កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍
រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»
រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋជឿរាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាព និងដោះស្រាយបញ្ហាព្រំដែន

2026/02/25 03:18:11 pm        180
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការស្ដារនូវសន្តិភាពឡើងវិញ និង​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឲ្យបានចប់រួចរាល់ ដើម្បី​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដោយ​ភាព​សុខសាន​ដូចមុន ។ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីកាត់ឬសសីម៉ាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅ​វត្ត​ត្រពាំង​ឱប ស្ថិតក្នុងស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការនិមន្ត រួមទាំង​មាន​ការ​ចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀស និងបាត់បង់លំនៅដ្ឋាន ហើយបន្តរស់នៅភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព ។ឯកឧត្តមបានបន្តថា តែក្នុងកាលៈទេសៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិវិញ ពិសេស គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ។ជាមួយនេះ ពាក់ព័ន្ធនឹងសមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅក្នុងវត្តទក្ខិណាវ័ន្ត (ហៅវត្តត្រពាំងឱប) ដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំដឹកនាំប្រទេសឲ្យមានការរីកចម្រើន ហើយមានចំណងដៃបន្តបន្ទាប់ ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្រុកភ្នំស្រួច សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ជាក់ស្ដែងដូចសមិទ្ធផលទាំងអស់នេះ ។ឯកឧត្តមបានបន្ថែមថា មួយវិញទៀត ប្រទេសកម្ពុជាក្រោមការដឹកនាំតាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនឈានឡើង ។គួរបញ្ជាក់ថា វត្តទក្ខិណាវ័ន្តហៅវត្តត្រពាំងឱប គឺជាវត្តគណៈមហានិកាយ ស្ថិតនៅក្នុងត្រពាំងឱប ឃុំមហាសាំង មានអាយុកាលជាង១០០ឆ្នាំ មកហើយ តែត្រូវបានរងការបំផ្លិចបំផ្លាញទៅវិញ ក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវរងការខូចខាត ខ្ទិចខ្ទីទាំងស្រុង ។ តែក្រោមការដឹកនាំរបស់ព្រះចៅអធិការគ្រប់ជំនាន់ បានខិតខំគៀងគ និងចូលរួមពីពុទ្ធសាសនិកគ្រប់ទិសទី បានធ្វើឱ្យសមិទ្ធិផលក្នុងវត្តនេះ មានការរីកចម្រើនឡើងវិញ មានព្រះវិហារដ៏ធំដែលលេចរូបរាងឡើង មានតម្លៃជិត៥០ម៉ឺនដុល្លារ និងបានកំពុងដាក់កាត់ឬសសីម៉ា ដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ៕ អត្ថបទ បាន សុខរិទ្ធិ

យូនីសេហ្វផ្ដល់សម្ភារៈសិក្សាចម្រុះជំនួយពីមូលនិធិ CDPF ជួយគាំទ្រដល់ការសិក្សារបស់កុមាររងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែន

2026/02/25 03:11:49 pm        112
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ យូនីសេហ្វបានប្រគល់សម្ភារៈសិក្សាចម្រុះដែលជាជំនួយពីមូលនិធិ CDPF ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយគាំទ្រដល់ការសិក្សារបស់កុមារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមតំបន់ព្រំដែននាពេលកន្លងទៅ។អំណោយសប្បុរសធម៌ទាំងនេះរួមមាន តង់បង្រៀនខ្នាតធំ ២០ខ្នង ឈុតសម្ភារៈសិក្សា ២០០កញ្ចប់ និងកញ្ចប់សម្ភារៈសិក្សានៅផ្ទះជាង ៣២.០០០ឈុត សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១ ដល់ទី ៣។ សម្ភារៈទាំងនេះនឹងជួយគាំទ្រដល់កុមារក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ អាចបន្តការសិក្សាបានដោយរលូន។តង់ទាំងនេះនឹងត្រូវប្រើប្រាស់ជាថ្នាក់រៀនបណ្តោះអាសន្ននៅតាមសាលារៀន និងជំរំ ចំណែកឯកញ្ចប់សម្ភារសិក្សាផ្សេងៗទៀត នឹងជួយសម្រួលដល់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សានុសិស្សឲ្យបន្តសកម្មភាពសិក្សាបន្តទៀត។សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បង្ហាញនូវមោទនភាពដែលបានចូលរួមក្នុងពិធីប្រគល់ និងទទួលតង់ និងសម្ភារសិក្សាជាផ្លូវការ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយ UNICEF Cambodia និងអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ ( Global Partnership for Education)។សហភាពអឺរ៉ុបបានបញ្ជាក់ថា៖«យើងកំពុងរួមគ្នាធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ក៏ដោយ ក៏ថ្នាក់រៀននៅតែជាកន្លែងផ្ដល់នូវរចនាសម្ព័ន្ធចាំបាច់ ដែលកុមារគ្រប់រូបត្រូវការ ដើម្បីមានអារម្មណ៍សុវត្ថិភាព និងអាចបន្តការសិក្សាបាន»៕

