាក់ប្រមាណ ១៣៧ លាន​ដុល្លារអាមេរិក, ដែលតាមរយៈនេះ កម្ពុជាសង្ឃឹមថា នឹងជំរុញគាំទ្រ និង​បង្កើត​ការងារ​ថ្មី​ៗ​ផ្សេង​ទៀត សម្រាប់ជាដំដោះស្រាយក្នុងអាជីវកម្ម ជាពិសេសការជំរុញអភិវឌ្ឍន៍ ទៅជា មជ្ឈ-មណ្ឌល​ដ៏​ធំមួយនៅអាស៊ីផងដែរ។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នេះថា ការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃការឆ្ពោះទៅរកកំណើន សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន​នៅ​ក្នុងសង្គមនេះ កម្ពុជាបានកំពុងអភិវឌ្ឍន៍ នៃ​ការ​ចាប់​យក​ប្រព័ន្ធ​ឌីជីថល​មក​អនុវត្ត​ជា​បណ្តើរ​ៗ ក្នុង នោះកម្ពុជាមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានកំពុងគាំទ្រ​ដល់​ការ​បង្កើត​ធុរកិច្ច និងប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្នាលបច្ចេកវិទ្យា ព័ត៌មាន ក៏កំពុងជំរុញ​ការ​ចុះ​បញ្ជី​ពន្ធដារ និងក្រសួងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះកម្ពុជាក៏មានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជិថលកម្ពុជាឆ្នាំ ២០២១-២០៣៥ ស្របពេលដែល CDC ក៏មានប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាច​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញជាដើម នេះ​ជា​ការ​ត្រៀម​លក្ខណៈក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ឯកឧត្តម បន្តឱ្យដឹងថា នៅក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បា​ន​អនុម័ត​នូវ​គម្រោង​ចំនួន​ពីរ នៃការវិនិយោគ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Data Center) មានទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១៣៧ លានដុល្លារអាមេរិក ដែលតាមរយៈនេះ នឹងជំរុញ គាំទ្រនិងទាក់​ទាញ​ដល់​ការ​វិនិយោគ​លើ​វិស័យផ្សេងៗទៀត អាចចូលរួមបង្កើតការងារកាន់តែច្រើន ជាពិសេស​តាម​រយៈ​នៃ​គម្រោងនេះដែរ និងអាចជំរុញឱ្យកម្ពុជាមានមជ្ឈមណ្ឌលដ៏ធំមួយនៅអាស៊ី។ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះដែរ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី "តេជោ" បានវាយតម្លៃថា ប្រព័ន្ធ ICT គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយ​តប​ទៅ​និង​សេដ្ឋកិច្ចឌីជីថល ប៉ុន្តែកិច្ចការទាំងនោះត្រូវគាំទ្រ បន្ថែម ទាក់ទងប្រព័ន្ធអ៊ិនធ័រណេត ខ្សែ​កាបអុបទិច ដើម្បីជំរុញឱ្យមានល្បឿនលឿន ឆ្លើយតបទៅនិងការធ្វើអាជីវកម្មផ្សេងៗដូចជា ការ​លក់ និងការទិញជាដើម ខណៈកម្ពុជាកំពុងធ្វើដំណើរទៅមុខ ដែលត្រូវការគាំទ្រច្រើន តាម​រយៈ​កិច្ច​សហការប្រតិបត្តិការផ្សេងៗ ដូចជាប្រទេសចិនជាដើម ដើម្បីជំរុញ​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ជាពិសេសការបង្កើតនូវប្រព័ន្ធទិន្នន័យ (Data) សម្រាប់ចែករំលែកពី គ្នាទៅវិញទៅមក ដើម្បី​ជំរុញការផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួល ជាពិសេសសម្រាប់អ្នកធុរកិច្ច។ជុំវិញប្រព័ន្ធឌីជីថលនេះដែរ, លោកស្រី ចេន ហ្វូលីង (Gan Qiuling) លើកឡើងថា ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ឌីជីថល, បើតាម បទពិសោធន៍នៃប្រទេសចិន ជាដំបូងគឺយើង​ត្រូវ​កសាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ក្នុងនោះ​សេដ្ឋកិច្ច​ឌីជីថល គឺត្រូវឱ្យមានកិច្ចសហប្រតិបត្តិការឱ្យស្អិតរមួតាមមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បី​ដើរ​ឈាន ទៅមុខរួមគ្នា ។ ដោយសារតែសង្គមឌីជីថល យើងត្រូវបង្កើតវេទិកាអេឡិចត្រូនិច ដើម្បី​ជួយដល់ប្រជាជនទូទៅបានស្វែងយល់ ហើយ បញ្ហានេះ តើប្រជាជន ឬអ្នកធុរកិច្ច​ទទួល​យក​សេដ្ឋកិច្ច​ឌីជីថលបានរបៀបណាខ្លះ? ដូច្នេះមានតែតាមរយៈវេទិកានេះទេ ដើម្បីឱ្យ ប្រជាជន​ងាយ​ទទួល​យកបាន ដែលជាតំណររុញផលិតផលរបស់គាត់ឱ្យទៅកាន់ទីផ្សារអន្តរជាតិ ។ លោកស្រី បន្តថា បញ្ហានេះ កម្ពុជាត្រូវអូសទាញដល់ក្រុមហ៊ុនដែលមានឧត្តមភាពលើអន្តរជាតិ មក​វិនិយោគនៅប្រទេសកម្ពុជា ដើម្បីកម្ពស់ដល់សមត្ថភាពប្រកួត ប្រជែងទាំងនៅក្នុងស្រុក និង​ទៅ​កាន់​លើឆាកអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ខែតុលាកន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៣១គម្រោងបន្ថែម មានទុនសរុបជាង ២២៦ លានដុល្លារ

