ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

សម្ដេចធិបតី៖រាជរដ្ឋាភិបាលសម្រេចបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥

2024/11/04 05:34:39 pm        202
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមថា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។សម្ដេចធិបតី បានមានប្រសាសន៍ថា៖«ខ្ញុំសង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត»៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីផ្ដល់ឱកាសជួបជជែកជាមួយអ្នកកាសែតលោក ម៉ិច ដារ៉ា លើប្រធានបទជាច្រើនពាក់ព័ន្ធសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន

2024/11/04 04:37:41 pm        751
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានផ្ដល់ឱកាសជួបជជែកលេងជាមួយអ្នកសារព័ត៌មានលោក ម៉ិច ដារ៉ាលើប្រធានបទជាច្រើនពាក់ព័ន្ធសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖«ជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស»។ សម្ដេចធិបតីបញ្ជាក់ថា៖«ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយប៉ុន្តែយើងមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះ»៕

ចិនកំពុងជំរុញកសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជា ឱ្យចប់នៅឆ្នាំ២០២៥ ខាងមុខ

2024/11/04 04:15:11 pm        917
ចិនបានកំពុងចូលរួមចំណែក កសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តនៅកម្ពុជាយ៉ាងសកម្ម និង​គ្រោង​បញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជំរុញឱ្យសម្រេចបានតាមអត្រាគោលដៅ គ្រប​ដណ្ដប់​ប្រព័ន្ធ​អ៊ីន​ធឺណេតល្បឿនលឿន ដោយក្នុងតំបន់ទីក្រុងឱ្យបាន ១០០% និង តំបន់ជនបទ ៧០% ។ឯកឧត្តម វ៉ង ចិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុង «វេទិកា​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ក្រោមកិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុង អំពីការអភិវឌ្ឍ​ខ្លាំង​ក្លា​នៃ​សេដ្ឋ​កិច្ច​ឌីជីថលរបស់ ប្រទេសកម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហក, ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​បាន​អភិវឌ្ឍ​ឥត​ឈប់ឈរ និងបានឃើញមាននៅលើអេក្រង់អេឡិច ត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង។ ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃ ធ្វើ​ការ​ទូទាត់ អេឡិចត្រូនិក បានក្លាយទៅជាទំលាប់ធម្មតា ក្នុងនោះវេទិកា​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​កាន់​តែច្រើន បានដាក់ឱ្យដំណើរការ នៅកម្ពុជា ព្រមទាំង​ដំណើរ​​ការ​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ បានផ្ដល់ភាពកាន់តែងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជន​កម្ពុជា​។ ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់ លើ​ការ​បណ្តុះបណ្តាល ធនធានមនុស្សវិស័យឌីជីថល ជំរុញការ​បង្កើត​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរ ដល់ការជំរុញការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល។ ទាក់​ទិនបញ្ហានេះដែរ, ឯកឧត្តម វ៉ាង វិនពីន បានថ្លែងនូវការរីករាយ ដែលបាន​មើល​ឃើញ​សេដ្ឋកិច្ច​ឌីជីថល រវាងចិននិងកម្ពុជា កំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញឱ្យដឹងថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ, ភាគីចិន​បាន​កំពុង​ចូល​រួម​ចំណែក​ការកសាងប្រព័ន្ធ បណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ដោយ​បាន​កំពុង​លើកកម្ពស់ការគ្របដណ្តាប់ប្រព័ន្ធទូទាំងប្រទេសគួរគត់សម្គាល់ ជួយកម្ពុជា​ឱ្យ​សម្រេច​បាន​គោល​ដៅនូវអត្រាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន និង​ជន​បទ​នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ។ ទន្ទឹមនឹងនេះ, ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា បាន​កំពុងបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាព ខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្ត និង​ប្រើ​ប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោង (Cloud Technology) និងការ ទូទាត់​ប្រាក់ចល័តជាដើម ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរ និងគ្រប់វិស័យនៅកម្ពុជា ជួយ​ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេច​បាន​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។ជុំវិញបញ្ហានេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, បច្ចេក​វិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងរហ័ស និង បានក្លាយជាចន្ទល់មួយថ្មី បន្ថែមទៀត សម្រាប់​គាំទ្រកំណើន និងធានាដល់ភាពធន់នៃសេដ្ឋកិច្ច ។ បច្ចេកវិទ្យាឌីជីថលទាំងនេះ បាន​ជំរុញ​នវា​នុវត្តន៍ថ្មីៗ ដែលចូលរួម ចំណែកបង្កើតតម្លៃបន្ថែម, បង្កើនផលិតភាព និង​ប្រសិទ្ធ​ភាព​ការងារ, ព្រមទាំងបានក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្ម ជាមួយ សេដ្ឋកិច្ចសកលផងដែរ ។ សម្រាប់កម្ពុជា, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំ​ណើរ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច ក្នុងនោះរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត និងភាពប្រាកដនិយមរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត​នាយក​រដ្ឋ​មន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឱ្យអនុវត្ត នូវ «ក្របខណ្ឌ គោល​នយោបាយសេដ្ឋកិច្ច និង ង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់​ធ្វើ​ជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំផ្លូវនៅជនបទ ជាការលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ

