ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំសមាជិកគណបក្សថ្មី ជាអតីតមន្រ្ដីក្រុមប្រឆាំងឱ្យរួមគ្នា​កម្ចាត់ចោល​ក្រុមបដិវត្តន៍ពណ៌ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល

2024/11/06 04:05:07 pm        671
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី​ជាមួយ​សមាជិក​គណបក្ស​ថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយ​នានា ចំនួន២៣៦៥នាក់។ ពិធីនេះ មានការអញ្ជើញ​ចូលរួម​ពី​មន្ត្រីថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​ជួរ​គណបក្ស​ប្រ​ជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ដ៏ធំ វិមាន ៧ មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ​កសាង​ចលនា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មូល​ដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅ​មូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារ​បាន​សហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារ​គណបក្ស​ចុះមូលដ្ឋា​ន​តាម​បណ្តា​រាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយ​ផ្សេង​ៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់​ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ ឯកឧត្តមបានបន្តទៀតថា ដោយផ្អែកលើការការពារនូវ​ផល​ប្រយោជន៍​ដ៏​ឧត្តុង​ឧត្តម​នៃ​ប្រទេស​ជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេចក្តីសុខសាន្ត និង​សុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិជាយូរអង្វែង សម្តេចតេជោបានប្រកាសទទួលស្វាគមន៍យកបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់បានចូលរួមជីវភាពនយោបាយជាមួយក្រុមបក្សនយោបាយ ដែលមាននិន្នាការជ្រុលនិយមក្នុងរយៈពេលកន្លងមក ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិរបស់បងប្អូនមកបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ តាមរយៈគោលនយោបាយប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោះប្រណីរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ គឺបងប្អូនដែលជាអតីតថ្នាក់ដឹកនាំប្រឆាំងតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ គឺបងប្អូនជនរួមជាតិរបស់យើងបានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពពិតដែល សម្តេចតេជោបានផ្តល់ជូនចំពោះបងប្អូនក្នុង រយៈពេលកន្លងមក ដោយមិនប្រកាន់និន្នាការនយោបាយ ឬកំហុសខុសឆ្គងរបស់បងប្អូនជនរួមជាតិនោះទេ សម្តេចតេជោ តែងតែផ្តល់នូវក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាជួយបងប្អូនតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទៅដល់ការលំបាកនានារបស់បងប្អូនយើងផងដែរ ។នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានាដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ក្រៅពីការជួបសំណេះសំណាលជាមួយគ្នារួចហើយនោះ សម្ដេចតេជោបានរៀបចំអាហារសាមគ្គីមួយពេលសម្រាប់បងប្អូនសមាជិកទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។ នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោប្រធានគណបក្ស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ម៉ែន សំអន ដែលរៀបចំការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម កាលពីថ្ងៃទី ៣-៥ វិច្ឆិកា ២០២៤ ដែលដំណើរការនៃការដង្ហែអង្គកឋិនទាននេះ ទទួលបាននូវភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូនខ្មែរក្រោម។សម្ដេចតេជោប្រធានគណបក្ស ក៏បានថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងអង្គកឋិនទាន ដែលធ្វើឲ្យគាត់ថានិទានដង្ហែទៅកាន់វត្តខ្មែរក្រោមទទួលបាននូវភាពជោគជ័យ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនិងសមិទ្ធផលរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងនោះ ចំពោះគោលដៅរយៈពេលវែង៖ទី១-គឺយើងត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេតែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ។ ទី២-ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។ ទី៣-ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលយើងបានកំណត់តាំងពីដំបូងនោះ។ ទី៤- ខិតខំសម្រេចអោយបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចំពោះគោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។ ទី២-រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។ ទី៣-ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។ ទី៤- ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។ ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។ បន្ទាប់មក សម្ដេចតេជោក៏បានអញ្ជើញពិសាអាហារសាមគ្គីជាមួយបងប្អូនសមាជិកសមាជិកាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ”

