ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

កឋិនទានសាមគ្គីមហាគ្រួសារខ្មែរ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល

2024/11/05 12:24:49 pm        572
អង្គ​កឋិនទាន​មហាសាមគ្គីគ្រួសារខ្មែរ រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដង្ហែទៅ​កាន់​វត្ត​ពោធិគិរី​វង្សា​រាម ស្ថិត​ក្នុង​ខេត្តត្រាវិញ ប្រទេសវៀតណាម បានប្រព្រឹត្តិទៅដោយរលូន សប្បាយរីករាយ និង​ស្និទ្ធស្នា​លបំផុតរវាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងគណៈប្រតិភូកម្ពុជា ជាមួយបងប្អូនខ្មែរក្រោម ។​ក្នុងឱកាស​ដ៏មហាឡោឫក និងវិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​ប្រ​សាសន៍ថា ​អង្គកឋិនទានដែលមានការចូលរួមគ្រប់និន្នាការនេះ បានបង្ហាញថា រាជរដ្ឋាភិបាល និង​ប្រជាជនខ្មែរនៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែង​ស្កាត់​ជួប​ជុំគ្នា ​នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យ​ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះជាដើម ។សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតចាត់ទុកអង្គកឋិនទានដែលដង្ហែទៅកាន់វត្តខ្មែរក្រោមពេលនេះ គឺ​ជា​ប្រវត្តិ​​សាស្រ្ត​បង្ហាញ​ពីបងប្អូនខ្មែរ តែមួយ ក្រោមម្លប់សន្តិភាព និងពុទ្ធបរិស័ទតែមួយ ប្រព្រឹត្តទៅដើម្បី​ភាតរ​ភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និង​និយាយ​ដោយ​ឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់​ព្រះពុទ្ធ​សាសនា​ ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។ពលរដ្ឋ​ខ្មែរ​ក្រោមចូលរួមអង្គកឋិនទាននេះ បានបង្ហាញក្តីរីករាយ និងអបអរយ៉ាងខ្លាំង ហើយ​ចង់​មាន​បរិយាកាស​សប្បាយរីករាយ​និងស្និទ្ធស្នាលនេះ មាននៅឆ្នាំក្រោយៗទៀត ។​ គួរបញ្ជាក់ថា អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ សម្រាប់វត្តស្វាយសៀមថ្មី​ ទទួល​បាន​បច្ច័យ​ចំនួ​ន​ជិ​ត ៩៥ម៉ឺនដុល្លារអាមេរិក ខណៈវត្តចំនួន ១៤២វត្តផ្សេងទៀត​ ទទួលបាន​បច្ច័យ​១ម៉ឺន​ដុល្លារ ក្នុងមួយវត្តៗ ៕ អត្ថបទ បាន សុខរិទ្ធិ

អភិបាលខេត្តកំពង់ឆ្នាំង៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅ​លើក​កម្ពស់​សេដ្ឋកិច្ច ផ្ដល់សេវាជូនពលរដ្ឋ

2024/11/05 11:38:13 am        487
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់​ឆ្នាំង​បានថ្លែងថា «ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មាន​គោលបំ​ណង​សំខាន់​ក្នុង​ការ​ចូល​រួម​ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមាន​មូល​ដ្ឋាន​គ្រឹះ​ប្រជា​ធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ។» ឯកឧត្តម​ថ្លែងបែបនេះក្នុងពេលអញ្ជើញចូលរួមក្នុងពិធីបើកវេទិការវាងរាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៅខេត្តកំពង់ឆ្នាំង ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូល​រួម​សម្រេច​ចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និង​វិសហ​មជ្ឈការក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និង​លើក​កម្ពស់​គុណភាពជីវិតរស់នៅ ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកប​ដោយ​គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធ​សាស្រ្ត​បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង​ឆ្នាំ​២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈ កម្មាធិការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានជំរុញ​អង្គ​វេទិកា​ទាំងមូល មន្ទីរអង្គភាព ស្ថាប័ននានា ពិសេសអង្គ​ក្រុម​ប្រឹក្សា​នីមួយៗ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​សុទ្ធ​តែ​ពាក់​ព័ន្ធ ក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណា មិន​ត្រូវ​ស្ទាក់​ស្ទើរ​ឬខ្លាចប៉ះពាល់ក្នុងការលើកឡើង និងលើកយកមកឱ្យអស់ នូវរាល់បញ្ហាប្រឈម​ជាក់​ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកាមើលឃើញទាំងអស់គ្នា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយរួមមួយឱ្យបានសមស្រប និងជាក់លាក់បំផុត ព្រមទាំងត្រូវកំណត់ឱ្យច្បាស់ថា តើ​ត្រូវដោះស្រាយនៅក្នុងកម្រិតណា? ហើយអ្នកណាជាអ្នកទទួលខុសត្រូវនោះ?៕ កាំង ហុងវាស្នា