2024/11/04 04:07:32 pm        143
កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំបាច់ ដើម្បីសម្រួល ដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ ​ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ ប្រវែងជិត ១០០ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន ៧ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូ ពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹក ជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។ ឯកឧត្តម បន្តថា បញ្ហាផ្លូវនេះដែរ, ក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច នៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាក់ស្តែងផ្លូវខាងលើ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការយកចិត្តទុកខ្ពស់ ដោយអនុវត្តសម្រេចបានតាមផែនការល្អប្រសើរ ដើម្បីជួយសម្រួល ដល់ការរស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាដើម។ជាក់ស្តែងជុំវិញការអភិវឌ្ឍផ្លូវជនបទនេះដែរ, បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ ២០២៣ របស់ក្រសួង អភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥ ម៉ឺនគីឡូម៉ែត្រ ដែលផ្លូវ ទាំងនេះ គឺជាការចូលរួមវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជម្រុញស្ថាបនាផ្លូវជនបទគ្រប់ទិសដៅ សម្រាប់ជាប្រយោជន៍ ប្រជាពលរដ្ឋ។ចំណែកនៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន សូមចូលរួមថែរក្សាផ្លូវ និងត្រូវចាត់ទុកផ្លូវ និងសមិទ្ធផលផ្សេងៗនៅតាមមូលដ្ឋានជារបស់យើងទាំងអស់គ្នា ក្នុងនោះការចូលរួមថែទាំសម្បត្តិ សាធារណៈ គឺបងប្អូនបានកំពុងចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។ ក្នុងពិធីជួបសំណេះសំណាលនេះដែរ, ឯកឧត្តម ចាន់ ដារ៉ុង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕អត្ថបទ៖ សុន រ៉ាឌី

[Top Story] សម្ដេចតេជោ៖ «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ»

2024/11/04 03:44:53 pm        750
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានចេញសារនៅលើបណ្ដាញសង្គម​បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសរបស់លោក លី សាម៉េត គឺត្រូវបានរួចខ្លួននោះឡើយ។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ»។សម្ដេចតេជោ បញ្ជាក់ថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។សម្ដេចតេជោមានប្រសាសន៍ថា៖«ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕

