គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បន្តបង្ហាញអំពីទង្វើឈ្លានពានរបស់ថៃ ទៅកាន់​បណ្ដា​ប្រទេ​ស​ជា​មិត្ត និងអន្តរជាតិ
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជាននិងអភិវឌ្ឍន៍ នៅប្រទេសអូស្ត្រាលី

ព័ត៌មានជាតិ

ខេត្តកណ្តាល ដាក់ផែនការទាក់ទាញ​វិនិយោគ​បង្កើត​រោងចក្រ​សហគ្រាស​បន្ថែម​ដើម្បី​បង្កើត​ឱកាស​ការងារជូ​នពលរដ្ឋ

2026/02/25 04:00:26 pm        303
នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើ​យ​នៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បាន​ដាក់​ផែន​ការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នក​វិនិយោគ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រ​សហ​គ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹង​បង្កើនសកម្មភាព​ផ្តល់​ការ​សម្រប​សម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែល​មាន​៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញ​បាន​អ្នក​វិនិយោគ​មក​បង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។ ឯកឧត្តម ប្រាក់ សារ៉ាត បន្តថា សម្រាប់អ្នកវិនិយោគ ដែលកំពុងអនុវត្តគម្រោងបង្កើតរោងចក្រ សហ​គ្រាសនោះ គឺខេត្ត នឹងផ្តល់ការសម្រប​សម្រួល​ជំរុ​ញ​ឲ្យ​រោង​ចក្រ​សហ​គ្រាស​បើក​ដំណើរ​ការ​ឲ្យ​បាន​លឿន និងស្របច្បាប់ សំដៅជំរុញបង្កើតឱកាសការងារជូនក្នុងខេត្ត និងក្រៅ​ខេត្ត​ឲ្យ​បាន​ច្រើន​។ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនឲ្យបានគ្រប់ៗ ដើម្បីផ្គត់ផ្គង់ពលកម្មជំនាញ ឲ្យស្របតាមសេចក្តីតម្រូវការចាំបាច់ របស់រោងចក្រសហគ្រាស។លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា មកដល់បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២០៦៣សហគ្រាស ក្នុងនោះរោងចក្រក្នុងវិស័យវាយយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៩៦ ក្រៅពីនេះជាវិស័យវាយណភណ្ឌកាត់ដេរ ១ ៧៦៧សហគ្រាស បាន បង្កើតឱកាសការងារជូន បានមានកម្មករនិយោជិត ២៣ម៉ឺន៥ ៤១៧ នាក់ ក្នុងនោះស្ត្រី ១៥ម៉ឺន ៦០០០នាក់ និងនៅខ្វះកម្មករនិយោគជិតជាច្រើនទៀត ចូលបម្រើការងារ។ហើយបើតាមលោក ច្រឹង ណារី ប្រធានវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថាន បានទទួលសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្រកម្រិតC1 C2 C3 បានប្រមាណជិត ១២០០នាក់ ដោយឡែកការអនុវត្តកម្មវិធីអាហារូបករណ៍ រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានីភ័យ ចូលរៀនជំនាញកម្រិតសញ្ញាបត្រ C1 បានប្រមាណជិត ១៣៧០នាក់ ហើយបច្ចុប្បន្ន វិទ្យាស្ថានក៏កំពុងបានបន្តចុះផ្សព្វផ្សាយតាមខ្នងផ្ទះ តាមឃុំសង្កាត់ តាមផ្សារ និងទីសាធារណៈនានា ឲ្យរាល់យុវជនចូលរៀនជំនាញវិជ្ជាជីវៈដោយមិនមានការគិតថ្លៃ៕ អត្ថបទ ស៊ុម សុខជា 

CMAC មានផែនការរំដោះផ្ទៃដីពីមីនប្រមាណ ២០០គីឡូម៉ែត្រក្រឡា​ក្នុងឆ្នាំ២០២៦ នៅ​តំបន់​ជម្លោះ​ព្រំដែន