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ៨១៦នាក់ទៀត ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

2026/02/25 02:29:28 pm        181
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី២៤ ខេកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តបណ្ដេញចេញជនបរទេសចំនួន ៨១៦នាក់ទៀត ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៨១៦នាក់ (ស្រី ៦៣នាក់) មាន ១៤សញ្ជាតិ រួមមាន ចិន ហ្គាណា កាមេរូន នីហ្សេរីយ៉ា កូរ៉េ បង់ក្លាដេស ប៉ាគីស្ថាន យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឥណ្ឌា ហ្ស៊ីមប៉ាវេ កេនយ៉ា ម៉ាឡេស៊ី និងនេប៉ាល់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៤៩៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចតេជោ៖ បារាំងបានចូលរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជា ពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន ខណៈប្រធានាធិបតីបារាំងក៏ជាមិត្តដ៏ជិតស្និតជាមួយសម្ដេច

2026/02/25 12:56:57 pm        231
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសរាំងបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ខណៈប្រធានាធិបតីបារាំងក៏ជាមិត្តដ៏ជិតស្និតជាមួយសម្ដេចផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជានៃសភាបារាំង ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិង បារាំងឲ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ។ ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបាន អនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពល្អប្រសើរ ឯកឧត្តមក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះ ដែលជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។ កន្លងទៅនេះ សម្ដេច និងឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាមិត្តដ៏ជិតស្និតជាមួយគ្នា ដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរ ដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍នានា។ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ ឯកឧត្តម Thomas Lamបានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយឯកឧត្តមក៏បានរំលេចថា ឯកឧត្តមផ្ទាល់ និងប្រតិភូ នឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយឯកឧត្តមបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Thomas Lam និងប្រតិភូឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជាពលរដ្ឋ

2026/02/25 12:42:19 pm        255
រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជា​ពលរដ្ឋប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ ខណៈបាន​ចាត់​ទុក​ការការពារ​បូរណ​​ភាព​ទឹក​ដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ​ឡើង​ថ្លែង​បទ​អន្ត​រាគមន៍​ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស ដោយ​សង្កត់​ធ្ងន់​លើ​ការ​រំលោភ​បំពាន​របស់​យោធាថៃ​មក​លើ​បូរណ​ភា​ព​ទឹកដីកម្ពុជានិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ជាក់ស្តែង ប្រជាជនស៊ីវិលជិត៦៥ ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលត្រឡប់ទៅកាន់លំនៅឋានវិញដើម្បីប្រកបរបរ និងអាចអនុវត្តសិទ្ធិផ្នែកវប្បធម៌ និងជំនឿសាសនាជាធម្មតាឡើងវិញដូចកាលពីមុនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។នៅក្នុងប្រទេសឯណេះវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន) តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់ព្រំដែនអូរភ្លុកដំរី តំបន់ព្រំដែនច១ (ក្នុងភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត ព្រមទាំងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា(ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ(OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។ទន្ទឹមនឹងនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ក្នុងន័យនេះ គណៈកម្មការចម្រុះ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។សកម្មភាពការទូតយ៉ាងសកម្ម មមាញឹក និងបន្តឥតដាច់ ទាំងក្នុងនិងក្រៅប្រទេសដូចបានជម្រាបជូនខាងលើ សបញ្ជាក់យ៉ាងច្បាស់ថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានលើបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បន្តជ្រោងទង់សាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល៕   

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្មវិធីផ្ដល់អាហារនៅបឋមសិក្សាកំពុងផ្សារភ្ជាប់ទាំងអប់រំ សុខភាព និងកសិកម្ម