សិស្សទើបជាប់បាក់ឌុបជាច្រើន ចាប់ផ្ដើមមកដាក់ពាក្យប្រឡងចូលសិក្សាតាមសាកលវិទ្យាល័យ

2024/11/04 03:31:22 pm        807
ក្រោយដឹងលទ្ធផលប្រឡងបាក់ឌុបកាលពីសប្ដាហ៍មុន សិស្សទើបជាប់បាក់ឌុបជាច្រើន បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​។ ជាក់ស្ដែងនៅថ្ងៃដើមសប្ដាហ៍ ក្នុងខែវិច្ឆិកានេះ សិស្សជាច្រើន​រយ​នាក់​បាន​មក​ដាក់​ពាក្យ​ប្រឡង ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ឈានចូលដើមខែវិច្ឆិកា ឆ្នាំ ២០២៤នេះ សិស្សទើបជាប់បាក់ឌុប ទាំងអ្នកនៅរាជធានីភ្នំពេញ ទាំង​អ្នករស់នៅតាមបណ្ដាខេត្ត ចាប់ផ្ដើម​ស្វះ​ស្វែង​ដាក់​ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​។ សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីតាំងទទួលពាក្យប្រឡងចូលសិក្សា មាន​ការកកស្ទះ ដោយចំនួនសិស្សជាច្រើនរយនាក់សម្រុកមកទិញពាក្យប្រឡងចូលសិក្សា។ ក្នុង​ការ​មក​ដាក់ពាក្យនៅថ្ងៃនេះ អ្នកខ្លះជ្រើសរើសដាក់ពាក្យប្រឡង លើសពីមួយមុខវិជ្ជា ហើយអ្នក​ខ្លះ​សម្រេច​ដាក់​ពាក្យលើសពីមួយសាកលវិទ្យាល័យផងដែរ។ ក្នុងការបន្តមក​សិក្សា​នៅ​កម្រិត​ឧត្តម​នេះ ពួកគេប្ដេជ្ញាប្រឹងប្រែងរៀនឱ្យខ្លាំង មានការងារប្រសើរ សម្រាប់អនាគតខ្លួនឯង និងគ្រួសារ។ក្រៅពីវត្តមានសិស្ស ក៏មានវត្តមានអាណាព្យាបាល លះបង់ពេលវេលា ធ្វើដំណើរមកពីខេត្ត ជា​មួយ​កូន ដើម្បីដាក់ពាក្យប្រឡងនេះផងដែរ។ ជាអាណាព្យាបាល ពួកគាត់សប្បាយ​ចិត្ត​ដែល​កូន​ដើរ​តាម​គន្លងធម៌ ប្រឹងប្រែងរៀនសូត្រ។ ជាអាណាព្យាបាល ពួកគាត់នឹងប្រឹងរកថវិកា សម្រាប់​ការ​បន្ត​ការ​សិក្សារបស់កូន។ ពួកគាត់ជូនពរកូន ប្រឡងឱ្យជាប់ ចូលសិក្សាតាមក្ដីបំណង។ក្នុងពេលបច្ចុប្បន្ន តាមបណ្ដាសាកលវិទ្យាល័យ ចាប់​ផ្ដើម​ចម្រាញ់​ជ្រើស​រើស​យក​សិស្ស​មាន​សមត្ថភាព តាំងពីឆ្នាំដំបូង។ ការចម្រាញ់យកសិស្សមានសមត្ថភាពនេះ ធ្វើឡើង​តាម​រយៈ​ការ​តម្រូវ​ឱ្យ​មានការប្រឡងចូលជាដាច់ខាត។ ជាក់ស្ដែងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ជា​សាកលវិទ្យាល័យរដ្ឋ វ័យចំណាស់មួយ ក៏បានអនុវត្តការប្រឡងចូលសិក្សា គ្រប់មុខវិជ្ជា តាំង​ពី​ឆ្នាំ​មុន​ផង​ដែរ៕ អត្ថបទ៖ គឹមហុក

អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង បាន៨១លើកក្នុងឆ្នាំ២០២៤នេះ

2024/11/04 02:55:56 pm        118
កំពង់ឆ្នាំង៖ អំណោយជាស្បៀងរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់ផ្តល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំង ត្រូវបានបានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្ត បានចំនួន៨១លើក ក្នុងឆ្នាំ២០២៤នេះ។ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមការងារ បាននាំយកអំណោយមកប្រគល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំងបន្ថែមទៀត សម្រាប់ផ្តល់ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់ជូននូវអំណោយជាច្រើនសម្រាប់អង្គភាព ប្រើប្រាស់ទំាងនៅក្នុងអង្គភាព និងសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងដូចជាសម្រាប់កិច្ចការងារមនុស្សធម៌ ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗ ។ ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រតិបត្តការសឹករងកំពង់ឆ្នាំង បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗបានចំនួន៨១លើក។ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនំានូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះនាយ និងពលទាហាន ដែលជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់ជាខ្លាំងចំពោះគ្រួសារកងទ័ព។  អំណោយដែលបានផ្តល់ជូននាពេលនេះ គឺសម្រាប់អង្គភាពតំបន់ប្រតិបត្តិការសឹកសរងខេត្តកំពង់ឆ្នាំង យកទៅប្រើប្រាស់ អោយបានចំគោលដៅ និងបានជួយដល់គ្រួសារយោធិន គ្រួសារកងទ័ពដែលខ្វះខាត ប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ កងទ័ពទាំងអស់គ្នា ត្រូវតែគោរពវិន័យអោយបានល្អ និងអនុវត្តអោយបាននូវគោលការណ៍៤ចំណុចសំខាន់ៗរបស់កងទ័ព ។ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ ដោយសារវីរភាពដ៏ក្លាហានរបស់កងទ័ពយើង ដែលបានជំនះនូវរាល់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ដណ្តើមមកវិញនូវសន្តិភាពក្នុងប្រទេស ក៏ដូចជាបានការពារ ថែរក្សាសុខសន្តិភាពរហូតមក៕ កាំង ហុងវាស្នា

រដ្ឋបាលរាជធានីសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មី និងកែលម្អសួនកុមារវត្តភ្នំ សួន​កុមារ​មុខ​វត្តបុទុមវតី​ឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ

2024/11/04 02:54:11 pm        174
ដើម្បីត្រៀមទទួលបងប្អូន​ប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូច​ឪពុក​ម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងមមាញឹកធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារកុមារលេង ដោយ​កែ​លម្អ​សួន​កុមារ​វត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតី ឱ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយ​មាន​ការ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបាន​ណែនាំ​ឱ្យ​ផ្នែក​ជំនាញ ​រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង ដោយ​ធ្វើ​ការ​កែ​លម្អ សួនកុមារវត្តភ្នំ និងសួន​មុខ​វត្ត​បុទុមវតី​ឱ្យ​បាន​ស្អាត និង​មាន​សោភ័ណ្ឌភាព​ល្អ​ឡើង​វិញ​ សម្រាប់​កុមារ​មកលេងកម្សាន្តក្នុងពិធីបុណ្យ។ មន្ត្រីដដែរបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះ​កន្លងមក​ សម្ភារ​សម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបើកថ្នាំជាដើម​ដែល​ត្រូវ​ធ្វើការផ្លាស់ប្ដូរថ្មី និងជួសជុលផ្នែកខ្លះព្រមទាំងលៀងសម្អាត​បាញ់​ថ្នាំ​​ឡើង​វិញ​ឱ្យ​បាន​ស្អាត និង​មាន​សោភណ្ឌភាពដូចថ្មី ។ មន្ត្រីជំនាញខាងលើបានបញ្ជាក់ទៀតថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង​ និង​កែ​លម្អ​នៅ​សួន​កុមារវត្តភ្នំ និងសួនមុខវត្តបទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។គួរបញ្ជាក់ ថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមាន រយៈពេល ប្រមាណ២០ឆ្នាំ ហើយ ហើយក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ មានការជួសជុលជាបន្តបន្ទាប់ដែរ តែ​សម្រាប់​ឆ្នាំ​២០២៤នេះ ជួសជុលលក្ខណៈធំដែលកន្លែងខ្លះត្រូវរើចេញ និងតម្លើងថ្មីតែម្តង៕

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីប្រុងពលី សុំសេចក្តីសុខចម្រើន ដើម្បីអបអរពិធីបុណ្សអុំទូក

2024/11/04 02:07:35 pm        206
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីរាជការមកពីមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីប្រុងពលី ដើម្បីសុំសេចក្តីសុខសប្បាយតាម​ទំនៀមទម្លាប់​ប្រពៃណីបុរាណខ្មែរ ក្នុងឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រារព្ធធ្វើឡើង នៅបរិវេណវេទិការសួរច្បារបឹងស្នោរ រយះពេលពីរថ្ងៃ ​ចាប់ពីថ្ងៃទី៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ក្នុងពិធីប្រុងពលីនេះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការប្រណាំងទូក(ង) នៅក្នុងពេលនេះ គឺធ្វើឡើង​ដើម្បីរំលឹកដល់​គុណបំណាច់​របស់​វីរបុរសកងទ័ព​ជើងទឹក​ដែលបានពុះពារអង្គអាចក្លាហាន​ក្នុងការធ្វើចម្បាំង​និងបង្ករឲ្យមានភាពសប្បាយរីករាយ​ជូនប្រជាពលរដ្ឋក្នុងខេត្តរួមទាំងមានការដាក់បង្ហាញ​ការតាំងពិព័រណ៍​តាម​ស្តង់ពិព័រណ៍​ផលិតផលនានា​ និងការប្រគុំតន្រ្តីការលេងល្បែង​ប្រជាប្រិយ​កម្សាន្តជាច្រើន មុខទៀតផងដែរ។ឯកឧត្តមអភិបាលខេត្ត បន្តថា ការប្រណាំងទូក គឺមានចំនួន១០គូរ​ជា​លក្ខណៈគូរខ្នាត​អន្តរជាតិ​មាន​ចំណុះចំនួន២២នាក់ ​មកពីតាមបណ្តាលអង្គភាពមន្ទីរស្ថាប័ននានា ​ក្នុងខេត្តដើម្បីចូលរួម​ធ្វើការ​ប្រកួតប្រណាំងលក្ខណះមិត្តភាព​ ក្នុងការដណ្តើមយក​ជ័យជំនះ​រៀងៗខ្លួន។ឯកឧត្តម បានឲ្យដឹងទៀតថា យើងទទួល​បាន​ភាពសប្បាយរីករាយ​មកដល់ពេលនេះ គឺ​ដោយសារ​ប្រទេសជាតិ​យើងមានសុខសន្តិភាព​ ស្ថេរភាព​ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អប្រសើរ​ទើប​យើង​អាច​ប្រារព្ធ​ពិធីផ្សេងៗ​បានប្រកបដោយភាពរលូន ​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់​អាណត្តិ​នីតិកាលទី៧នេះ។ទន្ទឹមគ្នានោះដែរ ក្នុងពិធីបុណ្សអុំទូកនេះ ឯកឧត្តម បាន​អំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ចូលរួម​ដំណើរទស្សនា​លេង​កម្សាន្តនៅពេលនេះ ត្រូវមានការប្រុងប្រយ័ត្ន​ឲ្យខ្ពស់​ចំពោះ​វត្ថុមាន​តម្លៃរបស់បងប្អូន ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់​ដោយប្រការណាមួយ​ ក្នុងពេលធ្វើដំណើរ​មក​ទស្សនា ពេលនោះផងដែរ៕ 