2024/11/06 03:41:30 pm        297
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Shin YongHwa នាយក​រង​ប្រចាំ​ប្រទេស នៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចុះ​ពិនិត្យ​ស្ថាន​ភាព​អភិវឌ្ឍន៍​គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅ​ឃុំ​កំពង់​ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។គោលបំណង​នៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពិនិត្យមើលស្ថានភាពសហគមន៍ ក៏​ដូច​ជា​វឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តគម្រោង។ ដំណើរ​ទស្សនកិច្ច​នេះ​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជនបទ និងការពង្រឹងសហគមន៍។ គម្រោងភូមិសន្តិភាព ដែល​ជា​កិច្ច​ខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាង កយកា-KOICA និងរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ មានគោលបំណង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​ប្រកប​ដោយ​និរន្តរភាព និងសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ជាមួយ​នឹង​ថវិកា​ចំនួន 10​លាន​ដុល្លារ​អាមេរិក សម្រាប់រយៈពេលពីឆ្នាំ 2022 ដល់ឆ្នាំ 2026 ដែលជាជំនួយឥត​សំណង​ពី​សាធារណរដ្ឋ​កូរ៉េ តាមរយៈ KOICA គម្រោងនេះស្វែង​រកការកែលម្អ​ជីវភាព​រស់នៅ​រ​ប​ស់​សហគមន៍​ជនបទតាមរយៈការកែលម្អលក្ខខ័ណ្ឌរស់នៅ ការបង្កើនប្រាក់​ចំណូល​ប្រកប​ដោយ​ចីរភាព និងការពង្រឹងអភិបាលកិច្ច៕ អត្ថបទ រដ្ឋា

ភាគីកូរ៉េខាងត្បូង ផ្តល់សញ្ញាភ្លើងខៀវបន្តទៀត​ក្នុងការ​ទទួល​យកពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​សម្រាប់​ឆ្នាំ២០២៥

2024/11/06 03:20:34 pm        88
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ នៃ​ស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកអភិបាលស្រុក ស៊ីម ដុកសប់ (Shim Deok-seop) ចូលជួបពិភាក្សាការងារ ដែលផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទទួល និងបញ្ជូនពលករកម្ពុជា ទៅធ្វើការងារនៅខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do)។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៥ ខែ​វិច្ឆិកា​នេះ បានឲ្យដឹងថា នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង​អំណរគុ​ណ​ដល់​រដ្ឋបាល​ស្រុក​កូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មក​ដល់​ឆ្នាំ​២០២៤​នេះ ហើយក៏នឹងបន្តទទួលយកពលកររដូវកាលកម្ពុជាសម្រាប់ឆ្នាំ២០២៥ផងដែរ។ ទន្ទឹ​មនេះ ឯកឧត្តម ក៏អរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែល​កំពុងធ្វើការនៅទីនោះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបាន​ច្រើន​បន្ថែម​ទៀត​ទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។ ជាកិច្ចឆ្លើយតប លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជា ដែល​កំពុង​បំពេញ​ការងារ​នៅទីនោះ ថា មានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើ​ឱ្យ​ថៅ​កែ​ពេញ​ចិត្ត​ជា​ខ្លាំង​។ លោកបានគូសបញ្ជាក់ថា រដ្ឋបាលស្រុក​កូឆាង​បាន​បង្កើត​អន្តេវាសិកដ្ឋាន សម្រាប់​ពលករ​កម្ពុជា​ស្នាក់​នៅ ដែលនេះជាគំរូថ្មី​មួយ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ដល់​ពលករ​កម្ពុជា​ដែល​មក​ធ្វើ​ការ​នៅ​ក្នុង​តំបន់នេះ។ សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមាន​សេដ្ឋកិច្ច​ផ្តោត​សំខាន់​លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេស​ផ្នែក​កសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែល​មាន​ដំណាំ​សំខាន់​ៗ​ដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការ​ពលកម្ម​ជា​ច្រើន​នាក់​ ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2024/11/06 03:13:03 pm        228
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារ​ថែទាំ​ ​ផ្លូវ​ជន​បទ​ក្រាលក្រួសចំនួន០២ខ្សែ និងសាងសង់លូចំនួន៥កន្លែង ក្នុងខេត្តពោធិ៍សាត់ ។ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវទាំង០២ខ្សែនេះ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងសង្កាត់រលាប ក្រុងពោធិ៍សាត់ មានប្រវែងសរុប​១០៣០០​ម៉ែត្រ មានទទឹង៥ម៉ែត្រ រួមនិងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និងលូមុខពីរចំនួន ០២​កន្លែង។ ចំពោះការងារថែទាំខួបផ្លូវទាំង០២ខ្សែនេះ គឺអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយ​ប្រើប្រាស់ថវវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមនិងគណៈកម្មាធិការអន្តរក្រសួង បាន​ជួប​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម​បណ្ឌិត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបណ្ឌិតបានជម្រាបជូនថា គណៈ​កម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ការ​អនុវត្តន៍​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការងារថែទាំផ្លូវជនបទដែលបានកសាងកន្លងមក ហើយ​គណៈកម្មាធិការបានទទួលយក១០០ភាគរយ ចំពោះការអនុវត្តន៍​ការ​ថែទាំ​ខួប​ផ្លូវ​ទាំង​០២​ខ្សែ​នេះ​ត្រូវបានបញ្ចប់ដោយលទ្ធផលល្អ ផ្លូវនៅមានគុណភាពល្អប្រសើរ អាចបន្តបម្រើ​ផល​ប្រយោជន៍​ជូន​បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផល ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនោះដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបលូរំដោះទឹកដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ព្រមទាំងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំក្នុងការលុបបំបាត់ផ្លូវលំដីសរជនបទមកជាផ្លូវក្រាលក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវជនបទកាលក្រួសក្រហមឱ្យមកជាផ្លូវកៅស៊ូរជាបន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារស្ថាបនាកសាងហេដ្ឋារចនាសម្ធ័នជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរលើការងារថែទាំផ្លូវដើម្បីអាយុកាលប្រើប្រាស់បានយូរអង្វែង ៕

កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

2024/11/06 03:11:59 pm        112
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម  ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីពាក់ព័ន្ធអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត វ៉ី សំណាង ជាន់ទី២។នៅក្នុងវេទិកានោះដែរនៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សា ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំ ដើម្បីអោយរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនរាល់បញ្ហា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាសំណូមពរនានា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងគោលបំណងពិគ្រោះពិភាក្សារវាង រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។ឯកឧត្តមបន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាមួយចំនួនពាក់ព័ន្ធទៅនឹង ការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក របស់រដ្ឋបាលខេត្តមានដូចខាងក្រោម៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ) ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រាស្រ័យទាក់ទង និងគណនេយ្យភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ។ឯកឧត្តមបានគូសបញ្ជាក់ផងដែរ ដោយមានការគាំទ្រពីក្រសួងស្ថាបនថ្នាក់ជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា៕

សាលារៀនរដ្ឋបន្តអំពាវនាវដល់អាណាព្យាបាលយកកូនគ្រប់អាយុទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ

2024/11/06 02:57:49 pm        106
សាលារៀនសាធារណៈទូទាំងប្រទេសបានចាប់ផ្ដើមដំណើរការរៀន និង​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈ​បណ្ដាសាលា​រៀន​ក៏​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​អាណាព្យាបាលបញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះរៀន។ សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤នេះ គ្រប់សាលារៀនសាធារណៈ បានបើកទ្វាចាប់ផ្ដើមការរៀន និង​បង្រៀនជាថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះម្លេះ។ អ្នកអាណាព្យាបាល​ដែល​មាន​កូនតូច​គ្រប់​អាយុ​ភាគ​ច្រើនក៏បាននាំកូនមកសាលារៀនជារៀងរាល់ថ្ងៃផងដែរ។ យ៉ាងណាមិញបណ្ដាសាលារៀនបានបញ្ជាក់ថា សម្រាប់អាណាព្យាបាល ដែលមានកូនគ្រប់អាយុ ហើយ​ខកខាន មិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន នៅតែអាច​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​សិក្សា​នៅ​តាម​សាលា​រៀន​។ សម្រាប់សាលារៀនបឋមសិក្សាចតុមុខ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយបើកបវេសនកាល សាលា​ក៏​បាន​បន្ត​ទទួលចុះឈ្មោះកុមារជាបន្តបន្ទាប់ផងដែរ។ លោក សូ ធី ជានាយកសាលាលើកឡើងថា ជា​រៀងរាល់ឆ្នាំ ពិសេសក្រោយបើកបវេសនកាល