ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំពិធីសូត្រមន្ត របស់អង្គឋិនទានដង្ហែទៅកាន់ វត្តពោធិ៍គិរីវង្សារាម

2024/11/01 11:53:00 am        180
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការ អមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបាន អញ្ជើញត្រួតពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គឋិនទានដង្ហែ ទៅកាន់វត្ត ពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ អង្គកឋិនទាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពី សូត្រមន្ត នៅក្នុង ប្រទេសកម្ពុជា នៅថ្ងៃទី ០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹងដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្ត ពោធិ៍គិរីវង្សារាម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤៕

រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការលុបចោលកិច្ចព្រមព្រៀង CLV ឲ្យគណៈកម្មការជំនាញពិនិត្យ

2024/11/01 11:47:31 am        322
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ បានធ្វើការប្រជុំអនុម័ត ប្រគល់សេចក្តី​ព្រាង​ច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនទៅគណៈកម្មការជំនាញ ដើម្បី​ពិនិត្យ​សិក្សា ។យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំ​ប្រជុំ​ដោយសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំធ្វើការពិភាក្សា និង​អនុម័តរបៀបវារៈចំនួន២ ក្នុងនោះរបៀបវារៈទី១. អង្គប្រជុំបាន​អនុម័ត​លើ​សំណើសុំ​ប្រកាស​ទទួល​ស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជំនួនឯកឧត្តម ជា ចាន់តូ ដែល​បានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំនាពេលខាងមុខ ។សេចក្តីប្រកាសបានបន្តថា របៀបវារៈទី២. អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​លុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និង​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយ​ការណ៍ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានរយៈពេលប្រមាណ២៥ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ឲ្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា ធ្វើលិខិតជូនទៅភាគីឡាវ និងវៀតណាម ពាក់ព័ន្ធ​នឹងការសម្រេចនេះផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ  

កម្ពុជាបង្ហាញតម្រូវការវិនិយោគក្នុងវិស័យកសិកម្មទៅកាន់ភាគីអ៊ុយក្រែន

2024/11/01 10:27:41 am        227
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន នៅទីស្តីការក្រសួង។ ក្នុងជំនួបការងារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំនេញទាំងអស់គ្នា។សម្រាប់ការងារអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះការវិនិយោគលើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាចសហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកូលាយ និងលេីកទឹកចិត្តអ្នកវិនិយោគ។ យ៉ាងណាក៏ដោយ ឯកឧត្តម សង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោលការណ៍ច្បាប់បទដ្ឋានត្រឹមត្រូវ ខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់ពីអ្នកជំនាញ មានគុណភាពល្អ មានតម្លៃសមរម្យ និងមានបច្ចេកទេសពិតប្រាកដ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អភិបាលខេត្តចាត់ឱ្យមេធាវីពិនិត្យលើបណ្តឹងរបស់ឈ្មួញនាំចូលបង្កងដែលបានប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់តម្លាភាព និងយុត្តិធម៌