2024/11/06 11:33:51 am        245
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ បានអនុម័តគម្រោងថ្មីចំនួន៣១ និង​គម្រោង​ពង្រីកផលិតកម្មចំនួន១ មានទុនវិនិយោគសរុបជាង ២២៦ លានដុល្លារអាមេរិក ក្នុង​នោះ​ចិន​វិនិយោគ​ជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៥៣% ភាគរយ ខណៈការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់ជាង ២៩ ភាគរយ នៃទុនវិនិយោគសរុប។ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគ នៅក្នុងខែតុលា ឆ្នាំ២០២៤ ក្នុង​នោះ​បាន​អនុម័តគម្រោងថ្មី ចំនួន៣០ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង ដែល​មាន​ទុនវិនិយោគសរុបប្រមាណជាង ២២៦ ពាន់លានដុល្លារ អាមេរិក ដោយ​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១៦ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោង​វិនិយោគ​ដែល​មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២១ គម្រោង និង​គម្រោង​វិនិយោគ​ដែល​មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១០ គម្រោងផងដែរ។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែតុលានេះ នៅក្រៅតំ​បន់​សេដ្ឋ​កិច្ច​ពិសេស​រួម​មាន៖ គម្រោង វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើត រោងចក្រផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងមាន​គម្រោង​ជា​ច្រើន​ផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​លេខ​រៀងទី ១ ដោយបានរួម ចំណែកជាង ៦០ ភាគរយ នៃទុនវិនិយោគសរុប ខណៈ​ពេល​ដែល​ការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៣២ ភាគរយ នៃទុន វិនិយោគសរុបផងដែរ៕ អត្ថបទ៖ សុនរ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សថ្មី ជាអតីត​មន្ត្រីដឹកនាំ​បក្សនយោបាយនានាចំនួន ២៣៦៥នាក់