2026/02/25 12:22:49 pm        599
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធី​ផ្ដល់អាហារ​នៅ​តាម​សាលា​បឋម​សិក្សា ​ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ លើក ស្ទួយកសិកម្មនៅកម្ពុជា ។លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ទស្សនកិច្ច​ការ​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហា​រ​តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាប​ឋម​សិក្សា​ប្រាសាទ​ជាង​ទង ​ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងបំណង​ស្វែង​យល់​អំពី​ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និង​បង្ហាញ​ពី​សមទ្ធិផល នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយក ចិត្ដទុកដាក់​របស់​រាជ​រដ្ឋាភិបាល​លើ​ការអនុវត្ដកម្មវិធីនេះ ដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេស ការយក​ចិត្ដ​ទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាម សាលា​បឋម​សិក្សា​ក្នុង​តំបន់​មាន អសន្ដិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កម្មវិធីផ្តល់អាហារ​តាម​សាលា​រៀន​ដោយ​ប្រើ​ប្រាស់​កសិផល​ក្នុងសហគមន៍ ជាកម្មវិធីជាជំនួយសង្គម ដែលមិនត្រឹម​តែ​ផ្តល់​អាហារ​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និង​ការ​អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ ។ លោកជំទាវបណ្ឌិត បានបន្តថា កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និង​ការ​ផលិ​​ត​​អាហារដោយខ្លួនឯង ដែលចូលរួម​បង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើន​សុវត្ថិភាព​ស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ ។ លោក កា វណ្ណេត នាយកសាលាបឋមសិក្សាប្រាសាទជាងទង បានឲ្យដឹងថា សាលានេះ មាន​សិស្ស​សរុប ២៩៣នាក់ ស្រី ១៤០នាក់ ចែកជា៨ថ្នាក់ មានចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ហើយ​បច្ចុប្បន្នសិស្សទាំងអស់ គឺបានទទួលរបបអាហារពេលព្រឹកមួយពេល ដែលបាន​ជួយ​ដល់​ការ​កាត់​បន្ថយការចំណាយរបស់មាតាបិតា និងអាណាព្យាបាលរបស់ពួកគេ ជាពិសេស​ធ្វើ​ឲ្យ​ពួក​គេ​មា​នទម្លាប់ល្អគោរពពេលវេលា និងរបបអាហារូបត្ថម្ភ ។ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូស​រំលេច​អំពី​តួនាទី​សំខាន់​នៃ​កាអ​នុវត្ដ​កម្ម​វិធី​ដែល​ចូល​រួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និង​អាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និង​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ជាង​ ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្រ្តីការងារផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ ប.ស.ស. ដើម្បី​ពង្រឹង​កិច្ច​សហការ​ឱ្យ​ល្អ​ប្រសើរ​ជូន​ដល់សមាជិក

2026/02/25 11:56:40 am        145
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​បេឡា​ជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បាន​បន្ត​រក្សា​នូវ “ដង្ហើមនវានុវត្តន៍” ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និង​ផ្តល់​ភាព​កក់​ក្តៅ​ជូន​មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិន​បោះ​បង់​ពលរដ្ឋ​ណាម្នា​ក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ ប.ស.ស. កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការ​ពង្រីក​វិសាលភាព និងប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម នៅតែជាបេសកកម្មស្នូលរបស់ ប.ស.ស. ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២៤-២០៣៥ យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និង​ផែន​ទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ឯកឧត្តមរដ្ឋមន្រ្តី បានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី មកបញ្ជាក់ ប.ស.ស. ថា ជា “និមិត្តរូបសុខភាព” សម្រាប់ការរីកចម្រើនរបស់ប្រជាជន ដែល​បាន​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ ​និងពង្រឹងស្ថិរភាពចំណូល។ ការដាក់ឱ្យដំណើរការ ប.ស.ស. ទាំង ៣ផ្នែក រួមមាន៖ ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន ពិតជាជួយសម្រាលបន្ទុកគ្រួសារដោយ “បង​ប្អូនរែក តែមិនទូល” ដូចពីអតីតកាល ដែល “បងប្អូនរែកផង និងទូលផង” នៅក្នុងន័យថា បន្ទាប់​ពី​ធ្វើ​ការ​នៅសហគ្រាស ក្រុមហ៊ុន រោងចក្រ រហូតដល់វ័យចូលនិវត្តន៍ បងប្អូននឹង​ទទួលបា​ន​ប្រាក់​សោធន ​ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងផ្ទាល់ ដោយមិនចាំ​បាច់​ត្រូវ​រស់​នៅ​ក្រោម​ការ​ទំនុក​បម្រុង​របស់​កូន​ចៅដូចសម័យមុននោះទេ។ ដើម្បីធានាសេវាសន្តិសុខសង្គមឱ្យកាន់តែប្រសើរ និងនិរន្តរភាព ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុ​សាសន៍​ដល់ ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ផ្ដល់សេវាដល់សមាជិក ប.ស.ស. ទាំងជាង ៣,៥លាននាក់ និងបន្តពង្រឹង​កិច្ច​សហការ​ល្អ​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ជា​ដៃ​គូ ​ប.ស.ស. ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាសេវា​កម្ម​រហ័ស​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និងបង្កើនការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រីក​វិសាលភាព​គ្រប​ដណ្តប់​ទៅ​ក្រុមគោលដៅថ្មីៗ។គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. បានចុះបញ្ជីក្រសួង ស្ថាប័ន សហគ្រាស គ្រឹះស្ថានថ្មី សរុបចំនួន ៤ពាន់ ២៧៨ បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង ១៦ភាគរយ និង​មាន​សមាជិក​សរុបចំនួនជាង ៧៣ម៉ឺននាក់។ បច្ចុប្បន្នភាព ក្រសួង ស្ថាប័ន សហគ្រាស គ្រឹះស្ថាន បើ​ធៀប​នឹង​ឆ្នាំ២០២៤ មានការកើនឡើងប្រមាណជាង ១៦ភាគរយ និងសមាជិក​កើន​ឡើង​ប្រមាណ​ជាង ៣០ភាគរយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ប្រមុខការទូតកម្ពុជាបកអាក្រាតទង្វើឈ្លានពានរំលោភសិទ្ធិពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