2024/11/01 10:02:00 am        227
កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តារសារព័ត៌មាន និងបណ្តាញសង្គម អភិបាល​ខេត្ត​កណ្តាល ឯកឧត្តម គួច ចំរើន បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើ​បណ្តឹង​របស់​ឈ្មួញនាំចូលបង្កង ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឱ្យដឹង​កាល​ពី​រសៀល​ថ្ងៃទី៣១តុលា នេះថា លោកមិនបារម្ភរឿង ឈ្មួញបង្កងដែលនាំចូលបង្កង ដោយខុសច្បាប់ ឈ្មោះ ចឹង បៀង ប្តឹងនោះទេ ព្រោះលោកអនុវត្តច្បាប់ទៅតាមតួនាទី និងឋានានុក្រម ហើយ​ថវិកា​ដែល​ធ្វើ​ការ​ពិន័យ ក៏បានបង់ចូលចំណូលរដ្ឋ រួចរាល់អស់ហើយដែរ និងមានលិខិត​ស្នាម​ត្រឹម​ត្រូវ​ទៀត​ផង​។លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ កញ្ញា កន្លងទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3G.5776 មួយគ្រឿង ដឹកបង្កងនាំចូល គ្មានវិញ្ញបនបត្របញ្ជាក់គុណភាព ផ្នែករោគ​សាស្ត្រ ចំនួន៧០០Kg តាមបញ្ញាតច្បាប់ស្តីពីជលផលឆ្នាំ២០០៦ មាត្រ៩៣ ចំណុច៦ បានចែង​ថា “ការនាំចេញ នាំចូល ផលិតផលជល​ផល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ផ្នែក​រោគ​សាស្ត្រ​ជល​ផល” ត្រូវទទួលរងពិន័យអន្តរកាលពីរដ្ឋបាលជលផលជាប្រាក់ ពីរដងលើតម្លៃទីផ្សារ នៃវត្ថុ​តាង​ពិតប្រាកដ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ដែល​កន្លងមករដ្ឋបាលជលផលបានណែនាំ ធ្វើកិច្ចសន្យា២លើកមកហើយ ប៉ុន្តែ ម្ចាស់​អាជីវកម្ម​នៅ​តែ​ប្រព្រឹត្តិ​ល្មើ​សច្បាប់ ទើបឈានដល់​ការចាប់​យក​វត្ថុតាង​យក​មក​រក្សា​ទុករង់​ចាំម្ចាស់​ចូល​ខ្លួន​ដោះ​ស្រាយ ប៉ុន្តែ ម្ចាស់មិនព្រមអនុវត្តតាមការពិន័យ វត្ថុតាងត្រូវបាន​សម្រេច​បន្ត​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល។លោក នួន បូរ៉ា មេធាវីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយផ្ទុះករណីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យលោកពិនិត្យសិក្សាអង្គហេតុ និងអង្គច្បាប់ ដើម្បីធ្វើ​ការ​តតាំង​តាមផ្លូវច្បាប់ ផ្តល់នូវតម្លាភាព យុត្តិធម៌ ដល់សាម៉ីភាគី ពិសេស មន្ត្រីអនុវត្តច្បាប់។គួរ​បញ្ជាក់ផងដែរថា ក្នុងពាក្យបណ្តឹងរបស់លោក ចឹង បៀង ចុះថ្ងៃទី១១ កញ្ញា ២០២៤ បក​ប្តឹង​លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ទៅនាយកដ្ឋាន​ព្រហ្ម​ទ័ណ្ឌ​ក្រសួង​មហាផ្ទៃ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និងប្រព្រឹត្តិអំពើពុករលួយ ដោយចោទថា ចាប់​បង្កង​នាំចូលរបស់ខ្លួន ទាមទារឱ្យបង់ប្រាក់ដោយគ្មានវិក័យបត្រផាកនិព័យចូលរដ្ឋត្រឹមត្រូវ និង​បាន​រៀបរាប់ថា អ្នកដែលរងការពិន័យក្រៅពីខ្លួន មានឈ្មោះចែ ណារី ឈ្មោះ ឡុង គឹមហេង និង ចែ ជាង ទៀតផង។ ប៉ុន្តែ តំណាងក្រុមហ៊ុន ឡុង គឹមហេង បានចេញបានដិសេធន៍ថា ក្រុមហ៊ុន​គាត់​ពុំ​ធ្លាប់​រងការពិន័យឬជំរិតទារប្រាក់ពីសំណាក់លោក ហេង សុភារិទ្ធ និងមន្ត្រីជលផល​ខេត្ត​កណ្តាល ឡើយព្រោះក្រុមហ៊ុនគាត់មានទាំងលិខិតអនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្រ​បញ្ជាក់​គុណ​ភាពរោគសាស្រ្ត ត្រឹមត្រូវតាមច្បាប់៕

រាជរដ្ឋាភិបាលអាណត្តិទី៧នឹងខិតលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ និងត្រួតពិនិត្យចំណីអាហារ​តាម​សាលារៀន