ក្រសួងការងារចុះអនុស្សរណៈចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare Hospital នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា

2024/11/04 02:04:56 pm        241
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រួមមានជាមួយធនាគារកាណាឌីយ៉ា មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកកម្លាំងពលកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កម្មករនិយោជិត និងសហគ្រិនកម្ពុជា។ ជាពិសេស ការសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ដោយផ្តោតលើសសរស្តម្ភសំខាន់ចំនួន៣ គឺការបណ្តុះបណ្តាលជំនាញ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានការថែទាំសុខភាព។ ឯកឧត្តម គូសបញ្ជាក់ថា ភាពជាដៃជាមួយគ្នាក្នុងពេលនេះ គឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបម្រើដល់សហគមន៍តាមរយៈការចូលរួមលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការបំពាក់បំប៉នទាំងជំនាញរឹង និងជំនាញទន់ដល់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។  លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាល នៃកាណាឌីយ៉ា គ្រុប បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៣៣ របស់ធនាគារកាណាឌីយ៉ា ដែលបានបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនទូទៅ ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនក្នុងភាពជាដៃគូ ដែលគួរជាទីទុកចិត្តបំផុត និងធានាបានការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា បានពង្រីកវិសាលភាពសេវាកម្មធនាគារបែបឌីជីថល និងផលិតផលហិរញ្ញវត្ថុជាច្រើន តួយ៉ាងកិច្ចសហប្រតិបត្តិការនៅក្នុងថ្ងៃនេះ គឺជាការរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្ម ដោយធនាគារនឹងផ្តល់ឱកាសជូនដល់កម្មករនិយោជិតសម្រាប់ការបណ្តុះ បណ្តាល និងការអភិវឌ្ឍន៍ជំនាញថ្មីៗ ដើម្បីជម្រុញភាពរឹងមាំនៃទីផ្សារការងារ ហើយពួកគាត់ក៏អាច ប្រើប្រាស់សេវាធនាគារដូចជា ប្រាក់សន្សំ ប្រាក់កម្ចី និងសេវាធនាគារចល័តផងដែរ។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានលើកឡើងថា កិច្ចសហការគ្នាក្នុងថ្ងៃនេះ នឹងជួយបង្កើនសមត្ថភាពដល់កម្មករនិយោជិត ឲ្យមានភាពងាយស្រួលក្នុងការស្វែងរកឱកាសការងារ។ លោកស្រី សង្ឃឹមទៀតថា តាមរយៈការចុះហត្ថលេខានេះ នឹងរួមចំណែកជាមួយក្រសួងការងារ ក្នុងការលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្ម ក៏ដូចជាបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត។សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមានដូចជា៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ និង៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM
ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​
07/11/2026 03:07 PM
មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល
07/11/2026 03:07 PM