ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

កម្ពុជាដាក់ឱ្យប្រើប្រាស់ “មជ្ឈមណ្ឌលសេវានាំចេញ” ដើម្បីពង្រីកសក្ដានុពលផលិតផលខ្មែរនិងជំរុញការនាំចេញ

2024/11/05 04:01:26 pm        198
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា ក៏ដូចជាដើម្បីពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល។នៅក្រោយចប់កម្មវិធីសម្ពោធ នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការពង្រីកសក្ដានុពលផលិតផលជាតិទៅកាន់ទីផ្សារអន្តរជាតិ នឹងធ្វើឡើងតាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗ មានដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។ប្រភពដដែលនេះ បានលើកឡើងបន្តថា ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញនេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណងលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ៕

ក្រុមយុវជន ផលិតធ្យូងអនាម័យ ពីខេត្តកំពង់ស្ពឺ ឈ្នះជ័យលាភីក្នុងការប្រកួត ផែនការអាជីវកម្ម របស់ក្រសួងអប់រំ

2024/11/05 03:58:27 pm        153
កំពង់ស្ពឺ ៖ ក្រុមយុវជន ដែលមានអាជីវកម្មផលិតធ្យូងអនាម័យចេញពីកាកអំពៅ មកពីខេត្ត កំពង់ស្ពឺ បានក្លាយជា ជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងផែនការអាជីវកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមយុវជនជ័យលាភីនេះ ជាសិស្សសិក្សាទើបបញ្ចប់ការសិក្សាថ្នាក់ទី ១១ ឡើងទី ១២ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន រលាំងឈូក ខេត្តកំពង់ស្ពឺ។ ​ក្រោយឆ្លងកាត់ការចូលរួមប្រកួតប្រជែង ជម្រុះជាច្រើនខែមកនេះ ការប្រកួតប្រជែងផែនការអាជីវកម្ម បានឈានដល់វគ្គផ្ដាច់ព្រ័ត នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត ជាការប្រកួតរវាង ៥ក្រុមចុងក្រោយ ដែលមកពី ៥ខេត្តផ្សេងគ្នា ក្នុងនោះមានក្រុមយុវជន មកពីខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តរតនគិរី។ជាលទ្ធផលក្រោយចំណាយពេលពេញមួយព្រឹក ការប្រកួតប្រជែងបានបិទបញ្ចប់ ដោយរកឃើញថា ក្រុមយុវជន ផលិតធ្យូងអនាម័យពីកាកអំពៅ ខេត្តកំពង់ស្ពឺ បានជាប់ជ័យលាភីលេខ ១ ខណៈដែលក្រុមអាជីវកម្មក្រវាញ ខេត្តប៉ៃលិន ទទួលបានលេខ ២ រីឯក្រុមជីស្រកីដូងធម្មជាតិ មកពីខេត្តសៀមរាប ទទួលបានជ័យលាភីលេខ ៣។ជាក្ដីរីករាយផងដែរ សម្រាប់ក្រុមទាំងមូល ដែលបានចូលរួមប្រកួតប្រជែង ហើយទទួលបានជ័យលាភីលេខ១។ ពួកគេទទួលបានលើសពីជ័យជម្នះ នោះគឺជាចំណេះដឹងថ្មីៗ យល់ដឹងកាន់តែច្រើនពីការធ្វើអាជីវកម្ម ក៏ដូចជាទំនាក់ទំនង។ក្រុមជ័យលាភីលេខ ១ដែលមកពីខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ពួកគេកំពុងមានអាជីវកម្មដំណើរការស្រាប់ ដោយកំពុងផលិតធ្យូងអនាម័យពីកាកអំពៅផ្គត់ផ្គង់តម្រូវការអតិថិជន។ ជាលទ្ធភាពជាក់ស្ដែង ការផលិតរបស់ពួកគេនៅមានកម្រិត ពុំទាន់អាចផ្គត់ផ្គង់តម្រូវការទាំងស្រុងនោះទេ។ ជាគោលដៅ គឺពួកគេនឹងបន្តពង្រីកអាជីវកម្មមួយនេះ។ កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មនេះ ជាការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នកម្មវិធីនេះ កំណត់យកបេក្ខជនចូលរួមប្រកួត ត្រឹមថ្នាក់វិទ្យាល័យ ដោយផ្តោតលើសិស្សថ្នាក់ទី ១០ និងសិស្សថ្នាក់ទី ១១។ អត្ថបទ៖គឹមហុក 

អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ

2024/11/05 03:53:44 pm        656
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ ប្រាសាទទ្រមូងគឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំង​រហូត​ទៅដល់ផ្នែកដំបូលវិញ ​បានរលំនិងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារ​ផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង ​និងផ្នែកខាងកើត។​ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ​ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់​សំណង់ ​និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ​ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និង​ទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះ ​បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕ 