អាណា​ព្យាបាល​តែង​នាំ​កូន​មក​ចុះ​ឈ្មោះ​សិក្សា​ជា​បន្ត​បន្ទាប់​។ សកម្មភាពនេះ ក៏នៅបន្តសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។ ក្នុងនាមជា​គណៈ​គ្រប់​គ្រង​សាលាលោកអំពាវនាវដល់អាណាព្យាបាល ដែលមិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន សូម​រួស​រាន់​មក​ចុះឈ្មោះ ដើម្បីឱ្យកូនទទួលបានការអប់រំ បង្កើតទំនាក់ទំនង និងរៀនស្គាល់ពីសង្គម។បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានបង្ហាញនូវ​ចំនួន​សិស្ស​ចូល​រៀនឆ្នាំ​សិក្សា​ថ្មី​នោះ​ទេ។ អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ចំនួនសិស្សចូលរៀនជាក់លាក់​នឹង​បង្ហាញ​ជូន​នៅ​កំឡុង​រយៈ​ពេល ២ខែក្រោយបើកបវេសនកាល។ ក្រសួងនៅរង់ចាំទទួល​របាយការណ៍​ទិន្នន័យ​ពី​តាម​សាលា​រៀន និងថ្នាក់ក្រោមជាតិ។ ចំណែកការចុះឈ្មោះចូលរៀន គឺមិនមានការ​ចំណាយ​ថវិកា​នោះ​ទេ។ ការចុះឈ្មោះចូលរៀននេះ សំដៅលើកុមារគ្រប់អាយុសិក្សា ដែលចាប់រាប់ពីអាយុ ៣ឆ្នាំ រហូតដល់ ៦ឆ្នាំ។ ផ្អែកលើកម្រិតអាយុ គឺពួកគេអាចចូលសិក្សាចាប់ពីកម្រិតមតេយ្យ កម្រិត​ទាប មតេយ្យកម្រិតមធ្យម មតេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១៕ អត្ថបទ៖ គឹមហុក

កីឡាករអុំទូកនៅខេត្តកណ្តាលកំពុងខិតខំហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅសប្តាហ៍ក្រោយ

2024/11/06 02:42:33 pm        110
បច្ចុប្បន្ន កីឡាករអុំទូកនៅតាមបណ្តាវត្តនានា នៅក្នុងខេត្តកណ្តាល កំពុង​ខិតខំ​ហ្វឹក​ហាត់​ត្រៀម​ចូល​រួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅសប្តាហ៍ក្រោយ ។ ជាក់ស្តែង​ដូចជា​ កីឡាករអុំទូកតំណាង ឱ្យវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាដើម ។ក្នុងពេលកំពុងហ្វឹកហាត់ការអុំទូកតាមដងទន្លេបាសាក់ នាល្ងាចម្សិលមិញ កីឡាករ​អុំ​ទូក​តំណាង​ឱ្យវត្តព្រែកសំរោង នៅក្នុងក្រុងតាខ្មៅ បានប្រាប់BTVឱ្យដឹងថា ការហាត់សម នឹងធ្វើឱ្យ​កីឡាករ​អុំ​ទូក​ទទួល​បានបទ ពិសោធន៍ជាច្រើនពីគ្រូបង្ហាត់ មានថាមពលគ្រប់គ្រាន់ ដើម្បីឈាន​ទៅ​ដណ្ដើម​ជោគ​ជ័យ​ពេលប្រកួត ។គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា នេះ មានទូកងចំនួនជិត៣៥០ទូក និងកីឡករជាងពីរម៉ឺននាក់ បាន​ត្រៀម​ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៊ូ ជុំសេរី អនុប្រធាន​នៃ​អនុគណៈកម្មការបច្ចេក ទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» ។ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺ​ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ​​ នឹងរៀបចំឡើងយ៉ាង អធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញ បូរិបូរ ៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រសួងវប្បធម៌បន្តចុះអនុស្សរណៈជាមួយសមាគមហ្វាពន្លឹសិល្បៈរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់​ការអប់រំសិល្បៈនៅកម្ពុជា