2024/11/06 11:18:57 am        223
នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសា​អាហារ​សាមគ្គី​ជាមួយ​សមាជិក​គណប​ក្សថ្មី ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្ស​នយោបាយ​នានា ចំនួន ២៣៦៥ នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ សមាជិកគណបក្ស​ដែល​សម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីនា​ព្រឹក​ថ្ងៃ​នេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្ស​កម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​បក្ស​នយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។តាម​រយៈលទ្ធផលជាក់ស្ដែង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​បក្ស​របស់​ពួកគេប្រៀបដូចទឹកបាក់ទំនប់ ហើយចូលមករួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបន្តផ្សព្វផ្សាយអំពី​ការ​ផ្តាច់​ខ្លួន​រប​ស់​បេក្ខជន​នៃ​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ប្រឆាំងនានាជាប្រចាំដែលបានស្ម័គ្រចិត្ត និងស្នើសុំរួមរស់ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។អតីតអ្នកអ្នកប្រឆាំងទាំងនេះធ្លាប់បានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួក​គេបែ​រ​ត្រូវ​អស់​សង្ឃឹម អស់ជំនឿចិត្តការដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការដឹកនាំល្អ ខ្វះ​តម្លា​ភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់​ខ្ពើម​ចំពោះ​នយោបាយ​ជ្រុល​និយម​របស់​មេដឹ​ក​នាំដែ​ល​ជា​ទណ្ឌិត​ក្បត់​ជាតិនៅក្រៅស្រុក និងថ្នាក់ដឹកនាំជាន់ខ្ពស់​របស់​បក្ស​ដទៃ​ទៀត​ដែល​ជា​ហេតុ​នាំ​ឱ្យ​គ្រោះថ្នា​ក់​ដល់សង្គមជាតិ។បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះ​មើល​ឃើញ​ពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនក​ម្ពុជា ​និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោល​នយោបា​យ​ដឹក​នាំ​ជាតិ​ច្បាស់​លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏សម្តែងការពេញចិត្ត និងជឿជាក់​ចំពោះ​ការ​រៀបចំ​អ្នក​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី​ពោរ​ពេញ​ដោយសមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុង​ការ​បន្ត​ដឹកនាំ​សង្គម​ជាតិ​ឱ្យ​មាន​សុខ​សន្តិភាព ការរួបរួម និងការរីកចម្រើន។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាស​ផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំឬទិញដូរអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន និង​បានថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់​ដែល​តែង​តែ​ញុះញង់​មួល​បង្កាច់​រាជ​រដ្ឋាភិបាល​ ដើម្បីតែមហិច្ឆតាល្មោភអំណាច ផ្ទុយពីសច្ចធ​ម៌​ប្រវត្តិសាស្ត្រ នៃ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​កម្ពុជា​៕

រដ្ឋសភា​នឹងពិនិត្យអនុម័តច្បាប់ការអនុម័តលុបចោលកិច្ចព្រមព្រៀង CLV នៅថ្ងៃសុក្រនេះ

2024/11/06 10:54:55 am        216
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តរបៀបវារៈមួយចំនួន។ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់បន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយមានរបៀបវារៈចំនួនពីរ មាន៖១)ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។២)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពី​ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

រយះពេល៤ថ្ងៃភ្ញៀវទេសចរមកទស្សនា ពិធីប្រណាំងទូកខេត្តឧត្តរមានជ័យ មានចំនួនជាង១៣ម៉ឺននាក់

2024/11/06 10:54:26 am        140
ឧត្តរមានជ័យ៖ ក្នុងរយះពេល៤ថ្ងៃ នៃពិធីបុណ្សអុំទូក ខេត្តឧត្តរមានជ័យ ភ្ញៀវទេសចរ​ក្នុង​ស្រុកមកទស្សនាកម្សាន្ត ការប្រណាំងទូក មានចំនួន ១៣៥ ០០០នាក់ នេះបើតាមការបញ្ជាក់​អះអាងឲ្យដឹងពីលោកស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរណ៍​ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០២៤នេះ។លោកស្រី ធិននី មន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ ឆ្នាំ២០២៤នេះ ការប្រណាំងទូកនៅក្នុងខេត្តឧត្តរមានជ័យ គឺមានការរៀបចំ​ទ្រង់ទ្រាយធំ​ជាងឆ្នាំមុនៗ ​ដោយមានការប្រគុំតន្រ្តីខ្នាតយក្ស ​ការលេងល្បែង​ប្រជាប្រិយផ្សេងៗ និងការ​ដាក់បង្ហាញ​ផលិត​ផលនានា​សម្រាប់ការតាំងពិព័រណ៍​ រួមទាំងមានការបាញ់កាំជ្រួច ដើម្បីអបអរក្នុងពិធីនោះផងដែរ។លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្ត ​បានបញ្ជាក់ថា​ បើគិតជាភាគរយ​ចំនួន​ភ្ញៀវទេសចរណ៍​សម្រាប់ឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៦៥ ០០០នាក់ បើធៀបនិងឆ្នាំ២០២៤នេះ​ មាន​ការ​កើនឡើង​ដល់ទៅ១០៨ភាគរយ ខណៈឆ្នាំ២០២៣ មានត្រឹម៤៧ភាគរយនោះ៕ 