2026/02/25 03:46:11 pm        240
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ផែនការរំដោះផ្ទៃដីពីមីន ប្រមាណ​២០០​គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បាន​មាន​ប្រសាសន៍​ថា ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញទស្សនវិស័យ និង​យុទ្ធសាស្រ្តច្បាស់លាស់លើវិស័យមីន ដើម្បីធានាសុវត្ថិភាពដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦ អង្គភាពCMAC បាន​ដាក់​ចេញផែនការរំដោះផ្ទៃដីពីមីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ពី​១៨០​ទៅ​២០០​គីឡូម៉ែត្រ​ក្រឡា ​នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបច្ចុប្បន្ន ក្រុមការងារកំពុង​ធ្វើ​ការងារ​យ៉ាង​សស្រាក់​សស្រាំ។​សង្គ្រាមចំនួន​២លើក នៅឆ្នាំ២០២៥ ដែលបង្កឡើងដោយភាគីថៃជាមួយប្រទេសកម្ពុជា អង្គភាព CMAC បានរកឃើញអាវុធយុទ្ធភណ្ឌជាច្រើន ដែលយោថៃបានប្រើប្រាស់ក្នុងពេលធ្វើសង្គ្រាមនោះ មាន​ដូចជា គ្រាប់បែក MK84-82 គ្រាប់បែកចង្កោម គ្រាប់បែកផ្សែង គ្រាប់បែកគីមី និងអាវុធ​កែ​ច្នៃ​ថ្មី​ៗ ជាដើម។ ផ្ទៃដី ដែលបានរងផលប៉ះពាល់ មានប្រមាណជាង៤៤ម៉ឺនហិតា៕ អត្ថបទ៖ ទូច សោភ័ណ 

អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន

2026/02/25 03:34:57 pm        397
មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​បេសកកម្ម​ការ​ទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្ម​ដ៏​សំខាន់​ដែល​នឹង​នាំ​ប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរ​ទស្សន​កិច្ច​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេសកម្ពុជា ដោយសារសម្តេចបាន​នាំ​យក​បញ្ហា​ថៃ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ឲ្យ​ពិភពលោកបានដឹងឮ។ ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បី​នាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បី​ស្វះ​ស្វែងរក​ការ​គាំទ្រ​លើ​ផ្នែក​ច្បាប់​អន្តរជាតិ។សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅប្រទេស​គឺ​ដើម្បី​ផល​ប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ សម្តេចធិបតី កំពុង​បំពេញ​បេសក​កម្ម​ការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេច​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​​កំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និង​អនុ​ប្រធាន​កាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានា​ធិបតីទីម័រឡេស្តេជាដើម៕ អត្ថបទ៖ វង្ស សុភាព 

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យបច្ចេកទេសជលយានយន្ត ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ

2026/02/25 03:31:41 pm        215
ព្រះសីហនុ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវទឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តដឹកជញ្ជូនទេសចរណ៍យ៉ាងសកម្ម។ នេះបើតាម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តតាមបណ្តាកោះនានា។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។គោលបំណងសំខាន់ៗនៃការត្រួតពិនិត្យ ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើចំណុចបច្ចេកទេស និងវិធានការសុវត្ថិភាព រួមមាន ពិនិត្យលក្ខណៈបច្ចេកទេស ធានាថាជលយានយន្តមានសភាពរឹងមាំ និងមានម៉ាស៊ីនដំណើរការល្អ។ ត្រួតពិនិត្យអាវពោង និងឧបករណ៍សង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់តាមចំនួនភ្ញៀវ និងទប់ស្កាត់ការដឹកភ្ញៀវលើសកំណត់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បង្កើនទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ។អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មជលយានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវទឹកឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕

សម្តេចម៉ែ ទទួលជួបព្រះរាជសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចូលក្រាបថ្វាយបង្គំលាក្រោយបញ្ចប់បេសកកម្មការទូត

2026/02/25 03:23:28 pm        223
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីក្រាបថ្វាយបង្គំលា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋជឿរាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាព និងដោះស្រាយបញ្ហាព្រំដែន