2024/11/01 09:46:06 am        180
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិ​ទី៧​នេះ ​នឹងខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់លើកកម្ពស់សុខភាពរបស់សិស្ស តាមរយៈកម្ម​វិធី​អាហា​រូ​បត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន រួម​ទាំង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ ល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយដល់សិស្ស និងកុមារ​ជាដើម​។តាមរយៈសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នាព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុង​គោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភា​ព​ល្អ​មាំមួន រាជរដ្ឋាភិបាលកម្ពុជា អាណាត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដោយក្នុងនោះក៏មានវិធាន ការគន្លឹះក្នុង​វិស័យអប់រំ​ដែល​មាន​គោលដៅ​លើក​កម្ពស់​គុណភាព​អប់រំ​។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំទី១នៃនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល​ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញ​នូវ​កម្ម​វិធី​ផ្សេងៗសំ​ដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើ​ការ​ពង្រឹង​ពង្រីក​គុណភាព​សាលា​រដ្ឋ​ចាប់​ពី​ថ្នាក់​មត្តេយ្យសិក្សា ដល់មធ្យមសិក្សា​តាមរយៈ​វិធានការ​មួយ​ចំនួន​ដូចជា​ការ​ពង្រឹង​អភិបាល​កិច្ច, ការពិនិត្យកែសម្រួល និងរៀប ចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​ស្រប​ទៅ​តាម​​តម្រូវ​ការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយក​ចិត្ត​ទុក​ដាក់​លើ​សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូប បត្ថម្ភដល់កុមារ និងការត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារនៅតាមសាលារៀន, និងការជំរុញលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជា ដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»ជាដើម។តាមរយៈសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុ ជា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ​ការ​បន្តរិះរក​វិធា​ន​ការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដោយធ្វើយ៉ាង​ណា​ឲ្យ​សាលា​រៀន​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យ​ភាព​ជាមួយ​និង​ប្រជាជន​ និង​សហគមន៍។ ដូច្នេះ ហើយសាលារៀន​ត្រូវ​អនុវត្ត​តួនាទី​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀន និងរៀនដែលនឹងនាំទៅរកការប្រែប្រួលជា​វិជ្ជមាន​នៃ​លទ្ធផល​សិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិជា ដើម។ដើម្បីឲ្យដំណើរការសិក្សាឆ្នំា២០២៤-២០២៥ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិត មាតា​បិតា និងអ្នក អាណាព្យាបាលសិស្សទាំងអស់ត្រូវតែរួមគ្នា គាំទ្រ​ឲ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឲុ្យបានទូលំ​ទូលាយអំពី​កិច្ច​ការពារ​កុមារ​ពី​អំពើ​ហិង្សា និងពលកម្មកុមារគ្រប់ ទម្រង់ ខណៈក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ជាសាមីខ្លួនឯងសូមបន្តខិតខំរៀនសូត្រ និង ស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ សម្តេចក៏បានអំពាវនាវដល់ក្មួយៗទាំងអស់គប្បីចងចាំជានិច្ចថា «បើយើងស្រលាញ់ខ្លួន ស្រលាញ់ ឱពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនូវឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខ ផ្សេងៗជាដើម»៕ អត្ថបទ៖ បាន ចក់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា

2024/11/01 08:54:51 am        156
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញដល់មន្ត្រីយកចិត្តទុកដាក់រឹងបន្តឹងការគ្រប់គ្រងជនបរទេស

2024/11/01 08:14:58 am        198
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារអន្តោប្រវេសន៍នេះ រួមទាំងរឹតបន្តឹងជនបរទេស ដែលចេញចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តគោលដៅមួយចំនួន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ។ ប្រមុខក្រសួងមហាផ្ទៃ បានកត់សម្គាល់អំពីប្រសិទ្ធភាព ការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ មានការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់ យកចិត្តទុកដាក់ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថា តើការងារជាងមួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ព្រមទាំងរួមគ្នារិះរកវិធីសាស្រ្តរឹតបន្តឹង ការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យពង្រឹងការអនុវត្ត កាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរ មន្រ្តីជួរមុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ ៕អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

2024/10/31 09:32:41 pm        77
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ (The 13th ASEAN Plus three labour minister meeting - 13th ALMM+3) ក្រោមមូលបទ "ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍" នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានបូកបី រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ, រួមនិងរដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍, និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹងភាពធន់ និងការលេីកកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។ ជាក់ស្តែង ប្រទេសទាំងបីបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា រួមមាន៖ ១- កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពធន់តាមរយៈ "គម្រោងពង្រឹងជំនាញអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា" ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គំនិតផ្តួចផ្តើមនេះបានបង្កើនជំនាញ និងការអភិវឌ្ឍន៍លើសេវា និងប្រព័ន្ធព័ត៌មានទីផ្សារការងារ រួមជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន។ ២- កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បាននិងកំពុងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health - OSH) នៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដទៃទៀត ពិសេសលើវិស័យសំណង់ ដែលនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតផងដែរ។ និង៣- ភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ បាននិងជំរុញវិស័យបណ្តុះបណ្តាលបច្ចេកទេស (TVET) នៅកម្ពុជា ពិសេសលើផ្នែកឌីជីថលភាវូបនីយកម្ម ដែលធ្វើឱ្យកម្លាំងពលកម្មនៅក្នុងតំបន់អាស៊ានកាន់នៅតែមានភាពប្រកួតប្រជែង ស្របតាមបរិបទការងារសកលបច្ចុប្បន្ន។ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសអាស៊ានបូកបីទាំងអស់ បានអនុម័តនូវ "សេចក្តីថ្លែងការណ៍រួម (Joint Statement) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ" ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕

សម្ដេចធិបតី៖ ការចូលរួមមូលនិធិកសាងក្រវាត់ព្រំដែន ឆ្លុះបញ្ចាំងពីទឹកចិត្តមនសិការស្នេហាជាតិរបស់ជនរួមជាតិ

2024/10/31 08:29:50 pm        152
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែតុលាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយសរសេរថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះ បង្គំ ខ្ញុំបានប្រកាសបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ហើយចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។............................សម្ដេចធិបតីរម្លឹកឱ្យដឹងថា ចលនានៃការបរិច្ចាគថវិកានេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០ ២៤ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លារសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារ(គិតជាទឹកប្រាក់ដុល្លារប្រមាណ ២៦.៩៦៧. ៦០៩ ដុល្លារ)។សម្ដេចធិបតីបញ្ជាក់បន្ថែមថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកា រកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ តម្លាភាព និងចំគោ លដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតា មព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីផែនការលម្អិ តនៃការប្រើបា្រស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។សម្ដេចធិបតីបន្ថែមថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹ កនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិ ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕​ ដោយ៖ គង់ ឌិន

កម្ពុជានិងកូរ៉េ ជួបពិភាក្សាគ្នាលេីវិស័យការងារ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាននៅសិង្ហបុរី

2024/10/31 07:41:54 pm        143
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម គីម មីនសុក (KIM Min Seok) អនុរដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ ក្រោយចប់ជំនួបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរលេីបណ្តាញសង្គមថា នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ដល់ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងសាធារណរដ្ឋកូរ៉េ ក៏ដូចជាការជួយគាំទ្រ និងជំរុញការអភិវឌ្ឍជំនាញបណ្ដុះបណ្តាលវិជ្ជាជីវៈ ពិសេសលើវិស័យឧស្សាហកម្ម និងច្បាប់សុវត្ថិភាពនិងសុខភាពការងារ (Occupational Safety and Health - OSH) តាមរយៈទីភ្នាក់ងារសេវាមុខរបរ និងការងារកូរ៉េ (Korea Labor and Employment Service - KLES) និងតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System - EPS)។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិចារណាបង្កើនកូតា (Quota) និងឱកាសការងារបន្ថែមទៀតសម្រាប់ពលករជំនាញកម្ពុជា ដើម្បីអាចឱ្យពលករជំនាញទាំងនោះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ពេលចប់អាណត្តិការងារនៅសាធារណរដ្ឋកូរ៉េ។ ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រី គីម មីនសុក បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី ព្រមទាំងបង្ហាញនូវគោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវយន្តការទទួលយកពលករទេសន្តរប្រវេសន៍របស់កម្ពុជា មកធ្វើការនៅសាធារណរដ្ឋកូរ៉េថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
07/12/2026 02:07 PM
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
07/12/2026 02:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
07/12/2026 02:07 PM
មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
07/12/2026 01:07 PM
មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកដឹកភ្ញៀវទេសចរនៅជិតកោះ Phu Quoc ប្រទេសវៀតណាម
07/12/2026 01:07 PM
អារ៉ាប់រួមអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល
07/12/2026 01:07 PM
កងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បានបិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត
07/12/2026 12:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា នាវាទី ២ រងការវាយប្រហារនៅច្រកសមុទ្រ Hormuz
07/12/2026 12:07 PM
អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
07/12/2026 12:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ សន្យាសងសឹកជូនលោកឪពុករបស់ខ្លួនដែលត្រូវបានគេសម្លាប់
07/12/2026 12:07 PM