ឆ្នាំនេះប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវវស្សាបាន ១១ម៉ឺនតោន ខណៈ​ស្រូវ​កំពុង​ដុះលូ​ត​លាស់ល្អ មិនមានផលរំខានពីជំនន់ទឹកភ្លៀងនោះឡើយ

2024/11/06 10:13:54 am        265
កំពង់ឆ្នាំង៖ ប្រជាកសិករខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤នេះ ធ្វើស្រែវស្សាបានលើសផែនការ ខណៈ​​ស្រូវ​វស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមាន​ការ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នោះ​ឡើយ។ ដោយឡែកការប្រមូលផលស្រូវវស្សា គិតមកដល់ថ្ងៃនេះបាន​ចំនួន​២៦៧១៩​ហិកតា និងទទួលផលបាន១១៦២១៥តោន។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។លោក ងិន ហ៊ុន បានថ្លែងឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បាន​ប្រមូល​ផល​ស្រូវវស្សាលើផ្ទៃដីស្រែចំនួន២៦៧១៩ហិកតា លើផ្ទៃដីស្រែវស្សា​សរុប​ចំនួន​១៤​០៦​០០​ហិកតា ។ ក្នុងចំណោមផ្ទៃដីដែលប្រមូលផលជាង២ម៉ឺនហិកតានេះ ផល​ដែល​ទទួល​បាន​ចំនួន​១១៦២១៥តោន។ ដោយឡែកតម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ហាលស្ងួត) តម្លៃ​១៦៥០​រៀល ក្នុង១គីឡូក្រាម, ដែលតម្លៃនេះ​ខ្ពស់​ជាង​តម្លៃ​ស្រូវ​ឆ្នាំ​២០២៣​ចំនួន​៦០​រៀល​ក្នុង​១​គីឡូក្រាម, ស្រូវចំរុះស្ងួតមានតម្លៃ១៣០០រៀលក្នុង១គីឡូក្រាម ទាប​ជាង​ឆ្នាំ​២០២៣​ប្រមាណ​៨០​រៀល​ក្នុង​១​គីឡូក្រាម, និងស្រូវOMសើម មានតម្លៃ៩៦០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាង​ឆ្នាំ​២០២៣ ប្រមាណ​៤០រៀលក្នុង១គីឡូក្រាម។ ក្នុងចំណោមស្រូវវស្សាទាំងនោះ ប្រជាកសិករ​បាន​ដាំ​ដុះ​ស្រូវ​ស្រាលមានចំនួន២៩ ៤៥០ហិកតា, ស្រូវកណ្តាលមានចំនួន៦៥ ៦៤៤ហិកតា, និង​ស្រូវ​ធ្ងន់​ធ្វើ​បានចំនួន ៤៥ ៥០៦ ហិកតា ។ លោកបាន​បន្តថា ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់ ស្រូវវស្សាឆ្នាំនេះ កំពុងដុះ​លូត​លាស់​ល្អ​ប្រសើរ​ ក្នុងនោះ រយះពេលប៉ុន្មានថ្ងៃនេះភ្លៀងបានបន្តធ្លាក់ចុះនៅតាមតំបន់ភ្នំ ប៉ុន្តែស្រែ​វស្សា​របស់​​បងប្អូនប្រជាកសិករ មិនទាន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឡើយទេ។ ក្រៅ​ពី​ដាំ​ដុះ​ស្រូវវ​ស្សាហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹ​ម​សត្វ​បន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត ៕ កាំង ហុងវាស្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Zhengzhou chen’s sun ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/11/06 08:58:19 am        187
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ។ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះ​ទ្រង់​ទ្រាយ​ធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែក​ចាយ​គ្រប់​បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។ 