កម្មករនិយោជិតនឹងទទួលបានការបើកប្រាក់ខែមុនសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក

2024/11/05 11:13:36 am        528
ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា រោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ បាន​ឲ្យដឹងថា នឹងរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកានេះ ពោល​ធ្វើ​យ៉ាង​ណា​បើក​ឱ្យបានមុនថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈាន​មក​ដល់​នា​ពេល​ខាងមុខនេះ។កញ្ញា លី អេងផេង អនុប្រធានរដ្ឋបាលរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើ ហ្វូតវ៊ែរ នៅ​ព្រឹ​ក​ថ្ងៃ​ទី៥ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជារៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ជាតិ​នានា រោងចក្រតែងតែបើកផ្តល់ប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីយក​ទៅ​ប្រើប្រា​ស់ក្នុ​ងថ្ងៃឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ។ កញ្ញា បានឲ្យដឹងទៀតថា ក្រៅ​ពីបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកនេះ ខាង​រោង​ចក្រ​ក៏​អនុញ្ញាត​ឲ្យក​ម្មករ​និយោជិ​តទាំ​ង​អស់​ អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលផងដែរ។ទាក់ទិនការឈប់សម្រាកពិធីបុណ្យអុំទូកថ្ងៃខាងមុខនេះដែរ ក្រុមកម្មករ កម្មការនី រោង​ចក្រ​ផលិត​ស្បែក​ជើង​ខាងលើ បាននិយាយប្រាប់ ប៊ីធីវី ថា ចំពោះថ្ងៃឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ មិន​ទាន់​មាន​គម្រោងទៅដើរលេងកម្សាន្ត ឬទៅស្រុកកំណើតនោះទេ ដោយសារ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ទើប​តែ​បញ្ចប់​នាពេលកន្លងទៅ។ ទោះជាយ៉ាងណា ក្រុមកម្មករ បានឲ្យដឹងស្រដៀងគ្នាទៀតថា នឹង​ជួបជុំគ្រួសារ ក៏ដូចជាមិត្តភក្តិ ទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ដើម្បីមើល​ការ​ប្រណាំង​ទូក និងការបណ្តែតប្រទីបជាដើម។កាលពីកន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាង​មុខ​នេះ​ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងការងារ ក៏បាន​ជំរុ​ញ​ឱ្យ​ម្ចាស់​ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំរៀបចំបើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​លើក​ទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ។ ដោយឡែក ចំពោះសហគ្រាស គ្រឹះស្ថាន​ទាំង​ឡាយ​ណា ដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាច​បញ្ឈប់​សកម្ម​ភាព​បាន ហើយការឈប់សម្រាក​បុណ្យ​នៃ​កម្មករ​និយោជិ​ត​ទាំង​អស់​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែង​ចែកឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រា​ក​ទៅ​តាម​ថ្ងៃ​ឈប់​សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា៕ អត្ថបទ ឈិត បូរ៉ាវី

សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​មហានុតំបន់មេគង្គ លើកទី៨ នៅប្រទេសចិន នៅរសៀលនេះ