2024/11/06 01:32:22 pm        156
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាគមហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង បាន​បន្ត​ចុះ​ហត្ថ​លេខា​រយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅបន្ថែមទៀតជាមួយនឹង​សមាគមហ្វា​ពន្លឺ​សិល្បៈ​ក្នុង​ការ​លើក​កម្ពស់​ការអ​ប់​រំ​សិល្បៈ​នៅ​ក្នុង​ខេត្តបាត់ដំបង។ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគ យល់គ្នានេះធ្វើឡើង រវាង​លោក​ជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​តំណាង​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ​រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសមាគមហ្វាពន្លឺសិល្បៈ ដែលតំណាង​ដោយ​លោក អូស្មាន ខារ៉ាចា នាយកប្រតិបត្តិ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទីស្តីការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ការចុះអនុស្សរណៈនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែស៊ីជ្រៅ​បន្ថែម​ទៀត​ជាមួយ​នឹង​សមាគម​ហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង ដែល​មាន​ដូច​ជា​សិល្បៈសូនរូប គំនូរសារគមនាគមន៍ តន្ត្រី ល្ខោន សៀក និងរបាំជាដើម និង​ចូល​រួម​ចំណែក​ក្នុង​ការ​អភិរក្ស និងការវិវត្តនៃសិល្បៈ និងវប្បធម៌កម្ពុជា។ សូមជម្រាបថា សមាគមហ្វាពន្លឺសិល្បៈ គឺជាអង្គការដែលបានធ្វើការលើកកម្ពស់សមភាពយេនឌ័រ និង​ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈសិល្បៈនិងការអប់រំ។ អង្គការនេះ ផ្តល់នូវ​ទស្សនីយ​ភាព​សិល្បៈ​សៀក​ដល់ភ្ញៀវទេសចរ និងការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង​។ កាលពីក្នុងខែធ្នូ ឆ្នាំ២០២២កន្លងមក ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា ដោយ​អង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងនេះទទួលបានសញ្ញាបត្រ World Guinness Record បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការសម្ដែងសិល្បៈសៀក ដែលមាន​រយៈពេល​វែង​ជាងគេនៅលើពិភពលោក រហូតដល់២៤ម៉ោង ពេញ និងមានអ្នកចូលទស្សនាជាង ៥.០០០នាក់។ មិនតែប៉ុណ្ណោះក្នុងរយៈពេលកន្លងមក អង្គការហ្វាពន្លឺ​សិល្បៈ​នេះបា​ន​ធ្វើ​ឱ្យ​ខេត្ត​បាត់ដំបង មានកំណើនភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបងច្រើន ក៏អា​ស្រ័យ​ដោយ​សារមានសិល្បៈសៀករបស់ហ្វាពន្លឺសិល្បៈនេះផងដែរ៕ អត្ថបទ រដ្ឋា 

មន្រ្ដីជំនាញក្រសួងសុខាភិបាល៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មី​មួយនៅក្នុង​វិស័យសុខាភិបាល​ ខណៈជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ

2024/11/06 01:13:55 pm        194
ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​ជំងឺ​មហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល ដោយសារ​តែ​ការ​កើន​ឡើង​នូវ​ចំនួន​ករណី​ថ្មី និងអត្រាមរណភាពដោយសារជំងឺនេះក៏មានការកើនឡើង។ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ថ្លែងបញ្ជាក់បែបនេះ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធ នឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ កាលពីរសៀលថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយ​សារ​តែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាព​ទៅ​លើ​មនុស្ស​មុន​គេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវ នឹងរួមចំណែក​ដើម្បី​ឈាន​ទៅ​សម្រេចនូវគោលដៅនេះ។ ឯកឧត្តមសាស្រ្តាចារ្យ លើកឡើងថា ជំងឺមហារីក គឺជាបន្ទុកដ៏ធំសម្រាប់បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុម​គ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺមួយនេះ អាចធ្វើឱ្យប៉ះ​ពាល់​ខ្លាំង​ទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ច​សង្គម​ជាតិ​ថែម​ទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការ​អនុវត្ត​ច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ នឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល​អាច​សម្រេច​បាន​នូវ​ការ​គ្រប់គ្រង​ជំងឺ​មហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បាន​ឱ្យដឹងថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយក្នុង​ចំណោម​ករណី​ស្លាប់​ទាំងអស់មាន៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមាន​ជំងឺ​មហា​រីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមាន​អ្នក​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​មហា​រីក​ប្រហែល ១០លាននាក់។ ដោយឡែកនៅប្រទេសកម្ពុជាជំងឺមិនឆ្លងកំពុងតែកើនឡើង ដែល​ជា​បញ្ហា​ប្រឈម​ផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០ នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ ភាគរយ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​កម្ពុជាមានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុងនោះ ១០.៦២៤​ករណី​ជាស្ត្រី​។ ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំង​ពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺ​មហា​រីក​ដែល​ឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត៕ អត្ថបទ រដ្ឋា 

សមាជិកថ្មីមកពីអតីតបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទី ចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍

2024/11/06 12:42:30 pm        304
អតីតសមាជិក និងមន្រ្តីជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ប្តេជ្ញា​បំពេញ​តួនាទី​ជា​សមាជិក​ថ្មី​ក្នុង​គណបក្ស​ប្រជាជនកម្ពុជាឱ្យបានល្អបំផុត និងចូលរួមធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍​ប្រ​ទេសកម្ពុជា។ថ្លែងប្រាប់ BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង បាន​សម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបា​ន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​ថ្មី​មក​​ពី​អតីត​គណបក្ស​ប្រឆាំង​សរុប​ចំនួនជាង២ពាន់នាក់ ដែលទើបចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង លើកឡើងថា ពិធី​ជួបជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីពី​បង្ហាញ​ទំហំ​នៃ​សមាជិក​ថ្មី​ដែល​សម្រេច​ចូល​រួម​ជីវ​ភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មី លោក​នឹងបំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើប្រទេសជាតិ ព្រោះគណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សដែលធានាសុខសន្តិភាព និងបម្រើប្រជាជនគ្រប់និន្នានយោបាយទាំងអស់។ ជាមួយគ្នា លោក សំ សុខគង់ សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន និង​អតីត​ជា​មេធា​វី​របស់​អតីត​គណបក្ស​ប្រឆាំង បានសម្តែងក្ដីរីករាយ​ចំពោះកា​រចូ​ល​រួម​ក្នុង​ពិធី​សំណេះ​សំណា​ល​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន។ លោកចាត់ទុកនេះ ជាឱកាសដ៏មាន​តម្លៃ​សម្រាប់​រូប​លោក​ជា​សមាជិក​ថ្មី បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបា​ន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជាឱ្យបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះសមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ក៏បាន​អំពាវ​នាវ​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋមួយចំនួនដែលជឿលើនយោបាយជ្រុលនិយម សូមពិចារណា និងងាកមក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំនៃម្លប់សន្តិភាព និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​រីក​ចម្រើនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាម​គ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹក​នាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោមសមាជិកជាង ១ម៉ឺននាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM
ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​
07/11/2026 03:07 PM
មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល
07/11/2026 03:07 PM