2026/02/25 11:43:15 am        254
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបកអាក្រាតទង្វើឈ្លានពាន មិនគោរបច្បាប់អន្តរជាតិ និង​មិន​គោរព​សិទ្ធិ​មនុស្សរបស់កងទ័ពថៃ ដែលបានឈ្លានពាន បាញ់ប្រហារ រំលោភសិទ្ធិពលរដ្ឋកម្ពុជា ក្នុង​សង្គ្រាមចំនួនពីរលើកកន្លងមក កាលពីពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ ចំពោះមុខ សម័យ​ប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងប្រាប់ សម័យប្រជុំលើកទី៦១ នៃ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ថា នៅពេល​ដែល​យើង​កំពុង​ពង្រឹង​វឌ្ឍនភាព​ផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥ ​និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាល​ឱ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់​ចូល​ទៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សនេះ។ ឯកឧត្តមប្រមុខការទូតកម្ពុជា បានថ្លែងថាបទឈប់បាញ់​លើកទីពីរ​ដែល​សម្រេច​បាន​កាល​ពី​ចុង​ឆ្នាំ​២០២៥​ នៅតែមាន ប៉ុន្តែនៅមានភាពផុយស្រួយ។ ចាប់តាំងពីពេលនោះមក ទីតាំងយោធា​ត្រូវ​បាន​បង្កើត​ឡើងលើសពីទីតាំងដែលថៃធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា។ឯកឧត្តមបានបន្តថា នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជន​ស៊ីវិល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ​យោធាថៃ​ត្រូវ​បាន​សាង​សង់​ហើយផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលកម្ពុជា ដែលបំពាន​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំងពីរ។ ឯកឧត្តមប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយ​មាន​ជន​ភៀស​សឹកជិត ៦៥ ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹក​ប្រមាណ ​៨ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា ក្នុងអំឡុងពេលនេះ កម្ពុជាបាន​បង្ហាញ​ពី​ការអត់ធ្មត់ជាទីបំផុត និងស្មារតីទទួលខុសត្រូវខ្ពស់តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធា​នាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​បទ​ឈប់​បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារ​សិទ្ធិ​មនុស្ស​ គឺមិនអាចបំបែកចេញពីសន្តិភាពបានទេ។ក្នុងឱកាស​នោះ ប្រមុខការទូតកម្ពុជា បន្តអំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និង​អនុវត្ត​ដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដក​កង​កម្លាំងខ្លួន​ចេញ​ពី​ទឹក​ដី​កម្ពុជា​ ដែលវត្តមានរបស់កងកម្លាំងថៃនេះ គឺជាឧបសគ្គ​ចម្បង​ចំពោះ​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​ទៅ​កាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងអំពាវនាវ​ឱ្យដោះស្រាយ​ជម្លោះ​ដោយស​ន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និង​ច្បាប់មនុស្សធម៌អន្តរជាតិ។ឯកឧត្តមបានថ្លែងបញ្ជាក់ថា មានតែតាមរយៈ​ការ​ប្រកា​ន់​ខ្ជាប់​បែប​នេះ​ទេ​ទើប​ប្រជាជន​ប្រទេស​ទាំង​ពីរ​រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕

ប្រមុខការទូតកម្ពុជា ជម្រាបជូនស្លូវ៉ាគីអំពីវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ

2026/02/25 11:35:44 am        168
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Juraj Blanár រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី អំឡុងពេលនៃសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ភាគីទាំងពីរបានជួបពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រកបដោយអត្ថន័យ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងទេសចរណ៍។នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភាគីស្លូវ៉ាគីអំពីវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

ក្រសួងឧស្សាហកម្មកំពុងរៀបចំបច្ចេកវិទ្យាសម្លាប់មេរោគ ដើម្បីសុវត្ថិភាពចំណីអាហារ និង​ការ​នាំ​ចេញ

2026/02/25 11:24:15 am        122
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​និង​កំពុង​រៀប​ចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្លាប់​មេរោគ E-beam និង Nuclear ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការ​នាំ​ចេញ​ផលិត​ផលរបស់កម្ពុជា ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​សន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅ​ថ្ងៃ​ទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញបញ្ហាសុវត្ថិភាព ម្ហូបអាហារនេះ គឺ​ជា​ការ​បារម្ភ​មួយ​យ៉ាង​ធំ ​ទាក់ទងបញ្ហាសុខភាពសាធារណៈ និងការពង្រឹងខ្លួន​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ផង​ដែរ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ និងបង្កើតនូវដំណោះស្រាយ​ដោយ​និរន្តរភាព​ដូច​ជា ការគ្រប់គ្រងសំណល់ និងការកែច្នៃ រូបធាតុ ដែលឆ្លើយតប​ទៅ​នឹង​បញ្ហា​បរិស្ថាន​។ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​នាំ​ចេញផលិតផលរបស់ កម្ពុជា ក្រសួងបាននិងកំពុងរៀបចំប្រព័ន្ធសម្លាប់មេរោគ E-beam និងNuclear ក្នុងគោលដៅជំរុញការប្រើ ប្រាស់បច្ចេកវិទ្យានេះ ឱ្យមានតម្លាភាព ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​សន្តិសុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស ជួយដល់​ការ​ពង្រីក​​ខ្លួនក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្រៅពីនេះប្រព័ន្ធសម្លាប់មេរោគ ក៏ត្រូវប្រើ​ប្រាស់​លើ​ឧបករណ៍​វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការ​កែច្នៃ​រូប​ធាតុ​នោះ​ទេ ដោយបច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យ ពាក់ព័ន្ធ​ផ្សេង​ៗ​ឱ្យ​រីកចម្រើនបានឆាប់រហ័ស។ សូមបញ្ជាក់ថា វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមណ្ឌលនវានុវត្តន៍ មាន​មុខ​ងារ​ផ្តល់ដំណោះស្រាយបច្ចេកទេស និងជួយដល់វិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និង​មធ្យម ឱ្យមានសមត្ថភាព ប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងអន្តរជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី១ បច្ចុប្បន្នវិទ្យាស្ថានមួយនេះ មានកិច្ច​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​មួយ​ចំនួនលើ​ការគ្រប់គ្រងគុណភាព និងស្តង់ដាសុវត្ថិភាពអាហារ សម្រាប់​សហគ្រាស​ធុន​តូច ​និងមធ្យម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌីរូបតំណាង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍
04/27/2026 03:04 PM
រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»
04/27/2026 03:04 PM
រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
04/27/2026 03:04 PM
ក្រុមហេសបូឡា ប្តេជ្ញាថានឹងមិនអត់ធ្មត់ដែលបានដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់មានតែម្ខាង
04/27/2026 03:04 PM
ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ
04/27/2026 02:04 PM
ហ្ស៊កដានី និងគូវ៉ែតអំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយចីរភាពរវាងអ៊ីរ៉ង់ និងអាមេរិក
04/27/2026 02:04 PM
សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី
04/27/2026 02:04 PM
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
04/27/2026 02:04 PM
បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស
04/27/2026 02:04 PM
UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
04/27/2026 02:04 PM