2024/11/05 10:41:42 am        523
នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហានុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» និងកិច្ចប្រជុំជាច្រើនទៀតនៅទីក្រុងគុនមិញប្រទេសចិន ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៦ដល់៧ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាសដំណើរចូលរួលកិច្ចប្រជុំនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនឹងចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។អញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រួមនឹងរដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕

ធនាគារជាតិ និងក្រសួងពាណិជ្ជកម្ម ប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា

2024/11/05 09:58:05 am        515
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នាចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូន​អាជីវកម្ម​ទាំង​អស់​ដែល​ចុះ​បញ្ជីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពី​សហ​គ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជា​ចូល​រួម​រក្សា​ស្ថិរភាពហិរញ្ញវត្ថុ ស្រប​តាម​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោម​ការ​ដឹក​នាំ​រប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមគ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ​ទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុង ការបង្កើត​គណនី​ធនាគារ​ជា​ប្រាក់​រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការប្រើ​ប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូ សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​ដុល្លា​រូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើន​សុខុមាល​ភាព​សង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹង អត្តសញ្ញាណជាតិ និង​អធិបតេយ្យជាតិជាដើម៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ដឹកនាំដង្ហែ​អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ ប្រទក្សិណ​ជុំវិញព្រះវិហារ វត្តពោធិគិរីវង្សារាម

2024/11/05 09:29:49 am        622
នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែប្រទក្សិណជុំវិញព្រះវិហារ ដើម្បីនាំយកត្រៃធំតូច និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃ ក្នុងវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមបរិយាកាសបងប្អូនខ្មែរក្រោមចូលរួមយ៉ាងច្រើនកុះករ។សូមជម្រាបថា អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយ​អាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្ត​ត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យ​កឋិនទានមហាសាមគ្គីគ្រួសារខ្មែរ​នាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេន​ដល់វត្ត១៤២​ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ លោក លី សាម៉េត ត្រូវបានបញ្ជូនខ្លួនពីខេត្តព្រះសីហនុមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅយប់នេះ

2024/11/04 11:04:54 pm        366
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី បានថ្លែងប្រាប់ទូរទស្សន៍ BTV News នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោក លី សាម៉េត ត្រូវបានបញ្ចូនខ្លួនពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅវេលាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ថ្លែងថា៖«ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ»។សូមរម្លឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤នេះ បានចេញសារបញ្ជាក់នៅលើបណ្ដាញសង្គម ដោយបានស្នើសមត្ថកិច្ចទៅនាំខ្លួនលោក លី សាម៉េត ដើម្បីបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។ការចេញបញ្ជាក់របស់សម្ដេចតេជោបែបនេះ បន្ទាប់ពីនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ លោក លី សាម៉េត បានចេញវីដេអូសារភាពកំហុស និងសូមទោស។ សម្ដេចតេជោបានសរសេរ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លោក លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ សម្ដេចតេជោមានប្រសាសន៍ថា ជំនួយការសម្ដេចម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ករណីឆបោកជាមួយលោក លី សាម៉េត នេះ។សម្ដេចតេជោមានប្រសាសន៍ថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួន បានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ សម្ដេចតជោបានបញ្ជាក់ថា លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ សម្ដេចតេជោបញ្ជាក់ថា មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ សម្ដេចតេជោ សង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ៕

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ

2024/11/04 09:36:08 pm        95
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត, នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។ ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេសក្នុងការគ្រប់គ្រងការងារ រួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖ ១) ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅ ដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។ ២) សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារ ព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែ។ ៣) សូមពិនិត្យទៅលើការងារតាមផ្នែកនីមួយៗ និងត្រូវស្វែងយល់ដឹងអំពីការងារដែលត្រូវធ្វើ និងការងារដែលត្រូវជៀសវាង ដើម្បីកុំឱ្យមានបញ្ហាការងារក្នុងអង្គភាព ហើយបញ្ហាណាដែលប្រឈមត្រូវដោះស្រាយភ្លាមៗ ក្នុងការឈានទៅដល់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់។ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក៕អត្ថបទ រដ្ឋា

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អង្គកឋិនមហាសាមគ្គីខ្មែរបង្ហាញពីក្តីនឹករលឹក និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ

2024/11/04 09:22:36 pm        174
ខ្មែរក្រោម៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដង្ហែទៅកាន់ខ្មែរក្រោម គឺជាអង្គកឋិនទានបានបង្ហាញពីក្តីនឹករលឹក ការស្រឡាញ់រាប់អានគ្នា និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ បើទៅបីរស់នៅទីកន្លែងណាក៏ដោយ ។ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរក្រោម ក្នុងឱកាសដឹកនាំដង្ហែអង្គកឋិនាទានទៅកាន់ខ្មែរក្រោម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា នាឱកាសការជួបជុំគ្នានេះ គឺជាថ្ងៃប្រកបដោយភាពអធិកអធម ក្រៃលែង ក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ពីកម្ពុជា គឺពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តពោធិគិរីវង្សារាម នេះ។  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា ការគិតគូរពីការដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងសម្ដេចផ្ទសល់បានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែ មានធុរៈគ្រួសារ ក្នុងនោះលោកឱពុកក្មេករបស់សម្ដេច បានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតសម្ដេច បានទទួលមរណភាព នៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល ។ សម្ដេចបានបន្ថែមថា នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្រប ដែលសម្ដេចតេជោ​និងសម្តេច និងកូនៗ ចៅៗ បានផ្តួចផ្តើមសាជាថ្មីលើការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោម ហើយក៏បានឯកភាពគ្នា រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះឡើងដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានបន្តទៀតថា អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់ សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរ គ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា​។ ដោយសារតែមានការជួយសម្របសម្រួលពីរដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញគ្រប់ជាន់ថ្នាក់ផងដែរ ទើបនៅថ្ងៃនេះ យើងទាំងអស់គ្នា អាចដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មកកាន់វត្តពោធិគិរីវង្សារាម ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។  អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់យើងនេះ ត្រូវបានចូលរួមយ៉ាងទូលំទូលាយពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយកទាំងពីរគណៈ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ដើម្បីបង្ហាញពីការរួបរួមមហាសាមគ្គីគ្រួសារខ្មែរគ្រប់ទិសទី គឺយើងទាំងអស់គ្នា សុទ្ធសឹង ជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដូចគ្នា ។ នេះជាហេតុផល ដែលអង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ពោល គឺបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា ។ ជាងនេះទៅទៀត អង្គកឋិនទាននេះ ក៏បានបង្ហាញផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម ។សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ យើងអាចនិយាយបានថា នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និងនិយាយដោយឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់ព្រះពុទ្ធសាសនា ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។  បើយោងតាមទិន្នន័យ បងប្អូនប្រជាពលរដ្ឋខ្មែរក្រោមភាគច្រើនគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានិកាយថេរវាទ ដោយមានវត្តសរុបចំនួន ៤៦១វត្ត ហើយសម្រាប់ខេត្តត្រាវិញនេះ មានវត្តសរុបចំនួន ១៤៣ វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក ។ វត្តនេះមានអាយុកាល ១២០ ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្ត ជាច្រើនអង្គ និងបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាបានការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ​។​សម្ដេចបានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ ដោយវត្តអារាម ជាឃ្លាំងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ផ្សព្វផ្សាយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តទៀថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ កើតចេញពីសទ្ធាជ្រះថ្លារបស់គ្រប់ក្រសួងស្ថាប័ននៅកម្ពុជា ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ ។ សម្រាប់បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង)។ ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង (ហាសិនលានដុង)។ ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង (ម្ភៃប្រាំលានដុង)។ ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង (ម្ភៃប្រាំលាន ដុង)។ ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង (ដប់ពីរលានប្រាំសែនដុង)។ ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។ ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង)។ សរុប ថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូលចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង) ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/04 05:38:14 pm        245
នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា «អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​ដល់កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរនៅវត្តនោះ។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM
ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​
07/11/2026 03:07 PM
មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល
07/11/2026 03:07 PM