គ្រឹះស្ថានឧត្ដមសិក្សាមិនដំឡើងថ្លៃសិក្សាឆ្នាំថ្មី ខណៈសិស្សកំពុងបន្តចុះឈ្មោះចូលរៀន

2024/11/05 03:47:07 pm        698
ស្របតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្រឹះ​ស្ថាន​ឧត្តម​សិក្សាបានសម្រេចមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំ២០២៤-២០២៥។ ស្របពេលជាមួយគ្នានេះ សិស្ស​ទើបប្រឡង បាក់ឌុបជាប់នេះ កំពុងបន្តទៅ​ចុះឈ្មោះចូល​រៀន​ទៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​ឡាយ​ផងដែរ ។ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ​នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា នេះ បានប្រាប់BTVថា ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីកម្ពុជា សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាន​សម្រេច​ឯក​ភាព​គ្នា​មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំថ្មីនេះ និងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្ស-និស្សិត​ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់សិស្ស-និស្សិត​មាន​លទ្ធភាព អាចចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា ជាពិសេសអ្នកមកពីតាមបណ្តាខេត្ត។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់​តម្លៃ​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បែង​ចែក​ជា​ពីរ​ប្រភេទ​រួម​មាន​៖ ​តម្លៃសិក្សាតាមកម្មវិធីអន្តរជាតិ ចាប់ពី៣ពាន់ដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀន​ចាប់​ពី​ថ្នាក់​បរិញ្ញា​បត្រ​ឡើងទៅ និងតម្លៃសិក្សាកម្មវិធីជាតិចាប់ពីបីរយដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀនចាប់​ពី​ថ្នាក់​បរិញ្ញាបត្រឡើងទៅ តាមជំនាញផ្សេងៗពីគ្នា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បាន​លើក​ទឹក​ចិត្តដល់សិស្សទើបប្រឡងបាក់ឌុបជាប់ គួរទៅចុះ​ឈ្មោះចូ​ល​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ។សិស្សត្រៀម​ចូលរៀននៅវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ បានលើកឡើងដែរថា បន្ទាប់ពី​ប្រឡង​បាក់​ឌុប​ជាប់ មានបំណងចង់ចូលរៀនជំនាញគណនី និងហិរញ្ញវត្ថុ ព្រោះស្រលាញ់ និង​ចូល​ចិត្ត​ជំនាញ​នេះ។​ លើសពីនេះ សិស្សទាំងអស់នោះ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រនៅ​ពេល​គ្រឹះ​ស្ថាន​ឧត្តមសិក្សាមិនបានតម្លៃថ្លៃសិក្សាក្នុងឆ្នាំថ្មី ដែលជាការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃសិក្សាបានមួយកំរិត និងជំរុញដល់ពួកគេមានឱកាសបានចូលរួមរៀនផងដែរ។គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាង​មូល​ធន​មនុស្ស ជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវ​បាន​កំណត់​នៅ​ក្នុង​គោល​នយោបាយ​ជា​អាទិភាព​របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញ​នូវ​គោល​នយោបាយ​អនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជា​ពិសេស​ដើម្បី​ជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នក​អាណាព្យាបាល និងសិស្ស-និស្សិត៕ អត្ថបទ៖ ទូច សោភ័ណ 

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ និងស្នើសុំអាមេរិកបន្តគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា

2024/11/05 03:42:21 pm        69
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ខណះទទួលជួបពិភាក្សាជាមួយ លោកស្រី Bridgette L Walker ភារធាទីនៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនៅទីស្នាក់ការអាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ និងស្នើសុំអាមេរិកបន្តគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានផ្តោតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ។ ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌ បន្ទាប់ពីរាជរដ្ឋា ភិបាលកម្ពុជា។ ទន្ទឹមនេះឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ បាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈ ពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជា ជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។  តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង អំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តការគាំទ្រដល់សកម្មភាពមីន ក្នុងនោះរួមមាន ការផ្តល់សម្ភារៈបោសសម្អាតមីននិងគ្រាប់ អាវការពារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា បន្ទាប់ពីការងារបោសសម្អាតមីន។ ជាមួយគ្នានោះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋ អាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះ បីសហរដ្ឋ អាមេរិក មិនមែនជារដ្ឋភាគី។ លោកស្រី Bridgette L Walker បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ា និងការរួមចំណែករបស់កម្ពុជាដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ លោកស្រី Bridgette L Walker បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ អត្ថបទ,ភារម្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសចិន

2024/11/05 03:04:27 pm        133
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» និងកិច្ចប្រជុំជាច្រើនទៀតនៅទីក្រុងគុនមិញប្រទេសចិន ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៦ដល់៧ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ​ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្ដីពី ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងឱកាសដំណើរចូលរួលកិច្ចប្រជុំនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នឹងចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណានសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ គណប្រតិភូអញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រួមនឹងរដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជាផងដែរ។ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំកំពូលទាំងនេះនឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕

អាជ្ញាធររុះរើសំណង់មិនរៀបរយក្រោមស្ពានព្រែកក្ដាម ដើម្បីរៀបចំគម្រោងសួនច្បារ និងទីធ្លាហាត់ប្រាណសាធារណៈ

2024/11/05 02:07:08 pm        337
គណៈបញ្ជាការឯកភាពស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ​បានចុះរុះរើសំណង់មិនរៀបរយ និងរៀបចំសណ្តាប់ធ្នាប់ នៅក្រោមស្ពានព្រែកក្តាម ដើម្បីរៀបគម្រោង ធ្វើសួនច្បារ និងទីធ្លាហាត់​ប្រាណ​ដល់សាធារណៈ និងដើម្បីឲ្យក្លាយជាកន្លែងមាន​សោភ័ណភាព ខណៈកន្លែងស្ពាន​ព្រែកក្តាមនេះ គឺជាតំបន់ប្រសបឆ្លងកាត់រវាងផ្លូវជាតិលេង៥ ទៅកាន់ផ្លូវជាតិលេខ៦។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះបញ្ជាផ្ទាល់នោះ លោក ថន សុវណ្ណា អភិបាលស្រុក ពញាឮ ​បានលើកឡើងថា ​ការដែលលោកបានដឹកកងកម្លាំងឯកភាពចុះរុះរើ និងរៀបចំ សណ្តាប់ធ្នាប់នេះ គឺរដ្ឋបាលស្រុកពញាឮបានធ្វើការជូនដំណឹងដល់អាជីវករជាច្រើន លើកច្រើនសារមកហើយ​ រួមទាំងរដ្ឋបាលខេត្តកណ្តាល ក៏បានចេញលិខិតជូនដំណឹង និងដាក់ឱសាន​វាទឲ្យពួកគាត់រុះរើដោយខ្លួនឯងក្នុងរយៈពេលមួយខែផងដែរ ហើយបងប្អូន​អាជីវករ​ភាគច្រើនបានសម្រេចរុះរើតាមការជូនដំណឹង​របស់អាជ្ញាធរ ​ប៉ុន្តែអាជីវករមួយចំនួនតូចទៀតគាត់​នៅ​បន្តលក់ទើបអាជ្ញាធរសម្រេចចិត្តចចុះរុះរើដោយផ្ទាល់តែម្តង។បើតាមលោកអភិបាលស្រុកពញាឮ ​បានលើកឡើងផងដែរថា ​ក្រោយធ្វើការរុះរើ និងរៀបចំ​សណ្តាប់សាធារណៈឲ្យបានរៀបរយហើយនោះ​ តំបន់ប្រសបរវាងផ្លូវជាតិលេខ៥ ឆ្លងទៅកាន់​ផ្លូវជាតិលេខ៦នេះ នឹងកាន់តែមាន​សោភ័ណភាពល្អ​ ហើយការ​ធ្វើចរាចរណ៍​ឆ្លងកាត់​ក៏​មានភាពងាយស្រួល ​និងមិនសូវ ព្រួយបារម្ភ ​និងរង​ហានិភ័យ​ចំពោះគ្រោះថ្នាក់ចរាចរណ៍ផងដែរ។យ៉ាងណាក៏ដោយលោកអភិបាលស្រុក ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់​ រួមទាំង​បងប្អូន ដែល​កំពុង​រស់នៅតំបន់​ប្រសប់​នេះមានការយោគយល់ និងធ្វើការ​សហការជាមួយអាជ្ញាធរ​ដើម្បី​សោភ័ណភាពតំបន់បរិវេណស្ពានព្រែកក្តាម ​ខណៈតំបន់នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជាច្រើន និងជារៀងរាល់ថ្ងៃនោះ៕អត្ថបទបាន ចក់

បណ្ដេញជនជាតិថៃ០៤នាក់ចេញពីកម្ពុជា ក្រោយរកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់

2024/11/05 01:37:37 pm        197
បន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី ០៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពី រកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។ ពិធីប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនឹងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ឋានៈនាយរងផ្នែក និងខាងភាគីថៃដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក ANUSARA THAINGTHAM ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ ជនជាតិថៃដែលត្រូវបានបញ្ជូនចេញខាងលើ មានចំនួន០៤នាក់ ស្រី០១នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ ៕ 

មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីក គឺជាឃាតករលាក់មុខដែល​ត្រូវតែ​ប្រយុទ្ធ​យ៉ាងសកម្ម​ជាបន្តទៅទៀត

2024/11/05 01:26:19 pm        369
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋម​ន្ត្រី​ក្រសួង​សុខាភិបាល​បានអះ​អាងថា ជំងឺមហារីក គឺជាឃាតករលាក់មុខ ដែលយើងត្រូវតែ​ប្រយុទ្ធ​យ៉ាង​សកម្ម​ជា​បន្ត​ទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើ​ទោះ​បី​ជា​យើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។ការថ្លែងរបស់ឯកឧត្តម ង៉ូវ កាង យ៉ាងដូច្នេះ ក្នុងសិក្ខាសាលា ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែន​ការ​ជាតិ​ប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ​។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូល ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការ​ប្រយុទ្ធ​នឹង​ជំងឺ​មហា​រីក ដែលជាឃាតកលាក់មុខឱ្យទទួលបានជោគជ័យ។បើតាម​លោក​ជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សា​ក្រសួង​សុខាភិបាលបានបញ្ជាក់ថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការវិវឌ្ឍន៍​សកល​ភាវូប​នីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀបរស់នៅដែលមិនមានសុខភាពល្អ បានធ្វើ​ឱ្យ​ជំងឺ​មិន​ឆ្លង​កើន​ឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺ​បណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ។ តាម​ការ​ប៉ាន់​ស្មាន​ ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់ ក្នុងនោះ​៧៥​ភាគរយ នៅប្រទេសមានចំណូលទាបនិងមធ្យម។ ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមិនឆ្លង កំពុង​តែកើនឡើង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លង បាន​សម្លាប់​ប្រជាជនកម្ពុជាជិត ៦០.០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង៦៤ភាគរយ នៃករណី​ស្លាប់​ទាំង​អស់ ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺ​មហា​រីក​ជាមូល​ហេតុ​នៃ​ការ​ស្លាប់​ប្រមាណ​១៤​ភាគរយ ហើយថាតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុង​នោះ ១០.៦២៤ករណីជាស្ត្រី ហើយជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុង​ចំណោម​ជំងឺ​មហា​រីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺ ជំងឺមហារីកសួត សុដន់ ពោះ​វៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់​មក​គឺ​មហា​រីក​មាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាការ​ចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាលឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជា​ពិសេស​ក្រោម​ការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្រុមការងារ​ក៏​បាន​ផ្តួច​ផ្តើម​រៀបចំ​កសាង​ផែន​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​មហា​រីក​ឆ្នាំ​២០២៥-២០៣០ ដោយនៅ​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​នេះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នានា គឺជាជំហានមួយដែលមិនអាចខ្វះបានដើម្បីធានាបាននូវភាពល្អិតល្អន់ និងគុណភាព៕ អត្ថបទ រដ្ឋា

មន្ទីរសាធារណៈការខេត្តតាកែវ ជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣

2024/11/05 12:43:59 pm        216
តាកែវ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ បានជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។ សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងទៀតថា ដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ ២០១៤នេះ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនបង្កឲ្យមានជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ។ ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងតែបាននឹងកំពុងជាន់ឡើងជាហេតុបណ្ដាលឲ្យលិចលង់​នៅ​តាមកំណត់ផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៤១ ដល់គីឡូម៉ែត្រលេខ ៤៣ ផ្សារត្រាំខ្នារ និងចន្លោះគីឡូម៉ែត្រលេខ ៥៣ ដល់គីឡូម៉ែតលេខ ផ្សារប៉ាំងសី ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវថ្នល់ស្ពានមិនអាចទ្រ នឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នោះដើម្បីបង្ការគ្រោះថ្នាក់​ជាយថាហេតុ និងទប់ស្កាត់ការ​ខូចខាត​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពានមន្ទីរ​សាធារណការដឹកជញ្ជូន​ខេត្តតាកែវ សូមធ្វើការផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន​លើកំណត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និង​ចន្លោះគីឡូម៉ែត្រ​លេខ៥៣ ដល់៥៣ ជាបណ្ដោះអាសន្នរហូតមានសេចក្ដីជូនដំណឹងសារជាថ្មី។សេចក្ដីជូនដំណឹងខាងលើ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត និងសម្រាប់ទិសដៅខេត្តកំពត​ឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ ២២ ហួសទៅផ្លូវជាតិលេខ ២ ស្តុបអង្គតាសោមក្រុងដូនកែវ ឬវាងទៅតាមផ្លូវជាតិលេខ ៤១ ជាបណ្ដាះអាសន្នសិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM
ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​
07/11/2026 03:07 PM
មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល
07/11/2026 03:07 PM