2026/02/25 03:18:11 pm        180
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការស្ដារនូវសន្តិភាពឡើងវិញ និង​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឲ្យបានចប់រួចរាល់ ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដោយ​ភាព​សុខសាន​ដូចមុន ។ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីកាត់ឬសសីម៉ាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅ​វត្ត​ត្រពាំង​ឱប ស្ថិតក្នុងស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការនិមន្ត រួមទាំង​មាន​ការ​ចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀស និងបាត់បង់លំនៅដ្ឋាន ហើយបន្តរស់នៅភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព ។ឯកឧត្តមបានបន្តថា តែក្នុងកាលៈទេសៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិវិញ ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ។ជាមួយនេះ ពាក់ព័ន្ធនឹងសមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅក្នុងវត្តទក្ខិណាវ័ន្ត (ហៅវត្តត្រពាំងឱប) ដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំដឹកនាំប្រទេសឲ្យមានការរីកចម្រើន ហើយមានចំណងដៃបន្តបន្ទាប់ ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្រុកភ្នំស្រួច សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ជាក់ស្ដែងដូចសមិទ្ធផលទាំងអស់នេះ ។ឯកឧត្តមបានបន្ថែមថា មួយវិញទៀត ប្រទេសកម្ពុជាក្រោមការដឹកនាំតាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនឈានឡើង ។គួរបញ្ជាក់ថា វត្តទក្ខិណាវ័ន្តហៅវត្តត្រពាំងឱប គឺជាវត្តគណៈមហានិកាយ ស្ថិតនៅក្នុងត្រពាំងឱប ឃុំមហាសាំង មានអាយុកាលជាង១០០ឆ្នាំ មកហើយ តែត្រូវបានរងការបំផ្លិចបំផ្លាញទៅវិញ ក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវរងការខូចខាត ខ្ទិចខ្ទីទាំងស្រុង ។ តែក្រោមការដឹកនាំរបស់ព្រះចៅអធិការគ្រប់ជំនាន់ បានខិតខំគៀងគ និងចូលរួមពីពុទ្ធសាសនិកគ្រប់ទិសទី បានធ្វើឱ្យសមិទ្ធិផលក្នុងវត្តនេះ មានការរីកចម្រើនឡើងវិញ មានព្រះវិហារដ៏ធំដែលលេចរូបរាងឡើង មានតម្លៃជិត៥០ម៉ឺនដុល្លារ និងបានកំពុងដាក់កាត់ឬសសីម៉ា ដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ៕ អត្ថបទ បាន សុខរិទ្ធិ

យូនីសេហ្វផ្ដល់សម្ភារៈសិក្សាចម្រុះជំនួយពីមូលនិធិ CDPF ជួយគាំទ្រដល់ការសិក្សារបស់កុមាររងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែន

2026/02/25 03:11:49 pm        112
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ យូនីសេហ្វបានប្រគល់សម្ភារៈសិក្សាចម្រុះដែលជាជំនួយពីមូលនិធិ CDPF ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយគាំទ្រដល់ការសិក្សារបស់កុមារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែននាពេលកន្លងទៅ។អំណោយសប្បុរសធម៌ទាំងនេះរួមមាន តង់បង្រៀនខ្នាតធំ ២០ខ្នង ឈុតសម្ភារៈសិក្សា ២០០កញ្ចប់ និងកញ្ចប់សម្ភារៈសិក្សានៅផ្ទះជាង ៣២.០០០ឈុត សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១ ដល់ទី ៣។ សម្ភារៈទាំងនេះនឹងជួយគាំទ្រដល់កុមារក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ អាចបន្តការសិក្សាបានដោយរលូន។តង់ទាំងនេះនឹងត្រូវប្រើប្រាស់ជាថ្នាក់រៀនបណ្តោះអាសន្ននៅតាមសាលារៀន និងជំរំ ចំណែកឯកញ្ចប់សម្ភារសិក្សាផ្សេងៗទៀត នឹងជួយសម្រួលដល់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សានុសិស្សឲ្យបន្តសកម្មភាពសិក្សាបន្តទៀត។សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បង្ហាញនូវមោទនភាពដែលបានចូលរួមក្នុងពិធីប្រគល់ និងទទួលតង់ និងសម្ភារសិក្សាជាផ្លូវការ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយ UNICEF Cambodia និងអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ ( Global Partnership for Education)។សហភាពអឺរ៉ុបបានបញ្ជាក់ថា៖«យើងកំពុងរួមគ្នាធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ក៏ដោយ ក៏ថ្នាក់រៀននៅតែជាកន្លែងផ្ដល់នូវរចនាសម្ព័ន្ធចាំបាច់ ដែលកុមារគ្រប់រូបត្រូវការ ដើម្បីមានអារម្មណ៍សុវត្ថិភាព និងអាចបន្តការសិក្សាបាន»៕

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ៨១៦នាក់ទៀត ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