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

2024/11/06 06:40:25 am        200
នាល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។ ឯកឧត្តមបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបឯកឧត្តមអភិបាលខេត្ត ម្ដងទៀត។ សម្ដេចបវរធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ សម្តេចបវរធិបតី និងឯកឧត្តមអភិបាលខេត្តបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។ ឯកឧត្តមអភិបាលខេត្តបានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕

អ្នកទោសជិត៧០០នាក់នឹងត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកឆ្នាំ២០២៤នេះ

2024/11/05 10:17:13 pm        134
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។នៅក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១នាក់ (ស្រី៥៩ នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣នាក់(ស្រី ២៨ នាក់) ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨ នាក់ (ស្រី ៣១ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២២, មណ្ឌលអប់រំកែប្រែចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា។តាមគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោស។ដោយឡែក,ចំពោះទណ្ឌិតចំនួន ២៨១ នាក់ (ស្រី ២៤ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹង ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ករណីជួញដូរមនុស្ស,ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬជីតារំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួនជាដើម៕អត្ថបទបាន ចក់

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

2024/11/05 09:45:02 pm        61
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃពេញ, នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ ទៅកាន់សិក្ខាកាមចំនួន៨២នាក់ ដែលរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ City Cancer Challenge Foundation តំណាងធនាគារពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះ ក៏បានរៀបចំក្រុមការងារបានបែងចែកឱ្យមានការពិភាក្សាលើប្រធានបទចំនួន ៧ក្រុម៖១/ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត និងវេជ្ជសាស្រ្តនុយក្លេអ៊ែរ២/ ការធ្វើរោគវិនិច្ឆ័យតាមវិភាគរោគសាស្រ្ត៣/ ការព្យាបាលជំងឺមហារីកតាមបែបវេជ្ជសាស្រ្ត និងដោយកាំរស្មី៤/ ការព្យាបាលដោយសល្យសាស្រ្ត៥/ ជំងឺមហារីកកុមារ៦/ ការថែទាំសម្រន់៧/ យន្តការគាំទ្រ។សិក្ខាកាមម្នាក់ៗ បានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដោយពិនិត្យសកម្មភាពយុទ្ធសាស្រ្តនីមួយៗ កែសម្រួលខ្លឹមសារ និងដាក់បន្ថែមធាតុចូលទៅក្នុងសេចក្តីព្រាងនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។ លទ្ធផលនៃការពិភាក្សាពីក្រុមនីមួយៗត្រូវបានបង្ហាញទៅកាន់អង្គពីធីទាំងមូល និងត្រូវបានសំយោគ និងដាក់បង្ហាញទៅកាន់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលជាគណៈអធិបតី ដោយប្រធានក្រុមការងារ។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានលើកឡើងថា សិក្ខាសាលានេះគឺជាជំហ៊ានមួយដ៏សំខាន់សម្រាប់ការកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជាសម្រាប់ការអនុវត្តន៍ និងសម្រេចបានការប្រយុទ្ធនឹងជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា «សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ!» ដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាប់ជានិច្ច។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ សូមជូនពរដល់សមាជិក សមាជិកាទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព
07/10/2026 08:07 PM
វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
07/10/2026 08:07 PM
ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
07/10/2026 08:07 PM
លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
07/10/2026 08:07 PM
លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
07/10/2026 08:07 PM
ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់
07/10/2026 08:07 PM
បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន
07/10/2026 08:07 PM
ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»
07/10/2026 08:07 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី
07/10/2026 07:07 PM
វិមាន Elysee៖ លោក Rutte និងលោក Zelenskyy នឹងចូលរួមកិច្ច​ប្រជុំសម្ព័ន្ធឆន្ទៈរួម​គាំទ្រ​អ៊ុយក្រែន
07/10/2026 07:07 PM