2026/02/25 02:29:28 pm        181
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី២៤ ខេកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តបណ្ដេញចេញជនបរទេសចំនួន ៨១៦នាក់ទៀត ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៨១៦នាក់ (ស្រី ៦៣នាក់) មាន ១៤សញ្ជាតិ រួមមាន ចិន ហ្គាណា កាមេរូន នីហ្សេរីយ៉ា កូរ៉េ បង់ក្លាដេស ប៉ាគីស្ថាន យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឥណ្ឌា ហ្ស៊ីមប៉ាវេ កេនយ៉ា ម៉ាឡេស៊ី និងនេប៉ាល់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៤៩៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចតេជោ៖ បារាំងបានចូលរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជា ពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន ខណៈប្រធានាធិបតីបារាំងក៏ជាមិត្តដ៏ជិតស្និតជាមួយសម្ដេច

2026/02/25 12:56:57 pm        231
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសរាំងបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ខណៈប្រធានាធិបតីបារាំងក៏ជាមិត្តដ៏ជិតស្និតជាមួយសម្ដេចផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជានៃសភាបារាំង ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិង បារាំងឲ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ។ ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបាន អនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពល្អប្រសើរ ឯកឧត្តមក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះ ដែលជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។ កន្លងទៅនេះ សម្ដេច និងឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាមិត្តដ៏ជិតស្និតជាមួយគ្នា ដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរ ដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍នានា។ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ ឯកឧត្តម Thomas Lamបានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយឯកឧត្តមក៏បានរំលេចថា ឯកឧត្តមផ្ទាល់ និងប្រតិភូ នឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយឯកឧត្តមបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Thomas Lam និងប្រតិភូឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជាពលរដ្ឋ

2026/02/25 12:42:19 pm        255
រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជា​ពលរដ្ឋប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ ខណៈបាន​ចាត់​ទុក​ការការពារ​បូរណ​​ភាព​ទឹក​ដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ​ឡើង​ថ្លែង​បទ​អន្ត​រាគមន៍​ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស ដោយ​សង្កត់​ធ្ងន់​លើ​ការ​រំលោភ​បំពាន​របស់​យោធាថៃ​មក​លើ​បូរណ​ភា​ព​ទឹកដីកម្ពុជានិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ជាក់ស្តែង ប្រជាជនស៊ីវិលជិត៦៥ ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលត្រឡប់ទៅកាន់លំនៅឋានវិញដើម្បីប្រកបរបរ និងអាចអនុវត្តសិទ្ធិផ្នែកវប្បធម៌ និងជំនឿសាសនាជាធម្មតាឡើងវិញដូចកាលពីមុនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។នៅក្នុងប្រទេសឯណេះវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន) តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់ព្រំដែនអូរភ្លុកដំរី តំបន់ព្រំដែនច១ (ក្នុងភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត ព្រមទាំងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា(ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ(OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។ទន្ទឹមនឹងនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ក្នុងន័យនេះ គណៈកម្មការចម្រុះ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។សកម្មភាពការទូតយ៉ាងសកម្ម មមាញឹក និងបន្តឥតដាច់ ទាំងក្នុងនិងក្រៅប្រទេសដូចបានជម្រាបជូនខាងលើ សបញ្ជាក់យ៉ាងច្បាស់ថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានលើបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បន្តជ្រោងទង់សាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល៕   

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ
04/27/2026 12:04 PM
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
04/27/2026 12:04 PM
ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl
04/27/2026 12:04 PM
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា
04/27/2026 12:04 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បន្តបង្ហាញអំពីទង្វើឈ្លានពានរបស់ថៃ ទៅកាន់​បណ្ដា​ប្រទេ​ស​ជា​មិត្ត និងអន្តរជាតិ
04/27/2026 12:04 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃចុងសប្តាហ៍
04/27/2026 12:04 PM
អាកាសយានដ្ឋានធំបំផុតរបស់ទីក្រុងតេអេរ៉ង់ បន្តជើងហោះហើរអន្តរជាតិក្រោយការបិទជាង៥០ថ្ងៃ
04/27/2026 12:04 PM
អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា
04/27/2026 12:04 PM
ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ កើនឡើង ខណៈលោក Trump ថា លែងបញ្ជូនគណៈប្រតិភូសម្រាប់កិច្ចចរចាទៀតហើយ
04/27/2026 12:04 PM
លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់
04/27/2026 11:04 AM